កូរិនថូសទី១
១០ ឥឡូវ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់អំពីការដែលបុព្វបុរសរបស់យើងបាននៅក្រោមពពក ហើយបានដើរកាត់សមុទ្រ ២ ហើយពួកគេទាំងអស់គ្នាបានទទួលការជ្រមុជទឹក* ជាអ្នកកាន់តាមម៉ូសេ ពេលដែលពួកគេនៅក្រោមពពកនោះ ហើយដើរកាត់សមុទ្រ។ ៣ ពួកគេទាំងអស់គ្នាបានពិសាអាហារដែលព្រះផ្ដល់ឲ្យ* ៤ ហើយពួកគេទាំងអស់គ្នាបានពិសាទឹកដែលព្រះផ្ដល់ឲ្យ។ ព្រោះពួកគេធ្លាប់ពិសាទឹកពីផ្ទាំងថ្មដែលហាក់ដូចជាទៅតាមពួកគេ គឺផ្ទាំងថ្មដែលមកពីព្រះ ហើយផ្ទាំងថ្មនោះជាតំណាងគ្រិស្ត។ ៥ ទោះជាយ៉ាងនោះក៏ដោយ ពួកគេភាគច្រើនមិនបានទទួលការពេញចិត្តពីព្រះទេ ព្រោះពួកគេបានត្រូវសម្លាប់នៅតំបន់ស្ងាត់ជ្រងំ។
៦ ឥឡូវ ការទាំងនេះជាគំរូសម្រាប់យើង កុំឲ្យយើងទៅជាមនុស្សដែលប្រាថ្នាចង់បានអ្វីៗដ៏អាក្រក់ ដូចពួកគេប្រាថ្នាចង់បានឡើយ។ ៧ ហើយក៏កុំឲ្យយើងទៅជាអ្នកគោរពបូជារូបព្រះ ដូចពួកគេ ដូចបទគម្ពីរចែងថា៖ «បណ្ដាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងនាំគ្នាអរសប្បាយ»។ ៨ ក៏កុំឲ្យយើងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ដូចពួកគេខ្លះបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួចស្លាប់អស់ពីរម៉ឺនបីពាន់នាក់ក្នុងមួយថ្ងៃ។ ៩ ក៏កុំឲ្យយើងល្បងលនឹងព្រះយេហូវ៉ា ដូចពួកគេខ្លះបានល្បងលនឹងលោក រួចវិនាសជីវិតដោយសត្វពស់។ ១០ ក៏កុំឲ្យយើងរអ៊ូរទាំ ដូចពួកគេខ្លះបានរអ៊ូរទាំ រួចវិនាសជីវិតដោយអ្នកពិឃាត។ ១១ ការទាំងនេះបានកើតឡើងដល់ពួកគេទុកជាគំរូ ក៏បានត្រូវកត់ទុកជាការព្រមានដល់យើងដែលរស់នៅគ្រាចុងបញ្ចប់នៃសម័យនេះ។*
១២ ដូច្នេះ ចូរឲ្យអ្នកដែលគិតថាខ្លួនឈរ ប្រយ័ត្នក្រែងលោដួល។ ១៣ គ្មានសេចក្ដីល្បួងណាកើតមានដល់អ្នករាល់គ្នាដែលមនុស្សឯទៀតមិនធ្លាប់ជួបនោះឡើយ។ ប៉ុន្តែព្រះគឺស្មោះត្រង់ ហើយលោកនឹងមិនឲ្យអ្នករាល់គ្នារងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់អ្នករាល់គ្នាឡើយ តែលោកក៏នឹងរៀបចំផ្លូវចេញ ដើម្បីឲ្យអ្នករាល់គ្នាអាចស៊ូទ្រាំនៅពេលជួបប្រទះសេចក្ដីល្បួងនោះ។
១៤ ដូច្នេះ មិត្តជាទីស្រឡាញ់អើយ ចូររត់ចេញពីការគោរពបូជារូបព្រះ។ ១៥ ខ្ញុំនិយាយជាមួយនឹងអ្នករាល់គ្នា ដូចនិយាយជាមួយនឹងអ្នកដែលមានសមត្ថភាពវែកញែក។ ចូរពិចារណាសម្ដីខ្ញុំដោយខ្លួនឯងចុះ។ ១៦ ពែងនៃអំណរគុណ ដែលជាហេតុយើងអរគុណព្រះ* នោះជាតំណាងនៃការរួមចំណែកក្នុងឈាមរបស់គ្រិស្ត មែនទេ? នំប៉័ងមួយដុំដែលយើងកាច់នោះ ជាតំណាងនៃការរួមចំណែកក្នុងរូបកាយរបស់គ្រិស្ត មែនទេ? ១៧ ដោយសារមាននំប៉័ងតែមួយដុំ នោះយើងជារូបកាយតែមួយ ពីព្រោះយើងបរិភោគពីនំប៉័ងមួយដុំនោះ ទោះជាយើងមានគ្នាច្រើនក៏ដោយ។
១៨ សូមមើលជនជាតិអ៊ីស្រាអែល៖ អ្នកដែលបរិភោគគ្រឿងបូជាទទួលចំណែកជាមួយនឹងទីបូជាដែរ មែនទេ? ១៩ ចុះតើខ្ញុំត្រូវនិយាយយ៉ាងណាវិញ? ថាអ្វីដែលគេសែនរូបព្រះនិងរូបព្រះគឺសំខាន់ឬ? ២០ ទេ! ប៉ុន្តែខ្ញុំប្រាប់ថា អ្វីៗដែលប្រជាជាតិនានាសែន ពួកគេសែនពួកវិញ្ញាណកំណាច* មិនមែនបូជាដល់ព្រះទេ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នារួមចំណែកជាមួយនឹងពួកវិញ្ញាណកំណាចឡើយ។ ២១ អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះយេហូវ៉ាផងនិងពីពែងរបស់ពួកវិញ្ញាណកំណាចផងបានទេ។ អ្នករាល់គ្នាមិនអាចបរិភោគពី«តុរបស់ព្រះយេហូវ៉ា»ផងនិងពីតុរបស់ពួកវិញ្ញាណកំណាចផងបានឡើយ។ ២២ ឬ«តើយើងកំពុងធ្វើឲ្យព្រះយេហូវ៉ាទាស់ចិត្ត?»* យើងមិនមែនខ្លាំងជាងលោកទេ មែនទេ?
២៣ មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់ ប៉ុន្តែអ្វីៗទាំងអស់មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់ ប៉ុន្តែអ្វីៗទាំងអស់មិនមែនសុទ្ធតែលើកទឹកចិត្តឡើយ។ ២៤ ចូរឲ្យគ្រប់គ្នាសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត។
២៥ ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅផ្សារសាច់ ហើយកុំឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នករាល់គ្នាជំរុញឲ្យសួរ ២៦ ព្រោះ«ផែនដីនិងអ្វីៗពេញផែនដីទាំងមូលជារបស់ព្រះយេហូវ៉ា»។ ២៧ ប្រសិនបើអ្នកដែលមិនជឿអញ្ជើញអ្នកទៅបរិភោគអាហារ ហើយអ្នករាល់គ្នាចង់ទៅ ចូរបរិភោគអ្វីទាំងអស់ដែលអ្នកនោះជូន ហើយកុំឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នករាល់គ្នាជំរុញឲ្យសួរ។ ២៨ ប៉ុន្តែប្រសិនបើអ្នកណាប្រាប់អ្នករាល់គ្នាថា៖ «នេះជារបស់គេសែន» កុំបរិភោគដោយគិតដល់អ្នកដែលបានប្រាប់ដូច្នេះ ហើយដោយគិតដល់សមត្ថភាពវិនិច្ឆ័យ។ ២៩ ខ្ញុំមិនមែនពោលសំដៅទៅ«សមត្ថភាពវិនិច្ឆ័យ»របស់អ្នកទេ តែរបស់អ្នកដែលប្រាប់។ ព្រោះតើចាំបាច់ធ្វើឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នកដទៃវិនិច្ឆ័យសេរីភាពរបស់ខ្ញុំធ្វើអ្វី? ៣០ ប្រសិនបើខ្ញុំបរិភោគដោយអរគុណព្រះ ហេតុអ្វីគេគួរនិយាយប្រមាថខ្ញុំអំពីអ្វីដែលខ្ញុំបានអរគុណព្រះហើយ?
៣១ ដូច្នេះ ទោះជាអ្នកផឹក បរិភោគ ឬធ្វើអ្វីទៀតក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង។ ៣២ កុំបង្កហេតុឲ្យជនជាតិយូដា ជនជាតិក្រិច និងក្រុមជំនុំរបស់ព្រះជំពប់ដួល ៣៣ ដូចខ្ញុំបំពេញចិត្តមនុស្សទាំងឡាយក្នុងគ្រប់ការទាំងអស់ ដោយលះបង់ប្រយោជន៍ខ្លួន ជាប្រយោជន៍ដល់មនុស្សជាច្រើន ដើម្បីឲ្យពួកគេបានសេចក្ដីសង្គ្រោះ។