យ៉ូហានទី១
៥ អ្នកណាដែលជឿថាលោកយេស៊ូជាគ្រិស្ត អ្នកនោះបានកើតមកពីព្រះ ហើយអ្នកណាដែលស្រឡាញ់បិតានៅស្ថានសួគ៌ដែលផ្ដល់កំណើតឲ្យនោះ ក៏ស្រឡាញ់អស់អ្នកដែលកើតមកពីព្រះដែរ។ ២ យើងដឹងថាយើងស្រឡាញ់កូនព្រះ ដោយសេចក្ដីនេះឯង គឺយើងស្រឡាញ់ព្រះ និងកាន់តាមបញ្ញត្ដិរបស់លោក។ ៣ ពីព្រោះការស្រឡាញ់ព្រះ មានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក ហើយបញ្ញត្ដិរបស់លោកមិនមែនជាបន្ទុកធ្ងន់ទេ។ ៤ ពីព្រោះអ្វីៗដែលកើតមកពីព្រះ សុទ្ធតែឈ្នះពិភពលោកនេះ ហើយជ័យជម្នះលើពិភពលោកនេះ គឺដោយសារជំនឿរបស់យើង។
៥ តើអ្នកណាជាអ្នកដែលបានឈ្នះពិភពលោកនេះ បើមិនមែនជាអ្នកដែលមានជំនឿថា លោកយេស៊ូជាបុត្រព្រះ? ៦ គឺលោកយេស៊ូគ្រិស្តហើយ ដែលបានមកតាមរយៈទឹកនិងឈាម។ មិនគ្រាន់តែទឹកប៉ុណ្ណោះទេ តែដោយទឹកនិងឈាម។ ម្យ៉ាងទៀត សកម្មពល* របស់ព្រះកំពុងតែធ្វើជាសាក្សីអំពីរឿងនោះ ពីព្រោះសកម្មពលរបស់ព្រះជាសេចក្ដីពិត។ ៧ ព្រោះថាមានសាក្សីបី ៨ គឺសកម្មពលរបស់ព្រះ ទឹក និងឈាម ហើយសេចក្ដីបញ្ជាក់នៃសាក្សីទាំងបីនេះគឺស្របគ្នា។
៩ ប្រសិនបើយើងព្រមទទួលស្គាល់សេចក្ដីបញ្ជាក់របស់សាក្សីជាមនុស្ស សេចក្ដីបញ្ជាក់របស់ព្រះមានតម្លៃជាងនោះទៅទៀត ពីព្រោះព្រះធ្វើជាសាក្សីបញ្ជាក់អំពីបុត្ររបស់លោក។ ១០ អ្នកណាដែលមានជំនឿលើបុត្ររបស់ព្រះ អ្នកនោះបានទទួលសេចក្ដីបញ្ជាក់របស់ព្រះដោយផ្ទាល់។ អ្នកណាដែលគ្មានជំនឿលើព្រះ អ្នកនោះហាក់ដូចជាចោទព្រះថាជាអ្នកកុហក ពីព្រោះអ្នកនោះមិនជឿសេចក្ដីបញ្ជាក់របស់ព្រះដែលធ្វើជាសាក្សីអំពីបុត្រលោក។ ១១ អ្វីដែលបានត្រូវបញ្ជាក់គឺថា ព្រះបានផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ឲ្យយើង ហើយយើងបានជីវិតនោះ ដោយសារបុត្ររបស់លោក។ ១២ អ្នកណាដែលទទួលស្គាល់បុត្ររបស់ព្រះ អ្នកនោះមានជីវិតរស់នៅជារៀងរហូត តែអ្នកណាដែលមិនព្រមទទួលស្គាល់បុត្ររបស់ព្រះ អ្នកនោះមិនមានជីវិតរស់នៅជារៀងរហូតទេ។
១៣ ខ្ញុំសរសេរសេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាដែលជឿលើនាមរបស់បុត្រព្រះ ដឹងថាខ្លួនមានជីវិតរស់នៅជារៀងរហូត។ ១៤ ហើយយើងមានទំនុកចិត្តថា អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង។ ១៥ ម្ល៉ោះហើយ បើយើងដឹងថា ព្រះនឹងស្ដាប់នូវអ្វីក៏ដោយដែលយើងសុំ យើងដឹងថាយើងនឹងទទួល ពីព្រោះយើងបានសុំពីលោក។
១៦ ប្រសិនបើអ្នកណាម្នាក់ប្រទះឃើញបងប្អូនខ្លួនធ្វើខុសអ្វីមួយ ដែលមិននាំឲ្យមានទោសដល់ស្លាប់ អ្នកនោះត្រូវអធិដ្ឋានអង្វរព្រះ ហើយព្រះនឹងឲ្យជីវិតដល់បងប្អូននោះ បើពួកគាត់មិនបានធ្វើខុសអ្វីមួយដែលនាំឲ្យមានទោសដល់ស្លាប់ទេ។ មានការខុសឆ្គងមួយដែលនាំឲ្យមានទោសដល់ស្លាប់មែន តែខ្ញុំមិនប្រាប់ឲ្យអធិដ្ឋានដើម្បីអ្នកដែលធ្វើខុសបែបនោះឡើយ។ ១៧ ការទាំងអស់ដែលមិនសុចរិត ជាការខុសឆ្គង។ ទោះជាយ៉ាងនោះក៏ដោយ មានការខុសឆ្គងមួយដែលមិនមានទោសដល់ស្លាប់ឡើយ។
១៨ យើងដឹងថាអ្នកណាដែលកើតមកពីព្រះ អ្នកនោះមិនប្រព្រឹត្ត* អំពើខុសឆ្គងឡើយ ហើយលោកដែលបានកើតមកពីព្រះ* មើលថែរក្សាអ្នកនោះ។ ម្យ៉ាងទៀតមេកំណាចមិនអាចប៉ះពាល់អ្នកនោះឡើយ។ ១៩ យើងដឹងថាយើងមកពីព្រះ តែពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច។ ២០ ប៉ុន្តែយើងដឹងថាបុត្រព្រះបានមក ហើយលោកបានធ្វើឲ្យយើងមានសមត្ថភាពយល់ដឹង ដើម្បីឲ្យយើងអាចទទួលចំណេះអំពីព្រះពិត។ បន្ថែមទៅទៀត យើងកំពុងរួបរួមជាមួយនឹងព្រះពិត តាមរយៈលោកយេស៊ូគ្រិស្តជាបុត្ររបស់លោក។ លោកជាព្រះពិត ហើយជាជីវិតដែលគ្មានទីបញ្ចប់។ ២១ កូនៗអើយ! ចូរជៀសចេញពីរូបព្រះ។