បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ហេតុអ្វីគួរអានគម្ពីរ?
    ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៧) | លេខ១
    • ស្ដ្រីម្នាក់យកគម្ពីរចេញពីថ្នាក់សៀវភៅ

      អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​ការ​អាន​គម្ពីរ​មាន​ប្រយោជន៍​អ្វី?

      ហេតុ​អ្វី​គួរ​អាន​គម្ពីរ?

      ជូវី​ប្រាប់​ថា​៖ ​«​ខ្ញុំ​គិត​ថា​គម្ពីរ​ពិបាក​យល់​ណាស់​»។

      ឃ្វីនី​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​គម្ពីរ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ​»។

      អេសេគាល​រៀប​រាប់​ថា​៖ ​«​ពេល​ខ្ញុំ​ឃើញ​កម្រាស់​គម្ពីរ នោះ​ខ្ញុំ​លែង​ចង់​អាន​តែ​ម្ដង​»។

      តើ​លោក​អ្នក​ធ្លាប់​ចង់​អាន​គម្ពីរ​ឬ​ទេ? ប៉ុន្តែ លោក​អ្នក​ប្រហែល​ជា​លែង​ចង់​អាន​គម្ពីរ ដោយ​សារ​មាន​ទស្សនៈ​ដូច​បាន​រៀប​រាប់​ខាង​លើ មែន​ទេ? ចំពោះ​មនុស្ស​ភាគ​ច្រើន ការ​អាន​គម្ពីរ​គឺ​ពិបាក​សម្រាប់​ពួក​គេ។ ចុះ​បើ​លោក​អ្នក​ដឹង​ថា​គម្ពីរ​អាច​ជួយ​លោក​អ្នក​ឲ្យ​មាន​សុភមង្គល​និង​មាន​ការ​ស្កប់​ចិត្ត​ក្នុង​ជីវិត? ចុះ​យ៉ាង​ណា​វិញ​បើ​លោក​អ្នក​ដឹង​ថា​មាន​វិធី​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ការ​អាន​គម្ពីរ​ទៅ​ជា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍? ដូច្នេះ តើ​លោក​អ្នក​ចង់​អាន​អ្វី​ដែល​បាន​ចែង​ក្នុង​គម្ពីរ​ឬ​ទេ?

      ឥឡូវ​សូម​ពិចារណា​ពាក្យ​សម្ដី​របស់​មនុស្ស​ខ្លះ​ដែល​បាន​ទទួល​ប្រយោជន៍​ជា​ច្រើន ក្រោយ​ពី​ពួក​គេ​បាន​ចាប់​ផ្ដើម​អាន​គម្ពីរ។

      អេសេគាល​ដែល​មាន​អាយុ​២០​ឆ្នាំ​ប្លាយ​និយាយ​ថា​៖ ​«​ពេល​មុន ជីវិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​បើក​បរ​ដែល​គ្មាន​គោល​ដៅ។ ប៉ុន្តែ ក្រោយ​ពី​បាន​អាន​គម្ពីរ ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ។ គម្ពីរ​មាន​ឱវាទ​ល្អ​ៗ​ដែល​ខ្ញុំ​អាច​យក​មក​ប្រើ​រាល់​ថ្ងៃ​»។

      ហ្វ្រីដា​ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ​ពន្យល់​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ជា​មនុស្ស​ឆាប់​ខឹង។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​បាន​អាន​គម្ពីរ ខ្ញុំ​បាន​រៀន​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្ញុំ។ ដូច្នេះ ខ្ញុំ​ទៅ​ជា​មនុស្ស​ដែល​គេ​ស្រួល​ប្រស្រ័យ​ទាក់​ទង​ជាង។ ជា​លទ្ធផល ឥឡូវ​ខ្ញុំ​មាន​មិត្ត​ភក្ដិ​ច្រើន​ជាង​មុន​»។

      ស្ត្រី​ម្នាក់​អាយុ​៥០​ឆ្នាំ​ប្លាយ​ឈ្មោះ​យូនឺស បាន​រៀប​រាប់​អំពី​គម្ពីរ​ថា​៖ ​«​គម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​ជាង ដោយ​កែ​ប្រែ​ទម្លាប់​មិន​សូវ​ល្អ​របស់​ខ្ញុំ​»។

      អ្នក​ទាំង​នេះ​និង​មនុស្ស​រាប់​លាន​នាក់​ទៀត​បាន​ដឹង​ថា ការ​អាន​គម្ពីរ​អាច​ជួយ​អ្នក​អាន​ឲ្យ​មាន​សុភមង្គល​ច្រើន​ជាង​ក្នុង​ជីវិត។ (​អេសាយ ៤៨:១៧, ១៨​) បន្ថែម​ទៅ​ទៀត គម្ពីរ​អាច​ជួយ​លោក​អ្នក (​១​) ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ (​២​) រក​ឃើញ​មិត្ត​ភក្ដិ​ពិត (​៣​) សម្រាល​ការ​តាន​តឹង​ចិត្ត និង(​៤​) រៀន​សេចក្ដី​ពិត​អំពី​ព្រះ ហើយ​នេះ​ជា​អ្វី​ដ៏​អស្ចារ្យ​បំផុត។ ឱវាទ​ក្នុង​គម្ពីរ​គឺ​មក​ពី​ព្រះ ដូច្នេះ​បើ​លោក​អ្នក​ធ្វើ​តាម​ឱវាទ​ពី​គម្ពីរ នោះ​លោក​អ្នក​នឹង​មិន​ខក​ចិត្ត​ឡើយ។ ព្រះ​មិន​ដែល​ផ្ដល់​ឱវាទ​អាក្រក់​ទេ។

      អ្វី​ដែល​សំខាន់​នោះ​គឺ​ចាប់​ផ្ដើម​អាន​គម្ពីរ។ តើ​មាន​យោបល់​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​លោក​អ្នក​ស្រួល​ចាប់​ផ្ដើម​អាន​គម្ពីរ និង​មាន​អំណរ​ក្នុង​ការ​អាន?

  • តើអ្វីអាចជួយខ្ញុំឲ្យចាប់ផ្ដើមអានគម្ពីរ?
    ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៧) | លេខ១
    • អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​ការ​អាន​គម្ពីរ​មាន​ប្រយោជន៍​អ្វី?

      តើ​អ្វី​អាច​ជួយ​ខ្ញុំ​ឲ្យ​ចាប់​ផ្ដើម​អាន​គម្ពីរ?

      ស្ដ្រីម្នាក់អធិដ្ឋានមុនអានគម្ពីរ

      តើ​មាន​វិធី​ណា​ខ្លះ​ដែល​នឹង​ជួយ​លោក​អ្នក​ឲ្យ​ចូល​ចិត្ត​អាន​គម្ពីរ ហើយ​ទទួល​ប្រយោជន៍​ច្រើន​បំផុត? សូម​កត់​សម្គាល់​យោបល់​ប្រាំ​យ៉ាង​ដែល​បាន​ជួយ​មនុស្ស​ជា​ច្រើន។

      រក​កន្លែង​ដែល​មាន​បរិយាកាស​ល្អ។ សូម​ព្យាយាម​រក​កន្លែង​ស្ងាត់ ដើម្បី​ងាយ​ស្រួល​ឲ្យ​លោក​អ្នក​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​លោក​អ្នក​កំពុង​អាន។ ម្យ៉ាង​ទៀត កន្លែង​ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់​និង​មាន​ខ្យល់​បរិសុទ្ធ ក៏​អាច​ជួយ​លោក​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​ការ​អាន​ដែរ។

      មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ ដោយ​សារ​គម្ពីរ​មក​ពី​បិតា​ស្ថាន​សួគ៌ នោះ​លោក​អ្នក​នឹង​ទទួល​ប្រយោជន៍​ច្រើន​បំផុត បើ​លោក​អ្នក​ត្រៀម​ខ្លួន​ដូច​កូន​ៗ​ដែល​ចង់​រៀន​ពី​ឪ​ពុក​ម្ដាយ​ជា​ទី​ស្រឡាញ់។ បើ​លោក​អ្នក​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ ឬ​វាយ​តម្លៃ​គម្ពីរ​ទុក​ជា​មុន សូម​ទុក​ទស្សនៈ​នោះ​មួយ​ឡែក​សិន ដើម្បី​ឲ្យ​ព្រះ​អាច​បង្ហាត់​បង្រៀន​លោក​អ្នក។—ទំនុក​តម្កើង ២៥:៤

      អធិដ្ឋាន​មុន​អាន។ ដោយ​សារ​គម្ពីរ​មាន​ទស្សនៈ​របស់​ព្រះ ដូច្នេះ​មិន​មែន​ជា​ការ​ចម្លែក​ទេ​ដែល​យើង​ត្រូវ​ការ​ជំនួយ​ពី​លោក​ដើម្បី​យល់​គម្ពីរ។ ព្រះ​សន្យា​ថា​នឹង​ផ្ដល់​«​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​»។ (​លូកា ១១:១៣​) សកម្មពល​បរិសុទ្ធ​អាច​ជួយ​លោក​អ្នក​យល់​គំនិត​និង​ទស្សនៈ​របស់​ព្រះ។ ក្រោយ​មក សកម្មពល​នោះ​នឹង​បើក​បង្ហាញ​ឲ្យ​លោក​អ្នក​យល់​«​សូម្បី​តែ​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​»។—កូរិនថូស​ទី១ ២:១០

      អាន​ដើម្បី​យល់។ សូម​កុំ​អាន​ត្រួស​ៗ​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​អ្នក​កំពុង​អាន។ ពេល​អាន​សូម​សួរ​ខ្លួន​លោក​អ្នក​ថា: ‹តើ​បុគ្គល​ដែល​ខ្ញុំ​កំពុង​អាន​នេះ​មាន​គុណ​សម្បត្ដិ​អ្វី​ខ្លះ? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ធ្វើ​តាម​មេ​រៀន​នេះ?›។

      មាន​គោល​ដៅ​ជាក់​លាក់។ ដើម្បី​ទទួល​ប្រយោជន៍​ពី​ការ​អាន​គម្ពីរ លោក​អ្នក​គួរ​ព្យាយាម​រៀន​នូវ​ចំណុច​ណា​ដែល​នឹង​ជួយ​ឲ្យ​ជីវិត​លោក​អ្នក​ប្រសើរ​ជាង។ ជា​ឧទាហរណ៍ លោក​អ្នក​អាច​មាន​គោល​ដៅ​ដូច​ជា: ‹ខ្ញុំ​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះ› ឬ‹ខ្ញុំ​ចង់​ទៅ​ជា​មនុស្ស​ល្អ​ជាង ប្ដី​ល្អ​ជាង ឬ​ប្រពន្ធ​ល្អ​ជាង›។ រួច​មក សូម​ជ្រើស​រើស​អាន​ផ្នែក​ខ្លះ​ក្នុង​គម្ពីរ​ដែល​នឹង​ជួយ​ឲ្យ​លោក​អ្នក​សម្រេច​គោល​ដៅ​ដូច​នោះ។a

      យោបល់​ទាំង​ប្រាំ​នោះ​នឹង​ជួយ​ឲ្យ​លោក​អ្នក​ចាប់​ផ្ដើម​អាន​គម្ពីរ។ ប៉ុន្តែ តើ​មាន​អ្វី​ខ្លះ​អាច​ធ្វើ​ឲ្យ​លោក​អ្នក​ចូល​ចិត្ត​អាន​គម្ពីរ? អត្ថបទ​បន្ទាប់​មាន​យោបល់​ខ្លះ​ៗ។

      a ស្តី​អំពី​រឿង​នេះ បើ​លោក​អ្នក​មិន​ប្រាកដ​ថា​គួរ​អាន​ផ្នែក​ណា​មួយ​ក្នុង​គម្ពីរ​ទេ សាក្សី​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ជួយ​លោក​អ្នក។

      ចូរ​ទទួល​ប្រយោជន៍​ពី​ការ​អាន​គម្ពីរ

      • សូម​អាន​ល្បឿន​ល្មម ហើយ​ជៀស​វាង​អាន​ដោយ​ប្រញាប់​ប្រញាល់

      • សូម​ស្រមៃ​ឃើញ​ថា​លោក​អ្នក​កំពុង​នៅ​ក្នុង​ព្រឹត្ដិការណ៍​ដែល​លោក​អ្នក​កំពុង​អាន

      • សូម​ខំ​ពិចារណា​មើល​ខ​គម្ពីរ​មុន​និង​ក្រោយ​ដើម្បី​យល់​ខ​គម្ពីរ​ច្បាស់​ជាង

      • សូម​ស្វែង​រក​មេ​រៀន​ពី​អំណាន​គម្ពីរ​ដែល​លោក​អ្នក​អាច​ធ្វើ​តាម

  • តើអ្វីខ្លះនឹងធ្វើឲ្យលោកអ្នកចូលចិត្តអានគម្ពីរ?
    ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៧) | លេខ១
    • ស្ដ្រីម្នាក់ប្រើជំនួយសិក្សាគម្ពីរកាលដែលគាត់កំពុងអានគម្ពីរ

      អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​ការ​អាន​គម្ពីរ​មាន​ប្រយោជន៍​អ្វី?

      តើ​អ្វី​ខ្លះ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ចូល​ចិត្ត​អាន​គម្ពីរ?

      ពេល​លោក​អ្នក​អាន​គម្ពីរ តើ​លោក​អ្នក​មាន​អារម្មណ៍​ថា​អផ្សុក​ឬ​ក៏​សប្បាយ? តើ​លោក​អ្នក​ចូល​ចិត្ត​អាន​គម្ពីរ​តាម​របៀប​ណា? ការ​ធ្វើ​ឲ្យ​អំណាន​គម្ពីរ​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​អាស្រ័យ​ទៅ​លើ​វិធី​ដែល​លោក​អ្នក​អាន​គម្ពីរ។ សូម​ពិចារណា​អំពី​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​ឲ្យ​លោក​អ្នក​កាន់​តែ​ចូល​ចិត្ត​អាន​គម្ពីរ។

      សូម​ជ្រើស​រើស​សេចក្ដី​បក​ប្រែ​ដែល​ទាន់​សម័យ​និង​គួរ​ឲ្យ​ទុក​ចិត្ត។ បើ​លោក​អ្នក​អាន​សេចក្ដី​បក​ប្រែ​គម្ពីរ​ដែល​មាន​ពាក្យ​ពិបាក​យល់ ឬ​ហួស​សម័យ នោះ​លោក​អ្នក​ទំនង​ជា​មិន​ចូល​ចិត្ត​អាន​គម្ពីរ​ទេ។ ដូច្នេះ សូម​ស្វែង​រក​គម្ពីរ​មួយ​ដែល​ប្រើ​ពាក្យ​សាមញ្ញ​និង​ស្រួល​យល់ ពី​ព្រោះ​នេះ​នឹង​មាន​ឥទ្ធិពល​ល្អ​មក​លើ​ចិត្ត​លោក​អ្នក។ ក៏​ប៉ុន្តែ ដំណាល​គ្នា​នោះ គម្ពីរ​នោះ​គួរ​តែ​បាន​ត្រូវ​បក​ប្រែ​យ៉ាង​ហ្មត់​ចត់​និង​ត្រឹម​ត្រូវ។a

      សូម​ប្រើ​បច្ចេកវិទ្យា​ទំនើប។ សព្វ​ថ្ងៃ​នេះ គម្ពីរ​មិន​គ្រាន់​តែ​មាន​ជា​ឯកសារ​បោះ​ពុម្ព​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ជា​ឯកសារ​អេឡិចត្រូនិក​ដែរ។ លោក​អ្នក​អាច​អាន​គម្ពីរ​តាម​គេហទំព័រ ឬ​ថត​ចម្លង​ទុក​អាន​ក្នុង​កុំព្យូទ័រ កុំព្យូទ័រ​បន្ទះ​ស្តើង ឬ​ទូរស័ព្ទ​ដៃ។ សេចក្ដី​បក​ប្រែ​គម្ពីរ​ខ្លះ​ជា​ឯកសារ​អេឡិចត្រូនិក​មាន​កម្ម​វិធី​ដែល​អនុញ្ញាត​ឲ្យ​មើល​ខ​គម្ពីរ​ឯ​ទៀត ដែល​និយាយ​អំពី​ប្រធានបទ​ដូច​គ្នា ឬ​ថែម​ទាំង​ប្រៀប​ធៀប​ខ​គម្ពីរ​ជា​មួយ​នឹង​សេចក្ដី​បក​ប្រែ​គម្ពីរ​ផ្សេង​ៗ។ បើ​លោក​អ្នក​ចូល​ចិត្ត​ស្ដាប់​ជា​ជាង​អាន នោះ​លោក​អ្នក​ក៏​អាច​ស្ដាប់​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង​ដែរ។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ស្ដាប់​អំណាន​គម្ពីរ​ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ បោក​ខោ​អាវ ឬ​ធ្វើ​កិច្ច​ការ​ណា​ទៀត​ដែល​ពួក​គេ​អាច​ស្ដាប់​បាន។ សូម​សាកល្បង​របៀប​ណា​មួយ​ដែល​សម​នឹង​កាលៈទេសៈ​របស់​លោក​អ្នក។

      សូម​ប្រើ​ជំនួយ​សិក្សា​គម្ពីរ។ ជំនួយ​សិក្សា​គម្ពីរ​អាច​ជួយ​លោក​អ្នក​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​អាន​គម្ពីរ។ មាន​ផែន​ទី​អំពី​កន្លែង​ផ្សេង​ៗ​នៅ​សម័យ​គម្ពីរ ដែល​នឹង​ជួយ​លោក​អ្នក​ឲ្យ​ស្គាល់​ទី​កន្លែង​ក្នុង​កំណត់​ហេតុ​គម្ពីរ។ ដូច្នេះ លោក​អ្នក​អាច​ស្រមៃ​ឃើញ​ទិដ្ឋភាព​ក្នុង​កំណត់​ហេតុ​ដែល​លោក​អ្នកកំពុង​អាន។ អត្ថបទ​ផ្សេង​ៗ​ក្នុង​ទស្សនាវដ្ដី​នេះ ឬ​ក្នុង​គេហទំព័រ​jw.org អាច​ជួយ​លោក​អ្នក​ឲ្យ​យល់​អត្ថន័យ​នៃ​ផ្នែក​ជា​ច្រើន​ក្នុង​គម្ពីរ។

      សូម​ប្រើ​វិធី​ផ្សេង​ៗ។ បើ​ការ​អាន​គម្ពីរ​ពី​សៀវភៅ​មួយ​ទៅ​សៀវភៅ​មួយ​ធ្វើ​ឲ្យ​លោក​អ្នក​អផ្សុក នោះ​សូម​ធ្វើ​ឲ្យ​ការ​អាន​នោះ​ទៅ​ជា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង ដោយ​ចាប់​ផ្ដើម​អាន​ផ្នែក​ណា​មួយ​ដែល​ទាក់​ទាញ​អារម្មណ៍​លោក​អ្នក។ បើ​លោក​អ្នក​ចង់​ដឹង​អំពី​មនុស្ស​ល្បី​ល្បាញ​ក្នុង​គម្ពីរ លោក​អ្នក​អាច​ចាប់​ផ្ដើម​អាន​អំពី​ពួក​គេ​ម្ដង​ម្នាក់​ៗ។ ឧទាហរណ៍ វិធី​នោះ​មាន​ក្នុង​ប្រអប់​«​ស្វែង​យល់​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ​ដោយ​ស្គាល់​បុរស​ស្ត្រី​ក្នុង​គម្ពីរ​»។ ឬ​មួយ​ក៏​លោក​អ្នក​ប្រហែល​ជា​ចង់​អាន​គម្ពីរ​តាម​ប្រធានបទ ឬ​តាម​លំដាប់​លំដោយ​នៃ​ព្រឹត្ដិការណ៍។ សូម​សាកល្បង​ធ្វើ​តាម​វិធី​ណា​មួយ។

      a មនុស្ស​ជា​ច្រើន​បាន​ឃើញ​ថា​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ (​New World Translation of the Holy Scriptures​) គឺ​ត្រឹម​ត្រូវ គួរ​ឲ្យ​ទុក​ចិត្ត និង​ស្រួល​អាន។ គម្ពីរ​នេះ​បាន​ត្រូវ​បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា និង​មាន​ជាង​១៣០​ភាសា។ លោក​អ្នក​អាច​ថត​ចម្លង​គម្ពីរ​នេះ​ពី​គេហទំព័រ jw.org​ឬ​ថត​ចម្លង​កម្ម​វិធី JW បណ្ណាល័យ។ បើ​លោក​អ្នក​ចង់​បាន​គម្ពីរ សាក្សី​ព្រះ​យេហូវ៉ា​អាច​យក​គម្ពីរ​មួយ​ក្បាល​ទៅ​ជូន​លោក​អ្នក​ដល់​ផ្ទះ។

      ស្វែង​យល់​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ​ដោយ​ស្គាល់​បុរស​ស្ត្រី​ក្នុង​គម្ពីរ

      ស្ត្រី​ស្មោះ​ត្រង់

      អ័ប៊ីកែល

      សាំយូអែល​ទី១ ជំពូក​ទី​២៥

      អេសធើរ

      នាង​អេសធើរ ជំពូក​ទី២​-​៥, ៧​-​៩

      ហាណា

      សាំយូអែល​ទី១ ជំពូក​ទី១​-​២

      ម៉ារៀ

      (​ម្ដាយ​លោក​យេស៊ូ​) ម៉ាថាយ ជំពូក​ទី១​-​២; លូកា ជំពូក​ទី១​-​២; សូម​មើល​ដែរ យ៉ូហាន ២:១​-​១២; សកម្មភាព ១:១២​-​១៤; ២:១​-​៤

      រ៉ាហាប

      យ៉ូស្វេ ជំពូក​ទី២, ៦; សូម​មើល​ដែរ ហេប្រឺ ១១:៣០, ៣១; យ៉ាកុប ២:២៤​-​២៦

      រេបិកា

      លោកុប្បត្តិ ជំពូក​ទី​២៤​-​២៧

      សារ៉ា

      លោកុប្បត្តិ ជំពូក​ទី​១៧​-​១៨, ២០​-​២១, ២៣; សូម​មើល​ដែរ ហេប្រឺ ១១:១១; ពេត្រុស​ទី១ ៣:១​-​៦

      បុរស​ដែល​ជា​គំរូ​ល្អ

      អាប្រាហាំ

      លោកុប្បត្តិ ជំពូក​ទី​១១​-​២៤; សូម​មើល​ដែរ ២៥:១​-​១១

      ដាវីឌ

      សាំយូអែល​ទី១ ជំពូក​ទី​១៦​-​៣០; សាំយូអែល​ទី២ ជំពូក​ទី១​-​២៤; ពង្សាវតារ​ក្សត្រ​ទី១ ជំពូក​ទី១​-​២

      លោក​យេស៊ូ

      សៀវភៅ​ដំណឹង​ល្អ ម៉ាថាយ, ម៉ាកុស, លូកា និង​យ៉ូហាន

      ម៉ូសេ

      និក្ខមនំ ជំពូក​ទី២​-​២០, ២៤, ៣២​-​៣៤; ជន​គណនា ជំពូក​ទី​១១​-​១៧, ២០, ២១, ២៧, ៣១; ចោទិយកថា ជំពូក​ទី​៣៤

      ណូអេ

      លោកុប្បត្តិ ជំពូក​ទី​៥​-​៩

      ប៉ូល

      សកម្មភាព ជំពូក​ទី​៧​-​៩, ១៣​-​២៨

      ពេត្រុស

      ម៉ាថាយ ជំពូក​ទី​៤, ១០, ១៤, ១៦​-​១៧, ២៦; សកម្មភាព ជំពូក​ទី១​-​៥, ៨​-​១២

      ជំនួយ​សម្រាប់​សិក្សា​គម្ពីរ​បាន​ត្រូវ រៀប​ចំ​ឡើង​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

      • JW.ORG គេហទំព័រ​នេះ​មាន​ជំនួយ​សិក្សា​ផ្សេង​ៗ រួម​មាន​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? បន្ថែម​ទៅ​ទៀត មាន​ការ​ណែនាំ​សម្រាប់​ថត​ចម្លង​កម្ម​វិធី JW បណ្ណាល័យ

      • ជំនួយ​សិក្សា​បណ្ដាំ​របស់​ព្រះ សៀវភៅ​នេះ​មាន​ផែន​ទី​នៃ​កន្លែង​ផ្សេង​ៗ​ក្នុង​គម្ពីរ ថែម​ទាំង​មាន​ការ​ពន្យល់​ផ្សេង​ៗ​ដែរ

      • ជំនួយ​ស្រាវ​ជ្រាវ សៀវភៅ​នេះ​មាន​បញ្ជី​អត្ថបទ ដែល​ជួយ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក​ឃើញ​ប្រធានបទ​ផ្សេង​ៗ​

      • តើ​យើង​អាច​រៀន​អ្វី​ពី​បណ្ដាំ​របស់​ព្រះ? កូន​សៀវភៅ​នេះ​មាន​សំណួរ​ដែល​ទាក់​ទង​នឹង​ព្រះ ក្រុម​គ្រួសារ និង​អនាគត​ជា​ដើម។ ម្យ៉ាង​ទៀត ក៏​មាន​ចម្លើយ​ពី​បទ​គម្ពីរ​ផង​ដែរ

      • ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? ក្នុង​សៀវភៅ​តូច​នេះ​មាន​ភ័ស្តុតាង​ផ្សេង​ៗ​ដែល​បាន​ត្រូវ​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់ ដើម្បី​បញ្ជាក់​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក

      • គម្ពីរ​បរិសុទ្ធ តើ​រៀប​រាប់​អំពី​អ្វី? សៀវភៅ​នេះ​មាន​៣២​ទំព័រ ដែល​សង្ខេប​គោល​រឿង​ក្នុង​គម្ពីរ

  • តើគម្ពីរអាចធ្វើឲ្យជីវិតខ្ញុំប្រសើរជាងយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៧) | លេខ១
    • ប្ដីប្រពន្ធមួយគូកំពុងធ្វើម្ហូបជាមួយគ្នាក្នុងផ្ទះបាយ

      អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​ការ​អាន​គម្ពីរ​មាន​ប្រយោជន៍​អ្វី?

      តើ​គម្ពីរ​អាច​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

      គម្ពីរ​បរិសុទ្ធ​ខុស​ពី​សៀវភៅ​ឯ​ទៀត ពី​ព្រោះ​គម្ពីរ​មាន​ឱវាទ​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត។ (​ធីម៉ូថេ​ទី២ ៣:១៦​) ដំណឹង​ក្នុង​គម្ពីរ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​យើង។ គម្ពីរ​ចែង​ថា​៖ ​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធា​នុភាព​»។ (​ហេប្រឺ ៤:១២​) គម្ពីរ​មាន​ឫទ្ធា​នុភាព​ធ្វើ​ឲ្យ​ជីវិត​យើង​ប្រសើរ​ជាង​តាម​រយៈ​វិធី​ពីរ​យ៉ាង​គឺ ផ្ដល់​ការ​ណែនាំ​ដល់​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ជួយ​ឲ្យ​យើង​ស្គាល់​ព្រះ​និង​សេចក្ដី​សន្យា​របស់​លោក។—ធីម៉ូថេ​ទី១ ៤:៨; យ៉ាកុប ៤:៨

      ធ្វើ​ឲ្យ​ជីវិត​លោក​អ្នក​ប្រសើរ​ជាង​នៅ​សព្វ​ថ្ងៃ​នេះ។ គម្ពីរ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន ព្រម​ទាំង​ផ្ដល់​ឱវាទ​ល្អ​ៗ​ស្តី​អំពី:

      • ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។—អេភេសូរ ៤:៣១, ៣២; ៥:២២, ២៥, ២៨, ៣៣

      • អារម្មណ៍​និង​សុខភាព។—ទំនុក​តម្កើង ៣៧:៨; សុភាសិត ១៧:២២

      • គោល​ការណ៍​សីលធម៌។—កូរិនថូស​ទី១ ៦:៩, ១០

      • ជីវភាព។—សុភាសិត ១០:៤; ២៨:១៩; អេភេសូរ ៤:២៨a

      ប្ដី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ​នៅ​អាស៊ី បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​ឱវាទ​ក្នុង​គម្ពីរ។ ដូច​ប្ដី​ប្រពន្ធ​ថ្មោង​ថ្មី​ជា​ច្រើន​ដែរ ពួក​គេ​ពិបាក​យល់​ចិត្ត​គ្នា ហើយ​ពិបាក​និយាយ​ជា​មួយ​គ្នា​អស់​ពី​ចិត្ត។ ប៉ុន្តែ ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​តាម​ឱវាទ​ដែល​បាន​អាន​ពី​គម្ពីរ។ តើ​ពួក​គេ​បាន​ទទួល​លទ្ធផល​អ្វី? វីសេន​ដែល​ជា​ប្ដី​និយាយ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​អាន​ក្នុង​គម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​តាម​របៀប​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់។ ការ​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នាំ​ឲ្យ​យើង​មាន​សុភមង្គល​»។ ប្រពន្ធ​គាត់​ឈ្មោះ​អាណឺលូ យល់​ស្រប​ថា​៖ ​«​ការ​អាន​គំរូ​ក្នុង​គម្ពីរ​ពិត​ជា​បាន​ជួយ​យើង​មែន។ សព្វ​ថ្ងៃ​នេះ ជីវិត​គូ​របស់​យើង​ពេញ​ទៅ​ដោយ​សុភមង្គល​និង​ការ​ស្កប់​ចិត្ត ហើយ​យើង​មាន​គោល​ដៅ​ដែល​យើង​ពេញ​ចិត្ត​»។

      នាំ​ឲ្យ​ស្គាល់​ព្រះ។ ក្រោយ​ពី​វីសេន​ប្រាប់​អំពី​អាពាហ៍​ពិពាហ៍​របស់​គាត់ គាត់​និយាយ​ថែម​ទៀត​ថា​៖ ​«​ដោយ​អាន​គម្ពីរ ខ្ញុំ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​មុន​»។ ពាក្យ​សម្ដី​របស់​វីសេន​បង្ហាញ​នូវ​ចំណុច​ដ៏​សំខាន់​មួយ​គឺ គម្ពីរ​អាច​ជួយ​លោក​អ្នក​ឲ្យ​ស្គាល់​ព្រះ។ បើ​លោក​អ្នក​អាន​គម្ពីរ លោក​អ្នក​នឹង​ទទួល​ប្រយោជន៍​ពី​ឱវាទ​របស់​ព្រះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​អ្នក​អាច​ស្គាល់​ព្រះ​ដូច​ជា​មិត្ត​សម្លាញ់។ ម្យ៉ាង​ទៀត លោក​អ្នក​នឹង​ឃើញ​ថា​ព្រះ​បាន​ប្រាប់​អំពី​អនាគត​ដ៏​ភ្លឺ​ស្វាង នៅ​ពេល​នោះ​លោក​អ្នក​អាច​មាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ ពោល​គឺ​ជីវិត​ជា​រៀង​រហូត។ (​ធីម៉ូថេ​ទី១ ៦:១៩​) គ្មាន​សៀវភៅ​ណា​ទៀត​ដែល​ផ្ដល់​នូវ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ដូច​នេះ​ទេ។

      បើ​លោក​អ្នក​ព្យាយាម​អាន​គម្ពីរ​ហើយ​ធ្វើ​តាម លោក​អ្នក​អាច​ទទួល​ប្រយោជន៍​ដោយ​ធ្វើ​ឲ្យ​ជីវិត​លោក​អ្នក​កាន់​តែ​ប្រសើរ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​លោក​អ្នក​ក៏​ស្គាល់​ព្រះ​ដែរ។ ក៏​ប៉ុន្តែ ពេល​ដែល​លោក​អ្នក​អាន​គម្ពីរ លោក​អ្នក​ទំនង​ជា​មាន​ចម្ងល់​ជា​ច្រើន។ បើ​ដូច្នោះ សូម​លោក​អ្នក​ចាំ​អំពី​គំរូ​ល្អ​របស់​មន្ត្រី​ជន​ជាតិ​អេចូពី​ម្នាក់ ដែល​រស់​នៅ​២.០០០​ឆ្នាំ​មុន។ គាត់​មាន​សំណួរ​ជា​ច្រើន​អំពី​គម្ពីរ។ ពេល​ភីលីព​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​សួរ​គាត់​ថា​យល់​អ្វី​ដែល​កំពុង​អាន​ទេ មន្ត្រី​នោះ​ឆ្លើយ​ថា​៖ ​«​តើ​ខ្ញុំ​អាច​យល់​យ៉ាង​ដូច​ម្ដេច​បាន ប្រសិន​បើ​គ្មាន​អ្នក​ណា​បង្រៀន​ខ្ញុំ?​»។b រួច​មក មន្ត្រី​នោះ​បាន​អង្វរ​សុំ​ភីលីព​ដែល​មាន​សមត្ថភាព​បង្រៀន​គម្ពីរ ឲ្យ​ជួយ​ពន្យល់​បទ​គម្ពីរ​ដល់​គាត់។ (​សកម្មភាព ៨:៣០, ៣១, ៣៤​) ស្រដៀង​គ្នា​ដែរ បើ​លោក​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​គម្ពីរ យើង​សូម​អញ្ជើញ​លោក​អ្នក​ចូល​គេហទំព័រ www.pr418.com/km ដើម្បី​ស្នើ​សុំ​រៀន​គម្ពីរ ឬ​សរសេរ​ទាក់​ទង​អាសយដ្ឋាន​ណា​មួយ​ក្នុង​ទស្សនាវដ្ដី​នេះ។ លោក​អ្នក​ប្រហែល​ជា​អាច​ទាក់​ទង​សាក្សី​ព្រះ​យេហូវ៉ា ឬ​ទៅ​សាល​ប្រជុំ​ដែល​នៅ​ជិត​តំបន់​លោក​អ្នក។ សូម​ចាប់​ផ្ដើម​អាន​គម្ពីរ​នៅ​ថ្ងៃ​នេះ ហើយ​អនុញ្ញាត​ឲ្យ​គម្ពីរ​ជួយ​លោក​អ្នក​មាន​ជីវិត​ប្រសើរ​ជាង។

      បើ​លោក​អ្នក​ចង់​ដឹង​ថា​លោក​អ្នក​អាច​ទុក​ចិត្ត​គម្ពីរ​បាន​ឬ​មិន​បាន សូម​អញ្ជើញ​មើល​វីដេអូ​ខ្លី​មួយ​ចំណង​ជើង​ថាហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ? លោក​អ្នក​អាច​ស្វែង​រក​វីដេអូ​នោះ ដោយ​ថត​បារកូដ ឬ​ចូល jw.org/km ▸ ស្វែង​រក​វីដេអូ ▸ គម្ពីរ

      a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​យោបល់​ល្អ​ៗ​ក្នុង​គម្ពីរ សូម​ចូល​គេហទំព័រ​jw.org/km ▸ សៀវភៅ​ផ្សេង​ៗ។

      b សូម​អញ្ជើញ​មើល​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​នេះ ចំណង​ជើង​ថា ​«​តើ​ការ​ភាន់​ច្រឡំ​ជា​រឿង​តូច​តាច​ឬ?​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក