លូកា
១៧ រួចមក លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមថា៖ «ហេតុដែលនាំឲ្យជំពប់ដួលនឹងកើតមានជាក់ជាពុំខាន។ ទោះជាយ៉ាងនោះក៏ដោយ អ្នកដែលបង្កហេតុទាំងនោះនឹងត្រូវវេទនាណាស់! ២ សម្រាប់អ្នកនោះ គឺប្រសើរជាងបើយកថ្មត្បាល់កិនចងជាប់ក ហើយយកទៅចោលកណ្ដាលសមុទ្រ ជាជាងអ្នកនោះធ្វើឲ្យអ្នកតូចម្នាក់បែបនេះជំពប់ដួល។ ៣ កុំភ្លេចខ្លួនឡើយ។ ប្រសិនបើបងប្អូនណាម្នាក់របស់អ្នកធ្វើខុសអ្វីមួយ ចូរស្តីបន្ទោសគាត់ ហើយបើគាត់ប្រែចិត្ត ចូរអភ័យទោសឲ្យគាត់ចុះ។ ៤ ទោះជាគាត់ធ្វើខុសនឹងអ្នកប្រាំពីរដងក្នុងមួយថ្ងៃក៏ដោយ បើគាត់ត្រឡប់មករកអ្នកប្រាំពីរដងរួចនិយាយថា៖ ‹ខ្ញុំប្រែចិត្តហើយ› នោះអ្នកត្រូវអភ័យទោសឲ្យគាត់»។
៥ ពួកសាវ័កសុំលោកម្ចាស់ថា៖ «សូមផ្ដល់ជំនឿមកយើងថែមទៀត»។ ៦ រួចមក លោកម្ចាស់មានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូស្ដាត* នោះអ្នកនឹងនិយាយទៅកាន់ដើមមននេះថា៖ ‹ចូររលើងគល់ហើយទៅដុះក្នុងសមុទ្រវិញ!› រួចដើមនេះនឹងស្ដាប់បង្គាប់អ្នក។
៧ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមានខ្ញុំបម្រើម្នាក់កំពុងភ្ជួរ ឬមើលថែរក្សាហ្វូងសត្វ តើអ្នកនោះនឹងប្រាប់ខ្ញុំបម្រើពេលគាត់ត្រឡប់មកពីវាលថា៖ ‹ចូរមកអង្គុយនៅតុភ្លាម›ទេ? ៨ ផ្ទុយទៅវិញ អ្នកនោះនឹងនិយាយដូច្នេះថា៖ ‹ចូររៀបចំអាហារល្ងាចឲ្យខ្ញុំ រួចពាក់អាវអៀមហើយបម្រើខ្ញុំរហូតដល់ខ្ញុំបានផឹកនិងបរិភោគហើយ បន្ទាប់មកអ្នកអាចផឹកនិងបរិភោគបាន›។ ៩ អ្នកនោះនឹងមិនដឹងគុណខ្ញុំបម្រើនោះទេ ពីព្រោះខ្ញុំបម្រើនោះគ្រាន់តែបំពេញភារកិច្ចខ្លួនប៉ុណ្ណោះ មែនទេ? ១០ ដូចគ្នាដែរ ក្រោយពីអ្នករាល់គ្នាបានធ្វើអ្វីៗទាំងអស់ដែលបានត្រូវកំណត់ឲ្យ ចូរនិយាយថា៖ ‹យើងខ្ញុំជាខ្ញុំបម្រើឥតប្រយោជន៍។ អ្វីដែលយើងបានធ្វើ ជាអ្វីដែលយើងគួរតែធ្វើ›»។
១១ រួចកាលដែលលោកកំពុងធ្វើដំណើរទៅក្រុងយេរូសាឡិម លោកបានដើរកាត់តាម* ស្រុកសាម៉ារីនិងស្រុកកាលីឡេ។ ១២ ហើយពេលដែលលោកកំពុងចូលក្នុងភូមិមួយ បុរសកើតជំងឺឃ្លង់ដប់នាក់ក្រឡេកទៅឃើញលោក ក៏បានក្រោកឈរពីចម្ងាយ។ ១៣ ពួកគេបន្លឺសំឡេងថា៖ «លោកគ្រូយេស៊ូ! សូមមេត្ដាជួយយើងផង!»។ ១៤ ហើយពេលលោកក្រឡេកទៅឃើញពួកគេ នោះក៏មានប្រសាសន៍ទៅពួកគេថា៖ «ចូរទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញ»។ ពេលដែលពួកគេចេញផុតទៅ នោះក៏បានជាស្អាតគ្រប់គ្នា។ ១៥ លុះឃើញថាខ្លួនជាហើយ មានម្នាក់ក្នុងចំណោមពួកគេវិលមកវិញ ដោយបន្លឺសំឡេងយ៉ាងខ្លាំងសរសើរតម្កើងព្រះ។ ១៦ រួចអ្នកនោះបានក្រាបមុខដល់ដីនៅជិតជើងលោកយេស៊ូ ក៏បានអរគុណលោក។ អ្នកនោះជាជនជាតិសាម៉ារី។ ១៧ លោកយេស៊ូតបថា៖ «មានដប់នាក់ដែលបានត្រូវធ្វើឲ្យជាស្អាត មែនទេ? ចុះតើប្រាំបួននាក់ទៀតនៅឯណា? ១៨ តើគ្មានអ្នកណាវិលមកវិញដើម្បីសរសើរតម្កើងព្រះក្រៅពីបុរសជនជាតិដទៃម្នាក់នេះទេឬ?»។ ១៩ រួចលោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរក្រោកឡើង ហើយអញ្ជើញទៅចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយ»។
២០ ប៉ុន្តែកាលពួកផារិស៊ីសួរលោកអំពីពេលដែលរាជាណាចក្ររបស់ព្រះនឹងមកដល់ នោះលោកតបឆ្លើយថា៖ «រាជាណាចក្ររបស់ព្រះនឹងមិនមកតាមបែបដែលងាយកត់សម្គាល់នោះទេ ២១ ក៏នឹងមិនមានគេថា៖ ‹មើល! នៅទីនេះ!›ឬ‹មើល! នៅទីនោះ!› ពីព្រោះរាជាណាចក្ររបស់ព្រះនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
២២ រួចមក លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «នឹងមានគ្រាមកដល់ ពេលដែលអ្នករាល់គ្នានឹងមានចិត្តចង់ឃើញថ្ងៃមួយនៃគ្រារបស់កូនមនុស្ស តែអ្នកនឹងមិនឃើញឡើយ។ ២៣ ហើយនឹងមានគេប្រាប់អ្នករាល់គ្នាថា៖ ‹មើល! នៅទីនេះ!›ឬ‹មើល! នៅទីនោះ!› តែកុំចេញទៅឬរត់តាមពួកគេឡើយ។ ២៤ ព្រោះកូនមនុស្សនឹងដូចផ្លេកបន្ទោរដែលភ្លឺពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្រោមមេឃ ២៥ ក៏ប៉ុន្តែ លោកត្រូវរងទុក្ខលំបាកជាច្រើន និងត្រូវមនុស្សជំនាន់នេះមិនព្រមទទួលស្គាល់ជាមុនសិន។ ២៦ ម្យ៉ាងទៀត គ្រារបស់កូនមនុស្សក៏នឹងដូចសម័យរបស់ណូអេដែរ ២៧ គឺមនុស្សនៅសម័យនោះរវល់ផឹកនិងបរិភោគ រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃណូអេចូលក្នុងទូកធំ ហើយទឹកក៏ជន់ឡើងបំផ្លាញពួកគេទាំងអស់គ្នាទៅ។ ២៨ ក៏នឹងដូចសម័យរបស់ឡុតដែរ គឺមនុស្សនៅសម័យនោះរវល់ផឹកនិងបរិភោគ ទិញលក់ ដាំដុះ សាងសង់។ ២៩ ប៉ុន្តែនៅថ្ងៃដែលឡុតចេញពីក្រុងសូដុមមក នោះភ្លើងនិងស្ពាន់ធ័របានធ្លាក់ពីលើមេឃបំផ្លាញពួកគេទាំងអស់គ្នាទៅ។ ៣០ នៅថ្ងៃដែលកូនមនុស្សនឹងត្រូវសម្ដែងឲ្យឃើញ ក៏នឹងដូចគ្នាដែរ។
៣១ «នៅថ្ងៃនោះ អ្នកណាដែលនៅលើដំបូលផ្ទះ តែមានរបស់របរនៅក្នុងផ្ទះ កុំឲ្យអ្នកនោះចុះទៅយកឡើយ ហើយអ្នកណាដែលនៅស្រែចម្ការ កុំឲ្យអ្នកនោះត្រឡប់ទៅរកអ្វីៗនៅខាងក្រោយឡើយ។ ៣២ ចូរអ្នករាល់គ្នានឹកចាំពីប្រពន្ធរបស់ឡុត។ ៣៣ អ្នកណាដែលខំរក្សាជីវិត* ខ្លួនទុកសម្រាប់ខ្លួនឯងនឹងបាត់បង់ជីវិត ប៉ុន្តែអ្នកណាដែលបាត់បង់ជីវិតនឹងរក្សាជីវិតវិញ។ ៣៤ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានបុរសពីរនាក់ដេកលើគ្រែតែមួយ ម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល។ ៣៥ នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅនៅត្បាល់តែមួយ ម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល»។ ៣៦ * —— ៣៧ ដូច្នេះ ពួកអ្នកកាន់តាមសួរលោកថា៖ «តើកន្លែងណាលោកម្ចាស់?» លោកមានប្រសាសន៍ទៅពួកគេថា៖ «សាកសពនៅទីណា សត្វឥន្ទ្រីក៏នឹងមកជុំគ្នានៅទីនោះដែរ»។