ថ្ងៃសុក្រ ទី៥ ខែកញ្ញា
ព្រះយេហូវ៉ាជួយទប់អស់អ្នកដែលហៀបនឹងដួល ហើយលើកអស់អ្នកដែលឱនខ្លួនឲ្យក្រោកឡើង។—ចសព. ១៤៥:១៤
គួរឲ្យស្ដាយណាស់ មិនថាយើងមានបំណងចិត្តយ៉ាងខ្លាំងឬបានអប់រំខ្លួនយ៉ាងល្អក្ដី យើងប្រហែលជានៅតែមានឧបសគ្គ។ ជាឧទាហរណ៍ «ហេតុការណ៍ដែលមិនបានរំពឹងទុក»ប្រហែលជាឆក់យកពេលវេលាដែលយើងត្រូវការដើម្បីសម្រេចគោលដៅរបស់យើង។ (អទ. ៩:១១) យើងប្រហែលជាជួបការពិបាកដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្តនិងអស់កម្លាំង។ (សុភ. ២៤:១០) ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងប្រហែលជាធ្វើខុស ហើយនោះនាំឲ្យយើងកាន់តែពិបាកសម្រេចគោលដៅរបស់យើង។ (រ៉ូម ៧:២៣) ឬយើងប្រហែលជាល្វើយ។ (ម៉ាថ. ២៦:៤៣) តើអ្វីអាចជួយយើងឲ្យយកឈ្នះឧបសគ្គ? សូមចាំថាឧបសគ្គមិនមែនមានន័យថាអ្នកបានបរាជ័យទេ។ គម្ពីរចែងថាយើងប្រហែលជាជួបបញ្ហាឬការពិបាកម្ដងហើយម្ដងទៀត។ ប៉ុន្តែ គម្ពីរក៏បញ្ជាក់ដែរថាយើងអាចក្រោកឡើងវិញបាន។ មែនហើយ ដោយបន្តព្យាយាមសម្រេចគោលដៅរបស់អ្នកទោះជាមិនស្រួលក្ដី អ្នកបង្ហាញព្រះយេហូវ៉ាថាអ្នកចង់ធ្វើឲ្យលោកពេញចិត្ត។ ព្រះយេហូវ៉ាច្បាស់ជាសប្បាយចិត្ត ពេលលោកឃើញអ្នកបន្តព្យាយាមសម្រេចគោលដៅរបស់អ្នក! w២៣.០៥ ទំ.៣០ វ.១៤-១៥
ថ្ងៃសៅរ៍ ទី៦ ខែកញ្ញា
[ចូរ]ធ្វើជាគំរូដល់ហ្វូងចៀម។—១ពេ. ៥:៣
ការត្រួសត្រាយជួយបុរសវ័យក្មេងឲ្យចេះសហការជាមួយមនុស្សដែលមានបុគ្គលិកលក្ខណៈខុសៗគ្នា។ នេះក៏ជួយគាត់ឲ្យចាយវាយដោយចេះគិត ហើយមិនចំណាយលើសពីចំណូលរបស់ខ្លួន។ (ភី. ៤:១១-១៣) របៀបល្អមួយដើម្បីចាប់ផ្ដើមកិច្ចបម្រើពេញពេលគឺដោយត្រួសត្រាយជំនួយ ហើយនោះជួយឲ្យត្រៀមខ្លួនដើម្បីចាប់ផ្ដើមត្រួសត្រាយពេញពេល។ ការត្រួសត្រាយប្រហែលជាបើកឱកាសឲ្យចូលរួមកិច្ចបម្រើពេញពេលផ្សេងទៀត រួមមានការធ្វើជាអ្នកបម្រើផ្នែកសាងសង់ឬសមាជិកបេតអែល។ បុរសគ្រិស្តសាសនិកគួរមានគោលដៅបណ្ដុះគុណសម្បត្តិគ្រប់គ្រាន់ឲ្យទៅជាអ្នកចាស់ទុំដើម្បីបម្រើបងប្អូនក្នុងក្រុមជំនុំ។ គម្ពីរចែងថាបុរសដែលព្យាយាមឲ្យបានតួនាទីនេះ«ចង់បានកិច្ចការដ៏ល្អប្រសើរ»។ (១ធី. ៣:១) មុនដំបូង បងប្អូនប្រុសត្រូវមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាជំនួយការខាងកិច្ចបម្រើ។ ជំនួយការខាងកិច្ចបម្រើជួយពួកអ្នកចាស់ទុំតាមរបៀបផ្សេងៗជាច្រើន។ ទាំងពួកអ្នកចាស់ទុំទាំងជំនួយការខាងកិច្ចបម្រើ បម្រើបងប្អូនដោយចិត្តរាបទាប និងចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ w២៣.១២ ទំ.២៨ វ.១៤-១៦
ថ្ងៃអាទិត្យ ទី៧ ខែកញ្ញា
កាលដែលគាត់នៅក្មេងនៅឡើយ គាត់បានចាប់ផ្ដើមស្វែងរកព្រះរបស់ដាវីឌ។—២ប្រ. ៣៤:៣
ពេលស្ដេចយ៉ូសៀសនៅវ័យជំទង់ គាត់បានចាប់ផ្ដើមស្វែងរកព្រះយេហូវ៉ា។ គាត់ចង់រៀនអំពីព្រះយេហូវ៉ា និងធ្វើតាមបំណងប្រាថ្នារបស់លោក។ ប៉ុន្តែ ជីវិតរបស់ស្ដេចដ៏វ័យក្មេងនេះគឺមិនស្រួលទេ។ គាត់ត្រូវកាន់ជំហរមាំមួនចំពោះការគោរពប្រណិប័តន៍ពិត នៅពេលដែលមនុស្សភាគច្រើនគោរពបូជាព្រះមិនពិត។ គាត់បង្ហាញចិត្តក្លាហានមែន! មុនយ៉ូសៀសមានអាយុ២០ឆ្នាំ គាត់បានចាប់ផ្ដើមបំបាត់ចោលការគោរពបូជាមិនពិតចេញពីប្រជាជាតិនោះ។ (២ប្រ. ៣៤:១, ២) ទោះជាប្អូននៅក្មេងណាស់ក្ដី ប្អូនអាចសម្រេចចិត្តយកតម្រាប់យ៉ូសៀសដោយស្វែងរកព្រះយេហូវ៉ា និងដោយរៀនឲ្យតម្លៃគុណសម្បត្តិរបស់លោក។ ពេលប្អូនធ្វើដូច្នេះ ប្អូននឹងចង់ប្រគល់ខ្លួនជូនលោក។ តើការប្រគល់ខ្លួននោះនឹងមានន័យយ៉ាងណាក្នុងជីវិតប្រចាំថ្ងៃរបស់ប្អូន? ប្អូនប្រុសលូកដែលបានទទួលការជ្រមុជទឹកពេលអាយុ១៤ឆ្នាំ និយាយថា៖ «ចាប់ពីឥឡូវ ខ្ញុំនឹងចាត់ទុកការបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ ហើយនឹងព្យាយាមធ្វើឲ្យលោកសប្បាយរីករាយ»។ (ម៉ាក. ១២:៣០) ពិតជាពរដ៏អស្ចារ្យមែនចំពោះប្អូន បើប្អូនចង់ធ្វើដូចនេះដែរ! w២៣.០៩ ទំ.១១ វ.១២-១៣