ភីលីព
៣ ក្រោយបង្អស់ បងប្អូនខ្ញុំអើយ ចូរបន្តអរសប្បាយដោយសារលោកម្ចាស់។ ពិតមែនតែខ្ញុំសរសេរសេចក្ដីដដែលទៅកាន់អ្នករាល់គ្នា ប៉ុន្តែនេះមិនធ្វើឲ្យខ្ញុំពិបាកទេ ផ្ទុយទៅវិញ គឺជួយការពារអ្នករាល់គ្នា។
២ ចូរប្រុងប្រយ័ត្ននឹងពួកឆ្កែ ចូរប្រុងប្រយ័ត្ននឹងពួកអ្នកដែលធ្វើឲ្យអន្តរាយ ចូរប្រុងប្រយ័ត្ននឹងពួកអ្នកដែលកាត់សាច់។* ៣ ព្រោះយើងជាអ្នកដែលបានទទួលការកាត់ចុងស្បែក* ពិតប្រាកដ និងកំពុងបំពេញកិច្ចបម្រើពិសិដ្ឋដោយសកម្មពល* របស់ព្រះ ហើយយើងមានមោទនភាពអំពីគ្រិស្ត ក៏មិនជឿជាក់ទៅលើអ្វីៗដែលមកពីមនុស្សឡើយ។ ៤ ប៉ុន្តែបើចង់និយាយអំពីការជឿជាក់លើអ្វីៗដែលមកពីមនុស្ស ខ្ញុំមានហេតុជឿជាក់ច្រើនជាងអ្នកឯទៀត។
បើបុរសណាផ្សេងទៀតនឹកស្មានថាគាត់មានហេតុជឿជាក់លើអ្វីៗដែលមកពីមនុស្ស ខ្ញុំមានហេតុច្រើនជាងគាត់ទៅទៀត៖ ៥ ខ្ញុំបានទទួលការកាត់ចុងស្បែកនៅថ្ងៃទីប្រាំបី បានកើតមកជាជនជាតិអ៊ីស្រាអែលពីកុលសម្ព័ន្ធបេនយ៉ាមីន មានដើមកំណើតជាហេប្រឺ ហើយឪពុកម្ដាយមានដើមកំណើតជាហេប្រឺដែរ។ បើចង់និយាយអំពីច្បាប់ ខ្ញុំជាផារិស៊ី* ៦ បើចង់និយាយអំពីចិត្តខ្នះខ្នែង ខ្ញុំបានបៀតបៀនក្រុមជំនុំ បើចង់និយាយអំពីការធ្វើជាមនុស្សសុចរិតតាមរយៈច្បាប់ ខ្ញុំគ្មានកន្លែងបន្ទោសសោះ។ ៧ ក៏ប៉ុន្តែអ្វីៗដែលធ្លាប់មានប្រយោជន៍ចំពោះខ្ញុំ ខ្ញុំចាត់ទុកថាខាតដោយសារគ្រិស្ត។ ៨ ខ្ញុំចាត់ទុកអ្វីៗទាំងអស់ថាខាត ដោយសារតម្លៃលើសលប់នៃចំណេះអំពីគ្រិស្តយេស៊ូជាម្ចាស់របស់ខ្ញុំ។ ដោយសារលោក ខ្ញុំបានសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយក៏ចាត់ទុកជាសំរាម ដើម្បីខ្ញុំអាចបានគ្រិស្ត ៩ ហើយសឲ្យឃើញថាខ្ញុំរួបរួមជាមួយនឹងលោក ដោយមានភាពសុចរិតដែលមកតាមរយៈជំនឿលើគ្រិស្ត គឺភាពសុចរិតដែលមកពីព្រះដោយមានមូលដ្ឋានលើជំនឿ មិនមែនដោយមានភាពសុចរិតរបស់ខ្លួន ដែលមកពីច្បាប់ទេ។ ១០ ដើម្បីខ្ញុំអាចស្គាល់លោក និងឫទ្ធានុភាពនៃការប្រោសលោកឲ្យរស់ឡើងវិញ ព្រមទាំងរួមចំណែកក្នុងទុក្ខវេទនារបស់លោក ដោយព្រមស្លាប់ដូចលោក ១១ ដើម្បីមើលថាតើខ្ញុំអាចនៅក្នុងចំណោមអ្នកដែលនឹងត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមុនគេ។
១២ មិនមែនមានន័យថាខ្ញុំបានទទួលរង្វាន់ ឬបានត្រូវធ្វើឲ្យទៅជាល្អឥតខ្ចោះហើយនោះទេ ប៉ុន្តែខ្ញុំកំពុងព្យាយាមដើម្បីមើលថាតើខ្ញុំពិតជាអាចចាប់ឲ្យបានអ្វីដែលជាមូលហេតុដែលគ្រិស្តយេស៊ូបានចាប់ខ្ញុំនោះ។ ១៣ បងប្អូនអើយ ខ្ញុំមិនទាន់ចាត់ទុកថាខ្ញុំបានទទួលរង្វាន់នោះហើយទេ។ ប៉ុន្តែមានអ្វីមួយដែលខ្ញុំធ្វើ គឺខ្ញុំកំពុងបំភ្លេចអ្វីៗដែលនៅខាងក្រោយ ហើយកំពុងប្រឹងរត់សំដៅទៅអ្វីៗនៅខាងមុខ ១៤ ខ្ញុំកំពុងរត់ដោយមានគោលដៅទទួលរង្វាន់ ពោលគឺ ព្រះបានហៅឲ្យឡើងទៅស្ថានសួគ៌តាមរយៈគ្រិស្តយេស៊ូ។ ១៥ ដូច្នេះ ចូរយើងដែលមានភាពចាស់ទុំ មានចិត្តគំនិតនេះ ហើយប្រសិនបើអ្នករាល់គ្នាមានគំនិតផ្សេងអំពីអ្វីមួយ ព្រះនឹងបើកបង្ហាញចិត្តគំនិតត្រឹមត្រូវដល់អ្នករាល់គ្នា។ ១៦ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលយើងបានធ្វើដើម្បីឲ្យជឿនទៅមុខដល់កម្រិតនេះ ចូរបន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត។
១៧ បងប្អូនអើយ ចូរអ្នកទាំងអស់គ្នាយកតម្រាប់តាមខ្ញុំ ហើយសង្កេតមើលអស់អ្នកដែលកំពុងប្រព្រឹត្តសមស្របតាមគំរូដែលយើងបានទុកឲ្យអ្នករាល់គ្នា។ ១៨ ព្រោះមានមនុស្សជាច្រើនកំពុងប្រព្រឹត្តជាសត្រូវនៃបង្គោលទារុណកម្ម* របស់គ្រិស្ត។ ខ្ញុំធ្លាប់និយាយអំពីអ្នកទាំងនោះជាច្រើនដង តែឥឡូវខ្ញុំនិយាយអំពីពួកគេទាំងស្រក់ទឹកភ្នែក។ ១៩ ចុងបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីហិនវិនាស ហើយព្រះរបស់អ្នកទាំងនោះ ជាក្រពះរបស់ពួកគេ ហើយពួកគេមានមោទនភាពអំពីអ្វីដែលគួរធ្វើឲ្យពួកគេអៀនខ្មាស ហើយពួកគេគិតតែអំពីអ្វីនៅផែនដី។ ២០ ចំណែកយើងវិញ យើងជាពលរដ្ឋស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំអ្នកសង្គ្រោះដែលនៅស្ថាននោះ ពោលគឺលោកម្ចាស់យេស៊ូគ្រិស្ត ២១ ដែលមានឫទ្ធានុភាពដើម្បីធ្វើឲ្យអ្វីៗទាំងអស់នៅក្រោមលោក។ ដោយប្រើឫទ្ធានុភាពនេះ លោកនឹងធ្វើឲ្យរូបកាយឱនថយរបស់យើងមានលក្ខណៈស្របតាមរូបកាយរុងរឿងរបស់លោក។