តើអ្នកកំពុងរីកចម្រើនស្មើកម្រិតរបស់គ្រិស្តឬទេ?
«យើងទាំងអស់គ្នា . . . [ត្រូវ]ស្មើកម្រិតកម្ពស់របស់គ្រិស្ត»។—អេភេសូរ ៤:១៣
១, ២. តើគ្រិស្តសាសនិកម្នាក់ៗគួរមានគោលដៅអ្វី? សូមលើកឧទាហរណ៍មួយ។
ពេលស្ត្រីមេផ្ទះម្នាក់ជ្រើសរើសផ្លែឈើស្រស់នៅផ្សារ តើគាត់រកមើលផ្លែឈើបែបណា? គាត់ទំនងជាមិនរកផ្លែដែលធំជាងគេ ឬថោកជាងគេទេ។ ផ្ទុយទៅវិញ គាត់រកផ្លែដែលមានក្លិនក្រអូប ស្រស់ ហើយមិនខ្ចី។ គាត់ចង់បានផ្លែដែលទុំ។
គ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំបន្តស្វែងរកគោលការណ៍គម្ពីរដែលអាចជួយគាត់ឲ្យស្គាល់អ្វីដែលត្រូវនិងអ្វីដែលខុស
២ ក្រោយពីបុគ្គលម្នាក់រៀនអំពីព្រះយេហូវ៉ា ហើយសម្រេចចិត្តទទួលការជ្រមុជទឹក ចំណងមិត្តភាពរវាងគាត់និងព្រះកាន់តែជិតស្និទ្ធ។ គោលដៅរបស់គាត់គឺក្លាយទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ ភាពចាស់ទុំជាគ្រិស្តសាសនិកមិនសំដៅលើការមានវ័យចាស់ឡើយ តែសំដៅលើការមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ សាវ័កប៉ូលចង់ឲ្យគ្រិស្តសាសនិកនៅក្រុងអេភេសូរមានភាពចាស់ទុំ។ ដូច្នេះ គាត់បានលើកទឹកចិត្តពួកគេឲ្យមានឯកភាពក្នុងជំនឿ ហើយបន្តរៀនអំពីលោកយេស៊ូដើម្បីមាន«ភាពជាបុរសពេញវ័យ ហើយស្មើកម្រិតកម្ពស់របស់គ្រិស្ត»។—អេភេសូរ ៤:១៣
៣. តើយើងអាចប្រដូចស្ថានភាពរាស្ត្ររបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះទៅនឹងស្ថានភាពក្រុមជំនុំនៅក្រុងអេភេសូរយ៉ាងដូចម្ដេច?
៣ ពេលដែលប៉ូលបានសរសេរសំបុត្រទៅក្រុមជំនុំនៅក្រុងអេភេសូរ ក្រុមជំនុំនោះបានត្រូវបង្កើតឡើងអស់ប៉ុន្មានឆ្នាំហើយ។ បងប្អូនជាច្រើននាក់នៅក្នុងក្រុមជំនុំនោះបានទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំរួចហើយ។ ប៉ុន្តែ នៅតែមានបងប្អូនខ្លះដែលត្រូវធ្វើឲ្យចំណងមិត្តភាពរបស់ពួកគាត់ជាមួយនឹងព្រះយេហូវ៉ាកាន់តែរឹងមាំ។ ស្រដៀងគ្នាដែរ សព្វថ្ងៃនេះ បងប្អូនជាច្រើននាក់បានបម្រើព្រះយេហូវ៉ាអស់រយៈពេលជាយូរ ហើយបានទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ ប៉ុន្តែ នៅក្នុងក្រុមជំនុំផ្សេងៗ បងប្អូនខ្លះមិនទាន់មានភាពចាស់ទុំនៅឡើយទេ។ ជាឧទាហរណ៍ ជារៀងរាល់ឆ្នាំមានបុគ្គលរាប់ពាន់នាក់បានទទួលការជ្រមុជទឹក ហេតុនេះបងប្អូនខ្លះនៅតែត្រូវរីកចម្រើនរហូតដល់មានភាពចាស់ទុំ។ ចុះអ្នកវិញ យ៉ាងណាដែរ?—កូឡុស ២:៦, ៧
តើគ្រិស្តសាសនិកម្នាក់អាចរីកចម្រើនយ៉ាងដូចម្ដេច?
៤, ៥. តើគ្រិស្តសាសនិកម្នាក់ៗដែលមានភាពចាស់ទុំគឺខុសគ្នាយ៉ាងដូចម្ដេច ប៉ុន្តែតើពួកគាត់ទាំងអស់គ្នាមានអ្វីដែលដូចគ្នា? (សូមមើលរូបភាពនៅដើមអត្ថបទ)
៤ ពេលអ្នកពិនិត្យមើលផ្លែឈើទុំដែលគេលក់នៅផ្សារ អ្នកឃើញថាផ្លែនីមួយៗមិនដូចគ្នាទេ។ ប៉ុន្តែ ផ្លែទាំងនោះមានលក្ខណៈខ្លះដូចគ្នាដែលបញ្ជាក់ថាវាទុំ។ គ្រិស្តសាសនិកដែលមានភាពចាស់ទុំក៏ដូច្នោះដែរ។ ពួកគាត់មិនដូចគ្នាទាំងស្រុងទេ។ ពួកគាត់មកពីប្រទេសផ្សេងពីគ្នា ហើយមានប្រវត្ដិខុសគ្នា។ ពួកគាត់មានអាយុខុសគ្នា ហើយមានអ្វីដែលពួកគាត់ចូលចិត្តនិងអ្វីដែលពួកគាត់មិនចូលចិត្តខុសពីគ្នា។ ប៉ុន្តែ គ្រិស្តសាសនិកទាំងអស់ដែលមានភាពចាស់ទុំមានគុណសម្បត្ដិខ្លះដូចគ្នាដែលបញ្ជាក់ថាពួកគាត់មានភាពចាស់ទុំ។ តើគុណសម្បត្ដិខ្លះទាំងនោះគឺជាអ្វី?
‹តើមានការកែប្រែណាខ្លះដែលខ្ញុំអាចធ្វើដើម្បីយកតម្រាប់លោកយេស៊ូឲ្យបានដិតដល់ជាង?›
៥ គ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំយកតម្រាប់លោកយេស៊ូ ហើយ«ដើរតាមលំអានដានរបស់លោក»យ៉ាងដិតដល់។ (ពេត្រុសទី១ ២:២១) លោកយេស៊ូមានប្រសាសន៍ថាគឺសំខាន់ណាស់ដែលបុគ្គលម្នាក់ស្រឡាញ់ព្រះយេហូវ៉ាអស់ពីដួងចិត្ត អស់ពីព្រលឹង និងអស់ពីសមត្ថភាពរិះគិត ហើយស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនគាត់។ (ម៉ាថាយ ២២:៣៧-៣៩) គ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំខំប្រឹងយ៉ាងខ្លាំងដើម្បីធ្វើតាមឱវាទនោះ។ របៀបរស់នៅរបស់គាត់បង្ហាញថាចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា និងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់គាត់ចំពោះអ្នកឯទៀតគឺសំខាន់បំផុតសម្រាប់គាត់។
៦, ៧. (ក) តើគុណសម្បត្ដិឯទៀតណាខ្លះដែលបញ្ជាក់ថាគ្រិស្តសាសនិកម្នាក់មានភាពចាស់ទុំ? (ខ) តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
៦ សេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិមួយក្នុងចំណោមគុណសម្បត្ដិជាច្រើនដែលគ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំបង្ហាញ។ (កាឡាទី ៥:២២, ២៣) គាត់ក៏បង្ហាញដែរនូវចិត្តស្លូតបូត ការចេះទប់ចិត្តនិងចិត្តធ្ងន់។ គុណសម្បត្ដិទាំងនេះអាចជួយគាត់ស៊ូទ្រាំនឹងស្ថានភាពពិបាកដោយមិនមានចិត្តខឹង ហើយក៏ជួយគាត់មិនឲ្យអស់សង្ឃឹមពេលដែលមានអ្វីកើតឡើងដែលធ្វើឲ្យគាត់ខកចិត្ត។ ក្នុងការសិក្សាផ្ទាល់ខ្លួន គ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំបន្តស្វែងរកគោលការណ៍គម្ពីរដែលជួយគាត់ស្គាល់អ្វីដែលត្រូវនិងអ្វីដែលខុស។ បន្ទាប់មក ពេលគាត់ប្រើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវអប់រំដោយគម្ពីរ គាត់នឹងអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ គ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំមានចិត្តរាបទាប ដូច្នេះគាត់ជឿថាការណែនាំរបស់ព្រះយេហូវ៉ានិងខ្នាតតម្រារបស់លោកគឺតែងតែប្រសើរជាងយោបល់និងទស្សនៈរបស់គាត់។a (សូមមើលកំណត់សម្គាល់) គាត់ផ្សព្វផ្សាយដំណឹងល្អដោយចិត្តខ្នះខ្នែង ហើយធ្វើអ្វីទាំងអស់ដែលគាត់អាចធ្វើបានដើម្បីជួយក្រុមជំនុំឲ្យរក្សាសាមគ្គីភាព។
៧ ទោះជាយើងបានបម្រើព្រះយេហូវ៉ាយូរយ៉ាងណាក៏ដោយ យើងម្នាក់ៗអាចដណ្ដឹងសួរខ្លួនយើងថា ‹តើមានការកែប្រែណាខ្លះដែលខ្ញុំអាចធ្វើដើម្បីយកតម្រាប់លោកយេស៊ូឲ្យបានដិតដល់ជាង? តើមានវិធីណាខ្លះដែលខ្ញុំអាចរីកចម្រើន?›។
«អាហាររឹងគឺសម្រាប់មនុស្សពេញវ័យ»
៨. តើលោកយេស៊ូបានស្គាល់និងយល់គម្ពីរច្បាស់យ៉ាងណា?
៨ លោកយេស៊ូគ្រិស្តបានស្គាល់និងយល់បទគម្ពីរយ៉ាងច្បាស់។ សូម្បីតែពេលលោកមានអាយុ១២ឆ្នាំក៏ដោយ លោកបានប្រើបទគម្ពីរពេលនិយាយទៅកាន់ពួកគ្រូនៅវិហារ។ «អស់អ្នកដែលកំពុងស្ដាប់ ចេះតែនឹកអស្ចារ្យក្នុងចិត្តដោយសារការយល់ដឹងនិងចម្លើយរបស់កុមារនោះ»។ (លូកា ២:៤៦, ៤៧) ក្រោយមក ពេលលោកផ្សព្វផ្សាយ លោកប្រើបណ្ដាំរបស់ព្រះយ៉ាងប៉ិនប្រសប់ ដើម្បីធ្វើឲ្យសត្រូវរបស់លោកស្ងាត់មាត់។—ម៉ាថាយ ២២:៤១-៤៦
៩. (ក) ស្តីអំពីការសិក្សា តើគ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំមានកាលវិភាគអ្វី? (ខ) ហេតុអ្វីយើងសិក្សាគម្ពីរ?
៩ បុគ្គលម្នាក់ដែលចង់ទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំធ្វើតាមគំរូលោកយេស៊ូ ដោយមានចិត្តចង់យល់គម្ពីរឲ្យបានច្រើនបំផុត។ គាត់ពិនិត្យមើលបទគម្ពីរជាទៀងទាត់ដើម្បីស្វែងរកសេចក្ដីពិតដ៏ជ្រាលជ្រៅ ពីព្រោះគាត់ដឹងថា«អាហាររឹងគឺសម្រាប់មនុស្សពេញវ័យ[មានភាពចាស់ទុំ]»។ (ហេប្រឺ ៥:១៤; កំណត់សម្គាល់) គ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំចង់មាន«ចំណេះត្រឹមត្រូវ»អំពីគម្ពីរ។ (អេភេសូរ ៤:១៣) ហេតុនេះ សូមដណ្ដឹងសួរខ្លួនអ្នកថា ‹តើខ្ញុំអានគម្ពីរជារៀងរាល់ថ្ងៃឬទេ? តើខ្ញុំមានកាលវិភាគសម្រាប់ការសិក្សាផ្ទាល់ខ្លួនឬទេ? តើខ្ញុំមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររៀងរាល់សប្ដាហ៍ឬទេ?›។ ពេលអ្នកសិក្សាគម្ពីរ សូមស្វែងរកគោលការណ៍ដែលអាចជួយអ្នកស្គាល់គំនិតនិងអារម្មណ៍របស់ព្រះយេហូវ៉ា។ ក្រោយមក សូមប្រើគោលការណ៍ទាំងនេះ ពេលអ្នកធ្វើការសម្រេចចិត្តផ្សេងៗ។ ពេលអ្នកធ្វើដូច្នេះ នោះនឹងជួយអ្នកឲ្យចូលកាន់តែជិតព្រះយេហូវ៉ា។
១០. តើគ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំមានអារម្មណ៍យ៉ាងណាចំពោះឱវាទនិងគោលការណ៍របស់ព្រះ?
១០ គ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំមិនគ្រាន់តែត្រូវដឹងអំពីអ្វីដែលគម្ពីរចែងប៉ុណ្ណោះទេ តែគាត់ត្រូវស្រឡាញ់ឱវាទនិងគោលការណ៍របស់ព្រះ។ ក្រោយមក គាត់បង្ហាញសេចក្ដីស្រឡាញ់នេះដោយចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាជាជាងធ្វើតាមបំណងប្រាថ្នារបស់ខ្លួន។ គាត់ថែមទាំងផ្លាស់ប្ដូររបៀបរស់នៅ គំនិតនិងការប្រព្រឹត្តរបស់គាត់ផងដែរ។ ជាឧទាហរណ៍ គាត់យកតម្រាប់លោកយេស៊ូ ហើយបណ្ដុះបុគ្គលិកលក្ខណៈថ្មី«ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ»។ (សូមអាន អេភេសូរ ៤:២២-២៤) ការចាំថាព្រះបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីដឹកនាំអ្នកសរសេរគម្ពីរ គឺសំខាន់។ ហេតុនេះ ពេលគ្រិស្តសាសនិកម្នាក់សិក្សាគម្ពីរ សកម្មពលបរិសុទ្ធរបស់ព្រះជួយគាត់មានចំណេះកាន់តែច្រើនឡើង មានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង ហើយមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។
ចូរធ្វើឲ្យមានសាមគ្គីភាព
១១. ពេលលោកយេស៊ូនៅផែនដី តើមនុស្សនៅជុំវិញលោកមានលក្ខណៈបែបណា?
១១ ពេលលោកយេស៊ូនៅផែនដី លោកគឺជាបុរសដ៏ល្អឥតខ្ចោះ។ ប៉ុន្តែ មនុស្សដែលនៅជុំវិញលោកយេស៊ូគឺជាមនុស្សមិនល្អឥតខ្ចោះ។ ឪពុកម្ដាយនិងប្អូនប្រុសស្រីរបស់លោកសុទ្ធតែជាមនុស្សមិនល្អឥតខ្ចោះ។ សូម្បីតែពួកអ្នកកាន់តាមដ៏ជិតស្និទ្ធបំផុតរបស់លោកយេស៊ូក៏បានបង្ហាញគុណវិបត្ដិដូចជាអំណួតនិងការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដែរ។ ជាឧទាហរណ៍ នៅយប់មុនលោកទទួលមរណភាព អ្នកកាន់តាមលោកបានប្រកែកគ្នា«អំពីរឿងថាអ្នកណាដែលពួកគាត់គិតថាជាអ្នកធំជាងគេក្នុងចំណោមពួកគាត់»។ (លូកា ២២:២៤) ទោះជាពួកគាត់មានរបៀបគិតគូរមិនល្អឥតខ្ចោះក៏ដោយ លោកយេស៊ូបានដឹងថាមិនយូរទៀត ពួកអ្នកកាន់តាមលោកនឹងទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ហើយនឹងបង្កើតក្រុមជំនុំមួយដែលមានសាមគ្គីភាព។ នៅយប់ដដែលនោះ លោកយេស៊ូបានអធិដ្ឋានសុំឲ្យពួកគាត់មានសាមគ្គីភាព។ លោកបានសុំបិតារបស់លោកដែលនៅស្ថានសួគ៌ជួយពួកគាត់ឲ្យរួមគ្នាតែមួយ ដោយមានប្រសាសន៍ថា៖ «ដូចលោកដែលជាបិតា រួបរួមជាមួយនឹងខ្ញុំ ហើយខ្ញុំរួបរួមជាមួយនឹងលោក»។ លោកបានបន្ថែមថា៖ «ដើម្បីឲ្យពួកគាត់រួមគ្នាតែមួយ ដូចយើងរួមគ្នាតែមួយ»។—យ៉ូហាន ១៧:២១, ២២
១២, ១៣. (ក) ក្នុងនាមជាគ្រិស្តសាសនិក តើអ្វីជាគោលដៅរបស់យើង? (ខ) តើតាមរបៀបណាបងប្រុសម្នាក់បានរៀនធ្វើឲ្យមានសាមគ្គីភាព?
១២ គ្រិស្តសាសនិកដែលមានភាពចាស់ទុំធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ។ (សូមអាន អេភេសូរ ៤:១-៦, ១៥, ១៦) ក្នុងនាមជាគ្រិស្តសាសនិក គោលដៅរបស់យើងគឺនៅ«ជាប់គ្នាយ៉ាងល្អ» ពោលគឺធ្វើការជាមួយគ្នាដោយសាមគ្គីភាព។ ដើម្បីមានសាមគ្គីភាពបែបនេះ គ្រិស្តសាសនិកត្រូវមានចិត្តរាបទាប។ ហេតុនេះ សូម្បីតែពេលដែលភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀតប៉ះពាល់អារម្មណ៍របស់គាត់ក៏ដោយ គ្រិស្តសាសនិកដែលមានភាពចាស់ទុំខំប្រឹងយ៉ាងខ្លាំងដើម្បីឲ្យក្រុមជំនុំរក្សាសាមគ្គីភាពរឹងមាំ។ ដូច្នេះ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំមានប្រតិកម្មយ៉ាងណាពេលបងប្អូនប្រុស ឬបងប្អូនស្រីម្នាក់ធ្វើខុស? ចុះយ៉ាងណាពេលអ្នកណាម្នាក់ធ្វើឲ្យខ្ញុំឈឺចិត្ត? តាមធម្មតា តើខ្ញុំឈប់និយាយជាមួយនឹងបុគ្គលនោះឬ? ឬតើខ្ញុំខំស្ដារចំណងមិត្តភាពនោះ?›។ គ្រិស្តសាសនិកដែលមានភាពចាស់ទុំចង់បំបាត់បញ្ហាជាជាងបង្កបញ្ហាដល់អ្នកឯទៀត។
១៣ សូមពិចារណាគំរូរបស់បងប្រុសយូវើ។ ពីមុន ភាពមិនល្អឥតខ្ចោះរបស់បងប្អូនរួមជំនឿបានធ្វើឲ្យគាត់មិនសប្បាយចិត្ត។ ក្រោយមក គាត់បានសម្រេចចិត្តប្រើគម្ពីរនិងសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ (Insight on the Scriptures) ដើម្បីសិក្សាអំពីជីវិតរបស់ដាវីឌ។ ហេតុអ្វីអំពីដាវីឌ? ពីព្រោះដាវីឌក៏ធ្លាប់មានបញ្ហាជាមួយនឹងអ្នកបម្រើខ្លះរបស់ព្រះដែរ។ ជាឧទាហរណ៍ ស្តេចសូលបានព្យាយាមសម្លាប់ដាវីឌ មនុស្សខ្លះចង់គប់គាត់នឹងដុំថ្ម ហើយសូម្បីតែប្រពន្ធរបស់គាត់ក៏សើចចំអកឲ្យគាត់ដែរ។ (សាំយូអែលទី១ ១៩:៩-១១; ៣០:១-៦; សាំយូអែលទី២ ៦:១៤-២២) ប៉ុន្តែ ទោះជាអ្នកឯទៀតប្រព្រឹត្តយ៉ាងណាចំពោះគាត់ក៏ដោយ ដាវីឌស្រឡាញ់ព្រះយេហូវ៉ា ហើយទុកចិត្តលោក។ ដាវីឌក៏បានបង្ហាញសេចក្ដីមេត្ដាករុណាដែរ។ បងយូវើទទួលស្គាល់ថាគាត់ក៏ត្រូវធ្វើដូច្នេះដែរ។ តាមរយៈអ្វីដែលគាត់សិក្សាក្នុងគម្ពីរ គាត់បានរៀនថាគាត់ត្រូវកែប្រែអារម្មណ៍របស់គាត់ចំពោះភាពមិនល្អឥតខ្ចោះរបស់បងប្អូន។ គាត់ត្រូវឈប់នឹកចាំអំពីកំហុសរបស់ពួកគេ ហើយធ្វើឲ្យមានសាមគ្គីភាពនៅក្នុងក្រុមជំនុំ។ តើអ្នកមានគោលដៅធ្វើដូច្នេះឬទេ?
ចូរជ្រើសរើសមិត្តភក្ដិក្នុងចំណោមពួកអ្នកដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ
១៤. តើលោកយេស៊ូបានជ្រើសរើសមិត្តភក្ដិយ៉ាងដូចម្ដេច?
១៤ លោកយេស៊ូគ្រិស្តបានរាប់អានអ្នកឯទៀត។ ទាំងបុរសទាំងស្ត្រី ទាំងក្មេងទាំងចាស់ ហើយសូម្បីតែកូនក្មេងក៏មានអារម្មណ៍ស្រួលជាមួយនឹងលោកយេស៊ូដែរ។ ប៉ុន្តែ លោកបានជ្រើសរើសមិត្តជិតស្និទ្ធដោយប្រុងប្រយ័ត្ន។ លោកបានប្រាប់ពួកសាវ័ករបស់លោកថា៖ «អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាធ្វើតាមបង្គាប់របស់ខ្ញុំ»។ (យ៉ូហាន ១៥:១៤) លោកយេស៊ូបានជ្រើសរើសមិត្តជិតស្និទ្ធក្នុងចំណោមពួកអ្នកដែលដើរតាមលោកយ៉ាងស្មោះត្រង់ ហើយជាអ្នកដែលស្រឡាញ់និងបម្រើព្រះយេហូវ៉ា។ តើអ្នកជ្រើសរើសមិត្តភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ាអស់ពីដួងចិត្តឬទេ? ហេតុអ្វីនេះសំខាន់?
តើអ្នកជ្រើសរើសមិត្តភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ាអស់ពីដួងចិត្តឬទេ?
១៥. តើការមានមិត្តភាពជាមួយនឹងគ្រិស្តសាសនិកដែលមានភាពចាស់ទុំអាចនាំឲ្យប្អូនៗវ័យក្មេងទទួលប្រយោជន៍យ៉ាងណា?
១៥ ផ្លែឈើភាគច្រើនទុំល្អបំផុតពេលវានៅក្រោមពន្លឺថ្ងៃក្ដៅល្មម។ សេចក្ដីស្រឡាញ់ដ៏កក់ក្ដៅពីបងប្អូនរួមជំនឿដែលប្រៀបដូចជាពន្លឺថ្ងៃក្ដៅល្មម អាចជួយអ្នកឲ្យទៅជាគ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំ។ តើអ្នកជាបុគ្គលវ័យក្មេងដែលកំពុងព្យាយាមសម្រេចចិត្តអំពីអ្វីដែលអ្នកនឹងធ្វើក្នុងជីវិតរបស់អ្នកឬ? បើដូច្នេះ ការជ្រើសរើសមិត្តភក្ដិដែលបានបម្រើព្រះយេហូវ៉ាអស់មួយរយៈពេលហើយ និងជាអ្នកដែលធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ គឺជាគំនិតឈ្លាសវៃ។ ពួកគេប្រហែលជាធ្លាប់មានបញ្ហាក្នុងជីវិត ហើយប្រហែលជាបានស៊ូទ្រាំនឹងការពិបាកពេលបម្រើព្រះយេហូវ៉ា។ ពួកគេអាចជួយអ្នកជ្រើសរើសរបៀបរស់នៅដែលប្រសើរបំផុត។ ពេលអ្នកចំណាយពេលជាមួយនឹងពួកគេ ពួកគេអាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ហើយក្លាយទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។—សូមអាន ហេប្រឺ ៥:១៤
១៦. ពេលបងស្រីម្នាក់នៅក្មេង តើបងប្អូនដែលមានវ័យចាស់ជាងក្នុងក្រុមជំនុំបានជួយគាត់យ៉ាងដូចម្ដេច?
១៦ បងស្រីហេលហ្គានឹកចាំថាក្នុងអំឡុងឆ្នាំចុងក្រោយនៅវិទ្យាល័យ សិស្សរួមថ្នាក់ភាគច្រើនបាននិយាយគ្នាអំពីគោលដៅរបស់ពួកគេសម្រាប់អនាគត។ ពួកគេជាច្រើននាក់ចង់ទៅរៀននៅសកលវិទ្យាល័យដើម្បីមានអាជីពដ៏ល្អ។ ប៉ុន្តែ បងហេលហ្គាបាននិយាយជាមួយនឹងមិត្តភក្ដិដែលមានភាពចាស់ទុំក្នុងក្រុមជំនុំរបស់គាត់។ គាត់និយាយថា៖ «ពួកគាត់ជាច្រើននាក់មានវ័យចាស់ជាងខ្ញុំ ហើយពួកគាត់បានជួយខ្ញុំយ៉ាងច្រើន។ ពួកគាត់បានលើកទឹកចិត្តខ្ញុំឲ្យចាប់ផ្ដើមកិច្ចបម្រើពេញពេល។ ក្រោយមក ខ្ញុំអាចចំណាយពេលប្រាំឆ្នាំក្នុងកិច្ចបម្រើជាអ្នកត្រួសត្រាយ។ ប៉ុន្មានឆ្នាំបានកន្លងផុតទៅហើយ ខ្ញុំសប្បាយចិត្តដែលខ្ញុំបានប្រើពេលជាច្រើនក្នុងគ្រាយុវវ័យដើម្បីបម្រើព្រះយេហូវ៉ា។ គ្មានមូលហេតុដែលខ្ញុំស្ដាយក្រោយដោយសារខ្ញុំបានធ្វើដូច្នេះឡើយ»។
១៧, ១៨.តើតាមរបៀបណាយើងអាចបម្រើព្រះយេហូវ៉ាយ៉ាងល្អបំផុត?
១៧ ពេលយើងយកតម្រាប់លោកយេស៊ូ យើងនឹងរីកចម្រើនទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ យើងនឹងចូលទៅកាន់តែជិតព្រះយេហូវ៉ា ហើយយើងនឹងមានចិត្តចង់បម្រើលោកកាន់តែខ្លាំងឡើង។ ពេលបុគ្គលម្នាក់មានភាពចាស់ទុំ គាត់បម្រើព្រះយេហូវ៉ាយ៉ាងល្អបំផុត។ លោកយេស៊ូបានលើកទឹកចិត្តពួកអ្នកកាន់តាមលោកថា៖ «ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក។ យ៉ាងនោះ ពួកគេនឹងសរសើរបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពេលដែលឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត»។—ម៉ាថាយ ៥:១៦
១៨ យើងបានរៀនអំពីរបៀបដែលគ្រិស្តសាសនិកម្នាក់ដែលមានភាពចាស់ទុំអាចផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ក្រុមជំនុំ។ របៀបដែលគ្រិស្តសាសនិកម្នាក់ប្រើសមត្ថភាពវិនិច្ឆ័យរបស់គាត់ក៏បង្ហាញថាគាត់មានភាពចាស់ទុំដែរ។ តើសមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងយ៉ាងដូចម្ដេចឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ? ម្យ៉ាងទៀត តើតាមរបៀបណាយើងអាចគោរពសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀត? យើងនឹងឆ្លើយសំណួរទាំងនេះនៅអត្ថបទបន្ទាប់។
a ជាឧទាហរណ៍ បងប្រុសវ័យចាស់ដែលមានបទពិសោធន៍ប្រហែលជាបានត្រូវសុំឲ្យលះបង់ភារកិច្ចមួយ ហើយជួយគាំទ្របងប្រុសដែលមានវ័យក្មេងជាងដែលទទួលភារកិច្ចនោះ។