កូរិនថូសទី១
៨ ឥឡូវខ្ញុំសូមនិយាយអំពីអាហារដែលគេសែនរូបព្រះ៖ យើងដឹងថា យើងទាំងអស់គ្នាមានចំណេះ។ ចំណេះធ្វើឲ្យក្រអឺតក្រអោង រីឯសេចក្ដីស្រឡាញ់វិញ នោះធ្វើឲ្យមាំមួនឡើង។ ២ ប្រសិនបើអ្នកណាគិតថាខ្លួនចេះដឹងអំពីរឿងណាមួយ អ្នកនោះមិនទាន់ចេះដឹងអំពីរឿងនោះតាមដែលគួរចេះដឹងនោះទេ។ ៣ ក៏ប៉ុន្តែប្រសិនបើអ្នកណាស្រឡាញ់ព្រះ នោះព្រះស្គាល់អ្នកនោះ។
៤ ឥឡូវខ្ញុំសូមនិយាយអំពីការបរិភោគអាហារដែលគេសែនរូបព្រះ។ យើងដឹងថារូបព្រះមិនមែនជាអ្វីសោះ ហើយយើងក៏ដឹងថាមានព្រះតែមួយប៉ុណ្ណោះ។ ៥ ព្រោះទោះជាមានអ្នកនៅស្ថានសួគ៌ឬនៅផែនដីដែលគេហៅថា«ព្រះ» ដូចជាមាន«ព្រះ»ជាច្រើននិង«ម្ចាស់»ជាច្រើនក៏ដោយ ៦ ក៏ចំពោះយើងមានព្រះតែមួយទេ គឺជាបិតានៅស្ថានសួគ៌។ អ្វីៗទាំងអស់កើតមកពីលោក ហើយយើងរស់ដើម្បីលោក។ មានម្ចាស់តែមួយ គឺលោកយេស៊ូគ្រិស្ត។ អ្វីៗទាំងអស់កើតមកដោយសារលោក ហើយយើងក៏រស់ដោយសារលោកដែរ។
៧ ទោះជាយ៉ាងនោះក៏ដោយ មិនមែនមនុស្សទាំងអស់មានចំណេះនេះទេ តែរហូតដល់ឥឡូវនេះ អ្នកខ្លះនៅតែគិតអំពីរូបព្រះ ហើយពេលដែលអ្នកទាំងនោះបរិភោគអាហារ ពួកគេចាត់ទុកអាហារនោះថាជាសំណែន រួចដោយសារពួកគេមានសមត្ថភាពវិនិច្ឆ័យខ្សោយ នោះពួកគេក៏មានចិត្តសៅហ្មង។ ៨ ប៉ុន្តែអាហារនឹងមិនធ្វើឲ្យព្រះពេញចិត្តយើងទេ។ ប្រសិនបើយើងមិនបរិភោគ យើងមិនខាតអ្វីទេ ហើយប្រសិនបើយើងបរិភោគ យើងក៏គ្មានគុណបំណាច់អ្វីដែរ។ ៩ ប៉ុន្តែចូរប្រយ័ត្នជានិច្ច កុំឲ្យសិទ្ធិរបស់អ្នករាល់គ្នាទៅជាហេតុនាំឲ្យអ្នកដែលខ្សោយជំពប់ដួល។* ១០ ព្រោះប្រសិនបើមានអ្នកណាឃើញអ្នកដែលជាអ្នកមានចំណេះកំពុងអង្គុយបរិភោគនៅវិហារនៃរូបព្រះ នោះសមត្ថភាពវិនិច្ឆ័យរបស់អ្នកដែលខ្សោយនឹងនាំឲ្យគាត់ហ៊ានបរិភោគអាហារដែលគេពិតជាសែនរូបព្រះ មែនទេ? ១១ បើដូច្នេះ អ្នកកំពុងធ្វើឲ្យអ្នកដែលខ្សោយអន្តរាយ ដោយសារចំណេះរបស់អ្នក ហើយពួកគេគឺជាបងប្អូនរបស់អ្នកដែលគ្រិស្តបានស្លាប់ជំនួស។ ១២ ប៉ុន្តែពេលដែលអ្នករាល់គ្នាធ្វើខុស* ចំពោះបងប្អូនរបស់អ្នក ហើយបង្ខូចសមត្ថភាពដ៏ខ្សោយរបស់ពួកគាត់ក្នុងការវិនិច្ឆ័យ នោះអ្នកកំពុងធ្វើខុសចំពោះគ្រិស្ត។ ១៣ ដូច្នេះ ប្រសិនបើអាហារធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល ខ្ញុំនឹងមិនបរិភោគសាច់ទៀតឡើយ ដើម្បីកុំឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល។