សំណួរពីយុវវ័យ
តើខ្ញុំអាចកាត់បន្ថយការខ្វល់ចិត្តយ៉ាងដូចម្ដេច?
តើអ្វីធ្វើឲ្យប្អូនខ្វល់ចិត្ត?
តើពេលខ្លះប្អូនមានអារម្មណ៍ដូចពាក្យសម្ដីខាងក្រោមនេះឬទេ?
ប្អូនឆាលបានរៀបរាប់ថា៖«ខ្ញុំចេះតែបារម្ភពីនេះពីនោះរហូត ដូចជា‹ចុះបើខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍?› ‹ចុះបើយន្តហោះខ្ញុំធ្លាក់?›។ បើនិយាយឲ្យចំទៅ ខ្ញុំបារម្ភរឿងផ្សេងៗដែលមនុស្សទូទៅនឹងមិនបារម្ភទេ»។
ប្អូនអាណាបានរៀបរាប់ថា៖«ខ្ញុំចេះតែបារម្ភពីនេះពីនោះ មិនចេះចប់មិនចេះហើយ តែគ្មានកើតការអីទេ! គឺប្រៀបដូចជាកូនកណ្ដុររត់លើកង់វិលអ៊ីចឹង ទោះវាខំរត់យ៉ាងណាក៏ដោយ វាមិនទៅណាទេគឺនៅតែមួយកន្លែង»។
ប្អូនដានីយ៉ែលបានរៀបរាប់ថា៖«ពេលអ្នកឯទៀតប្រាប់ខ្ញុំថាល្អហើយដែលឯងនៅរៀន ខ្ញុំគិតក្នុងចិត្តថា‹ល្អអី ការរៀនតានតឹងចិត្តសឹងស្លាប់ហើយ!›»។
ប្អូនឡរ៉ាបានរៀបរាប់ថា៖«ខ្ញុំមានអារម្មណ៍ថា ជុំវិញខ្ញុំមានសុទ្ធតែសម្ពាធ។ ខ្ញុំខ្វល់ចិត្តឥតល្ហែ សូម្បីតែរឿងដែលមិនទាន់កើតឡើងឬអ្វីដែលខ្ញុំមិនទាន់ធ្វើផង ក៏ខ្ញុំខ្វល់ខ្វាយដែរ»។
សូមចាំថា៖ យើងរស់នៅក្នុងគ្រាដែលគម្ពីរហៅថាគ្រា«លំបាកខ្លាំងណាស់»។ (ធីម៉ូថេទី២ ៣:១) ហេតុនេះហើយ ប្អូនៗយុវវ័យមានការថប់បារម្ភច្រើន ដូចមនុស្សពេញវ័យដែរ។
តើការខ្វល់ចិត្តតែងតែអាក្រក់ឬ?
ចម្លើយគឺមិនមែនទេ។ គម្ពីរចែងថាគឺមិនខុសទេដែលមនុស្សខ្វល់ខ្វាយដោយសារពួកគេចង់ផ្គាប់ចិត្តបុគ្គលដែលពួកគេស្រឡាញ់។—កូរិនថូសទី១ ៧:៣២-៣៤; កូរិនថូសទី២ ១១:២៨
ណាមួយទៀត ការខ្វល់ចិត្តឬព្រួយបារម្ភក៏អាចជំរុញចិត្តយើងដែរ។ ជាឧទាហរណ៍ ប្អូនប្រហែលជាត្រូវប្រឡងនៅសប្ដាហ៍ក្រោយ។ ការបារម្ភខ្លាចធ្លាក់ជំរុញចិត្តប្អូនឲ្យខំរៀននៅសប្តាហ៍នេះ ហើយការបារម្ភនោះប្រហែលជាជួយប្អូនឲ្យទទួលចំណាត់ថ្នាក់ល្អជាង!
ការខ្វល់ចិត្តក៏អាចជួយព្រមានប្អូនពីគ្រោះថ្នាក់ដែរ។ យុវតីម្នាក់ឈ្មោះសឺរីណឺ បានរៀបរាប់ថា៖«យើងប្រហែលជាខ្វល់ចិត្តដោយសារយើងដឹងថាយើងកំពុងធ្វើអ្វីមួយខុស ហើយការខ្វល់នោះជំរុញចិត្តយើងឲ្យកែប្រែ ព្រោះយើងចង់ឲ្យចិត្តរបស់យើងស្ងប់»។—សូមពិនិត្យបន្ថែម យ៉ាកុប ៥:១៤
សូមចាំថា៖ ការខ្វល់ចិត្តអាចមានប្រយោជន៍ដល់ប្អូន លុះត្រាតែវាជំរុញចិត្តប្អូនឲ្យធ្វើអ្វីដែលត្រឹមត្រូវ។
ប៉ុន្តែ ចុះបើប្អូនខ្វល់ចិត្តពេករហូតដល់ធ្វើឲ្យប្អូនមានគំនិតមិនត្រឹមត្រូវ?
ការខ្វល់ចិត្តអាចធ្វើឲ្យប្អូនមានអារម្មណ៍ដូចជាកំពុងវង្វេងនៅក្នុងទីខ្វាត់ខ្វែង តែបុគ្គលម្នាក់ដែលមានទស្សនៈផ្សេងពីប្អូន អាចជួយប្អូនឲ្យរកឃើញផ្លូវចេញ
ឧទាហរណ៍៖ ប្អូនរីឆឺដដែលមានអាយុ១៩ឆ្នាំបានរៀបរាប់ថា៖«ខ្ញុំចាប់ផ្ដើមខ្វល់ចិត្ត ពេលគិតថាអាចមានរឿងបែបនេះឬបែបនោះកើតឡើង។ ខ្ញុំគិតរឿងនោះចុះឡើងៗរហូតដល់ធ្វើឲ្យខ្ញុំខ្វល់ចិត្តយ៉ាងខ្លាំង»។
គម្ពីរចែងថា៖«ចិត្តស្ងប់នាំឲ្យមានសុខភាពល្អ»។ (សុភាសិត ១៤:៣០) ផ្ទុយទៅវិញ ការខ្វល់ចិត្តអាចធ្វើឲ្យយើងមានបញ្ហាសុខភាពជាច្រើន ដូចជាឈឺក្បាល វិលមុខ ឈឺក្រពះ និងបេះដូងលោតញាប់ជាដើម។
តើប្អូនអាចធ្វើយ៉ាងណាបើការខ្វល់ចិត្តនោះធ្វើទុក្ខដល់ប្អូនមិនមែនជំរុញចិត្តប្អូន?
អ្វីដែលប្អូនអាចធ្វើ
វិភាគមើលថាប្អូនខ្វល់ចិត្តបែបណា។ ប្អូនកេតរ៉ឹនបានរៀបរាប់ថា៖«ការបារម្ភអំពីភារកិច្ចរបស់ខ្លួនគឺជារឿងមួយ តែបើខ្វល់ហួសហេតុពេកគឺជារឿងមួយទៀត។ នេះរំលឹកខ្ញុំអំពីពាក្យមួយឃ្លាថា‹ការខ្វល់ចិត្តគឺប្រៀបដូចជាការអង្គុយលើកៅអីយោល។ ទោះជាអ្នកយោលខ្លួនយ៉ាងណាក៏ដោយ ក៏វាមិនទៅណាដែរ»។
គម្ពីរចែងថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកខ្វល់ខ្វាយ តើអ្នកអាចធ្វើឲ្យអាយុជីវិតរបស់ខ្លួនវែងជាង សូម្បីតែបន្តិចបានទេ?»។—ម៉ាថាយ ៦:២៧
អត្ថន័យ៖ បើការខ្វល់ចិត្តជួយឲ្យរកឃើញដំណោះស្រាយ នោះមិនអីទេ តែបើវាក្លាយជាបញ្ហាឬបន្ថែមបញ្ហាទៅវិញ កុំខ្វល់ល្អជាង។
គិតម្ង៉ៃៗ។ ប្អូនអានថូនីបានរៀបរាប់ថា៖«សូមគិតអំពីរឿងនោះឡើងវិញ។ តើអ្វីដែលខ្ញុំខ្វល់ទាក់ទងដល់ថ្ងៃស្អែក មួយខែក្រោយ មួយឆ្នាំក្រោយ ឬប្រាំឆ្នាំក្រោយទេ?»។
គម្ពីរចែងថា៖ «កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក។ ទុក្ខលំបាកនៅថ្ងៃនីមួយៗ គឺល្មមសម្រាប់ថ្ងៃនោះហើយ»។—ម៉ាថាយ ៦:៣៤
អត្ថន័យ៖ គឺសមហេតុសមផលដែលយើងមិនគួរខ្វល់ខ្វាយអំពីថ្ងៃស្អែក ព្រោះបញ្ហាខ្លះប្រហែលជាមិនទាំងបានកើតឡើងផង។
ទទួលយកអ្វីដែលប្អូនមិនអាចកែប្រែ។ ប្អូនរ៉ូបឺតបានរៀបរាប់ថា៖«វិធីល្អបំផុតដែលយើងអាចធ្វើបាន គឺត្រៀមខ្លួនចំពោះបញ្ហាដែលអាចកើតឡើង តែសូមទទួលស្គាល់ការពិតដែលថាមានស្ថានភាពខ្លះយើងមិនអាចគ្រប់គ្រងបានទេ»។
គម្ពីរចែងថា៖ «អ្នកដែលរត់លឿនមិនតែងតែឈ្នះក្នុងការប្រណាំងទេ . . . ចំណែកអស់អ្នកដែលមានចំណេះក៏មិនបានជោគជ័យគ្រប់ពេលដែរ ពីព្រោះមនុស្សទាំងអស់អាចជួបហេតុការណ៍ដែលមិនបានរំពឹងទុក នៅពេលដែលពួកគេមិននឹកស្មានដល់»។—អ្នកទូន្មាន ៩:១១
អត្ថន័យ៖ ជួនកាល ប្អូនមិនអាចកែប្រែស្ថានភាពរបស់ប្អូនបានទេ តែប្អូនអាចកែប្រែទស្សនៈរបស់ប្អូនចំពោះរឿងនោះ។
កុំមើលស្ថានភាពរបស់ប្អូនតែមួយជ្រុង។ ប្អូនអាឡិចសឺសបានរៀបរាប់ថា៖«ខ្ញុំព្យាយាមយល់ស្ថានភាពទាំងមូល ហើយមិនខ្វល់ហួសហេតុពេកអំពីរឿងដែលមិនសូវសំខាន់។ ខ្ញុំត្រូវបែងចែកថាមួយណាសំខាន់ជាង ហើយចំណាយកម្លាំងទៅលើនោះវិញ»។
គម្ពីរចែងថា៖ «ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។—ភីលីព ១:១០
អត្ថន័យ៖ មនុស្សដែលចូលចិត្តមើលស្ថានភាពរបស់ខ្លួនតែមួយជ្រុង ទំនងជាខ្វល់ខ្វាយហួសហេតុពេកចំពោះរឿងនោះ។
និយាយជាមួយអ្នកណាម្នាក់។ ប្អូនម៉ារីលីនបានរៀបរាប់ថា៖«ពេលខ្ញុំរៀនថ្នាក់ទី៦ ខ្ញុំតែងខ្វល់ចិត្តរហូត ព្រោះរាល់ដងដែលខ្ញុំចេញពីសាលា ខ្ញុំបារម្ភថាស្អែកខ្ញុំនឹងជួបរឿងអ្វីទៅ។ ប៉ុន្តែ ពេលខ្ញុំប្រាប់អារម្មណ៍ខ្ញុំដល់ឪពុកម្ដាយ ពួកគាត់តែងតែយកចិត្តទុកដាក់ស្ដាប់ខ្ញុំ។ នេះធ្វើឲ្យខ្ញុំធូរចិត្តណាស់។ ខ្ញុំអាចទុកចិត្តពួកគាត់ ហើយអាចប្រាប់ពួកគាត់អស់ពីចិត្ត។ នេះបានជួយខ្ញុំឲ្យហ៊ានប្រឈមមុខនឹងថ្ងៃបន្ទាប់មិនថាមានរឿងអ្វីក៏ដោយ»។
គម្ពីរចែងថា៖ «ការព្រួយបារម្ភនាំឲ្យកម្លាំងចិត្តចុះខ្សោយ តែពាក្យសម្ដីល្អមួយម៉ាត់ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ»។—សុភាសិត ១២:២៥
អត្ថន័យ៖ ឪពុកម្ដាយឬមិត្តភក្តិប្រហែលអាចឲ្យយោបល់ល្អៗដើម្បីជួយប្អូនកុំឲ្យខ្វល់ចិត្តហួសហេតុពេក។
អធិដ្ឋាន។ ប្អូនឡរ៉ាបានរៀបរាប់ថា៖«ពេលខ្ញុំអធិដ្ឋានដោយសំឡេងឮៗ ខ្ញុំអាចឮសំឡេងខ្លួនឯង នោះពិតជាជួយខ្ញុំច្រើនណាស់ ព្រោះខ្ញុំដឹងថាខ្លួនកំពុងខ្វល់ចិត្តអំពីរឿងអ្វីខ្លះ។ ហើយនោះក៏បានជួយខ្ញុំឲ្យទទួលស្គាល់ថាព្រះយេហូវ៉ាធំជាងកង្វល់កង្វាយរបស់ខ្ញុំ»។
គម្ពីរចែងថា៖ «ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។—ពេត្រុសទី១ ៥:៧
អត្ថន័យ៖ ការអធិដ្ឋានមិនមែនជាវិធីដោះស្រាយបញ្ហារបស់យើងទេ។ ប៉ុន្តែ នេះគឺជាការសន្ទនាជាមួយព្រះយេហូវ៉ាដែលបានសន្យាថា៖«កុំបារម្ភឡើយ ព្រោះខ្ញុំជាព្រះរបស់អ្នក។ ខ្ញុំនឹងពង្រឹងកម្លាំងអ្នក ខ្ញុំនឹងជួយអ្នក»។—អេសាយ ៤១:១០