យ៉ូហាន
១៩ ដូច្នេះ នៅពេលនោះ ពីឡាតយកលោកយេស៊ូទៅវាយនឹងរំពាត់ខ្សែតី។ ២ រួចពួកទាហានយកបន្លាមកក្រងធ្វើជាមកុដមួយបំពាក់លើក្បាលលោក ហើយយកសម្លៀកបំពាក់ក្រៅពណ៌ស្វាយមកបំពាក់ឲ្យលោកដែរ។ ៣ បន្ទាប់មក ពួកគេចូលមកជិតលោកហើយនិយាយថា៖ «ស្តេចនៃជនជាតិយូដាអើយ! សូមឲ្យលោកបានសុខសប្បាយ!» ហើយក៏ទះកំផ្លៀងលោក។ ៤ ក្រោយមក ពីឡាតចេញទៅក្រៅម្ដងទៀតហើយនិយាយទៅកាន់ជនជាតិយូដាថា៖ «មើល! ខ្ញុំនាំគាត់ចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។ ៥ ដូច្នេះ លោកយេស៊ូចេញមកក្រៅទាំងមានមកុដបន្លាលើក្បាលនិងសម្លៀកបំពាក់ពណ៌ស្វាយនោះ។ រួចគាត់និយាយទៅកាន់ពួកគេថា៖ «មើល! គឺបុរសនេះហើយ!»។ ៦ ក៏ប៉ុន្តែពេលដែលពួកសង្ឃនាយកនិងពួកអាជ្ញាធរឃើញលោក ពួកគេស្រែកឡើងថា៖ «ព្យួរគាត់ទៅ! ព្យួរគាត់ទៅ!»។ ពីឡាតនិយាយទៅកាន់ពួកគេថា៖ «ចូរយកគាត់ទៅព្យួរដោយខ្លួនអ្នកចុះ ព្រោះខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។ ៧ ជនជាតិយូដាតបថា៖ «យើងមានច្បាប់ ហើយយោងទៅតាមច្បាប់នោះគាត់គួរតែស្លាប់ ពីព្រោះគាត់អះអាងថាគាត់ជាបុត្រព្រះ»។
៨ ឮដូច្នេះ ពីឡាតក៏ខ្លាចជាងមុន ៩ រួចបានចូលក្នុងវិមានរបស់អភិបាលម្ដងទៀត ហើយនិយាយទៅកាន់លោកយេស៊ូថា៖ «តើអ្នកមកពីណា?» ប៉ុន្តែលោកយេស៊ូមិនឆ្លើយទេ។ ១០ ដូច្នេះ ពីឡាតនិយាយទៅកាន់លោកថា៖ «តើអ្នកមិននិយាយជាមួយនឹងខ្ញុំទេឬ? តើអ្នកមិនដឹងថា ខ្ញុំមានអំណាចដោះលែងអ្នក ហើយក៏មានអំណាចព្យួរអ្នកទេឬ?»។ ១១ លោកយេស៊ូតបទៅគាត់ថា៖ «អ្នកនឹងគ្មានអំណាចធ្វើអ្វីទាស់នឹងខ្ញុំសោះ ប្រសិនបើអ្នកមិនបានទទួលពីស្ថានលើ។ ហេតុនេះបុរសដែលបានប្រគល់ខ្ញុំឲ្យអ្នក បានធ្វើខុសធ្ងន់ជាង»។
១២ ម្ល៉ោះហើយ ពីឡាតខំរិះរកវិធីដើម្បីដោះលែងលោក។ ប៉ុន្តែជនជាតិយូដាស្រែកឡើងថា៖ «ប្រសិនបើលោកដោះលែងបុរសនេះ លោកមិនមែនជាមិត្តរបស់សេសារ* ទេ។ អ្នកណាដែលលើកខ្លួនជាស្តេច អ្នកនោះនិយាយប្រឆាំងសេសារ»។ ១៣ ដូច្នេះ ក្រោយពីពីឡាតឮពាក្យទាំងនេះ គាត់ក៏យកលោកយេស៊ូចេញមកក្រៅ រួចអង្គុយនៅកន្លែងវិនិច្ឆ័យក្ដីដែលហៅថា ទីលានក្រាលថ្ម ប៉ុន្តែភាសាហេប្រឺហៅថាកាប្បាថា។ ១៤ ឯថ្ងៃនោះជាថ្ងៃរៀបចំសម្រាប់បុណ្យរំលង* ប្រហែលនៅម៉ោងទីប្រាំមួយ។* គាត់និយាយទៅកាន់ជនជាតិយូដាថា៖ «មើល! ស្តេចរបស់អ្នករាល់គ្នា!»។ ១៥ ក៏ប៉ុន្តែពួកគេស្រែកឡើងថា៖ «យកគាត់ចេញ! យកគាត់ចេញ! ព្យួរគាត់ទៅ!» ពីឡាតនិយាយទៅកាន់ពួកគេថា៖ «តើឲ្យខ្ញុំព្យួរស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសង្ឃនាយកឆ្លើយថា៖ «យើងគ្មានស្តេចក្រៅពីសេសារទេ»។ ១៦ ដូច្នេះ នៅពេលនោះគាត់ប្រគល់លោកទៅឲ្យគេព្យួរ។
រួចពួកគេក៏នាំយកលោកយេស៊ូទៅ។ ១៧ លោកចេញទៅកន្លែងហៅថាលលាដ៍ក្បាល ដែលភាសាហេប្រឺហៅថាកុលកូថា ដោយលីបង្គោលទារុណកម្ម* ខ្លួនលោក ១៨ ហើយគេព្យួរលោកនៅទីនោះ ក៏ព្យួរបុរសពីរនាក់ទៀតជាមួយនឹងលោក ដោយព្យួរម្នាក់ម្ខាង ប៉ុន្តែលោកយេស៊ូនៅកណ្ដាល។ ១៩ ពីឡាតសរសេរប្រកាសមួយហើយបិទលើបង្គោលទារុណកម្ម។ ប្រកាសនោះថា៖ «យេស៊ូពីក្រុងណាសារ៉ែត ជាស្តេចនៃជនជាតិយូដា»។ ២០ ដូច្នេះ ជនជាតិយូដាជាច្រើននាក់បានអានប្រកាសនោះ ដោយសារកន្លែងដែលគេបានព្យួរលោកយេស៊ូគឺនៅជិតក្រុង ហើយប្រកាសនោះបានត្រូវសរសេរជាភាសាហេប្រឺ ឡាតាំង និងក្រិច។ ២១ ក៏ប៉ុន្តែពួកសង្ឃនាយកនៃជនជាតិយូដា តាំងនិយាយទៅកាន់ពីឡាតថា៖ «សូមកុំសរសេរថា‹ស្តេចនៃជនជាតិយូដា› ប៉ុន្តែសរសេរថា គាត់បាននិយាយថា៖ ‹ខ្ញុំជាស្តេចនៃជនជាតិយូដា›»។ ២២ ពីឡាតតបថា៖ «ខ្ញុំសរសេរយ៉ាងណា ត្រូវទុកយ៉ាងនោះ»។
២៣ ក្រោយពីពួកទាហានបានព្យួរលោកយេស៊ូរួចហើយ ពួកគេយកសម្លៀកបំពាក់ក្រៅរបស់លោក រួចចែកជាបួនផ្នែក ដោយទាហានម្នាក់ៗបានមួយផ្នែក ក៏យកសម្លៀកបំពាក់ក្នុងរបស់លោកដែរ។ ប៉ុន្តែសម្លៀកបំពាក់ក្នុងគ្មានថ្នេរឡើយ ព្រោះបានត្រូវត្បាញពីលើចុះមក។ ២៤ ដូច្នេះ ពួកគេនិយាយគ្នាថា៖ «កុំហែកសម្លៀកបំពាក់នោះ ប៉ុន្តែយើងនាំគ្នាចាប់ឆ្នោតដើម្បីដឹងថាអ្នកណានឹងបានវា»។ នេះគឺដើម្បីសម្រេចតាមបទគម្ពីរដែលចែងថា៖ «ពួកគេបានយកសម្លៀកបំពាក់ក្រៅរបស់ខ្ញុំហើយចែកគ្នា ក៏បានចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ»។ ម្ល៉ោះហើយ ពួកទាហានបានធ្វើការទាំងនេះពិតមែន។
២៥ ក៏ប៉ុន្តែម្ដាយរបស់លោកយេស៊ូ ប្អូនស្រីរបស់ម្ដាយលោក ម៉ារៀដែលជាប្រពន្ធរបស់ក្លូប៉ាស និងម៉ារៀម៉ាក់ដាឡេន ឈរនៅក្បែរបង្គោលទារុណកម្មរបស់លោក។ ២៦ ដូច្នេះ កាលដែលលោកយេស៊ូឃើញម្ដាយលោក និងអ្នកកាន់តាមដែលលោកស្រឡាញ់ឈរនៅក្បែរ នោះលោកមានប្រសាសន៍ទៅម្ដាយលោកថា៖ «មើល! កូនរបស់អ្នក!»។ ២៧ បន្ទាប់មក លោកមានប្រសាសន៍ទៅអ្នកកាន់តាមនោះថា៖ «មើល! ម្ដាយរបស់អ្នក!» រួចចាប់ពីពេលនោះទៅ អ្នកកាន់តាមនោះបានយកនាងទៅផ្ទះរបស់គាត់។
២៨ ក្រោយមក ពេលដែលលោកយេស៊ូជ្រាបថាការទាំងអស់បានសម្រេចហើយ នោះដើម្បីសម្រេចតាមបទគម្ពីរ លោកមានប្រសាសន៍ថា៖ «ខ្ញុំស្រេកទឹក»។ ២៩ មានភាជនៈមួយនៅទីនោះដែលពេញទៅដោយស្រាជូរ។ ដូច្នេះ គេបានជ្រលក់ប្រដាប់ជក់ទឹកក្នុងស្រាជូរ រួចដាក់លើចុងដើមហ៊ីសុប ក៏យកទៅដាក់ដល់មាត់របស់លោក។ ៣០ លុះបានភ្លក់ស្រាជូរនោះហើយ លោកយេស៊ូមានប្រសាសន៍ថា៖ «ការទាំងអស់បានសម្រេចហើយ!» រួចលោកឱនក្បាលផុតដង្ហើម* ទៅ។
៣១ ក្រោយមក ជនជាតិយូដាបានសុំពីឡាតបំបាក់ជើងរបស់ពួកអ្នកដែលនៅជាប់បង្គោលទារុណកម្ម ហើយយកសពរបស់ពួកគេចេញ ពីព្រោះនោះជាថ្ងៃរៀបចំ ហើយដើម្បីកុំឲ្យសពទាំងនោះនៅជាប់បង្គោលទារុណកម្មនៅថ្ងៃឈប់សម្រាក (ព្រោះជាថ្ងៃឈប់សម្រាកដ៏ធំ)។* ៣២ ដូច្នេះ ពួកទាហានក៏មកបំបាក់ជើងរបស់បុរសទីមួយនិងបុរសមួយទៀតដែលបានត្រូវព្យួរជាមួយនឹងលោក។ ៣៣ ប៉ុន្តែពេលដែលមកដល់លោកយេស៊ូ ពួកគេមិនបានបំបាក់ជើងរបស់លោកទេ ព្រោះឃើញថាលោកទទួលមរណភាពហើយ។ ៣៤ ទោះជាយ៉ាងនោះក៏ដោយ ទាហានម្នាក់បានចាក់ចំហៀងខ្លួនលោកនឹងលំពែង ហើយឈាមនិងទឹកចេញមកភ្លាម។ ៣៥ ឯអ្នកដែលបានឃើញការនេះបានធ្វើជាសាក្សី ហើយការបញ្ជាក់របស់គាត់គឺពិត គាត់ក៏ដឹងថាគាត់និយាយការពិត ដើម្បីឲ្យអ្នករាល់គ្នាជឿ។ ៣៦ ការទាំងនេះបានកើតឡើងដើម្បីសម្រេចតាមបទគម្ពីរដែលចែងថា៖ «គេនឹងមិនបំបាក់ឆ្អឹងណាមួយរបស់លោកឡើយ»។ ៣៧ ហើយបទគម្ពីរផ្សេងទៀតចែងថា៖ «ពួកគេនឹងមើលទៅលោកដែលពួកគេបានចាក់»។
៣៨ បន្ទាប់ពីការទាំងនេះ យ៉ូសែបពីក្រុងអារីម៉ាថេ ដែលជាអ្នកកាន់តាមលោកយេស៊ូដោយសម្ងាត់ ព្រោះខ្លាចជនជាតិយូដា បានសុំពីឡាតយកសពរបស់លោកយេស៊ូ។ ពីឡាតក៏អនុញ្ញាត ដូច្នេះ គាត់មកយកសពរបស់លោកចេញ។ ៣៩ នីកូដេម ជាបុរសដែលមុនដំបូងបានមកជួបលោកនៅពេលយប់ ក៏បានមកដែរ ដោយយកជ័រល្វីងទេស* និងគ្រឿងក្រអូបមួយរមូរមក ប្រហែលសាមសិបបីគីឡូក្រាម។ ៤០ ដូច្នេះ ពួកគេយកសពរបស់លោកយេស៊ូមករុំនឹងចម្រៀកក្រណាត់ដែលមានគ្រឿងក្រអូបទាំងនោះ តាមទំនៀមទម្លាប់របស់ជនជាតិយូដាក្នុងការរៀបចំបញ្ចុះសព។ ៤១ រីឯនៅកន្លែងដែលគេបានព្យួរលោក មានសួនច្បារមួយ ហើយក្នុងសួនច្បារនោះមានទីបញ្ចុះសពថ្មី ដែលគេមិនទាន់ដាក់សពណាមួយនៅឡើយ។ ៤២ ដូច្នេះ ពួកគេបានដាក់លោកយេស៊ូក្នុងទីបញ្ចុះសពនោះ ដោយសារថ្ងៃនោះជាថ្ងៃរៀបចំរបស់ជនជាតិយូដា ហើយទីបញ្ចុះសពនោះនៅជិត។