ការបើកបង្ហាញ
១២ និមិត្តរូបដ៏សំខាន់មួយបានលេចមកនៅស្ថានសួគ៌ គឺស្ត្រីមួយរូបដណ្ដប់ថ្ងៃ ហើយខែនៅខាងក្រោមជើងរបស់នាង ឯក្បាលនាងមានមកុដធ្វើពីផ្កាយដប់ពីរ ២ នាងមានផ្ទៃពោះ ហើយក៏ស្រែកឡើងដោយឈឺចាប់និងដោយកើតទុក្ខយ៉ាងខ្លាំងពេលដែលសម្រាលកូន។
៣ មាននិមិត្តរូបមួយទៀតលេចមកនៅស្ថានសួគ៌ ហើយមើល! នាគដ៏ធំមួយដែលមានសម្បុរក្រហមដូចភ្លើង ហើយមានក្បាលប្រាំពីរនិងស្នែងដប់ ហើយក្បាលរបស់វាមានមកុដប្រាំពីរ ៤ កន្ទុយរបស់វាទាញមួយភាគបីនៃផ្កាយលើមេឃ ហើយបោះទៅផែនដី។ នាគនោះបានឈរនៅមុខស្ត្រីដែលហៀបនឹងសម្រាលកូន ដើម្បីវាអាចលេបត្របាក់កូនរបស់នាង កាលណានាងសម្រាលកូនហើយ។
៥ បន្ទាប់មក នាងសម្រាលកូនប្រុសមួយ ដែលជាបុរសដែលត្រូវឃ្វាលប្រជាជាតិទាំងឡាយដោយដំបងដែក។ ឯកូនរបស់នាងបានត្រូវយកយ៉ាងលឿនទៅឯព្រះនិងបល្ល័ង្ករបស់លោក។ ៦ រួចស្ត្រីនោះបានរត់ទៅតំបន់ស្ងាត់ជ្រងំ។ នៅទីនោះមានកន្លែងដែលព្រះបានរៀបចំសម្រាប់នាង ដើម្បីនាងអាចទទួលអាហារបរិភោគនៅទីនោះ អស់មួយពាន់ពីររយហុកសិបថ្ងៃ។
៧ សង្គ្រាមបានផ្ទុះឡើងនៅស្ថានសួគ៌៖ មីកែលនិងបណ្ដាទេវតារបស់លោកបានច្បាំងនឹងនាគនិងបណ្ដាទេវតារបស់វា ៨ ប៉ុន្តែវាមិនបានឈ្នះទេ ហើយមិនមានកន្លែងសម្រាប់ពួកវានៅស្ថានសួគ៌ទៀតឡើយ។ ៩ ដូច្នេះ នាគដ៏ធំបានត្រូវបោះទម្លាក់ គឺពស់ដំបូងបង្អស់ ជាអ្នកដែលត្រូវហៅថាមេកំណាចនិងសាថាន* និងជាអ្នកដែលកំពុងបំភាន់ពិភពលោកទាំងមូល វាបានត្រូវបោះទម្លាក់ទៅផែនដី ហើយបណ្ដាទេវតារបស់វាក៏បានត្រូវបោះទម្លាក់ទៅជាមួយនឹងវាដែរ។ ១០ រួចមក ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងពីលើមេឃ* ថា៖
«មើល! ព្រះបាននាំមកនូវសេចក្ដីសង្គ្រោះ! ឫទ្ធានុភាពរបស់លោកបានទទួលជ័យជម្នះ! រាជាណាចក្ររបស់លោកបានត្រូវស្ថាបនាឡើង! គ្រិស្តរបស់លោកចាប់ផ្ដើមកាន់អំណាចហើយ! ពីព្រោះអ្នកដែលចោទប្រកាន់បងប្អូនរបស់យើងបានត្រូវបោះទម្លាក់ទៅ គឺជាអ្នកដែលចោទប្រកាន់ពួកគេទាំងយប់ទាំងថ្ងៃ! ១១ ហើយពួកគេបានឈ្នះអ្នកនោះ ដោយសារឈាមរបស់កូនចៀម និងអ្វីដែលពួកគេប្រកាស* ហើយទោះជាពួកគេប្រឈមមុខនឹងសេចក្ដីស្លាប់ក៏ដោយ ក៏ពួកគេមិនបានស្រឡាញ់ជីវិត* ខ្លួនឡើយ។ ១២ ហេតុនេះ ស្ថានសួគ៌និងអស់អ្នកដែលអាស្រ័យនៅស្ថានសួគ៌អើយ ចូររីករាយចុះ តែវេទនាដល់ផែនដី និងសមុទ្រ ពីព្រោះមេកំណាចបានចុះទៅឯអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលតែបន្ដិចបន្តួច»។
១៣ ពេលដែលនាគឃើញថាវាបានត្រូវបោះទម្លាក់ទៅផែនដី នោះវាបៀតបៀនស្ត្រីនោះដែលបានសម្រាលកូនប្រុស។ ១៤ ប៉ុន្តែស្ត្រីនោះបានទទួលស្លាបដ៏ធំពីរ ពីឥន្ទ្រី ដើម្បីឲ្យនាងហោះទៅតំបន់ស្ងាត់ជ្រងំ ហើយនៅទីនោះនាងនឹងទទួលអាហារបរិភោគមួយគ្រា ពីរគ្រា និងកន្លះគ្រា នៅឆ្ងាយពីមុខរបស់ពស់។
១៥ ពស់នោះបញ្ចេញទឹកច្រើនដូចទន្លេចេញពីមាត់វាឲ្យហូរតាមស្ត្រីនោះ ដើម្បីធ្វើឲ្យនាងលង់ទឹកទន្លេនោះ។ ១៦ ប៉ុន្តែផែនដីមកជួយនាង ហើយផែនដីហាមាត់លេបទឹកទន្លេដែលនាគនោះបានបញ្ចេញពីមាត់វា។ ១៧ រួចនាគនោះចាប់ផ្ដើមខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងពួកអ្នកដែលនៅសល់ពីពូជរបស់នាង ជាអ្នកដែលកាន់តាមបញ្ញត្ដិរបស់ព្រះ និងជាអ្នកដែលមានកិច្ចការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ។