ម៉ាថាយ
១៣ នៅថ្ងៃនោះលោកយេស៊ូបានចេញពីផ្ទះ ទៅអង្គុយនៅមាត់សមុទ្រ។ ២ ក្រោយមក មនុស្សមួយក្រុមធំបានមូលគ្នាមកឯលោក រហូតដល់លោកត្រូវចុះទៅអង្គុយក្នុងទូកមួយ តែបណ្ដាជនបានឈរនៅឆ្នេរសមុទ្រវិញ។ ៣ រួចមក លោកប្រាប់ពួកគេអ្វីៗជាច្រើនដោយប្រើឧទាហរណ៍ថា៖ «មើល! មនុស្សម្នាក់បានចេញទៅសាបព្រោះ។ ៤ ពេលដែលគាត់កំពុងសាបព្រោះ នោះគ្រាប់ពូជខ្លះបានធ្លាក់តាមផ្លូវ ហើយមានសត្វស្លាបមកចឹកស៊ីអស់ទៅ។ ៥ គ្រាប់ពូជខ្លះទៀតបានធ្លាក់លើកន្លែងមានផ្ទាំងថ្ម មិនសូវមានដី រួចក៏ដុះចេញផុតពីដីភ្លាមៗ ដោយសារដីនោះរាក់។ ៦ ក៏ប៉ុន្តែ ពេលដែលថ្ងៃរះឡើង វាបានស្លោកទៅ ហើយដោយសារឫសចាក់មិនជ្រៅ វាបានក្រៀមស្វិត។ ៧ ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់លើដីដែលមានដើមបន្លា រួចដើមបន្លាក៏ដុះឡើងគ្របជិតគ្រាប់ពូជនោះ។ ៨ គ្រាប់ពូជខ្លះបានធ្លាក់លើដីល្អ ហើយបានបង្កើតផល មួយជាមួយរយ មួយជាហុកសិប និងមួយជាសាមសិប។ ៩ អ្នកណាដែលមានត្រចៀក ចូរស្ដាប់ចុះ»។
១០ ដូច្នេះ អ្នកកាន់តាមបានមកសួរលោកថា៖ «ហេតុអ្វីលោកមានប្រសាសន៍ទៅពួកគេដោយប្រើឧទាហរណ៍?»។ ១១ លោកតបឆ្លើយថា៖ «អ្នករាល់គ្នាបានត្រូវអនុញ្ញាតឲ្យយល់អាថ៌កំបាំងដ៏ពិសិដ្ឋអំពីរាជាណាចក្រស្ថានសួគ៌។ ប៉ុន្តែមនុស្សទាំងនោះមិនបានត្រូវអនុញ្ញាតឲ្យយល់ទេ។ ១២ ពីព្រោះអ្នកណាដែលមាន នឹងទទួលថែមទៀត ដើម្បីឲ្យអ្នកនោះមានជាបរិបូរ។ ប៉ុន្តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមាននឹងត្រូវដកហូតផង។ ១៣ នេះជាមូលហេតុដែលខ្ញុំនិយាយទៅពួកគេដោយប្រើឧទាហរណ៍ ពីព្រោះទោះជាពួកគេមើល ក៏មើលមិនឃើញ ហើយទោះជាស្ដាប់ ក៏ស្ដាប់មិនឮ ហើយក៏មិនយល់អត្ថន័យដែរ។ ១៤ ទំនាយដែលអេសាយបានប្រកាសកំពុងសម្រេចក្នុងករណីពួកគេ។ ទំនាយនោះថា៖ ‹ពេលដែលស្ដាប់ អ្នករាល់គ្នានឹងស្ដាប់ឮ តែមិនយល់អត្ថន័យអ្វីសោះ ហើយពេលដែលមើល អ្នករាល់គ្នាក៏នឹងមិនឃើញអ្វីសោះដែរ។ ១៥ ពីព្រោះចិត្តរបស់មនុស្សទាំងនេះបានទៅជារឹង ហើយពួកគេបានឮនឹងត្រចៀក តែមិនបានអើពើ ក៏បានបិទភ្នែកដែរ មិនឲ្យមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក ឬយល់អត្ថន័យហើយឲ្យមានឥទ្ធិពលលើចិត្តរបស់ពួកគេ រួចប្រែចិត្ត ហើយខ្ញុំធ្វើឲ្យពួកគេជាសះស្បើយ›។
១៦ «ក៏ប៉ុន្តែ អ្នករាល់គ្នាមានសុភមង្គលហើយ ពីព្រោះភ្នែករបស់អ្នកមើលឃើញ ហើយត្រចៀករបស់អ្នកក៏ស្ដាប់ឮ។ ១៧ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ធ្លាប់មានអ្នកប្រកាសទំនាយនិងមនុស្សសុចរិតជាច្រើននាក់ដែលចង់មើលឃើញអ្វីដែលអ្នកកំពុងឃើញ តែមិនបានឃើញឡើយ ក៏ចង់ឮអ្វីដែលអ្នកកំពុងឮ តែមិនបានឮដែរ។
១៨ «ដូច្នេះ ចូរអ្នករាល់គ្នាស្ដាប់ឧទាហរណ៍អំពីអ្នកសាបព្រោះ។ ១៩ ពេលអ្នកណាម្នាក់ឮបណ្ដាំស្តីអំពីរាជាណាចក្រ ប៉ុន្តែមិនយល់អត្ថន័យ នោះមេកំណាចមក ហើយឆក់យកអ្វីដែលបានត្រូវសាបព្រោះក្នុងចិត្តរបស់អ្នកនោះ។ នេះជាគ្រាប់ពូជដែលបានត្រូវសាបព្រោះតាមផ្លូវ។ ២០ ចំណែកគ្រាប់ពូជដែលបានត្រូវសាបព្រោះនៅលើផ្ទាំងថ្ម គឺជាអ្នកដែលឮបណ្ដាំនោះ ក៏ទទួលយកភ្លាមដោយអំណរ។ ២១ ទោះជាដូច្នោះក៏ដោយ បណ្ដាំស្តីអំពីរាជាណាចក្រគ្មានឫសក្នុងអ្នកនោះឡើយ តែអ្នកនោះនៅជាប់បានមួយរយៈ រួចពេលកើតមានទុក្ខលំបាកឬការបៀតបៀនដោយសារបណ្ដាំនោះ អ្នកនោះជំពប់ដួលភ្លាម។ ២២ រីឯគ្រាប់ពូជដែលបានត្រូវសាបព្រោះនៅលើដីមានដើមបន្លា នោះសំដៅទៅអ្នកដែលឮបណ្ដាំនោះ ប៉ុន្តែការខ្វល់ខ្វាយអំពីជីវភាពនៅសម័យ* នេះ និងការល្បួងនៃទ្រព្យសម្បត្ដិ ក៏គ្របបាំងបណ្ដាំនោះជិត ហើយអ្នកនោះមិនបង្កើតផលឡើយ។ ២៣ ចំណែកគ្រាប់ពូជដែលធ្លាក់លើដីល្អ គឺជាអ្នកដែលឮបណ្ដាំនោះ ហើយយល់អត្ថន័យ ក៏បង្កើតផលពិតមែន អ្នកនេះបង្កើតផលមួយជាមួយរយ អ្នកនោះមួយជាហុកសិប ហើយម្នាក់ទៀតមួយជាសាមសិប»។
២៤ លោកមានប្រសាសន៍ទៅពួកគេដោយប្រើឧទាហរណ៍មួយទៀតថា៖ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្នាក់ដែលបានសាបព្រោះគ្រាប់ពូជល្អនៅលើដីរបស់លោក។ ២៥ កាលដែលមនុស្សទាំងឡាយកំពុងដេកលក់ សត្រូវរបស់លោកបានមកសាបព្រោះស្រងែ* លើស្រូវសាលី រួចចេញបាត់ទៅ។ ២៦ ពេលស្រូវសាលីចេញទងហើយមានកួរ នោះស្រងែក៏បានដុះឡើងដែរ។ ២៧ ដូច្នេះ ពួកខ្ញុំបម្រើរបស់ម្ចាស់ផ្ទះនោះបានមកសួរលោកថា៖ ‹លោកម្ចាស់! លោកបានសាបព្រោះគ្រាប់ពូជល្អនៅលើដីរបស់លោក មែនទេ? ហេតុអ្វីមានស្រងែនៅទីនោះ?› ២៨ លោកឆ្លើយថា៖ ‹បុរសម្នាក់ដែលជាសត្រូវបានធ្វើការនេះ›។ ពួកគេសួរតបទៅវិញថា៖ ‹បើដូច្នេះ តើលោកចង់ឲ្យយើងចេញទៅដកស្រងែនោះទេ?›។ ២៩ លោកឆ្លើយថា៖ ‹កុំ ក្រែងលោកាលណាដកស្រងែចេញ ស្រូវសាលីក៏រលើងឫសដែរ។ ៣០ ចូរឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់ ហើយនៅរដូវនោះ ខ្ញុំនឹងប្រាប់អ្នកច្រូតឲ្យដកស្រងែមុនសិន រួចចងជាកណ្ដាប់ដើម្បីដុតចោល ក្រោយមក ទៅប្រមូលស្រូវសាលីទុកក្នុងជង្រុករបស់ខ្ញុំ›»។
៣១ លោកមានប្រសាសន៍ទៅពួកគេដោយប្រើឧទាហរណ៍មួយទៀតថា៖ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាគ្រាប់មូស្ដាត* ដែលបុរសម្នាក់បានដាំនៅក្នុងដីរបស់គាត់។ ៣២ តាមពិតគ្រាប់នោះជាគ្រាប់តូចបំផុត ប៉ុន្តែពេលបានដុះឡើងហើយ នោះជាដំណាំធំបំផុត ហើយក៏ទៅជាដើមឈើមួយ ដែលមានមែកឲ្យសត្វស្លាបនៅលើមេឃមកជ្រកអាស្រ័យ»។
៣៣ លោកប្រាប់ពួកគេឧទាហរណ៍មួយទៀតថា៖ «រាជាណាចក្រស្ថានសួគ៌គឺដូចជាដំបែ ដែលស្ត្រីម្នាក់បានយកទៅលាយក្នុងម្សៅបីរង្វាល់* ទាល់តែម្សៅទាំងអស់នោះបានដោរឡើង»។
៣៤ លោកយេស៊ូបានប្រាប់បណ្ដាជននូវអ្វីៗទាំងនេះដោយប្រើឧទាហរណ៍។ លោកមិនដែលមានប្រសាសន៍ទៅពួកគេដោយមិនប្រើឧទាហរណ៍ឡើយ។ ៣៥ នេះដើម្បីសម្រេចនូវអ្វីដែលបានត្រូវថ្លែងតាមរយៈអ្នកប្រកាសទំនាយថា៖ «ខ្ញុំនឹងបើកមាត់និយាយជាឧទាហរណ៍ ក៏នឹងប្រកាសប្រាប់ឲ្យដឹងនូវអ្វីៗដែលបានត្រូវលាក់បាំងតាំងពីកំណើតពិភពលោក»។
៣៦ ក្រោយពីបានឲ្យបណ្ដាជនទៅផ្ទះវិញ លោកចូលទៅក្នុងផ្ទះ រួចមក អ្នកកាន់តាមបានមកឯលោកហើយជម្រាបថា៖ «សូមពន្យល់យើងឲ្យយល់ឧទាហរណ៍អំពីស្រងែក្នុងវាលស្រូវសាលី»។ ៣៧ លោកមានប្រសាសន៍ថា៖ «អ្នកដែលសាបព្រោះគ្រាប់ពូជល្អ គឺជាកូនមនុស្ស ៣៨ ឯវាលស្រូវសាលី គឺជាពិភពលោក។ ចំណែកគ្រាប់ពូជល្អ គឺជាកូននៃរាជាណាចក្រ ប៉ុន្តែស្រងែគឺជាកូនរបស់មេកំណាច ៣៩ ហើយសត្រូវដែលបានសាបព្រោះនោះ គឺជាមេកំណាច។* ការច្រូតគឺជាទីបញ្ចប់នៃរបៀបរបបពិភពលោក ហើយបណ្ដាទេវតាគឺជាអ្នកច្រូត។ ៤០ ម្ល៉ោះហើយ ដូចស្រងែបានត្រូវដកចេញហើយដុតចោលក្នុងភ្លើង នោះនៅទីបញ្ចប់របៀបរបបពិភពលោកនេះក៏នឹងកើតមានដូច្នោះដែរ។ ៤១ កូនមនុស្សនឹងចាត់បណ្ដាទេវតារបស់លោក ឲ្យដកចេញពីរាជាណាចក្ររបស់លោក នូវអ្វីៗទាំងអស់ដែលនាំឲ្យជំពប់ដួល ព្រមទាំងមនុស្សទាំងអស់ដែលប្រព្រឹត្តប្រឆាំងច្បាប់ ៤២ រួចទេវតាទាំងនោះនឹងបោះពួកគេចូលក្នុងឡដែលមានភ្លើងឆេះសន្ធោសន្ធៅ។ នៅទីនោះពួកគេនឹងយំហើយសង្កៀតធ្មេញ។ ៤៣ នៅគ្រានោះ មនុស្សសុចរិតនឹងភ្លឺដូចថ្ងៃ ក្នុងរាជាណាចក្រនៃបិតារបស់ពួកគេ។ អ្នកណាដែលមានត្រចៀក ចូរស្ដាប់ចុះ។
៤៤ «រាជាណាចក្រស្ថានសួគ៌គឺដូចជាកំណប់ទ្រព្យក្នុងវាល ដែលបុរសម្នាក់បានរកឃើញហើយលាក់ទុក។ រួចដោយសារគាត់ត្រេកអរជាខ្លាំង ក៏ទៅលក់អ្វីៗដែលគាត់មាន ហើយទិញវាលនោះ។
៤៥ «ម្យ៉ាងទៀត រាជាណាចក្រស្ថានសួគ៌គឺដូចជាអ្នកធ្វើដំណើរជួញដូរម្នាក់ ដែលកំពុងរកគជ់ខ្យងល្អវិសេស។ ៤៦ ពេលដែលរកឃើញគជ់ខ្យងមួយដែលមានតម្លៃខ្ពស់ គាត់ក៏ចេញទៅលក់អ្វីៗទាំងអស់ដែលគាត់មានភ្លាម ហើយទិញគជ់ខ្យងនោះ។
៤៧ «ម្យ៉ាងវិញទៀត រាជាណាចក្រស្ថានសួគ៌គឺដូចជាអួនដែលត្រូវទម្លាក់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ៤៨ ពេលដែលអួនពេញហើយ ពួកគេអូសមកលើឆ្នេរ រួចអង្គុយប្រមូលត្រីល្អដាក់ក្នុងផើង តែត្រីដែលមិនអាចបរិភោគបានពួកគេបោះចោលវិញ។ ៤៩ នៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះក៏នឹងដូច្នេះដែរ បណ្ដាទេវតានឹងចេញទៅញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត ៥០ ហើយនឹងបោះពួកគេទៅក្នុងឡដែលមានភ្លើងឆេះសន្ធោសន្ធៅ។ នៅទីនោះពួកគេនឹងយំហើយសង្កៀតធ្មេញ។
៥១ «តើអ្នករាល់គ្នាបានយល់អត្ថន័យនៃអ្វីៗទាំងនេះឬទេ?» ពួកគាត់ឆ្លើយថា៖ «យល់ហើយ!»។ ៥២ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «បើដូច្នេះ គ្រូបង្រៀនគ្រប់រូប ក្រោយពីបានត្រូវគេបង្រៀនអំពីរាជាណាចក្រស្ថានសួគ៌ហើយ គឺដូចជាបុរសម្នាក់ជាម្ចាស់ផ្ទះ ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងទ្រព្យរបស់ខ្លួន»។
៥៣ ក្រោយពីលោកយេស៊ូបានប្រាប់ឧទាហរណ៍ទាំងនេះចប់ហើយ លោកចាកចេញពីកន្លែងនោះ។ ៥៤ លុះក្រោយពីបានចូលស្រុកកំណើតរបស់លោកហើយ នោះលោកចាប់ផ្ដើមបង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ។ ជាលទ្ធផល ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបាននិយាយថា៖ «តើបុរសនេះបានទទួលប្រាជ្ញាបែបនេះ និងអំណាចដើម្បីធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះពីណាមក? ៥៥ តើបុរសនេះមិនមែនជាកូនរបស់ជាងឈើទេឬ? ម្ដាយរបស់គាត់ឈ្មោះម៉ារៀ និងប្អូនប្រុសៗរបស់គាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាស មែនទេ? ៥៦ ហើយតើប្អូនស្រីៗរបស់គាត់មិនមែននៅជាមួយនឹងយើងទេឬ? ចុះតើបុរសនេះចេះធ្វើអ្វីៗទាំងនេះពីណាមក?»។ ៥៧ ដូច្នេះ ពួកគេមិនព្រមជឿលើលោកឡើយ។ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «នៅគ្រប់កន្លែង គេតែងគោរពអ្នកប្រកាសទំនាយ លើកលែងតែនៅស្រុកកំណើត និងនៅក្នុងផ្ទះរបស់ខ្លួន»។ ៥៨ ហើយលោកមិនបានធ្វើការដែលប្រកបដោយឫទ្ធានុភាពជាច្រើននៅទីនោះឡើយ ពីព្រោះពួកគេគ្មានជំនឿ។