រ៉ូម
១៣ ចូរឲ្យមនុស្ស* ទាំងអស់ចុះចូលនឹងពួកអាជ្ញាធរ ព្រោះគ្រប់ទាំងអំណាចគឺមកពីព្រះ។ ព្រះជាអ្នកតែងតាំងពួកអាជ្ញាធរឲ្យមានអំណាចតាមថ្នាក់របស់ពួកគេរៀងខ្លួន។ ២ ដូច្នេះ អ្នកណាដែលប្រឆាំងអំណាចនោះ កំពុងតតាំងនឹងការរៀបចំរបស់ព្រះ។ ពួកអ្នកដែលតតាំងនឹងការរៀបចំនោះនឹងធ្វើឲ្យខ្លួនទទួលការផ្ដន្ទាទោស។ ៣ ព្រោះអ្នកគ្រប់គ្រងគឺគួរឲ្យភ័យខ្លាច មិនមែនចំពោះអ្នកដែលធ្វើល្អទេ តែចំពោះអ្នកដែលធ្វើអាក្រក់វិញ។ ដូច្នេះ បើអ្នកមិនចង់ខ្លាចអំណាចនោះទេ ចូរបន្តធ្វើល្អចុះ ហើយអ្នកនឹងទទួលសេចក្ដីសរសើរពីពួកអាជ្ញាធរ ៤ ពួកគេជាអ្នកបម្រើរបស់ព្រះដើម្បីប្រយោជន៍អ្នករាល់គ្នា។ ប៉ុន្តែប្រសិនបើអ្នកធ្វើការអាក្រក់ ចូរភ័យខ្លាចចុះ ព្រោះពួកគេមិនមែនស្ពាយដាវឥតអំពើទេ។ ពួកគេជាអ្នកបម្រើរបស់ព្រះ និងជាអ្នកសងសឹកដែលបញ្ចេញសេចក្ដីក្រោធរបស់លោកទៅលើអ្នកដែលប្រព្រឹត្តអំពើអាក្រក់។
៥ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវចុះចូលជាចាំបាច់ មិនគ្រាន់តែដោយសារសេចក្ដីក្រោធប៉ុណ្ណោះ តែដើម្បីកុំឲ្យចិត្តរបស់អ្នករាល់គ្នាវិនិច្ឆ័យអ្នកថាជាអ្នកមានទោស។ ៦ នោះក៏ជាមូលហេតុដែលអ្នករាល់គ្នាបង់ពន្ធដែរ ព្រោះពួកអ្នកគ្រប់គ្រងជាអ្នកបម្រើ* របស់ព្រះ ដែលបំពេញតួនាទីនោះជានិច្ច។ ៧ ចូរជូនពួកគេទាំងអស់គ្នានូវអ្វីដែលពួកគេគួរទទួល គឺបង់ពន្ធទៅអ្នកណាដែលតម្រូវឲ្យបង់ពន្ធ ជូនសួយអាករទៅអ្នកណាដែលតម្រូវឲ្យជូនសួយអាករ ចូរបង្ហាញការកោតខ្លាចតាមដែលគេតម្រូវឲ្យកោតខ្លាច ចូរលើកកិត្ដិយសតាមដែលគេតម្រូវឲ្យលើកកិត្ដិយស។
៨ អ្នករាល់គ្នាមិនត្រូវជំពាក់អ្វីអ្នកណាទេ សូម្បីតែអ្វីមួយក៏ដោយ ក្រៅពីការបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក ព្រោះអ្នកដែលស្រឡាញ់អ្នកឯទៀតបានបំពេញតាមច្បាប់យ៉ាងត្រឹមត្រូវ។ ៩ ព្រោះច្បាប់ទាំងប៉ុន្មានដែលថា«អ្នកមិនត្រូវផិតក្បត់ឲ្យសោះ អ្នកមិនត្រូវធ្វើឃាតកម្មឲ្យសោះ អ្នកមិនត្រូវលួចឲ្យសោះ អ្នកមិនត្រូវប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃឲ្យសោះ» ហើយបញ្ញត្ដិណាផ្សេងទៀតបានត្រូវសង្ខេបក្នុងពាក្យថា«អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ ១០ អ្នកដែលមានសេចក្ដីស្រឡាញ់មិនធ្វើអំពើអាក្រក់ទៅលើអ្នកជិតខាងរបស់ខ្លួនឡើយ ដូច្នេះសេចក្ដីស្រឡាញ់ធ្វើឲ្យច្បាប់សម្រេចគ្រប់ជំពូក។
១១ ចូរធ្វើយ៉ាងនោះដែរ ដោយសារអ្នករាល់គ្នាដឹងថាគ្រានេះជាគ្រាណាហើយ គឺជាម៉ោងដែលអ្នករាល់គ្នាត្រូវភ្ញាក់ពីការដេកលក់ ព្រោះឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើងគឺជិតជាងពេលដែលយើងបានទៅជាអ្នកជឿទៅទៀត។ ១២ យប់ជ្រៅណាស់ហើយ ថ្ងៃនោះក៏ជិតដល់ដែរ។ ចូរយើងចោលការប្រព្រឹត្តខាងភាពងងឹតចេញ រួចចូរយើងបំពាក់ខ្លួនដោយអាវុធខាងពន្លឺវិញ។ ១៣ ចូរយើងដើរដូចនៅពេលថ្ងៃ គឺដោយប្រព្រឹត្តសមរម្យ មិនមែនដោយជប់លៀងសប្បាយឥតបើគិត ឬដោយផឹកស្រាឲ្យស្រវឹង មិនមែនដោយប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬដោយមានសីលធម៌ធូររលុង* មិនមែនដោយឈ្លោះប្រកែកគ្នា ឬច្រណែនគ្នាឡើយ។ ១៤ ប៉ុន្តែចូរបំពាក់ខ្លួនដោយលោកម្ចាស់យេស៊ូគ្រិស្ត ហើយកុំមានគម្រោងដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នាខុសឆ្គងឡើយ។