សកម្មភាព
១៩ កាលដែលអាប៉ូឡុសនៅក្រុងកូរិនថូស ប៉ូលបានចុះទៅក្រុងអេភេសូរតាមផ្លូវមួយដែលនៅឆ្ងាយពីសមុទ្រ រួចបានរកឃើញពួកអ្នកកាន់តាមខ្លះនៅទីនោះ។ ២ ប៉ូលនិយាយទៅកាន់ពួកគាត់ថា៖ «ពេលដែលអ្នករាល់គ្នាបានទៅជាអ្នកជឿ តើបានទទួលសកម្មពល* បរិសុទ្ធទេ?»។ ពួកគាត់និយាយទៅប៉ូលថា៖ «យើងមិនធ្លាប់ឮអំពីសកម្មពលបរិសុទ្ធទេ»។ ៣ គាត់និយាយថា៖ «បើដូច្នេះ តើអ្នករាល់គ្នាបានទទួលការជ្រមុជទឹក* បែបណា?» ពួកគាត់និយាយថា៖ «យើងបានទទួលការជ្រមុជទឹករបស់យ៉ូហាន»។ ៤ ប៉ូលនិយាយថា៖ «យ៉ូហានបានជ្រមុជទឹកឲ្យគេ ដើម្បីបង្ហាញថាពួកគេបានប្រែចិត្ត ក៏ប្រាប់ពួកគេឲ្យជឿលើលោកដែលនឹងមកក្រោយគាត់ គឺលោកយេស៊ូ»។ ៥ ឮដូច្នេះ ពួកគាត់ទទួលការជ្រមុជទឹកដោយនូវនាមរបស់លោកម្ចាស់យេស៊ូ។ ៦ ហើយកាលដែលប៉ូលដាក់ដៃលើពួកគាត់ នោះពួកគាត់ទទួលសកម្មពលបរិសុទ្ធ ក៏ចាប់ផ្ដើមនិយាយភាសាផ្សេងៗនិងប្រកាសទំនាយ។ ៧ សរុបទាំងអស់មានបុរសប្រហែលដប់ពីរនាក់។
៨ ក្នុងអំឡុងបីខែ គាត់ចូលក្នុងសាលាប្រជុំ ហើយនិយាយយ៉ាងក្លាហាន ដោយថ្លែងសុន្ទរកថានិងខំបញ្ជាក់ហេតុផលដើម្បីឲ្យពួកគេជឿអំពីរាជាណាចក្ររបស់ព្រះ។ ៩ ប៉ុន្តែកាលដែលអ្នកខ្លះកាន់តែរឹងចចេសទៅៗ ហើយមិនព្រមជឿ ក៏និយាយអាក្រក់អំពីផ្លូវលោកម្ចាស់នៅមុខបណ្ដាជន នោះប៉ូលចេញពីពួកគេ ក៏យកពួកអ្នកកាន់តាមទៅជាមួយ ហើយថ្លែងសុន្ទរកថាជារៀងរាល់ថ្ងៃក្នុងសាលនៅសាលាទីរ៉ានុស។ ១០ នេះបានកើតឡើងអស់ពីរឆ្នាំ រហូតដល់អស់អ្នកដែលរស់នៅតំបន់អាស៊ី* ឮបណ្ដាំរបស់លោកម្ចាស់ ទាំងពួកយូដាទាំងពួកក្រិច។
១១ ម្ដងហើយម្ដងទៀត ព្រះបានធ្វើការដែលប្រកបទៅដោយឫទ្ធានុភាពតាមរយៈប៉ូល ១២ រហូតដល់គេគ្រាន់តែយកក្រណាត់ឬអៀមរបស់ប៉ូលទៅដល់អ្នកដែលឈឺ ជំងឺនោះក៏បានបាត់ ហើយវិញ្ញាណ* អាក្រក់បានចេញពីពួកគេទៅ។ ១៣ ប៉ុន្តែអ្នកខ្លះពីចំណោមជនជាតិយូដាដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ និងដែលធ្វើការបណ្ដេញវិញ្ញាណកំណាច ក៏ចាប់ផ្ដើមយកនាមលោកម្ចាស់យេស៊ូទៅប្រើចំពោះពួកអ្នកដែលមានវិញ្ញាណអាក្រក់ចូល ដោយនិយាយថា៖ «ខ្ញុំបង្គាប់ពួកអ្នកដោយនូវនាមរបស់លោកយេស៊ូដែលប៉ូលផ្សព្វផ្សាយ»។ ១៤ កូនប្រុសប្រាំពីរនាក់របស់សង្ឃនាយកជនជាតិយូដាម្នាក់ឈ្មោះស៊ីវ៉ា កំពុងធ្វើដូច្នេះ។ ១៥ ប៉ុន្តែវិញ្ញាណអាក្រក់នោះនិយាយទៅពួកគេថា៖ «ខ្ញុំស្គាល់យេស៊ូ ហើយដឹងថាប៉ូលជាអ្នកណា ប៉ុន្តែតើពួកអ្នកឯងជាអ្នកណា?»។ ១៦ លុះនិយាយចប់ហើយ បុរសដែលមានវិញ្ញាណអាក្រក់ចូលក៏លោតទៅវាយពួកគេ រហូតដល់ពួកគេរត់ចេញពីផ្ទះនោះទាំងរបួសហើយគ្មានសម្លៀកបំពាក់។ ១៧ ឯមនុស្សទាំងឡាយនៅក្រុងអេភេសូរ គឺទាំងពួកយូដាទាំងពួកក្រិចបានឮអំពីការនោះគ្រប់គ្នា រួចពួកគេទាំងអស់គ្នាក៏តាំងភ័យខ្លាច ហើយនាមរបស់លោកម្ចាស់យេស៊ូបន្តទទួលការសរសើរតម្កើង។ ១៨ មនុស្សជាច្រើននាក់ដែលបានក្លាយទៅជាអ្នកជឿបានមកសារភាពប្រាប់ពីការប្រព្រឹត្តរបស់ខ្លួនជាចំហ។ ១៩ មនុស្សជាច្រើនដែលចេះវេទមន្តបានយកសៀវភៅរបស់ពួកគេមកដាក់រួមគ្នា រួចដុតចោលនៅមុខគេទាំងអស់គ្នា។ ហើយពួកគេសរុបតម្លៃសៀវភៅទាំងនោះឃើញថាមានតម្លៃប្រាំម៉ឺនកាក់ធ្វើពីប្រាក់។ ២០ ដូច្នេះ បណ្ដាំរបស់ព្រះយេហូវ៉ាបន្តដុះដាលចម្រើនឡើង ហើយមានអំណាចខ្លាំងក្លា។
២១ បន្ទាប់ពីការទាំងនេះ ប៉ូលបានសម្រេចចិត្ត* ថា ក្រោយពីគាត់ធ្វើដំណើរកាត់ស្រុកម៉ាសេដូននិងស្រុកអាខេយ៉ា គាត់នឹងទៅក្រុងយេរូសាឡិម ដោយនិយាយថា៖ «ពេលខ្ញុំទៅដល់ហើយ ខ្ញុំក៏ត្រូវទៅមើលក្រុងរ៉ូមដែរ»។ ២២ ដូច្នេះ ប៉ូលចាត់អ្នកជួយពីរនាក់របស់គាត់ឲ្យទៅស្រុកម៉ាសេដូន គឺធីម៉ូថេនិងអេរ៉ាស្ទុស ប៉ុន្តែគាត់បានពន្យារពេលនៅតំបន់អាស៊ីមួយរយៈពេល។
២៣ នៅពេលនោះ ភាពជ្រួលច្របល់ជាខ្លាំងបានកើតឡើងដោយសារផ្លូវលោកម្ចាស់។ ២៤ ព្រោះបុរសម្នាក់ឈ្មោះដេមេទ្រាស ដែលជាជាងប្រាក់ បានជួយឲ្យពួកជាងទទួលកម្រៃជាច្រើន ដោយធ្វើរូបវិហារតូចៗរបស់ព្រះអាតេមីសពីប្រាក់ ២៥ ហើយគាត់ប្រមូលពួកគេនិងអ្នកឯទៀតដែលធ្វើការនេះ រួចនិយាយថា៖ «អ្នករាល់គ្នាដឹងច្បាស់ថា ពួកយើងចម្រុងចម្រើនដោយសារមុខរបរនេះឯង។ ២៦ ម្យ៉ាងទៀត អ្នករាល់គ្នាឃើញហើយឮថា ប៉ូលនេះបានបញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យមានគំនិតផ្សេង មិនត្រឹមតែនៅក្រុងអេភេសូរប៉ុណ្ណោះ ប៉ុន្តែសឹងតែគ្រប់កន្លែងនៅតំបន់អាស៊ី ដោយនិយាយថាព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ។ ២៧ មិនត្រឹមតែប៉ុណ្ណោះទេ តែមានអន្តរាយមួយអាចកើតដល់យើង គឺមុខរបររបស់យើងនេះនឹងលែងមានឈ្មោះល្អ ហើយវិហាររបស់ព្រះអាតេមីសដ៏ឧត្តុង្គឧត្តមនឹងត្រូវគេចាត់ទុកថាគ្មានតម្លៃសោះ។ សូម្បីតែភាពរុងរឿងរបស់នាង ដែលគេគោរពបូជានៅតំបន់អាស៊ីទាំងមូលនិងនៅគ្រប់ទីអាស្រ័យនៅផែនដី ក៏ហៀបនឹងវិនាសសាបសូន្យដែរ»។ ២៨ កាលដែលឮដូច្នេះ បុរសទាំងនោះក៏មានកំហឹងពុះពោរពេញក្នុងចិត្ត ហើយចាប់ផ្ដើមស្រែកឡើងថា៖ «ព្រះអាតេមីសនៃក្រុងអេភេសូរគឺឧត្តុង្គឧត្តម!»។
២៩ ដូច្នេះ ក្រុងនោះក៏ពេញទៅដោយភាពច្របូកច្របល់ ហើយពួកគេនាំគ្នាសម្រុកចូលកន្លែងមហោស្រព ដោយចាប់កៃយុសនិងអារីស្ដាក ជាអ្នកស្រុកម៉ាសេដូនដែលរួមដំណើរជាមួយប៉ូល រួចយកទៅជាមួយដោយកម្លាំង។ ៣០ ចំណែកប៉ូលវិញ គាត់ចង់ចូលទៅឯបណ្ដាជន ប៉ុន្តែពួកអ្នកកាន់តាមមិនឲ្យគាត់ចូលទេ។ ៣១ សូម្បីតែអ្នកខ្លះដែលជាអ្នកចាត់ចែងពិធីបុណ្យនិងការប្រកួតកីឡា ហើយដែលរាប់អានប៉ូល ក៏បានផ្ដាំអង្វរគាត់កុំឲ្យប្រថុយជីវិតចូលសាលមហោស្រពនោះ។ ៣២ តាមការពិត បណ្ដាជនខ្លះកំពុងស្រែកយ៉ាងនេះ ឯខ្លះទៀតកំពុងស្រែកយ៉ាងនោះ ព្រោះអង្គប្រជុំកំពុងច្របូកច្របល់ ហើយពួកគេភាគច្រើនមិនដឹងថាពួកគេបានមកជួបជុំគ្នាដើម្បីអ្វីទេ។ ៣៣ ដូច្នេះ ពួកគេនាំអាឡិចសង់ចេញពីបណ្ដាជនដោយមានជនជាតិយូដារុញគាត់ទៅមុខ រួចអាឡិចសង់លើកដៃធ្វើសញ្ញា ហើយចង់និយាយទៅបណ្ដាជន។ ៣៤ ប៉ុន្តែកាលដែលឃើញថាគាត់ជាជនជាតិយូដា ពួកគេទាំងអស់ស្រែកព្រមគ្នាអស់ពីរម៉ោង៖ «ព្រះអាតេមីសនៃក្រុងអេភេសូរគឺឧត្តុង្គឧត្តម!»។
៣៥ លុះអភិបាលក្រុងបានធ្វើឲ្យបណ្ដាជននៅស្ងៀមហើយ គាត់និយាយថា៖ «អ្នកក្រុងអេភេសូរអើយ មនុស្សជាតិទាំងអស់ដឹងថាក្រុងអេភេសូរជាអ្នករក្សាវិហាររបស់ព្រះអាតេមីសដ៏ឧត្តុង្គឧត្តមនិងរូបចម្លាក់ដែលបានធ្លាក់ពីលើមេឃ មែនទេ? ៣៦ ដូច្នេះ ដោយសារគ្មានអ្នកណាអាចតវ៉ាការទាំងនេះបាន នោះគប្បីឲ្យអ្នករាល់គ្នានៅស្ងៀម ហើយមិនធ្វើអ្វីដោយប្រញាប់ប្រញាល់ឡើយ។ ៣៧ ព្រោះអ្នករាល់គ្នាបានយកបុរសទាំងនេះមក ដែលមិនបានប្លន់វិហាររបស់យើង ក៏មិនបាននិយាយប្រមាថព្រះរបស់យើងដែរ។ ៣៨ ម្ល៉ោះហើយ ប្រសិនបើដេមេទ្រាសនិងពួកជាងដែលនៅជាមួយនឹងគាត់មានរឿងក្ដីជាមួយនឹងអ្នកណាម្នាក់ នោះមានថ្ងៃសម្រាប់វិនិច្ឆ័យក្ដី ហើយក៏មានអភិបាលខេត្ត ដូច្នេះ ចូរឲ្យពួកគេប្ដឹងគ្នាចុះ។ ៣៩ ក៏ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមានរឿងឯទៀតដែលចង់ប្ដឹង នោះត្រូវធ្វើក្នុងការប្រជុំដែលស្របច្បាប់។ ៤០ ពីព្រោះយើងអាចត្រូវគេចោទពីបទបំបះបំបោរដោយសារការនេះ ព្រោះគ្មានមូលហេតុណាមួយដែលយើងអាចប្រាប់ស្តីអំពីហេតុដែលមនុស្សមកប្រជុំគ្នាឥតសណ្ដាប់ធ្នាប់ដូច្នេះទេ»។ ៤១ លុះនិយាយការទាំងនេះចប់ហើយ គាត់រំសាយអង្គប្រជុំ។