បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១០ ទំ. ៣០-៣២
  • ‹មនុស្សឆោតល្ងង់ជឿគ្រប់ពាក្យទាំងអស់›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹មនុស្សឆោតល្ងង់ជឿគ្រប់ពាក្យទាំងអស់›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្នក​តែង​តែ​ផ្ញើ​អ៊ីមែល​ត​គ្នា​ឬ​ទេ?
  • ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត
  • តើអ្នកមានព័ត៌មានពិតឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរប្រយ័ត្ននឹងគ្រោះថ្នាក់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត!
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ដំណឹងល្អតាមប្រព័ន្ធអ៊ីនធឺណិត
    ២០១២ កិច្ចបម្រើព្រះ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១០ ទំ. ៣០-៣២

‹មនុស្ស​ឆោត​ល្ងង់​ជឿ​គ្រប់​ពាក្យ​ទាំង​អស់›

​«​មនុស្ស​ល្ងង់​គឺ​ជា​អ្នក​ដែល​មិន​ដែល​អាន​កាសែត ប៉ុន្តែ​មនុស្ស​ដែល​កាន់​តែ​ល្ងង់​គឺ​ជា​អ្នក​ដែល​ជឿ​អ្វី​ៗ​ដែល​គាត់​អាន ដោយ​សារ​តែ​ព័ត៌មាន​នោះ​ចុះ​ក្នុង​កាសែត​»។ (​ប្រវត្ដិវិទូ​និង​អ្នក​និពន្ធ​ជន​ជាតិ​អាល្លឺម៉ង់ ឈ្មោះ​អូគូស្ទ ហ្វុន ស្លូសឺ ដែល​បាន​រស់​នៅ​ពី​ឆ្នាំ​១៧៣៥​ដល់​ឆ្នាំ​១៨០៩​)

ជាង​២០០​ឆ្នាំ​មុន មនុស្ស​មិន​អាច​ជឿ​អ្វី​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​កាសែត​ទេ។ សព្វ​ថ្ងៃ​នេះ យើង​មិន​អាច​ជឿ​អ្វី​ទាំង​អស់​ដែល​យើង​អាន ឬ​ឃើញ​តាម​អ៊ីនធឺណិត​បាន​ឡើយ។ នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ព័ត៌មាន​ច្រើន​សន្ធឹក ហើយ​បច្ចេកវិទ្យា​ទំនើប​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​រក​ព័ត៌មាន​ទាំង​នោះ។ ព័ត៌មាន​ជា​ច្រើន​គឺ​ជា​ព័ត៌មាន​ពិត មាន​ប្រយោជន៍ ហើយ​គ្មាន​គ្រោះ​ថ្នាក់​ទេ ប៉ុន្តែ​ព័ត៌មាន​ជា​ច្រើន​ទៀត​គឺ​មិន​ពិត គ្មាន​ប្រយោជន៍ ហើយ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។ នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ជ្រើស​រើស​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ដែល​យើង​អាន។ ពេល​មនុស្ស​ខ្លះ​ចាប់​ផ្ដើម​ប្រើ​អ៊ីនធឺណិត ពួក​គេ​ប្រហែល​ជា​គិត​ថា​ព័ត៌មាន​ដែល​គេ​ចេញ​ផ្សាយ​គឺ​ច្បាស់​ជា​ព័ត៌មាន​ពិត ដោយ​សារ​ព័ត៌មាន​នោះ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ក៏​ដោយ​សារ​មិត្ត​ភក្ដិ​របស់​ពួក​គេ​បាន​ផ្ញើ​ព័ត៌មាន​នោះ​ដល់​ពួក​គេ​តាម​រយៈ​អ៊ីមែល។ ពួក​គេ​ប្រហែល​ជា​ជឿ​រឿង​មួយ ទោះ​បី​ជា​រឿង​នោះ​គឺ​ចម្លែក​ណាស់​ក៏​ដោយ។ ប៉ុន្តែ គម្ពីរ​ព្រមាន​យើង​ថា​៖ ​«​មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង​វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន​»។—សុភាសិត ១៤:១៥

មនុស្ស​ដែល​មាន​គំនិត​វាង​វៃ​គឺ​ផ្ទុយ​ពី​មនុស្ស​ឆោត​ល្ងង់​ដែល​ជឿ​អ្វី​ទាំង​អស់​ដែល​ខ្លួន​ឮ។ ពេល​ដែល​យើង​មាន​គំនិត​វាង​វៃ យើង​ប្រុង​ប្រយ័ត្ន ហើយ​ជឿ​តែ​អ្វី​ដែល​យើង​ដឹង​ថា​ជា​រឿង​ពិត​ប៉ុណ្ណោះ។ យើង​នឹង​មិន​ចាញ់​បោក​ដោយ​ជឿ​រឿង​មិន​ពិត​ដែល​យើង​អាន​តាម​អ៊ីនធឺណិត​នោះ​ទេ ទោះ​បី​ជា​រឿង​នោះ​កំពុង​ពេញ​និយម​យ៉ាង​ណា​ក៏​ដោយ។ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​គំនិត​វាង​វៃ? ដំបូង សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​រឿង​នោះ​មក​ពី​គេហទំព័រ​ផ្លូវ​ការ​និង​គួរ​ឲ្យ​ទុក​ចិត្ត​ឬ​ទេ? ឬ​តើ​រឿង​នោះ​មក​ពី​គេហទំព័រ​មួយ​ដែល​ឲ្យ​អ្នក​ណា​ក៏​ដោយ​សរសេរ​យោបល់​របស់​ពួក​គេ ឬ​ក៏​តើ​រឿង​នោះ​មក​ពី​ប្រភព​ដែល​យើង​មិន​ស្គាល់? តើ​គេហទំព័រ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​បញ្ជាក់​ហើយ​ឬ​នៅ​ថា​រឿង​នោះ​គឺ​មិន​ពិត?›។a (​សូម​មើល​កំណត់​សម្គាល់​) បន្ទាប់​មក​សូម​ប្រើ​សមត្ថភាព​«​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។ (​ហេប្រឺ ៥:១៤​) ប្រសិន​បើ​ព័ត៌មាន​ថ្មី​ណា​មួយ​មើល​ទៅ​មិន​គួរ​ឲ្យ​ជឿ វា​ទំនង​ជា​ដូច្នេះ​មែន។ ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​អាន​ព័ត៌មាន​មិន​ល្អ​អំពី​អ្នក​ដទៃ សូម​គិត​ថា​អ្នក​ណា​នឹង​ទទួល​ប្រយោជន៍​បើ​ព័ត៌មាន​នោះ​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ចេញ​ទៅ ហើយ​គិត​អំពី​មូលហេតុ​ដែល​អ្នក​ណា​ម្នាក់​ប្រហែល​ជា​ចង់​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នោះ។

តើ​អ្នក​តែង​តែ​ផ្ញើ​អ៊ីមែល​ត​គ្នា​ឬ​ទេ?

មនុស្ស​ខ្លះ​ប្រហែល​ជា​ផ្ញើ​ព័ត៌មាន​ត​គ្នា​ទៅ​មនុស្ស​ទាំង​អស់​ដែល​គាត់​ស្គាល់​ដោយ​មិន​បាន​ពិនិត្យ​មើល​ជា​មុន​ថា​រឿង​នោះ​ជា​រឿង​ពិត​ឬ​មិន​ពិត ឬដោយ​មិន​គិត​អំពី​អ្វី​ដែល​អាច​កើត​ឡើង​បន្ទាប់​ពី​គាត់​បាន​ផ្ញើ​ព័ត៌មាន​នោះ​ឡើយ។ ប្រហែល​ជា​ដោយ​សារ​ពួក​គេ​តែង​តែ​ចង់​ឲ្យ​មនុស្ស​ឯ​ទៀត​ចាប់​អារម្មណ៍​ខ្លួន ហើយ​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​ដំបូង​ដែល​ផ្សព្វ​ផ្សាយ​ព័ត៌មាន។ (​សាំយូអែល​ទី២ ១៣:២៨​-​៣៣​) ប៉ុន្តែ មនុស្ស​ដែល​មាន​គំនិត​វាង​វៃ​គិត​អំពី​លទ្ធផល​អាក្រក់​ដែល​អាច​មក​ពី​ការ​ផ្សាយ​ព័ត៌មាន​នោះ។ ជា​ឧទាហរណ៍ ព័ត៌មាន​នោះ​អាច​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​បុគ្គល​ម្នាក់ ឬ​អង្គ​ការ​មួយ។

មនុស្ស​ដែល​ផ្ញើ​ព័ត៌មាន​ប្រហែល​ជា​មិន​បាន​ពិនិត្យ​មើល​ជា​មុន​ទេ​ថា​ព័ត៌មាន​នោះ​ពិត​ឬ​មិន​ពិត ដោយ​សារ​ការ​ធ្វើ​បែប​នេះ​គឺ​ត្រូវ​ការ​ពេល​និង​កម្លាំង។ គាត់​គិត​ថា​មនុស្ស​ឯ​ទៀត​ដែល​ទទួល​ព័ត៌មាន​នោះ​ពី​គាត់​អាច​ពិនិត្យ​មើល​ដោយ​ខ្លួន​គេ​បាន។ ប៉ុន្តែ ពេល​វេលា​របស់​ពួក​គេ​ក៏​មាន​តម្លៃ​ដែរ។ (​អេភេសូរ ៥:១៥, ១៦​) ហេតុ​នេះ ជា​ជាង​ផ្ញើ​ព័ត៌មាន​ដែល​យើង​ដឹង​មិន​ច្បាស់ គឺ​ជា​ការ​ល្អ​ជាង​ដែល​យើង​គិត​ថា ​«​បើ​ខ្ញុំ​មិន​ច្បាស់​ថា​ព័ត៌មាន​នេះ​ពិត​ឬ​មិន​ពិត ខ្ញុំ​គួរ​តែ​លុប​វា​ចោល!​»។

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​តែង​តែ​ផ្ញើ​អ៊ីមែល​ត​គ្នា​ឬ​ទេ? តើ​ខ្ញុំ​ធ្លាប់​សុំ​ការ​អភ័យ​ទោស​ពី​នរណា​ម្នាក់​ដោយ​សារ​តែ​ខ្ញុំ​បាន​ផ្ញើ​ព័ត៌មាន​ខុស ឬ​មិន​ពិត​ឬ​ទេ? តើ​ធ្លាប់​មាន​នរណា​ម្នាក់​សុំ​ខ្ញុំ​ឲ្យ​ឈប់​ផ្ញើ​អ៊ីមែល​ត​គ្នា​ឬ​ទេ?›។ សូម​ចាំ​ថា បើ​មិត្ត​ភក្ដិ​របស់​អ្នក​មាន​អ៊ីមែល ពួក​គេ​ក៏​អាច​ប្រើ​អ៊ីនធឺណិត​បាន​ដែរ ហើយ​ពួក​គេ​មិន​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ដើម្បី​ស្វែង​រក​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​ទេ។ ពួក​គេ​មិន​ចង់​ទទួល​អ៊ីមែល​ច្រើន​សន្ធឹក​ដែល​រួម​មាន​រឿង​កំប្លែង វីដេអូ ឬ​ក៏​រូប​ភាព​នោះ​ទេ។ ការ​ផ្ញើ​ការ​ថត​សម្លេង​សុន្ទរកថា ឬ​កំណត់​ល្អិត​ល្អន់​អំពី​សុន្ទរកថា​ក៏​មិន​មែន​ជា​ការ​ប្រព្រឹត្ត​ដ៏​ឈ្លាស​វៃ​ដែរ។b (​សូម​មើល​កំណត់​សម្គាល់​) ម្យ៉ាង​ទៀត សូម​ចាំ​ថា បើ​បុគ្គល​ម្នាក់​ធ្វើ​ការ​ស្រាវ​ជ្រាវ ស្វែង​រក​ខ​គម្ពីរ ឬ​រៀប​ចំ​ចម្លើយ​សម្រាប់​កិច្ច​ប្រជុំ​ដោយ​ខ្លួន​គាត់​ផ្ទាល់ គាត់​នឹង​ទទួល​ប្រយោជន៍​ច្រើន​ជាង​ការ​ដែល​អ្នក​ផ្ញើ​ព័ត៌មាន​ទាំង​នោះ​ឲ្យ​គាត់។

តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​បើ​អ្នក​ឃើញ​អ្វី​មួយ​តាម​អ៊ីនធឺណិត​ដែល​ផ្សាយ​រឿង​ភូត​ភរ​អំពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា? ចូរ​បដិសេធ​រឿង​ភូត​ភរ​នោះ​ភ្លាម​ៗ​! កុំ​ជឿ​ព័ត៌មាន​ទាំង​នោះ​ឡើយ។ ការ​ចែក​ចាយ​ព័ត៌មាន​ដែល​អ្នក​បាន​អាន​ដល់​អ្នក​ឯ​ទៀត ហើយ​សួរ​អំពី​គំនិត​របស់​ពួក​គេ គឺ​មិន​មែន​ជា​ការ​ប្រព្រឹត្ត​ដ៏​ឈ្លាស​វៃ​ឡើយ ពី​ព្រោះ​ការ​ធ្វើ​បែប​នោះ​នឹង​នាំ​ឲ្យ​ព័ត៌មាន​អាក្រក់​ទាំង​នោះ​ត្រូវ​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន​ថែម​ទៀត​ប៉ុណ្ណោះ។ បើ​អ្វី​ដែល​អ្នក​បាន​ឃើញ​តាម​អ៊ីនធឺណិត​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ចិត្ត សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​ប្រាជ្ញា​ពី​លោក ហើយ​ទៅ​និយាយ​អំពី​រឿង​នោះ​ជា​មួយ​នឹង​បង​ប្រុស​ដែល​មាន​ភាព​ចាស់​ទុំ។ (​យ៉ាកុប ១:៥, ៦; យូដាស ២២, ២៣​) យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ​ពេល​មនុស្ស​និយាយ​កុហក​អំពី​យើង។ មនុស្ស​បាន​និយាយ​កុហក​អំពី​លោក​យេស៊ូ ហើយ​លោក​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​ថា សត្រូវ​របស់​ពួក​គាត់​នឹង​បៀត​បៀន​ពួក​គាត់ ហើយ​នឹង​«​និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង ដើម្បី​បង្កាច់​បង្ខូច​»​ពួក​គាត់។ (​ម៉ាថាយ ៥:១១; ១១:១៩; យ៉ូហាន ១០:១៩​-​២១​) ដូច្នេះ បើ​អ្នក​មាន​គំនិត​វាង​វៃ ហើយ​គិត​យ៉ាង​ដិត​ដល់ នោះ​អ្នក​នឹង​អាច​ដឹង​ថា​នរណា​កំពុង​និយាយ​កុហក ហើយ​កំពុង​ព្យាយាម​បោក​បញ្ឆោត​អ្នក​ឯ​ទៀត។—សុភាសិត ២:១០​-​១៦

ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត

យើង​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​អំពី​ការ​ចែក​ចាយ​ព័ត៌មាន​អំពី​បង​ប្អូន​របស់​យើង ឬ​បទ​ពិសោធន៍​ផ្សេង​ៗ​ដែល​យើង​បាន​ឮ។ មាន​ពេល​ខ្លះ​ដែល​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ណា​មួយ សូម្បី​តែ​ជា​រឿង​ពិត​ក្ដី គឺ​មិន​មែន​ត្រឹម​ត្រូវ​ឬ​មិន​មែន​ជា​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ទេ។ (​ម៉ាថាយ ៧:១២​) ជា​ឧទាហរណ៍ ការ​ផ្សាយ​ព័ត៌មាន​មិន​ល្អ​អំពី​អ្នក​ឯ​ទៀត​ត​ៗ​គ្នា គឺ​មិន​មែន​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ឬ​ការ​លើក​ទឹក​ចិត្ត​នោះ​ទេ។ (​ថែស្សាឡូនិច​ទី២ ៣:១១; ធីម៉ូថេ​ទី១ ៥:១៣​) ម្យ៉ាង​ទៀត ព័ត៌មាន​ខ្លះ​ប្រហែល​ជា​ព័ត៌មាន​សម្ងាត់។ មនុស្ស​ឯ​ទៀត​ប្រហែល​ជា​ចង់​ប្រាប់​ព័ត៌មាន​ទាំង​នោះ​នៅ​ពេល​ក្រោយ ឬ​តាម​របៀប​ជាក់​លាក់​មួយ។ ហេតុ​នេះ យើង​គួរ​គោរព​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​សម្រេច​ចិត្ត​អំពី​ពេល​និង​របៀប​ដែល​គេ​ចង់​ប្រាប់​ព័ត៌មាន​នោះ។ តាម​ពិត បើ​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព័ត៌មាន​នោះ​មុន​ពេល​កំណត់ យើង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន។

សព្វ​ថ្ងៃ​នេះ ព័ត៌មាន​អាច​ផ្សព្វ​ផ្សាយ​បាន​យ៉ាង​ឆាប់​រហ័ស ទោះ​បី​ជា​ព័ត៌មាន​នោះ​គឺ​ពិត​ឬ​មិន​ពិត មាន​ប្រយោជន៍​ឬ​គ្មាន​ប្រយោជន៍ គ្មាន​គ្រោះ​ថ្នាក់​ឬ​មាន​គ្រោះ​ថ្នាក់​ក្ដី។ ទោះ​ជា​អ្នក​ផ្ញើ​សារ​ទៅ​មនុស្ស​តែ​ម្នាក់​ក៏​ដោយ បុគ្គល​ម្នាក់​នោះ​អាច​ផ្ញើ​សារ​នោះ​ត​ទៅ​អ្នក​ឯ​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ ដូច្នេះ ចូរ​ជៀស​វាង​ពី​ការ​ចង់​ផ្ញើ​ព័ត៌មាន​ភ្លាម​ៗ​ត​ៗ​គ្នា​ដល់​មនុស្ស​ទាំង​អស់​ដែល​អ្នក​ស្គាល់។ ទោះ​បី​ជា​សេចក្ដី​ស្រឡាញ់​«​ជឿ​អ្វី​ៗ​ទាំង​អស់​»​ ហើយ​មិន​សង្ស័យ​ក៏​ដោយ យើង​មិន​គួរ​ធ្វើ​ជា​មនុស្ស​ឆោត​ល្ងង់ ហើយ​ជឿ​រឿង​ទាំង​អស់​ដែល​ថ្មី​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ។ (​កូរិនថូស​ទី១ ១៣:៧​) ម្យ៉ាង​ទៀត យើង​នឹង​មិន​ជឿ​រឿង​ភូត​ភរ ឬ​ក៏​រឿង​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​អំពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា និង​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង​ឡើយ។ សូម​ចាំ​ថា អ្នក​ដែល​បង្កើត​រឿង​មិន​ពិត​ទាំង​នោះ ហើយ​ចាប់​ផ្ដើម​ផ្សាយ​អំពី​រឿង​ទាំង​នោះ​កំពុង​ធ្វើ​ឲ្យ​មេ​កំណាច​សាថាន​ដែល​ជា​«​ឪពុក​នៃ​ការ​ភូត​ភរ​»​ពេញ​ចិត្ត។ (​យ៉ូហាន ៨:៤៤​) ដូច្នេះ ចូរ​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ដែល​មាន​គំនិត​វាង​វៃ ហើយ​តែង​តែ​គិត​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​យើង​ប្រើ​ព័ត៌មាន​ច្រើន​សន្ធឹក​ដែល​យើង​អាច​ទទួល​បាន​ជា​រៀង​រាល់​ថ្ងៃ។ ដូច​គម្ពីរ​ចែង ​«​មនុស្ស​ឆោត​ល្ងង់​គេ​គ្រង​បាន​សេចក្ដី​ចំ​កួត​ទុក​ជា​មរដក តែ​មនុស្ស​ឆ្លៀវ​ឆ្លាត​បាន​ពាក់​ដំ​រិះ​ជា​មកុដ​វិញ​»។—សុភាសិត ១៤:១៨

a ម្ដង​ម្កាល រឿង​មួយ​ប្រហែល​ជា​ចេញ​ផ្សាយ​ម្ដង​ទៀត ទោះ​បី​ជា​នៅ​អតីតកាល​រឿង​នោះ​បាន​ត្រូវ​បក​អាក្រាត​ថា​ជា​រឿង​មិន​ពិត​ក៏​ដោយ។ រឿង​នោះ​ប្រហែល​ជា​បាន​ត្រូវ​ផ្លាស់​ប្ដូរ​បន្ដិច​បន្តួច​ដើម្បី​ធ្វើ​ឲ្យ​មើល​ទៅ​ដូច​ជា​រឿង​ពិត។

b សូម​មើល​«​ប្រអប់​សំណួរ​»​នៅ​កិច្ច​បម្រើ​ព្រះ ខែ​មេសា ឆ្នាំ​២០១០។

សំណួរ​ដែល​អ្នក​គួរ​សួរ​ខ្លួន​អ្នក​មុន​អ្នក​ផ្ញើ​អ៊ីមែល:

  • តើ​ខ្ញុំ​ប្រាកដ​ថា​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​ពិត​ឬ​ទេ?

  • តើ​នេះ​ជា​ព័ត៌មាន​សម្ងាត់​ឬ​ទេ?

  • តើ​ព័ត៌មាន​នេះ​នឹង​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ណា​ម្នាក់​ឬ​ទេ?

  • តើ​ធ្លាប់​មាន​នរណា​ម្នាក់​សុំ​ខ្ញុំ​ឲ្យ​ឈប់​ផ្ញើ​អ៊ីមែល​ត​គ្នា​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក