កូរិនថូសទី១
៤ មនុស្សត្រូវរាប់យើងជាអ្នកដែលនៅក្រោមបង្គាប់* គ្រិស្ត និងជាអ្នកបម្រើដែលបានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះ។ ២ ម្យ៉ាងទៀត ក្នុងករណីនេះ អ្នកបម្រើដែលទទួលការតែងតាំងឲ្យមើលការខុសត្រូវនោះ ត្រូវតែជាអ្នកស្មោះត្រង់។ ៣ ចំពោះខ្ញុំ ការដែលអ្នករាល់គ្នា ឬសាលាក្ដីណាមួយរបស់មនុស្សចង់វិនិច្ឆ័យខ្ញុំ នោះជារឿងតូចតាចទេ។ សូម្បីតែខ្ញុំក៏មិនវិនិច្ឆ័យខ្លួនដែរ។ ៤ ព្រោះខ្ញុំមិនឃើញថាខ្ញុំបានធ្វើអ្វីខុសឡើយ។ ប៉ុន្តែ នេះមិនបញ្ជាក់ថាខ្ញុំជាមនុស្សសុចរិតទេ តែអ្នកដែលវិនិច្ឆ័យខ្ញុំគឺព្រះយេហូវ៉ា។ ៥ ដូច្នេះ កុំវិនិច្ឆ័យអ្វីសោះមុនពេលកំណត់ ដរាបដល់លោកម្ចាស់មកដល់។ លោកនឹងបំភ្លឺឲ្យឃើញអ្វីដែលនៅកំបាំងក្នុងទីងងឹត ក៏នឹងសឲ្យឃើញបំណងចិត្ត រួចមនុស្សម្នាក់ៗនឹងទទួលសេចក្ដីសរសើរពីព្រះ។
៦ បងប្អូនអើយ ខ្ញុំបាននិយាយការទាំងនេះដោយយកខ្លួនខ្ញុំនិងអាប៉ូឡុសជាឧទាហរណ៍ ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឲ្យរៀនគោលការណ៍ដែលថា៖ «កុំធ្វើលើសពីអ្វីដែលបានត្រូវសរសេរទុក» ដើម្បីកុំឲ្យអ្នករាល់គ្នាណាម្នាក់មានអំណួត ដោយចាត់ទុកអ្នកនេះថាប្រសើរជាងអ្នកនោះ។ ៧ ព្រោះតើអ្នកណាបានធ្វើឲ្យអ្នកខុសពីអ្នកឯទៀត? អ្វីៗដែលអ្នកមាន សុទ្ធតែជាអ្វីដែលអ្នកបានទទួល មែនទេ? ឥឡូវ បើអ្វីៗដែលអ្នកមាន ជាអ្វីដែលអ្នកបានទទួលមែន ហេតុអ្វីបានជាអ្នកអួតខ្លួនដូចជាមិនបានទទួលវិញ?
៨ តើអ្នករាល់គ្នាមានអ្វីសព្វគ្រប់ហើយឬ? អ្នករាល់គ្នាជាអ្នកមានហើយឬ? អ្នករាល់គ្នាបានចាប់ផ្ដើមគ្រប់គ្រងជាស្តេច ដោយគ្មានយើងឬ? ប្រាកដជាមិនដូច្នេះទេ ប៉ុន្តែបើអ្នករាល់គ្នាបានចាប់ផ្ដើមគ្រប់គ្រងជាស្តេចមែន ខ្ញុំអរណាស់ ព្រោះបើដូច្នោះ យើងក៏អាចចាប់ផ្ដើមគ្រប់គ្រងជាស្តេចជាមួយនឹងអ្នករាល់គ្នាដែរ។ ៩ ព្រោះតាមមើលទៅ ព្រះបាននាំយើងជាពួកសាវ័កចេញមកលើឆាកក្រោយគេបង្អស់ ដូចអ្នកដែលបានត្រូវកាត់ទោសប្រហារជីវិត ពីព្រោះយើងបានក្លាយទៅជាអ្វីសម្រាប់ឲ្យពិភពលោក បណ្ដាទេវតា និងមនុស្សលោកទស្សនា។ ១០ យើងត្រូវគេចាត់ទុកជាមនុស្សល្ងង់ខ្លៅដោយសារគ្រិស្ត តែអ្នករាល់គ្នាចាត់ទុកខ្លួនជាអ្នកដែលចេះពិចារណាដោយសារគ្រិស្ត យើងជាអ្នកទន់ខ្សោយ តែអ្នករាល់គ្នាជាអ្នកខ្លាំងក្លា អ្នករាល់គ្នាមានកេរ្ដិ៍ឈ្មោះល្អ តែយើងត្រូវគេមើលងាយ។ ១១ រហូតដល់ឥឡូវនេះ យើងនៅតែស្រេកឃ្លាន ខ្វះអ្វីសម្រាប់បិទបាំងកាយ ត្រូវគេធ្វើបាប គ្មានផ្ទះសម្បែង ១២ ហើយធ្វើការនឿយហត់ដោយដៃរបស់យើងផ្ទាល់។ កាលដែលត្រូវគេជេរប្រមាថ យើងជូនពរគេវិញ។ កាលដែលត្រូវគេបៀតបៀន យើងស៊ូទ្រាំ។ ១៣ កាលដែលយើងត្រូវគេបង្កាច់បង្ខូច យើងប្រើសម្ដីសប្បុរស។ យើងបានក្លាយទៅជាសំរាមរបស់ពិភពលោក និងកម្អែលនៃអ្វីៗទាំងអស់ រហូតដល់ឥឡូវនេះ។
១៤ ខ្ញុំសរសេរអ្វីៗទាំងនេះមកកាន់អ្នករាល់គ្នា មិនមែនដើម្បីធ្វើឲ្យអៀនខ្មាសទេ តែដើម្បីដាស់តឿនអ្នករាល់គ្នាដែលខ្ញុំចាត់ទុកជាកូនជាទីស្រឡាញ់។ ១៥ ព្រោះទោះជាអ្នករាល់គ្នាមានគ្រូ* ប្រហែលមួយម៉ឺននាក់ក្នុងគ្រិស្តក៏ដោយ ក៏អ្នករាល់គ្នាប្រាកដជាមិនមានឪពុកជាច្រើនទេ ព្រោះក្នុងគ្រិស្តយេស៊ូខ្ញុំបានទៅជាឪពុករបស់អ្នករាល់គ្នាតាមរយៈដំណឹងល្អ។ ១៦ ដូច្នេះ សូមអ្នករាល់គ្នាយកតម្រាប់តាមខ្ញុំ។ ១៧ ហេតុនេះខ្ញុំនឹងចាត់ធីម៉ូថេឲ្យមកឯអ្នករាល់គ្នា ព្រោះគាត់ជាកូនដ៏ស្មោះត្រង់និងជាទីស្រឡាញ់របស់ខ្ញុំក្នុងលោកម្ចាស់។ គាត់នឹងរំលឹកអ្នករាល់គ្នាអំពីវិធីផ្សេងៗដែលខ្ញុំប្រើក្នុងកិច្ចបម្រើគ្រិស្តយេស៊ូ ដូចខ្ញុំបង្រៀនក្នុងក្រុមជំនុំទាំងឡាយនៅគ្រប់ទីកន្លែង។
១៨ អ្នកខ្លះអួតខ្លួន ហាក់ដូចជាខ្ញុំនឹងមិនមកឯអ្នករាល់គ្នាទេ។ ១៩ ប៉ុន្តែមិនយូរទៀត ខ្ញុំនឹងមកឯអ្នករាល់គ្នាមែន ប្រសិនបើស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ហើយពេលនោះខ្ញុំនឹងស្គាល់ឫទ្ធានុភាពរបស់ពួកអ្នកដែលអួតខ្លួន មិនមែនស្គាល់សម្ដីរបស់ពួកគេទេ។ ២០ ព្រោះរាជាណាចក្ររបស់ព្រះមិនអាស្រ័យលើសម្ដីទេ តែអាស្រ័យលើឫទ្ធានុភាព។ ២១ តើអ្នករាល់គ្នាចង់បានមួយណា? តើចង់ឲ្យខ្ញុំមកឯអ្នករាល់គ្នាដោយមានរំពាត់? ឬមកដោយមានសេចក្ដីស្រឡាញ់និងចិត្ត* ស្លូតបូត?