លូកា
១០ បន្ទាប់ពីការទាំងនេះ លោកម្ចាស់បានរើសចិតសិបនាក់ទៀត ក៏ចាត់គេជាគូៗឲ្យទៅមុនលោក ហើយចូលគ្រប់ក្រុងនិងគ្រប់ទីកន្លែងដែលលោកបម្រុងនឹងទៅ។ ២ រួចមក លោកមានប្រសាសន៍ទៅពួកគេថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ។ ដូច្នេះ ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមកិច្ចការរបស់លោក។ ៣ ចូរទៅចុះ។ មើល! ខ្ញុំកំពុងចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យកូនចៀមទៅកណ្ដាលហ្វូងឆ្កែចចក។ ៤ កុំយកស្បែកជើង ថង់ប្រាក់ ឬថង់យាមសម្រាប់ដាក់អាហារឡើយ ហើយក៏កុំឱបសួរសុខទុក្ខអ្នកណាតាមផ្លូវដែរ។ ៥ ពេលដែលអ្នកចូលក្នុងផ្ទះណាមួយ ចូរជូនពរជាមុនថា៖ ‹សូមឲ្យផ្ទះនេះបានប្រកបដោយសេចក្ដីសុខ›។ ៦ ប្រសិនបើគ្មានអ្នកណាដែលចង់បានសេចក្ដីសុខនៅទីនោះទេ សេចក្ដីសុខដែលអ្នករាល់គ្នាបានជូនពរនឹងវិលមកឯអ្នកវិញ។ ប៉ុន្តែបើអ្នកដែលចង់បានសេចក្ដីសុខនៅទីនោះ សេចក្ដីសុខដែលអ្នករាល់គ្នាបានជូនពរនឹងកើតមានដល់អ្នកនោះ។ ៧ ដូច្នេះ ចូរនៅផ្ទះនោះទៅ ហើយពិសាអ្វីដែលពួកគេឲ្យ ព្រោះកម្មករសមនឹងទទួលថ្លៃឈ្នួល។ កុំផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។
៨ «ម្យ៉ាងទៀត ពេលដែលអ្នកចូលក្នុងក្រុងណាមួយ ហើយអ្នកក្រុងនោះទទួលស្វាគមន៍អ្នករាល់គ្នា ចូរពិសាអ្វីដែលពួកគេឲ្យ ៩ ថែមទាំងធ្វើឲ្យអ្នកដែលឈឺនៅក្រុងនោះជាសះស្បើយ ហើយបន្តប្រាប់ពួកគេថា៖ ‹រាជាណាចក្ររបស់ព្រះបានចូលមកជិតអ្នករាល់គ្នាហើយ›។ ១០ ក៏ប៉ុន្តែ ពេលដែលអ្នកចូលក្នុងក្រុងណាមួយ ហើយអ្នកក្រុងនោះមិនទទួលស្វាគមន៍អ្នករាល់គ្នា ចូរចេញទៅផ្លូវធំទាំងប៉ុន្មានហើយពោលថា៖ ១១ ‹សូម្បីតែធូលីដីពីក្រុងអ្នករាល់គ្នា ដែលជាប់ជើងយើង ក៏យើងជូតចេញដែរ ទុកជាភ័ស្តុតាងប្រឆាំងអ្នករាល់គ្នា។ ក៏ប៉ុន្តែ ចូរចងចាំថា រាជាណាចក្ររបស់ព្រះជិតដល់ហើយ›។ ១២ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃវិនិច្ឆ័យសេចក្ដី ក្រុងសូដុមនឹងទទួលទោសស្រាលជាងក្រុងនោះ។
១៣ «ក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាណាស់! និងក្រុងបេតសេដាអើយ! អ្នកត្រូវវេទនាណាស់ដែរ! ពីព្រោះប្រសិនបើការប្រកបដោយឫទ្ធានុភាពដែលបានកើតឡើងនៅទីនោះ បានកើតឡើងនៅក្នុងក្រុងទីរ៉ុសនិងស៊ីដូនវិញ អ្នកក្រុងទាំងនោះមុខជាបានប្រែចិត្តជាយូរយារមកហើយ ទាំងស្លៀកបាវអង្គុយក្នុងផេះផង។ ១៤ ដូច្នេះ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃវិនិច្ឆ័យសេចក្ដី ក្រុងទីរ៉ុសនិងក្រុងស៊ីដូននឹងទទួលទោសស្រាលជាងអ្នក។ ១៥ ចំណែកអ្នកវិញ ក្រុងកាពើណិមអើយ! តើអ្នកនឹងត្រូវលើកតម្កើងដល់មេឃឬ? អ្នកនឹងចុះទៅក្នុងផ្នូរ* វិញ!
១៦ «អ្នកណាដែលស្ដាប់អ្នករាល់គ្នាក៏ដូចជាស្ដាប់ខ្ញុំដែរ ហើយអ្នកណាដែលមិនព្រមស្ដាប់អ្នករាល់គ្នា ក៏ដូចជាមិនព្រមស្ដាប់ខ្ញុំដែរ។ ម្យ៉ាងទៀត អ្នកដែលមិនស្ដាប់ខ្ញុំ ក៏ដូចជាមិនស្ដាប់លោកដែលចាត់ឲ្យខ្ញុំមក»។
១៧ លុះក្រោយមក ចិតសិបនាក់នោះបានវិលត្រឡប់មកវិញទាំងមានអំណរ ក៏បានជម្រាបថា៖ «លោកម្ចាស់ សូម្បីតែពួកវិញ្ញាណកំណាចក៏ស្ដាប់បង្គាប់យើងដោយសារនាមរបស់លោក»។ ១៨ ឮដូច្នេះ លោកមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំបានឃើញសាថាន* ធ្លាក់ដូចផ្លេកបន្ទោរពីស្ថានសួគ៌រួចហើយ។ ១៩ មើល! ខ្ញុំបានឲ្យអ្នកមានអំណាចជាន់ឈ្លីសត្វពស់និងខ្យាដំរី ក៏ឲ្យមានអំណាចលើឫទ្ធានុភាពរបស់សត្រូវ ហើយគ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ។ ២០ ទោះជាយ៉ាងនោះក៏ដោយ កុំត្រេកអរដោយសារពួកវិញ្ញាណ* ត្រូវចុះចូលក្នុងអំណាចអ្នករាល់គ្នានោះឡើយ ប៉ុន្តែចូរត្រេកអរពីព្រោះឈ្មោះរបស់អ្នករាល់គ្នាបានត្រូវចារឹកទុកនៅឯស្ថានសួគ៌វិញ»។ ២១ នៅវេលានោះ លោកបានត្រេកអរពន់ពេកដោយសារសកម្មពលបរិសុទ្ធរបស់ព្រះ ក៏មានប្រសាសន៍ថា៖ «ឱបិតា ជាម្ចាស់ស្ថានសួគ៌និងផែនដី ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះយ៉ាងល្អពីអ្នកប្រាជ្ញនិងអ្នកចេះដឹង ហើយបានបើកសម្ដែងឲ្យកូនតូចៗយល់វិញ ពីព្រោះនេះគឺសមស្របតាមបំណងប្រាថ្នារបស់លោកជាបិតា។ ២២ បិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំហើយ។ គ្មានអ្នកណាស្គាល់បុត្ររបស់ព្រះច្បាស់ជាងព្រះដែលជាបិតា ហើយគ្មានអ្នកណាស្គាល់ព្រះដែលជាបិតាច្បាស់ជាងបុត្ររបស់លោក និងអ្នកដែលបុត្ររបស់លោកសុខចិត្តបើកសម្ដែងឲ្យស្គាល់នោះទេ»។
២៣ លុះមានប្រសាសន៍ចប់ហើយ លោកបែរទៅរកពួកអ្នកកាន់តាមដោយឡែកពីគេ ហើយពោលថា៖ «អស់អ្នកណាដែលមើលឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងមើលឃើញ អ្នកទាំងនោះមានសុភមង្គលហើយ។ ២៤ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ធ្លាប់មានពួកអ្នកប្រកាសទំនាយនិងស្តេចជាច្រើននាក់ដែលចង់ឃើញអ្វីដែលអ្នកកំពុងឃើញ តែមិនបានឃើញឡើយ ក៏ចង់ឮអ្វីដែលអ្នកកំពុងឮ តែមិនបានឮដែរ»។
២៥ ក្រោយមក មើល! បុរសម្នាក់ដែលចេះច្បាប់* ស្ទាត់បានក្រោកឡើងល្បងលលោកដោយសួរថា៖ «លោកគ្រូ តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។ ២៦ លោកមានប្រសាសន៍ទៅបុរសនោះថា៖ «តើច្បាប់ចែងយ៉ាងណា? ពេលដែលអានតើអ្នកយល់ដូចម្ដេច?»។ ២៧ បុរសនោះឆ្លើយថា៖ «‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង* អស់ពីកម្លាំង ហើយអស់ពីសមត្ថភាពរិះគិត› ហើយ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›»។ ២៨ លោកមានប្រសាសន៍ទៅគាត់ថា៖ «អ្នកឆ្លើយត្រឹមត្រូវហើយ ‹ចូរបន្តធ្វើដូច្នោះ ហើយអ្នកនឹងបានជីវិត›»។
២៩ ប៉ុន្តែបុរសនោះចង់បញ្ជាក់ថាខ្លួនគាត់សុចរិត ដូច្នេះ គាត់សួរលោកយេស៊ូថា៖ «តើអ្នកណាទៅ ជាអ្នកជិតខាងរបស់ខ្ញុំ?»។ ៣០ លោកយេស៊ូតបឆ្លើយថា៖ «មានបុរសម្នាក់កំពុងធ្វើដំណើរចុះពីក្រុងយេរូសាឡិមទៅក្រុងយេរីខូ ក៏បានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរប្លន់។ ចោរទាំងនោះបានចាប់ដោះយកសម្លៀកបំពាក់គាត់ ក៏វាយដំ រួចចេញទៅដោយទុកគាត់ចោលស្ទើរស្លាប់ស្ទើររស់។ ៣១ ចៃដន្យ នៅពេលនោះមានសង្ឃម្នាក់កំពុងចុះតាមផ្លូវនោះដែរ ប៉ុន្តែកាលដែលឃើញបុរសនោះ សង្ឃក៏ជៀសទៅម្ខាងផ្លូវហើយបន្តដំណើរ។ ៣២ ដូចគ្នាដែរ ពេលបុរសម្នាក់ពីកុលសម្ព័ន្ធលេវីបានចុះទៅដល់កន្លែងនោះហើយឃើញបុរសនោះ គាត់ក៏ជៀសទៅម្ខាងផ្លូវ ហើយបន្តដំណើរដែរ។ ៣៣ ប៉ុន្តែបុរសជនជាតិសាម៉ារីម្នាក់ដែលកំពុងធ្វើដំណើរតាមផ្លូវនោះបានប្រទះឃើញបុរសនោះ។ កាលបានឃើញហើយ គាត់ក៏មានចិត្តក្ដួលអាណិត។ ៣៤ ដូច្នេះ គាត់ទៅជិតហើយរុំរបួសឲ្យបុរសនោះ ក៏ចាក់ប្រេងនិងស្រាលើរបួសនោះផង។ រួចមក គាត់លើកបុរសនោះដាក់លើសត្វជាជំនិះរបស់គាត់ ក៏នាំយកទៅផ្ទះសម្នាក់មួយហើយថែទាំ។ ៣៥ លុះថ្ងៃស្អែក គាត់យកប្រាក់ពីរឌីណារី* ជូនម្ចាស់ផ្ទះសម្នាក់ ក៏ប្រាប់ថា៖ ‹សូមថែទាំគាត់ ហើយបើអ្នកចំណាយប្រាក់លើសពីនេះ ខ្ញុំនឹងសងអ្នកពេលខ្ញុំត្រឡប់មកវិញ›។ ៣៦ តាមយោបល់របស់អ្នក តើអ្នកណាក្នុងចំណោមបុរសទាំងបីនាក់នោះបានប្រព្រឹត្តជាអ្នកជិតខាងចំពោះបុរសដែលបានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរ?»។ ៣៧ គាត់ឆ្លើយថា៖ «គឺបុរសដែលបានប្រព្រឹត្តទៅលើគាត់ដោយមេត្ដាករុណា»។ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅចុះ! ហើយប្រព្រឹត្តដូច្នោះដែរ»។
៣៨ កាលដែលពួកគាត់កំពុងធ្វើដំណើរទៅ លោកបានចូលក្នុងភូមិមួយ។ នៅទីនោះស្ត្រីម្នាក់ឈ្មោះម៉ាថាបានទទួលលោកជាភ្ញៀវក្នុងផ្ទះ។ ៣៩ ស្ត្រីនេះក៏មានប្អូនស្រីម្នាក់ឈ្មោះម៉ារៀ។ ប៉ុន្តែម៉ារៀបានអង្គុយនៅតែក្បែរជើងរបស់លោកម្ចាស់ ហើយស្ដាប់លោកមានប្រសាសន៍។ ៤០ រីឯម៉ាថាវិញ នាងកំពុងរវល់ធ្វើកិច្ចការជាច្រើន។ ដូច្នេះ នាងបានចូលទៅជិត ក៏ជម្រាបថា៖ «តើលោកមិនឃើញថា ប្អូនខ្ញុំបានទុកឲ្យខ្ញុំធ្វើកិច្ចការតែម្នាក់ឯងទេឬ? ដូច្នេះ សូមប្រាប់គាត់ឲ្យជួយខ្ញុំផង»។ ៤១ លោកម្ចាស់តបថា៖ «ម៉ាថា ម៉ាថា នាងកំពុងខ្វល់ចិត្តណាស់អំពីកិច្ចការជាច្រើន។ ៤២ ប៉ុន្តែអ្វីដែលត្រូវការមានតែពីរបីមុខទេ ឬតែមួយមុខប៉ុណ្ណោះ។ ឯម៉ារៀ នាងបានរើសយកចំណែកល្អវិញ ហើយចំណែកនោះនឹងមិនត្រូវយកចេញពីនាងឡើយ»។