យ៉ូហាន
១២ ដូច្នេះ ប្រាំមួយថ្ងៃមុនបុណ្យរំលង លោកយេស៊ូបានមកដល់ភូមិបេថានី ជាកន្លែងដែលឡាសានៅ។ គាត់ជាអ្នកដែលលោកយេស៊ូបានប្រោសឲ្យរស់ឡើងវិញ។ ២ ដូច្នេះ គេបានរៀបចំភោជនាហារជូនលោក ហើយម៉ាថាកំពុងបម្រើពួកគេ ប៉ុន្តែឡាសានៅក្នុងចំណោមពួកអ្នកដែលអង្គុយរួមតុជាមួយនឹងលោក។ ៣ ម្ល៉ោះហើយ ម៉ារៀបានយកប្រេងក្រអូបប្រហែលកន្លះលីត្រមក ជាប្រេងណាដ* សុទ្ធ ដែលមានតម្លៃថ្លៃណាស់ ហើយបានលាបជើងរបស់លោកយេស៊ូ រួចនាងក៏យកសក់មកជូតជើងរបស់លោកឲ្យស្ងួត។ ក្លិនប្រេងក្រអូបនោះបានសាយភាយពេញផ្ទះ។ ៤ ប៉ុន្តែយូដាសអ៊ីស្ការីយ៉ុត ដែលជាអ្នកកាន់តាមម្នាក់របស់លោក និងជាអ្នកដែលបម្រុងនឹងក្បត់លោក បាននិយាយថា៖ ៥ «ហេតុអ្វីក៏មិនលក់ប្រេងក្រអូបនេះបានបីរយឌីណារី* រួចចែកឲ្យអ្នកក្រ?»។ ៦ ក៏ប៉ុន្តែគាត់និយាយដូច្នេះមិនមែនដោយសារគាត់យកចិត្តទុកដាក់នឹងជនក្រីក្រទេ តែដោយសារគាត់ជាចោរ ហើយជាអ្នកកាន់ប្រអប់ទុកប្រាក់ ក៏ធ្លាប់យកប្រាក់ដែលគេដាក់ក្នុងប្រអប់នោះ។ ៧ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «កុំរំខាននាង ដើម្បីឲ្យនាងអាចធ្វើតាមទម្លាប់នេះដោយគិតពីថ្ងៃបញ្ចុះសពរបស់ខ្ញុំ។ ៨ ព្រោះអ្នករាល់គ្នាតែងតែមានអ្នកក្រនៅជាមួយ ប៉ុន្តែអ្នករាល់គ្នានឹងមិនមានខ្ញុំនៅជាមួយរហូតទេ»។
៩ ដូច្នេះ ជនជាតិយូដាមួយក្រុមធំបានឮថាលោកនៅទីនោះ ក៏បានមក មិនមែនដោយសារតែលោកយេស៊ូប៉ុណ្ណោះទេ ប៉ុន្តែដោយសារពួកគេចង់ឃើញឡាសាដែរ ដែលលោកបានប្រោសឲ្យរស់ឡើងវិញ។ ១០ នៅពេលនោះ ពួកសង្ឃនាយកក៏ប្រឹក្សាគ្នារកវិធីសម្លាប់ឡាសាដែរ ១១ ព្រោះជនជាតិយូដាជាច្រើននាក់កំពុងទៅទីនោះហើយជឿលើលោកយេស៊ូដោយសារគាត់។
១២ លុះថ្ងៃស្អែក មនុស្សមួយក្រុមធំដែលបានមកបុណ្យនោះ ហើយបានឮថាលោកយេស៊ូកំពុងធ្វើដំណើរមកក្រុងយេរូសាឡិម ១៣ ក៏យកធាងលម៉ើ រួចបានចេញទៅជួបលោក។ ពួកគេតាំងស្រែកឡើងថា៖ «សូមលោកមេត្ដាសង្គ្រោះ! អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ! គឺជាស្តេចនៃជនជាតិអ៊ីស្រាអែល!»។ ១៤ ប៉ុន្តែពេលដែលលោកយេស៊ូបានរកឃើញសត្វលាស្ទាវមួយ លោកក៏ជិះលើវា ដូចបទគម្ពីរបានចែងថា៖ ១៥ «កុំខ្លាចឡើយ កូនស្រីរបស់ក្រុងស៊ីយ៉ូនអើយ! មើល! ស្តេចរបស់នាងកំពុងមក ដោយជិះលើកូនលា»។ ១៦ នៅដើមដំបូង ពួកអ្នកកាន់តាមលោកមិនបានកត់សម្គាល់ការទាំងនេះឡើយ ប៉ុន្តែក្រោយពីលោកយេស៊ូបានទទួលសិរីរុងរឿងហើយ នោះពួកគាត់បាននឹកឃើញថាការទាំងនេះបានត្រូវសរសេរអំពីលោក ក៏ចាំថាការទាំងនេះបានកើតឡើងដល់លោក។
១៧ ឯបណ្ដាជនដែលនៅជាមួយនឹងលោកពេលដែលលោកហៅឡាសាឲ្យចេញពីទីបញ្ចុះសពមក ហើយប្រោសគាត់ឲ្យរស់ឡើងវិញ ពួកគេបញ្ជាក់អំពីលោកឥតឈប់។ ១៨ ហេតុនេះ បណ្ដាជនក៏បានមកជួបលោកដែរ ដោយសារពួកគេបានឮថាលោកបានធ្វើសញ្ញាសម្គាល់នេះ។ ១៩ ដូច្នេះ ពួកផារិស៊ីនិយាយគ្នាថា៖ «ឃើញទេ? គម្រោងរបស់យើងមិនបានជោគជ័យសោះ។ មើល! ពិភពលោកទាំងមូលបានចេញទៅតាមអ្នកនោះ»។
២០ មានជនជាតិក្រិចមួយចំនួនក្នុងចំណោមពួកអ្នកដែលបានមកគោរពបូជា ក្នុងពិធីបុណ្យនោះ។ ២១ ដូច្នេះ អ្នកទាំងនេះបានទៅជួបភីលីព ដែលមកពីក្រុងបេតសេដានៅស្រុកកាលីឡេ ក៏តាំងសុំថា៖ «លោក យើងសូមជួបលោកយេស៊ូ»។ ២២ ភីលីពបានមកប្រាប់អនទ្រេ រួចអនទ្រេនិងភីលីពបានមកជម្រាបលោកយេស៊ូ។
២៣ ប៉ុន្តែលោកយេស៊ូបានតបទៅពួកគាត់ថា៖ «គឺដល់ពេលឲ្យកូនមនុស្សទទួលសិរីរុងរឿងហើយ។ ២៤ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើគ្រាប់ស្រូវសាលីមួយមិនធ្លាក់ដល់ដីហើយងាប់ទៅ នោះវានៅតែជាគ្រាប់មួយប៉ុណ្ណោះ។ ប៉ុន្តែបើគ្រាប់នោះងាប់វិញ វាបង្កើតផលជាច្រើន។ ២៥ អ្នកណាដែលស្រឡាញ់ជីវិត* ខ្លួន អ្នកនោះបំផ្លាញជីវិតខ្លួនវិញ ប៉ុន្តែអ្នកដែលស្អប់ជីវិតខ្លួនក្នុងពិភពលោកនេះ នឹងរក្សាជីវិតដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់។ ២៦ ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ហើយកន្លែងណាដែលខ្ញុំនៅ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះនឹងទទួលកិត្ដិយសពីបិតាដែលស្ថិតនៅស្ថានសួគ៌។ ២៧ ឥឡូវនេះ ខ្ញុំពិបាកចិត្តណាស់ ហើយតើខ្ញុំអាចនិយាយយ៉ាងណា? បិតាអើយ សូមសង្គ្រោះខ្ញុំឲ្យរួចពីគ្រានេះ។ ប៉ុន្តែហេតុនេះហើយបានជាខ្ញុំមក គឺដើម្បីឆ្លងកាត់គ្រានេះ។ ២៨ បិតាអើយ សូមលើកតម្កើងនាមរបស់លោក»។ ដូច្នេះ មានសំឡេងមួយមកពីលើមេឃ* ថា៖ «ខ្ញុំបានលើកតម្កើង ក៏នឹងលើកតម្កើងម្ដងទៀត»។
២៩ ម្ល៉ោះហើយ បណ្ដាជនដែលកំពុងឈរនៅទីនោះហើយបានឮសំឡេង ក៏តាំងនិយាយថា នោះជាសូរផ្គរលាន់។ អ្នកឯទៀតក៏និយាយថា៖ «ទេវតាមួយបាននិយាយទៅកាន់គាត់»។ ៣០ លោកយេស៊ូតបថា៖ «សំឡេងនេះបានបន្លឺឡើងសម្រាប់អ្នករាល់គ្នា មិនមែនសម្រាប់ខ្ញុំទេ។ ៣១ ឥឡូវពិភពលោកនេះកំពុងទទួលការវិនិច្ឆ័យ ហើយអ្នកគ្រប់គ្រងពិភពលោកនេះនឹងត្រូវបណ្ដេញចោល។ ៣២ ក៏ប៉ុន្តែពេលដែលខ្ញុំត្រូវគេលើកឡើងពីដី ខ្ញុំនឹងទាញនាំមនុស្សគ្រប់ប្រភេទមកឯខ្ញុំ»។ ៣៣ តាមពិត លោកមានប្រសាសន៍ដូច្នេះ ដើម្បីបញ្ជាក់អំពីរបៀបដែលលោកនឹងទទួលមរណភាព។ ៣៤ ម្ល៉ោះហើយ បណ្ដាជនតបទៅលោកថា៖ «យើងបានឮអ្វីដែលចែងក្នុងច្បាប់* ថា គ្រិស្តនឹងស្ថិតនៅជារៀងរហូត។ ដូច្នេះ ហេតុអ្វីបានជាអ្នកនិយាយថាកូនមនុស្សនឹងត្រូវគេលើកឡើង? តើកូនមនុស្សនេះជាអ្នកណា?»។ ៣៥ ហេតុនេះហើយ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ពន្លឺនឹងនៅជាមួយនឹងអ្នករាល់គ្នាតែបន្ដិចទៀតទេ។ ចូរអ្នករាល់គ្នាដើរកាលដែលនៅមានពន្លឺ ដើម្បីកុំឲ្យភាពងងឹតឈ្នះអ្នករាល់គ្នាឡើយ។ ឯអ្នកណាដែលដើរក្នុងភាពងងឹត អ្នកនោះមិនដឹងថាខ្លួនកំពុងទៅឯណាទេ។ ៣៦ កាលដែលអ្នករាល់គ្នានៅមានពន្លឺ ចូរបង្ហាញជំនឿលើពន្លឺ ដើម្បីអាចទៅជាកូននៃពន្លឺ»។
លុះមានប្រសាសន៍អ្វីៗទាំងនេះចប់ហើយ លោកយេស៊ូក៏ចេញទៅ ហើយលាក់ខ្លួនពីពួកគេ។ ៣៧ ក៏ប៉ុន្តែទោះជាលោកបានធ្វើសញ្ញាសម្គាល់ជាច្រើននៅមុខពួកគេក៏ដោយ ក៏ពួកគេមិនជឿលើលោកឡើយ។ ៣៨ យ៉ាងនេះ ពាក្យរបស់អេសាយដែលជាអ្នកប្រកាសទំនាយបានត្រូវសម្រេច។ ពាក្យនោះថា៖ «ព្រះយេហូវ៉ា តើអ្នកណាបានជឿអ្វីដែលយើងបានឮ? ហើយតើព្រះយេហូវ៉ាបានបើកបង្ហាញឫទ្ធានុភាព* របស់លោកដល់អ្នកណា?»។ ៣៩ មូលហេតុដែលពួកគេមិនអាចជឿបាន គឺដោយសារអេសាយបានចែងទៀតថា៖ ៤០ «លោកបានធ្វើឲ្យភ្នែករបស់ពួកគេងងឹត ក៏បានធ្វើឲ្យចិត្តរបស់ពួកគេរឹង ដើម្បីកុំឲ្យពួកគេមើលឃើញនឹងភ្នែក ហើយយល់អត្ថន័យនិងឲ្យមានឥទ្ធិពលលើចិត្តរបស់ពួកគេ រួចវិលមកវិញ ហើយខ្ញុំធ្វើឲ្យពួកគេជាសះស្បើយ»។ ៤១ អេសាយបានពោលអ្វីៗទាំងនេះ ពីព្រោះគាត់បានឃើញសិរីរុងរឿងរបស់លោក ក៏បាននិយាយអំពីលោក។ ៤២ ទោះជាយ៉ាងនោះក៏ដោយ ពួកអ្នកគ្រប់គ្រងជាច្រើននាក់បានជឿលើលោក ក៏ប៉ុន្តែដោយសារពួកផារិស៊ី អ្នកគ្រប់គ្រងទាំងនោះមិនហ៊ានទទួលស្គាល់លោកទេ ដើម្បីកុំឲ្យគេបណ្ដេញចោលពីសាលាប្រជុំ ៤៣ ព្រោះពួកគេស្រឡាញ់ការសរសើររបស់មនុស្ស ជាងទទួលការពេញចិត្តពីព្រះ។
៤៤ ក៏ប៉ុន្តែលោកយេស៊ូបានស្រែកឡើងថា៖ «អ្នកណាដែលជឿលើខ្ញុំ អ្នកនោះមិនមែនជឿលើខ្ញុំប៉ុណ្ណោះទេ តែក៏ជឿលើលោកដែលបានចាត់ខ្ញុំឲ្យមកដែរ ៤៥ ហើយអ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញលោកដែលចាត់ខ្ញុំឲ្យមកដែរ។ ៤៦ ខ្ញុំបានមកដើម្បីធ្វើជាពន្លឺក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអ្នកណាដែលជឿលើខ្ញុំស្ថិតក្នុងភាពងងឹតតទៅទៀតឡើយ។ ៤៧ ប៉ុន្តែប្រសិនបើអ្នកណាឮពាក្យរបស់ខ្ញុំ ហើយមិនធ្វើតាមពាក្យទាំងនោះ ខ្ញុំមិនវិនិច្ឆ័យអ្នកនោះទេ ព្រោះខ្ញុំមិនបានមកដើម្បីវិនិច្ឆ័យពិភពលោកឡើយ តែដើម្បីសង្គ្រោះពិភពលោកវិញ។ ៤៨ មានអ្នកដែលនឹងវិនិច្ឆ័យអ្នកណាដែលមិនអើពើចំពោះខ្ញុំហើយមិនទទួលពាក្យរបស់ខ្ញុំ។ ពាក្យដែលខ្ញុំបាននិយាយជាអ្វីដែលនឹងវិនិច្ឆ័យអ្នកនោះនៅថ្ងៃចុងក្រោយ ៤៩ ពីព្រោះខ្ញុំមិនបាននិយាយចេញពីចិត្តរបស់ខ្ញុំទេ ប៉ុន្តែបិតានៅស្ថានសួគ៌ដែលបានចាត់ខ្ញុំឲ្យមក បានឲ្យបញ្ញត្ដិមួយមកខ្ញុំដោយផ្ទាល់ ស្តីអំពីអ្វីដែលខ្ញុំត្រូវប្រាប់ និងអ្វីដែលខ្ញុំត្រូវនិយាយ។ ៥០ ម្យ៉ាងទៀត ខ្ញុំដឹងថាបញ្ញត្ដិរបស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់។ ដូច្នេះ អ្វីៗដែលខ្ញុំនិយាយ នោះខ្ញុំនិយាយដូចបិតានៅស្ថានសួគ៌បានមានប្រសាសន៍មកខ្ញុំ»។