បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w18 កញ្ញា ទំ. ៨-១៣
  • ចូរបន្តបង្ហាញសេចក្ដីស្រឡាញ់ នោះធ្វើឲ្យមាំមួនឡើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបន្តបង្ហាញសេចក្ដីស្រឡាញ់ នោះធ្វើឲ្យមាំមួនឡើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​ចាំ​បាច់​នៅ​ឥឡូវ​នេះ
  • សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង
  • បង​ប្អូន​របស់​យើង​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​ពី​យើង
  • របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាំ​មួន​ឡើង
  • របៀបរក្សាសេចក្ដីស្រឡាញ់ឲ្យខ្លាំងចំពោះគ្នាទៅវិញទៅមក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • កុំឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • មេរៀនពីជីវិតរបស់«អ្នកកាន់តាមដែលលោកយេស៊ូធ្លាប់ស្រឡាញ់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិមួយដែលមានតម្លៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
w18 កញ្ញា ទំ. ៨-១៣
ម្ដាយម្នាក់កំពុងបីកូនង៉ែត

ចូរ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់ នោះ​ធ្វើ​ឲ្យ​មាំ​មួន​ឡើង

​«​សេចក្ដី​ស្រឡាញ់ . . . ធ្វើ​ឲ្យ​មាំ​មួន​ឡើង​»។—កូរិនថូស​ទី១ ៨:១

ចម្រៀង​លេខ: ១០៩, ១២១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​យើង​ត្រូវ​ពង្រឹង​កម្លាំង​បង​ប្អូន​រួម​ជំនឿ?

  • តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ពង្រឹង​កម្លាំង​យើង​តាម​របៀប​ណា?

  • តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត?

១. នៅ​យប់​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក តើ​លោក​បាន​មាន​ប្រសាសន៍​អំពី​ប្រធានបទ​ដ៏​សំខាន់​អ្វី?

នៅ​យប់​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក​មុន​ដែល​លោក​ស្លាប់ លោក​បាន​មាន​ប្រសាសន៍​អំពី​សេចក្ដី​ស្រឡាញ់​ជិត​៣០​ដង។ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា ពួក​គេ​គួរ​«​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​យ៉ូហាន ១៥:១២, ១៧​) ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​នឹង​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​អ្នក​ឯ​ទៀត​នឹង​ឃើញ ហើយ​នឹង​ដឹង​ថា​ពួក​គេ​ជា​អ្នក​កាន់​តាម​ពិត​របស់​គ្រិស្ត។ (​យ៉ូហាន ១៣:៣៤, ៣៥​) សេចក្ដី​ស្រឡាញ់​បែប​នេះ​មិន​មែន​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពាក្យ​របស់​លោក​យេស៊ូ​ចង់​សំដៅ​ទៅ​លើ​គុណ​សម្បត្ដិ​ដ៏​ខ្លាំង​ក្លា​មួយ​ដែល​ជំរុញ​អ្នក​ណា​ម្នាក់​ឲ្យ​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​អ្នក​ដែល​លះ​បង់​ជីវិត​ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​ឡើយ។ អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ​»។—យ៉ូហាន ១៥:១៣, ១៤

២. (​ក​) តើ​អ្នក​បម្រើ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​មនុស្ស​បែប​ណា? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

២ សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​និង​ដែល​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ព្រម​ទាំង​មាន​សាមគ្គី​ភាព​ដ៏​រឹង​មាំ។ (​យ៉ូហាន​ទី១ ៣:១០, ១១​) ទោះ​ជា​យើង​មក​ពី​កន្លែង​ណា មាន​សញ្ជាតិ​ឬ​កុលសម្ព័ន្ធ​អ្វី និយាយ​ភាសា​អ្វី ឬ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​ក្រុម​គ្រួសារ​បែប​ណា​ក៏​ដោយ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ពិភព​លោក មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ហេតុ​អ្វី​សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​ចាំ​បាច់​នៅ​សព្វ​ថ្ងៃ​នេះ? តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ធ្វើ​ឲ្យ​យើង​មាំ​មួន​ឡើង​តាម​របៀប​ណា? តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​យ៉ាង​ដូច​ម្ដេច​ដើម្បី​សម្រាល​ទុក្ខ​និង​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត?—កូរិនថូស​ទី១ ៨:១

មូលហេតុ​ដែល​សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​ចាំ​បាច់​នៅ​ឥឡូវ​នេះ

៣. តើ​គ្រា​ដ៏​«​លំបាក​»​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មនុស្ស?

៣ យើង​រស់​នៅ​គ្រា​ដ៏​«​លំបាក​ណាស់​»​ ហើយ​ជីវិត​«​សុទ្ធតែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​»។ (​ធីម៉ូថេ​ទី២ ៣:១​-​៥; ទំនុក​តម្កើង ៩០:១០​) មនុស្ស​ជា​ច្រើន​កំពុង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​រហូត​ដល់​ពួក​គេ​លែង​ចង់​រស់​ត​ទៅ​ទៀត។ ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ជាង​៨០០.០០០​នាក់​សម្លាប់​ខ្លួន នេះ​មាន​ន័យ​ថា​រាល់​៤០​វិនាទី​មាន​ម្នាក់​បាន​ធ្វើ​អត្តឃាត។ គួរ​ឲ្យ​ស្ដាយ​ណាស់ សូម្បី​តែ​បង​ប្អូន​ខ្លះ​របស់​យើង​ក៏​មាន​អារម្មណ៍​ដូច្នេះ​និង​បាន​សម្លាប់​ខ្លួន​ដែរ។

៤. តើ​បុគ្គល​ណា​ខ្លះ​ក្នុង​គម្ពីរ​ធ្លាប់​គិត​ថា​ពួក​គេ​លែង​ចង់​រស់​ត​ទៅ​ទៀត?

៤ នៅ​សម័យ​គម្ពីរ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​មួយ​ចំនួន​របស់​ព្រះ​បាន​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​បញ្ហា​របស់​ពួក​គេ​រហូត​ដល់​ពួក​គេ​ចង់​ស្លាប់។ ជា​ឧទាហរណ៍ យ៉ូប​ធ្លាប់​ឈឺ​ចាប់​យ៉ាង​ខ្លាំង​រហូត​ដល់​គាត់​បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ​ខ្ពើម​ជីវិត​ណាស់ ទូល​បង្គំ​នឹង​មិន​រស់​ជា​ដរាប​ទេ​»​ឬ​មិន​ចង់​រស់​ត​ទៅ​ទៀត​ឡើយ។ (​យ៉ូប ៧:១៦; ១៤:១៣​) យ៉ូណាស​បាន​ខក​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ដក​ជីវិត​ទូល​បង្គំ​ចេញ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូល​បង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​វិញ​»។ (​យ៉ូណាស ៤:៣​) អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​អស់​សង្ឃឹម​ជា​ខ្លាំង​រហូត​ដល់​គាត់​និយាយ​ថា​៖ ​«​ល្មម​ហើយ! ឱ​ព្រះ​យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ​»។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៩:៤​) ប៉ុន្តែ ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​បម្រើ​ដ៏​ស្មោះ​ភក្ដី​ទាំង​នេះ ហើយ​លោក​ចង់​ឲ្យ​ពួក​គេ​មាន​ជីវិត​រស់​នៅ។ លោក​មិន​បាន​បន្ទោស​ពួក​គេ​ចំពោះ​អារម្មណ៍​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ជួយ​ពួក​គេ​ឲ្យ​យក​ឈ្នះ​អារម្មណ៍​នោះ​ដើម្បី​ពួក​គេ​អាច​បន្ត​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។

៥. ហេតុ​អ្វី​បង​ប្អូន​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ពិត​ជា​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​ពី​យើង?

៥ សព្វ​ថ្ងៃ​នេះ បង​ប្អូន​របស់​យើង​ជា​ច្រើន​នាក់​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត ហើយ​ពួក​គេ​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​ពី​យើង។ បង​ប្អូន​ខ្លះ​បាន​ត្រូវ​គេ​សើច​ចំអក ឬ​បៀត​បៀន។ បង​ប្អូន​ខ្លះ​ទៀត​រង​ការ​សម្លុត​ធ្វើ​បាប​ឬ​ការ​និយាយ​អាក្រក់​អំពី​ពួក​គេ​នៅ​កន្លែង​ធ្វើ​ការ។ បង​ប្អូន​ឯ​ទៀត​អស់​កម្លាំង​ជា​ខ្លាំង​ដោយ​សារ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង ឬ​មាន​ការ​ងារ​ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត​ជា​ខ្លាំង។ ម្យ៉ាង​ទៀត បង​ប្អូន​ខ្លះ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ក្រុម​គ្រួសារ។ ប្រហែល​ជា​គូ​របស់​ពួក​គេ​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ហើយ​តែង​តែ​រិះ​គន់​ពួក​គេ។ ដោយ​សារ​បញ្ហា​ទាំង​នេះ​និង​បញ្ហា​ឯ​ទៀត​ដែល​ពួក​គេ​មាន បង​ប្អូន​ជា​ច្រើន​នាក់​មាន​អារម្មណ៍​ថា​ពួក​គេ​លែង​មាន​កម្លាំង​ត​ទៅ​ទៀត ហើយ​ប្រហែល​ជា​ថែម​ទាំង​ចាប់​ផ្ដើម​គិត​ថា​ខ្លួន​គ្មាន​តម្លៃ។ តើ​អ្នក​ណា​អាច​ជួយ​ពួក​គេ?

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង

៦. តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​អ្នក​បម្រើ​លោក​យ៉ាង​ដូច​ម្ដេច?

៦ ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​អ្នក​បម្រើ​របស់​លោក​ថា លោក​ស្រឡាញ់​ពួក​គេ​នៅ​ឥឡូវ​នេះ ហើយ​លោក​នឹង​បន្ត​ស្រឡាញ់​ពួក​គេ​ជា​រៀង​រហូត។ សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់ជន​ជាតិ​អ៊ីស្រាអែល ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំ​កើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង​»​ ហើយ​«​កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ!​»។ (​អេសាយ ៤៣:៤, ៥​) យើង​ដឹង​ថា​យើង​ម្នាក់​ៗ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។a (​សូម​មើល​កំណត់​សម្គាល់​) គម្ពីរ​សន្យា​ថា​៖ ​«​ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ​ឫទ្ធិ​ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​នឹង​មាន​សេចក្ដី​រីក​រាយ​អរ​សប្បាយ​ចំពោះ​ឯង​»។—សេផានា ៣:១៦, ១៧

៧. តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ម្ដាយ​ដែល​បំបៅ​កូន​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៧ ព្រះ​យេហូវ៉ា​សន្យា​ថា លោក​នឹង​ពង្រឹង​កម្លាំង​និង​សម្រាល​ទុក្ខ​រាស្ត្រ​របស់​លោក ទោះ​ជា​ពួក​គេ​មាន​បញ្ហា​ណា​ក៏​ដោយ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឯង​រាល់​គ្នា​នឹង​ជញ្ជក់​បៅ វា​នឹង​ពរ​ឯង ហើយ​ថ្នម​ឯង​នៅ​លើ​ភ្លៅ។ អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្ដាយ​ដែល​លួង​លោម​កូន នោះ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្ដី​កំសាន្ត​ចិត្ត​»។ (​អេសាយ ៦៦:១២, ១៣​) សូម​គិត​អំពី​អារម្មណ៍​កក់​ក្ដៅ​ដែល​កូន​ង៉ែត​មាន​ពេល​ដែល​ម្ដាយ​របស់​គាត់​បី​គាត់​ឬ​ប្រឡែង​លេង​ជា​មួយ​គាត់! ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​យ៉ាង​ខ្លាំង ហើយ​លោក​ចង់​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់​ក្ដៅ។ សូម​ជឿ​ជាក់​ទាំង​ស្រុង​ថា​អ្នក​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា។—យេរេមា ៣១:៣

៨, ៩. តើ​សេចក្ដី​ស្រឡាញ់​របស់​លោក​យេស៊ូ​អាច​ពង្រឹង​កម្លាំង​យើង​យ៉ាង​ដូច​ម្ដេច?

៨ មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ពោល​គឺ​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ (​យ៉ូហាន ៣:១៦​) គ្រឿង​បូជា​របស់​លោក​យេស៊ូ​បង្ហាញ​ថា​លោក​ក៏​ស្រឡាញ់​យើង​ដែរ ហើយ​សេចក្ដី​ស្រឡាញ់​នេះ​ពង្រឹង​កម្លាំង​យើង។ គម្ពីរ​ចែង​ថា សូម្បី​តែ​«​សេចក្ដី​វេទនា​»​ក៏​មិន​អាច​«​ធ្វើ​ឲ្យ​យើងឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត​»​ឡើយ។—រ៉ូម ៨:៣៥, ៣៨, ៣៩

៩ នៅ​ពេល​ខ្លះ​យើង​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យ​រូប​កាយ​ឬ​ផ្លូវ​ចិត្ត​របស់​យើង​ចុះ​ខ្សោយ ឬ​ដែល​ធ្វើ​ឲ្យ​យើង​បាត់​បង់​អំណរ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​ការ​ចាំ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​គ្រិស្ត​មាន​ចំពោះ​យើង អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ។ (​សូម​អាន កូរិនថូស​ទី២ ៥:១៤, ១៥​) សេចក្ដី​ស្រឡាញ់​របស់​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​ចង់​បន្ត​រស់​នៅ​និង​បម្រើ​ព្រះ​យេហូវ៉ា។ នេះ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អារម្មណ៍​លែង​ចង់​រស់ ទោះ​ជា​យើង​រង​ទុក្ខ​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ ការ​បៀត​បៀន ការ​ខក​ចិត្ត ឬ​ការ​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ក៏​ដោយ។

បង​ប្អូន​របស់​យើង​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​ពី​យើង

បងប្រុសម្នាក់សិក្សាគំរូរបស់លោកយេស៊ូ ហើយប្រើព័ត៌មាននោះដើម្បីសម្រាលទុក្ខបងប្រុសម្នាក់ទៀតដែលធ្លាក់ទឹកចិត្ដ

ការ​សិក្សា​អំពី​គំរូ​របស់​លោក​យេស៊ូ​អាច​ជំរុញ​ចិត្ត​អ្នក​ឲ្យ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត (​សូម​មើល​វគ្គ​១០, ១១​)

១០, ១១. តើ​អ្នក​ណា​ខ្លះ​មាន​ភារកិច្ច​ពង្រឹង​កម្លាំង​បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត? សូម​ពន្យល់។

១០ តាម​រយៈ​ក្រុម​ជំនុំ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ធ្វើ​ឲ្យ​យើង​មាំ​មួន​ឡើង។ ពេល​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង នេះ​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ យើង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ ដើម្បី​ជួយ​បង​ប្អូន​របស់​យើង​ឲ្យ​ដឹង​ថា​ពួក​គេ​មាន​តម្លៃ ហើយ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ។ (​យ៉ូហាន​ទី១ ៤:១៩​-​២១​) សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​បន្ត​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក ដូច​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​»។ (​ថែស្សាឡូនិច​ទី១ ៥:១១​) មិន​គ្រាន់​តែ​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ទេ​ដែល​អាច​ធ្វើ​ដូច្នេះ យើង​ម្នាក់​ៗ​ក៏​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដោយ​សម្រាល​ទុក្ខ​បង​ប្អូន​របស់​យើង​ដែរ។—សូម​អាន រ៉ូម ១៥:១, ២

១១ បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ដែល​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ឬ​ជំងឺ​ថប់​បារម្ភ ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ពី​គ្រូ​ពេទ្យ​ដែល​មាន​ជំនាញ ហើយ​ប្រហែល​ជា​ត្រូវ​លេប​ថ្នាំ​ដែរ។ (​លូកា ៥:៣១​) ពួក​អ្នក​ចាស់​ទុំ​និង​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ដឹង​ថា​ទោះ​ជា​ពួក​គេ​មិន​មែន​ជា​គ្រូ​ពេទ្យ​ក្ដី ជំនួយ​និង​ការ​សម្រាល​ទុក្ខ​ដែល​ពួក​គេ​ផ្ដល់​ឲ្យ​គឺ​សំខាន់​ណាស់។ បង​ប្អូន​ទាំង​អស់​ក្នុងក្រុម​ជំនុំ​អាច​«​និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត ហើយ​គាំ​ពារ​ពួក​អ្នក​ដែល​ខ្សោយ​»​ ព្រម​ទាំង​«​មាន​ចិត្ត​ធ្ងន់​ចំពោះ​មនុស្ស​ទាំង​អស់​»។ (​ថែស្សាឡូនិច​ទី១ ៥:១៤​) យើង​ចង់​ព្យាយាម​យល់​អំពី​អារម្មណ៍​របស់​បង​ប្អូន​យើង។ យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ពួក​គេ ហើយ​និយាយ​តាម​របៀប​ដែល​នឹង​សម្រាល​ទុក្ខ​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ធ្លាក់​ទឹក​ចិត្ត។ តើ​អ្នក​ព្យាយាម​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​កាន់​តែ​ចេះ​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត?

១២. សូម​លើក​ឧទាហរណ៍​អំពី​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។

១២ បង​ស្រី​ម្នាក់​នៅ​ទ្វីប​អឺរ៉ុប​និយាយ​ថា​៖ ​«​ជួន​កាល​ខ្ញុំ​គិត​ចង់​សម្លាប់​ខ្លួន ក៏​ប៉ុន្តែ​បង​ប្អូន​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់។ ក្រុម​ជំនុំ​របស់​ខ្ញុំ​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ។ បង​ប្អូន​តែង​តែ​លើក​ទឹក​ចិត្ត​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្ញុំ​យ៉ាង​ខ្លាំង។ ទោះ​ជា​មាន​បង​ប្អូន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ដឹង​ថា​ខ្ញុំ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្ដី បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​តែង​តែ​ចាំ​ជួយ​ខ្ញុំ ហើយ​ប្ដី​ប្រពន្ធ​មួយ​គូ​គឺ​ប្រៀប​ដូច​ជា​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​អ៊ីចឹង។ ពួក​គាត់​មើល​ថែ​ខ្ញុំ​យ៉ាង​ល្អ ហើយ​ពួក​គាត់​ចាំ​ជួយ​ខ្ញុំ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​»។ ពិត​មែន​ថា​បង​ប្អូន​ខ្លះ​អាច​ជួយ​ច្រើន តែ​បង​ប្អូន​ខ្លះ​ទៀត​អាច​ជួយ​បាន​តែ​បន្ដិច​បន្តួច។ ប៉ុន្តែ អ្វី​ៗ​ដែល​យើង​និយាយ​និង​ធ្វើ​ដើម្បី​គាំ​ទ្រ​បង​ប្អូន អាច​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ពួក​គេ។

របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាំ​មួន​ឡើង

១៣. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត?

១៣ ចូរ​ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ។ (​យ៉ាកុប ១:១៩​) យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពេល​យើង​ស្ដាប់​អ្នក​ឯ​ទៀត​ដោយ​ព្យាយាម​យល់​អារម្មណ៍​របស់​ពួក​គេ។ សូម​សួរ​បុគ្គល​ណា​ម្នាក់​យ៉ាង​សប្បុរស​នូវ​សំណួរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​អារម្មណ៍​របស់​គាត់។ គាត់​នឹង​ដឹង​ថា​អ្នក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់ សូម្បី​តែ​ទឹក​មុខ​របស់​អ្នក​ក៏​នឹង​បង្ហាញ​ដូច្នេះ​ដែរ។ ពេល​គាត់​និយាយ សូម​បង្ហាញ​ចិត្ត​អត់​ធ្មត់​ដោយ​អនុញ្ញាត​ឲ្យ​គាត់​ប្រាប់​អំពី​អារម្មណ៍​របស់​គាត់​ដោយ​មិន​និយាយ​កាត់​គាត់។ ពេល​អ្នក​ស្ដាប់​គាត់​ដោយ​យក​ចិត្ត​ទុក​ដាក់ អ្នក​អាច​ស្គាល់​ចិត្ត​របស់​គាត់​ច្បាស់​ជាង ហើយ​ក៏​អាច​ជួយ​គាត់​ឲ្យ​ដឹង​ថា​គាត់​អាច​ទុក​ចិត្ត​អ្នក​បាន។ យ៉ាង​នេះ គាត់​នឹង​ស្រួល​ស្ដាប់​អ្វី​ដែល​អ្នក​និយាយ​ជាង​នៅ​ពេល​ដែល​អ្នក​ព្យាយាម​ជួយ​គាត់។ ពេល​អ្នក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ការ​សម្រាល​ទុក្ខ​ជា​ខ្លាំង។

១៤. ហេតុ​អ្វី​យើង​មិន​ត្រូវ​រិះ​គន់​អ្នក​ឯ​ទៀត?

១៤ ចូរ​កុំ​រិះ​គន់​អ្នក​ឯ​ទៀត។ បុគ្គល​ដែល​ធ្លាក់​ទឹក​ចិត្ត​នឹង​កាន់​តែ​ធ្លាក់​ទឹក​ចិត្ត បើ​គាត់​គិត​ថា​យើង​កំពុង​រិះ​គន់​គាត់។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ពិបាក​ជួយ​គាត់។ ​«​មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំ​ដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ​»។ (​សុភាសិត ១២:១៨​) ទោះ​ជា​យើង​មិន​មាន​បំណង​ទាល់​តែ​សោះ​ធ្វើ​ឲ្យ​បុគ្គល​ដែល​ធ្លាក់​ទឹក​ចិត្ត​ឈឺ​ចិត្ត​ដោយ​សារ​ពាក្យ​សម្ដី​របស់​យើង​ក្ដី យើង​នៅ​តែ​អាច​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង បើ​យើង​និយាយ​ដោយ​មិន​បាន​ពិចារណា​ទុក​ជា​មុន។ ដើម្បី​ពង្រឹង​កម្លាំង​បុគ្គល​នោះ យើង​ត្រូវ​ធ្វើ​ឲ្យ​គាត់​ជឿ​ជាក់​ថា​យើង​ខំ​ព្យាយាម​យល់​អំពី​ស្ថានភាព​របស់​គាត់។—ម៉ាថាយ ៧:១២

១៥. តើ​អ្វី​ជា​ឧបករណ៍​ដ៏​សំខាន់​ដែល​យើង​អាច​ប្រើ​ដើម្បី​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត?

១៥ ចូរ​ប្រើ​បណ្ដាំ​របស់​ព្រះ​ដើម្បី​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត។ (​សូម​អាន រ៉ូម ១៥:៤, ៥​) គម្ពីរ​គឺ​មក​ពី​«​ព្រះ​ដែល​ផ្ដល់​សមត្ថភាព​ស៊ូ​ទ្រាំ​និង​ការ​សម្រាល​ទុក្ខ​»​ ដូច្នេះ​យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​យើង​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង​ពី​បណ្ដាំ​របស់​លោក។ យើង​ក៏​មាន​បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម និង​សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា។ ការ​ប្រើ​ឧបករណ៍​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​ស្វែង​រក​បទ​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​ដែល​យើង​អាច​បង្ហាញ​បង​ប្អូន​របស់​យើង​ដើម្បី​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​ពួក​គេ។

១៦. តើ​គុណ​សម្បត្ដិ​អ្វី​នឹង​ជួយ​យើង​ឲ្យ​លើក​ទឹក​ចិត្ត​បុគ្គល​ដែល​ធ្លាក់​ទឹក​ចិត្ត?

១៦ ចូរ​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​និង​មាន​ចិត្ត​ស្លូតបូត។ ព្រះ​យេហូវ៉ា​ជា​«​បិតា​នៃ​សេចក្ដី​មេត្ដា​ករុណា និង​ជា​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»​ ហើយ​លោក​មាន​«​សេចក្ដី​អាណិត​មេត្ដា​»​ចំពោះ​អ្នក​បម្រើ​របស់​លោក។ (​សូម​អាន កូរិនថូស​ទី២ ១:៣​-​៦; លូកា ១:៧៨; រ៉ូម ១៥:១៣​) ប៉ូល​បាន​ទុក​គំរូ​ល្អ​ស្តី​អំពី​រឿង​នេះ ដោយ​សារ​គាត់​យក​តម្រាប់​ព្រះ​យេហូវ៉ា។ គាត់​បាន​សរសេរ​ថា​៖ ​«​យើង​បាន​ប្រព្រឹត្ត​ដោយ​ស្លូតបូត​ចំពោះ​អ្នក​រាល់​គ្នា ដូច​ម្ដាយ​ដែល​បំបៅ​កូន ស្រឡាញ់​ថ្នាក់​ថ្នម​កូន។ ដូច្នេះ ដោយ​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​រាល់​គ្នា យើង​សប្បាយ​ចិត្ត​ផ្ដល់​ឲ្យ មិន​ត្រឹម​តែ​ដំណឹង​ល្អ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជីវិត​យើង​ទៀត​ផង ពី​ព្រោះ​អ្នក​រាល់​គ្នា​គឺ​ជា​ទី​ស្រឡាញ់​របស់​យើង​»។ (​ថែស្សាឡូនិច​ទី១ ២:៧, ៨​) ពេល​យើង​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ដូច​ព្រះ​យេហូវ៉ា យើង​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដែល​បង​ប្អូន​ណា​ម្នាក់​បាន​អធិដ្ឋាន​សុំ!

១៧. តើ​ការ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​បង​ប្អូន​នឹង​ជួយ​យើង​ឲ្យ​លើក​ទឹក​ចិត្ត​ពួក​គេ?

១៧ ចូរ​កុំ​តម្រូវ​ឲ្យ​បង​ប្អូន​របស់​អ្នក​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ចូរ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​ផល។ បើ​អ្នក​តម្រូវ​ឲ្យ​បង​ប្អូន​របស់​អ្នក​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ អ្នក​នឹង​ខក​ចិត្ត។ (​សាស្ដា ៧:២១, ២២​) សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​ចេះ​សម​ហេតុ​ផល​ចំពោះ​អ្វី​ដែល​លោក​តម្រូវ​ពី​យើង។ ដូច្នេះ យើង​ត្រូវ​អត់​ធ្មត់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​អេភេសូរ ៤:២, ៣២​) យើង​មិន​ចង់​ធ្វើ​ឲ្យ​បង​ប្អូន​របស់​យើង​មាន​អារម្មណ៍​ថា​អ្វី​ដែល​ពួក​គេ​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​គឺ​មិន​ល្អ​គ្រប់​គ្រាន់​ទេ ឬ​ប្រៀប​ធៀប​ពួក​គេ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​លើក​ទឹក​ចិត្ត​ពួក​គេ ហើយ​លើក​អំពី​អ្វី​ល្អ​ៗ​ដែល​ពួក​គេ​ធ្វើ។ នេះ​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។—កាឡាទី ៦:៤

១៨. ហេតុ​អ្វី​យើង​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាំ​មួន​ឡើង?

១៨ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ម្នាក់​ៗ​មាន​តម្លៃ​ចំពោះ​លោក​និង​ចំពោះ​លោក​យេស៊ូ។ (​កាឡាទី ២:២០​) យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង​យ៉ាង​ខ្លាំង ដូច្នេះ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដោយ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ។ យើង​«​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្ដិ​ភាព និង​អ្វី​ដែល​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​មាន​ភាព​រឹង​មាំ​»។ (​រ៉ូម ១៤:១៩​) យើង​ពិត​ជា​ទន្ទឹង​រង់​ចាំ​ជីវិត​ក្នុង​សួន​ឧទ្យាន! ពេល​នោះ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​មាន​ហេតុ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ហើយ​ក៏​លែង​មាន​ជំងឺ​និង​សង្គ្រាម​ទៀត។ មនុស្ស​នឹង​មិន​ស្លាប់​ដោយ​សារភាព​ខុស​ឆ្គង​ទៀត​ទេ ហើយ​នឹង​លែង​មាន​ការ​បៀត​បៀន បញ្ហា​ក្នុង​ក្រុម​គ្រួសារ ឬ​អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ទៀត​ឡើយ។ មនុស្ស​ទាំង​អស់​នឹង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នៅ​ដំណាច់​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ។ អស់​អ្នក​ដែល​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​ក្នុង​ការ​សាកល្បង​ចុង​ក្រោយ នឹង​ត្រូវ​ទទួល​ជា​កូន​របស់​ព្រះ​យេហូវ៉ា​នៅ​ផែន​ដី ហើយ​ពួក​គេ​នឹង​មាន​«​សេរី​ភាព​រុង​រឿង​ជា​កូន​ព្រះ​»។ (​រ៉ូម ៨:២១​) ដូច្នេះ សូម​យើង​ទាំង​អស់​គ្នា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាំ​មួន​ឡើង ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ចូល​ក្នុង​ពិភព​លោក​ថ្មី​ដ៏​ល្អ​អស្ចារ្យ​របស់​ព្រះ។

a សូម​មើល​ជំពូក​ទី​២៤​ក្នុង​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាំ​មួន​ឡើង: គឺ​ជា​ការ​ពង្រឹង​កម្លាំង ការ​លើក​ទឹក​ចិត្ត និង​ការ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត ព្រម​ទាំង​ជួយ​ពួក​គេ​ឲ្យ​យល់​ថា ពួក​គេ​មាន​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​លោក​យេស៊ូ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក