យ៉ាកុប
៤ តើអ្វីបណ្ដាលឲ្យឈ្លោះប្រកែកនិងកើតមានវិវាទក្នុងចំណោមអ្នករាល់គ្នា? ការទាំងនោះបណ្ដាលមកពីអ្នករាល់គ្នាមានតណ្ហាដែលមិនចេះឆ្អែតឆ្អន់ ជាតណ្ហាដែលកំពុងប្រយុទ្ធក្នុងរូបកាយអ្នករាល់គ្នា មែនទេ? ២ អ្នករាល់គ្នាចង់បាន តែមិនបានទទួលទេ។ អ្នករាល់គ្នាចេះតែសម្លាប់និងប៉ងប្រាថ្នាចង់បានរបស់អ្នកឯទៀត តែមិនអាចទទួលបានទេ។ អ្នករាល់គ្នាចេះតែកើតវិវាទនឹងគ្នា ហើយឈ្លោះប្រកែកគ្នា។ អ្នករាល់គ្នាមិនបានទទួលដោយសារមិនបានសុំ។ ៣ ពេលដែលអ្នករាល់គ្នាសុំ នោះមិនបានទទួលទេ ពីព្រោះអ្នករាល់គ្នាសុំដោយមានបំណងអាក្រក់ ពោលគឺ ចង់សុំអ្វីដែលចម្អែតតណ្ហារបស់អ្នករាល់គ្នា។
៤ មនុស្សផិតក្បត់អើយ តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តរបស់ពិភពលោកនេះ មានន័យថាធ្វើជាសត្រូវរបស់ព្រះ? ដូច្នេះ អ្នកណាដែលចង់ធ្វើជាមិត្តរបស់ពិភពលោកនេះ អ្នកនោះតាំងខ្លួនជាសត្រូវរបស់ព្រះហើយ។ ៥ ឬតើអ្នករាល់គ្នាគិតថាបទគម្ពីរចែងឥតប្រយោជន៍ថា៖ «ដោយសារយើងមានភាពទោរទន់ទៅរកការច្រណែន នោះយើងតែងតែប៉ងប្រាថ្នាចង់បានអ្វីផ្សេងៗ»? ៦ ក៏ប៉ុន្តែគុណដ៏វិសេសលើសលប់ដែលព្រះផ្ដល់ឲ្យ គឺខ្លាំងជាង។ ដូច្នេះ បទគម្ពីរចែងថា៖ «ព្រះប្រឆាំងមនុស្សក្រអឺតក្រទម តែលោកផ្ដល់គុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប»។
៧ ហេតុនេះ ចូរចុះចូលនឹងព្រះ តែចូរតស៊ូនឹងមេកំណាច* រួចវានឹងរត់ចេញពីអ្នករាល់គ្នា។ ៨ ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ។ ពួកអ្នកប្រព្រឹត្តអំពើខុសឆ្គងអើយ ចូរសម្អាតដៃអ្នករាល់គ្នា ហើយពួកអ្នកដែលមានចិត្តពីរអើយ ចូរសម្អាតចិត្តអ្នករាល់គ្នា។ ៩ ចូរកើតទុក្ខ ហើយយំសោកចុះ។ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាក្លាយទៅជាការយំសោក ហើយអំណរក្លាយទៅជាការព្រួយចិត្តវិញ។ ១០ ចូរបន្ទាបខ្លួននៅចំពោះមុខព្រះយេហូវ៉ាចុះ ហើយលោកនឹងតម្កើងអ្នករាល់គ្នា។
១១ បងប្អូនអើយ ឈប់និយាយអាក្រក់ពីគ្នាទៅវិញទៅមក។ អ្នកណាដែលនិយាយអាក្រក់អំពីបងប្អូនឬវិនិច្ឆ័យបងប្អូន អ្នកនោះនិយាយអាក្រក់អំពីច្បាប់ ហើយវិនិច្ឆ័យច្បាប់។ ឥឡូវ ប្រសិនបើអ្នកវិនិច្ឆ័យច្បាប់ អ្នកមិនមែនជាអ្នកប្រព្រឹត្តតាមច្បាប់ទេ តែជាចៅក្រមវិញ។ ១២ លោកដែលបង្កើតច្បាប់និងជាចៅក្រមមានតែមួយទេ គឺលោកដែលអាចសង្គ្រោះនិងអាចបំផ្លាញ។ ប៉ុន្តែអ្នកវិញ តើអ្នកជាអ្នកណាបានជាវិនិច្ឆ័យអ្នកជិតខាងរបស់ខ្លួន?
១៣ ឯអ្នករាល់គ្នាដែលនិយាយថា៖ «ថ្ងៃនេះឬថ្ងៃស្អែក យើងនឹងទៅក្រុងនេះឬក្រុងនោះ រួចស្នាក់នៅទីនោះមួយឆ្នាំ ហើយរកស៊ីបានចំណេញ» សូមគិតទៅមើល ១៤ អ្នករាល់គ្នាមិនដឹងថាជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេនៅថ្ងៃស្អែក។ ព្រោះអ្នករាល់គ្នាជាអ័ព្ទដែលនៅតែមួយរយៈពេលខ្លី រួចបាត់ទៅ។ ១៥ ផ្ទុយទៅវិញ អ្នករាល់គ្នាគួរនិយាយថា៖ «ប្រសិនបើជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ា យើងនឹងរស់ ហើយធ្វើការនេះឬការនោះ»។ ១៦ ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាមានមោទនភាពដោយសារការអួតអាងរបស់អ្នករាល់គ្នា។ មោទនភាពទាំងអស់បែបនេះគឺទុច្ចរិត។ ១៧ ដូច្នេះ ប្រសិនបើអ្នកណាចេះធ្វើអ្វីដែលត្រឹមត្រូវ តែបែរជាមិនធ្វើទៅវិញ នោះជាការខុសឆ្គងហើយ។