ថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា
នៅទីនោះនឹងមានផ្លូវធំមួយ គឺជាផ្លូវដែលគេហៅថាផ្លូវបរិសុទ្ធ។—អេ. ៣៥:៨
ជនជាតិយូដាដែលត្រឡប់ពីបាប៊ីឡូនវិញ ត្រូវទៅជា«ប្រជាជាតិបរិសុទ្ធ»ចំពោះព្រះរបស់ពួកគេ។ (បច. ៧:៦) ប៉ុន្តែ នេះមិនមានន័យថាពួកគេគ្មានអ្វីត្រូវកែប្រែដើម្បីនាំឲ្យព្រះយេហូវ៉ាពេញចិត្តឡើយ។ តាមមើលទៅ ជនជាតិយូដាភាគច្រើនដែលបានកើតនៅបាប៊ីឡូន បានស៊ាំនឹងការគិតគូរនិងខ្នាតតម្រារបស់ជនជាតិបាប៊ីឡូន។ ច្រើនទសវត្សរ៍ក្រោយពីជនជាតិយូដាដំបូងគេបានត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ អភិបាលនេហេមាបានហួសចិត្ត ពេលឃើញថាកូនក្មេងដែលកើតនៅស្រុកអ៊ីស្រាអែលមិនទាំងបានរៀនភាសារបស់ជនជាតិយូដាឡើយ។ (បច. ៦:៦, ៧; នេហ. ១៣:២៣, ២៤) តើកូនក្មេងទាំងនោះអាចរៀនឲ្យស្រឡាញ់និងគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងដូចម្ដេចបាន បើពួកគេមិនអាចយល់ភាសាហេប្រឺ ជាភាសាសំខាន់ចម្បងដែលបណ្ដាំរបស់ព្រះបានត្រូវសរសេរ? (អែស. ១០:៣, ៤៤) ដូច្នេះ ជនជាតិយូដាទាំងនោះត្រូវធ្វើការផ្លាស់ប្ដូរដ៏ធំ ប៉ុន្តែគឺស្រួលជាងឲ្យពួកគេធ្វើការផ្លាស់ប្ដូរទាំងនោះនៅស្រុកអ៊ីស្រាអែល ជាកន្លែងដែលការគោរពប្រណិប័តន៍ពិតបានត្រូវស្ដារឡើងវិញបន្តិចម្ដងៗ។—នេហ. ៨:៨, ៩ w២៣.០៥ ទំ.១៥ វ.៦-៧
ថ្ងៃសុក្រ ទី៥ ខែកញ្ញា
ព្រះយេហូវ៉ាជួយទប់អស់អ្នកដែលហៀបនឹងដួល ហើយលើកអស់អ្នកដែលឱនខ្លួនឲ្យក្រោកឡើង។—ចសព. ១៤៥:១៤
គួរឲ្យស្ដាយណាស់ មិនថាយើងមានបំណងចិត្តយ៉ាងខ្លាំងឬបានអប់រំខ្លួនយ៉ាងល្អក្ដី យើងប្រហែលជានៅតែមានឧបសគ្គ។ ជាឧទាហរណ៍ «ហេតុការណ៍ដែលមិនបានរំពឹងទុក»ប្រហែលជាឆក់យកពេលវេលាដែលយើងត្រូវការដើម្បីសម្រេចគោលដៅរបស់យើង។ (អទ. ៩:១១) យើងប្រហែលជាជួបការពិបាកដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្តនិងអស់កម្លាំង។ (សុភ. ២៤:១០) ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងប្រហែលជាធ្វើខុស ហើយនោះនាំឲ្យយើងកាន់តែពិបាកសម្រេចគោលដៅរបស់យើង។ (រ៉ូម ៧:២៣) ឬយើងប្រហែលជាល្វើយ។ (ម៉ាថ. ២៦:៤៣) តើអ្វីអាចជួយយើងឲ្យយកឈ្នះឧបសគ្គ? សូមចាំថាឧបសគ្គមិនមែនមានន័យថាអ្នកបានបរាជ័យទេ។ គម្ពីរចែងថាយើងប្រហែលជាជួបបញ្ហាឬការពិបាកម្ដងហើយម្ដងទៀត។ ប៉ុន្តែ គម្ពីរក៏បញ្ជាក់ដែរថាយើងអាចក្រោកឡើងវិញបាន។ មែនហើយ ដោយបន្តព្យាយាមសម្រេចគោលដៅរបស់អ្នកទោះជាមិនស្រួលក្ដី អ្នកបង្ហាញព្រះយេហូវ៉ាថាអ្នកចង់ធ្វើឲ្យលោកពេញចិត្ត។ ព្រះយេហូវ៉ាច្បាស់ជាសប្បាយចិត្ត ពេលលោកឃើញអ្នកបន្តព្យាយាមសម្រេចគោលដៅរបស់អ្នក! w២៣.០៥ ទំ.៣០ វ.១៤-១៥
ថ្ងៃសៅរ៍ ទី៦ ខែកញ្ញា
[ចូរ]ធ្វើជាគំរូដល់ហ្វូងចៀម។—១ពេ. ៥:៣
ការត្រួសត្រាយជួយបុរសវ័យក្មេងឲ្យចេះសហការជាមួយមនុស្សដែលមានបុគ្គលិកលក្ខណៈខុសៗគ្នា។ នេះក៏ជួយគាត់ឲ្យចាយវាយដោយចេះគិត ហើយមិនចំណាយលើសពីចំណូលរបស់ខ្លួន។ (ភី. ៤:១១-១៣) របៀបល្អមួយដើម្បីចាប់ផ្ដើមកិច្ចបម្រើពេញពេលគឺដោយត្រួសត្រាយជំនួយ ហើយនោះជួយឲ្យត្រៀមខ្លួនដើម្បីចាប់ផ្ដើមត្រួសត្រាយពេញពេល។ ការត្រួសត្រាយប្រហែលជាបើកឱកាសឲ្យចូលរួមកិច្ចបម្រើពេញពេលផ្សេងទៀត រួមមានការធ្វើជាអ្នកបម្រើផ្នែកសាងសង់ឬសមាជិកបេតអែល។ បុរសគ្រិស្តសាសនិកគួរមានគោលដៅបណ្ដុះគុណសម្បត្តិគ្រប់គ្រាន់ឲ្យទៅជាអ្នកចាស់ទុំដើម្បីបម្រើបងប្អូនក្នុងក្រុមជំនុំ។ គម្ពីរចែងថាបុរសដែលព្យាយាមឲ្យបានតួនាទីនេះ«ចង់បានកិច្ចការដ៏ល្អប្រសើរ»។ (១ធី. ៣:១) មុនដំបូង បងប្អូនប្រុសត្រូវមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាជំនួយការខាងកិច្ចបម្រើ។ ជំនួយការខាងកិច្ចបម្រើជួយពួកអ្នកចាស់ទុំតាមរបៀបផ្សេងៗជាច្រើន។ ទាំងពួកអ្នកចាស់ទុំទាំងជំនួយការខាងកិច្ចបម្រើ បម្រើបងប្អូនដោយចិត្តរាបទាប និងចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ w២៣.១២ ទំ.២៨ វ.១៤-១៦