បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 មិថុនា ទំ. ២៨-៣២
  • តើអ្នកនឹងដោះស្រាយទំនាស់ ហើយធ្វើឲ្យមានសន្ដិភាពឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកនឹងដោះស្រាយទំនាស់ ហើយធ្វើឲ្យមានសន្ដិភាពឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បញ្ហា​និង​ដំណោះ​ស្រាយ
  • បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​កាន់​តែ​សប្បាយ​រីក​រាយ
  • សូម​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ភ្លាម​ៗ​
  • ចូរដោះស្រាយការទាស់ទែងគ្នាដោយសេចក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • សេចក្ដីសុខសាន្ត តើអ្នកអាចមានតាមរបៀបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចុះចូលនឹងគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចូរបន្ដ«ពង្រឹងកម្លាំងគ្នាទៅវិញទៅមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 មិថុនា ទំ. ២៨-៣២
បងស្រីម្នាក់ខឹងនៅកិច្ចប្រជុំមួយរបស់ក្រុមជំនុំ

តើ​អ្នក​នឹង​ដោះ​ស្រាយ​ទំនាស់ ហើយ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ឬ​ទេ?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​មាន​សន្ដិ​ភាព។ លោក​ចង់​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដូច្នេះ នេះ​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ សេចក្ដី​សុខ​សាន្ត​នេះ​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​ឲ្យ​ចូល​មក​ក្នុង​ក្រុម​ជំនុំ។

ជា​ឧទាហរណ៍ គ្រូ​មន្តអាគម​ម្នាក់​នៅ​ប្រទេស​ម៉ាដាហ្គាស្កា​បាន​កត់​សម្គាល់​ថា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​សន្ដិ​ភាព ហើយ​បាន​គិត​ថា ‹បើ​នៅ​ថ្ងៃ​ក្រោយ​ខ្ញុំ​ចង់​កាន់​សាសនា​ណា​មួយ ខ្ញុំ​នឹង​ជ្រើស​រើស​សាក្សី​ព្រះ​យេហូវ៉ា›។ ក្រោយ​មក គាត់​បាន​ឈប់​គោរព​បូជា​ពួក​វិញ្ញាណ​កំណាច ធ្វើ​ការ​កែ​ប្រែ​ក្នុង​អាពាហ៍​ពិពាហ៍​របស់​គាត់ ហើយ​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត។

ដូច​បុរស​នោះ​ដែរ ជា​រៀង​រាល់​ឆ្នាំ​មនុស្ស​រាប់​ពាន់​នាក់​ទៅ​ជា​សមាជិក​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ហើយ​រក​ឃើញ​នូវ​សេចក្ដី​សុខ​សាន្ត​ដែល​ពួក​គេ​ចង់​បាន​យ៉ាង​ខ្លាំង។ ប៉ុន្តែ គម្ពីរ​ចែង​ថា​ការ​«​មាន​ចិត្ត​ច្រណែន​ជូរ​ចត់​និង​មាន​ចិត្ត​ចង់​បង្ក​ទំនាស់​»​ក្នុង​ក្រុម​ជំនុំ​អាច​បង្ខូច​ចំណង​មិត្តភាព​និង​បង្ក​ឲ្យ​មាន​បញ្ហា។ (​យ៉ាកុប ៣:១៤​-​១៦​) ប៉ុន្តែ​គម្ពីរ​ផ្ដល់​ឲ្យ​យើង​នូវ​យោបល់​ល្អ​ៗ​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​បញ្ហា​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យោបល់​នេះ​បាន​ជួយ​បង​ប្អូន​ខ្លះ​ក្នុង​ស្ថានភាព​ផ្សេង​ៗ​នៃ​ជីវិត​របស់​ពួក​គាត់។

បញ្ហា​និង​ដំណោះ​ស្រាយ

បង​ប្រុស​គ្រិស្ត​និយាយ​ថា​៖ ​«​ខ្ញុំ​និង​បង​ប្រុស​ម្នាក់​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​មិន​ចុះ​សម្រុង​គ្នា​ឡើយ។ នៅ​ពេល​មួយ ពេល​ដែល​យើង​កំពុង​ស្រែក​ដាក់​គ្នា មាន​មនុស្ស​ពីរ​នាក់​បាន​ចូល​មក ហើយ​ឃើញ​យើង​ផ្ទុះ​កំហឹង​ដាក់​គ្នា​»។

បងស្រីពីរនាក់កំពុងសម្លក់ដាក់គ្នាទៅវិញទៅមក

បង​ស្រី​ជេនណិត​និយាយ​ថា​៖ ​«​បង​ស្រី​ម្នាក់​ដែល​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ខ្ញុំ​ជា​ទៀង​ទាត់ ស្រាប់​តែ​ឈប់​ណាត់​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​គាត់​ទៀត។ រួច​មក គាត់​ឈប់​និយាយ​រក​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា​មក​ពី​ហេតុ​អី​ទេ​»។

បង​ប្រុស​ម៉ៃឃឺល​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​និយាយ​តាម​ទូរស័ព្ទ​ជា​មួយ​នឹង​បង​ប្អូន​ពីរ​នាក់​នៅ​ដំណាល​គ្នា។ ម្នាក់​បាន​លា​យើង ហើយ​ខ្ញុំ​បាន​គិត​ថា​គាត់​បាន​បិទ​ទូរស័ព្ទ​ហើយ។ រួច​មក ខ្ញុំ​បាន​និយាយ​អ្វី​ដែល​មិន​ល្អ​អំពី​គាត់​ប្រាប់​បុគ្គល​ម្នាក់​ទៀត​ដែល​នៅ​និយាយ​ជា​មួយ​នឹង​ខ្ញុំ។ តែ​ម្នាក់​ដែល​បាន​លា​យើង​នោះ​មិន​បាន​បិទ​ទូរស័ព្ទ​ទេ​»។

បង​ប្រុស​ហ្គារី​បាន​និយាយ​ថា​៖ ​«​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង អ្នក​ត្រួស​ត្រាយ​ពីរ​នាក់​ចាប់​ផ្ដើម​មាន​បញ្ហា​ជា​មួយ​គ្នា។ ពួក​គេ​បាន​ស្តី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ឈ្លោះ​ប្រកែក​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ធ្លាក់​ទឹក​ចិត្ត​»។

បញ្ហា​ទាំង​នេះ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​មិន​មែន​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ទេ។ ប៉ុន្តែ ស្ថានភាព​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​ពាក់​ព័ន្ធ​ឈឺ​ចិត្ត​យ៉ាង​យូរ ហើយ​អាច​បង្ខូច​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។ តែ​គឺ​ជា​ការ​ល្អ​មែន​ដែល​បង​ប្អូន​ទាំង​នេះ​បាន​ធ្វើ​តាម​ការណែនាំ​ពី​គម្ពីរ ហើយ​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ម្ដង​ទៀត។ តើ​អ្នក​គិត​ថា​គោល​ការណ៍​ណា​ខ្លះ​ពី​គម្ពីរ​បាន​ជួយ​ពួក​គាត់?

​«​កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​តាម​ផ្លូវ​»។ (​លោកុប្បត្តិ ៤៥:២៤​) យ៉ូសែប​បាន​ឲ្យ​យោបល់​នេះ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដល់​បង​ប្អូន​ប្រុស​របស់​គាត់​ពេល​ដែល​ពួក​គេ​ត្រឡប់​ទៅ​ឯ​ឪ​ពុក​របស់​ពួក​គេ​វិញ។ ពេល​ដែល​បុគ្គល​ម្នាក់​មិន​គ្រប់​គ្រង​លើ​អារម្មណ៍​របស់​គាត់ ហើយ​អនុញ្ញាត​ឲ្យ​ខ្លួន​គាត់​ឆាប់​ខឹង ស្ថានភាព​មិន​ល្អ​ប្រហែល​ជា​នឹង​ទៅ​ជា​អាក្រក់​ជាង។ អ្នក​ឯ​ទៀត​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​ខឹង​ផង​ដែរ។ បង​គ្រិស្ត​បាន​ទទួល​ស្គាល់​ថា​ជួន​កាល​គាត់​ពិបាកមាន​ចិត្ត​រាប​ទាប​និង​ធ្វើ​តាម​ការណែនាំ។ គាត់​ចង់​កែ​ប្រែ ដូច្នេះ​គាត់​បាន​សូម​ការ​អភ័យ​ទោស​ពី​បង​ប្រុស​ដែល​គាត់​បាន​ឈ្លោះ​ប្រកែក​ជា​មួយ។ រួច​មក បង​គ្រិស្ត​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ក្នុង​ការ​គ្រប់​គ្រង​កំហឹង​របស់​គាត់។ ពេល​បង​ប្រុស​នោះ​កត់​សម្គាល់​ថា​បង​គ្រិស្ត​កំពុង​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​កែ​ប្រែ គាត់​ក៏​ធ្វើ​ដូច​គ្នា​ដែរ។ ឥឡូវ​ពួក​គាត់​មាន​សន្ដិ​ភាព​កាល​ដែល​ពួក​គាត់​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។

​«​ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ​»។ (​សុភាសិត ១៥:២២​) ពេល​មិត្ត​ភក្ដិ​ម្នាក់​របស់​បង​ជេនណិត​ឈប់​និយាយ​រក​គាត់ បង​ជេនណិត​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ខ​គម្ពីរ​នេះ។ គាត់​បាន​ទៅ​ប្រឹក្សា ឬ​និយាយ​ជា​មួយ​នឹង​បង​ស្រី​នោះ។ បង​ជេនណិត​បាន​សួរ​បង​ស្រី​នោះ​ថា​តើ​គាត់​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បង​ស្រី​នោះ​ឈឺ​ចិត្ត​ឬ​ទេ? នៅ​ដើម​ដំបូង ពួក​គាត់​ទាំង​ពីរ​នាក់​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ទេ តែ​កាល​ដែល​ពួក​គាត់​បន្ត​និយាយ​ជា​មួយ​គ្នា​ដោយ​ចិត្ត​ត្រជាក់ ពួក​គាត់​មាន​អារម្មណ៍​ស្រួល​ជាង។ បង​ស្រី​នោះ​បាន​ទទួល​ស្គាល់​ថា​គាត់​បាន​យល់​ច្រឡំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល ហើយ​គាត់​បាន​ទទួល​ស្គាល់​ថា តាម​ពិត​បង​ជេនណិត​មិន​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គាត់​ឈឺ​ចិត្ត​នោះ​ទេ។ គាត់​បាន​សូម​បង​ជេនណិត​អភ័យ​ទោស​ឲ្យ​គាត់។ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ទៅ​ជា​មិត្ត​ភក្ដិ​ម្ដង​ទៀត ហើយ​សប្បាយ​រីក​រាយ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។

​«​ប្រសិន​បើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន​»។ (​ម៉ាថាយ ៥:២៣, ២៤​) លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​នេះ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​លើ​ភ្នំ។ ក្រោយ​ពី​បង​ម៉ៃឃឺល​បាន​និយាយ​មិន​ល្អ​អំពី​បង​ប្រុស​នោះ គាត់​មាន​អារម្មណ៍​មិន​ស្រួល​សោះ។ បង​ម៉ៃឃឺល​បាន​សម្រេច​ចិត្ត​ថា​គាត់​នឹង​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​ប្រសើរ​ឡើង​វិញ។ ដូច្នេះ គាត់​បាន​ទៅ​ជួប​បង​ប្រុស​នោះ ហើយ​បាន​ប្រាប់​បង​ប្រុស​នោះ​ថា​គាត់​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង។ តើ​អ្វី​បាន​កើត​ឡើង? បង​ម៉ៃឃឺល​និយាយ​ថា​៖ ​«​បង​ប្រុស​នោះ​បាន​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ដោយ​ស្មោះ​»។ រួច ពួក​គាត់​បាន​ទៅ​ជា​មិត្ត​ភក្ដិ​ម្ដង​ទៀត។

​«​ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ បើ​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់​»។ (​កូឡុស ៣:១២​-​១៤​) តើ​អ្នក​ចាំ​អំពី​អ្នក​ត្រួស​ត្រាយ​ពីរ​នាក់​ដែល​បាន​ឈ្លោះ​ប្រកែក​គ្នា​ឬ​ទេ? ដោយ​ចិត្ត​សប្បុរស អ្នក​ចាស់​ទុំ​ម្នាក់​បាន​ជួយ​ពួក​គាត់​ឲ្យ​ដឹង​ថា​ពួក​គាត់​កំពុង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​មិន​ស្រួល​និង​ឈឺ​ចិត្ត។ អ្នក​ចាស់​ទុំ​នោះ​បាន​រំលឹក​ពួក​គាត់​ថា​ពួក​គាត់​គួរ​តែ​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​គ្នា​និង​ជួយ​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។ ពួក​គាត់​បាន​ព្រម​ទទួល​និង​ធ្វើ​តាម​ឱវាទ​ពី​អ្នក​ចាស់​ទុំ​នោះ។ ឥឡូវ​ពួក​គាត់​ចុះ​សម្រុង​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។

ឱវាទ​នេះ​នៅ​កូឡុស ៣:១២​-​១៤​ក៏​អាច​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​រាប​ទាប អភ័យ​ទោស​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត និង​ឈប់​គិត​អំពី​បញ្ហា​នោះ។ ប៉ុន្តែ ចុះ​បើ​យើង​បាន​ព្យាយាម​អភ័យ​ទោស​ឲ្យ​អ្នក​ណា​ម្នាក់ ហើយ​មិន​អាច​ធ្វើ​បាន? មាន​គោល​ការណ៍​គម្ពីរ​មួយ​នៅ​ម៉ាថាយ ១៨:១៥​ដែល​អាច​ជួយ​យើង។ ទោះ​ជា​នៅ​ខ​នេះ​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ក៏​ដោយ លោក​បាន​រៀប​រាប់​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ជា​មួយ​នឹង​បង​ប្អូន​ណា​ម្នាក់។ ដោយ​សេចក្ដី​សប្បុរស​និង​ចិត្ត​រាប​ទាប យើង​អាច​ទៅ​ជួប​បង​ប្អូន​នោះ​ដើម្បី​និយាយ​ជា​មួយ​នឹង​គាត់​អំពី​រឿង​នោះ ហើយ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ។

មាន​យោបល់​ជា​ច្រើន​ទៀត​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​យើង។ ភាគ​ច្រើន​យោបល់​ទាំង​នោះ​ជាប់​ទាក់​ទង​នឹង​ការ​ពឹង​ផ្អែក​លើ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ដើម្បី​ឲ្យ​យើង​បង្ហាញ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។ គុណ​សម្បត្ដិ​ទាំង​នោះ​គឺ​«​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត ចិត្ត​ធ្ងន់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ត​ស្លូតបូត ការ​ចេះ​ទប់​ចិត្ត​»។ (​កាឡាទី ៥:២២, ២៣​) សូម​គិត​អំពី​ឧទាហរណ៍​នេះ។ ម៉ាស៊ីន​អាច​ដំណើរ​ការ​យ៉ាង​ល្អ​ពេល​គេ​លាប​ប្រេង​លើ​គ្រឿង​នៃ​ម៉ាស៊ីន​នោះ។ ស្រដៀង​គ្នា​ដែរ យើង​ងាយ​ស្រួល​ជាង​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់ ហើយ​មាន​ទំនាក់​ទំនង​ដ៏​ល្អ នៅ​ពេល​យើង​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នេះ​ដែល​មក​ពី​ព្រះ​យេហូវ៉ា។

បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​កាន់​តែ​សប្បាយ​រីក​រាយ

យើង​ម្នាក់​ៗ​មាន​បុគ្គលិក​លក្ខណៈ​រៀង​ៗ​ខ្លួន។ យើង​ម្នាក់​ៗ​ក៏​មាន​គុណ​សម្បត្ដិ​ខុស​ៗ​គ្នា ហើយ​ទស្សនៈ​របស់​យើង​និង​របៀប​ដែល​យើង​បង្ហាញ​អារម្មណ៍ គឺ​ខុស​គ្នា​ដែរ។ អ្វី​ៗ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ដ៏​សប្បាយ​រីក​រាយ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ប៉ុន្តែ បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា​របស់​យើង​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​និង​ការ​ខ្វែង​គំនិត​គ្នា​ដែរ។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​បាន​ឲ្យ​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​នេះ​អាច​កើត​ឡើង ពេល​គាត់​និយាយ​ថា​៖ ​«​មនុស្ស​ដែល​អៀន​ខ្មាស​ប្រហែល​ជា​ពិបាក​ពេល​គាត់​នៅ​ជា​មួយ​នឹង​អ្នក​ដែល​រួស​រាយ​រាក់​ទាក់។ ភាព​ខុស​គ្នា​នោះ​ប្រហែល​ជា​មើល​ទៅ​មិន​សំខាន់ ប៉ុន្តែ​នេះ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​»។ តើ​អ្នក​គិត​ថា​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​មិន​អាច​ចុះ​សម្រុង​គ្នា​ឬ​ទេ? សូម​យើង​ពិចារណា​អំពី​គំរូ​របស់​សាវ័ក​ពីរ​នាក់។ ពេល​យើង​គិត​អំពី​ពេត្រុស យើង​ប្រហែល​ជា​គិត​ដល់​បុគ្គល​ម្នាក់​ដែល​តែង​តែ​និយាយ​អ្វី​ណា​ក៏​ដោយ​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​គាត់។ ពេល​យើង​គិត​អំពី​យ៉ូហាន យើង​ប្រហែល​ជា​គិត​ដល់​បង​ប្រុស​ម្នាក់​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដែល​តាម​ធម្មតា​បាន​គិត​មុន​គាត់​និយាយ​ឬ​ធ្វើ​អ្វី​មួយ។ ពេត្រុស​និង​យ៉ូហាន​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា។ ប៉ុន្តែ ពួក​គាត់​បាន​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​យ៉ាង​ល្អ។ (​សកម្មភាព ៨:១៤; កាឡាទី ២:៩​) នេះ​អាច​កើត​ឡើង​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ សូម្បី​តែ​គ្រិស្ត​សាសនិក​ដែល​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ក៏​អាច​បម្រើ​ជា​មួយ​គ្នា​យ៉ាង​ល្អ​ដែរ។

ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ខឹង? គឺ​ជា​ការ​ល្អ​ដែល​អ្នក​ចាំ​ថា​គ្រិស្ត​បាន​ស្លាប់​ដើម្បីបុគ្គល​នោះ​ដូច​ដែល​លោក​បាន​ស្លាប់​ដើម្បី​អ្នក​ដែរ ហើយ​ថា​អ្នក​ត្រូវ​ស្រឡាញ់​បង​ប្អូន​របស់​អ្នក។ (​យ៉ូហាន ១៣:៣៤, ៣៥; រ៉ូម ៥:៦​-​៨​) គឺ​មិន​ត្រឹម​ត្រូវ​ទេ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ថា​អ្នក​នឹង​មិន​ធ្វើ​ជា​មិត្ត​ភក្ដិ​ជា​មួយ​នឹង​បុគ្គល​នោះ​ឬ​ថា​អ្នក​នឹង​ជៀស​ឆ្ងាយ​ពី​គាត់។ ផ្ទុយ​ទៅ​វិញ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​បុគ្គល​នោះ​កំពុង​ធ្វើ​អ្វី​ដែល​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​គាត់​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ដោយ​ចេតនា​ឬ​ទេ? ឬ​តើ​យើង​គ្រាន់​តែ​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា? តាម​ពិត តើ​គាត់​មាន​គុណ​សម្បត្ដិ​ដែល​ខ្ញុំ​ចង់​មាន​ឬ​ទេ?›។

ជា​ឧទាហរណ៍ បើ​បុគ្គល​នោះ​ចូល​ចិត្ត​និយាយ ប៉ុន្តែ​អ្នក​ជា​មនុស្ស​ស្ងៀម​ស្ងាត់ សូម​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា ហើយ​ខំ​មើល​អ្វី​ដែល​អ្នក​អាច​រៀន​ពី​គាត់។ ចុះ​យ៉ាង​ណា​បើ​គាត់​មាន​ចិត្ត​ទូលាយ​ជាង​អ្នក? តើ​អ្នក​បាន​កត់​សម្គាល់​នូវ​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ​ដល់​មនុស្ស​វ័យ​ចាស់ អ្នក​ដែល​ឈឺ ឬ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ឬ​ទេ? តើ​អ្នក​អាច​រៀន​ពី​បុគ្គល​នោះ​អំពី​របៀប​ដែល​អ្នក​អាច​មាន​ចិត្ត​ទូលាយ​ជាង​ឬ​ទេ? ចំណុច​សំខាន់​គឺ​ទោះ​ជា​អ្នក​និង​បុគ្គល​នោះ​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​ក៏​ដោយ អ្នក​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​របស់​គាត់។ ទោះ​ជា​អ្នក​ទាំង​ពីរ​ប្រហែល​ជា​មិន​ទៅ​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ក៏​ដោយ អ្នក​ទាំង​ពីរ​អាច​មាន​ភាព​ជិត​ស្និទ្ធ​ជាង។ នេះ​នឹង​ជួយ​អ្នក​និង​ក្រុម​ជំនុំ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​សេចក្ដី​សុខ​សាន្ត។

នៅ​សតវត្សរ៍​ទី១ មាន​បង​ស្រី​ពីរ​នាក់​ឈ្មោះ​អឺរ៉ូឌា​និង​ស៊ីនទីច។ តាម​មើល​ទៅ​ពួក​គាត់​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ណាស់ ប៉ុន្តែ​សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​ពួក​គាត់​«​ឲ្យ​មាន​គំនិត​ស្រប​គ្នា​ក្នុង​កិច្ច​បម្រើ​លោក​ម្ចាស់​»។ (​ភីលីព ៤:២​) យើង​ក៏​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង​និង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។

សូម​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ភ្លាម​ៗ​

ហេតុ​អ្វី​យើង​គួរ​បំបាត់​ចោល​យ៉ាង​ឆាប់​រហ័ស​នូវ​អារម្មណ៍​មិន​ល្អ​ដែល​យើង​មាន​ចំពោះ​អ្នក​ឯ​ទៀត? យើង​អាច​ប្រៀប​ប្រដូច​អារម្មណ៍​នោះ​ទៅ​នឹង​ស្មៅ​ដែល​ដុះ​នៅ​ក្នុង​សួន​ផ្កា​ដ៏​ស្អាត​មួយ។ បើ​យើង​មិន​ដក​ស្មៅ​នោះ​ចេញ​ទេ វា​នឹង​ដុះ​ពេញ​សួន​ផ្កា​ទាំង​មូល។ ស្រដៀង​គ្នា​ដែរ បើ​អារម្មណ៍​មិន​ល្អ​របស់​យើង​ចំពោះ​អ្នក​ឯ​ទៀត​មាន​កាន់​តែ​ខ្លាំង​ឡើង នេះ​អាច​ជះ​ឥទ្ធិពល​ដល់​ក្រុម​ជំនុំ​ទាំង​មូល។ ប៉ុន្តែ បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​របស់​យើង យើង​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​រក្សា​ការពារ​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។

បងស្រីពីរនាក់កំពុងនិយាយជាមួយគ្នា ហើយធ្វើឲ្យមានសន្ដិភាព

បើ​អ្នក​ព្យាយាម​ដោយ​ចិត្ត​រាប​ទាប​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត នោះ​អ្នក​ប្រហែល​ជា​នឹង​ភ្ញាក់​ផ្អើល​ពេល​ឃើញ​លទ្ធផល​ល្អ

ពេល​ដែល​យើង​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត យើង​ប្រហែល​ជា​នឹង​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ស្ថានភាព​ប្រែ​ជា​ល្អ​ប្រសើរ​ឡើង។ បង​ស្រី​ម្នាក់​មាន​បទ​ពិសោធន៍​នេះ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​បង​ស្រី​ម្នាក់​កំពុង​ប្រព្រឹត្ត​មក​លើ​ខ្ញុំ​ដូច​ខ្ញុំ​ជា​កូន​ក្មេង។ នេះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ទ្រាន់។ កាល​ដែល​កំហឹង​របស់​ខ្ញុំ​មាន​កាន់​តែ​ខ្លាំង​ឡើង ខ្ញុំ​ចាប់​ផ្ដើម​និយាយ​កំបុត​ៗ​ដាក់​គាត់។ ខ្ញុំ​បាន​គិត​ថា ‹គាត់​មិន​បង្ហាញ​ការ​គោរព​ដែល​ខ្ញុំ​សម​នឹង​ទទួល​ទេ ដូច្នេះ​ខ្ញុំ​នឹង​មិន​បង្ហាញ​ការ​គោរព​ចំពោះ​គាត់​វិញ​ដែរ›​»។

ក្រោយ​មក​បង​ស្រី​នេះ​បាន​គិត​អំពី​ចិត្ត​គំនិត​របស់​ខ្លួន។ ​«​ខ្ញុំ​ចាប់​ផ្ដើម​មើល​ឃើញ​គុណ​វិបត្ដិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ខក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ណាស់។ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ខ្ញុំ​ត្រូវ​កែ​តម្រូវ​របៀប​គិត​គូរ​របស់​ខ្ញុំ។ ក្រោយ​ពី​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​រឿង​នេះ ខ្ញុំ​បាន​ទិញ​អំណោយ​តូច​មួយ ហើយ​បាន​សរសេរ​សំបុត្រ​ខ្លី​មួយ​ដើម្បី​សុំ​ទោស​បង​ស្រី​នោះ​ចំពោះ​ចិត្ត​គំនិត​មិន​ល្អ​របស់​ខ្ញុំ។ យើង​បាន​ឱប​គ្នា ហើយ​យល់​ព្រម​បំភ្លេច​រឿង​នោះ​ចោល។ យើង​មិន​ដែល​មាន​បញ្ហា​ជា​មួយ​គ្នា​ទៀត​ទេ​»។

មនុស្ស​ទាំង​អស់​ត្រូវ​ការ​សន្ដិ​ភាព។ ប៉ុន្តែ ការ​មាន​អំណួត​ឬ​ការ​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អ្វី​ដែល​មិន​នាំ​ឲ្យ​មាន​សន្ដិ​ភាព។ នេះ​ជា​រឿង​ធម្មតា​ក្នុង​ពិភព​លោក ប៉ុន្តែ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​ប្រព្រឹត្ត​ខុស​គ្នា។ ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា គួរ​តែ​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គី​ភាព។ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ប៉ូល​ឲ្យ​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ថា​៖ ‹សូម​ឲ្យ​ប្រព្រឹត្ត​សម​ជា​អ្នក​ដែល​បាន​ត្រូវ​ហៅ›។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ​«​ដោយ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្លូតបូត​ជា​និច្ច ថែម​ទាំង​មាន​ចិត្ត​ធ្ងន់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ព្យាយាម​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»។ (​អេភេសូរ ៤:១​-​៣​) ​«​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន គឺ​មាន​តម្លៃ​ណាស់។ ដូច្នេះ សូម​យើង​ម្នាក់​ៗ​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ចំណង​នេះ​កាន់​តែ​រឹង​មាំ​ឡើង​ៗ ហើយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ណា​ក៏​ដោយ​ដែល​យើង​មាន​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។

ប៉ូល​និង​បាណាបាស​ជា​បង​ប្អូន​នឹង​គ្នា​ទោះ​ជា​ពួក​គាត់​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​ក៏​ដោយ

ប៉ូលនិងបាណាបាស

ប៉ូល​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​និង​ទស្សនៈ​ខ្លាំង។ មុន​គាត់​ក្លាយ​ជា​គ្រិស្ត​សាសនិក គាត់​បាន‹គំរាម​ពួក​អ្នក​កាន់​តាម​លោក​ម្ចាស់ ហើយ​ចង់​សម្លាប់​ពួក​គាត់​យ៉ាង​ខ្លាំង›។ (​សកម្មភាព ៩:១​) ក្រោយ​មក ប៉ូល​បាន​រៀប​រាប់​អំពី​អារម្មណ៍​ដែល​គាត់​ធ្លាប់​មាន​ចំពោះ​គ្រិស្ត​សាសនិក​ថា​៖ ​«​ខ្ញុំ​ខឹង​ពួក​គាត់​ក្រៃ​លែង​»។—សកម្មភាព ២៦:១១

បន្ទាប់​ពី​ប៉ូល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​គាត់​បាន​ផ្លាស់​ប្ដូរ។ ប៉ុន្តែ មនុស្ស​ឯ​ទៀត​នៅ​តែ​ចាំ​ថា​គាត់​ធ្លាប់​ជា​មនុស្ស​បែប​ណា។ សូម្បី​តែ​ក្រោយ​ពី​គាត់​បាន​ទៅ​ជា​គ្រិស្ត​សាសនិក​អស់​មួយ​រយៈ​ពេល​ក៏​ដោយ បង​ប្អូន​«​ទាំង​អស់​គ្នា​ខ្លាច​គាត់ ពី​ព្រោះ​ពួក​គាត់​មិន​ជឿ​ថា​គាត់​ជា​អ្នក​កាន់​តាម​ទេ​»។—សកម្មភាព ៩:២៦

ពេល​ប៉ូល​បាន​ទៅ​ក្រុង​យេរូសាឡិម បង​ប្អូន​នៅ​ទី​នោះ​មិន​បាន​ទុក​ចិត្ត​គាត់​ទេ។ ប៉ុន្តែ យ៉ូសែប​ដែល​ជា​បង​ប្រុស​ម្នាក់​ពី​កោះ​គីប្រុស​បាន​ជួយ​គាត់។ យ៉ូសែប​ជា​បង​ប្រុស​ដែល​មាន​ចិត្ត​សប្បុរស​ដែល​បាន​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ពី​ក្រុម​ជំនុំ។ តាម​ពិត បង​ប្អូន​បាន​ហៅ​គាត់​ថា​បាណាបាស​ដែល​មាន​ន័យ​ថា​៖ ​«​កូន​នៃ​ការ​សម្រាល​ទុក្ខ​»។ (​សកម្មភាព ៤:៣៦, ៣៧​) តើ​បាណាបាស​បាន​ជួយ​ប៉ូល(​ដែល​ពី​មុន​គេ​ហៅ​ថា​សុល​)យ៉ាង​ដូច​ម្ដេច? គម្ពីរ​ចែង​ថា​៖ ​«​បាណាបាស​បាន​មក​ជួយ​គាត់ ហើយ​នាំ​ទៅ​ឯ​ពួក​សាវ័ក រួច​រៀប​រាប់​ប្រាប់​ពួក​គាត់​យ៉ាង​ល្អិត​ល្អន់​អំពី​ការ​ដែល​សុល​បាន​ឃើញ​លោក​ម្ចាស់​ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​គាត់ ក៏​ប្រាប់​អំពី​ការ​ដែល​សុល​បាន​និយាយ​យ៉ាង​ក្លាហាន​ដោយ​នូវ​នាម​លោក​យេស៊ូ​នៅ​ក្រុង​ដាម៉ាស់​»។ (​សកម្មភាព ៩:២៦​-​២៨​) ក្រោយ​ពី​បង​ប្អូន​នៅ​ក្រុង​យេរូសាឡិម​បាន​ឮ​អំពី​អ្វី​ដែល​បាណាបាស​បាននិយាយ ពួក​គាត់​ចាប់​ផ្ដើម​ទុក​ចិត្ត​ប៉ូល ហើយ​បាន​ប្រព្រឹត្ត​ចំពោះ​គាត់​ដូច​ជា​បង​ប្អូន​វិញ។ មិន​យូរ​ក្រោយ​មក ប៉ូល​និង​បាណាបាស​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា​ជា​សាសនទូត។—សកម្មភាព ១៣:២, ៣

បាណាបាស​ច្បាស់​ជា​បាន​ឲ្យ​តម្លៃ​ចំពោះ​ចិត្ត​ខ្នះ​ខ្នែង​និង​ភាព​ទៀង​ត្រង់​របស់​ប៉ូល ដោយ​សារ​ប៉ូល​មិន​ដែល​ខ្លាច​និយាយ​ឬ​ធ្វើ​អ្វី​ដែល​ចាំ​បាច់​ទេ។ ម្យ៉ាង​ទៀត ប៉ូល​ច្បាស់​ជា​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង​ដែល​គាត់​អាច​រួម​កិច្ច​ការ​ជា​មួយ​នឹង​មនុស្ស​ដូច​បាណាបាស ជា​អ្នក​ដែល​មាន​ចិត្ត​សប្បុរស ហើយ​ដែល​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ឯ​ទៀត។

ប៉ុន្តែ គម្ពីរ​ចែង​ថា​នៅ​ពេល​មួយ​ប៉ូល​និង​បាណាបាស​បាន​«​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​»​មែន​ទេ? ហេតុ​អ្វី​ពួក​គាត់​ឈ្លោះ​ប្រកែក​គ្នា? ការ​ឈ្លោះ​ប្រកែក​គ្នា​របស់​ប៉ូល​និង​បាណាបាស​មិន​មែន​មក​ពី​ពួក​គាត់​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​នោះ​ទេ។ តែ​ពួក​គាត់​ខ្វែង​គំនិត​គ្នា​អំពី​យ៉ូហាន ម៉ាកុស ថា​តើ​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​សាសនទូត​ជា​មួយ​នឹង​ពួក​គាត់​ឬ​យ៉ាង​ណា។—សកម្មភាព ១៥:៣៦​-​៤០

ទោះ​ជា​ប៉ូល​និង​បាណាបាស​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​ក៏​ដោយ ពួក​គាត់​បាន​បំពេញ​កិច្ច​ការ​ជា​មួយ​គ្នា​យ៉ាង​ល្អ​ប្រសើរ។ តាម​ពិត ពួក​គាត់​ច្បាស់​ជា​បាន​ដោះ​ស្រាយ​ទំនាស់​របស់​ពួក​គាត់ ដោយ​សារ​ក្រោយ​មក​យ៉ូហាន ម៉ាកុស​បាន​រួម​កិច្ច​ការ​ជា​មួយ​ប៉ូល​ម្ដង​ទៀត។ (​កូឡុស ៤:១០​) ដូច​ប៉ូល​និង​បាណាបាស យើង​ទាំង​អស់​គ្នា​មាន​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​អាច​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​ដោយ​អំណរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក