សំណួរពីយុវវ័យ
ចុះបើខ្ញុំត្រូវគេសម្លុតធ្វើបាប?
ប្អូនក៏អាចអានយោបល់ពីមនុស្សស្រករប្អូន ឬអានពាក្យសម្ដីរបស់គ្រូអំពីការសម្លុតធ្វើបាប រួចមកមើលក្នុងប្រអប់សូមសាកល្បងឆ្លើយ។
ការសម្លុតធ្វើបាបគឺជារឿងធ្ងន់ធ្ងរ។ តាមការសិក្សាមួយនៅប្រទេសអង់គ្លេសបានរកឃើញថា យុវវ័យជាង៤០ភាគរយបានសម្លាប់ខ្លួនដោយសាររងសម្ពាធពីការសម្លុតធ្វើបាប(នេះជាសេចក្ដីរាយការណ៍ក្នុងប្រព័ន្ធផ្សាយព័ត៌មានជាតិ)។
តើការសម្លុតធ្វើបាបរួមបញ្ចូលអ្វីខ្លះ?
ការសម្លុតធ្វើបាបមិនគ្រាន់តែជាការធ្វើបាបខាងរាងកាយប៉ុណ្ណោះទេ តែក៏រួមបញ្ចូលអ្វីផ្សេងទៀតដែរ។
វាយប្រហារតាមពាក្យសម្ដី។ ប្អូនសាលីនដែលមានអាយុ២០ឆ្នាំ បានរៀបរាប់ថា៖«ស្រីៗក៏អាចរងគ្រោះដោយសារពាក្យសម្ដីគេដែរ។ ខ្ញុំមិនដែលភ្លេចរហស្សនាមដែលគេបានដាក់ឲ្យខ្ញុំឬអ្វីដែលពួកគេនិយាយទេ។ ពួកគេធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ គ្មានអ្នកណាត្រូវការ និងគ្មានបានការទាល់តែសោះ។ ខ្ញុំសុខចិត្តឲ្យគេវាយខៀវភ្នែកប្រសើរជាងវាយដោយពាក្យសម្ដី»។
ឈប់រាប់អាន។ ប្អូនហេលីដែលមានអាយុ១៨ឆ្នាំ បានរៀបរាប់ថា៖«មិត្តរួមថ្នាក់របស់ខ្ញុំចាប់ផ្ដើមគេចមុខពីខ្ញុំ។ ពេលញ៉ាំអាហារថ្ងៃត្រង់ ពួកគេមិនឲ្យខ្ញុំអង្គុយជិតពួកគេទេ ពួកគេធ្វើឲ្យមើលទៅដូចជាតុដែលពួកគេអង្គុយគឺពេញហើយ។ អស់មួយឆ្នាំពេញ ខ្ញុំយំហើយញ៉ាំអាហារតែម្នាក់ឯង»។
ចំអកមើលងាយតាមអ៊ីនធឺណិត។ ប្អូនដានីយ៉ែលដែលមានអាយុ១៤ឆ្នាំ បានរៀបរាប់ថា៖«អ្នកអាចបំផ្លាញកេរ្ដិ៍ឈ្មោះរបស់អ្នកណាម្នាក់ ឬជីវិតរបស់គាត់តែម្ដង ដោយគ្រាន់តែបោះពាក្យសម្ដីប៉ុន្មានម៉ាត់ក្នុងបណ្ដាញសង្គមប៉ុណ្ណោះ។ ស្ដាប់ទៅហាក់ដូចជាពន្លើសពេក តែនេះអាចកើតឡើងបាន!»។ ការសម្លុតធ្វើបាបតាមអ៊ីនធឺណិតក៏រួមបញ្ចូលការផ្ញើរូបថតគួរឲ្យខ្មាស ឬផ្ញើសារតាមទូរស័ព្ទដៃដែរ។
ហេតុអ្វីអ្នកខ្លះសម្លុតធ្វើបាបអ្នកឯទៀត?
មានមូលហេតុមួយចំនួន។
ពួកគេធ្លាប់ត្រូវគេសម្លុតធ្វើបាប។ យុវជនម្នាក់ឈ្មោះអាន់តូនីយ៉ូ បានសារភាពថា៖«ខ្ញុំធុញទ្រាន់នឹងការសម្លុតធ្វើបាបពីយុវវ័យឯទៀតណាស់ តែដើម្បីខ្ញុំអាចចូលចុះនឹងពួកគេខ្ញុំក៏ធ្វើបាបសិស្សផ្សេងទៀតដែរ។ ពេលខ្ញុំនឹកគិតឡើងវិញ ខ្ញុំទទួលស្គាល់ថាការធ្វើដូច្នោះគឺអាក្រក់ខ្លាំងណាស់»។
ពួកគេមិនមានគំរូល្អដែលអាចធ្វើតាម។ អ្នកនិពន្ធសៀវភៅម្នាក់ឈ្មោះជេយ មឹក្រូ បានរៀបរាប់ថា៖«ច្រើនដង យុវវ័យប្រព្រឹត្តទៅលើអ្នកឯទៀត . . . តាមរបៀបដែលពួកគេឃើញឪពុកម្ដាយ បងៗ ឬសមាជិកឯទៀតក្នុងក្រុមគ្រួសារប្រព្រឹត្តទៅលើអ្នកដទៃ»(Life Strategies for Dealing With Bullies)។
ពួកគេប្រព្រឹត្តដូចជាខ្លួនខ្លាំងជាងគេ តែតាមពិតពួកគេមានអារម្មណ៍ថាគ្មានសុវត្ថិភាព។ អ្នកនិពន្ធសៀវភៅម្នាក់ឈ្មោះបាប្រឺ ខូឡូរ៉ូសូ បានរៀបរាប់ថា៖«កូនៗដែលសម្លុតធ្វើបាបអ្នកឯទៀត មានចិត្តគំនិតថាខ្លួនខ្លាំងជាងគេ ដែលតាមពិតគាត់ចង់លាក់អារម្មណ៍ឈឺចាប់និងអារម្មណ៍ថាខ្លួនខ្វះសមត្ថភាព»(The Bully, the Bullied, and the Bystander)។
តើបុគ្គលបែបណាច្រើនតែត្រូវគេសម្លុតធ្វើបាប?
អ្នកដែលមានតែឯង។ យុវវ័យខ្លះដែលមិនចេះទាក់ទងនឹងអ្នកឯទៀត ព្រមទាំងផ្ដាច់ខ្លួនពីគេគឺច្រើនតែត្រូវគេសម្លុតធ្វើបាប។
យុវវ័យដែលមើលទៅខុសពីអ្នកឯទៀត។ យុវវ័យខ្លះត្រូវគេធ្វើបាប ដោយសារសម្បកក្រៅ ជាតិសាសន៍ ឬសាសនារបស់ពួកគេ ឬមួយក៏ដោយសារពួកគេមានពិការភាពណាមួយ និយាយរួមទៅ គឺអ្វីណាក៏ដោយដែលគេអាចយកមកសើចចំអក។
យុវវ័យដែលខ្វះទំនុកចិត្ត។ តាមធម្មតា បុគ្គលដែលគិតអវិជ្ជមានអំពីខ្លួន នោះស្រួលឲ្យអ្នកដែលសម្លុតធ្វើបាបកត់សម្គាល់។ អ្នកទាំងនោះជាគោលដៅដែលគេសម្លុតធ្វើបាប ព្រោះពួកគេច្រើនតែមិនតបតទៅវិញទេ។
តើប្អូនអាចធ្វើអ្វីខ្លះបើគេសម្លុតធ្វើបាបប្អូន?
កុំបង្ហាញប្រតិកម្ម។ យុវតីម្នាក់ឈ្មោះខៃលី បានរៀបរាប់ថា៖«អ្នកដែលសម្លុតធ្វើបាបគេ ចង់ធ្វើឲ្យយើងមានអារម្មណ៍មិនល្អចំពោះខ្លួន។ បើយើងមិនបង្ហាញប្រតិកម្មអ្វីសោះ នោះពួកគេនឹងលែងចាប់អារម្មណ៍ទៀត»។ គម្ពីរចែងថា៖«អ្នកដែលមានប្រាជ្ញាចេះទប់អារម្មណ៍របស់ខ្លួនជានិច្ច»។—សុភាសិត ២៩:១១
កុំតបត។ ការសងសឹកនឹងធ្វើឲ្យមានបញ្ហាថែមទៀត មិនមែនដោះស្រាយនោះទេ។ គម្ពីរចែងថា៖«កុំតបស្នងការអាក្រក់ដល់អ្នកណាដែលធ្វើអាក្រក់ចំពោះអ្នក»។—រ៉ូម ១២:១៧; សុភាសិត ២៤:១៩
គេចចេញពីអ្វីដែលនាំឲ្យមានបញ្ហា។ បើអាចធ្វើបាន ជៀសឲ្យឆ្ងាយពីស្ថានភាពនិងបុគ្គលដែលសម្លុតធ្វើបាបគេ។—សុភាសិត ២២:៣
គិតពាក្យតបឆ្លើយទុកជាមុន។ គម្ពីរចែងថា៖«សម្ដីទន់ភ្លន់រម្ងាប់កំហឹង»។—សុភាសិត ១៥:១
ចេះលេងសើច។ ជាឧទាហរណ៍ បើគេនិយាយមើលងាយថាប្អូនធាត់ ប្អូនប្រហែលជាអាចញាក់ស្មាហើយនិយាយថា៖«អ៊ីចឹងខ្ញុំគួរបញ្ចុះទម្ងន់តិចហ្ន!»។
ដើរចេញ។ ប្អូនណូរ៉ាដែលមានអាយុ១៩ឆ្នាំ បានរៀបរាប់ថា៖«ការនៅស្ងៀមបង្ហាញថាយើងមានគំនិតចាស់ទុំ ហើយបង្ហាញថាយើងខ្លាំងជាងអ្នកដែលធ្វើបាបយើង។ ណាមួយទៀត ការនៅស្ងៀមក៏បង្ហាញថាយើងចេះទប់ចិត្ត ជាគុណសម្បត្តិដែលអ្នកសម្លុតធ្វើបាបយើងអត់មានទេ»។
មានទំនុកចិត្តលើខ្លួន។ ប្អូនរីតាបានរៀបរាប់ថា៖«អ្នកដែលសម្លុតធ្វើបាបគេ ឆាប់កត់សម្គាល់ពេលយើងភ័យខ្លាច ហើយពួកគេប្រហែលជាប្រើចំណុចខ្សោយនោះដើម្បីបំបាក់ទំនុកចិត្តដែលយើងមានមកលើខ្លួន»។
ប្រាប់នរណាម្នាក់។ យោងទៅតាមការស្ទង់មតិមួយអំពីការសម្លុតធ្វើបាប បានប្រាប់ថាជនរងគ្រោះជាងពាក់កណ្ដាលមិនបានរាយការណ៍អំពីអ្វីដែលបានកើតឡើងទេ ដោយសារខ្មាសគេ(ជាពិសេសក្មេងប្រុស) ឬខ្លាចគេគុំកួន។ ប៉ុន្តែ សូមចាំថាអ្នកដែលសម្លុតធ្វើបាបនោះ កាន់តែងាយធ្វើបាបប្អូនទៀត ព្រោះគ្មានអ្នកណាដឹងអំពីរឿងនេះ។ បើប្អូននិយាយប្រាប់អ្នកណាម្នាក់ ប្អូនអាចបញ្ឈប់ការសម្លុតធ្វើបាបតាំងពីជំហានដំបូងដើម្បីកុំឲ្យឈានទៅដល់ការធ្វើបាបកាន់តែខ្លាំង។