ម៉ាថាយ
៦ «ចូរប្រយ័ត្ន កុំប្រព្រឹត្តអំពើសុចរិតនៅមុខមនុស្សដើម្បីឲ្យគេឃើញឡើយ ពីព្រោះបើប្រព្រឹត្តដូច្នោះ អ្នករាល់គ្នានឹងមិនទទួលរង្វាន់ពីបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ទេ។ ២ ម្ល៉ោះហើយ ពេលដែលអ្នកធ្វើទាន កុំផ្លុំត្រែមុនឡើយ ព្រោះនោះជាអ្វីដែលមនុស្សលាក់ពុតធ្វើនៅសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យអ្នកឯទៀតកោតសរសើរពួកគេ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកគេបានទទួលរង្វាន់គ្រប់សព្វហើយ។ ៣ ប៉ុន្តែ កាលណាអ្នកធ្វើទាន កុំឲ្យដៃឆ្វេងរបស់អ្នកដឹងអំពីអ្វីដែលដៃស្ដាំកំពុងធ្វើឡើយ ៤ ដើម្បីឲ្យអ្នកអាចធ្វើទានដោយស្ងាត់កំបាំង រួចបិតារបស់អ្នក ដែលកំពុងមើលពីទីស្ងាត់កំបាំងនឹងផ្ដល់រង្វាន់ឲ្យអ្នក។
៥ «ម្យ៉ាងទៀត ពេលដែលអ្នករាល់គ្នាអធិដ្ឋាន អ្នកមិនត្រូវធ្វើដូចមនុស្សលាក់ពុតទេ ពីព្រោះពួកគេចូលចិត្តឈរអធិដ្ឋានក្នុងសាលាប្រជុំ ហើយនៅកាច់ជ្រុងផ្លូវធំៗ ដើម្បីឲ្យមនុស្សឃើញ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកគេបានទទួលរង្វាន់គ្រប់សព្វហើយ។ ៦ ក៏ប៉ុន្តែ ពេលដែលអ្នកអធិដ្ឋាន ចូរចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួនហើយបិទទ្វារ សឹមអធិដ្ឋានជម្រាបបិតារបស់អ្នក ដែលស្ថិតនៅទីស្ងាត់កំបាំង។ នោះបិតារបស់អ្នក ដែលមើលពីទីស្ងាត់កំបាំងនឹងផ្ដល់រង្វាន់ឲ្យអ្នក។ ៧ ក៏ប៉ុន្តែ ពេលដែលអធិដ្ឋាន កុំពោលពាក្យដដែលៗ ដូចជនជាតិដទៃឡើយ ព្រោះពួកគេនឹកស្មានថា ព្រះនឹងស្ដាប់ពួកគេដោយសារបានពោលពាក្យជាច្រើន។ ៨ ដូច្នេះ កុំធ្វើតាមពួកគេឡើយ ព្រោះព្រះដែលជាបិតារបស់អ្នករាល់គ្នាជ្រាបពីអ្វីដែលអ្នកត្រូវការ មុនអ្នកសុំទៅទៀត។
៩ «ដូច្នេះ អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖
«‹ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។ ១០ សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ ១១ សូមផ្ដល់អាហារ* ដែលយើងត្រូវការសម្រាប់ថ្ងៃនេះ។ ១២ សូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង ដូចយើងបានអភ័យទោសឲ្យអ្នកដែលបានធ្វើខុសនឹងយើងដែរ។* ១៣ សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ* តែសូមសង្គ្រោះយើងឲ្យរួចពីមេកំណាចវិញ›។
១៤ «ពីព្រោះ បើអ្នកអភ័យទោសចំពោះកំហុសរបស់អ្នកឯទៀត នោះបិតារបស់អ្នកដែលនៅស្ថានសួគ៌ក៏នឹងអភ័យទោសឲ្យអ្នកដែរ។ ១៥ ក៏ប៉ុន្តែ បើអ្នករាល់គ្នាមិនអភ័យទោសចំពោះកំហុសរបស់អ្នកឯទៀតទេ នោះបិតារបស់អ្នកក៏មិនអភ័យទោសចំពោះកំហុសរបស់អ្នកដែរ។
១៦ «កាលណាអ្នកតមអាហារ ឈប់ធ្វើមុខស្រងូតដូចមនុស្សលាក់ពុត ពីព្រោះពួកគេធ្វើឲ្យមុខមិនស្អាត ដើម្បីឲ្យមនុស្សឃើញថាពួកគេកំពុងតមអាហារ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកគេបានទទួលរង្វាន់គ្រប់សព្វហើយ។ ១៧ ប៉ុន្តែអ្នករាល់គ្នាវិញ កាលណាអ្នកតមអាហារ ចូរលាបប្រេងលើក្បាល* ហើយលុបមុខផង ១៨ ដើម្បីកុំឲ្យមនុស្សឃើញថាអ្នកកំពុងតមអាហារឡើយ តែដើម្បីឲ្យបិតារបស់អ្នកដែលនៅទីស្ងាត់កំបាំងឃើញវិញ។ នោះបិតារបស់អ្នក ដែលមើលពីទីស្ងាត់កំបាំងនឹងផ្ដល់រង្វាន់ឲ្យអ្នក។
១៩ «ឈប់ប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួននៅផែនដី ជាកន្លែងដែលសត្វល្អិតនិងច្រែះស៊ីបំផ្លាញ និងចោរចូលលួច។ ២០ ចូរប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ ជាកន្លែងដែលសត្វល្អិតនិងច្រែះមិនស៊ីបំផ្លាញ ហើយចោរមិនអាចចូលលួចឡើយ។ ២១ ព្រោះទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។
២២ «ភ្នែកជាចង្កៀងនៃរូបកាយ។ ប្រសិនបើភ្នែករបស់អ្នកមើលរបស់តែមួយ* នោះរូបកាយទាំងមូលរបស់អ្នកនឹងបានភ្លឺ។ ២៣ ប៉ុន្តែ បើភ្នែករបស់អ្នកសម្លឹងមើលអ្វីដែលទុច្ចរិត* នោះរូបកាយទាំងមូលរបស់អ្នកនឹងងងឹតវិញ។ ប្រសិនបើពន្លឺដែលនៅក្នុងអ្នក តាមពិតជាភាពងងឹតវិញ នោះជាភាពងងឹតក្រៃលែង!
២៤ «គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ ព្រោះអ្នកនោះនឹងស្រឡាញ់ម្ចាស់មួយហើយស្អប់ម្ចាស់មួយ ឬក៏ស្មោះត្រង់នឹងម្ចាស់មួយហើយមើលងាយម្ចាស់មួយ។ អ្នករាល់គ្នាមិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ។
២៥ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ឈប់ខ្វល់ខ្វាយអំពីជីវិត* ខ្លួនថា នឹងបានអ្វីបរិភោគឬផឹក ហើយឈប់ខ្វល់ខ្វាយអំពីរូបកាយថា នឹងបានអ្វីស្លៀកពាក់ដែរ។ ជីវិតមានតម្លៃជាងអាហារ ហើយរូបកាយមានតម្លៃជាងសម្លៀកបំពាក់ មែនទេ? ២៦ ចូរសង្កេតមើលសត្វស្លាបនៅលើមេឃ ព្រោះវាមិនសាបព្រោះ ច្រូតកាត់ ឬក៏ប្រមូលផលទុកក្នុងជង្រុកឡើយ តែបិតារបស់អ្នករាល់គ្នាដែលស្ថិតនៅស្ថានសួគ៌ផ្ដល់ចំណីឲ្យវា។ តើអ្នកមិនមានតម្លៃជាងសត្វស្លាបទាំងនោះទៅទៀតទេឬ? ២៧ បើអ្នកខ្វល់ខ្វាយ តើអ្នកអាចធ្វើឲ្យអាយុជីវិតខ្លួនវែងជាង សូម្បីតែបន្ដិច* បានឬទេ? ២៨ ម្យ៉ាងទៀត ហេតុអ្វីអ្នកខ្វល់ខ្វាយអំពីសម្លៀកបំពាក់? ចូរទាញយកមេរៀនពីរបៀបដែលផ្កានៅឯវាលដុះឡើង។ វាមិនធ្វើការនឿយហត់ទេ ក៏មិនត្បាញរវៃដែរ។ ២៩ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនកាលដែលតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង។ ៣០ ម្ល៉ោះហើយ ព្រះតុបតែងរុក្ខជាតិដែលដុះនៅឯវាលថ្ងៃនេះ ហើយត្រូវបោះទៅក្នុងឡនៅថ្ងៃស្អែក។ បើដូច្នេះ ព្រះនឹងផ្ដល់សម្លៀកបំពាក់លើសជាងនោះទៅទៀតឲ្យអ្នករាល់គ្នា ដែលជាអ្នកមានជំនឿតិច មែនទេ? ៣១ ដូច្នេះ កុំខ្វល់ខ្វាយឲ្យសោះថា៖ ‹តើយើងនឹងបានអ្វីបរិភោគ?› ឬ‹តើយើងនឹងបានអ្វីផឹក?› ឬក៏‹តើយើងនឹងបានអ្វីស្លៀកពាក់?› ៣២ ព្រោះរបស់ទាំងនេះជាអ្វីដែលជនជាតិដទៃកំពុងស្វះស្វែងរក។ បិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ដឹងថាអ្នកត្រូវការរបស់ទាំងនេះ។
៣៣ «ដូច្នេះ ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក។ ៣៤ ម្ល៉ោះហើយ កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក។ សេចក្ដីអាក្រក់នៅថ្ងៃនីមួយៗ គឺល្មមសម្រាប់ថ្ងៃនោះហើយ។