ចូរផ្ទេរកង្វល់ទាំងអស់របស់អ្នកទៅព្រះយេហូវ៉ា
«[ចូរ]ផ្ទេរកង្វល់ទាំងអស់ទៅព្រះ[យេហូវ៉ា] ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។ —ពេត្រុសទី១ ៥:៧
១, ២. (ក) ហេតុអ្វីយើងមានកង្វល់? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
សព្វថ្ងៃនេះ សាថាន«ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់»។ (ពេត្រុសទី១ ៥:៨; ការបើកបង្ហាញ ១២:១៧) ជាលទ្ធផល ជីវិតគឺមានការតានតឹងចិត្ត ហើយសូម្បីតែរាស្ត្ររបស់ព្រះក៏មានទុក្ខកង្វល់។ រាស្ត្ររបស់ព្រះនៅអតីតកាលក៏មានពេលខ្វល់ចិត្តដែរ។ ជាឧទាហរណ៍ គម្ពីរចែងថាជួនកាលស្តេចដាវីឌខ្វល់ចិត្ត។ (ទំនុកតម្កើង ១៣:២) ម្យ៉ាងទៀត សាវ័កប៉ូលមាន«កង្វល់អំពីក្រុមជំនុំទាំងឡាយ»។ (កូរិនថូសទី២ ១១:២៨) ប៉ុន្តែ តើយើងអាចធ្វើអ្វីពេលយើងមានកង្វល់ច្រើនពន់ពេក?
២ បិតានៅស្ថានសួគ៌ដែលស្រឡាញ់យើងបានជួយធ្វើឲ្យអ្នកបម្រើរបស់លោកនៅអតីតកាលធូរស្រាលចិត្តពីកង្វល់ ហើយលោកក៏ចង់ធ្វើដូច្នេះចំពោះយើងនៅសព្វថ្ងៃនេះដែរ។ គម្ពីរដាស់តឿនយើងឲ្យ«ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៧) ប៉ុន្តែ តើអ្នកអាចធ្វើដូច្នេះតាមរបៀបណា? យើងនឹងពិចារណាអំពីវិធីបួនយ៉ាង។ អ្នកអាច (១) អធិដ្ឋាន (២) អាននិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះ (៣) ឲ្យសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជួយអ្នក និង(៤) និយាយអំពីអារម្មណ៍របស់អ្នកដល់បុគ្គលដែលអ្នកទុកចិត្ត។ កាលដែលយើងពិនិត្យពិចារណាអំពីវិធីបួនយ៉ាងនេះ សូមព្យាយាមរកចំណុចដែលអ្នកចង់រីកចម្រើន។
«ចូរផ្ទេរបន្ទុករបស់អ្នក ទៅលើព្រះយេហូវ៉ា»
៣. តើតាមរបៀបណាអ្នកអាច«ផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»?
៣ វិធីទី១ដែលយើងអាចផ្ទេរកង្វល់របស់យើងទៅព្រះយេហូវ៉ាគឺតាមរយៈសេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្ត។ ពេលអ្នកមានកង្វល់ បិតានៅស្ថានសួគ៌ដែលស្រឡាញ់អ្នកចង់ឲ្យអ្នកប្រាប់អំពីអារម្មណ៍ដែលកប់ជ្រៅក្នុងចិត្តរបស់អ្នកទៅលោក។ ដាវីឌដែលជាអ្នកតែងទំនុកតម្កើងបានសុំអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន»។ នៅទំនុកដដែល ដាវីឌក៏បាននិយាយដែរថា៖ «ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក»។ (ទំនុកតម្កើង ៥៥:១, ២២) ក្រោយពីអ្នកបានធ្វើអ្វីទាំងអស់ដែលអ្នកអាចធ្វើបានដើម្បីដោះស្រាយបញ្ហា សេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្តទៅព្រះយេហូវ៉ានឹងសម្រេចការបានច្រើនជាងការខ្វល់ខ្វាយ។ ប៉ុន្តែ តើយ៉ាងដូចម្ដេច? តើតាមរបៀបណាសេចក្ដីអធិដ្ឋានអាចជួយយើងមិនមានអារម្មណ៍ថាកង្វល់របស់យើងគឺច្រើនពន់ពេក?—ទំនុកតម្កើង ៩៤:១៨, ១៩
៤. ពេលយើងខ្វល់ចិត្ត ហេតុអ្វីសេចក្ដីអធិដ្ឋានគឺសំខាន់ម្ល៉េះ?
៤ សូមអាន ភីលីព ៤:៦, ៧។ តើព្រះយេហូវ៉ាតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានឥតឈប់និងដ៏ស្មោះអស់ពីចិត្តរបស់យើងយ៉ាងដូចម្ដេច? លោកអាចជួយយើងឲ្យមានចិត្តស្ងប់ ហើយជៀសវាងអារម្មណ៍និងគំនិតមិនល្អ។ ជាជាងខ្វល់ចិត្តនិងភ័យខ្លាច ព្រះជួយយើងឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្តយ៉ាងជ្រៅបំផុតដែលយើងអាចមាន។ ព្រះបានជួយបងប្អូនជាច្រើននាក់ឲ្យមានចិត្តស្ងប់បែបនេះ។ អ្នកក៏អាចមានដែរ។ «សេចក្ដីសុខសាន្តរបស់ព្រះ»អាចជួយអ្នកឲ្យយកឈ្នះការពិបាកណាក៏ដោយ! អ្នកអាចទុកចិត្តទាំងស្រុងទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ដែលថា៖ «កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង»។—អេសាយ ៤១:១០
សេចក្ដីសុខសាន្តក្នុងចិត្តដែលមកពីបណ្ដាំរបស់ព្រះ
៥. តើតាមរបៀបណាបណ្ដាំរបស់ព្រះអាចជួយអ្នកឲ្យទទួលសេចក្ដីសុខសាន្តក្នុងចិត្ត?
៥ វិធីទី២ដើម្បីទទួលសេចក្ដីសុខសាន្តក្នុងចិត្តគឺដោយអាននិងរំពឹងគិតអំពីខគម្ពីរផ្សេងៗ។ ហេតុអ្វីការធ្វើដូច្នេះគឺសំខាន់? គម្ពីរគឺជាបណ្ដាំរបស់ព្រះ។ គម្ពីរមានឱវាទដែលមានប្រយោជន៍និងដែលប្រកបដោយប្រាជ្ញាពីព្រះដែលជាអ្នកបង្កើតរបស់យើង។ ទោះជាអ្នកខ្វល់ចិត្តនៅពេលណាក៏ដោយ អ្នកអាចគិតយ៉ាងជ្រាលជ្រៅអំពីគំនិតរបស់ព្រះ ហើយរំពឹងគិតអំពីរបៀបដែលឱវាទរបស់លោកអាចពង្រឹងកម្លាំងចិត្តអ្នក។ នេះអាចជួយអ្នកឲ្យយកឈ្នះ កាត់បន្ថយ ឬថែមទាំងជៀសវាងការខ្វល់ចិត្ត។ ព្រះយេហូវ៉ាបានបញ្ជាក់ថាការមាន«កំឡាំងនឹងចិត្តក្លាហាន»និងការមិន«ខ្លាច»ឬ«ស្រយុតចិត្ត» ជាប់ទាក់ទងនឹងការអានបណ្ដាំរបស់លោក។—យ៉ូស្វេ ១:៧-៩
ជំនឿមាំមួនលើព្រះយេហូវ៉ានឹងជួយយើងឲ្យទុកចិត្តថា លោកនឹងផ្ដល់ឲ្យយើងដោយសេចក្ដីស្រឡាញ់នូវអ្វីដែលយើងត្រូវការ
៦. តើពាក្យរបស់លោកយេស៊ូអាចមានប្រយោជន៍យ៉ាងណាចំពោះអ្នក?
៦ បណ្ដាំរបស់ព្រះបង្ហាញអំពីរបៀបដែលលោកយេស៊ូមានប្រសាសន៍ទៅកាន់មនុស្សឯទៀត។ ពួកគេចូលចិត្តស្ដាប់លោកណាស់ ដោយសារពាក្យរបស់លោកផ្ដល់កម្លាំងចិត្តឡើងវិញនិងសម្រាលទុក្ខពួកគេ ជាពិសេសពួកអ្នកដែលខ្សោយឬធ្លាក់ទឹកចិត្ត។ (សូមអាន ម៉ាថាយ ១១:២៨-៣០) លោកយេស៊ូយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអារម្មណ៍របស់អ្នកឯទៀត។ (ម៉ាកុស ៦:៣០-៣២) ដូចលោកយេស៊ូបានសន្យាថាលោកនឹងជួយសាវ័កដែលធ្វើដំណើរជាមួយនឹងលោក នោះលោកក៏នឹងជួយយើងនៅសព្វថ្ងៃនេះដែរ។ យើងមិនចាំបាច់នៅជាមួយនឹងលោកយេស៊ូដើម្បីទទួលប្រយោជន៍ទេ។ ក្នុងនាមជាស្តេចរបស់យើងនៅស្ថានសួគ៌ លោកយេស៊ូបន្តបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង។ ដូច្នេះ ពេលអ្នកខ្វល់ចិត្ត អ្នកអាចប្រាកដថាលោកនឹងជួយអ្នក ហើយលោកនឹងធ្វើដូច្នេះនៅពេលដែលត្រឹមត្រូវ។ លោកយេស៊ូផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមនិងចិត្តក្លាហានដែលជួយយើងឲ្យបំបាត់ទុក្ខកង្វល់។—ហេប្រឺ ២:១៧,១៨; ៤:១៦
គុណសម្បត្ដិដែលមកពី សកម្មពលរបស់ព្រះ
៧. តើសកម្មពលបរិសុទ្ធរបស់ព្រះផ្ដល់ប្រយោជន៍អ្វីដល់យើង?
៧ លោកយេស៊ូបានសន្យាថាបិតារបស់យើងនឹងផ្ដល់ឲ្យយើងនូវសកម្មពលបរិសុទ្ធពេលដែលយើងសុំពីលោក។ (លូកា ១១:១០-១៣) តើវិធីទី៣នេះអាចជួយយើងយ៉ាងដូចម្ដេចដើម្បីកាត់បន្ថយកង្វល់? សកម្មពលបរិសុទ្ធរបស់ព្រះជួយយើងបណ្ដុះឲ្យមានគុណសម្បត្ដិដូចព្រះរបស់យើងដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ (កូឡុស ៣:១០) ក្នុងគម្ពីរ គុណសម្បត្ដិទាំងនេះបានត្រូវហៅថា«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»។ (សូមអាន កាឡាទី ៥:២២, ២៣) ពេលយើងបណ្ដុះឲ្យមានគុណសម្បត្ដិទាំងនេះ ចំណងមិត្តភាពរបស់យើងជាមួយនឹងអ្នកឯទៀតនឹងកាន់តែប្រសើរ ហើយយើងនឹងជៀសវាងស្ថានភាពដែលអាចនាំឲ្យយើងខ្វល់ចិត្ត។ សូមយើងពិចារណាអំពីរបៀបដែលផលដែលបង្កើតដោយសកម្មពលរបស់ព្រះនឹងជួយយើងតាមរបៀបផ្សេងៗ។
៨-១២. តើតាមរបៀបណាផលដែលបង្កើតដោយសកម្មពលបរិសុទ្ធរបស់ព្រះអាចជួយអ្នក?
៨ «សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត»។ ពេលអ្នកប្រព្រឹត្តចំពោះអ្នកឯទៀតដោយគោរព អ្នកនឹងឃើញថាអ្នកមិនសូវខ្វល់ចិត្ត។ ហេតុអ្វី? ពេលអ្នកបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន មនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងលើកកិត្ដិយសអ្នកឯទៀត អ្នកច្រើនតែអាចជៀសវាងស្ថានភាពដែលនាំឲ្យអ្នកមានអារម្មណ៍មិនល្អដូចជាកំហឹង ការទើសចិត្ត និងការតានតឹងចិត្ត។ យ៉ាងនេះ អ្នកនឹងកាន់តែងាយស្រួលរក្សាសន្ដិភាពជាមួយនឹងអ្នកឯទៀត។—រ៉ូម ១២:១០
ពេលយើងបណ្ដុះឲ្យមានគុណសម្បត្ដិដូចព្រះ ចំណងមិត្តភាពរបស់យើងជាមួយនឹងអ្នកឯទៀតនឹងកាន់តែប្រសើរ
៩ «ចិត្តធ្ងន់ សេចក្ដីសប្បុរស គុណធម៌»។ គម្ពីរចែងថា៖ «ចូរប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្ដា ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។ (អេភេសូរ ៤:៣២) ពេលយើងធ្វើតាមឱវាទនេះ យើងនឹងមានចំណងមិត្តភាពដ៏សុខសាន្តជាមួយនឹងអ្នកឯទៀត ហើយយើងនឹងការពារខ្លួនពីស្ថានភាពដែលអាចនាំឲ្យខ្វល់ចិត្ត។ ម្យ៉ាងទៀត យើងនឹងកាន់តែងាយស្រួលដោះស្រាយបញ្ហាដែលមកពីភាពមិនល្អឥតខ្ចោះរបស់យើង។
១០ «ជំនឿ»។ សព្វថ្ងៃនេះ យើងច្រើនតែខ្វល់អំពីលុយនិងវត្ថុទ្រព្យ។ (សុភាសិត ១៨:១១) តើយើងអាចជៀសវាងកង្វល់បែបនេះយ៉ាងដូចម្ដេច? យើងត្រូវធ្វើតាមឱវាទរបស់ប៉ូលដែលឲ្យ‹ស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន›។ ជំនឿមាំមួនលើព្រះយេហូវ៉ានឹងជួយយើងឲ្យទុកចិត្តថា លោកនឹងផ្ដល់ឲ្យយើងដោយសេចក្ដីស្រឡាញ់នូវអ្វីដែលយើងត្រូវការ។ លោកបានសន្យាថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»។ នេះជាមូលហេតុដែលយើងអាចនិយាយដូចប៉ូលថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំ?»។—ហេប្រឺ ១៣:៥, ៦
១១ «ចិត្តស្លូតបូត ការចេះទប់ចិត្ត»។ សូមគិតអំពីប្រយោជន៍ដែលអ្នកទទួលពេលអ្នកបង្ហាញចិត្តស្លូតបូតនិងការចេះទប់ចិត្ត។ គុណសម្បត្ដិទាំងនេះនឹងជួយអ្នកមិនធ្វើឬនិយាយអ្វីដែលអាចនាំឲ្យអ្នកខ្វល់ចិត្ត ហើយអ្នកនឹងទទួលប្រយោជន៍ដោយជៀសវាងពី«គំនុំ កំហឹង ចិត្តក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយ»។—អេភេសូរ ៤:៣១
១២ អ្នកត្រូវមានចិត្តរាបទាបដើម្បីទុកចិត្តទៅលើ«ដៃដ៏ខ្លាំងក្លារបស់ព្រះ» និងដើម្បី«ផ្ទេរកង្វល់ទាំងអស់ទៅព្រះ»។ (ពេត្រុសទី១ ៥:៦, ៧) បើអ្នកមានចិត្តរាបទាប ព្រះយេហូវ៉ានឹងគាំទ្រអ្នក ហើយថែរក្សាអ្នក។ ពេលអ្នកទទួលស្គាល់អំពីអ្វីដែលអ្នកអាចធ្វើនិងអ្វីដែលអ្នកមិនអាចធ្វើ អ្នកនឹងមិនពឹងផ្អែកលើខ្លួនឡើយ។ អ្នកនឹងមិនសូវខ្វល់ចិត្ត ដោយសារអ្នកនឹងពឹងផ្អែកលើព្រះ។—មីកា ៦:៨
‹កុំខ្វល់ខ្វាយឲ្យសោះ›
១៣. ពេលលោកយេស៊ូបានមានប្រសាសន៍ថា៖ «កុំខ្វល់ខ្វាយ» តើលោកចង់មានន័យយ៉ាងណា?
១៣ នៅម៉ាថាយ ៦:៣៤ (សូមអាន) មានឱវាទដែលប្រកបដោយប្រាជ្ញារបស់លោកយេស៊ូដែលថា៖ «កុំខ្វល់ខ្វាយ»។ ប្រហែលជាមើលទៅយើងមិនអាចធ្វើតាមឱវាទនេះទេ។ ប៉ុន្តែ តើលោកយេស៊ូចង់មានន័យយ៉ាងណា? យើងបានរៀនរួចហើយថាជួនកាលដាវីឌនិងប៉ូលខ្វល់ចិត្ត។ លោកយេស៊ូមិនចង់មានន័យថាអ្នកដែលបម្រើព្រះនឹងមិនខ្វល់ចិត្តសោះនោះទេ។ ផ្ទុយទៅវិញ លោកយេស៊ូកំពុងជួយអ្នកកាន់តាមលោកឲ្យយល់ថាការខ្វល់ចិត្តដែលមិនចាំបាច់ឬការខ្វល់ចិត្តហួសហេតុពេកមិនដោះស្រាយបញ្ហាបានឡើយ។ រាល់ថ្ងៃនឹងមានការពិបាកផ្សេងៗ ដូច្នេះគ្រិស្តសាសនិកមិនគួរបន្ថែមកង្វល់ដោយគិតអំពីបញ្ហានៅអតីតកាលឬនៅអនាគតកាលទេ។ តើតាមរបៀបណាឱវាទរបស់លោកយេស៊ូអាចជួយអ្នកឲ្យកាត់បន្ថយការខ្វល់ចិត្តខ្លាំងពេក?
១៤. ដូចដាវីឌ តើតាមរបៀបណាអ្នកអាចកាត់បន្ថយការខ្វល់ចិត្ត?
១៤ ជួនកាលមនុស្សមានកង្វល់ដោយសារកំហុសដែលពួកគេបានធ្វើពីមុន។ ពួកគេប្រហែលជាមានអារម្មណ៍បន្ទោសខ្លួនជាខ្លាំងចំពោះអ្វីដែលពួកគេបានធ្វើ សូម្បីតែច្រើនឆ្នាំបានកន្លងផុតទៅហើយក៏ដោយ។ ជួនកាល ស្តេចដាវីឌខ្វល់ចិត្តជាខ្លាំងដោយសារកំហុសរបស់គាត់។ គាត់បានសារភាពថា៖ «ទូលបង្គំបានថ្ងូរ ដោយព្រោះសេចក្ដីថែថប់ក្នុងចិត្ត»។ (ទំនុកតម្កើង ៣៨:៣, ៤, ៨, ១៨) ក្នុងស្ថានភាពនេះ ដាវីឌបានធ្វើអ្វីដែលប្រកបដោយប្រាជ្ញាណាស់។ គាត់បានទុកចិត្តលើការអភ័យទោសនិងសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត ដាវីឌសប្បាយចិត្តពេលគាត់ដឹងថាព្រះបានអភ័យទោសឲ្យគាត់។—សូមអាន ទំនុកតម្កើង ៣២:១-៣, ៥
១៥. (ក) តើយើងរៀនអ្វីទៀតពីដាវីឌ? (ខ) តើអ្នកអាចធ្វើអ្វីដើម្បីកាត់បន្ថយការខ្វល់ចិត្ត? (សូមមើលប្រអប់ដែលមានចំណងជើងថា«របៀបខ្លះដើម្បីកាត់បន្ថយការខ្វល់ចិត្ត»)
១៥ នៅពេលផ្សេងទៀត អ្នកប្រហែលជាខ្វល់ចិត្តអំពីបច្ចុប្បន្នកាល។ ជាឧទាហរណ៍ ពេលដាវីឌបានសរសេរទំនុកទី៥៥ គាត់បានភ័យខ្លាចថាគាត់នឹងត្រូវគេសម្លាប់។ (ទំនុកតម្កើង ៥៥:២-៥) ប៉ុន្តែ គាត់មិនបានឲ្យកង្វល់របស់គាត់បំបាត់ទំនុកចិត្តដែលគាត់មានចំពោះព្រះយេហូវ៉ាទេ។ ដាវីឌបានអធិដ្ឋានអំពីបញ្ហារបស់គាត់ដោយសុំអង្វរព្រះយេហូវ៉ាឲ្យជួយ ប៉ុន្តែគាត់បានដឹងថាការចាត់វិធានការចំពោះស្ថានភាពរបស់គាត់ក៏សំខាន់ដែរ។ (សាំយូអែលទី២ ១៥:៣០-៣៤) អ្នកអាចទាញមេរៀនពីដាវីឌ។ ជាជាងឲ្យទុក្ខកង្វល់គ្របសង្កត់អ្នក សូមធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីដោះស្រាយបញ្ហា ហើយទុកចិត្តថាព្រះយេហូវ៉ានឹងថែរក្សាអ្នក។
១៦. តើអត្ថន័យនៃនាមរបស់ព្រះអាចពង្រឹងជំនឿរបស់អ្នកយ៉ាងដូចម្ដេច?
១៦ ជួនកាលគ្រិស្តសាសនិកប្រហែលជាខ្វល់ចិត្តអំពីបញ្ហាដែលអាចកើតឡើងនៅអនាគតកាល។ ប៉ុន្តែ អ្នកមិនចាំបាច់បារម្ភអំពីអ្វីដែលមិនទាន់កើតឡើងទេ។ ហេតុអ្វី? ដោយសារអ្វីៗច្រើនតែមិនកើតឡើងដូចដែលយើងបានបារម្ភខ្លាចនោះឡើយ។ ម្យ៉ាងទៀត សូមចាំថាគ្មានស្ថានភាពណាដែលព្រះមិនអាចគ្រប់គ្រងទេ។ យើងយល់ថានាមរបស់លោកមានន័យថា«លោកធ្វើឲ្យក្លាយជា»ឬ«លោកធ្វើឲ្យកើតមក»។ (និក្ខមនំ ៣:១៤) ដូច្នេះ យើងមិនចាំបាច់បារម្ភអំពីពេលអនាគតឡើយ ដោយសារនាមរបស់ព្រះបង្ហាញថាគោលបំណងទាំងអស់របស់លោកសម្រាប់មនុស្សជាតិនឹងក្លាយទៅជាការពិត។ អ្នកអាចប្រាកដថាព្រះនឹងឲ្យពរដល់អ្នកបម្រើដ៏ស្មោះត្រង់ ហើយជួយពួកគេឲ្យកាត់បន្ថយការខ្វល់ចិត្តអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
សូមនិយាយជាមួយនឹងបុគ្គល ដែលអ្នកទុកចិត្ត
១៧, ១៨. តើតាមរបៀបណាការប្រាស្រ័យទាក់ទងដ៏ល្អអាចជួយអ្នកពេលអ្នកខ្វល់ចិត្ត?
១៧ វិធីទី៤ដែលអ្នកអាចរកជំនួយពេលអ្នកខ្វល់ចិត្ត គឺដោយប្រាស្រ័យទាក់ទងយ៉ាងពិតត្រង់និងយ៉ាងឥតលាក់លៀមជាមួយនឹងបុគ្គលដែលអ្នកទុកចិត្ត។ គូអាពាហ៍ពិពាហ៍ មិត្តភក្ដិជិតស្និទ្ធ ឬអ្នកចាស់ទុំក្នុងក្រុមជំនុំប្រហែលជាអាចជួយអ្នកឲ្យយល់អំពីស្ថានភាពរបស់អ្នកបានប្រសើរជាង។ គម្ពីរប្រាប់យើងថា៖ «ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង»។ (សុភាសិត ១២:២៥) គម្ពីរក៏ចែងដែរថា៖ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ»។—សុភាសិត ១៥:២២
១៨ កិច្ចប្រជុំក្រុមជំនុំរបស់យើងកាន់តែជួយយើងឲ្យកាត់បន្ថយការខ្វល់ចិត្ត។ នៅកិច្ចប្រជុំរាល់សប្ដាហ៍ យើងចំណាយពេលជាមួយនឹងបងប្អូនដែលយកចិត្តទុកដាក់ចំពោះយើងនិងចង់លើកទឹកចិត្តយើង។ (ហេប្រឺ ១០:២៤, ២៥) ការ«លើកទឹកចិត្តគ្នាទៅវិញទៅមក»បែបនេះនឹងពង្រឹងកម្លាំងចិត្តអ្នក ហើយធ្វើឲ្យអ្នកកាន់តែងាយស្រួលបំបាត់ទុក្ខកង្វល់ណាក៏ដោយ។—រ៉ូម ១:១២
ចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះគឺជាកម្លាំងចិត្តដ៏ខ្លាំងបំផុតរបស់អ្នក
១៩. ហេតុអ្វីអ្នកអាចមានទំនុកចិត្តថាចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះនឹងពង្រឹងកម្លាំងចិត្តអ្នក?
១៩ នៅប្រទេសកាណាដា អ្នកចាស់ទុំម្នាក់បានយល់ថាការផ្ទេរកង្វល់របស់គាត់ទៅព្រះយេហូវ៉ាគឺសំខាន់ណាស់។ គាត់មានការងារជាគ្រូបង្រៀនដែលជាការងារដ៏តានតឹងចិត្ត ហើយគាត់ក៏មានជំងឺគិតច្រើនដែលធ្វើឲ្យគាត់ខ្វល់ចិត្តដែរ។ តើអ្វីបានជួយគាត់ឲ្យប្រឈមមុខនឹងអ្វីទាំងនោះ? សំខាន់បំផុត គាត់ខំព្យាយាមពង្រឹងចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ មិត្តល្អក៏បានជួយគាត់ក្នុងអំឡុងពេលពិបាកដែរ ហើយគាត់និយាយអំពីអារម្មណ៍របស់ខ្លួនដល់ប្រពន្ធដោយឥតលាក់លៀមនិងដោយពិតត្រង់។ បន្ថែមទៅទៀត បងប្អូនដែលជាអ្នកចាស់ទុំដូចគាត់និងអ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានជួយគាត់ឲ្យគិតអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះស្ថានភាពរបស់គាត់។ ម្យ៉ាងវិញទៀត គ្រូពេទ្យបានជួយបងប្រុសនេះឲ្យយល់អំពីជំងឺរបស់គាត់ ហើយគាត់បានកែសម្រួលកាលវិភាគរបស់គាត់និងលៃពេលដើម្បីសម្រាកនិងហាត់ប្រាណ។ បន្ដិចម្ដងៗ គាត់បានរៀនឲ្យចេះគ្រប់គ្រងស្ថានភាពនិងអារម្មណ៍របស់គាត់។ ពេលមានអ្វីដែលគាត់មិនអាចគ្រប់គ្រងបាន គាត់ពឹងផ្អែកលើព្រះយេហូវ៉ាឲ្យជួយគាត់។
២០. (ក) តើតាមរបៀបណាយើងអាចផ្ទេរកង្វល់របស់យើងទៅព្រះ? (ខ) តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?
២០ ក្នុងអត្ថបទនេះ យើងបានរៀនថាគឺសំខាន់ណាស់ដែលយើងផ្ទេរកង្វល់របស់យើងទៅព្រះយេហូវ៉ាដោយអធិដ្ឋានទៅលោក ព្រមទាំងដោយអាននិងរំពឹងគិតអំពីបណ្ដាំរបស់លោក។ យើងក៏បានរៀនដែរអំពីសារៈសំខាន់នៃការឲ្យសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជួយយើង និយាយជាមួយនឹងបុគ្គលដែលយើងទុកចិត្ត និងចូលរួមកិច្ចប្រជុំគ្រិស្តសាសនិក។ នៅអត្ថបទបន្ទាប់ យើងនឹងរៀនអំពីរបៀបដែលព្រះយេហូវ៉ាជួយយើងដោយឲ្យយើងមានសេចក្ដីសង្ឃឹមដើម្បីទទួលរង្វាន់។—ហេប្រឺ ១១:៦