ព្រះយេហូវ៉ាដឹកនាំរាស្ត្ររបស់លោក
«ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច»។—អេសាយ ៥៨:១១
១, ២. (ក) តើសាក្សីព្រះយេហូវ៉ាខុសគ្នាយ៉ាងណាពីសាសនាឯទៀត? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់?
មនុស្សច្រើនតែសួរសាក្សីព្រះយេហូវ៉ាថា៖ «តើអ្នកណាជាអ្នកដឹកនាំពួកអ្នក?»។ ពួកគេឆ្ងល់ដូច្នេះដោយសារសាសនាជាច្រើនមានបុរសឬស្ត្រីណាម្នាក់ដែលជាអ្នកដឹកនាំរបស់ពួកគេ។ ប៉ុន្តែ យើងមានមោទនភាពដែលយើងអាចនិយាយថាអ្នកដឹកនាំរបស់យើងមិនមែនជាមនុស្សមិនល្អឥតខ្ចោះណាម្នាក់ទេ។ ផ្ទុយទៅវិញ អ្នកដឹកនាំរបស់យើងជាលោកយេស៊ូគ្រិស្ត! ម្យ៉ាងទៀត លោកស្ដាប់បង្គាប់ព្រះយេហូវ៉ាដែលជាអ្នកដឹកនាំនិងជាបិតារបស់លោក។—ម៉ាថាយ ២៣:១០
២ មានបុរសមួយក្រុមដែលបានត្រូវហៅថា៖ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដែលកំពុងនាំមុខរាស្ត្ររបស់ព្រះនៅផែនដីសព្វថ្ងៃនេះ។ (ម៉ាថាយ ២៤:៤៥) ប៉ុន្តែ តើតាមរបៀបណាយើងដឹងថាគឺពិតជាព្រះយេហូវ៉ាដែលដឹកនាំយើងតាមរយៈបុត្ររបស់លោក? យើងនឹងពិចារណាមូលហេតុបីយ៉ាងដែលយើងអាចប្រាកដដូច្នេះ។ ទោះជាព្រះយេហូវ៉ាប្រើមនុស្សខ្លះដើម្បីដឹកនាំរាស្ត្ររបស់លោកក្ដី យើងនឹងឃើញច្បាស់ថាព្រះយេហូវ៉ាពិតជាអ្នកដឹកនាំរាស្ត្ររបស់លោកនៅសម័យបុរាណនិងនៅសព្វថ្ងៃនេះ។—អេសាយ ៥៨:១១
ពួកគាត់ទទួលឫទ្ធានុភាពពីសកម្មពលបរិសុទ្ធ
៣. តើអ្វីបានជួយម៉ូសេដឹកនាំជនជាតិអ៊ីស្រាអែល?
៣ តំណាងរបស់ព្រះបានទទួលឫទ្ធានុភាពពីសកម្មពលបរិសុទ្ធ។ ព្រះបានជ្រើសរើសម៉ូសេឲ្យធ្វើជាអ្នកដឹកនាំជនជាតិអ៊ីស្រាអែល។ តើអ្វីបានជួយគាត់ឲ្យបំពេញភារកិច្ចដ៏សំខាន់នេះ? ព្រះយេហូវ៉ាបានឲ្យម៉ូសេនូវ«ព្រះវិញ្ញាណបរិសុទ្ធ»ឬសកម្មពលបរិសុទ្ធរបស់លោក។ (សូមអាន អេសាយ ៦៣:១១-១៤) ដូច្នេះតាមពិតព្រះយេហូវ៉ាបានដឹកនាំរាស្ត្ររបស់លោក ដោយសារគឺសកម្មពលរបស់លោកដែលបានជួយម៉ូសេ។
៤. តើអ្វីបង្ហាញថាម៉ូសេមានសកម្មពលរបស់ព្រះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៤ តើអ្នកឯទៀតបានឃើញថាម៉ូសេមានសកម្មពលរបស់ព្រះឬទេ? ពួកគេបានឃើញមែន! សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាបានផ្ដល់ឲ្យម៉ូសេនូវសមត្ថភាពធ្វើអព្ភូតហេតុផ្សេងៗនិងធ្វើឲ្យផារ៉ូដែលជាស្តេចដ៏ខ្លាំងក្លានៃស្រុកអេស៊ីបស្គាល់នាមរបស់ព្រះ។ (និក្ខមនំ ៧:១-៣) សកម្មពលបរិសុទ្ធក៏បានជួយម៉ូសេឲ្យទៅជាអ្នកដឹកនាំដែលមានសេចក្ដីស្រឡាញ់និងចិត្តអត់ធ្មត់ដែរ។ គាត់ខុសគ្នាឆ្ងាយណាស់ពីអ្នកដឹកនាំនៅស្រុកផ្សេងៗដែលគ្មានមេត្ដានិងគិតតែប្រយោជន៍ខ្លួន! (និក្ខមនំ ៥:២, ៦-៩) យើងឃើញច្បាស់ថា ព្រះយេហូវ៉ាបានជ្រើសរើសម៉ូសេឲ្យធ្វើជាអ្នកដឹកនាំរាស្ត្ររបស់លោក។
៥. តើព្រះយេហូវ៉ាបានផ្ដល់សកម្មពលបរិសុទ្ធដល់អ្នកណាទៀតដើម្បីឲ្យពួកគាត់ដឹកនាំរាស្ត្ររបស់លោក?
៥ តើព្រះយេហូវ៉ាបានផ្ដល់សកម្មពលបរិសុទ្ធដល់អ្នកណាទៀតដើម្បីឲ្យពួកគាត់ដឹកនាំរាស្ត្ររបស់លោក? គម្ពីរចែងថា៖ «យ៉ូស្វេជាកូននុន លោកមានចិត្តពេញដោយប្រាជ្ញា»។ (ចោទិយកថា ៣៤:៩) «ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់យាងមកសណ្ឋិតលើគេឌាន»។ (ពួកចៅហ្វាយ ៦:៣៤) «ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ»។ (សាំយូអែលទី១ ១៦:១៣) បុរសទាំងនេះបានពឹងផ្អែកលើសកម្មពលរបស់ព្រះដើម្បីជួយពួកគាត់ឲ្យធ្វើអ្វីដែលពួកគាត់មិនអាចធ្វើបានដោយពឹងលើកម្លាំងរបស់ខ្លួន។ (យ៉ូស្វេ ១១:១៦, ១៧; ពួកចៅហ្វាយ ៧:៧, ២២; សាំយូអែលទី១ ១៧:៣៧, ៥០) យើងឃើញច្បាស់ថា ព្រះយេហូវ៉ាជាអ្នកដែលផ្ដល់ឫទ្ធានុភាពដល់ពួកគាត់ដើម្បីធ្វើកិច្ចការដ៏អស្ចារ្យ ដូច្នេះមានតែលោកប៉ុណ្ណោះដែលសមនឹងទទួលការសរសើរ។
តាមពិតពេលរាស្ត្ររបស់ព្រះបានស្ដាប់បង្គាប់ម៉ូសេ យ៉ូស្វេ គេឌាន និងដាវីឌ ពួកគេកំពុងស្ដាប់បង្គាប់ព្រះយេហូវ៉ាដែលជាអ្នកដឹកនាំរបស់ពួកគេ
៦. ហេតុអ្វីព្រះចង់ឲ្យរាស្ត្ររបស់លោកគោរពអ្នកដឹកនាំនៃអ៊ីស្រាអែល?
៦ ពេលដែលជនជាតិអ៊ីស្រាអែលបានឃើញថាសកម្មពលបរិសុទ្ធរបស់ព្រះបានផ្ដល់ឫទ្ធានុភាពឲ្យម៉ូសេ យ៉ូស្វេ គេឌាន និងដាវីឌ តើពួកគេគួរធ្វើអ្វី? ជនជាតិអ៊ីស្រាអែលគួរតែគោរពពួកគាត់។ សូមកត់សម្គាល់អំពីប្រសាសន៍របស់ព្រះយេហូវ៉ាពេលដែលពួកគេបានត្អូញត្អែរអំពីម៉ូសេ លោកបានសួរថា៖ «តើជនទាំងឡាយនេះ នឹងនៅតែមើលងាយអញដល់កាលណាទៀត?»។ (ជនគណនា ១៤:២, ១១) ព្រះយេហូវ៉ាបានជ្រើសរើសបុរសទាំងនេះឲ្យដឹកនាំរាស្ត្ររបស់លោក។ តាមពិតពេលបណ្ដាជនបានស្ដាប់បង្គាប់បុរសទាំងនេះ ពួកគេកំពុងស្ដាប់បង្គាប់ព្រះយេហូវ៉ាដែលជាអ្នកដឹកនាំរបស់ពួកគេ។
ទេវតាបានជួយពួកគាត់
៧. តើទេវតាបានជួយម៉ូសេយ៉ាងដូចម្ដេច?
៧ ទេវតាបានជួយតំណាងរបស់ព្រះ។ (សូមអាន ហេប្រឺ ១:៧, ១៤) ព្រះបានប្រើទេវតាដើម្បីណែនាំម៉ូសេ។ ទេវតាមួយរូប«បានលេចមកជួបគាត់ក្នុងគុម្ពបន្លា» ហើយបានប្រគល់ភារកិច្ចឲ្យគាត់រំដោះនិងដឹកនាំជនជាតិអ៊ីស្រាអែល។ (សកម្មភាព ៧:៣៥) តាមរយៈទេវតា ព្រះបានឲ្យច្បាប់ដល់ម៉ូសេដើម្បីណែនាំជនជាតិអ៊ីស្រាអែល។ (កាឡាទី ៣:១៩) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ ‹ចូរនាំបណ្ដាជននេះទៅឯកន្លែងដែលអញបានប្រាប់ឯងចុះ។ មើល! ទេវតាអញនឹងនាំមុខឯង›។ (និក្ខមនំ ៣២:៣៤) គម្ពីរមិនបានចែងថាជនជាតិអ៊ីស្រាអែលបានឃើញទេវតាធ្វើកិច្ចការទាំងនោះទេ។ ប៉ុន្តែ របៀបដែលម៉ូសេណែនាំបណ្ដាជនបង្ហាញយ៉ាងច្បាស់ថាទេវតាបានជួយគាត់។
៨. តើទេវតាបានជួយយ៉ូស្វេនិងហេសេគាយ៉ាងដូចម្ដេច?
៨ តើទេវតាបានជួយអ្នកណាទៀត? គម្ពីរចែងថាទេវតាមួយរូបដែលជា«កំពូលលើពួកពលផងព្រះយេហូវ៉ា»បានជួយយ៉ូស្វេឲ្យច្បាំងឈ្នះជនជាតិកាណាន។ (យ៉ូស្វេ ៥:១៣-១៥; ៦:២, ២១) ក្រោយមក ពេលដែលស្តេចហេសេគាធ្វើជាអ្នកដឹកនាំរាស្ត្ររបស់ព្រះ កងទ័ពដ៏ច្រើនសន្ធឹករបស់ជនជាតិអាសស៊ើរបានគំរាមវាយប្រហារក្រុងយេរូសាឡិម។ ក្នុងរយៈពេលមួយយប់‹ទេវតានៃព្រះយេហូវ៉ាចេញទៅសំឡាប់មនុស្សអស់១សែន៨ម៉ឺន៥ពាន់នាក់›។—ពង្សាវតារក្សត្រទី២ ១៩:៣៥
៩. ទោះជាពួកអ្នកដែលជាតំណាងរបស់ព្រះមិនមែនជាមនុស្សល្អឥតខ្ចោះក៏ដោយ តើជនជាតិអ៊ីស្រាអែលត្រូវធ្វើអ្វី?
៩ ទេវតាគឺជាបុគ្គលល្អឥតខ្ចោះ។ ប៉ុន្តែ បុរសដែលទេវតាបានជួយមិនមែនជាបុគ្គលល្អឥតខ្ចោះទេ។ ជាឧទាហរណ៍ មានពេលមួយដែលម៉ូសេមិនបានលើកកិត្ដិយសព្រះយេហូវ៉ាទេ។ (ជនគណនា ២០:១២) យ៉ូស្វេមិនបានសុំយោបល់ពីព្រះអំពីអ្វីដែលគាត់គួរធ្វើ ពេលជនជាតិគីបៀនចង់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងគាត់។ (យ៉ូស្វេ ៩:១៤, ១៥) នៅពេលមួយ ហេសេគាមានអំណួត។ (របាក្សត្រទី២ ៣២:២៥, ២៦) ទោះជាបុរសទាំងនេះមិនមែនជាមនុស្សល្អឥតខ្ចោះក៏ដោយ ជនជាតិអ៊ីស្រាអែលត្រូវស្ដាប់បង្គាប់ពួកគាត់។ ជនជាតិអ៊ីស្រាអែលបានឃើញថាព្រះយេហូវ៉ាបានប្រើទេវតាដើម្បីគាំទ្របុរសទាំងនេះ។ មែនហើយ ព្រះយេហូវ៉ាបានដឹកនាំរាស្ត្ររបស់លោក។
បណ្ដាំរបស់ព្រះបានណែនាំពួកគាត់
១០. តើច្បាប់របស់ព្រះបានណែនាំម៉ូសេយ៉ាងដូចម្ដេច?
១០ បណ្ដាំរបស់ព្រះបានណែនាំពួកអ្នកដែលជាតំណាងរបស់លោក។ គម្ពីរហៅច្បាប់ដែលបានត្រូវផ្ដល់ឲ្យជនជាតិអ៊ីស្រាអែលថា«ក្រិត្យវិន័យរបស់លោកម៉ូសេ»ឬច្បាប់ម៉ូសេ។ (ពង្សាវតារក្សត្រទី១ ២:៣) ប៉ុន្តែ គម្ពីរបញ្ជាក់យ៉ាងច្បាស់ថាព្រះយេហូវ៉ាជាអ្នកដែលបានឲ្យច្បាប់នោះដល់ជនជាតិអ៊ីស្រាអែល។ ម្យ៉ាងទៀត ម៉ូសេក៏ត្រូវធ្វើតាមច្បាប់នោះដែរ។ (របាក្សត្រទី២ ៣៤:១៤) ជាឧទាហរណ៍ ក្រោយពីព្រះយេហូវ៉ាបានប្រាប់គាត់អំពីរបៀបដំឡើងត្រសាល «ម៉ូសេលោកក៏ធ្វើអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក លោកធ្វើការនោះសំរេចទាំងអស់»។—និក្ខមនំ ៤០:១-១៦
១១, ១២. (ក) តើយ៉ូស្វេនិងស្តេចឯទៀតដែលបានដឹកនាំរាស្ត្ររបស់ព្រះត្រូវធ្វើអ្វី? (ខ) តើតាមរបៀបណាបណ្ដាំរបស់ព្រះបានណែនាំបុរសដែលនាំមុខ?
១១ យ៉ូស្វេមានមួយផ្នែកនៃបណ្ដាំរបស់ព្រះពេលដែលគាត់បានទៅជាអ្នកដឹកនាំ ហើយព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ ‹ត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនេះ›។ (យ៉ូស្វេ ១:៨) ស្តេចដែលបានគ្រប់គ្រងរាស្ត្ររបស់ព្រះក្រោយៗមក ក៏ត្រូវអានច្បាប់នោះជារៀងរាល់ថ្ងៃ ចម្លង និង«កាន់តាមគ្រប់ទាំងសេចក្ដីដែលនៅក្នុងក្រិត្យវិន័យនឹងច្បាប់ទាំងនេះ ព្រមទាំងប្រព្រឹត្តតាមផង»។—សូមអាន ចោទិយកថា ១៧:១៨-២០
១២ តើតាមរបៀបណាបណ្ដាំរបស់ព្រះបានណែនាំបុរសដែលបាននាំមុខ? សូមគិតអំពីគំរូរបស់ស្តេចយ៉ូសៀស។ បន្ទាប់ពីច្បាប់របស់ម៉ូសេបានត្រូវរកឃើញ ស្មៀនរបស់យ៉ូសៀសបានចាប់ផ្ដើមអានច្បាប់នោះដល់គាត់។a (សូមមើលកំណត់សម្គាល់) «កាលស្តេចទ្រង់បានឮអស់ទាំងព្រះបន្ទូលក្នុងគម្ពីរក្រិត្យវិន័យនោះ នោះទ្រង់ក៏ហែកព្រះពស្ត្រ»។ ក្រោយមក បណ្ដាំរបស់ព្រះបានជំរុញចិត្តយ៉ូសៀសឲ្យបំផ្លាញរូបព្រះទាំងអស់នៅក្នុងស្រុកនោះ ហើយគាត់បានរៀបចំបុណ្យរំលងធំបំផុតដែលមិនធ្លាប់មានពីមុនមក។ (ពង្សាវតារក្សត្រទី២ ២២:១១; ២៣:១-២៣) យ៉ូសៀសនិងអ្នកដឹកនាំស្មោះត្រង់ឯទៀតបានសុខចិត្តកែប្រែការណែនាំដែលពួកគាត់បានផ្ដល់ឲ្យរាស្ត្រព្រះ ដោយសារពួកគាត់ចង់ធ្វើតាមបណ្ដាំរបស់ព្រះ។ ការផ្លាស់ប្ដូរទាំងនោះបានជួយរាស្ត្ររបស់ព្រះឲ្យស្ដាប់បង្គាប់លោក។
១៣. តើអ្នកដឹកនាំរាស្ត្ររបស់ព្រះខុសគ្នាយ៉ាងណាពីអ្នកដឹកនាំរបស់ប្រជាជាតិឯទៀត?
១៣ ពួកអ្នកដែលបានដឹកនាំប្រជាជាតិឯទៀតមានតែប្រាជ្ញារបស់មនុស្សដែលមិនសូវមានប្រសិទ្ធភាពដើម្បីណែនាំពួកគេ។ ជាឧទាហរណ៍ អ្នកដឹកនាំជនជាតិកាណាននិងបណ្ដាជនដែលនៅក្រោមអំណាចរបស់ពួកគេបានធ្វើអំពើអាក្រក់ជាច្រើន ដូចជាការរួមភេទជាមួយនឹងសមាជិកក្រុមគ្រួសាររបស់ខ្លួន ការរួមភេទជាមួយនឹងមនុស្សដែលមានភេទដូចគ្នា ការរួមសង្វាសនឹងសត្វ ការបូជាកូន និងការគោរពបូជារូបព្រះ។ (លេវីវិន័យ ១៨:៦, ២១-២៥) ម្យ៉ាងទៀត អ្នកដឹកនាំជនជាតិបាប៊ីឡូននិងជនជាតិអេស៊ីបមិនមានច្បាប់ខាងការស្អាតស្អំដូចដែលរាស្ត្ររបស់ព្រះមាននោះទេ។ (ជនគណនា ១៩:១៣) ប៉ុន្តែ រាស្ត្ររបស់ព្រះបានឃើញរបៀបដែលអ្នកដឹកនាំដ៏ស្មោះត្រង់របស់ពួកគេបានលើកទឹកចិត្តពួកគេឲ្យរក្សាភាពស្អាតស្អំខាងការគោរពប្រណិប័តន៍ ខាងអនាម័យ និងខាងសីលធម៌។ ព្រះយេហូវ៉ាពិតជាបានដឹកនាំពួកគាត់។
១៤. ហេតុអ្វីព្រះយេហូវ៉ាបានប្រៀនប្រដៅអ្នកដឹកនាំខ្លះនៃរាស្ត្រលោក?
១៤ មិនមែនស្តេចទាំងអស់ដែលបានគ្រប់គ្រងលើរាស្ត្ររបស់ព្រះ បានធ្វើតាមការណែនាំរបស់ព្រះទេ។ ស្តេចមិនស្មោះត្រង់ទាំងនោះមិនព្រមធ្វើតាមការណែនាំពីសកម្មពលបរិសុទ្ធរបស់ព្រះ ទេវតារបស់លោក និងបណ្ដាំរបស់លោក។ ក្នុងករណីខ្លះ ព្រះយេហូវ៉ាបានប្រៀនប្រដៅពួកគេ ឬបានប្ដូរអ្នកដឹកនាំទាំងនោះ។ (សាំយូអែលទី១ ១៣:១៣, ១៤) នៅសម័យក្រោយមក ព្រះយេហូវ៉ាបានតែងតាំងបុគ្គលដែលជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះម្នាក់។
ព្រះយេហូវ៉ាតែងតាំងអ្នកដឹកនាំដ៏ល្អឥតខ្ចោះម្នាក់
១៥. (ក) តើអ្នកប្រកាសទំនាយបានបង្ហាញយ៉ាងដូចម្ដេចថាអ្នកដឹកនាំដ៏ល្អឥតខ្ចោះម្នាក់នឹងមកដល់? (ខ) តើអ្នកណាជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះនោះ?
១៥ អស់រាប់រយឆ្នាំ ព្រះយេហូវ៉ាបានសន្យាថាលោកនឹងតែងតាំងអ្នកដឹកនាំដ៏ល្អឥតខ្ចោះម្នាក់សម្រាប់រាស្ត្ររបស់លោក។ ជាឧទាហរណ៍ ម៉ូសេបានប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្ដាលឲ្យមានហោរា១កើតឡើងពីពួកបងប្អូនឯងឲ្យដូចជាអញ ត្រូវឲ្យឯងរាល់គ្នាស្ដាប់តាមអ្នកនោះចុះ»។ (ចោទិយកថា ១៨:១៥) អេសាយបាននិយាយថាបុគ្គលនោះនឹងទៅជា«អ្នកនាំមុខ ហើយជាអ្នកបង្គាប់»។ (អេសាយ ៥៥:៤) ម្យ៉ាងទៀត ដានីយ៉ែលបានសរសេរអំពីមេស្ស៊ីដែលនឹងទៅជា«អ្នកដែលជាកំពូលបណ្ដាច់» ឬអ្នកដឹកនាំ។ (ដានីយ៉ែល ៩:២៥) នៅទីបំផុត លោកយេស៊ូគ្រិស្តបានហៅខ្លួនលោកថា«អ្នកដឹកនាំ»របស់រាស្ត្រព្រះ។ (សូមអាន ម៉ាថាយ ២៣:១០) អ្នកកាន់តាមលោកយេស៊ូបានធ្វើតាមលោកដោយស្ម័គ្រពីចិត្ត ហើយពួកគាត់បានជឿថាលោកជាអ្នកដែលព្រះយេហូវ៉ាបានជ្រើសរើស។ (យ៉ូហាន ៦:៦៨, ៦៩) តើអ្វីបានធ្វើឲ្យពួកគាត់ជឿជាក់ថាលោកយេស៊ូគ្រិស្តជាអ្នកដែលព្រះយេហូវ៉ានឹងប្រើដើម្បីដឹកនាំរាស្ត្ររបស់លោក?
ព្រះយេហូវ៉ាបានតែងតាំងលោកយេស៊ូឲ្យធ្វើជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះម្នាក់
១៦. តើអ្វីបង្ហាញថាលោកយេស៊ូបានទទួលឫទ្ធានុភាពពីសកម្មពលបរិសុទ្ធ?
១៦ លោកយេស៊ូបានទទួលឫទ្ធានុភាពពីសកម្មពលបរិសុទ្ធ។ ពេលដែលលោកយេស៊ូបានទទួលការជ្រមុជទឹក យ៉ូហានបានឃើញ«មេឃបើកចំហ ហើយឃើញសកម្មពលរបស់ព្រះដូចជាសត្វព្រាប ចុះមកសណ្ឋិតលើលោក»។ ភ្លាមៗបន្ទាប់ពីនោះ«សកម្មពលរបស់ព្រះបានបណ្ដាលចិត្តលោកឲ្យទៅតំបន់ស្ងាត់ជ្រងំ»។ (ម៉ាកុស ១:១០-១២) ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូនៅផែនដី លោកបានទទួលឫទ្ធានុភាពពីសកម្មពលបរិសុទ្ធរបស់ព្រះដើម្បីបង្រៀនអ្នកឯទៀតនិងធ្វើអព្ភូតហេតុផ្សេងៗ។ (សកម្មភាព ១០:៣៨) បន្ថែមទៅទៀត សកម្មពលបរិសុទ្ធបានជួយលោកយេស៊ូឲ្យបង្ហាញគុណសម្បត្ដិដូចជាសេចក្ដីស្រឡាញ់ អំណរ និងជំនឿមាំមួន។ (យ៉ូហាន ១៥:៩; ហេប្រឺ ១២:២) ក្រៅពីលោក គ្មានអ្នកដឹកនាំណាទៀតដែលបង្ហាញថាគាត់មានសកម្មពលបរិសុទ្ធរបស់ព្រះដូចលោកទេ។ ព្រះយេហូវ៉ាពិតជាបានជ្រើសរើសលោកយេស៊ូជាអ្នកដឹកនាំ។
តើទេវតាបានជួយលោកយេស៊ូយ៉ាងដូចម្ដេចបន្ទាប់ពីលោកបានទទួលការជ្រមុជទឹក? (សូមមើលវគ្គ១៧)
១៧. តើទេវតាបានធ្វើអ្វីដើម្បីជួយលោកយេស៊ូ?
១៧ ទេវតាបានជួយលោកយេស៊ូ។ មិនយូរក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹក «ពួកទេវតាបានមកបម្រើលោក»។ (ម៉ាថាយ ៤:១១) ប៉ុន្មានម៉ោងមុនលោកយេស៊ូស្លាប់ «ទេវតាមួយពីស្ថានសួគ៌បានលេចមកពង្រឹងកម្លាំងចិត្តរបស់លោក»។ (លូកា ២២:៤៣) លោកយេស៊ូបានដឹងថាព្រះយេហូវ៉ានឹងចាត់ពួកទេវតាឲ្យជួយលោកពេលដែលលោកត្រូវការជំនួយ។—ម៉ាថាយ ២៦:៥៣
១៨, ១៩. តើបណ្ដាំរបស់ព្រះបានណែនាំជីវិតនិងសេចក្ដីបង្រៀនរបស់លោកយេស៊ូយ៉ាងដូចម្ដេច?
១៨ បណ្ដាំរបស់ព្រះបានណែនាំលោកយេស៊ូ។ ចាប់តាំងពីការចាប់ផ្ដើមនៃកិច្ចបម្រើរបស់លោកយេស៊ូរហូតដល់លោកស្លាប់នៅលើបង្គោលទារុណកម្ម លោកបានឲ្យបទគម្ពីរណែនាំលោកជានិច្ច។ សូម្បីតែនៅពេលដែលលោកជិតស្លាប់ លោកបានដកស្រង់ពាក្យពីទំនាយអំពីមេស្ស៊ី។ (ម៉ាថាយ ៤:៤; ២៧:៤៦; លូកា ២៣:៤៦) ប៉ុន្តែ អ្នកដឹកនាំសាសនានៅសម័យនោះគឺខុសគ្នាឆ្ងាយណាស់ពីលោកយេស៊ូ។ ពេលដែលសេចក្ដីបង្រៀនរបស់ពួកគេមិនសមស្របនឹងបណ្ដាំរបស់ព្រះ ពួកគេបានសម្រេចចិត្តមិនអើពើនឹងបណ្ដាំរបស់លោក។ លោកយេស៊ូបានដកស្រង់ពាក្យពីបណ្ដាំរបស់ព្រះពេលដែលលោកបានមានប្រសាសន៍អំពីពួកគេថា៖ «បណ្ដាជននេះគោរពខ្ញុំតែបបូរមាត់ទេ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំ។ គឺជាការឥតប្រយោជន៍ទេ ដែលពួកគេបន្តគោរពប្រណិប័តន៍ខ្ញុំនោះ ពីព្រោះសេចក្ដីបង្រៀនរបស់ពួកគេគឺជាបទបញ្ជារបស់មនុស្សតែប៉ុណ្ណោះ»។ (ម៉ាថាយ ១៥:៧-៩) ព្រះយេហូវ៉ាច្បាស់ជាមិនជ្រើសរើសបុរសដែលមិនបានធ្វើតាមបណ្ដាំរបស់លោកឲ្យដឹកនាំរាស្ត្ររបស់លោកនោះទេ។
១៩ លោកយេស៊ូក៏បានប្រើបណ្ដាំរបស់ព្រះពេលដែលលោកបង្រៀនអ្នកឯទៀតដែរ។ ពេលដែលអ្នកដឹកនាំសាសនាបានសាកល្បងលោក លោកមិនបានប្រើប្រាជ្ញា ឬបទពិសោធន៍ក្នុងជីវិតរបស់លោកដើម្បីឆ្លើយតបនឹងពួកគេទេ។ ផ្ទុយទៅវិញ លោកបានបង្រៀនបណ្ដាជនពីបទគម្ពីរ។ (ម៉ាថាយ ២២:៣៣-៤០) ម្យ៉ាងទៀត ជាជាងធ្វើឲ្យអ្នកឯទៀតកោតស្ងើចចំពោះបទពិសោធន៍របស់លោកស្តីអំពីជីវិតនៅស្ថានសួគ៌ឬអំពីការបង្កើតសកលលោក លោកយេស៊ូ«បានបំភ្លឺគំនិតរបស់ពួកគាត់យ៉ាងពេញលេញ ដើម្បីយល់អត្ថន័យនៃបទគម្ពីរ»។ លោកយេស៊ូចង់ប្រាប់បណ្ដាំរបស់ព្រះដល់អ្នកឯទៀត ដោយសារលោកស្រឡាញ់បណ្ដាំនោះ។—លូកា ២៤:៣២, ៤៥
២០. (ក) តើលោកយេស៊ូបានលើកកិត្ដិយសព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ខ) តើចិត្តគំនិតរបស់លោកយេស៊ូនិងហេរ៉ូឌ អាគ្រីប៉ាទី១ខុសគ្នាយ៉ាងណា?
២០ ទោះជាអ្នកដែលស្ដាប់លោកយេស៊ូបាននឹកអស្ចារ្យក្នុងចិត្តចំពោះប្រសាសន៍របស់លោកក៏ដោយ លោកតែងតែផ្ដល់កិត្ដិយសដល់ព្រះយេហូវ៉ាដែលជាអ្នកបង្រៀនរបស់លោក។ (លូកា ៤:២២) ពេលដែលបុរសអ្នកមានម្នាក់បានព្យាយាមសរសើរលោកយេស៊ូដោយនិយាយថា៖ «លោកគ្រូល្អ» លោកយេស៊ូមានចិត្តរាបទាប ហើយបានមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នកថាខ្ញុំល្អដូច្នេះ? ក្រៅពីព្រះ គ្មានអ្នកណាល្អឡើយ»។ (ម៉ាកុស ១០:១៧, ១៨) ប្រហែលជា៨ឆ្នាំក្រោយមក ហេរ៉ូឌ អាគ្រីប៉ាទី១បានទៅជាអ្នកដឹកនាំតំបន់យូឌា។ គាត់មានចិត្តគំនិតខុសគ្នាឆ្ងាយណាស់ពីលោកយេស៊ូ។ ថ្ងៃមួយ នៅកិច្ចប្រជុំពិសេសមួយ ហេរ៉ូឌបានស្លៀកពាក់សម្លៀកបំពាក់ស្តេចដែលមានតម្លៃថ្លៃនិងដែលធ្វើឲ្យអ្នកឯទៀតកោតស្ងើច។ នៅពេលដែលបណ្ដាជនឃើញគាត់និងឮសម្លេងគាត់ ពួកគេស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះមួយ មិនមែនជាសំឡេងរបស់មនុស្សទេ!»។ ហេរ៉ូឌចូលចិត្តឲ្យគេសរសើរ។ ប៉ុន្តែ តើអ្វីបានកើតឡើងបន្ទាប់មក? «រំពេចនោះ ទេវតារបស់ព្រះយេហូវ៉ាបានវាយគាត់ ពីព្រោះគាត់មិនបានផ្ដល់កិត្ដិយសជូនព្រះ។ រួចគាត់ក៏ពេញទៅដោយដង្កូវ ហើយបានដាច់ខ្យល់ស្លាប់»។ (សកម្មភាព ១២:២១-២៣) យើងឃើញច្បាស់ថា ព្រះយេហូវ៉ាមិនបានជ្រើសរើសហេរ៉ូឌឲ្យធ្វើជាអ្នកដឹកនាំនោះទេ។ ប៉ុន្តែ លោកយេស៊ូបានបង្ហាញថាព្រះបានជ្រើសរើសលោក ហើយលោកតែងតែបានលើកកិត្ដិយសព្រះយេហូវ៉ាដែលជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្ត្ររបស់ព្រះ។
២១. តើយើងនឹងពិចារណាអ្វីខ្លះនៅអត្ថបទបន្ទាប់?
២១ ព្រះយេហូវ៉ាចង់ឲ្យលោកយេស៊ូធ្វើជាអ្នកដឹកនាំ មិនគ្រាន់តែសម្រាប់ប៉ុន្មានឆ្នាំប៉ុណ្ណោះទេ។ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានប្រាប់អ្នកកាន់តាមលោកថា៖ «ខ្ញុំបានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី»។ លោកបានបន្ថែមថា៖ «មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថាយ ២៨:១៨-២០) ប៉ុន្តែ តើតាមរបៀបណាលោកយេស៊ូអាចដឹកនាំរាស្ត្ររបស់ព្រះនៅផែនដីពេលដែលលោកជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌? តើព្រះយេហូវ៉ានឹងប្រើអ្នកណានៅផែនដីជាតំណាងលោកយេស៊ូ? ម្យ៉ាងទៀត តើតាមរបៀបណាគ្រិស្តសាសនិកអាចសម្គាល់ពួកអ្នកដែលជាតំណាងរបស់ព្រះ? អត្ថបទបន្ទាប់នឹងពិចារណាចម្លើយចំពោះសំណួរទាំងនេះ។
a នេះប្រហែលជាឯកសារដើមដែលម៉ូសេបានសរសេរ។