ហេប្រឺ
៩ ឯកិច្ចព្រមព្រៀងមុន ធ្លាប់មានបទបញ្ជាអំពីការបំពេញកិច្ចបម្រើពិសិដ្ឋហើយធ្លាប់មានកន្លែងបរិសុទ្ធនាផែនដីនេះ។ ២ ព្រោះបន្ទប់ទីមួយបានត្រូវរៀបចំ ដោយមានជើងចង្កៀង ព្រមទាំងតុ និងនំប៉័ងដែលត្រូវដាក់តាំងជាគ្រឿងបូជា។ ឯបន្ទប់នោះបានត្រូវហៅថា«កន្លែងបរិសុទ្ធ»។ ៣ ប៉ុន្តែខាងក្រោយវាំងននទីពីរ មានបន្ទប់ដែលត្រូវហៅថា«កន្លែងបរិសុទ្ធបំផុត»។ ៤ បន្ទប់នេះមានប្រដាប់ធ្វើពីមាសសម្រាប់ដុតគ្រឿងក្រអូប ព្រមទាំងហឹបស្រោបមាស ជាហឹបនៃកិច្ចព្រមព្រៀង ក្នុងហឹបនោះមាននំម៉ាណាក្នុងក្រឡមាសមួយ ថែមទាំងដំបងរបស់អេរ៉ុនដែលបែកពន្លក ហើយក៏មានបន្ទះថ្មដែលមានកិច្ចព្រមព្រៀង។ ៥ ប៉ុន្តែនៅលើហឹបនោះមានរូបចេរូប៊ីន* ពីរដ៏រុងរឿងដែលចោលស្រមោលលើគម្រប* នៃហឹបនោះ តែយើងមិនត្រូវរៀបរាប់យ៉ាងល្អិតល្អន់អំពីរឿងទាំងនេះនៅពេលនេះទេ។
៦ ក្រោយពីរបស់ទាំងនោះបានត្រូវរៀបចំតាមរបៀបនេះហើយ ពួកសង្ឃរមែងចូលក្នុងបន្ទប់ទីមួយនៃត្រសាលដើម្បីបំពេញកិច្ចបម្រើពិសិដ្ឋ។ ៧ ប៉ុន្តែមានតែសម្ដេចសង្ឃប៉ុណ្ណោះដែលចូលក្នុងបន្ទប់ទីពីរ គាត់ចូលមួយដងក្នុងមួយឆ្នាំ ហើយគាត់ត្រូវយកឈាមទៅជាមួយ។ គាត់បូជាឈាមនោះសម្រាប់ការខុសឆ្គងរបស់គាត់ ព្រមទាំងការខុសឆ្គងដែលបណ្ដាជនបានប្រព្រឹត្តដោយមិនដឹងខ្លួន។ ៨ ដូច្នេះ សកម្មពល* បរិសុទ្ធបញ្ជាក់យ៉ាងច្បាស់ថា កាលដែលនៅមានត្រសាលដំបូង ផ្លូវចូលកន្លែងបរិសុទ្ធ* មិនទាន់ត្រូវបើកនៅឡើយ។ ៩ ត្រសាលនោះឯងជានិមិត្តរូប* ដែលទាក់ទងនឹងពេលកំណត់ដែលបានមកដល់ ហើយរហូតដល់ពេលនេះ នៅតែមានការជូនជំនូននិងគ្រឿងបូជា។ ក៏ប៉ុន្តែរបស់ទាំងនោះមិនអាចធ្វើឲ្យសមត្ថភាពវិនិច្ឆ័យរបស់បុរសដែលបំពេញកិច្ចបម្រើពិសិដ្ឋនោះឈប់ផ្ដន្ទាទោសខ្លួនគាត់ទាំងស្រុងនោះឡើយ ១០ ប៉ុន្តែជំនូននិងគ្រឿងបូជាទាំងនោះទាក់ទងនឹងអាហារ ភេសជ្ជៈ និងការជ្រមុជទឹកផ្សេងៗ* តែប៉ុណ្ណោះ។ ការទាំងនោះជាតម្រូវការនៃច្បាប់ដែលទាក់ទងនឹងរូបកាយ ហើយការទាំងនោះបានត្រូវតម្រូវរហូតដល់ពេលកំណត់សម្រាប់ការកែលម្អ។
១១ ក៏ប៉ុន្តែពេលដែលគ្រិស្តបានមកក្នុងឋានៈជាសម្ដេចសង្ឃដែលផ្ដល់ពរទាំងប៉ុន្មានដែលយើងបានទទួលហើយ ដោយចូលក្នុងត្រសាលដ៏រឹតតែឧត្តុង្គឧត្តមនិងល្អឥតខ្ចោះជាង ជាត្រសាលដែលដៃមនុស្សមិនបានធ្វើ គឺថា មិនមែនជាអ្វីដែលបានត្រូវបង្កើតឡើងក្នុងពិភពលោកនេះ ១២ លោកមិនបានចូលដោយយកឈាមពពែនិងគោស្ទាវទេ ប៉ុន្តែលោកបានយកឈាមរបស់លោកផ្ទាល់ចូលក្នុងកន្លែងបរិសុទ្ធមួយដងជាការស្រេច ហើយបានទទួលយកសេចក្ដីសង្គ្រោះដែលគ្មានទីបញ្ចប់ដើម្បីជាប្រយោជន៍ដល់យើង។ ១៣ ព្រោះប្រសិនបើការប្រោះឈាមពពែ ឈាមគោស្ទាវ និងផេះគោញីទៅលើអ្នកដែលស្មោកគ្រោកជម្រះសាច់ឈាមរបស់ពួកគេឲ្យទៅជាស្អាតបរិសុទ្ធទៅហើយ ១៤ នោះឈាមរបស់គ្រិស្ត ដែលបានប្រគល់ខ្លួនលោកដែលឥតខ្ចោះទៅព្រះ ក្រោមការដឹកនាំនៃសកម្មពលដែលស្ថិតស្ថេរជារៀងរហូត ប្រាកដជានឹងជម្រះសមត្ថភាពវិនិច្ឆ័យរបស់យើងឲ្យស្អាតពីការប្រព្រឹត្តដ៏ឥតប្រយោជន៍ ដើម្បីឲ្យយើងបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះដែលមានជីវិតរស់នៅ។
១៥ ហេតុនេះហើយបានជាលោកជាអ្នកសម្រុះសម្រួលក្នុងកិច្ចព្រមព្រៀងថ្មី។ លោកបានទទួលតំណែងនេះដើម្បីអ្នកដែលបានត្រូវហៅអាចទទួលសេចក្ដីសន្យាអំពីមត៌កដែលស្ថិតស្ថេរជារៀងរហូត។ ការទាំងអស់នេះអាចកើតឡើងបានដោយសារមរណភាពរបស់លោក ដែលបានលោះពួកគេពីការរំលងរបស់ពួកគេនៅក្រោមកិច្ចព្រមព្រៀងមុន។ ១៦ ព្រោះពេលណាមានកិច្ចព្រមព្រៀងជាមួយនឹងព្រះ មនុស្សដែលធ្វើកិច្ចព្រមព្រៀងនោះត្រូវតែស្លាប់។ ១៧ ព្រោះកិច្ចព្រមព្រៀងគ្មានសុពលភាពទេ ដរាបណាមនុស្សដែលធ្វើកិច្ចព្រមព្រៀងនោះនៅរស់ ដោយសារសុពលភាពនៃកិច្ចព្រមព្រៀងមានមូលដ្ឋានលើសេចក្ដីស្លាប់។ ១៨ ហេតុនេះ កិច្ចព្រមព្រៀងមុនក៏មិនបានចាប់ផ្ដើមមានសុពលភាពដោយគ្មានឈាមដែរ។ ១៩ ព្រោះក្រោយពីម៉ូសេបានប្រាប់បញ្ញត្ដិទាំងអស់ក្នុងច្បាប់ដល់បណ្ដាជន នោះគាត់យកឈាមគោស្ទាវ ឈាមពពែ ព្រមទាំងទឹក រោមចៀមពណ៌ក្រហមឆ្អៅ និងដើមហ៊ីសុប មកប្រោះលើសៀវភៅកិច្ចព្រមព្រៀងព្រមទាំងបណ្ដាជន ២០ ដោយនិយាយថា៖ «នេះជាឈាមនៃកិច្ចព្រមព្រៀងដែលព្រះបានបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម»។ ២១ រួចគាត់យកឈាមនោះ មកប្រោះលើត្រសាលនិងប្រដាប់ប្រដាទាំងអស់សម្រាប់កិច្ចបម្រើសាធារណៈ។ ២២ ពិតមែនហើយ តាមច្បាប់ ស្ទើរតែគ្រប់របស់ទាំងអស់ត្រូវសម្អាតដោយឈាម ហើយបើគ្មានការច្រួចឈាមទេ នោះគ្មានការអភ័យទោសចំពោះការខុសឆ្គងឡើយ។
២៣ ដូច្នេះ គឺចាំបាច់ឲ្យសម្អាតរបស់ដែលជានិមិត្តរូបនៃអ្វីៗនៅស្ថានសួគ៌ដោយឈាមរបស់សត្វដែលជាគ្រឿងបូជា ប៉ុន្តែអ្វីៗនៅស្ថានសួគ៌ត្រូវសម្អាតដោយគ្រឿងបូជាដែលប្រសើរជាងសត្វ។ ២៤ ព្រោះគ្រិស្តមិនបានចូលក្នុងកន្លែងបរិសុទ្ធដែលធ្វើដោយដៃមនុស្ស ហើយដែលយកគំរូតាមអ្វីដែលពិតប្រាកដនោះទេ ប៉ុន្តែលោកបានចូលក្នុងស្ថានសួគ៌តែម្ដង ដើម្បីបង្ហាញខ្លួននៅចំពោះមុខព្រះផ្ទាល់ ដើម្បីយើង។ ២៥ លោកក៏មិនបានចូលដើម្បីប្រគល់ខ្លួនជាច្រើនដង ដូចសម្ដេចសង្ឃដែលចូលក្នុងកន្លែងបរិសុទ្ធរៀងរាល់ឆ្នាំដោយយកឈាមដែលមិនមែនជាឈាមរបស់ខ្លួន។ ២៦ ពុំនោះ លោកត្រូវរងទុក្ខជាច្រើនដងតាំងពីកំណើតពិភពលោក។ ប៉ុន្តែលោកបានមកមួយដងជាការស្រេចនៅគ្រាចុងបញ្ចប់នៃរបៀបរបបនានា ដើម្បីបំបាត់ភាពខុសឆ្គងដោយប្រគល់ខ្លួនជាគ្រឿងបូជា។ ២៧ ហើយដូចមនុស្សបានត្រូវកំណត់ឲ្យស្លាប់មួយដងជាការស្រេច តែក្រោយពីនោះមានការវិនិច្ឆ័យសេចក្ដី ២៨ នោះគ្រិស្តបានប្រគល់ខ្លួនលោកមួយដងជាការស្រេចដែរ ដើម្បីទទួលយកការខុសឆ្គងរបស់មនុស្សជាច្រើន ហើយពេលដែលលោកលេចមកជាលើកទីពីរ លោកមិនទទួលយកភាពខុសឆ្គងទេ តែលោកលេចមកឲ្យពួកអ្នកដែលកំពុងស្វះស្វែងរកលោកដើម្បីទទួលសេចក្ដីសង្គ្រោះ ឃើញលោក។