លូកា
១៦ បន្ទាប់មក លោកក៏បានមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកដែរថា៖ «បុរសអ្នកមានម្នាក់ មានអ្នកបម្រើ* ម្នាក់។ មានគេចោទប្រកាន់អ្នកបម្រើនោះថា កំពុងបង្ខាតទ្រព្យសម្បត្ដិរបស់ម្ចាស់គាត់។ ២ ដូច្នេះ ម្ចាស់ហៅអ្នកបម្រើនោះមក ក៏ប្រាប់ថា៖ ‹តើដឹងថាខ្ញុំបានឮគេនិយាយអ្វីពីអ្នកទេ? ចូរប្រគល់បញ្ជីគណនីមកខ្ញុំវិញ ពីព្រោះខ្ញុំលែងឲ្យអ្នកចាត់ចែងទៀតហើយ›។ ៣ ម្ល៉ោះហើយ អ្នកបម្រើនោះនិយាយប្រាប់ខ្លួនឯងថា៖ ‹ម្ចាស់ខ្ញុំលែងឲ្យខ្ញុំចាត់ចែងទៀតហើយ ដូច្នេះ តើខ្ញុំត្រូវធ្វើយ៉ាងណាវិញ? ខ្ញុំមិនមានកម្លាំងល្មមនឹងជីកដីទេ ហើយបើដើរសុំទានគេ ខ្ញុំត្រូវខ្មាសគេដែរ។ ៤ អូ៎! ខ្ញុំដឹងអ្វីដែលខ្ញុំត្រូវធ្វើក្រោយពីគេឈប់ឲ្យខ្ញុំចាត់ចែងកិច្ចការហើយ ដើម្បីឲ្យមានគេនឹងទទួលខ្ញុំស្នាក់នៅផ្ទះរបស់ពួកគេ›។ ៥ រួចមក គាត់ហៅកូនបំណុលគ្រប់គ្នាដែលជំពាក់ម្ចាស់របស់គាត់មក ក៏សួរកូនបំណុលទីមួយថា៖ ‹តើអ្នកជំពាក់ម្ចាស់ខ្ញុំប៉ុន្មាន?›។ ៦ អ្នកនោះឆ្លើយថា៖ ‹ប្រេងអូលីវមួយរយរង្វាល់›។* អ្នកបម្រើប្រាប់អ្នកនោះថា៖ ‹ចូរយកកិច្ចសន្យារបស់អ្នកទៅអង្គុយសរសេរហាសិបរង្វាល់វិញជាប្រញាប់›។ ៧ បន្ទាប់មក អ្នកបម្រើនោះសួរកូនបំណុលម្នាក់ទៀតថា៖ ‹ចុះអ្នកវិញ តើជំពាក់ប៉ុន្មានដែរ?›។ អ្នកនោះឆ្លើយថា៖ ‹ស្រូវសាលីមួយរយរង្វាល់›។* អ្នកបម្រើប្រាប់ថា៖ ‹ចូរយកកិច្ចសន្យារបស់អ្នកទៅសរសេរប៉ែតសិបរង្វាល់វិញ›។ ៨ ហើយម្ចាស់របស់អ្នកបម្រើនោះបានសរសើរគាត់ ពីព្រោះពិតមែនតែគាត់ទុច្ចរិត ប៉ុន្តែគាត់ប្រព្រឹត្តដោយប្រើប្រាជ្ញា។ ក្នុងការប្រព្រឹត្តចំពោះមនុស្សជំនាន់របស់ខ្លួន មនុស្សខាងពិភពលោកនេះមានប្រាជ្ញាជាងមនុស្សក្នុងពន្លឺ។
៩ «ខ្ញុំក៏ប្រាប់អ្នករាល់គ្នាដែរថា ចូរប្រើទ្រព្យនៃពិភពលោកទុច្ចរិតនេះ ប្រយោជន៍ឲ្យបានមិត្តភក្ដិ។ យ៉ាងនេះ ក្រោយពីទ្រព្យនោះសាបសូន្យទៅ មិត្តទាំងនោះនឹងទទួលអ្នកចូលក្នុងទីអាស្រ័យដែលស្ថិតស្ថេរជារៀងរហូត។ ១០ អ្នកណាដែលស្មោះត្រង់ក្នុងការដ៏តូចបំផុត អ្នកនោះក៏ស្មោះត្រង់ក្នុងការជាច្រើនដែរ ហើយអ្នកណាដែលមិនសុចរិតក្នុងការដ៏តូចបំផុត អ្នកនោះក៏មិនសុចរិតក្នុងការជាច្រើនដែរ។ ១១ ដូច្នេះ ប្រសិនបើអ្នកមិនបានបង្ហាញសេចក្ដីស្មោះត្រង់ក្នុងរបៀបដែលអ្នកប្រើទ្រព្យនៃពិភពលោកទុច្ចរិតនេះ តើអ្នកណានឹងផ្ញើទ្រព្យដ៏ពិតប្រាកដទុកនឹងអ្នករាល់គ្នា? ១២ ហើយប្រសិនបើអ្នករាល់គ្នាមិនបានបង្ហាញសេចក្ដីស្មោះត្រង់ក្នុងរបៀបដែលអ្នកប្រើអ្វីៗដែលជារបស់អ្នកដទៃ តើអ្នកណានឹងឲ្យអ្វីដែលសម្រាប់អ្នករាល់គ្នា? ១៣ គ្មានអ្នកបម្រើក្នុងផ្ទះណាម្នាក់អាចធ្វើជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ ព្រោះគាត់នឹងស្អប់ម្ចាស់ម្នាក់និងស្រឡាញ់ម្ចាស់ម្នាក់ទៀត ឬនៅជាប់នឹងម្ចាស់ម្នាក់និងប្រមាថមើលងាយម្ចាស់ម្នាក់ទៀត។ អ្នករាល់គ្នាមិនអាចជាខ្ញុំបម្រើរបស់ព្រះនិងទ្រព្យសម្បត្ដិបានឡើយ»។
១៤ ឯពួកផារិស៊ីជាមនុស្សដែលស្រឡាញ់ប្រាក់។ ពេលពួកគេកំពុងស្ដាប់លោកមានប្រសាសន៍ ក៏ចាប់ផ្ដើមពេបជ្រាយឲ្យលោក។ ១៥ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាប្រកាសថាខ្លួនសុចរិតនៅមុខមនុស្ស តែព្រះជ្រាបពីអ្វីដែលនៅក្នុងចិត្តអ្នករាល់គ្នា។ ព្រោះអ្វីដែលមនុស្សចាត់ទុកថាសំខាន់ គឺជាអ្វីដ៏គួរឲ្យស្អប់ខ្ពើមចំពោះព្រះវិញ។
១៦ «ច្បាប់* និងពាក្យរបស់ពួកអ្នកប្រកាសទំនាយបានត្រូវប្រកាសរហូតដល់យ៉ូហាន។ ចាប់តាំងពីពេលនោះមក រាជាណាចក្ររបស់ព្រះកំពុងត្រូវប្រកាសជាដំណឹងល្អ ហើយមនុស្សគ្រប់ប្រភេទកំពុងខំប្រឹងឈានទៅរករាជាណាចក្រនោះ។ ១៧ មេឃនិងផែនដីងាយបាត់សូន្យ ជាងអក្សរមួយតួក្នុងច្បាប់បាត់ទៅដោយមិនបានសម្រេច។
១៨ «អ្នកណាដែលលែងលះប្រពន្ធហើយរៀបការស្ត្រីម្នាក់ទៀត អ្នកនោះធ្វើអំពើផិតក្បត់ ហើយអ្នកណាដែលរៀបការជាមួយនឹងស្ត្រីដែលប្ដីលែង អ្នកនោះក៏ធ្វើអំពើផិតក្បត់ដែរ។
១៩ «ប៉ុន្តែធ្លាប់មានបុរសអ្នកមានម្នាក់ ដែលតែងខ្លួនដោយសម្លៀកបំពាក់ពណ៌ស្វាយនិងក្រណាត់សាច់ល្អ ក៏ធ្លាប់សប្បាយហ៊ឺហារៀងរាល់ថ្ងៃ។ ២០ តែអ្នកសុំទានម្នាក់ឈ្មោះឡាសាដែលមានដំបៅរលួយពេញខ្លួន ធ្លាប់ត្រូវគេយកមកដាក់នៅមាត់ទ្វាររបងរបស់បុរសអ្នកមាននោះ។ ២១ ហើយឡាសាចង់ចម្អែតក្រពះដោយអាហារដែលជ្រុះពីតុរបស់បុរសអ្នកមាន។ ម្យ៉ាងទៀត ធ្លាប់មានឆ្កែមកលិទ្ធដំបៅរបស់គាត់។ ២២ លុះក្រោយមក អ្នកសុំទានបានស្លាប់ទៅ ហើយបណ្ដាទេវតាបានយកគាត់ទៅដាក់នៅជិតដើមទ្រូង* របស់អាប្រាហាំ។
«បុរសអ្នកមានក៏បានស្លាប់ដែរ ហើយត្រូវគេបញ្ចុះ។ ២៣ រួចក្នុងផ្នូរ* គាត់កំពុងរងទារុណកម្ម ក៏បានងើបមុខមើលទៅលើឃើញអាប្រាហាំនៅឆ្ងាយ និងឡាសានៅជិតដើមទ្រូងរបស់គាត់។ ២៤ ដូច្នេះ គាត់ស្រែកហៅថា៖ ‹លោកឪពុកអាប្រាហាំអើយ! សូមមេត្ដាខ្ញុំផង ហើយចាត់ឡាសាទៅជ្រលក់ចុងម្រាមដៃក្នុងទឹកហើយបន្តក់លើអណ្ដាតរបស់ខ្ញុំឲ្យត្រជាក់ ពីព្រោះខ្ញុំកំពុងរងទុក្ខវេទនាក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ›។ ២៥ ប៉ុន្តែអាប្រាហាំតបថា៖ ‹កូនអើយ សូមចាំថា កាលដែលអ្នកនៅរស់ អ្នកបានទទួលរបស់ល្អសព្វគ្រប់ តែឡាសាវិញ គាត់បានទទួលសេចក្ដីអាក្រក់។ ក៏ប៉ុន្តែ ឥឡូវនេះគាត់កំពុងទទួលការសម្រាលទុក្ខនៅទីនេះ តែអ្នកកំពុងរងទុក្ខវេទនាវិញ។ ២៦ ក្រៅពីនោះ មានចន្លោះដ៏ធំមួយដែលបានត្រូវដាក់ខណ្ឌនៅកណ្ដាលយើងនិងអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកណានៅទីនេះដែលចង់ទៅខាងអ្នករាល់គ្នា អាចទៅបាន ហើយកុំឲ្យអ្នកណានៅទីនោះឆ្លងមកខាងយើងដែរ›។ ២៧ រួចបុរសនោះនិយាយថា៖ ‹បើដូច្នេះ ខ្ញុំសូមលោកឪពុកចាត់គាត់ឲ្យទៅផ្ទះរបស់ឪពុកខ្ញុំ ២៨ ព្រោះខ្ញុំមានបងប្អូនប្រុសប្រាំនាក់ ហើយគាត់អាចពន្យល់ពួកគេឲ្យយល់ច្បាស់ ដើម្បីកុំឲ្យពួកគេមកកន្លែងទារុណកម្មនេះដែរ›។ ២៩ ប៉ុន្តែអាប្រាហាំប្រាប់ថា៖ ‹ពួកគេមានម៉ូសេនិងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ ទុកឲ្យពួកគេស្ដាប់អ្នកទាំងនោះចុះ›។ ៣០ រួចបុរសនោះនិយាយថា៖ ‹ទេ! លោកឪពុកអាប្រាហាំអើយ! ប្រសិនបើមានអ្នកណាពីចំណោមមនុស្សស្លាប់ទៅឯពួកគេ នោះពួកគេនឹងប្រែចិត្ត›។ ៣១ ប៉ុន្តែអាប្រាហាំតបទៅគាត់ថា៖ ‹បើពួកគេមិនស្ដាប់ម៉ូសេនិងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយទេ ពួកគេក៏នឹងមិនព្រមស្ដាប់អ្នកណាម្នាក់ដែលបានរស់ឡើងវិញដែរ›»។