ម៉ាកុស
៦ រួចលោកចេញពីទីនោះ ចូលទៅស្រុកកំណើតរបស់លោកវិញ ហើយពួកអ្នកកាន់តាមក៏បានទៅជាមួយនឹងលោកដែរ។ ២ លុះដល់ថ្ងៃឈប់សម្រាក លោកចាប់ផ្ដើមបង្រៀននៅសាលាប្រជុំ ហើយមនុស្សភាគច្រើនដែលស្ដាប់លោក បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិយាយថា៖ «តើបុរសនេះចេះអ្វីៗទាំងនេះពីណាមក? ហេតុអ្វីបុរសនេះបានទទួលប្រាជ្ញាបែបនេះ? ហើយហេតុអ្វីគាត់អាចធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះបាន? ៣ តើបុរសនេះមិនមែនជាជាងឈើ ដែលជាកូនរបស់ម៉ារៀ និងជាបងប្រុសរបស់យ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬ? ប្អូនស្រីៗរបស់គាត់ក៏នៅជាមួយនឹងយើងដែរ មែនទេ?»។ ដូច្នេះ ពួកគេមិនព្រមជឿលើលោកឡើយ។ ៤ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «នៅគ្រប់កន្លែង គេតែងគោរពអ្នកប្រកាសទំនាយ លើកលែងតែនៅស្រុកកំណើតរបស់ខ្លួន នៅក្នុងចំណោមញាតិសន្ដាន និងនៅក្នុងផ្ទះរបស់ខ្លួន»។ ៥ ដូច្នេះលោកមិនបានធ្វើការដែលប្រកបដោយឫទ្ធានុភាពនៅទីនោះទេ ក្រៅពីដាក់ដៃលើមនុស្សឈឺពីរបីនាក់ឲ្យគេបានជាសះស្បើយ។ ៦ លោកបាននឹកឆ្ងល់ ដោយឃើញថាពួកគេគ្មានជំនឿ។ រួចមក លោកទៅភូមិទាំងប៉ុន្មាននៅជុំវិញនោះ ហើយបង្រៀន។
៧ លុះក្រោយមក លោកហៅសាវ័កទាំងដប់ពីរនាក់មក ហើយចាប់ផ្ដើមចាត់ពួកគាត់ទៅ មួយគូៗ ថែមទាំងផ្ដល់ឲ្យពួកគាត់នូវអំណាចលើពួកវិញ្ញាណ* អសោច។ ៨ ម្យ៉ាងទៀត លោកហាមពួកគាត់ មិនឲ្យយកអ្វីទៅជាមួយសោះ ក្រៅពីដំបងមួយប៉ុណ្ណោះ មិនឲ្យយកនំប៉័ង ឬថង់យាម ឬក៏យកប្រាក់* ដាក់ថង់សៀតចង្កេះ ៩ តែត្រូវពាក់ស្បែកជើងសង្រែក ហើយមិនត្រូវយកសម្លៀកបំពាក់មួយបន្លាស់ទៀត* ទៅជាមួយឡើយ។ ១០ លោកមានប្រសាសន៍តទៅទៀតថា៖ «ពេលណាអ្នកចូលក្នុងផ្ទះណាមួយ ចូរនៅទីនោះរហូតដល់អ្នកចេញពីតំបន់នោះ ១១ ហើយកាលណាមនុស្សនៅតំបន់ណាមួយមិនព្រមទទួលស្វាគមន៍ឬស្ដាប់អ្នករាល់គ្នា នោះពេលដែលអ្នកចេញពីតំបន់ពួកគេ ចូររលាស់ដីពីជើងអ្នកចេញទុកជាភ័ស្តុតាងថា ពួកគេមានកំហុស»។ ១២ ដូច្នេះពួកគាត់បានចេញទៅផ្សព្វផ្សាយ ដើម្បីឲ្យមនុស្សប្រែចិត្ត។ ១៣ ពួកគាត់ក៏បានបណ្ដេញវិញ្ញាណកំណាចជាច្រើន ថែមទាំងលាបប្រេងឲ្យមនុស្សជាច្រើននាក់ដែលឈឺ ហើយធ្វើឲ្យពួកគេជាសះស្បើយ។
១៤ លុះក្រោយមក រឿងទាំងនេះបានឮដល់ស្តេច* ហេរ៉ូឌ ព្រោះឈ្មោះលោកយេស៊ូចាប់ផ្ដើមល្បីសុសសាយ ហើយមនុស្សកំពុងនិយាយថា៖ «យ៉ូហានដែលជាអ្នកជ្រមុជទឹក* ឲ្យគេ បានត្រូវប្រោសឲ្យរស់ឡើងវិញហើយ ហេតុនេះលោកអាចធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះបាន»។ ១៥ ប៉ុន្តែ អ្នកឯទៀតបាននិយាយថា៖ «លោកគឺអេលីយ៉ា» រីឯអ្នកខ្លះទៀតបាននិយាយថា៖ «លោកគឺជាអ្នកប្រកាសទំនាយមួយរូប ដូចអ្នកប្រកាសទំនាយនៅសម័យបុរាណ»។ ១៦ ឮដូច្នេះ ហេរ៉ូឌពោលថា៖ «យ៉ូហានដែលខ្ញុំបានកាត់ក្បាលនោះ បានត្រូវប្រោសឲ្យរស់ឡើងវិញហើយ»។ ១៧ នេះដោយសារហេរ៉ូឌបានរៀបការជាមួយនឹងហេរ៉ូឌាស ដែលជាភរិយារបស់ភីលីពជាប្អូន ហើយដើម្បីផ្គាប់ចិត្តនាង ស្តេចបានចាត់គេទៅចាប់យ៉ូហាន រួចចងដាក់គុក ១៨ ពីព្រោះយ៉ូហានបានជម្រាបហេរ៉ូឌម្ដងហើយម្ដងទៀតថា៖ «គ្មានច្បាប់ឲ្យអ្នកយកភរិយារបស់ប្អូនធ្វើជាភរិយារបស់អ្នកទេ»។ ១៩ ប៉ុន្តែហេរ៉ូឌាសបានចងគំនុំនឹងយ៉ូហាន ហើយចង់សម្លាប់គាត់ តែសម្លាប់មិនបាន ២០ ដោយសារហេរ៉ូឌបានកោតក្រែងចំពោះយ៉ូហាន ព្រោះដឹងថាគាត់ជាមនុស្សសុចរិតនិងបរិសុទ្ធ ហើយបានរក្សាការពារគាត់។ រួចក្រោយពេលបានឮអ្វីដែលយ៉ូហាននិយាយប្រាប់ ហេរ៉ូឌបានទាល់ប្រាជ្ញា មិនដឹងថាគួរធ្វើយ៉ាងណាចំពោះគាត់ឡើយ។ ប៉ុន្តែ ទោះជាយ៉ាងនោះក៏ដោយ ហេរ៉ូឌនៅតែពេញចិត្តនឹងស្ដាប់គាត់។
២១ ប៉ុន្តែមានឱកាសល្អមួយសម្រាប់ហេរ៉ូឌាស នៅថ្ងៃខួបកំណើតរបស់ហេរ៉ូឌ ពេលដែលហេរ៉ូឌរៀបពិធីជប់លៀងពិសាអាហារពេលល្ងាច សម្រាប់មន្ត្រីជាន់ខ្ពស់ទាំងឡាយ ពួកមេទ័ព និងអ្នកមានមុខមាត់ធំដុំនៅស្រុកកាលីឡេ។ ២២ រួចកូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំ ធ្វើឲ្យហេរ៉ូឌនិងអ្នករួមតុជាមួយពេញចិត្តណាស់។ បន្ទាប់មកស្តេចបានប្រាប់នាងថា៖ «ចូរសុំអ្វីក៏ដោយ ខ្ញុំនឹងឲ្យដល់នាង» ២៣ ហើយគាត់ក៏បានស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសុំពីខ្ញុំ ខ្ញុំនឹងឲ្យ ទោះជាសុំរាជាណាចក្រខ្ញុំមួយចំហៀងក៏ដោយ»។ ២៤ ក្រោយនោះ នាងចេញទៅសួរម្ដាយរបស់នាងថា៖ «តើខ្ញុំគួរសុំអ្វី?» រួចម្ដាយនាងឆ្លើយថា៖ «ចូរសុំក្បាលរបស់យ៉ូហាន ដែលជាអ្នកជ្រមុជទឹកឲ្យគេ»។ ២៥ ភ្លាមនោះ នាងបានប្រញាប់ចូលទៅសុំស្តេចថា៖ «ខ្ញុំចង់បានក្បាលរបស់យ៉ូហាន ជាអ្នកជ្រមុជទឹក ដាក់លើថាសភ្លាម»។ ២៦ ទោះជានេះធ្វើឲ្យហេរ៉ូឌកើតទុក្ខយ៉ាងខ្លាំងក៏ពិតមែន តែគាត់មិនចង់បដិសេធឡើយ ពីព្រោះគាត់បានស្បថ ហើយមានអ្នកឯទៀតកំពុងរួមតុជាមួយដែរ។ ២៧ ដូច្នេះ ស្តេចបានចាត់អង្គរក្សម្នាក់ ហើយបង្គាប់ឲ្យយកក្បាលរបស់យ៉ូហានមក។ ម្ល៉ោះហើយ អ្នកនោះបានចេញទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក ២៨ រួចដាក់ក្បាលគាត់លើថាសមួយហើយយកទៅឲ្យនាង។ បន្ទាប់មកនាងក៏ឲ្យដល់ម្ដាយ។ ២៩ លុះពេលអ្នកកាន់តាមយ៉ូហានឮអំពីរឿងនោះ ពួកគេបានមកយកសពយ៉ូហានទៅដាក់ក្នុងទីបញ្ចុះសព។
៣០ ក្រោយមក ពួកសាវ័កបានមកជួបជុំគ្នានៅមុខលោកយេស៊ូ ហើយរៀបរាប់ពីអ្វីៗទាំងអស់ដែលពួកគាត់បានធ្វើនិងបង្រៀន។ ៣១ រួចលោកប្រាប់ពួកគាត់ថា៖ «សូមអ្នករាល់គ្នាមកជាមួយនឹងខ្ញុំដោយឡែក ទៅកន្លែងឆ្ងាយពីគេ ហើយសម្រាកបន្ដិច» ព្រោះថាមានមនុស្សជាច្រើនទៅមក ហើយពួកគាត់គ្មានពេលទំនេរសោះ សូម្បីតែរកពេលបរិភោគក៏មិនបានផង។ ៣២ ដូច្នេះលោកនិងពួកគាត់បានចុះទូក ចេញទៅកន្លែងឆ្ងាយពីគេ។ ៣៣ ក៏ប៉ុន្តែ បណ្ដាជនបានមើលឃើញពួកគាត់ចេញទៅ ហើយដំណឹងនោះបានឮដល់មនុស្សជាច្រើន។ រួចមនុស្សពីគ្រប់ក្រុងបាននាំគ្នារត់ទៅទីនោះ ហើយបានទៅដល់មុនពួកគាត់។ ៣៤ លុះពេលឡើងពីទូកហើយ លោកឃើញមនុស្សមួយក្រុមធំ ក៏មានចិត្តក្ដួលអាណិតដល់ពួកគេ ពីព្រោះពួកគេប្រៀបដូចចៀមដែលគ្មានគង្វាល។ រួចមក លោកចាប់ផ្ដើមបង្រៀនពួកគេអ្វីៗជាច្រើន។
៣៥ លុះថ្ងៃកាន់តែជ្រេហើយ ពួកអ្នកកាន់តាមបានមកជួបលោកហើយជម្រាបថា៖ «កន្លែងនេះនៅដាច់ឆ្ងាយ ហើយថ្ងៃកាន់តែជ្រេហើយ។ ៣៦ សូមឲ្យពួកគេទៅវិញ ដើម្បីពួកគេអាចទៅជនបទនិងភូមិនៅជិតៗ រកទិញអាហារបរិភោគ»។ ៣៧ លោកតបឆ្លើយថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគចុះ»។ រួចពួកគាត់និយាយថា៖ «តើចង់ឲ្យយើងទៅទិញនំប៉័ងអស់ប្រាក់ពីររយឌីណារី* យកមកឲ្យមនុស្សទាំងនេះបរិភោគឬ?»។ ៣៨ លោកសួរពួកគាត់ថា៖ «តើអ្នកមាននំប៉័ងប៉ុន្មានដុំ? ចូរទៅមើល!»។ ក្រោយពេលបានមើលហើយ ពួកគាត់ឆ្លើយថា៖ «មាននំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»។ ៣៩ បន្ទាប់មក លោកប្រាប់បណ្ដាជនឲ្យអង្គុយជាក្រុមៗលើស្មៅខៀវខ្ចី។ ៤០ រួចបណ្ដាជនបានអង្គុយជាក្រុមមួយរយនាក់ និងជាក្រុមហាសិបនាក់។ ៤១ ក្រោយមក លោកយកនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយនោះ ងើយភ្នែកមើលទៅស្ថានសួគ៌ ហើយអធិដ្ឋាន។ រួចមក លោកកាច់នំប៉័ង ហើយឲ្យអ្នកកាន់តាម ដើម្បីពួកគាត់ចែកដល់បណ្ដាជន។ លោកក៏បានចែកត្រីពីរកន្ទុយដល់គ្រប់ៗគ្នាដែរ។ ៤២ ដូច្នេះ គ្រប់គ្នាបានបរិភោគឆ្អែត។ ៤៣ បន្ទាប់មក ពួកគាត់បានប្រមូលនំប៉័ងដែលនៅសល់ បានដប់ពីរកញ្ជើ ដោយមិនរាប់ត្រីដែលនៅសល់។ ៤៤ ម្យ៉ាងទៀត ចំនួនបុរសដែលបានបរិភោគនំប៉័ងនោះ មានប្រាំពាន់នាក់។
៤៥ ភ្លាមនោះ លោកបានបង្ខំអ្នកកាន់តាមឲ្យចុះទូក ទៅត្រើយម្ខាងឆ្ពោះទៅក្រុងបេតសេដាមុនលោក ទុកឲ្យលោកប្រាប់បណ្ដាជនឲ្យត្រឡប់ទៅផ្ទះវិញ។ ៤៦ ប៉ុន្តែក្រោយពេលលោកបានលាពួកគេហើយ លោកឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។ ៤៧ លុះដល់ពេលព្រលប់ ទូកនោះនៅកណ្ដាលសមុទ្រ ប៉ុន្តែលោកនៅលើគោកម្នាក់ឯង។ ៤៨ ពេលជិតយាមទីបួន* លោកឃើញពួកគាត់កំពុងអុំទូកទាំងលំបាក ដោយសារអុំបញ្ច្រាសខ្យល់។ ដូច្នេះ លោកបានទៅឯពួកគាត់ ដោយដើរលើទឹកសមុទ្រ ប៉ុន្តែមើលទៅដូចជាលោកមានបំណងដើរបង្ហួសពួកគាត់។ ៤៩ ពេលដែលពួកគាត់ក្រឡេកទៅឃើញលោកកំពុងដើរលើទឹកសមុទ្រ ពួកគាត់គិតថាខ្លួនកំពុងយល់សប្ដិ ហើយបានស្រែកឡើង ៥០ ពីព្រោះពួកគាត់ទាំងអស់គ្នាបានឃើញលោក រួចចាប់ផ្ដើមវិលវល់ក្នុងគំនិត។ ប៉ុន្តែលោកមានប្រសាសន៍ទៅពួកគាត់ភ្លាម ដោយពោលថា៖ «ចូរមានចិត្តក្លាហានឡើង គឺខ្ញុំទេ កុំខ្លាចឡើយ»។ ៥១ រួចលោកចូលក្នុងទូកជាមួយនឹងពួកគាត់ ហើយខ្យល់ក៏ស្ងប់ទៅ។ ឃើញដូច្នេះ ពួកគាត់បាននឹកអស្ចារ្យក្នុងចិត្តយ៉ាងខ្លាំង ៥២ ព្រោះពួកគាត់មិនបានទាញយកមេរៀន ពេលដែលឃើញការអស្ចារ្យស្តីអំពីនំប៉័ងនោះ ពួកគាត់នៅតែគិតមិនយល់។
៥៣ លុះពេលឆ្លងដល់ត្រើយហើយ លោកនិងអ្នកកាន់តាមបានចូលតំបន់ហ្គេណិសារ៉ែត ហើយបោះយុថ្កានៅជិតនោះ។ ៥៤ ក៏ប៉ុន្តែ ពេលលោកនិងពួកគាត់ឡើងពីទូកមក មនុស្សបានស្គាល់លោកភ្លាម ៥៥ រួចបានរត់ទៅគ្រប់កន្លែងក្នុងតំបន់នោះហើយយកមនុស្សឈឺដាក់លើគ្រែស្នែង រួចនាំទៅកន្លែងដែលពួកគេឮថាលោកនៅ។ ៥៦ ម្ល៉ោះហើយ កាលណាលោកចូលក្នុងភូមិ ក្រុង ឬជនបទ មនុស្សតែងនាំអ្នកដែលឈឺទៅដាក់នៅផ្សារ រួចពួកគេបានអង្វរសុំពាល់តែជាយសម្លៀកបំពាក់លោកប៉ុណ្ណោះ ហើយអស់អ្នកណាដែលបានពាល់ នោះបានជាសះស្បើយ។