បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «អើហ្ន៎! ប្រាជ្ញា . . . របស់ព្រះជ្រៅណាស់តើ!»
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • ព្រះ​បាន​ដាក់​សភាវគតិ​ឲ្យ​សត្វ​នានា​ដែល​ទ្រង់​បាន​បង្កើត: ក្ងាន​ហោះហើរ​ជា​មួយ​គ្នា

      ជំពូក​ទី​១៧

      «អើ​ហ្ន៎! ប្រាជ្ញា . . . របស់​ព្រះ​ជ្រៅ​ណាស់​តើ!»

      ១, ២​. តើ​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​អ្វី​សំរាប់​ថ្ងៃ​ទី​ប្រាំ​ពីរ? តើ​ប្រាជ្ញា​របស់​ព្រះ​បាន​ត្រូវ​ល្បង​យ៉ាង​ដូច​ម្ដេច​នៅ​ទី​ចាប់​ផ្ដើម​នៃ​ថ្ងៃ​ទី​ប្រាំ​ពីរ?

      ខូច​អស់​ហើយ! មនុស្ស​ជាតិ​ដែល​ជា​ស្នា​ព្រះ​ហស្ត​ដ៏​វិសេស​បំផុត​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​នៃ​ការ​បង្កើត​បាន​ធ្លាក់​ពី​ភាព​វិសេស​បំផុត​ចុះ​ទៅ​ដល់​ភាព​អាប់​ឱន​បំផុត​វិញ​ក្នុង​មួយ​រំពេច​សោះ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា«គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ»រួម​មាន​មនុស្ស​ជាតិ​ផង​ដែរ សុទ្ធតែ«ជា​ការ​ល្អ​ប្រពៃ»។ (លោកុប្បត្តិ ១:៣១) ប៉ុន្តែ នៅ​ទី​ចាប់​ផ្ដើម​នៃ​ថ្ងៃ​ទី​ប្រាំ​ពីរ អ័ដាម​និង​អេវ៉ា​បាន​សម្រេច​ចិត្ត​បះបោរ​តាម​សាតាំង។ ពួក​គេ​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​បាប ភាព​ឥត​គ្រប់​ល័ក្ខណ៍ និង​សេចក្ដី​ស្លាប់។

      ២ នៅ​ពេល​នោះ ប្រហែល​ជា​មើល​ទៅ​ដូច​ជា​មាន​គេ​រាំង​ស្ទះ​ដល់​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ថ្ងៃ​ទី​ប្រាំ​ពីរ។ ថ្ងៃ​ទី​ប្រាំ​ពីរ​ក៏​ដូច​ជា​ថ្ងៃ​ទាំង​ប្រាំ​មួយ​មុន​ដែរ គឺ​មាន​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា ថ្ងៃ​ទី​ប្រាំ​ពីរ​ត្រូវ​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ហើយ​នៅ​ចុង​ថ្ងៃ​នោះ ផែន​ដី​ទាំង​មូល​នឹង​មាន​សភាព​ជា​សួន​មនោ​រម្យ​ពេញ​ទៅ​ដោយ​មនុស្ស​ជាតិ​ដ៏​ល្អ​ឥត​ខ្ចោះ។ (លោកុប្បត្តិ ១:២៨; ២:៣) ប៉ុន្តែ ក្រោយ​ពី​ការ​បះបោរ​ដែល​នាំ​មក​នូវ​ក្ដី​មហន្តរាយ​នោះ តើ​គោល​បំណង​របស់​ព្រះ​អាច​នឹង​សម្រេច​យ៉ាង​ដូច​ម្ដេច​បាន? តើ​ព្រះ​នឹង​ធ្វើ​យ៉ាង​ណា​ទៅ? បញ្ហា​នេះ​នឹង​ល្បង​យ៉ាង​ខ្លាំង​ដល់​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រហែល​គឺ​ជា​ការ​ល្បង​ដ៏​ខ្លាំង​បំផុត។

      ៣, ៤​. (ក) ហេតុ​អ្វី​បាន​ជា​របៀប​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​តប​ចំពោះ​ការ​បះបោរ​នៅ​សួន​អេដែន​នាំ​ឲ្យ​យើង​កោត​ស្ងើច​ចំពោះ​ប្រាជ្ញា​របស់​ទ្រង់? (ខ) តើ​ចិត្ត​រាប​ទាប​គួរ​ជំរុញ​យើង​ឲ្យ​ចង​ចាំ​នូវ​សេចក្ដី​ពិត​អ្វី​ពេល​យើង​សិក្សា​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា?

      ៣ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ភ្លាមៗ។ ទ្រង់​បាន​កាត់​ទោស​ជន​បះបោរ​ទាំង​បី​នាក់ ហើយ​នៅ​ដំណាល​គ្នា​ទ្រង់​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង​ឃើញ​ត្រួសៗ​ទុក​ជា​មុន​នូវ​អ្វី​ដ៏​អស្ចារ្យ​មួយ ពោល​គឺ​ទ្រង់​មាន​គោល​បំណង​បំបាត់​ស្ថានការណ៍​អាក្រក់​ដែល​ទើប​តែ​ចាប់​ផ្ដើម​មាន​ពេល​នោះ។ (លោកុប្បត្តិ ៣:១៥) គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ថ្ងៃ​ខាង​មុខ បាន​ចាប់​ផ្ដើម​នៅ​សួន​អេដែន​និង​បន្ត​រហូត​ទៅ​ដល់​អនាគត​ហួស​ពី​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​រាប់​ពាន់​ឆ្នាំ​ទៅ​ទៀត។ គោល​បំណង​របស់​ទ្រង់​គឺ​ស្រួល​យល់​ណាស់ តែ​ជ្រាល​ជ្រៅ​ដល់​ម្ល៉េះ​បាន​ជា​អ្នក​ដែល​អាន​ព្រះ​គម្ពីរ​អាច​ចំណាយ​ពេល​សិក្សា ជញ្ជឹង​គិត និង​រំពឹង​គិត​អំពី​គោល​បំណង​នេះ​អស់​មួយ​ជីវិត​ដោយ​ទទួល​ផល​ប្រយោជន៍​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ ម្យ៉ាង​ទៀត គោល​បំណង​របស់​ព្រះ​យេហូវ៉ា​នឹង​សម្រេច​ជាក់​ជា​ពុំ​ខាន។ គោល​បំណង​នេះ​នឹង​បំបាត់​ចោល​នូវ​អំពើ​ទុច្ចរិត បាប និង​សេចក្ដី​ស្លាប់ ហើយ​ក៏​នឹង​នាំ​មនុស្ស​ជាតិ​ស្មោះ​ភក្ដី​ទៅ​ដល់​ភាព​ល្អ​ឥត​ខ្ចោះ។ ព្រឹត្ដិការណ៍​ទាំង​អស់​នេះ​នឹង​កើត​ឡើង​មុន​នឹង​ថ្ងៃ​ទី​ប្រាំ​ពីរ​ចប់ ដើម្បី​ឲ្យ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ផែន​ដី​និង​មនុស្ស​ជាតិ​សម្រេច​នៅ​ចំ​ពេល​ដែល​ទ្រង់​បាន​កំណត់​ទុក​ជា​មុន ទោះ​ជា​មាន​ការ​បះបោរ​បាន​កើត​ឡើង​ក៏​ដោយ!

      ៤ ប្រាជ្ញា​បែប​នេះ​បណ្ដាល​ឲ្យ​យើង​កោត​ស្ងើច​ណាស់ មែន​ទេ? សាវ័ក​ប៉ុល​បាន​កោត​ស្ងើច​រហូត​ដល់​គាត់​សរសេរ​ថា៖«អើ​ហ្ន៎! ប្រាជ្ញា . . . របស់​ព្រះ​ជ្រៅ​ណាស់​តើ!»។ (រ៉ូម ១១:​៣៣) ពេល​ដែល​យើង​សិក្សា​លក្ខណៈ​ផ្សេងៗ​នៃ​ប្រាជ្ញា​របស់​ព្រះ ចិត្ត​រាប​ទាប​គួរ​ជំរុញ​យើង​ឲ្យ​ចង​ចាំ​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​គឺ​ថា ទោះ​ជា​ខំ​ព្យាយាម​យ៉ាង​ល្អ​បំផុត​ក៏​ដោយ ក៏​យើង​អាច​យល់​តែ​សើៗ​អំពី​ប្រាជ្ញា​ដែល​គ្មាន​កំណត់​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ (យ៉ូប ២៦:១៤) មុន​បង្អស់ សូម​យើង​បក​ស្រាយ​អត្ថ​ន័យ​នៃ​គុណ​សម្បត្ដិ​ដែល​គួរ​ឲ្យ​កោត​ស្ងើច​នេះ។

      តើ​ប្រាជ្ញា​របស់​ព្រះ​ជា​អ្វី?

      ៥, ៦​. តើ​ចំណេះ​និង​ប្រាជ្ញា​ទាក់​ទង​គ្នា​យ៉ាង​ណា? តើ​ចំណេះ​របស់​ព្រះ​យេហូវ៉ា​ធំ​ទូលាយ​ប៉ុណ្ណា?

      ៥ ប្រាជ្ញា​មិន​មែន​ជា​ចំណេះ​ដឹង​ឬ​ការ​ចាំ​ពត៌មាន​នោះ​ទេ។ កុំព្យូទ័រ​មួយ​អាច​ផ្ទុក​ពត៌មាន​ជា​ច្រើន​ណាស់ តែ​យើង​ពុំ​ធ្លាប់​និយាយ​ថា​កុំព្យូទ័រ​មាន​ប្រាជ្ញា​ទេ។ យ៉ាង​ណា​ក៏​ដោយ ចំណេះ​និង​ប្រាជ្ញា​ជាប់​ទាក់​ទង​គ្នា។ (សុភាសិត ១០:១៤) ជា​ឧទាហរណ៍ បើ​អ្នក​ត្រូវ​ការ​យោបល់​អំពី​វិធី​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​មួយ តើ​អ្នក​នឹង​សួរ​មនុស្ស​ដែល​មាន​ចំណេះ​តិច​ឬ​គ្មាន​ចំណេះ​ដឹង​អំពី​វិជ្ជា​ពេទ្យ​ឬ? អ្នក​ច្បាស់​ជា​មិន​ធ្វើ​ដូច្នេះ​ទេ! នេះ​បង្ហាញ​ថា ចំណេះ​ត្រឹម​ត្រូវ​គឺ​ផ្សារ​ជាប់​គ្នា​នឹង​ប្រាជ្ញា​ពិត។

      ៦ ព្រះ​យេហូវ៉ា​មាន​ចំណេះ​ច្រើន​រហូត​ដល់​វាស់​ស្ទង់​ពុំ​បាន។ មាន​តែ​ព្រះ​យេហូវ៉ា​ដែល​ជា​«ស្តេច​នៃ​អស់​ទាំង​កល្ប» គឺ​ថា​នៅ​អតីតកាល​មិន​ដែល​មាន​ពេល​មួយ​ដែល​ព្រះ​យេហូវ៉ា​គ្មាន​ព្រះ​ជន្ម​រស់​នោះ​ឡើយ។ (ធីម៉ូថេ​ទី​១ ១:១៧) ម្យ៉ាង​ទៀត ក្នុង​ពេល​វេលា​ដ៏​វែង​រក​ដើម​រក​ចុង​មិន​ឃើញ​នោះ ទ្រង់​បាន​ជ្រាប​ពី​អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង។ ព្រះ​គម្ពីរ​ចែង​ថា៖«គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់»។ (ហេព្រើរ ៤:១៣; សុភាសិត ១៥:៣) ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត ទ្រង់​យល់​យ៉ាង​ពេញ​លេញ​អំពី​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត ហើយ​ក៏​បាន​សង្កេត​ឃើញ​សកម្មភាព​ទាំង​អស់​របស់​មនុស្ស​ជាតិ​តាំង​ពី​ដំបូង​មក។ ទ្រង់​ពិនិត្យ​មើល​ចិត្ត​របស់​មនុស្ស​ជាតិ​ម្នាក់ៗ ដោយ​មិន​រំលង​លក្ខណៈ​ណា​មួយ​សោះ​ឡើយ។ (របាក្សត្រទី១ ២៨:៩) ដោយ​សារ​ទ្រង់​បាន​បង្កើត​យើង​ឲ្យ​មាន​ចិត្ត​សេរី ទ្រង់​ពេញ​ព្រះ​ហឫទ័យ​ពេល​ទត​ឃើញ​ថា​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ជីវិត​យើង​ដោយ​ប្រាជ្ញា។ ដោយ​សារ​ទ្រង់​ជា«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន» នោះ​ទ្រង់​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​បុគ្គល​ជា​ច្រើន​ឥត​គណនា​ក្នុង​ពេល​ជា​មួយ​គ្នា! (ទំនុក​ដំកើង ៦៥:២) ម្យ៉ាង​ទៀត គឺ​ជាក់​ស្តែង​ហើយ​ដែល​ថា ការ​ចង​ចាំ​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ឥត​ខ្ចោះ។

      ៧, ៨​. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​មាន​គំនិត​ឆ្លុះ​យល់ សមត្ថភាព​វែក​ញែក និង​ប្រាជ្ញា​ដោយ​ដូច​ម្ដេច?

      ៧ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​មាន​ចំណេះ​ប៉ុណ្ណោះ​ទេ។ ទ្រង់​ក៏​យល់​នូវ​ទំនាក់​ទំនង​រវាង​ពត៌មាន​ផ្សេងៗ និង​វែក​ញែក​លើ​ពត៌មាន​ល្អិត​ល្អន់​ជា​ច្រើន​ដើម្បី​អាច​យល់​ពី​ទិដ្ឋភាព​ទូទៅ។ ទ្រង់​វាយ​តម្លៃ វិនិច្ឆ័យ ដោយ​វែក​ញែក​ល្អ​និង​អាក្រក់ សំខាន់​និង​តូច​តាច។ បន្ថែម​ទៅ​ទៀត ទ្រង់​មិន​ទត​ឃើញ​ត្រឹម​តែ​សំបក​ក្រៅ​ទេ តែ​ទត​ចំពោះ​អ្វី​ក្នុង​ចិត្ត​វិញ។ (សាំយូអែលទី១ ១៦:៧) ដូច្នេះ ព្រះ​យេហូវ៉ា​មាន​គំនិត​ឆ្លុះ​យល់ និង​ចេះ​វែក​ញែក ដែល​នេះ​គឺ​ជា​គុណ​សម្បត្ដិ​ពីរ​ដែល​ប្រសើរ​ជាង​ចំណេះ​ទៅ​ទៀត។ ប៉ុន្តែ ប្រាជ្ញា​គឺ​ជា​គុណ​សម្បត្ដិ​ដែល​ប្រសើរ​ជាង​នោះ​ឆ្ងាយ​ណាស់។

      ៨ ប្រាជ្ញា​ទាក់​ទង​នឹង​ការ​ប្រើ​នូវ​ចំណេះ សមត្ថភាព​វែក​ញែក និង​គំនិត​ឆ្លុះ​យល់​ជា​មួយ​គ្នា។ ការ​ពិត ពាក្យ​ភាសា​ដើម​ខ្លះ​ដែល​ត្រូវ​បក​ប្រែ​ថា«ប្រាជ្ញា»ក្នុង​ព្រះ​គម្ពីរ មាន​ន័យ​ចំៗ​ថា«ការ​ប្រព្រឹត្ត​ដែល​មាន​ប្រសិទ្ធ​ភាព»ឬ​ក៏«ប្រាជ្ញា​ដែល​អាច​យក​មក​អនុវត្ត​បាន»។ ដូច្នេះ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ជា​ទ្រឹស្តី​ទេ។ ប្រាជ្ញា​របស់​ទ្រង់​ជា​អ្វី​ដែល​យើង​អាច​យក​មក​អនុវត្ត និង​តែង​តែ​ទទួល​បាន​លទ្ធផល​ល្អ​ជា​និច្ច។ ដោយ​ពឹង​ផ្អែក​លើ​ទំហំ​នៃ​ចំណេះ និង​គំនិត​ឆ្លុះ​យល់​ជ្រៅ​ជ្រះ​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត ហើយ​ទ្រង់​ប្រព្រឹត្ត​តាម​ការ​សម្រេច​ចិត្ត​នោះ​ដោយ​វិធី​ល្អ​បំផុត​ទៀត​ផង។ នេះ​ជា​ប្រាជ្ញា​ពិត! ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ឃើញ​ថា​បន្ទូល​របស់​ព្រះ​យេស៊ូ​គឺ​ពិត​ដោយ​ថា៖«ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត»។ (ម៉ាថាយ ១១:១៩) ផល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ទូ​ទាំង​សកលលោក​គឺ​ប្រៀប​ដូច​ជា​សាក្សី​ដែល​បញ្ជាក់​យ៉ាង​ជាក់​ច្បាស់​ថា ទ្រង់​មាន​ប្រាជ្ញា​មែន។

      ភស្តុ​តាង​ដែល​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ

      ៩, ១០​. (ក) តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​មាន​ប្រាជ្ញា​បែប​ណា? តើ​ទ្រង់​សម្ដែង​ឲ្យ​ឃើញ​ថា​មាន​ប្រាជ្ញា​បែប​នេះ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​កោសិកា​ជា​ភស្តុ​តាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

      ៩ តើ​អ្នក​ធ្លាប់​អស្ចារ្យ​ក្នុង​ចិត្ត​ពេល​ឃើញ​ការ​ប៉ិនប្រសប់​ខាង​ច្នៃ​ប្រឌិត​របស់​សិប្បករ​ម្នាក់ ដែល​ធ្វើ​របស់​ល្អ​វិចិត្រ​ផ្សេងៗ ដែល​អាច​ប្រើ​ប្រាស់​បាន​ល្អ​នោះ? ប្រាជ្ញា​បែប​នេះ​គួរ​ឲ្យ​ស្ងើច​ក្នុង​ចិត្ត​មែន។ (និក្ខមនំ ៣១:១​-​៣) ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​ជា​ប្រភព​នៃ​ប្រាជ្ញា​បែប​នេះ ហើយ​ទ្រង់​ក៏​មាន​ប្រាជ្ញា​បែប​នេះ​ច្រើន​ជាង​គេ​បំផុត​ដែរ។ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​អំពី​ព្រះ​យេហូវ៉ា​ថា៖«ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ។ ឯ​ស្នា​ដៃ​នៃ​ទ្រង់ ក៏​សុទ្ធតែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល​បង្គំ​ក៏​ដឹង​ច្បាស់​ហើយ»។ (ទំនុក​ដំកើង ១៣៩:១៤) ពិត​មែន​ហើយ​ថា កាល​ណា​យើង​រៀន​កាន់​តែ​ច្រើន​អំពី​រូប​កាយ​មនុស្ស យើង​កាន់​តែ​កោត​ស្ងើច​និង​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ថែម​ទៀត។

      ១០ ជា​ឧទាហរណ៍: នៅ​ដើម​ដំបូង​អ្នក​ជា​ស៊ុត​បង្ក​កំណើត​មួយ ដែល​កើត​ពី​អូវុល​របស់​ម្ដាយ​អ្នក ជា​មួយ​នឹង​ស្ពែម៉ាតូសូអ៊ីត​របស់​ឪពុក​អ្នក​ចូល​គ្នា។ បន្ដិច​ក្រោយ​ពី​នោះ ស៊ុត​បង្ក​កំណើត​មួយ​នេះ​ចាប់​ផ្ដើម​ចែក​ខ្លួន។ លទ្ធផល​ចុង​បញ្ចប់​នៃ​ការ​ចែក​ខ្លួន​នេះ​បាន​ជា​រូប​អ្នក ដែល​មាន​ប្រមាណ​១០.០០០.០០០​កោដិ​កោសិកា។ កោសិកា​និមួយ​ៗ​គឺ​តូច​ល្អិត​ណាស់ ហើយ​ប្រមាណ​១០.០០០​កោសិកា មាន​ទំហំ​មធ្យម​អាច​ដាក់​លើ​ក្បាល​ម្ជុល​បាន។ តែ កោសិកា​និមួយ​ៗ​សុទ្ធតែ​ជា​ការ​បង្កើត​មួយ​ដែល​ស្មុគ​ស្មាញ​ស្ទើរ​យល់​ពុំ​បាន។ កោសិកា​គឺ​សាំញ៉ាំ​ឆ្ងាយ​ជាង​ម៉ាស៊ីន​ណា​ឬ​រោង​ចក្រ​ណា​ដែល​មនុស្ស​បង្កើត។ អ្នក​វិទ្យា​សាស្ត្រ​ប្រាប់​ថា កោសិកា​គឺ​ដូច​ជា​ទី​ក្រុង​មួយ​ដែល​មាន​កំផែង​ព័ទ្ធ​ជុំ​វិញ ហើយ​មាន​ទាំង​ទ្វារ​ចេញ​ចូល​ជាក់​លាក់ ប្រព័ន្ធ​ដឹក​ជញ្ជូន ប្រព័ន្ធ​គមនាគមន៍ រោង​ចក្រ​ថាមពល រោង​ចក្រ​ផលិត កន្លែង​ចាក់​ចោល​និង​ចំរាញ់​កាក​សំណល់ ប្រព័ន្ធ​ការពារ និង​ណ្វៃយ៉ូ​ដែល​ប្រៀប​ដូច​ជា​ការិយាល័យ​កណ្ដាល។ ម្យ៉ាង​ទៀត ក្នុង​ពេល​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ កោសិកា​អាច​ចែក​ខ្លួន​ជា​កោសិកា​ពីរ​ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះបិទ!

      ១១, ១២​. (ក) តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​កោសិកា​ក្នុង​អំប៊្រីយ៉ុង​បែងចែក​ខ្លួន​ទៅ​តាម​តួ​នាទី​ផ្សេងៗ? តើ​នេះ​សម​ស្រប​តាម​ទំនុក​ដំកើង ១៣៩:១៦ យ៉ាង​ដូច​ម្ដេច? (ខ) តើ​ខួរ​ក្បាល​មនុស្ស​បង្ហាញ​ថា​យើង​ជា‹ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ›តាម​របៀប​ណា?

      ១១ កោសិកា​ទាំង​អស់​មិន​មែន​ដូច​គ្នា​ទេ។ ពេល​ដែល​កោសិកា​ទាំង​ឡាយ​ក្នុង​អំប៊្រីយ៉ុង​ចែក​ខ្លួន ពួក​វា​ចាប់​ផ្ដើម​មាន​តួ​នាទី​ផ្សេងៗ។ កោសិកា​ខ្លះ​នឹង​ទៅ​ជា​កោសិកា​សរសៃ​ប្រសាទ ខ្លះ​ទៀត​កោសិកា​ឆ្អឹង កោសិកា​សាច់​ដុំ គោលិកា​ឈាម ឬ​ក៏​កោសិកា​ភ្នែក។ ពត៌មាន​សំរាប់​ការ​បែងចែក​ខ្លួន​ទៅ​តាម​តួ​នាទី​ទាំង​នេះ​គឺ​មាន​ស្រាប់​ក្នុង​បញ្ជា​ដែល​ស្ថិត​ក្នុង​បណ្ណាល័យ​របស់​កោសិកា ពោល​គឺ​ ADN(អាស៊ីត​ដេអុកស៊ីរីបូ​នុយក្លេអ៊ិច)។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ដែល​ដាវីឌ​បាន​ត្រូវ​បណ្ដាល​ឲ្យ​ទូល​ព្រះ​យេហូវ៉ា​ថា៖«ព្រះ​នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូល​បង្គំ . . . ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់»។—ទំនុក​ដំកើង ១៣៩:១៦

      ១២ សរីរាង្គ​ខ្លះ​របស់​រូប​កាយ​គឺ​ស្មុគ​ស្មាញ​ក្រៃ​លែង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ខួរ​ក្បាល​របស់​មនុស្ស។ បុគ្គល​ខ្លះ​បាន​និយាយ​ថា​ខួរ​ក្បាល​គឺ​ជា​របក​គំហើញ​ដ៏​ស្មុគ​ស្មាញ​បំផុត​ក្នុង​សកលលោក។ សំនុំ​ខួរ​ក្បាល​មាន​១០.០០០​កោដិ​កោសិកា​សរសៃ​ប្រសាទ ហើយ​ចំនួន​នេះ​ជិត​ស្មើ​ចំនួន​ផ្កាយ​ក្នុង​កាឡាក់ស៊ី​របស់​យើង។ កោសិកា​និមួយ​ៗ​នេះ​បែក​មែក​ត​ភ្ជាប់​ជា​មួយ​កោសិកា​រាប់​ពាន់​ឯ​ទៀត។ អ្នក​វិទ្យា​សាស្ត្រ​ប្រាប់​ថា​ខួរ​ក្បាល​របស់​មនុស្ស​អាច​ផ្ទុក​ពត៌មាន​ទាំង​អស់ ដែល​មាន​ក្នុង​បណ្ណាល័យ​ទាំង​ប៉ុន្មាន​លើ​ពិភព​លោក ហើយ​ក៏​ប្រាប់​ថែម​ទៀត​ថា តាម​ការ​ពិត​ខួរ​ក្បាល​ប្រហែល​ជា​មាន​សមត្ថភាព​ផ្ទុក​ពត៌មាន​ច្រើន​សន្ធឹក​ដែល​កំណត់​ពុំ​បាន។ ទោះ​ជា​អ្នក​វិទ្យា​សាស្ត្រ​បាន​សិក្សា​សរីរាង្គ​ដែល​ជា‹ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ›នេះ​អស់​រាប់​សិប​ឆ្នាំ​ក៏​ដោយ តែ​ពួក​គេ​សារភាព​ថា គេ​ប្រហែល​ជា​នឹង​មិន​ដែល​យល់​យ៉ាង​ពេញ​លេញ​អំពី​ដំណើរ​ការ​នៃ​ខួរ​ក្បាល​ទេ។

      ១៣, ១៤​. (ក) តើ​ស្រមោច​និង​សត្វ​ផ្សេង​ទៀត​បង្ហាញ​ថា ពួក​វា​មាន«ប្រាជ្ញា​នៃ​សភាវគតិ»ដោយ​ដូច​ម្ដេច? តើ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ​ដែល​បាន​បង្កើត​សត្វ​ទាំង​នោះ? (ខ) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​បង្កើត​ផ្សេងៗ ដូច​ជា​សំណាញ់​ពីងពាង​ជា​ដើម​បាន​ត្រូវ​បង្កើត«ដោយ​ប្រាជ្ញា»?

      ១៣ ក៏​ប៉ុន្តែ មនុស្ស​ជាតិ​មិន​មែន​ជា​ឧទាហរណ៍​តែ​មួយ​គត់ ដែល​បង្ហាញ​នូវ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​នោះ​ទេ។ ទំនុក​ដំកើង ១០៤:២៤ ប្រាប់​ថា៖«ឱ​ព្រះ​យេហូវ៉ា​អើយ! អស់​ទាំង​ស្នា​ដៃ​របស់​ទ្រង់​មាន​ច្រើន​ប្រការ​ណាស់​ហ្ន៎! ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែន​ដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត»។ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គឺ​ឃើញ​ជាក់​ស្តែង​ក្នុង​គ្រប់​ការ​បង្កើត​ដែល​នៅ​ជុំ​វិញ​យើង។ ជា​ឧទាហរណ៍ ស្រមោច«មាន​ប្រាជ្ញា​នៃ​សភាវគតិ»។ (សុភាសិត ៣០:២៤, ព.ថ.) នេះ​គឺ​ពិត​មែន ដ្បិត​ក្រុម​ស្រមោច​មាន​របៀប​រៀប​រយ​ប្រសើរ​ណាស់។ ក្រុម​ស្រមោច​ខ្លះ​ចិញ្ចឹម ផ្ដល់​ជំ​រក និង​ទទួល​ចំណី​ពី​សត្វ​ល្អិត​ម្យ៉ាង​ដែល​ជញ្ជក់​រុក្ខ​រស (Aphididae)ដូច​ជា​មនុស្ស​ចិញ្ចឹម​ហ្វូង​គោ​ក្របី​របស់​ខ្លួន​ដែរ។ ស្រមោច​ឯ​ទៀត​ក៏​ដូច​ជា​កសិករ​ដែរ ដោយ​ថែ​និង​ដាំ​ដុះ​ផ្សិត​ម្យ៉ាង​ដែល​ជា​ដំណាំ​របស់​វា។ មាន​សត្វ​ជា​ច្រើន​ឯ​ទៀត​ដែរ ដែល​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​សភាវគតិ​ចេះ​ធ្វើ​អ្វីៗ​ដ៏​អស្ចារ្យ។ សត្វ​រុយ​ធម្មតា​ហោះ​ហើរ​បោះពួយ​ធ្វើ​ចលនា​ក្រឡាប់​ចុះ​ឡើង ដែល​យន្តហោះ​ទំនើប​បំផុត​របស់​មនុស្ស​ធ្វើ​មិន​បាន​ដូច​ឡើយ។ បក្សា​បក្សី​ដែល​ផ្លាស់​លំនៅ​តាម​រដូវ អាច​រក​ទិស​ធ្វើ​ដំណើរ​ដោយ​មើល​ផ្កាយ ដោយ​ដែន​ម៉ាញេ​ទិច​របស់​ផែន​ដី ឬ​ដោយ​មាន​អ្វី​ដូច​ជា​ផែនទី​មួយ​ដិត​ជាប់​ក្នុង​ខួរ​ក្បាល​របស់​វា​ស្រាប់។ ពួក​ជី​វ​វិទូ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​សិក្សា​ទង្វើ​ពិបាក​យល់​របស់​សត្វ​ទាំង​នេះ​ដែល​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ខួរ​ក្បាល​ដូច​ជា​បញ្ជា​មួយ។ ដូច្នេះ ព្រះ​ដែល​បាន​ដាក់​បញ្ជា​នោះ​ក្នុង​ខួរ​ក្បាល​សត្វ​ទាំង​នេះ​ពិត​ជា​មាន​ប្រាជ្ញា​ដ៏​មហិមា​មែន!

      ១៤ អ្នក​វិទ្យា​សាស្ត្រ​បាន​រៀន​យ៉ាង​ច្រើន​ដោយ​សិក្សា​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ដោយ​ប្រាជ្ញា។ អ្នក​វិទ្យា​សាស្ត្រ​រហូត​ដល់​មាន​វិស័យ​វិស្វកម្ម​មួយ​ដែល​ត្រូវ​ហៅ​ថា ជី​វ​វិស្វកម្ម ដែល​ជា​ការ​ខំ​បង្កើត​របស់​របរ​តាម​គំរូ​ដែល​គេ​ឃើញ​ក្នុង​ធម្មជាតិ។ ជា​ឧទាហរណ៍ ប្រហែល​ជា​អ្នក​ធ្លាប់​សម្លឹង​មើល​សំណាញ់​ដ៏​ស្អាត​របស់​សត្វ​ពីងពាង​ដោយ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ ប៉ុន្តែ វិស្វករ​ម្នាក់​សម្លឹង​ឃើញ​បច្ចេកទេស​វិស្វកម្ម​ដ៏​អស្ចារ្យ។ បើ​យើង​គិត​តាម​សមាមាត្រ​វិញ សរសៃ​ខ្លះ​ដែល​មើល​ទៅ​ដូច​ជា​ងាយ​ដាច់​នោះ គឺ​ខ្លាំង​ជាង​ដែក​និង​ខ្លាំង​ជាង​សរសៃ​អំបោះ​ដែល​គេ​ត្របាញ់​ចូល​គ្នា​ធ្វើ​ជា​អាវ​ក្រោះ​ទៅ​ទៀត។ តើ​សំណាញ់​ពីងពាង​គឺ​ខ្លាំង​ប៉ុន​ណា​ទៅ? ប្រសិន​បើ​មាន​សំណាញ់​ពីងពាង​ទំហំ​ប៉ុន​សំណាញ់​អ្នក​នេសាទ​នោះ សំណាញ់​នោះ​អាច​ខ្លាំង​ល្មម​នឹង​ទាក់​កប៉ាល់​ហោះ​ដែល​កំពុង​តែ​ហោះ​កាត់​មេឃ​បាន! ពិត​ណាស់ ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នេះ«ដោយ​ប្រាជ្ញា»។

      ព្រះ​បាន​ដាក់​សភាវគតិ​ឲ្យ​សត្វ​នានា​ដែល​ទ្រង់​បាន​បង្កើត ដូច​ជា ពីងង​ធ្វើ​សំណាញ់ ស្រមោច​​ស្លឹក​ដើរ​ជា​ជួរ និង​សត្វ​ក្ងាន​ហោះហើរ​ជា​ក្រុម

      តើ​អ្នក​ណា​បាន​ដាក់«ប្រាជ្ញា​នៃ​សភាវគតិ»ក្នុង​ខួរ​ក្បាល​នៃ​សត្វ​នានា​លើ​ផែន​ដី?

      ប្រាជ្ញា​ដែល​នៅ​ក្រៅ​ផែន​ដី

      ១៥, ១៦​. (ក) តើ​ផ្កាយ​ច្រើន​ឥត​គណនា​នៅ​លើ​មេឃ​ជា​ភស្តុ​តាង​ដែល​បង្ហាញ​ពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដោយ​ដូច​ម្ដេច? (ខ) តើ​ឋានៈ​របស់​ព្រះ​យេហូវ៉ា​ជា​មេ​បញ្ជា​ការ​ខ្ពស់​បំផុត​លើ​ទេវតា​ជា​ច្រើន​ឥត​គណនា​ជា​ភស្តុ​តាង​យ៉ាង​ណា​ថា ទ្រង់​ជា​អ្នក​ចាត់​ចែង​ដែល​មាន​ប្រាជ្ញា?

      ១៥ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គឺ​ឃើញ​ជាក់​ស្តែង​ក្នុង​ការ​បង្កើត​របស់​ទ្រង់​ដែល​មាន​ទូ​ទាំង​សកលលោក។ ផ្កាយ​ច្រើន​ឥត​គណនា​ដែល​មាន​លើ​មេឃ​ដូច​ដែល​យើង​បាន​រៀប​រាប់​យ៉ាង​ពិស្ដារ​នៅ​ជំពូក​ទី​៥ មិន​បាន​ត្រូវ​ដាក់​ឲ្យ​មាន​នៅ​មីរ​ដេរ​ដាស​គ្មាន​របៀប​រៀប​រយ​ក្នុង​អវកាស​នោះ​ទេ។ ដោយ​សារ«ច្បាប់​នៅ​លើ​មេឃ»ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​ដោយ​ប្រាជ្ញា​នោះ លំហ​អវកាស​ត្រូវ​រៀប​ចំ​យ៉ាង​ស្អាត​ដោយ​មាន​ទំ​រង់​ជា​កាឡាក់ស៊ី​ផ្សេងៗ ដែល​ផ្ដុំ​គ្នា​ជា​ក្រុម​កាឡាក់ស៊ី​ជា​ច្រើន ហើយ​ក្រុម​និមួយ​ៗ​ក៏​ផ្ដុំ​គ្នា​ជា​ក្រុម​ធំ​ជាង។ (យ៉ូប ៣៨:៣៣, ខ.ស.) គ្មាន​អ្វី​ចំ​ឡែក​ទេ​ដែល​ព្រះ​យេហូវ៉ា​ហៅ​វត្ថុ​ធាតុ​អវកាស​ទាំង​នេះ​ជា«ពួក​ពល​បរិវារ!»។ (អេសាយ ៤០:២៦) មាន​ពួក​ពល​មួយ​ក្រុម​ទៀត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​នេះ​ទៅ​ទៀត។

      ១៦ ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​៤ ព្រះ​មាន​ឋានន្តរ​ជា«ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ» ដោយ​ព្រោះ​ទ្រង់​មាន​ឋានៈ​ជា​មេ​បញ្ជា​ការ​ខ្ពស់​បំផុត​លើ​បុគ្គល​វិញ្ញាណ​រាប់​លាន​នាក់​ដែល​ជា​ពួក​ពល​របស់​ទ្រង់។ នេះ​ជា​ភស្តុ​តាង​ដែល​បញ្ជាក់​តេជានុភាព​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ តើ​នេះ​ទាក់​ទង​នឹង​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ចំណុច​នេះ: ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​មិន​ដែល​ឈប់​ធ្វើ​ការ​ទេ។ (យ៉ូហាន ៥:១៧) ដូច្នេះ គឺ​សម​ហេតុ​សម​ផល​ដែល​បណ្ដា​ទេវតា​ដែល​បំរើ​ព្រះ​ដ៏​ខ្ពស់​បំផុត​ក៏​រវល់​ជា​និច្ច​ដូច​គ្នា​ដែរ។ ហើយ​សូម​ចាំ​ដែរ​ថា ពួក​ទេវតា​មាន​សមត្ថភាព​ខ្ពង់​ខ្ពស់​ជាង​មនុស្ស ដោយ​មាន​ភាព​ឈ្លាស​វាង​វៃ​និង​ភាព​ខ្លាំង​ក្លា​ក្រៃ​លែង។ (ហេព្រើរ ១:៧; ២:៧) ប៉ុន្តែ អស់​រាប់​ពាន់​កោដិ​ឆ្នាំ​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រគល់​កិច្ច​ការ​ឲ្យ​ទេវតា​ទាំង​អស់​រវល់​និង​សប្បាយ​ក្នុង​កិច្ច​ការ​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត ពោល​គឺ​ការ«ប្រតិបត្ដិ​តាម​បង្គាប់»និង«ធ្វើ​តាម​ព្រះ​ហឫទ័យ​»​របស់​ទ្រង់។ (ទំនុក​ដំកើង ១០៣:២០, ២១) ព្រះ​ពិត​ជា​អ្នក​ចាត់​ចែង​ដែល​មាន​ប្រាជ្ញា​គួរ​ឲ្យ​ស្ញប់​ស្ញែង​ណាស់!

      ព្រះ​យេហូវ៉ា«មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ»

      ១៧, ១៨​. ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា«មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ»? ហេតុ​អ្វី​ប្រាជ្ញា​របស់​ទ្រង់​គួរ​ធ្វើ​ឲ្យ​យើង​កោត​ស្ញប់​ស្ញែង?

      ១៧ អាស្រ័យ​ដោយ​ភស្តុ​តាង​ខាង​លើ​នេះ គ្មាន​អ្វី​ប្លែក​ទេ​ដែល​ព្រះ​គម្ពីរ​ចែង​ថា ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គឺ​ខ្ពង់​ខ្ពស់​បំផុត។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ប្រាប់​ថា​ព្រះ​យេហូវ៉ា«មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ»។ (រ៉ូម ១៦:២៧) មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​ប្រាជ្ញា​ល្អ​ឥត​ខ្ចោះ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​ប្រាជ្ញា​ពិត។ (សុភាសិត ២:៦) ហេតុ​នេះ ទោះ​បី​ព្រះ​យេស៊ូ​ជា​បុគ្គល​ដែល​មាន​ប្រាជ្ញា​ច្រើន​បំផុត​ក្នុង​ចំណោម​ការ​បង្កើត​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ តែ​ព្រះ​យេស៊ូ​មិន​បាន​ពឹង​ពាក់​ទៅ​លើ​ប្រាជ្ញា​របស់​ខ្លួន​ទេ ប៉ុន្តែ ទ្រង់​បាន​មាន​បន្ទូល​តាម​អ្វី​ដែល​ព្រះ​វរបិតា​របស់​ទ្រង់​បាន​ណែនាំ​វិញ។—យ៉ូហាន ១២:៤៨​-​៥០

      ១៨ សូម​កត់​សម្គាល់​នូវ​របៀប​ដែល​សាវ័ក​ប៉ុល​បាន​បញ្ជាក់​ភាព​ល្អ​ឯក​នៃ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា។ គាត់​បាន​ពោល​ថា៖«អើ​ហ្ន៎! ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ! ឯ​ព្រះ​ដំ​រិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន? ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន?»។ (រ៉ូម ១១:៣៣) ប៉ុល​ចាប់​ផ្ដើម​ខ​នេះ​ដោយ​ឧទាន​ថា«អើ​ហ្ន៎!» ដែល​បង្ហាញ​ថា​អារម្មណ៍​ដែល​គាត់​មាន​នោះ​គឺ​ខ្លាំង​ណាស់។ ក្នុង​ករណី​នេះ អារម្មណ៍​នោះ​គឺ​ជា​ការ​កោត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង។ ពាក្យ​ភាសា​ក្រិច​ដែល​គាត់​បាន​យក​មក​ប្រើ​សំរាប់​ពាក្យ«ជ្រៅ» ជាប់​ទាក់​ទង​នឹង​ពាក្យ«ជង្ហុក​ធំ»។ ដូច្នេះ ពាក្យ​របស់​គាត់​ធ្វើ​ឲ្យ​យើង​គិត​ឃើញ​ទិដ្ឋភាព​ច្បាស់។ ពេល​យើង​ពិចារណា​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា គឺ​ប្រៀប​ដូច​ជា​យើង​កំពុង​តែ​សម្លឹង​មើល​ទៅ​ក្នុង​ជ្រលង​មួយ​ដែល​គ្មាន​ដែន​កំណត់ និង​ជ្រៅ​គ្មាន​បាត ហើយ​ធំ​សម្បើម​ដល់​ម្ល៉េះ​ដែល​យើង​មិន​អាច​ដឹង​ពី​ទំហំ​វា​បាន​ទេ ដោយ​មិន​ចាំ​បាច់​និយាយ​ពី​ការ​វាស់​ស្ទង់​ឬ​គូរ​ជា​ផែនទី​ឡើយ។ (ទំនុក​ដំកើង ៩២:៥) ចំណុច​នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​រាប​ទាប​ណាស់ មែន​ទេ?

      ១៩, ២០​. (ក) ហេតុ​អ្វី​បាន​ជា​សត្វ​ឥន្ទ្រី​ជា​តំណាង​ដ៏​សមរម្យ​សំរាប់​ប្រាជ្ញា​របស់​ព្រះ? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ថា​ទ្រង់​មាន​សមត្ថភាព​ទត​ឃើញ​អនាគត​យ៉ាង​ដូច​ម្ដេច?

      ១៩ មាន​ហេតុ​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា«មាន​ប្រាជ្ញា​តែ​១​ព្រះ​អង្គ» ពោល​គឺ មាន​តែ​ទ្រង់​មួយ​អង្គ​ដែល​អាច​សម្លឹង​ឃើញ​ព្រឹត្ដិការណ៍​នៅ​ខាង​មុខ។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ប្រើ​សត្វ​ឥន្ទ្រី​ដែល​អាច​មើល​ឃើញ​ឆ្ងាយ​ដើម្បី​តំណាង​ឲ្យ​ប្រាជ្ញា​របស់​ទ្រង់។ មាន​សត្វ​ឥន្ទ្រី​ម្យ៉ាង​ដែល​មាន​ទម្ងន់​ត្រឹម​តែ​ប្រាំ​គីឡូ​ក្រាម​ប៉ុណ្ណោះ តែ​ភ្នែក​វា​គឺ​ធំ​ជាង​ភ្នែក​របស់​បុរស​ពេញ​វ័យ​ម្នាក់។ ចក្ខុ​វិញ្ញាណ​របស់​សត្វ​ឥន្ទ្រី​គឺ​ពូកែ​គួរ​ឲ្យ​អស្ចារ្យ​ណាស់ ពី​លើ​មេឃ​កំពស់​រាប់​រយ​ម៉ែត្រ​វា​មាន​សមត្ថភាព​អាច​មើល​ឃើញ​សត្វ​រំពា​តូចៗ ឬ​ក៏​ពី​ចម្ងាយ​ប្រហែល​ជា​ឆ្ងាយ​ជាង​ពីរ​គីឡូម៉ែត្រ​ទៅ​ទៀត! ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​ធ្លាប់​មាន​បន្ទូល​អំពី​សត្វ​ឥន្ទ្រី​ថា«ភ្នែក​វា​មើល​ទៅ​ឃើញ​ឆ្ងាយ»។ (យ៉ូប ៣៩:២៩) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​អាច​ទត«ឃើញ​ឆ្ងាយ»នៅ​អនាគត!

      ២០ ព្រះ​គម្ពីរ​ពោរ​ពេញ​ទៅ​ដោយ​ភស្តុ​តាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ដូច្នេះ​បាន​ពិត​មែន។ ព្រះ​គម្ពីរ​មាន​ទំនាយ​រាប់​រយ។ ពាក្យ​ទំនាយ​គឺ​ជា​ប្រវត្ដិសាស្ត្រ​ដែល​បាន​កត់​ទុក​មុន​នឹង​ព្រឹត្ដិការណ៍​កើត​ឡើង។ លទ្ធផល​នៃ​សង្គ្រាម​ផ្សេងៗ ការ​ឡើង​កាន់​អំណាច​និង​ការ​ដួល​រលំ​នៃ​មហា​អំណាច និង​រហូត​ដល់​ពន្យល់​យ៉ាង​ជាក់​លាក់​អំពី​យុទ្ធ​សាស្ត្រ​ដែល​មេទ័ព​ផ្សេងៗ​បាន​ប្រើ សុទ្ធតែ​បាន​ទាយ​ទុក​ក្នុង​ព្រះ​គម្ពីរ ដោយ​ជួន​កាល​ទាយ​រាប់​រយ​ឆ្នាំ​មុន​នឹង​ព្រឹត្ដិការណ៍​ទាំង​នោះ​កើត​ឡើង​ទៅ​ទៀត។—អេសាយ ៤៤:២៥​-​៤៥:៤; ដានីយ៉ែល ៨:២​-​៨, ២០​-​២២

      ២១, ២២​. (ក) ហេតុ​អ្វី​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ចំពោះ​ការ​សន្និដ្ឋាន​ថា ព្រះ​យេហូវ៉ា​បាន​ទត​ឃើញ​ការ​សម្រេច​ចិត្ត​ទាំង​អស់​ដែល​យើង​នឹង​ធ្វើ​ក្នុង​ជីវិត? សូម​ឲ្យ​ឧទាហរណ៍។ (ខ) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​មិន​ប្រើ​ប្រាជ្ញា​របស់​ទ្រង់​ដោយ​គ្មាន​មេត្ដា​ឬ​មិន​ចេះ​អាណិត​អាសូរ​នោះ?

      ២១ ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា​ព្រះ​បាន​ទត​ឃើញ​រួច​ហើយ​នូវ​ការ​សម្រេច​ចិត្ត​ទាំង​អស់​ដែល​អ្នក​នឹង​ធ្វើ​ឬ? មនុស្ស​ខ្លះ​ដែល​គាំ​ទ្រ​លទ្ធិ​ថា​វា​ស​នា​របស់​យើង​បាន​ត្រូវ​កំណត់​រួច​ហើយ ពួក​គេ​ប្រកាន់​ថា​ទ្រង់​បាន​ធ្វើ​ដូច្នេះ​មែន។ ក៏​ប៉ុន្តែ ការ​ពិត គំនិត​នេះ​បង្អាប់​ដល់​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា ដ្បិត​នេះ​ចង់​និយាយ​ថា ទ្រង់​មិន​អាច​ទប់​សមត្ថភាព​របស់​ទ្រង់​ចំពោះ​ការ​ទត​ឃើញ​អនាគត​នោះ​ទេ។ ជា​ឧទាហរណ៍ បើ​អ្នក​មាន​សម្លេង​ល្អ​អាច​ច្រៀង​ពីរោះ​ដាច់​គេ តើ​នេះ​បាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ច្រៀង​រាល់​ថ្ងៃ​ជា​និច្ច​គ្មាន​អាក់​ឬ? គំនិត​នេះ​គឺ​មិន​សម​ហេតុ​សម​ផល​ទាល់​តែ​សោះ! ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ដឹង​ទុក​ជា​មុន​អំពី​អនាគត ប៉ុន្តែ នេះ​មិន​បាន​ន័យ​ថា​ទ្រង់​ប្រើ​សមត្ថភាព​នេះ​ជា​និច្ច​ទេ។ បើ​ទ្រង់​ធ្វើ​ដូច្នេះ នេះ​អាច​បំពាន​ទៅ​លើ​ចិត្ត​សេរី​របស់​យើង ដែល​ជា​អំណោយ​ទាន​ប្រសើរ​ថ្លៃ​ថ្លា​ពី​ព្រះ​យេហូវ៉ា ដែល​ទ្រង់​នឹង​មិន​ដក​ហូត​យក​មក​វិញ​ទេ។—ចោទិយកថា ៣០:១៩, ២០

      ២២ ម្យ៉ាង​ទៀត គំនិត​ថា​វា​ស​នា​របស់​យើង​ត្រូវ​កំណត់​រួច​ហើយ​បាន​ន័យ​ថា ព្រះ​យេហូវ៉ា​ប្រើ​ប្រាជ្ញា​របស់​ទ្រង់​ដោយ​គ្មាន​មេត្ដា ដោយ​គ្មាន​សេចក្ដី​ស្រឡាញ់ ការ​អាណិត​អាសូរ និង​ការ​សន្ដោស​ប្រណី។ ប៉ុន្តែ នេះ​គឺ​ខុស​ទាំង​ស្រុង! ព្រះ​គម្ពីរ​បង្រៀន​ថា​ព្រះ​យេហូវ៉ា​«មាន​ព្រះ​ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា»។ (យ៉ូប ៩:៤, កំណែ​ជា​អក្សរ​ទ្រេត) ព្រះ​គម្ពីរ​ច្រើន​តែ​ប្រើ​ពាក្យ​នេះ​សំដៅ​ទៅ​លើ​លក្ខណៈ​ដែល​បង្កប់​យ៉ាង​ជ្រៅ​ក្នុង​ខ្លួន រួម​មាន​ទាំង​អ្វី​ដែល​ជំរុញ​ចិត្ត​និង​អារម្មណ៍​របស់​យើង​ដូច​ជា​សេចក្ដី​ស្រឡាញ់​ជា​ដើម។ ដូច្នេះ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គឺ​ដូច​ជា​គុណ​សម្បត្ដិ​ឯ​ទៀត​របស់​ទ្រង់​ដែល​ត្រូវ​កាន់​កាប់​ដោយ​សេចក្ដី​ស្រឡាញ់។—យ៉ូហានទី១ ៤:៨

      ២៣​. ភាព​ខ្ពង់​ខ្ពស់​នៃ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

      ២៣ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​ស្រុង។ ប្រាជ្ញា​របស់​ទ្រង់​គឺ​ខ្ពស់​ជាង​ប្រាជ្ញា​របស់​យើង​ឆ្ងាយ​ដល់​ម្ល៉េះ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ជំរុញ​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ថា៖«ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។ (សុភាសិត ៣:៥, ៦) សូម​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​នូវ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ចូល​ទៅ​ជិត​ជាង​នឹង​ព្រះ​របស់​យើង​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា។

      សំនួរ​សំរាប់​រំពឹង​គិត

      • យ៉ូប ២៨:១១​-​២៨ តើ​ប្រាជ្ញា​របស់​ព្រះ​មាន​តម្លៃ​ប៉ុន​ណា? តើ​ការ​រំពឹង​គិត​អំពី​ប្រាជ្ញា​របស់​ព្រះ​អាច​នាំ​មក​នូវ​លទ្ធផល​ល្អ​អ្វី?

      • ទំនុក​ដំកើង ១០៤:១​-​២៥ តើ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​ត្រូវ​ស​ឲ្យ​ឃើញ​ដោយ​អ្វី​ខ្លះ? តើ​នេះ​ជំរុញ​ឲ្យ​អ្នក​មាន​អារម្មណ៍​បែប​ណា?

      • សុភាសិត ៣:១៩​-​២៦ បើ​យើង​ពិចារណា​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​និង​អនុវត្ត​តាម​ប្រាជ្ញា​នោះ តើ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ?

      • ដានីយ៉ែល ២:១៩​-​២៨ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ត្រូវ​ហៅ​ថា​ព្រះ​ដែល​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង? តើ​យើង​គួរ​ប្រព្រឹត្ត​តប​យ៉ាង​ណា​ចំពោះ​ប្រាជ្ញា​ក្នុង​ទំនាយ​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់?

  • ប្រាជ្ញាក្នុង«ព្រះបន្ទូលនៃព្រះ»
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • ព្រះ​បាន​ប្រើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​ឲ្យ​មនុស្ស​សរសេរ​ព្រះ​គម្ពីរ

      ជំពូក​ទី​១៨

      ប្រាជ្ញា​ក្នុង«ព្រះ​បន្ទូល​នៃ​ព្រះ»

      ១, ២​. តើ​ព្រះ​យេហូវ៉ា​បាន​សរសេរ​សំបុត្រ​អ្វី​ឲ្យ​យើង? ហើយ​ហេតុ​អ្វី?

      តើ​អ្នក​នៅ​ចាំ​ពេល​អ្នក​បាន​ទទួល​សំបុត្រ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​រស់​នៅ​ឆ្ងាយ​ទេ? កម្រ​មាន​អ្វី​ដែល​នាំ​ឲ្យ​រីក​រាយ​ដូច​ការ​ទទួល​សំបុត្រ​មួយ​ពី​មនុស្ស​សំណព្វ​របស់​យើង​ដែល​គេ​សរសេរ​ស្មោះ​ពី​ចិត្ត​នោះ។ យើង​សប្បាយ​អាន​អំពី​សុខ​ទុក្ខ បទ​ពិសោធន៍ និង​គម្រោង​របស់​គាត់។ ការ​ប្រស្រ័យ​ទាក់​ទង​គ្នា​បែប​នេះ​នាំ​ឲ្យ​យើង​ជិត​ស្និទ្ធ​នឹង​អ្នក​ដែល​ជា​ទី​ស្រឡាញ់ ទោះ​បី​រូប​គេ​នៅ​ឆ្ងាយ​ពី​យើង​ក៏​ដោយ។

      ២ ដូច្នេះ តើ​មាន​អ្វី​ដែល​អាច​នាំ​ឲ្យ​យើង​មាន​ចិត្ត​រីក​រាយ​ដូច​ការ​ទទួល​សារ​មួយ​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ព្រះ​ជា​ទី​ស្រឡាញ់​របស់​យើង​នោះ​ឬ​ទេ? នេះ​គឺ​ប្រៀប​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​សរសេរ​សំបុត្រ​មួយ​ឲ្យ​យើង។ សំបុត្រ​នោះ​គឺ​ព្រះ​គម្ពីរ ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ ក្នុង​ព្រះ​គម្ពីរ ទ្រង់​មាន​បន្ទូល​ប្រាប់​យើង​ថា​ទ្រង់​ជា​អ្នក​ណា ទ្រង់​បាន​សម្រេច​អ្វី​ខ្លះ ទ្រង់​មាន​គោល​បំណង​អ្វី និង​ក៏​ប្រាប់​យើង​នូវ​ពត៌មាន​ច្រើន​ថែម​ទៀត។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ព្រះ​បន្ទូល​របស់​ទ្រង់​ដល់​យើង ពីព្រោះ​ទ្រង់​ចង់​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់។ ព្រះ​របស់​យើង​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា​បាន​ជ្រើស​រើស​វិធី​ល្អ​បំផុត​ដើម្បី​ប្រស្រ័យ​ទាក់​ទង​នឹង​យើង។ របៀប​សរសេរ​និង​សាច់​រឿង​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ឡើយ។

      ហេតុ​អ្វី​ត្រូវ​សរសេរ​បន្ទូល​របស់​ទ្រង់?

      ៣​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ក្រិត្យ​វិន័យ​ដល់​ម៉ូសេ​តាម​វិធី​ណា?

      ៣ មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា៖ ‹ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​បាន​ទាក់​ទង​មនុស្ស​ជាតិ​តាម​វិធី​អស្ចារ្យ​ជាង? ឧទាហរណ៍​ដូច​ជា​មាន​បន្ទូល​ពី​ស្ថាន​សួគ៌​មក​ជា​ដើម។ ការ​ពិត មាន​ពេល​ខ្លះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ពី​ស្ថាន​សួគ៌​មែន តាម​រយៈ​ទេវតា​ដែល​ជា​តំណាង​របស់​ទ្រង់។ ឧទាហរណ៍ ទ្រង់​បាន​ធ្វើ​ដូច្នេះ ពេល​ដែល​ប្រទាន​ក្រិត្យ​វិន័យ​ដល់​សាសន៍​អ៊ីស្រាអែល។ (កាឡាទី ៣:១៩) ព្រះ​សូរ​សៀង​ពី​ស្ថាន​សួគ៌​គួរ​ឲ្យ​កោត​ស្ងើច​ដល់​ម្ល៉េះ ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ភិត​ភ័យ​ញាប់​ញ័រ​សុំ​កុំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​តាម​វិធី​នោះ​ទៀត តែ​សូម​មាន​បន្ទូល​តាម​រយៈ​ម៉ូសេ​វិញ។ (និក្ខមនំ ២០:១៨​-​២០) ក្រិត្យ​វិន័យ​នោះ ដែល​មាន​ប្រមាណ​៦០០​ប្រការ​ត្រូវ​បាន​ប្រទាន​ដល់​ម៉ូសេ​ដោយ​និយាយ​ផ្ទាល់​មាត់។

      ៤​. សូម​ពន្យល់​នូវ​មូលហេតុ​ដែល​ការ​ប្រាប់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​មែន​ជា​វិធី​គួរ​ឲ្យ​ទុក​ចិត្ត​សំរាប់​ការ​បង្រៀន​ក្រិត្យ​វិន័យ​របស់​ព្រះ​ពី​តំណ​មួយ​ទៅ​តំណ​មួយ។

      ៤ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​បើ​ក្រិត្យ​វិន័យ​មិន​បាន​កត់​ទុក​ជា​លាយ​លក្ខណ៍​អក្សរ​ក្រោយ​មក​នោះ? តើ​ម៉ូសេ​នឹង​អាច​ចាំ​ជាក់​ច្បាស់​នូវ​ពាក្យ​និមួយ​ៗ​នៃ​ក្រិត្យ​វិន័យ​ដ៏​ល្អិត​ល្អន់​នេះ និង​រៀប​រាប់​ប្រាប់​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​បាន​យ៉ាង​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​បាន​ឬ​ទេ? ចុះ​ចំពោះ​មនុស្ស​តំណ​ក្រោយ? តើ​ពួក​គេ​ត្រូវ​ទុក​ចិត្ត​ទៅ​លើ​អ្វី​ដែល​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​តែ​ប៉ុណ្ណោះ​ឬ​ទេ? នោះ​មិន​មែន​ជា​វិធី​គួរ​ឲ្យ​ទុក​ចិត្ត​សំរាប់​ការ​បង្រៀន​ច្បាប់​របស់​ព្រះ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ទេ។ សូម​គិត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​បើ​អ្នក​និទាន​រឿង​មួយ​ប្រាប់​ដល់​មនុស្ស​មួយ​ជួរ​យ៉ាង​វែង ដោយ​ប្រាប់​បុគ្គល​ទី​មួយ និង​ឲ្យ​ប្រាប់​តៗ​គ្នា​រហូត​ដល់​បុគ្គល​ចុង​ក្រោយ​គេ​បង្អស់។ អ្វី​ដែល​បុគ្គល​ចុង​ក្រោយ​បង្អស់​បាន​ឮ​ទំនង​ជា​ខុស​ពី​រឿង​ដើម​ហើយ។ តែ​ពាក្យ​បន្ទូល​របស់​ព្រះ​ក្នុង​ក្រិត្យ​វិន័យ​មិន​អាច​ត្រូវ​កែ​ប្រែ​ដូច្នេះ​បាន​ទេ។

      ៥, ៦​. តើ​ព្រះ​យេហូវ៉ា​បាន​បញ្ជា​ម៉ូសេ​ឲ្យ​ធ្វើ​អ្វី​នឹង​បន្ទូល​ទ្រង់? ហេតុ​អ្វី​ការ​មាន​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ជា​លាយ​លក្ខណ៍​អក្សរ​គឺ​ជា​ពរ​មួយ?

      ៥ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ប្រាជ្ញា​ដោយ​សម្រេច​ព្រះ​ទ័យ​ឲ្យ​មាន​គេ​សរសេរ​ទុក​ពាក្យ​បន្ទូល​របស់​ទ្រង់។ ទ្រង់​បាន​បញ្ជា​ម៉ូសេ​ថា៖‹ចូរ​កត់​ពាក្យ​ទាំង​នេះ​ចុះ! ដ្បិត​យើង​តាំង​សេចក្ដី​សញ្ញា​របស់​យើង​នឹង​អ្នក ហើយ​នឹង​ពួក​អ៊ីស្រាអែល​តាម​ន័យ​ពាក្យ​ទាំង​នេះ›។ (និក្ខមនំ ៣៤:២៧) ដូច្នេះ ចាប់​ផ្ដើម​មាន​ការ​សរសេរ​ព្រះ​គម្ពីរ នៅ​ឆ្នាំ​១៥១៣​មុន​ស.យ.។ ក្នុង​រយៈ​ពេល​១.៦១០​ឆ្នាំ​បន្ត​បន្ទាប់ ព្រះ​យេហូវ៉ា​បាន‹មាន​បន្ទូល​ជា​ច្រើន​ដង​ច្រើន​បែប› ដល់​មនុស្ស​ជាតិ​ប្រមាណ​៤០​នាក់​ដែល​ក្រោយ​មក​បាន​សរសេរ​ព្រះ​គម្ពីរ។ (ហេព្រើរ ១:១) ក្នុង​ចន្លោះ​ពេល​នោះ​ដែរ ពួក​ស្មៀន​បាន​ផ្ចិត​ផ្ចង់​ចម្លង​ឯកសារ​ទាំង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​រក្សា​ទុក​បទ​គម្ពីរ​ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ។—អែសរ៉ា ៧:៦; ទំនុក​ដំកើង ៤៥:១

      ៦ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ប្រទាន​ពរ​មក​យើង ដោយ​ទាក់​ទង​ជា​លាយ​លក្ខណ៍​អក្សរ។ តើ​អ្នក​ធ្លាប់​មាន​សំបុត្រ​មួយ​ដែល​អ្នក​ចូល​ចិត្ត​រហូត​ដល់​ទុក​អាន​ម្ដង​ហើយ​ម្ដង​ទៀត​ទេ? ប្រហែល​ជា​សំបុត្រ​នោះ​បាន​សម្រាល​ទុក្ខ​អ្នក​ចំ​ពេល​ដែល​អ្នក​ត្រូវ​ការ។ សំបុត្រ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​គឺ​ដូច្នេះ​ដែរ។ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​រៀប​ចំ​ឲ្យ​បន្ទូល​ទ្រង់​ត្រូវ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ យើង​អាច​អាន​ជា​រឿយៗ​និង​រំពឹង​គិត​អំពី​បន្ទូល​នោះ។ (ទំនុក​ដំកើង ១:២) យើង​អាច​ទទួល«សេចក្ដី​កំសាន្ត​ចិត្ត[ឬ«ការ​សម្រាល​ទុក្ខ», ព.ថ.] ដោយ​សារ​គម្ពីរ»នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។—រ៉ូម ១៥:៤

      ហេតុ​អ្វី​អ្នក​សរសេរ​ជា​មនុស្ស​ជាតិ?

      ៧​. ហេតុ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​មនុស្ស​ជាតិ​ជា​អ្នក​សរសេរ តើ​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

      ៧ ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា នោះ​ទ្រង់​បាន​ប្រើ​មនុស្ស​ជាតិ​ជា​អ្នក​សរសេរ​ព្រះ​បន្ទូល​របស់​ទ្រង់។ សូម​គិត​ទៅ​មើល បើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ទេវតា​ជា​អ្នក​សរសេរ​វិញ តើ​ព្រះ​គម្ពីរ​ទាក់​ទាញ​ទឹក​ចិត្ត​របស់​យើង​ដូច​គ្នា​ឬ​ទេ? ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​អាច​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​បាន​ច្បាស់ ដោយ​សារ​ពួក​គេ​នៅ​ស្ថាន​លើ​ហើយ​អាច​បញ្ជាក់​ពី​ភក្ដីភាព​របស់​ពួក​គេ​ចំពោះ​ទ្រង់ ថែម​ទាំង​រៀប​រាប់​អំពី​សកម្មភាព​របស់​មនុស្ស​ជាតិ​ដែល​ស្មោះ​ភក្ដី​នឹង​ព្រះ។ ប៉ុន្តែ តើ​យើង​ពិត​ជា​អាច​យល់​នូវ​ទស្សនៈ​របស់​បុគ្គល​វិញ្ញាណ​គ្រប់​ល័ក្ខណ៍ ដែល​មាន​ចំណេះ បទ​ពិសោធន៍ និង​កម្លាំង​ច្រើន​ជាង​យើង​ឆ្ងាយ​ម្ល៉េះ​បាន​ឬ​ទេ?—ហេព្រើរ ២:៦, ៧

      «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង»

      ៨​. តើ​អ្នក​សរសេរ​ព្រះ​គម្ពីរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​សតិ​បញ្ញា​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? (សូម​មើល​សម្គាល់​ហេតុ​ដែរ)

      ៨ តាម​រយៈ​មនុស្ស​ជាតិ​ដែល​ជា​អ្នក​សរសេរ​នោះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​នូវ​អ្វី​ដែល​ចំ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​យើង ពោល​គឺ កំណត់​ហេតុ​ដែល«ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង» តែ​ក៏​បាន​បង្ហាញ​ធាតុ​ពិត​របស់​មនុស្ស​ផង​ដែរ។ (ធីម៉ូថេ​ទី​២ ៣:១៦) តើ​ទ្រង់​សម្រេច​នេះ​យ៉ាង​ដូច​ម្ដេច? តាម​មើល​ទៅ ក្នុង​ករណី​ជា​ច្រើន​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អ្នក​សរសេរ​ប្រើ​សតិ​បញ្ញា​របស់​ខ្លួន​ផ្ទាល់ ដើម្បី​ជ្រើស​រើស«ពាក្យ​ពីរោះ នឹង​សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម​ត្រូវ គឺ​ជា​ពាក្យ​ដ៏​ពិត​ទាំង​អស់»។ (សាស្ដា ១២:១០, ១១) ហេតុ​នេះ​ហើយ​បាន​ជា​សៀវភៅ​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ​មាន​របៀប​សរសេរ​ខុសៗ​គ្នា ដោយ​សំនេរ​និមួយ​ៗ​បង្ហើប​ឲ្យ​យល់​នូវ​ប្រវត្ដិ​និង​បុគ្គលិក​លក្ខណៈ​របស់​អ្នក​សរសេរ​ម្នាក់​នោះ។a ប៉ុន្តែ«ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ . . . .​ជំរុញ​ចិត្ត​លោក​ទាំង​នោះ​អោយ​ថ្លែង​ព្រះ​បន្ទូល»។ (ពេត្រុសទី២ ១:២១, ខ.ស.) ដូច្នេះ លទ្ធផល​ដែល​ទទួល​បាន​ចុង​ក្រោយ​គឺ​ពិត​ជា«ព្រះ​បន្ទូល​នៃ​ព្រះ»​មែន។—ថែស្សាឡូនីចទី១ ២:១៣

      ៩, ១០​. ហេតុ​អ្វី​បាន​ជា​ការ​ប្រើ​មនុស្ស​ជាតិ​ជា​អ្នក​សរសេរ​នាំ​ឲ្យ​ព្រះ​គម្ពីរ​ប្រកប​ដោយ​ភាព​កក់​ក្ដៅ​និង​មាន​លក្ខណៈ​ដែល​ទាក់​ទាញ​ទឹក​ចិត្ត​យើង​ជា​ទី​បំផុត?

      ៩ ដោយ​សារ​មនុស្ស​ត្រូវ​បាន​ប្រើ​ដើម្បី​សរសេរ​ព្រះ​គម្ពីរ នោះ​ព្រះ​គម្ពីរ​ប្រកប​ទៅ​ដោយ​ភាព​កក់​ក្ដៅ និង​លក្ខណៈ​ដែល​ទាក់​ទាញ​ទឹក​ចិត្ត​ជា​ទី​បំផុត។ អ្នក​សរសេរ​គឺ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ដូច​យើង​ដែរ។ ដោយ​សារ​ពួក​គេ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ពួក​គេ​ធ្លាប់​ឆ្លង​កាត់​ការ​ល្បង​ល​និង​ការ​គាប​សង្កត់​ស្រដៀង​នឹង​យើង​ដែរ។ ក្នុង​ករណី​ខ្លះ វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ពួក​គេ​សរសេរ​អំពី​អារម្មណ៍​និង​ការ​លំបាក​ដែល​ខ្លួន​គេ​ផ្ទាល់​បាន​ពុះ​ពារ។ (កូរិនថូសទី២ ១២:៧​-​១០) ដូច្នេះ ពួក​គេ​បាន​សរសេរ​ដោយ​ប្រើ​សព្វ​នាម​បុរិសៈ​បុរស​ទី​មួយ។ គ្មាន​ទេវតា​មួយ​រូប​ណា​អាច​សរសេរ​បញ្ជាក់​ពី​អារម្មណ៍​ដូច​ពួក​គេ​បាន​ឡើយ។

      ១០ ជា​ឧទាហរណ៍ សូម​គិត​អំពី​ដាវីឌ​ដែល​ជា​ស្តេច​នៃ​អ៊ីស្រាអែល។ ក្រោយ​ដាវីឌ​បាន​ធ្វើ​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​ខ្លះៗ ទ្រង់​បាន​តែង​ទំនុក​មួយ​អង្វរ​អស់​ពី​ដួង​ចិត្ត​សុំ​ព្រះ​អត់​ឱន​ទោស។ ដាវីឌ​បាន​សរសេរ​ថា៖«សូម​សំ​អា​ត​អំពើ​បាប​របស់​ទូល​បង្គំ​ផង។ ដ្បិត​ទូល​បង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូល​បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល​បង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូល​បង្គំ​ជា​និច្ច។ មើល! ទូល​បង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្ដាយ​ទូល​បង្គំ​បាន​មាន​ទំងន់ បង្កើត​ទូល​បង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ។ សូម​កុំ​ចោល​ទូល​បង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ចេញ​ពី​ទូល​បង្គំ​ឡើយ។ ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច​ខ្ទាំ ឱ​ព្រះ​អង្គ​អើយ! ទ្រង់​មិន​មើល​ងាយ​ចំពោះ​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប​ឡើយ»។ (ទំនុក​ដំកើង ៥១:២, ៣, ៥, ១១, ១៧) នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់​ដូច​ស្តេច​ដាវីឌ​ដែរ មែន​ទេ? មាន​តែ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​មាន​អារម្មណ៍​ក្នុង​ចិត្ត​ដូច្នេះ មែន​ទេ?

      ហេតុ​អ្វី​ព្រះ​គម្ពីរ​ជា​សៀវភៅ​រៀប​រាប់​អំពី​មនុស្ស?

      ១១​. តើ​មាន​បទ​ពិសោធន៍​ពិតៗ​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​សរសេរ​ក្នុង​ព្រះ​គម្ពីរ«សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា»?

      ១១ មាន​អ្វី​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​មាន​លក្ខណៈ​ដែល​ទាក់​ទាញ​ទឹក​ចិត្ត។ ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល​ច្រើន​តែ​រៀប​រាប់​អំពី​បុគ្គល​ដែល​មាន​ពិតៗ រួម​មាន​មនុស្ស​ដែល​បំរើ​ព្រះ​និង​មនុស្ស​ដែល​មិន​បំរើ​ទ្រង់​ផង​ដែរ។ យើង​អាន​អំពី​បទ​ពិសោធន៍ ការ​លំបាក និង​អំណរ​របស់​ពួក​គេ។ យើង​ឃើញ​នូវ​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ កំណត់​ហេតុ​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ទុក«សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា»។ (រ៉ូម ១៥:៤) តាម​រយៈ​បទ​ពិសោធន៍​ពិតៗ​ទាំង​នេះ ព្រះ​យេហូវ៉ា​បង្រៀន​យើង​តាម​វិធី​ដែល​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​របស់​យើង។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះៗ។

      ១២​. តើ​កំណត់​ហេតុ​ព្រះ​គម្ពីរ​អំពី​មនុស្ស​ឥត​ស្មោះ​ភក្ដី​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

      ១២ ព្រះ​គម្ពីរ​ប្រាប់​អំពី​មនុស្ស​ឥត​ស្មោះ​ភក្ដី​និង​មនុស្ស​ទុច្ចរិត​ទៀត​ផង ព្រម​ទាំង​ប្រាប់​អំពី​អ្វី​ដែល​កើត​ឡើង​ដល់​ពួក​គេ។ ដោយ​អាន​កំណត់​ហេតុ​អំពី​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ផ្សេងៗ កំណត់​ហេតុ​ទាំង​នេះ​ជួយ​ឲ្យ​យើង​យល់​ស្រួល​ជាង ថា​តើ​អ្វី​ទៅ​ជា​លក្ខណៈ​មិន​ល្អ។ ឧទាហរណ៍ តើ​មួយ​ណា​មាន​ឥទ្ធិពល​ខ្លាំង​ជាង ច្បាប់​មួយ​ដែល​ហាម​ការ​ក្បត់ ឬ​ក៏​គំរូ​របស់​យូដាស​ដែល​បង្ហាញ​លក្ខណៈ​នេះ​ឲ្យ​ឃើញ​ជាក់​ស្តែង​នៅ​ពេល​ដែល​គាត់​ក្បត់​ព្រះ​យេស៊ូ? (ម៉ាថាយ ២៦:១៤​-​១៦, ៤៦​-​៥០; ២៧:៣​-​១០) កំណត់​ហេតុ​បែប​នេះ​មាន​ប្រសិទ្ធ​ភាព​ច្រើន​ជាង​ក្នុង​ការ​ជំរុញ​ចិត្ត​យើង ពីព្រោះ​វា​ជួយ​ឲ្យ​យល់​ឃើញ​និង​បដិសេធ​ចោល​លក្ខណៈ​គួរ​ឲ្យ​ស្អប់​ខ្ពើម។

      ១៣​. តើ​ព្រះ​គម្ពីរ​ជួយ​យើង​ឲ្យ​យល់​អំពី​លក្ខណៈ​ដែល​គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ដោយ​ដូច​ម្ដេច?

      ១៣ ព្រះ​គម្ពីរ​ក៏​រៀប​រាប់​អំពី​មនុស្ស​ស្មោះ​ភក្ដី​ជា​ច្រើន​ដែល​បំរើ​ព្រះ​ដែរ។ យើង​ក៏​បាន​ឃើញ​អំពី​ភក្ដីភាព​របស់​ពួក​គេ​ដែរ។ យើង​ឃើញ​គំរូ​របស់​បុគ្គល​ដែល​បង្ហាញ​ពី​លក្ខណៈ​ដែល​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ដើម្បី​ចូល​ទៅ​ជិត​ព្រះ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ជំនឿ។ ព្រះ​គម្ពីរ​បញ្ជាក់​អត្ថ​ន័យ​នៃ​ជំនឿ និង​ចែង​ប្រាប់​យើង​អំពី​ភាព​ចាំ​បាច់​នៃ​ការ​មាន​ជំនឿ​បើ​យើង​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ។ (ហេព្រើរ ១១:១, ៦) ប៉ុន្តែ ព្រះ​គម្ពីរ​ក៏​មាន​គំរូ​ជាក់​ស្តែង​ដែល​បង្ហាញ​ពី​ការ​អនុវត្ត​តាម​ជំនឿ។ សូម​គិត​អំពី​ជំនឿ​របស់​អ័ប្រាហាំ​នៅ​ពេល​ដែល​គាត់​ជិត​ថ្វាយ​អ៊ី​សាក​ជា​ដង្វាយ។ (លោកុប្បត្តិ ជំពូក​ទី​២២; ហេព្រើរ ១១:​១៧​-​១៩) តាម​រយៈ​កំណត់​ហេតុ​ទាំង​នេះ ពាក្យ​ថា«ជំនឿ» មាន​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ​ជាង​និង​ស្រួល​យល់​ជាង។ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ប្រាជ្ញា​ក្រៃ​លែង ពីព្រោះ​ទ្រង់​មិន​គ្រាន់​តែ​ដាស់​តឿន​យើង​ឲ្យ​បណ្ដុះ​លក្ខណៈ​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​គំរូ​របស់​បុគ្គល​ដែល​បង្ហាញ​លក្ខណៈ​ទាំង​នោះ​ផង​ដែរ!

      ១៤, ១៥​. តើ​ព្រះ​គម្ពីរ​ប្រាប់​យើង​អ្វី​ខ្លះ​អំពី​ស្ត្រី​ម្នាក់​ដែល​មក​ព្រះ​វិហារ? តើ​យើង​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដោយ​មើល​កំណត់​ហេតុ​នេះ?

      ១៤ ជា​ញឹក​ញាប់ កំណត់​ហេតុ​ពិត​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​បង្រៀន​យើង​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។ សូម​ពិចារណា​នូវ​កំណត់​ហេតុ​អំពី​ស្ត្រី​ម្នាក់​ដែល​ព្រះ​យេស៊ូ​បាន​សង្កេត​ឃើញ​នៅ​ឯ​ព្រះ​វិហារ។ ព្រះ​យេស៊ូ​គង់​នៅ​ជិត​ហិប និង​ទត​មើល​ពេល​មនុស្ស​ដាក់​វិភាគ​ទាន​របស់​ខ្លួន។ អ្នក​មាន​ជា​ច្រើន​នាក់​បាន​មក​ដាក់«របស់​ជា​សំណល់​ខ្លួន»។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ទត​សម្លឹង​មើល​ស្ត្រី​មេ​ម៉ាយ​ខ្សត់​ខ្សោយ​ម្នាក់។ អំណោយ​ទាន​របស់​គាត់​គឺ«២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន»។b នោះ​គឺ​ជា​លុយ​ទាំង​អស់​ដែល​គាត់​មាន។ ព្រះ​យេស៊ូ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​បេះបិទ ហើយ​ទ្រង់​កត់​សម្គាល់​ថា៖«ស្រី​មេ​ម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង»។ យោង​ទៅ​តាម​បន្ទូល​នោះ ស្ត្រី​មេ​ម៉ាយ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ឯ​ទៀត​រួម​គ្នា។—ម៉ាកុស ១២:៤១​-​៤៤; លូកា ២១:១​-​៤; យ៉ូហាន ៨:២៨

      ១៥ គួរ​ឲ្យ​កត់​សម្គាល់​មែន​ដែល​ក្នុង​ចំណោម​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​មក​ព្រះ​វិហារ​នៅ​ថ្ងៃ​នោះ គឺ​មាន​តែ​ស្ត្រី​មេ​ម៉ាយ​នេះ​ដែល​ត្រូវ​បាន​លើក​យក​មក​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ មែន​ទេ? តាម​រយៈ​គំរូ​នេះ ព្រះ​យេហូវ៉ា​បង្រៀន​យើង​ថា ទ្រង់​ជា​ព្រះ​មួយ​អង្គ​ដែល​ចេះ​ដឹង​គុណ។ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ទទួល​អំណោយ​ដែល​យើង​ថ្វាយ​អស់​អំពី​ចិត្ត មិន​ថា​អំណោយ​នោះ​ច្រើន​ឬ​តិច​បើ​ប្រៀប​នឹង​អ្វី​អ្នក​ដទៃ​អាច​ថ្វាយ។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​រក​ឃើញ​វិធី​ដ៏​ល្អ​បំផុត ដើម្បី​បង្រៀន​យើង​នូវ​សេចក្ដី​ពិត​នេះ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ!

      អ្វី​ដែល​ព្រះ​គម្ពីរ​មិន​ចែង​ប្រាប់

      ១៦, ១៧​. ស្តី​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​សម្រេច​ព្រះ​ទ័យ​មិន​ដាក់​ក្នុង​ព្រះ​គម្ពីរ តើ​ប្រាជ្ញា​របស់​ទ្រង់​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច?

      ១៦ ពេល​អ្នក​សរសេរ​សំបុត្រ​ជូន​មនុស្ស​ជា​ទី​ស្រឡាញ់​នោះ អ្នក​មិន​អាច​សរសេរ​រៀប​រាប់​ឲ្យ​អស់​បាន​ទេ។ ដូច្នេះ អ្នក​ត្រូវ​ជ្រើស​រើស​អ្វី​ដែល​អ្នក​សរសេរ។ ដូច​គ្នា​ដែរ មាន​ព្រឹត្ដិការណ៍​ខ្លះៗ​និង​បុគ្គល​ខ្លះៗ​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​ព្រះ​ទ័យ​យក​មក​រៀប​រាប់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ ប៉ុន្តែ ក្នុង​ការ​រៀប​រាប់​ទាំង​នេះ ព្រះ​គម្ពីរ​មិន​តែង​តែ​ប្រាប់​ពត៌មាន​ល្អិត​ល្អន់​ទាំង​អស់​ទេ។ (យ៉ូហាន ២១:២៥) ជា​ឧទាហរណ៍ ពេល​ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​នឹង​កាត់​ទោស​គេ​ទៅ​តាម​ការ​ជំនុំ​ជំ​រះ​របស់​ទ្រង់ ពត៌មាន​នេះ​ប្រហែល​ជា​មិន​ឆ្លើយ​នូវ​សំនួរ​ទាំង​ឡាយ​របស់​យើង​ទេ។ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ក៏​ស​ឲ្យ​ឃើញ​នៅ​ពេល​យើង​គិត​អំពី​អ្វី​ដែល​ទ្រង់​មិន​បាន​ជ្រើស​រើស​ដាក់​ក្នុង​បន្ទូល​របស់​ទ្រង់។ តើ​នេះ​បង្ហាញ​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

      ១៧ របៀប​ដែល​ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​ស​ឲ្យ​ឃើញ​អ្វី​ក្នុង​ចិត្ត​គំនិត​របស់​យើង។ ហេព្រើរ ៤:១២ ចែង​ថា៖«ព្រះ​បន្ទូល[ឬ​សារ]នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ . . . ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំ​រេច​ដែរ»។ សារ​ក្នុង​ព្រះ​គម្ពីរ​គឺ​ចាក់​ធ្លុះ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ចិត្ត និង​សម្ដែង​ឲ្យ​ឃើញ​នូវ​គំនិត​ហើយ​បំណង​ចិត្ត​ពិត​របស់​យើង។ អស់​អ្នក​ដែល​អាន​ព្រះ​គម្ពីរ​ដោយ​មាន​ចិត្ត​ចង់​រិះ​គន់ ច្រើន​តែ​ជំពប់​ដួល​ពេល​អាន​កំណត់​ហេតុ​ដែល​ពួក​គេ​គិត​ថា​គ្មាន​ពត៌មាន​គ្រប់​គ្រាន់​នោះ។ អ្នក​ទាំង​នេះ​ក៏​ប្រហែល​ជា​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​ព្រះ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា និង​យុត្ដិធម៌​ទេ។

      ១៨, ១៩​. (ក) បើ​កំណត់​ហេតុ​មួយ​ក្នុង​ព្រះ​គម្ពីរ​នាំ​ឲ្យ​មាន​សំនួរ​ដែល​យើង​មិន​អាច​រក​ឃើញ​ចម្លើយ​ភ្លាមៗ ហេតុ​អ្វី​មិន​គួរ​ធ្វើ​ឲ្យ​យើង​ខ្វល់​ចិត្ត​នោះ? (ខ) តើ​យើង​ត្រូវ​ការ​អ្វី​ដើម្បី​យល់​ព្រះ​បន្ទូល​របស់​ព្រះ? តើ​នេះ​ជា​ភស្តុ​តាង​បញ្ជាក់​ពី​ប្រាជ្ញា​ដ៏​សម្បើម​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

      ១៨ ផ្ទុយ​ទៅ​វិញ ពេល​យើង​សិក្សា​ព្រះ​គម្ពីរ​ដោយ​ចិត្ត​ស្មោះ យើង​យល់​អំពី​ព្រះ​យេហូវ៉ា​ដោយ​ផ្អែក​លើ​ការ​ពណ៌នា​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។ ដូច្នេះ បើ​កំណត់​ហេតុ​ណា​មួយ​នាំ​ឲ្យ​មាន​សំនួរ​ដែល​យើង​រក​ចម្លើយ​មិន​ឃើញ​ភ្លាមៗ នោះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ខ្វល់​ចិត្ត​ទេ។ ឧទាហរណ៍ ពេល​ដែល​យើង​កំពុង​ដេរ​រ៉ូប​មួយ ហើយ​យើង​បាន​រៀប​ចំ​ផ្ទាំង​និមួយ​ៗ​របស់​រ៉ូប​រួច​ហើយ ប្រហែល​ជា​មាន​ផ្ទាំង​មួយ​ដែល​យើង​រក​មិន​ឃើញ ឬ​ក៏​មាន​ផ្ទាំង​មួយ​ដែល​យើង​មិន​ដឹង​ថា​ត្រូវ​ដេរ​យ៉ាង​ដូច​ម្ដេច​ទេ។ ប៉ុន្តែ យើង​ប្រហែល​ជា​បាន​ដេរ​ផ្ទាំង​ផ្សេងៗ​រួច​ហើយ​ល្មម​ឲ្យ​យល់​ថា​រ៉ូប​នោះ​នឹង​មាន​រូប​រាង​យ៉ាង​ណា។ ស្រដៀង​គ្នា​ដែរ ពេល​យើង​សិក្សា​ព្រះ​គម្ពីរ យើង​រៀន​បន្ដិច​ម្ដងៗ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា ហើយ​ចាប់​ផ្ដើម​ស្គាល់​ទ្រង់។ ទោះ​បើ​ដើម​ដំបូង​យើង​មិន​អាច​យល់​ទំនាក់​ទំនង​រវាង​កំណត់​ហេតុ​មួយ​នឹង​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ក៏​ពិត​មែន តែ​ការ​សិក្សា​ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​យ៉ាង​ច្រើន​រួច​ទៅ​ហើយ​អំពី​ព្រះ​យេហូវ៉ា​ដែល​ល្មម​ឲ្យ​យើង​អាច​យល់​ថា ទ្រង់​ជា​ព្រះ​មួយ​អង្គ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ជា​និច្ច។

      ១៩ ដូច្នេះ ដើម្បី​យល់​ព្រះ​បន្ទូល​របស់​ព្រះ យើង​ត្រូវ​តែ​អាន​ហើយ​សិក្សា​ដោយ​ចិត្ត​ស្មោះ​ព្រម​ទាំង​មាន​គំនិត​មិន​លំ​អៀង។ នេះ​ជា​ភស្តុ​តាង​ដែល​ថា​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​សម្បើម​ណាស់ មែន​ទេ? មនុស្ស​ឆ្លៀវឆ្លាត​គេ​អាច​សរសេរ​សៀវភៅ​ដែល​មាន​តែ​«ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស​វៃ»​អាច​យល់​បាន។ ប៉ុន្តែ ការ​និពន្ធ​សៀវភៅ​មួយ​ដែល​មាន​តែ​បុគ្គល​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​អាច​យល់​បាន នោះ​តម្រូវ​ឲ្យ​មាន​ប្រាជ្ញា​របស់​ព្រះ!—ម៉ាថាយ ១១:២៥

      សៀវភៅ​មួយ​ពោរ​ពេញ​ដោយ‹ប្រាជ្ញា​ដែល​មាន​ប្រយោជន៍›

      ២០​. ហេតុ​អ្វី​បាន​ជា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ប្រាប់​យើង​នូវ​គន្លង​ជីវិត​ល្អ​បំផុត? តើ​ព្រះ​គម្ពីរ​មាន​អ្វី​ដែល​អាច​ជួយ​យើង?

      ២០ ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ទ្រង់​ប្រាប់​យើង​នូវ​គន្លង​ជីវិត​ដ៏​ល្អ​បំផុត។ ក្នុង​នាម​ជា​អ្នក​បង្កើត​យើង ទ្រង់​ជ្រាប​ច្បាស់​ជាង​យើង​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង។ ហើយ​សេចក្ដី​ត្រូវ​ការ​ចំ​បង​របស់​មនុស្ស​ជាតិ ដូច​ជា​ការ​ចង់​បាន​សេចក្ដី​ស្រឡាញ់ សុភមង្គល និង​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត​ជា​ដើម មិន​បាន​ផ្លាស់​ប្ដូរ​ទេ។ ព្រះ​គម្ពីរ​មាន​«សេចក្ដី​[ឬ​«ប្រាជ្ញា», ព.ថ.]​ដែល​មាន​ប្រយោជន៍» អាច​ជួយ​យើង​មាន​ជីវិត​ដែល​មាន​ន័យ។ (សុភាសិត ២:៧) ផ្នែក​និមួយ​ៗ​នៃ​ប្រកាសន​វត្ថុ​នេះ​ដែល​ជា​ជំនួយ​សំរាប់​សិក្សា មាន​មួយ​ជំពូក​បង្ហាញ​យើង​ពី​របៀប​អាច​អនុវត្ត​តាម​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ ប៉ុន្តែ សូម​យើង​មើល​នូវ​ឧទាហរណ៍​មួយ។

      ២១​-​២៣​. តើ​ឱវាទ​អ្វី​ប្រកប​ដោយ​ប្រាជ្ញា​ដែល​អាច​ជួយ​យើង​ចៀស​វាង​ពី​ការ​ចង​គំនុំ​គុំ​កួន?

      ២១ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ថា​មនុស្ស​ដែល​ចេះ​តែ​ចង​គំនុំ​គុំ​កួន​ច្រើន​តែ​ធ្វើ​ទុក្ខ​ខ្លួន​ឯង​ឬ​ទេ? ក្នុង​ជីវិត​យើង ការ​គុំ​កួន​គឺ​ដូច​ជា​ការ​ស្ពាយ​បន្ទុក​មួយ​ដ៏​ធ្ងន់​ក្រៃ​លែង។ ពេល​យើង​ចិញ្ចឹម​ទុក​គំនុំ​ក្នុង​ចិត្ត វា​នឹង​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មោហ៍​បាំង បាត់​បង់​នូវ​ចិត្ត​ស្ងប់​រំ​ងាប់ ហើយ​ក៏​បន្ថយ​អំណរ​របស់​យើង​ដែរ។ ការ​សិក្សា​របស់​អ្នក​វិទ្យា​សាស្ត្រ​នាំ​ឲ្យ​គេ​សន្និដ្ឋាន​ថា ការ​គុំ​កួន​អាច​បង្កើន​លទ្ធភាព​កើត​មាន​ជំងឺ​បេះដូង​ឬ​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ឯ​ទៀត។ យូរ​មុន​អ្នក​វិទ្យា​សាស្ត្រ​បាន​ស្រាវជ្រាវ​ឃើញ ព្រះ​គម្ពីរ​បាន​ចែង​ដោយ​ប្រាជ្ញា​ថា៖«ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះបង់​សេចក្ដី​ឃោរ​ឃៅ​ចោល​ចេញ»។ (ទំនុក​ដំកើង ៣៧:៨) ប៉ុន្តែ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

      ២២ ព្រះ​បន្ទូល​របស់​ព្រះ​ជូន​ឱវាទ​ប្រកប​ដោយ​ប្រាជ្ញា​ដូច​ត​ទៅ​នេះ​ថា៖«សតិ​បញ្ញា[«ការ​យល់​ធ្លុះ», ព.ថ.]របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ»។ (សុភាសិត ១៩:១១) ការ​ចេះ​យល់​ធ្លុះ​បាន​ន័យ​ថា មាន​សមត្ថភាព​យល់​ជ្រាល​ជ្រៅ។ ការ​យល់​ធ្លុះ​បណ្ដាល​ឲ្យ​មាន​គំនិត​ឆ្លុះ​យល់ ដ្បិត​ការ​យល់​ធ្លុះ​អាច​ជួយ​យើង​យល់​ពី​មូលហេតុ​ដែល​មនុស្ស​ម្នាក់​បាន​និយាយ​ឬ​ប្រព្រឹត្ត​អ្វី​មួយ។ ការ​ព្យាយាម​យល់​នូវ​បំណង អារម្មណ៍ និង​កាលៈទេសៈ​ពិត​របស់​អ្នក​នោះ ប្រហែល​ជា​នឹង​ជួយ​យើង​បំបាត់​ចោល​នូវ​គំនិត​និង​អារម្មណ៍​មិន​ល្អ​អំពី​គាត់។

      ២៣ ព្រះ​គម្ពីរ​ក៏​មាន​ឱវាទ​ថែម​ទៀត​ថា៖«ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក»។ (កូល៉ុស ៣:១៣) ពាក្យ​ថា«ទ្រាំទ្រ​គ្នា» បាន​ន័យ​ថា​ត្រូវ​អត់​ធ្មត់​នឹង​អ្នក​ឯ​ទៀត ដោយ​ទ្រាំ​នឹង​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ ការ​ចេះ​ទ្រាំ​បែប​នេះ​អាច​ជួយ​យើង​ចៀស​វាង​ពី​ការ​ចង​គំនុំ​ដោយ​សារ​រឿង​តូច​តាច។ «អត់​ទោស»មាន​ន័យ​ថា​បោះបង់​ចោល​គំនុំ។ ព្រះ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​យើង ជ្រាប​ថា​យើង​ត្រូវ​តែ​អត់​ទោស​អ្នក​ឯ​ទៀត​ពេល​មាន​មូលហេតុ​ត្រឹម​ត្រូវ។ នេះ​មិន​គ្រាន់​តែ​សំរាប់​ប្រយោជន៍​ពួក​គេ តែ​សំរាប់​ចិត្ត​ស្ងប់​របស់​យើង​ដែរ។ (លូកា ១៧:៣, ៤) ក្នុង​ព្រះ​គម្ពីរ ព្រះ​បន្ទូល​របស់​ព្រះ​ប្រកប​ដោយ​ប្រាជ្ញា​ក្រៃ​លែង!

      ២៤​. តើ​នឹង​ទទួល​បាន​លទ្ធផល​អ្វី​ពេល​កែ​ប្រែ​ជីវិត​របស់​យើង​សម​ស្រប​ទៅ​តាម​ប្រាជ្ញា​របស់​ព្រះ?

      ២៤ សេចក្ដី​ស្រឡាញ់​ដ៏​ធំ​មហិមា​ដែល​កំណត់​ពុំ​បាន​របស់​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ចង់​ប្រស្រ័យ​ទាក់​ទង​នឹង​យើង។ ទ្រង់​បាន​រើស​វិធី​ល្អ​បំផុត គឺ​សំបុត្រ​មួយ​ដែល​មនុស្ស​សរសេរ​ក្រោម​ការ​ដឹក​នាំ​ដោយ​វិញ្ញាណ​បរិសុទ្ធ។ ជា​លទ្ធផល នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា។ ប្រាជ្ញា​នោះ«សុទ្ធតែ​ពិត​ប្រាកដ[«គួរ​ឲ្យ​ទុក​ចិត្ត​បាន», ព.ថ.]»។ (ទំនុក​ដំកើង ៩៣:៥) ពេល​យើង​កែ​ប្រែ​ជីវិត​របស់​យើង​សម​ស្រប​ទៅ​តាម​ប្រាជ្ញា​នេះ ហើយ​ប្រាប់​អ្នក​ឯ​ទៀត នោះ​ជា​លទ្ធផល​យើង​នឹង​ចូល​ទៅ​ជិត​ព្រះ​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា។ ក្នុង​ជំពូក​បន្ទាប់​យើង​នឹង​ពិគ្រោះ​លក្ខណៈ​មួយ​ទៀត​នៃ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែល​អាច​មើល​ធ្លុះ​ពេល​អនាគត ពោល​គឺ​សមត្ថភាព​ទាយ​អំពី​អនាគត​និង​ការ​សម្រេច​គោល​បំណង​របស់​ទ្រង់។

      a ជា​ឧទាហរណ៍ ដាវីឌ​ដែល​ជា​អ្នក​គង្វាល​ធ្លាប់​ប្រើ​ឧទាហរណ៍​ពី​ជីវភាព​អ្នក​គង្វាល។ (ទំនុក​ទី​២៣) ម៉ាថាយ​ធ្លាប់​ជា​អ្នក​យក​ពន្ធ គាត់​បាន​ប្រាប់​ពី​ចំនួន​ផ្សេងៗ​និង​តម្លៃ​ប្រាក់។ (ម៉ាថាយ ១៧:២៧; ២៦:១៥; ២៧:៣) លូកា ជា​គ្រូ​ពេទ្យ គាត់​ប្រើ​សំ​ដី​ដែល​បញ្ជាក់​បទ​ពិសោធន៍​របស់​គាត់​ខាង​ពេទ្យ។—លូកា ៤:៣៨; ១៤:២; ១៦:២០

      b កាក់​នោះ​ហៅ​ថា​ឡិបថុន ដែល​ជា​កាក់​មាន​តម្លៃ​តិច​បំផុត​របស់​សាសន៍​យូដា​នៅ​សម័យ​នោះ។ ពីរ​ឡិបថុន គឺ​ស្មើ​នឹង​១/៦៤ នៃ​ប្រាក់​ឈ្នួល​សំរាប់​មួយ​ថ្ងៃ។ កាក់​ពីរ​នេះ​មាន​តម្លៃ​តិច​ដល់​ម្ល៉េះ​ដែល​វា​មិន​ល្មម​ទិញ​ចាប​មួយ​ក្បាល ដែល​ជា​ចាប​ថោក​បំផុត​សំរាប់​ជន​ក្រី​ក្រ​ទិញ​មក​បរិភោគ​នោះ។

      សំនួរ​សំរាប់​រំពឹង​គិត

      • សុភាសិត ២:១​-​៦ តើ​យើង​ត្រូវ​ព្យាយាម​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ប្រាជ្ញា​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ?

      • សុភាសិត ២:១០​-​២២ តើ​ការ​ប្រព្រឹត្ត​តាម​ឱវាទ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​ផ្ដល់​ផល​ប្រយោជន៍​អ្វី?

      • រ៉ូម ៧:១៥​-​២៥ តើ​បទ​គម្ពីរ​នេះ​ចែង​យ៉ាង​ណា​ដែល​បញ្ជាក់​ថា ការ​ប្រើ​មនុស្ស​សរសេរ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា?

      • កូរិនថូសទី១ ១០:៦​-​១២ តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ព្រមាន​ក្នុង​ព្រះ​គម្ពីរ​ចំពោះ​សាសន៍​អ៊ីស្រាអែល?

  • «ប្រាជ្ញានៃព្រះនៅក្នុងសេចក្ដីអាថ៌កំបាំងមួយដ៏ពិសិដ្ឋ»
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • អ័ប្រាហាំ​មើល​ផ្កាយ​លើ​មេឃ​ដែល​មាន​ច្រើន​ឥត​គណនា

      ជំពូក​ទី​១៩

      «ប្រាជ្ញា​នៃ​ព្រះ​នៅ​ក្នុង​សេចក្ដី​អាថ៌​កំបាំង​មួយ​ដ៏​ពិសិដ្ឋ»

      ១, ២​. តើ​យើង​គួរ​ចាប់​អារម្មណ៍​ទៅ​លើ«សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ»អ្វី? ហើយ​ហេតុ​អ្វី?

      រឿង​អាថ៌​កំបាំង! ដោយ​ព្រោះ​រឿង​អាថ៌​កំបាំង​ធ្វើ​ឲ្យ​មនុស្ស​ចង់​ដឹង​ចង់​ឃើញ ទាក់​ទាញ​អារម្មណ៍​យ៉ាង​ខ្លាំង និង​មាន​ចម្ងល់ នោះ​មនុស្ស​ពិបាក​លាក់​ណាស់។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​ចែង​ថា៖ «ការ​ដែល​លាក់​បំបាំង​ន័យ​សេចក្ដី នោះ​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ»។ (សុភាសិត ២៥:២) ពិត​ណាស់ ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពង់​ខ្ពស់​បំផុត​និង​ជា​អ្នក​បង្កើត គឺ​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ព្រះ​យេហូវ៉ា​ទុក​រឿង​ខ្លះ​ជា​អាថ៌​កំបាំង​មិន​ឲ្យ​មនុស្ស​ជាតិ​ដឹង​ទាល់​តែ​មក​ដល់​ពេល​កំណត់​របស់​ទ្រង់ ទើប​ទ្រង់​សម្ដែង​ឲ្យ​យល់។

      ២ ប៉ុន្តែ មាន​អាថ៌​កំបាំង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចង់​ដឹង​ចង់​ឮ​ណាស់​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​យល់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ អាថ៌​កំបាំង​នេះ​ហៅ​ថា៖«សេចក្ដី​អាថ៌​កំបាំង[«ដ៏​ពិសិដ្ឋ», ព.ថ.]នៃ​ព្រះ​ហឫទ័យ[ព្រះ]»។ (អេភេសូរ ១:៩) ការ​រៀន​អំពី​អាថ៌​កំបាំង​នេះ​មិន​គ្រាន់​តែ​បំពេញ​សេចក្ដី​ចង់​ដឹង​ចង់​ឮ​របស់​យើង​ប៉ុណ្ណោះ​ទេ។ ចំណេះ​អំពី​អាថ៌​កំបាំង​នេះ​អាច​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ ថែម​ទាំង​អាច​ហុច​ឱកាស​ឲ្យ​យល់​ខ្លះៗ​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែល​វាស់​ស្ទង់​ពុំ​បាន។

      ត្រូវ​បាន​សម្ដែង​ឲ្យ​យល់​ជា​បណ្ដើរៗ

      ៣, ៤​. តើ​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដូច​ម្ដេច? ក្នុង​ទំនាយ​នេះ តើ​អ្វី​ទៅ​ដែល​ជា​រឿង​សម្ងាត់​ឬ​ក៏‹អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ›?

      ៣ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ឲ្យ​មាន​ផែន​ដី​មនោ​រម្យ​ពេញ​ទៅ​ដោយ​មនុស្ស​គ្រប់​ល័ក្ខណ៍ តែ​នៅ​ពេល​អ័ដាម​និង​អេវ៉ា​ធ្វើ​បាប​នោះ មើល​ទៅ​ប្រហែល​ដូច​ជា​គោល​បំណង​របស់​ទ្រង់​ត្រូវ​បាន​គេ​រាំង​ស្កាត់​ហើយ។ ប៉ុន្តែ​ភ្លាមៗ​នោះ ព្រះ​បាន​រៀប​ចំ​ដំណោះ​ស្រាយ​សំរាប់​បញ្ហា​នេះ។ ទ្រង់​មាន​បន្ទូល​ថា៖‹យើង​នឹង​ធ្វើ​ឲ្យ​ឯង[ពស់]ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ›។—លោកុប្បត្តិ ៣:១៥

      ៤ ពាក្យ​បន្ទូល​នេះ​ជា​ពាក្យ​សម្ងាត់​ពិបាក​យល់​ណាស់។ តើ​ស្ត្រី​នេះ​ជា​អ្នក​ណា? តើ​ពស់​ជា​អ្នក​ណា? តើ«ពូជ»ដែល​នឹង​កិន​ក្បាល​ពស់​ជា​អ្នក​ណា? អ័ដាម​និង​អេវ៉ា​មិន​អាច​ដឹង​ទេ។ យ៉ាង​ណា​ក៏​ដោយ កូន​ចៅ​ណា​ដែល​ស្មោះ​ភក្ដី​របស់​គូ​ប្ដី​ប្រពន្ធ​មិន​ស្មោះ​ភក្ដី​នេះ បាន​មាន​សេចក្ដី​សង្ឃឹម​ដោយ​សារ​ពាក្យ​បន្ទូល​របស់​ព្រះ។ សេចក្ដី​សុចរិត​នឹង​ឈ្នះ​ជា​មិន​ខាន។ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​នឹង​បាន​សម្រេច។ ប៉ុន្តែ តើ​នឹង​សម្រេច​យ៉ាង​ដូច​ម្ដេច? គឺ​ចម្លើយ​ចំពោះ​សំនួរ​នេះ​ឯង​ដែល​ជា​រឿង​សម្ងាត់! ព្រះ​គម្ពីរ​ហៅ​រឿង​សម្ងាត់​នោះ​ថា៖«ប្រាជ្ញា​នៃ​ព្រះ​នៅ​ក្នុង​សេចក្ដី​អាថ៌​កំបាំង​មួយ​ដ៏​ពិសិដ្ឋ​វិញ គឺ​ជា​ប្រាជ្ញា​លាក់​កំបាំង»។—កូរិនថូសទី១ ២:៧, ព.ថ.

      ៥​. សូម​ប្រាប់​ឧទាហរណ៍​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​យល់​អាថ៌​កំបាំង​របស់​ទ្រង់​ជា​បណ្ដើរៗ។

      ៥ ក្រោយ​មក ក្នុង​នាម​ជា‹ព្រះ​ដែល​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង› ព្រះ​យេហូវ៉ា​បាន​បញ្ចេញ​ឲ្យ​យើង​ដឹង​សេចក្ដី​ល្អិត​ល្អន់​សំខាន់ៗ​ដែល​ទាក់​ទង​នឹង​បែប​បទ​នៃ​អាថ៌​កំបាំង​នេះ។ (ដានីយ៉ែល ២:២៨) ប៉ុន្តែ ទ្រង់​សម្ដែង​ឲ្យ​ដឹង​បន្ដិច​ម្ដងៗ​ជា​បណ្ដើរៗ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ឪពុក​ដែល​មាន​សេចក្ដី​ស្រឡាញ់​តប​ឆ្លើយ​នៅ​ពេល​កូន​ប្រុស​តូច​របស់​គាត់​សួរ​ថា៖«ពុក​អើយ! តើ​ខ្ញុំ​កើត​មក​ពី​ណា?»។ ឪពុក​ដែល​មាន​ប្រាជ្ញា​នឹង​ពន្យល់​តែ​ពត៌មាន​ដែល​កូន​តូច​របស់​គាត់​អាច​យល់​បាន។ កាល​កូន​ធំ​ទៅៗ ឪពុក​ប្រាប់​ថែម​ទៀត។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​សម្ដែង​ឲ្យ​យល់​ព្រះ​ហឫទ័យ​និង​គោល​បំណង​របស់​ទ្រង់​នៅ​ពេល​ដែល​ទ្រង់​ពិចារណា​ឃើញ​ថា រាស្ត្រ​របស់​ទ្រង់​មាន​សមត្ថភាព​គ្រប់​គ្រាន់​អាច​យល់​បាន។—សុភាសិត ៤:១៨; ដានីយ៉ែល ១២:៤

      ៦​. (ក) តើ​កិច្ច​ព្រម​ព្រៀង​ឬ​កិច្ច​សន្យា​ត្រូវ​ធ្វើ​ឡើង​ក្នុង​បំណង​អ្វី? (ខ) ហេតុ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ព្រះ​យេហូវ៉ា​ផ្ដើម​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​មនុស្ស?

      ៦ តើ​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​យល់​អាថ៌​កំបាំង​នេះ​យ៉ាង​ដូច​ម្ដេច? ទ្រង់​ប្រើ​កិច្ច​ព្រម​ព្រៀង​ឬ​កិច្ច​សន្យា​មួយ​ចំនួន​ដើម្បី​សម្ដែង​ឲ្យ​យល់​បាន​ច្រើន។ ពី​មុន​អ្នក​ប្រហែល​ជា​ធ្លាប់​ចុះ​កិច្ច​សន្យា​ដើម្បី​ទិញ​ផ្ទះ ខ្ចី​លុយ​គេ ឬ​ឲ្យ​អ្នក​ដទៃ​ខ្ចី​លុយ​ក៏​មិន​ដឹង។ កិច្ច​សន្យា​ទាំង​នេះ​ធានា​ថា​ភាគី​ទាំង​ពីរ​នឹង​គោរព​ល័ក្ខខ័ណ្ឌ​ក្នុង​កិច្ច​សន្យា។ ប៉ុន្តែ តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ចាំ​បាច់​ធ្វើ​កិច្ច​ព្រម​ព្រៀង​ឬ​កិច្ច​សន្យា​ជា​ផ្លូវ​ការ​ជា​មួយ​នឹង​មនុស្ស​ជាតិ? ពេល​ដែល​ទ្រង់​មាន​បន្ទូល នោះ​ច្បាស់​ជា​គ្រប់​គ្រាន់​ដើម្បី​ធានា​ឲ្យ​ទ្រង់​គោរព​តាម​ពាក្យ​សន្យា​ហើយ មែន​ទេ? គឺ​គ្រប់​គ្រាន់​ពិត​មែន។ យ៉ាង​ណា​ក៏​ដោយ ជា​ច្រើន​គ្រា​ព្រះ​នៅ​តែ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​ធ្វើ​កិច្ច​សន្យា​ដែល​មាន​សុពល​ភាព​តាម​ផ្លូវ​ច្បាប់ ដើម្បី​បញ្ជាក់​បន្ថែម​ថា​ទ្រង់​នឹង​គោរព​ពាក្យ​សន្យា។ កិច្ច​សន្យា​ទាំង​នេះ​ដែល​មិន​អាច​ទៅ​ជា​មោឃៈ​នោះ ធ្វើ​ឲ្យ​យើង​ដែល​ជា​មនុស្ស​ជាតិ​ឥត​គ្រប់​ល័ក្ខណ៍​មាន​ទី​សំ​អាង​រឹង​មាំ​ថែម​ទៀត​សំរាប់​ការ​ជឿ​ជាក់​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។—ហេព្រើរ ៦:១៦​-​១៨

      កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ័ប្រាហាំ

      ៧, ៨​. (ក) តើ​អ្វី​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​អ័ប្រាហាំ? តើ​កិច្ច​ព្រម​ព្រៀង​នេះ​បញ្ចាំង​ពន្លឺ​ទៅ​លើ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​បណ្ដើរៗ​នូវ​វង្ស​ត្រកូល​របស់​ពូជ​សន្យា​ដោយ​ដូច​ម្ដេច?

      ៧ ជាង​២.០០០​ឆ្នាំ​ក្រោយ​មនុស្ស​ជាតិ​ត្រូវ​បណ្ដេញ​ចេញ​ពី​សួន​មនោ​រម្យ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​អ័ប្រាហាំ អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ទ្រង់​ថា៖‹យើង​នឹង​ឲ្យ​ពរ​ដល់​អ្នក ហើយ​នឹង​ចំរើន​ពូជ​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ . . . គ្រប់​ទាំង​សាសន៍​នៅ​ផែន​ដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​អ្នក ពីព្រោះ​អ្នក​បាន​ស្ដាប់​តាម​ពាក្យ​យើង›។ (លោកុប្បត្តិ ២២:១៧, ១៨) នេះ​មិន​មែន​ជា​សេចក្ដី​សន្យា​ធម្មតា​ទេ។ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​នេះ​មាន​លំនាំ​ជា​កិច្ច​ព្រម​ព្រៀង​តាម​ផ្លូវ​ច្បាប់ និង​បាន​ធានា​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​សម្បថ​របស់​ទ្រង់​ដែល​ពុំ​អាច​បំពាន​បាន​ឡើយ។ (លោកុប្បត្តិ ១៧:១, ២; ហេព្រើរ ៦:១៣​-​១៥) ពិត​ជា​អស្ចារ្យ​ណាស់! ព្រះ​អម្ចាស់​មហា​ក្សត្រ​ចង់​ចុះ​កិច្ច​សន្យា​ប្រទាន​ពរ​មក​លើ​មនុស្ស​ជាតិ!

      ‹យើង​នឹង​ឲ្យ​ពរ​ដល់​អ្នក ហើយ​នឹង​ចំរើន​ពូជ​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ›

      ៨ កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ​បាន​សម្ដែង​ឲ្យ​ដឹង​ថា ពូជ​សន្យា​នឹង​ប្រសូត​មក​ជា​មនុស្ស​ជាតិ ដ្បិត​ពូជ​នោះ​ត្រូវ​ជា​កូន​ចៅ​អ័ប្រាហាំ។ ប៉ុន្តែ តើ​ពូជ​សន្យា​នោះ​នឹង​ជា​អ្នក​ណា? ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​កូន​ប្រុសៗ​របស់​អ័ប្រាហាំ អ៊ី​សាក​នឹង​ទៅ​ជា​បុព្វ​បុរស​របស់​ពូជ​សន្យា។ ហើយ​ក្នុង​ចំណោម​កូន​ប្រុស​ពីរ​នាក់​របស់​អ៊ី​សាក គឺ​យ៉ាកុប​ត្រូវ​ព្រះ​ជ្រើស​រើស។ (លោកុប្បត្តិ ២១:១២; ២៨:១៣, ១៤) ក្រោយ​មក ពី​ចំណោម​កូន​ប្រុស​១២​នាក់​របស់​យ៉ាកុប យ៉ាកុប​បាន​ទាយ​អំពី​កូន​ម្នាក់​ថា៖«ដំបង​រាជ្យ​នឹង​មិន​ឃ្លាត​ចេញ​ពី​យូដា​ឡើយ ហើយ​ដំបង​របស់​អ្នក​ចេញ​បញ្ជា​នឹង​មិន​ចេញ​ពី​កណ្ដាល​ព្រះ​ជង្ឃ​ទ្រង់​ដែរ ដរាប​ដល់​ស៊ី​ឡូ[«ជា​របស់​ផង​ទ្រង់»]មក​ដល់ ហើយ​បណ្ដា​ជន​ទាំង​ឡាយ​នឹង​ស្ដាប់​បង្គាប់​ទ្រង់»។ (លោកុប្បត្តិ ៤៩:១០, ព.ថ.) ទំនាយ​នេះ​សម្ដែង​ឲ្យ​ដឹង​ថា​ពូជ​សន្យា​នឹង​ធ្វើ​ជា​ស្តេច​ពី​វង្ស​ត្រកូល​យូដា!

      កិច្ច​ព្រម​ព្រៀង​ជា​មួយ​សាសន៍​អ៊ីស្រាអែល

      ៩, ១០​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​អ្វី​នឹង​សាសន៍​អ៊ីស្រាអែល? តើ​ក្រិត្យ​វិន័យ​នោះ​បាន​ការពារ​ពួក​គេ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ក្រិត្យ​វិន័យ​បាន​បង្ហាញ​ថា​មនុស្ស​ត្រូវ​ការ​តម្លៃ​លោះ​យ៉ាង​ដូច​ម្ដេច?

      ៩ នៅ​ឆ្នាំ​១៥១៣​មុន​ស.យ. ព្រះ​យេហូវ៉ា​រៀប​ចំ​អ្វី​មួយ​ដែល​បើក​ផ្លូវ​ឲ្យ​មាន​ការ​សម្ដែង​ឲ្យ​យល់​ថែម​ទៀត​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ។ ទ្រង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​នឹង​សាសន៍​អ៊ីស្រាអែល​ដែល​ត្រូវ​ជា​កូន​ចៅ​របស់​អ័ប្រាហាំ។ ទោះ​ជា​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​ទៅ​ជា​មោឃៈ​នៅ​ឥឡូវ​នេះ​ក៏​ដោយ តែ​នោះ​ជា​ផ្នែក​ដ៏​ចាំ​បាច់​នៃ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រសូត​ពូជ​សន្យា។ តើ​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​មូលហេតុ​បី​យ៉ាង។ ទី​មួយ ក្រិត្យ​វិន័យ​នោះ​ដូច​ជា​ជញ្ជាំង​ការពារ​នៅ​ព័ទ្ធ​ជុំ​វិញ​សាសន៍​អ៊ីស្រាអែល។ (អេភេសូរ ២:១៤) ច្បាប់​ដ៏​សុចរិត​ទាំង​ប៉ុន្មាន​ដែល​មាន​ក្នុង​នោះ គឺ​ដូច​ជា​របាំង​មួយ​នៅ​កណ្ដាល​សាសន៍​យូដា​និង​សាសន៍​ដទៃ។ ហេតុ​នេះ ក្រិត្យ​វិន័យ​បាន​ជួយ​រក្សា​ត្រកូល​របស់​ពូជ​សន្យា។ ដូច្នេះ នៅ​ពេល​កំណត់​របស់​ព្រះ​មក​ដល់​ឲ្យ​ព្រះ​មេស្ស៊ី​កើត​ក្នុង​កុលសម្ព័ន្ធ​យូដា នោះ​នៅ​តែ​មាន​សាសន៍​អ៊ីស្រាអែល​ដដែល​ដោយ​សារ​ការ​ការពារ​នេះ។

      ១០ ទី​ពីរ ក្រិត្យ​វិន័យ​នោះ​បង្ហាញ​ជាក់​ច្បាស់​ថា​មនុស្ស​ត្រូវ​ការ​តម្លៃ​លោះ។ ដោយ​សារ​ក្រិត្យ​វិន័យ​នោះ​គឺ​គ្រប់​ល័ក្ខណ៍ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​មាន​បាប​ខ្វះ​សមត្ថភាព​កាន់​តាម​យ៉ាង​ពេញ​លេញ។ ដូច្នេះ​ក្រិត្យ​វិន័យ​នេះ​បាន«បង្ហាញ​អំពើ​ទុច្ចរិត​របស់​មនុស្ស . . . រហូត​ទាល់​តែ​ពូជ​ពង្ស ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ​បន្ទូល​សន្យា យាង​មក​ដល់»។ (កាឡាទី ៣:១៩, ខ​.​ស​.) តាម​រយៈ​ការ​ថ្វាយ​សត្វ​ជា​ដង្វាយ ក្រិត្យ​វិន័យ​បាន​ផ្ដល់​វិធី​ជា​បណ្ដោះ​អាសន្ន​សំរាប់​ការ​ដោះ​បាប។ ប៉ុន្តែ ដោយ​ព្រោះ«ឈាម​គោ​ឈ្មោល នឹង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ»ដូច​ប៉ុល​បាន​សរសេរ​នោះ ដង្វាយ​ទាំង​នេះ​តំណាង​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ។ (ហេព្រើរ ១០:១​-​៤) ដូច្នេះ សំរាប់​ជន​ជាតិ​យូដា​ស្មោះ​ភក្ដី កិច្ច​ព្រម​ព្រៀង​នេះ​បំរើ​ជា«អ្នក​ដឹក​នាំ . . . ទៅ​ដល់​ព្រះ​គ្រីស្ទ»។—កាឡាទី ៣:២៤

      ១១​. តើ​អ្វី​ជា​ឯក​សិទ្ធិ​ដ៏​រុងរឿង​ដែល​សាសន៍​អ៊ីស្រាអែល​មាន​លទ្ធភាព​ទទួល​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ? តែ​តើ​សាសន៍​ទាំង​មូល​បែរ​ជា​បាត់​បង់​លទ្ធភាព​ទទួល​ឯក​សិទ្ធិ​នោះ​យ៉ាង​ដូច​ម្ដេច?

      ១១ ទី​បី កិច្ច​ព្រម​ព្រៀង​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទទួល​ឯក​សិទ្ធិ​មួយ​ដ៏​រុងរឿង។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា បើ​សាសន៍​អ៊ីស្រាអែល​នៅ​ស្មោះ​ត្រង់​ចំពោះ​កិច្ច​ព្រម​ព្រៀង ពួក​គេ​នឹង​ធ្វើ​ជា«នគរ . . . ដែល​សុទ្ធតែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ»។ (និក្ខមនំ ១៩:៥, ៦) គឺ​ជា​ការ​ពិត​មែន​ដែល​នៅ​ទី​បំផុត សមាជិក​ដំបូង​នៃ​ព្រះ​រាជាណាចក្រ​ស្ថាន​សួគ៌​ដែល​សុទ្ធតែ​ជា​សង្ឃ គឺ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ខាង​សាច់​ឈាម។ ក៏​ប៉ុន្តែ សាសន៍​អ៊ីស្រាអែល​ទូទៅ​បាន​បះបោរ​ប្រឆាំង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ បាន​បដិសេធ​ព្រះ​មេស្ស៊ី​ដែល​ជា​ពូជ​សន្យា ហើយ​បាន​បាត់​បង់​នូវ​លទ្ធភាព​ទទួល​ឯក​សិទ្ធិ​ដ៏​រុងរឿង​នោះ។ ដូច្នេះ តើ​សាសន៍​ណា​នឹង​បំពេញ​ចំនួន​សមាជិក​នៃ​ព្រះ​រាជាណាចក្រ​ដែល​សុទ្ធតែ​ជា​សង្ឃ? ហើយ​តើ​សាសន៍​ដែល​មាន​ពរ​នេះ​នឹង​មាន​ទំនាក់​ទំនង​អ្វី​នឹង​ពូជ​សន្យា? សេចក្ដី​ល្អិត​ល្អន់​ទាំង​នេះ​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ត្រូវ​សម្ដែង​ឲ្យ​យល់​ក្រោយ​មក​នៅ​ពេល​កំណត់​របស់​ព្រះ។

      កិច្ច​ព្រម​ព្រៀង​ព្រះ​រាជាណាចក្រ​ជា​មួយ​ដាវីឌ

      ១២​. តើ​អ្វី​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​ដាវីឌ? តើ​នេះ​បញ្ចាំង​ពន្លឺ​បំភ្លឺ​ឲ្យ​យល់​នូវ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

      ១២ នៅ​សត​វត្ស​ទី​១១​មុន​ស.យ. ព្រះ​យេហូវ៉ា​បាន​បញ្ចាំង​ពន្លឺ​ថែម​ទៀត​ដើម្បី​ជួយ​ឲ្យ​យល់​នូវ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ នៅ​ពេល​ទ្រង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ទៀត។ ទ្រង់​បាន​សន្យា​ដល់​ស្តេច​ដាវីឌ​ដ៏​ស្មោះ​ត្រង់​ថា៖‹យើង​នឹង​តាំង​ពូជ​ពង្ស​អ្នក . . . ហើយ​យើង​នឹង​តាំង​រាជ្យ​គាត់​ឲ្យ​ខ្ជាប់​ខ្ជួន​ឡើង . . . យើង​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​គាត់​ឲ្យ​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប​ទៅ›។ (សាំយូអែលទី២ ៧:១២, ១៣; ទំនុក​ដំកើង ៨៩:៣) ឥឡូវ​ពូជ​សន្យា​ត្រូវ​បញ្ជាក់​ថា​មក​ពី​វង្ស​ត្រកូល​ដាវីឌ។ ប៉ុន្តែ តើ​មនុស្ស​ជាតិ​ធម្មតា​ម្នាក់​អាច​គ្រប់​គ្រង«ជា​ដរាប»បាន​ទេ? (ទំនុក​ដំកើង ៨៩:២០, ២៩, ៣៤​-​៣៦) ហើយ​តើ​ស្តេច​មួយ​អង្គ​ដែល​ជា​មនុស្ស​ជាតិ​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​ពី​បាប​និង​សេចក្ដី​ស្លាប់​បាន​ឬ​ទេ?

      ១៣, ១៤​. (ក) យោង​ទៅ​តាម​ទំនុក​ដំកើង​១១០ តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​ចំពោះ​ស្តេច​ចាក់​ប្រេង​តាំង​របស់​ទ្រង់? (ខ) តើ​មាន​ការ​សម្ដែង​ឲ្យ​យល់​អ្វី​ទៀត​ស្តី​អំពី​ការ​យាង​មក​នៃ​ពូជ​សន្យា​តាម​រយៈ​ពួក​ព្យាការី​របស់​ព្រះ​យេហូវ៉ា?

      ១៣ ក្រោម​អានុភាព​ពី​វិញ្ញាណ​បរិសុទ្ធ ដាវីឌ​បាន​សរសេរ​ថា៖‹ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល ដល់​ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ​ថា៖ ចូរ​ឲ្យ​អ្នក​អង្គុយ​នៅ​ខាង​ស្ដាំ​យើង ទាល់​តែ​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក។ ព្រះ​យេហូវ៉ា​ទ្រង់​បាន​ស្បថ​ហើយ ថា​អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជា​និច្ច តាម​របៀប​លោក​ម៉ិលគីស្សាដែក! ទ្រង់​នឹង​មិន​ប្រែ​ព្រះ​ហឫទ័យ​ឡើយ›។ (ទំនុក​ដំកើង ១១០:១, ៤) ពាក្យ​បន្ទូល​របស់​ដាវីឌ​សំដៅ​យ៉ាង​ចំៗ​ទៅ​លើ​ពូជ​សន្យា ឬ​ថា​ព្រះ​មេស្ស៊ី។ (កិច្ច​ការ ២:៣៥, ៣៦) ស្តេច​នេះ​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​នៅ«ខាង​ស្ដាំ»ព្រះ​យេហូវ៉ា មិន​មែន​នៅ​យេរូសាឡិម​ទេ។ នេះ​បាន​ន័យ​ថា ទ្រង់​មាន​អំណាច​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល មិន​គ្រាន់​តែ​លើ​ទឹក​ដី​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ។ (ទំនុក​ដំកើង ២:៦​-​៨) មាន​អ្វី​មួយ​ទៀត​ដែល​ត្រូវ​សម្ដែង​ឲ្យ​យល់​ក្នុង​ខ​នេះ។ សូម​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ស្បថ​ថា ព្រះ​មេស្ស៊ី​នឹង‹ជា​សង្ឃ . . . តាម​របៀប​លោក​ម៉ិលគីស្សាដែក!›។ ដូច​លោក​ម៉ិលគីស្សាដែក ដែល​បំរើ​ជា​ស្តេច​និង​ជា​សង្ឃ​នៅ​សម័យ​អ័ប្រាហាំ ពូជ​សន្យា​នឹង​ត្រូវ​តែង​តាំង​ដោយ​ព្រះ​តែ​ម្ដង ឲ្យ​បំរើ​ជា​ស្តេច​និង​ជា​សង្ឃ!—លោកុប្បត្តិ ១៤:១៧​-​២០

      ១៤ ក្នុង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​ប្រើ​ពួក​ព្យាការី​របស់​ទ្រង់​ដើម្បី​សម្ដែង​ឲ្យ​យល់​អ្វី​ថែម​ទៀត​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ទ្រង់។ ជា​ឧទាហរណ៍ អេសាយ​បាន​សម្ដែង​ឲ្យ​យល់​ថា​ពូជ​សន្យា​នឹង​ត្រូវ​ស្លាប់​ទុក​ជា​ដង្វាយ។ (អេសាយ ៥៣:៣​-​១២) មីកា​បាន​ទាយ​អំពី​ទី​កន្លែង​ដែល​ព្រះ​មេស្ស៊ី​នឹង​ប្រសូត​មក។ (មីកា ៥:១) ដានីយ៉ែល​បាន​ទាយ​យ៉ាង​ច្បាស់​លាស់​អំពី​ពេល​កំណត់​ដែល​ពូជ​សន្យា​នឹង​លេច​មក​ថែម​ទាំង​ពេល​ដែល​ស្លាប់។—ដានីយ៉ែល ៩:២៤​-​២៧

      អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ត្រូវ​បើក​សម្ដែង​ហើយ!

      ១៥, ១៦​. (ក) តើ​រាជបុត្រា​របស់​ព្រះ​យេហូវ៉ា​បាន«ចាប់​កំណើត​នឹង​ស្ត្រី»យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេស៊ូ​បាន​ទទួល​អ្វី​ពី​មាតា​បិតា​របស់​ទ្រង់​ដែល​ជា​មនុស្ស​ជាតិ? តើ​ទ្រង់​បាន​យាង​មក​ជា​ពូជ​សន្យា​នៅ​ពេល​ណា?

      ១៥ របៀប​ទំនាយ​ទាំង​នេះ​នឹង​សម្រេច​ជា​អាថ៌​កំបាំង​មួយ ទាល់​តែ​ពូជ​សន្យា​បាន​លេច​មុខ។ កាឡាទី ៤:៤ ចែង​ថា៖«លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី»។ នៅ​ឆ្នាំ​២​មុន​ស.យ. ទេវតា​មួយ​រូប​បាន​ប្រាប់​ស្រី​ក្រមុំ​បរិសុទ្ធ​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា​រា​ថា៖«មើល! នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា‹យេស៊ូ​វ›។ បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ។ . . . ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ​ចេស្ដា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល។ ហេតុ​ដូច្នេះ បុត្រ​បរិសុទ្ធ​ដែល​នឹង​ប្រសូត​មក​នោះ ត្រូវ​ហៅ​ថា​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ»។—លូកា ១:៣១, ៣២, ៣៥

      ១៦ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ផ្ទេរ​ព្រះ​ជន្ម​របស់​រាជបុត្រា​ទ្រង់​ដាក់​ក្នុង​ស្បូន​ម៉ា​រា ដើម្បី​ឲ្យ​រាជបុត្រា​ទ្រង់​ប្រសូត​ចេញ​ពី​ស្ត្រី។ ម៉ា​រា​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍។ ប៉ុន្តែ ព្រះ​យេស៊ូ​មិន​បាន​ឆ្លង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ពី​ម៉ា​រា​ទេ ដ្បិត​ទ្រង់​ជា«ព្រះ​រាជបុត្រា​នៃ​ព្រះ»។ ម្យ៉ាង​ទៀត ដោយ​សារ​មាតា​បិតា​របស់​ព្រះ​យេស៊ូ​ជា​មនុស្ស​ជាតិ​ស្ថិត​ក្នុង​វង្ស​ត្រកូល​ដាវីឌ នោះ​ព្រះ​យេស៊ូ​មាន​សិទ្ធិ​ស្នង​រាជ្យ​ពី​ដាវីឌ​ដោយ​សារ​ជាប់​សាច់​ឈាម​ដាវីឌ និង​ក៏​មាន​សិទ្ធិ​តាម​ច្បាប់​ដែរ។ (កិច្ច​ការ ១៣:២២, ២៣) នៅ​ពេល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩​ស.យ. ព្រះ​យេហូវ៉ា​ចាក់​ប្រេង​តាំង​ទ្រង់​ដោយ​វិញ្ញាណ​បរិសុទ្ធ​និង​មាន​បន្ទូល​ថា៖‹នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់›។ (ម៉ាថាយ ៣:១៦, ១៧) នៅ​ទី​បំផុត ពូជ​សន្យា​បាន​លេច​ខ្លួន​ហើយ! (កាឡាទី ៣:១៦) នោះ​ជា​ពេល​ដែល​ត្រូវ​សម្ដែង​ឲ្យ​យល់​ថែម​ទៀត​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ។—ធីម៉ូថេ​ទី​២ ១:១០

      ១៧​. តើ​មាន​ការ​បំភ្លឺ​អ្វី​ស្តី​អំពី​អត្ថ​ន័យ​នៃ​លោកុប្បត្តិ ៣:១៥?

      ១៧ ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​បញ្ជាក់​អត្តសញ្ញាណ​នៃ​ពស់​នៅ​លោកុប្បត្តិ ៣:១៥ ថា​នោះ​ជា​សាតាំង​និង​ពូជ​របស់​វា​គឺ​ជា​អ្នក​កាន់​តាម​សាតាំង។ (ម៉ាថាយ ២៣:៣៣; យ៉ូហាន ៨:៤៤) ក្រោយ​មក មាន​ការ​បើក​សម្ដែង​ឲ្យ​ដឹង​ថា​ពស់​និង​ពូជ​វា​នឹង​ត្រូវ​បំផ្លាញ​ចោល​ទាំង​អស់​ឲ្យ​សាប​សូន្យ។ (វិវរណៈ ២០:១​-​៣, ១០, ១៥) ហើយ​អត្តសញ្ញាណ​ស្ត្រី​ត្រូវ​បាន​បញ្ជាក់​ជា«ក្រុង​យេរូសាឡិម​ដែល​នៅ​ស្ថាន​លើ» ឬ​អង្គការ​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​សមាស​ភាព​ជា​បុគ្គល​វិញ្ញាណ​ដែល​ចុះ​ចូល​ចំពោះ​ទ្រង់​ប្រៀប​ដូច​ជា​ភរិយា។a—កាឡាទី ៤:២៦; វិវរណៈ ១២:១​-​៦

      កិច្ច​ព្រម​ព្រៀង​ថ្មី

      ១៨​. តើ‹កិច្ច​ព្រម​ព្រៀង​ថ្មី›នេះ​ធ្វើ​ឡើង​ក្នុង​បំណង​អ្វី?

      ១៨ ប្រហែល​ជា​មាន​ការ​សម្ដែង​ឲ្យ​យល់​ដ៏​អស្ចារ្យ​បំផុត​កើត​ឡើង​នៅ​យប់​មុន​ព្រះ​យេស៊ូ​សោយ​ទិវង្គត និង​មាន​បន្ទូល​ប្រាប់​សិស្ស​ស្មោះ​ភក្ដី​របស់​ទ្រង់​អំពី​«សញ្ញា​ថ្មី»។ (លូកា ២២:២០) សញ្ញា​ថ្មី​ឬ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​ក៏​នឹង​នាំ​មក​នូវ«នគរ . . . ដែល​សុទ្ធតែ​ជា​សង្ឃ» ដូច​ជា​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ពី​មុន។ (និក្ខមនំ ១៩:៦; ពេត្រុសទី១ ២:៩) ក៏​ប៉ុន្តែ កិច្ច​ព្រម​ព្រៀង​នេះ​មិន​បាន​រៀប​ចំ​សំរាប់​សាសន៍​មួយ​ខាង​សាច់​ឈាម​ឡើយ តែ​ជា​សាសន៍​មួយ​ខាង​វិញ្ញាណ​គឺ«អ៊ីស្រាអែល​នៃ​ព្រះ» ដែល​មាន​សមាស​ភាព​សុទ្ធតែ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដ៏​ស្មោះ​ភក្ដី​របស់​ព្រះ​គ្រីស្ទ។ (កាឡាទី ៦:១៦) ភាគី​ដែល​មាន​ចំណែក​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​នឹង​ចូល​រួម​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​ការ​ប្រទាន​ពរ​មក​លើ​មនុស្ស​ជាតិ!

      ១៩​. (ក) ហេតុ​អ្វី​បាន​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី​អាច​បង្កើត«នគរ . . . ដែល​សុទ្ធតែ​ជា​សង្ឃ»បាន? (ខ) ហេតុ​អ្វី​បាន​ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ត្រូវ​ហៅ​ថា«ការ​បង្កើត​ថ្មី»? តើ​មាន​ប៉ុន្មាន​នាក់​នឹង​បំរើ​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ស្ថាន​សួគ៌?

      ១៩ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី​អាច​បង្កើត«នគរ . . . ដែល​សុទ្ធតែ​ជា​សង្ឃ»​ដើម្បី​ប្រទាន​ពរ​លើ​មនុស្ស​ជាតិ​បាន? គឺ​ដោយ​ព្រោះ​កិច្ច​ព្រម​ព្រៀង​ថ្មី​ផ្ដល់​លទ្ធភាព​ឲ្យ​បាន​ការ​អត់​ឱន​ទោស​សំរាប់​បាប​របស់​សិស្ស​ព្រះ​គ្រីស្ទ​តាម​រយៈ​យញ្ញ​បូជា​របស់​ទ្រង់ ជា​ជាង​ផ្ដន្ទា​ទោស​ពួក​គេ​ជា​អ្នក​មាន​បាប។ (យេរេមា ៣១:៣១​-​៣៤) នៅ​ពេល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​សុចរិត​រួច​ទៅ​ហើយ និង​ទ្រង់​ទទួល​ពួក​គេ​ចូល​ក្នុង​ក្រុម​គ្រួសារ​ស្ថាន​សួគ៌​របស់​ទ្រង់​ថែម​ទាំង​ចាក់​ប្រេង​តាំង​ពួក​គេ​ដោយ​វិញ្ញាណ​បរិសុទ្ធ។ (រ៉ូម ៨:១៥​-​១៧; កូរិនថូសទី២ ១:២១) យ៉ាង​នេះ ពួក​គេ​ត្រូវ‹បង្កើត​ឡើង​ជា​ថ្មី​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់​បំរុង​ទុក​នៅ​ស្ថាន​សួគ៌›។ (ពេត្រុសទី១ ១:៣, ៤) ដោយ​ព្រោះ​ការ​ទទួល​តំណែង​ដ៏​ខ្ពង់​ខ្ពស់​បែប​នេះ​ជា​អ្វី​ដែល​ថ្មី​ពុំ​ធ្លាប់​មាន​សំរាប់​មនុស្ស​ជាតិ នោះ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​ត្រូវ​ហៅ​ថា«កើត​ជា​ថ្មី[ឬ«ការ​បង្កើត​ថ្មី», ព.ថ.]»។ (កូរិនថូសទី២ ៥:១៧) ព្រះ​គម្ពីរ​សម្ដែង​ឲ្យ​យល់​ដឹង​ថា នៅ​ទី​បំផុត​១៤៤.០០០​នាក់​នឹង​ចូល​រួម​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក​លើ​មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​ប្រោស​លោះ។—វិវរណៈ ៥:៩, ១០; ១៤:១​-​៤

      ២០​. (ក) នៅ​ឆ្នាំ​៣៦​ស.យ. តើ​មាន​ការ​សម្ដែង​ឲ្យ​យល់​យ៉ាង​ណា​ស្តី​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ? (ខ) តើ​អ្នក​ណា​នឹង​ទទួល​ពរ​ដែល​ត្រូវ​សន្យា​ចំពោះ​អ័ប្រាហាំ?

      ២០ អ្នក​ចាក់​ប្រេង​តាំង​ទាំង​នេះ​ទៅ​ជា«ពូជ​របស់​លោក​អ័ប្រាហាំ»ជា​មួយ​ព្រះ​យេស៊ូ​ដែរ។b (កាឡាទី ៣:២៩) អ្នក​ដំបូង​ដែល​ត្រូវ​បាន​ជ្រើស​រើស​គឺ​ជា​សាសន៍​យូដា​ខាង​សាច់​ឈាម។ ប៉ុន្តែ នៅ​ឆ្នាំ​៣៦​ស.យ. លក្ខណៈ​មួយ​ទៀត​នៃ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​បាន​ត្រូវ​សម្ដែង​ឲ្យ​យល់ គឺ​សាសន៍​ដទៃ​ក៏​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែរ។ (រ៉ូម ៩:៦​-​៨; ១១:២៥, ២៦; អេភេសូរ ៣:៥, ៦) តើ​មាន​តែ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទេ​ឬ​ដែល​ទទួល​ពរ​ដោយ​ការ​សន្យា​ចំពោះ​អ័ប្រាហាំ​នោះ? អត់​ទេ! ដ្បិត​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​ផ្ដល់​ផល​ប្រយោជន៍​សំរាប់​ពិភព​លោក​ទាំង​មូល។ (យ៉ូហានទី១ ២:២) ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​យល់​ដឹង​ថា«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»ដែល​គ្មាន​កំណត់​នឹង​រួច​រស់​ជីវិត​ផុត​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ។ (វិវរណៈ ៧:៩, ១៤) មនុស្ស​ជា​ច្រើន​ថែម​ទៀត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​សួន​មនោ​រម្យ!—លូកា ២៣:៤៣; យ៉ូហាន ៥:២៨, ២៩; វិវរណៈ ២០:១១​-​១៥; ២១:៣, ៤

      ប្រាជ្ញា​របស់​ព្រះ​និង​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ

      ២១, ២២​. តើ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច​ខ្លះ?

      ២១ សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ​បង្ហាញ​យ៉ាង​អស្ចារ្យ​នូវ«ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់»។ (អេភេសូរ ៣:៨​-​១០) ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ប្រាជ្ញា​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​ណាស់​ក្នុង​ការ​រៀប​ចំ​សេចក្ដី​អាថ៌​កំបាំង​នេះ និង​ក្នុង​ការ​សម្ដែង​ឲ្យ​យល់​បន្ដិច​ម្ដងៗ! ដោយ​សារ​ទ្រង់​មាន​ប្រាជ្ញា ទ្រង់​គិត​ដល់​កំរិត​សមត្ថភាព​យល់​ដឹង​របស់​មនុស្ស​ជាតិ និង​អនុញ្ញាត​ឲ្យ​ពួក​គេ​បង្ហាញ​សន្ដាន​ចិត្ត​ពិត​របស់​ពួក​គេ។—ទំនុក​ដំកើង ១០៣:១៤

      ២២ ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​ថា​ទ្រង់​មាន​ប្រាជ្ញា​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​ដោយ​សារ​ទ្រង់​ជ្រើស​រើស​ព្រះ​យេស៊ូ​ជា​ស្តេច។ រាជបុត្រា​របស់​ព្រះ​យេហូវ៉ា​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​បុគ្គល​ណា​ផ្សេង​ទៀត​ក្នុង​សកលលោក។ ដោយ​សារ​ព្រះ​យេស៊ូ​ធ្លាប់​រស់​ជា​មនុស្ស​ជាតិ ទ្រង់​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​យ៉ាង​ណាស់។ ទ្រង់​ជ្រាប​យ៉ាង​សព្វ​គ្រប់​អំពី​បញ្ហា​របស់​មនុស្ស​ជាតិ។ (ហេព្រើរ ៥:៧​-​៩) ចុះ​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​ព្រះ​យេស៊ូ​វិញ? រាប់​សត​វត្ស​កន្លង​មក​ហើយ បុរស​ស្ត្រី​ពី​គ្រប់​សាសន៍ គ្រប់​ភាសា និង​គ្រប់​មជ្ឈដ្ឋាន​បាន​ត្រូវ​ចាក់​ប្រេង​តាំង។ គ្មាន​បញ្ហា​ណា​មួយ​ដែល​ពួក​គេ​មិន​ធ្លាប់​ប្រឈម​មុខ​ហើយ​ពុះ​ពារ​ជំនះ​នោះ​ទេ។ (អេភេសូរ ៤:២២​-​២៤) នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​និង​សង្ឃ​ទាំង​នេះ​ដែល​មាន​សេចក្ដី​មេត្ដា​ករុណា នោះ​ជីវិត​រស់​នៅ​របស់​យើង​នឹង​ជា​ទី​រីក​រាយ​ណាស់!

      ២៣​. តើ​ពួក​គ្រីស្ទាន​មាន​ឯក​សិទ្ធិ​អ្វី​ដែល​ទាក់​ទង​នឹង​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា?

      ២៣ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖«សេចក្ដី​អាថ៌​កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់​កល្ប​រៀង​រាល់​តែ​ដំណ​ត​មក . . . បាន​បើក​សំ​ដែង​ឲ្យ​ពួក​បរិសុទ្ធ​ទ្រង់​ស្គាល់»។ (កូល៉ុស ១:២៦) ពិត​ណាស់ អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា​យល់​យ៉ាង​ច្រើន​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ និង​បាន​វិភាគ​ប្រាប់​ចំណេះ​នេះ​ទៅ​ដល់​មនុស្ស​រាប់​លាន​នាក់។ យើង​ទាំង​អស់​គ្នា​ពិត​ជា​មាន​ឯក​សិទ្ធិ​មួយ​ដ៏​ប្រសើរ​ថ្លៃ​ថ្លា​ណាស់! ព្រះ​យេហូវ៉ា​បាន​«សំ​ដែង​ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្ដី​អាថ៌​កំបាំង[«ដ៏​ពិសិដ្ឋ», ព.ថ.]នៃ​ព្រះ​ហឫទ័យ​ទ្រង់»។ (អេភេសូរ ១:៩) សូម​ឲ្យ​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នេះ ហើយ​ជួយ​ពួក​គេ​យល់​ធ្លុះ​នូវ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែល​កំណត់​មិន​បាន!

      a «សេចក្ដី​អាថ៌​កំបាំង​របស់​សាសនា[ឬ«ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ», ព.ថ.]»ក៏​បាន​ត្រូវ​សម្ដែង​ឲ្យ​យល់​ដោយ​ព្រះ​យេស៊ូ​ដែរ។ (ធីម៉ូថេ​ទី​១ ៣:១៦) ចម្លើយ​ចំពោះ​សំនួរ​ថា​តើ​មាន​អ្នក​ណា​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​យ៉ាង​ល្អ​ឥត​ខ្ចោះ​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ឬ​ក៏​អត់​ជា​អាថ៌​កំបាំង​ឬ​ក៏​រឿង​សម្ងាត់​មួយ​តាំង​ពី​យូរ​មក​ហើយ។ ព្រះ​យេស៊ូ​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ចម្លើយ​នេះ។ ទ្រង់​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​នៅ​ចំពោះ​រាល់​ការ​ល្បង​ល​ពី​សាតាំង។—ម៉ាថាយ ៤:១​-​១១; ២៧:២៦​-​៥០

      b ព្រះ​យេស៊ូ​ក៏​បាន«ដំ​រូ​វ​នគរ​មួយ[ឬ«ធ្វើ​កិច្ច​ព្រម​ព្រៀង​សំរាប់​ព្រះ​រាជាណាចក្រ​មួយ», ព.ថ.]»ជា​មួយ​ក្រុម​នេះ​ដែរ។ (លូកា ២២:២៩, ៣០) បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេស៊ូ​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ«ហ្វូង​តូច»​នេះ​ដើម្បី​គ្រប់​គ្រង​ជា​មួយ​ទ្រង់​នៅ​ស្ថាន​សួគ៌​ជា​ផ្នែក​ទី​ពីរ​នៃ​ពូជ​របស់​អ័ប្រាហាំ។—លូកា ១២:៣២

      សំនួរ​សំរាប់​រំពឹង​គិត

      • យ៉ូហាន ១៦:៧​-​១២ តើ​ព្រះ​យេស៊ូ​បាន​យក​តម្រាប់​តាម​ព្រះ​វរបិតា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​សម្ដែង​ឲ្យ​យល់​សេចក្ដី​ពិត​បន្ដិច​ម្ដងៗ?

      • កូរិនថូសទី១ ២:៦​-​១៦ ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​មិន​អាច​យល់​នូវ​សេចក្ដី​អាថ៌​កំបាំង​ពិសិដ្ឋ​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា? តើ​យើង​អាច​យល់​សេចក្ដី​អាថ៌​កំបាំង​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

      • អេភេសូរ ៣:១០ តើ​ពួក​គ្រីស្ទាន​មាន​ឯក​សិទ្ធិ​អ្វី​សព្វ​ថ្ងៃ​នេះ​ដែល​ទាក់​ទង​នឹង​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ?

      • ហេព្រើរ ១១:៨​-​១០ ទោះ​ជា​អ្នក​ស្មោះ​ត្រង់​សម័យ​បុរាណ​មិន​យល់​ល្អិត​ល្អន់​ក៏​ពិត​មែន តែ​តើ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ​បាន​ពង្រឹង​ជំនឿ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

  • «ព្រះហឫទ័យប្រកបដោយប្រាជ្ញា»តែព្រះទ័យរាបទាប
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • ឪពុក​បន្ទន់​ខ្លួន​និយាយ​ដោយ​ស្លូតបូត​ជា​មួយ​កូន​ប្រុស​របស់​គាត់

      ជំពូក​ទី​២០

      «ព្រះ​ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា»តែ​ព្រះ​ទ័យ​រាប​ទាប

      ១​-​៣​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រាប​ទាប?

      បិតា​ម្នាក់​ចង់​បង្រៀន​កូន​តូច​របស់​ខ្លួន​នូវ​មេ​រៀន​មួយ​ដ៏​សំខាន់​ណាស់។ គាត់​ចង់​ជំរុញ​ទឹក​ចិត្ត​កូន។ តើ​បិតា​គួរ​ប្រព្រឹត្ត​យ៉ាង​ណា? តើ​គាត់​គួរ​ឈរ​សម្លុត​កូន​និង​និយាយ​គំរោះ​គំរើយ​ទេ? ឬ​ក៏​តើ​គាត់​គួរ​បន្ទាប​ខ្លួន​ទៅ​ជិត​កូន​និង​និយាយ​ដោយ​ស្លូតបូត​គួរ​ឲ្យ​ចូល​ចិត្ត​វិញ? បិតា​ម្នាក់​ដែល​មាន​ប្រាជ្ញា​និង​ចិត្ត​រាប​ទាប ប្រាកដ​ជា​នឹង​សម្រេច​ចិត្ត​ប្រព្រឹត្ត​ដោយ​ស្លូតបូត​វិញ។

      ២ តើ​ព្រះ​យេហូវ៉ា​ជា​បិតា​បែប​ណា? តើ​ទ្រង់​ជា​ព្រះ​អួត​ឬ​មាន​ព្រះ​ទ័យ​រាប​ទាប? កាច​ឬ​ក៏​ស្លូត? ព្រះ​យេហូវ៉ា​មាន​គ្រប់​ទាំង​ចំណេះ និង​គ្រប់​ទាំង​ប្រាជ្ញា។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ថា​ការ​មាន​ចំណេះ​ឬ​បញ្ញា​មិន​តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​រាប​ទាប​ទេ? គឺ​ដូច​ព្រះ​គម្ពីរ​ចែង​ថា៖«ចំណេះ នោះ​នាំ​ឲ្យ​ចិត្ត​ប៉ោង​ឡើង»។ (កូរិនថូសទី១ ៣:១៩; ៨:១) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា«មាន​ព្រះ​ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា» តែ​ទ្រង់​ក៏​មាន​ព្រះ​ទ័យ​រាប​ទាប​ដែរ។ (យ៉ូប ៩:៤) នេះ​មិន​បាន​ន័យ​ថា​ទ្រង់​មាន​ឋានៈ​ទាប ឬ​ក៏​ទ្រង់​មិន​ឧត្តុង្គ​ឧត្តម​នោះ​ទេ ប៉ុន្តែ​នេះ​បាន​ន័យ​ថា​ទ្រង់​គ្មាន​អំនួត​ទាល់​តែ​សោះ។ ហេតុ​អ្វី?

      ៣ ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ។ ហេតុ​នេះ ទ្រង់​មិន​ចេះ​អួត​ទេ ដ្បិត​អំនួត​ជា​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក​វិញ។ (ម៉ាកុស ៧:២០​-​២២) ម្យ៉ាង​ទៀត សូម​កត់​សម្គាល់​អ្វី​ដែល​ព្យាការី​យេរេមា​បាន​ទូល​ព្រះ​យេហូវ៉ា៖«ព្រលឹង​ទ្រង់​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​មក​ជិត​ទូល​បង្គំ»។a (បរិទេវ ៣:២០, ព.ថ.) សូម​គិត​ទៅ​មើល! ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​អម្ចាស់​មហា​ក្សត្រ​សកលលោក សុខ​ចិត្ត«ឱន​ចុះ»ឬ​បន្ទាប​អង្គ​ទ្រង់​មក​ជិត​យេរេមា ដើម្បី​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​បុរស​ឥត​គ្រប់​ល័ក្ខណ៍​នេះ។ (ទំនុក​ដំកើង ១១៣:៧) ពិត​ណាស់ ព្រះ​យេហូវ៉ា​គឺ​មាន​ព្រះ​ទ័យ​រាប​ទាប។ ប៉ុន្តែ តើ​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ? តើ​នោះ​ទាក់​ទង​នឹង​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​នោះ​មាន​សារៈ​សំខាន់​ចំពោះ​យើង?

      របៀប​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប

      ៤, ៥​. (ក) តើ​ភាព​រាប​ទាប​ជា​អ្វី? តើ​នោះ​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច​ខ្លះ? ហើយ​ហេតុ​អ្វី​យើង​មិន​គួរ​យល់​ច្រឡំ​ថា​ភាព​រាប​ទាប​គឺ​ដូច​គ្នា​នឹង​ភាព​ទន់​ខ្សោយ​ឬ​ការ​ខ្វះ​ភាព​ក្លាហាន​នោះ? (ខ) ស្តី​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​ដាវីឌ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​យ៉ាង​ដូច​ម្ដេច? តើ​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ប៉ុន​ណា​ចំពោះ​យើង?

      ៤ ភាព​រាប​ទាប​គឺ​ជា​ការ​គ្មាន​សេចក្ដី​ក្រអឺត​ក្រទម​ឬ​អំនួត។ ភាព​រាប​ទាប​ជា​គុណ​សម្បត្ដិ​មួយ​ដែល​មាន​នៅ​ក្នុង​ចិត្ត ហើយ​គឺ​ស​ឲ្យ​ឃើញ​ដោយ​លក្ខណៈ​ផ្សេងៗ​ដូច​ជា​ភាព​ស្លូតបូត ចិត្ត​អត់​ធ្មត់ និង​ការ​ចេះ​យោគ​យល់​ជា​ដើម។ (កាឡាទី ៥:២២, ២៣) ក៏​ប៉ុន្តែ កុំ​ឲ្យ​យល់​ច្រឡំ​ឡើយ គុណ​សម្បត្ដិ​ទាំង​នេះ​ដែល​ពេញ​ព្រះ​ហឫទ័យ​ព្រះ​មិន​មែន​ជា​សញ្ញា​សម្គាល់​ពី​ភាព​ទន់​ខ្សោយ​ឬ​ក៏​ការ​ខ្វះ​ភាព​ក្លាហាន​នោះ​ទេ ដ្បិត​លក្ខណៈ​ទាំង​ពីរ​នេះ​មិន​ត្រូវ​គ្នា​នឹង​សេចក្ដី​ក្រោធ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា ឬ​ក៏​ការ​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​បំផ្លាញ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ័យ​រាប​ទាប​និង​ភាព​ស្លូតបូត​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្លាំង​ដ៏​មហិមា​របស់​ទ្រង់​ក្នុង​ការ​ទប់​ព្រះ​ទ័យ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ (អេសាយ ៤២:១៤) តើ​ភាព​រាប​ទាប​ជាប់​ទាក់​ទង​នឹង​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច? ឯកសារ​យោង​ព្រះ​គម្ពីរ​មួយ​កត់​សម្គាល់​ថា៖«នៅ​ទី​បំផុត ភាព​រាប​ទាប​ត្រូវ​បញ្ជាក់ . . . ដោយ​ការ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន ហើយ​ក៏​ជា​ឫស​គល់​នៃ​ប្រាជ្ញា​គ្រប់​យ៉ាង»។ ដូច្នេះ មិន​អាច​មាន​ប្រាជ្ញា​ពិត​បើ​គ្មាន​ភាព​រាប​ទាប​នោះ។ តើ​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​យើង?

      បិតា​ម្នាក់​ដែល​មាន​ប្រាជ្ញា​ប្រព្រឹត្ត​ដោយ​រាប​ទាប​និង​ស្លូតបូត​ទៅ​លើ​កូន​ខ្លួន

      ៥ ស្តេច​ដាវីឌ​បាន​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា​ថា៖«ទ្រង់​បាន​ប្រទាន​ខែល ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូល​បង្គំ ព្រះ​ហស្ត​ស្ដាំ​ទ្រង់​បាន​ទប់​ទល់​ទូល​បង្គំ ហើយ​សេចក្ដី​ស្រទន់​[ឬ​«ព្រះ​ទ័យ​រាប​ទាប», ព.ថ.]​របស់​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទូល​បង្គំ​បាន​ជា​ធំ»។ (ទំនុក​ដំកើង ១៨:៣៥) នេះ​ប្រៀប​ដូច​ជា​ព្រះ​យេហូវ៉ា​បន្ទាប​អង្គ​ទ្រង់​មក​ជិត​ដើម្បី​ចាត់​វិធានការ​ផ្ដល់​ប្រយោជន៍​ឲ្យ​បុរស​ឥត​គ្រប់​ល័ក្ខណ៍​នេះ ដោយ​ការពារ​និង​ទ្រទ្រង់​គាត់​ជា​រៀង​រាល់​ថ្ងៃ។ ដាវីឌ​ទទួល​ស្គាល់​ថា បើ​គាត់​ទទួល​សេចក្ដី​សង្គ្រោះ និង​ក្រោយ​មក​បាន​ធ្វើ​ធំ​មួយ​កំរិត​ដោយ​ឡើង​ជា​ស្តេច នោះ​គឺ​ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​សុខ​ចិត្ត​បន្ទាប​អង្គ​ទ្រង់​មក​ជួយ​គាត់។ ការ​ពិត បើ​ព្រះ​យេហូវ៉ា​មិន​មាន​ព្រះ​ទ័យ​រាប​ទាប និង​មិន​សុខ​ចិត្ត​បន្ទាប​អង្គ​ទ្រង់​ដើម្បី​ប្រព្រឹត្ត​មក​លើ​យើង​ដូច​ជា​បិតា​ដែល​ស្លូតបូត​និង​មាន​សេចក្ដី​ស្រឡាញ់​នោះ តើ​យើង​ណា​ម្នាក់​នឹង​អាច​សង្ឃឹម​ថា​ខ្លួន​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ឬ​ទេ?

      ៦, ៧​. (ក) ហេតុ​អ្វី​ព្រះ​គម្ពីរ​មិន​ដែល​ចែង​ថា​ព្រះ​យេហូវ៉ា​សុភាព? (ខ) តើ​ភាព​ស្លូតបូត​និង​ប្រាជ្ញា​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា? តើ​អ្នក​ណា​ជា​គំរូ​ល្អ​បំផុត​ចំពោះ​រឿង​នេះ?

      ៦ ចិត្ត​សុភាព​គឺ​ជា​គុណ​សម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា​មួយ​ដែល​មនុស្ស​ស្មោះ​ភក្ដី​គួរ​បណ្ដុះ​ឲ្យ​មាន។ ចិត្ត​សុភាព​ក៏​ដូច​ជា​ភាព​រាប​ទាប​ក្នុង​ន័យ​ថា នោះ​ជាប់​ទាក់​ទង​នឹង​ប្រាជ្ញា​ដែរ។ ជា​ឧទាហរណ៍ សុភាសិត ១១:២ ចែង​ថា៖«ប្រាជ្ញា​តែង​នៅ​នឹង​មនុស្ស​សុភាព»។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​មិន​ដែល​ចែង​ថា​ព្រះ​យេហូវ៉ា​សុភាព​ឡើយ។ ហេតុ​អ្វី? នេះ​មិន​បាន​ន័យ​ថា​ទ្រង់​មិន​សុភាព​នោះ​ទេ។ ប៉ុន្តែ នៅ​ពេល​ដែល​បទ​គម្ពីរ​ប្រើ​ពាក្យ​សុភាព​សំដៅ​លើ​មនុស្ស នេះ​រួម​បញ្ចូល​ការ​ទទួល​ស្គាល់​កំរិត​នៃ​សមត្ថភាព​ខ្លួន។ សមត្ថភាព​របស់​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា​គ្មាន​កំរិត​ឡើយ លើក​លែង​តែ​កំរិត​ដែល​ទ្រង់​ដាក់​ទៅ​លើ​អង្គ​ទ្រង់​ផ្ទាល់​ដោយ​សារ​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់។ (ម៉ាកុស ១០:២៧; ទីតុស ១:២) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មិន​ស្ថិត​ក្រោម​បង្គាប់​នរណា​ទេ ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ ដូច្នេះ អត្ថ​ន័យ​នៃ​ពាក្យ​សុភាព​នេះ​មិន​អាច​សំដៅ​លើ​ព្រះ​យេហូវ៉ា​ទេ។

      ៧ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រាប​ទាប​និង​ស្លូតបូត។ ទ្រង់​បង្រៀន​អ្នក​បំរើ​ទ្រង់​ថា ភាព​ស្លូតបូត​គឺ​ជា​លក្ខណៈ​ចាំ​បាច់​នៃ​ប្រាជ្ញា​ពិត។ បន្ទូល​ទ្រង់​ចែង​អំពី«ភាព​ស្លូតបូត​ដែល​ជា​របស់​ផង​ប្រាជ្ញា»។b (យ៉ាកុប ៣:១៣, ព.ថ.) សូម​ពិចារណា​គំរូ​របស់​ព្រះ​យេហូវ៉ា​អំពី​រឿង​នេះ។

      ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​ដោយ​ប្រគល់​កិច្ច​ការ​និង​ដោយ​ស្ដាប់

      ៨​-​១០​. (ក) ការ​ដែល​ព្រះ​យេហូវ៉ា​សុខ​ចិត្ត​ប្រគល់​កិច្ច​ការ​និង​ស្ដាប់​អ្នក​ឯ​ទៀត ហេតុ​អ្វី​នោះ​អស្ចារ្យ? (ខ) តើ​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា​បាន​ប្រព្រឹត្ត​យ៉ាង​រាប​ទាប​ទៅ​លើ​បណ្ដា​ទេវតា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

      ៨ ព្រះ​យេហូវ៉ា​សុខ​ចិត្ត​ស្ដាប់​អ្នក​ដទៃ​និង​ប្រគល់​កិច្ច​ការ​ដល់​អ្នក​ឯ​ទៀត។ នេះ​ជា​ភស្តុ​តាង​ដែល​បញ្ជាក់​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​និង​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ក្នុង​ចិត្ត។ គឺ​អស្ចារ្យ​ណាស់​ដែល​ព្រះ​យេហូវ៉ា​សុខ​ចិត្ត​ស្ដាប់​និង​ប្រគល់​កិច្ច​ការ​ដល់​អ្នក​ដទៃ ដ្បិត​ទ្រង់​មិន​ត្រូវ​ការ​ជំនួយ​ឬ​ក៏​យោបល់​ពី​អ្នក​ឯ​ទៀត​ទេ។ (អេសាយ ៤០:១៣, ១៤; រ៉ូម ១១:៣៤, ៣៥) យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​ចែង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ព្រះ​យេហូវ៉ា​បន្ទាប​អង្គ​ទ្រង់​ដោយ​ធ្វើ​ដូច្នេះ។

      ៩ ជា​ឧទាហរណ៍ សូម​ពិចារណា​នូវ​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​អ័ប្រាហាំ។ អ័ប្រាហាំ​មាន​ភ្ញៀវ​បី​នាក់ ដែល​មាន​ភ្ញៀវ​ម្នាក់​អ័ប្រាហាំ​ហៅ​ថា«ព្រះ​យេហូវ៉ា»។ ការ​ពិត ភ្ញៀវ​ទាំង​បី​នេះ​គឺ​ជា​ទេវតា តែ​ទេវតា​មួយ​ក្នុង​ចំណោម​បី​រូប​នេះ​បាន​តាង​នាម​ព្រះ​យេហូវ៉ា​និង​ប្រព្រឹត្ត​ក្នុង​នាម​ព្រះ​យេហូវ៉ា។ នៅ​ពេល​ទេវតា​នេះ​បាន​និយាយ​ឬ​ក៏​ធ្វើ​អ្វី​មួយ គឺ​ដូច​ជា​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ឬ​ក៏​ធ្វើ​ដែរ។ តាម​រយៈ​ទេវតា​នេះ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ថា​ទ្រង់​បាន​ឮ​នូវ«សំរែក​[«ការ​ចោទ​ប្រកាន់», ព.ថ.]​នៃ​ក្រុង​សូដុំម​នឹង​ក្រុង​កូម៉ូរ៉ា»ដែល​បាន​លាន់​ឮ​ដល់​ទ្រង់។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖«យើង​ត្រូវ​តែ​ចុះ​ទៅ​មើល​ដើម្បី​អោយ​ដឹង​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ ពិត​ដូច​ពាក្យ​ដែល​លាន់​ឮ​មក​ដល់​យើង ឬ​យ៉ាង​ណា។ បើ​ពិត​ឬ​មិន​ពិត យើង​មុខ​ជា​ដឹង​មិន​ខាន»។ (លោកុប្បត្តិ ១៨:៣, ២០, កំណើត​ពិភព​លោក ១៨:២១, ខ.ស.) ពិត​ណាស់ បន្ទូល​ព្រះ​យេហូវ៉ា​មិន​បាន​ន័យ​ថា​ទ្រង់​នឹង«ចុះ​ទៅ​មើល»ដោយ​ផ្ទាល់​អង្គ​ទ្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​ចាត់​ទេវតា​ម្ដង​ទៀត​ឲ្យ​ចុះ​ទៅ​ជា​តំណាង​ទ្រង់។ (លោកុប្បត្តិ ១៩:១) ហេតុ​អ្វី? តើ​ព្រះ​យេហូវ៉ា​ដែល​អាច​ទត​ឃើញ​អ្វី​ទាំង​អស់​គ្មាន​សមត្ថភាព«ដឹង»ដោយ​អង្គ​ទ្រង់​ផ្ទាល់​ពី​ស្ថានការណ៍​ពិត​នៅ​តំបន់​នោះ​ទេ​ឬ? ប្រាកដ​ជា​មាន​សមត្ថភាព​ដឹង​មែន!។ ប៉ុន្តែ ដោយ​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​ព្រះ​យេហូវ៉ា​ប្រគល់​កិច្ច​ការ​នេះ​ដល់​ពួក​ទេវតា ឲ្យ​ចុះ​ទៅ​សង្កេត​មើល​ស្ថានការណ៍​និង​ជួប​លោក​ឡុត​ហើយ​ក្រុម​គ្រួសារ​គាត់​នៅ​ទី​ក្រុង​សូដុំម។

      ១០ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​សុខ​ចិត្ត​ស្ដាប់​ផង​ដែរ។ មាន​គ្រា​មួយ​ដែល​ទ្រង់​សូម​យោបល់​បណ្ដា​ទេវតា​របស់​ទ្រង់​ស្តី​ពី​វិធី​ផ្សេងៗ​ដែល​អាច​រំលំ​ស្តេច​ទុច្ចរិត​មួយ​អង្គ​ឈ្មោះ​អ័ហាប។ ព្រះ​យេហូវ៉ា​មិន​ត្រូវ​ការ​ជំនួយ​នេះ​ទេ។ តែ​ទ្រង់​នៅ​តែ​ព្រម​តាម​យោបល់​របស់​ទេវតា​មួយ​រូប​និង​បាន​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​ទេវតា​នេះ​ធ្វើ​តាម​យោបល់​នោះ​ដែរ។ (ពង្សាវតារ​ក្សត្រ​ទី​១ ២២:១៩​-​២២) នេះ​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​របស់​ទ្រង់ មែន​ទេ?

      ១១, ១២​. តើ​អ័ប្រាហាំ​មាន​ឱកាស​ឃើញ​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​ដោយ​ដូច​ម្ដេច?

      ១១ ព្រះ​យេហូវ៉ា​ក៏​សុខ​ចិត្ត​ស្ដាប់​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដែរ នៅ​ពេល​ដែល​ពួក​គេ​ចង់​ទូល​ទ្រង់​អំពី​កង្វល់​របស់​ខ្លួន។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ជា​លើក​ដំបូង​ថា ទ្រង់​មាន​បំណង​បំផ្លាញ​ចោល​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា នោះ​អ័ប្រាហាំ​ដែល​ជា​បុរស​ស្មោះ​ភក្ដី​នោះ​បាន​ឆ្ងល់​ណាស់។ អ័ប្រាហាំ​បាន​និយាយ​ថា៖«មិន​គួរ​គប្បី​ឲ្យ​ទ្រង់​ប្រព្រឹត្ត​ដូច្នោះ។ . . . ព្រះ​ដ៏​ជា​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ទេ​ឬ​អី?»។ អ័ប្រាហាំ​បាន​ទូល​សួរ​ព្រះ​យេហូវ៉ា​ថា​តើ​ទ្រង់​នឹង​ប្រណី​ដល់​ទី​ក្រុង​ទាំង​ពីរ​នោះ​ឬ​ក៏​អត់ បើ​មាន​មនុស្ស​សុចរិត​៥០​នាក់​នៅ​ទី​នោះ។ ព្រះ​យេហូវ៉ា​បាន​ធានា​ថា​ទ្រង់​នឹង​ប្រណី​មែន។ ប៉ុន្តែ អ័ប្រាហាំ​បាន​សួរ​ម្ដង​ទៀត​ដោយ​បញ្ចុះ​ចំនួន​បន្ដិច​ម្ដងៗ​ថា ចុះ​បើ​មាន​៤៥​នាក់ ៤០​នាក់ និង​ចំនួន​នេះ​ចេះ​តែ​ចុះ​បន្ត​បន្ទាប់។ ទោះ​ជា​ព្រះ​យេហូវ៉ា​ធានា​អ័ប្រាហាំ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ពិត​មែន ក៏​អ័ប្រាហាំ​បន្ត​ព្យាយាម​សួរ​រហូត​ដល់​នៅ​សល់​តែ​មនុស្ស​សុចរិត​១០​នាក់។ ប្រហែល​ជា​អ័ប្រាហាំ​មិន​យល់​យ៉ាង​សព្វ​គ្រប់​អំពី​ទំហំ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ក៏​មិន​ដឹង។ យ៉ាង​ណា​ក៏​ដោយ ដោយ​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​និង​ការ​អត់​ធ្មត់ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អ័ប្រាហាំ​ដែល​ជា​មិត្ត​សំឡាញ់​និង​ជា​អ្នក​បំរើ​របស់​ទ្រង់ បញ្ជាក់​នូវ​កង្វល់​របស់​ខ្លួន​តាម​របៀប​នេះ។—លោកុប្បត្តិ ១៨:២៣​-​៣៣

      ១២ ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​មាន​វិជ្ជា​ជ្រៅ​ជ្រះ តើ​មាន​ប៉ុន្មាន​នាក់​នឹង​ស្ដាប់​មនុស្ស​ម្នាក់​យ៉ាង​អត់​ធ្មត់​ដូច្នេះ បើ​អ្នក​នោះ​មាន​ចំណេះ​តិច​ជាង​គាត់​ឆ្ងាយ​ណាស់?c តែ​ព្រះ​របស់​យើង​មាន​ព្រះ​ទ័យ​រាប​ទាប​ដូច្នេះ។ ក្នុង​កំឡុង​ពេល​ពិភាក្សា​រវាង​អ័ប្រាហាំ​និង​ព្រះ​យេហូវ៉ា អ័ប្រាហាំ​ក៏​ចាប់​ផ្ដើម​យល់​ថា​ព្រះ​យេហូវ៉ា​គឺ«យឺត​នឹង​ខ្ញាល់»ដែរ។ (និក្ខមនំ ៣៤:៦) អ័ប្រាហាំ​ប្រហែល​ជា​ទទួល​ស្គាល់​ថា គាត់​គ្មាន​សិទ្ធិ​សួរ​រក​ហេតុ​ផល​ពី​ព្រះ​យេហូវ៉ា​អំពី​អ្វី​ដែល​ទ្រង់​ធ្វើ​ទេ ទើប​គាត់​អង្វរ​ព្រះ​ពីរ​ដង​ថា៖«សូម​កុំ​ឲ្យ​ព្រះ​អម្ចាស់​ខ្ញាល់»។ (លោកុប្បត្តិ ១៨:៣០, ៣២) ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​មិន​ខ្ញាល់​ទេ។ ទ្រង់​ពិត​ជា​មាន«ភាព​ស្លូតបូត​ដែល​ជា​របស់​ផង​ប្រាជ្ញា»។

      ព្រះ​យេហូវ៉ា​ចេះ​យោគ​យល់

      ១៣​. ហេតុ​អ្វី​ពាក្យ​ថា«ចេះ​យោគ​យល់»ពណ៌នា​ពី​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​សម​ត្រឹម​ត្រូវ?

      ១៣ ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​ក៏​ស​ឲ្យ​ឃើញ​តាម​រយៈ​គុណ​សម្បត្ដិ​មួយ​ទៀត​ដ៏​ប្រសើរ​ថ្លៃ​ថ្លា។ គុណ​សម្បត្ដិ​នោះ​គឺ​ការ​ចេះ​យោគ​យល់។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​គុណ​សម្បត្ដិ​នេះ​មិន​សូវ​មាន​ក្នុង​ចំណោម​មនុស្ស​ជាតិ​ឥត​គ្រប់​ល័ក្ខណ៍​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​សុខ​ចិត្ត​ស្ដាប់​ទេវតា​និង​មនុស្ស​ដែល​ទ្រង់​បង្កើត​ទេ​តែ​ទ្រង់​ក៏​សុខ​ចិត្ត​ព្រម​តាម​នៅ​ពេល​ដែល​នោះ​មិន​ខុស​ពី​គោល​ការណ៍​សុចរិត​របស់​ទ្រង់។ គុណ​សម្បត្ដិ​នេះ​ក៏​ជា​សញ្ញា​សម្គាល់​ប្រាជ្ញា​របស់​ព្រះ​ដែរ។ យ៉ាកុប ៣:១៧ ចែង​ថា៖‹ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​នោះ​មាន​សេចក្ដី​សំ​ឡូ​ត[ឬ«ចេះ​យោគ​យល់», ព.ថ.]›។ តើ​ព្រះ​យេហូវ៉ា​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា​ចេះ​យោគ​យល់​យ៉ាង​ដូច​ម្ដេច? របៀប​មួយ​គឺ ទ្រង់​ចេះ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ។ សូម​ចាំ​ថា ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ថា ទ្រង់​បណ្ដាល​ឲ្យ​អង្គ​ទ្រង់​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ (និក្ខមនំ ៣:១៤) នេះ​បង្ហាញ​ថា​ទ្រង់​ចេះ​យោគ​យល់​និង​មាន​គំនិត​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ មែន​ទេ?

      ១៤, ១៥​. ចក្ខុនិមិត្ត​ដែល​អេសេគាល​ឃើញ​អំពី​រទេះ​ព្រះ​យេហូវ៉ា​នៅ​លើ​មេឃ តើ​នោះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌? តើ​អង្គការ​នេះ​ខុស​គ្នា​ពី​អង្គការ​របស់​លោកីយ៍​យ៉ាង​ណា?

      ១៤ កំណត់​ហេតុ​បទ​គម្ពីរ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ជួយ​យើង​ចាប់​ផ្ដើម​យល់​នូវ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ។ ព្យាការី​អេសេគាល​ឃើញ​ចក្ខុនិមិត្ត​មួយ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌​ដែល​សុទ្ធតែ​ជា​បុគ្គល​វិញ្ញាណ។ អេសេគាល​ឃើញ​រទេះ​មួយ​ដែល​មាន​ទំហំ​ធំ​គួរ​ឲ្យ​ស្ញប់​ស្ញែង​ណាស់ ជា​យាន​ជំនិះ​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​ដែល​ដំណើរ​របស់​រទេះ​នេះ​ទ្រង់​ជា​អ្នក​កំណត់​ជា​និច្ច។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​របៀប​រទេះ​នេះ​បំលាស់ទី។ កង់​ធំ​សម្បើម​របស់​រទេះ​នោះ​មាន​មុខ​បួន និង​ពេញ​ដោយ​ភ្នែក​ដើម្បី​អាច​ឃើញ​អ្វី​នៅ​គ្រប់​ទី​កន្លែង​និង​ផ្លាស់​ប្ដូរ​ទិស​ដៅ​ក្នុង​តែ​មួយ​រំពេច​ដោយ​មិន​ចាំ​បាច់​ឈប់​ឬ​បត់​ទេ។ ហើយ​រទេះ​ដ៏​ធំ​សម្បើម​នេះ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​យឺតៗ​ដូច​យាន​ជំនិះ​ធ្ងន់ៗ​ធំ​សំ​ពីង​សំពោង​ដែល​មនុស្ស​បង្កើត​ទេ។ រទេះ​នេះ​អាច​បំលាស់ទី​យ៉ាង​លឿន​ដូច​ផ្លេកបន្ទោរ និង​ក៏​អាច​បត់​បាន​ដូច​មុំ​កែង​ទៀត! (អេសេគាល ១:១, ១៤​-​២៨) ពិត​ណាស់ អង្គការ​របស់​ព្រះ​យេហូវ៉ា​ក៏​ដូច​ជា​ទ្រង់​ដែរ​ដែល​ជា​ព្រះ​មហា​ក្សត្រ​មាន​គ្រប់​ព្រះ​ចេស្ដា​ដែល​កាន់​កាប់​ទៅ​លើ​អង្គការ​នេះ ដ្បិត​អង្គការ​នេះ​មាន​សមត្ថភាព​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ​យ៉ាង​ប្រសើរ​បំផុត ដោយ​ឆ្លើយ​តប​នឹង​ស្ថានការណ៍​ហើយ​សេចក្ដី​ត្រូវ​ការ​ដែល​តែង​តែ​ប្រែ​ប្រួល​ជា​និច្ច។

      ១៥ មនុស្ស​ជាតិ​មិន​អាច​ប្រែ​ប្រួល​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដូច្នេះ​ឡើយ។ ប៉ុន្តែ មនុស្ស​និង​បណ្ដា​អង្គការ​របស់​ពួក​គេ​ច្រើន​តែ​តឹង​តែង​ទៅ​វិញ ជា​ជាង​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ ហើយ​ច្រើន​តែ​តឹងរ៉ឹង​ហួស​ហេតុ​ជា​ជាង​ចេះ​យោគ​យល់។ ជា​ឧទាហរណ៍: នាវា​ធំ​សំរាប់​ដឹក​ប្រេង​និង​អយស្ម័យ​យាន​ដឹក​ជញ្ជូន​ប្រហែល​ជា​មាន​ទំហំ​ធំ​និង​កម្លាំង​ខ្លាំង​គួរ​ឲ្យ​កោត​ស្ងើច​មែន។ ប៉ុន្តែ តើ​វា​អាច​ប្ដូរ​ល្បឿន​និង​ទិស​ដៅ​ទៅ​តាម​កាលៈទេសៈ​បើ​មាន​ការ​ប្រែ​ប្រួល​ភ្លាមៗ​នោះ​បាន​ទេ? បើ​មាន​អ្វី​មួយ​ធ្លាក់​លើ​ផ្លូវ​នៅ​មុខ​អយស្ម័យ​យាន​នោះ វា​បត់​មិន​កើត​ទេ ហើយ​ឈប់​ង៉ក់​ក៏​មិន​បាន​ដែរ។ ជួន​កាល​ក្រោយ​ចាប់​ហ្វ្រាំង​ហើយ អយស្ម័យ​យាន​ធ្ងន់ៗ​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ជាង​មួយ​គីឡូម៉ែត្រ​ទើប​អាច​ឈប់​បាន! ស្រដៀង​គ្នា​ដែរ នាវា​ធំៗ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​អស់​៨​គីឡូម៉ែត្រ​ក្រោយ​ពន្លត់​ម៉ាស៊ីន​ហើយ។ ទោះ​បើ​ដាក់​លេខ​ម៉ាស៊ីន​ឲ្យ​នាវា​ថយ​ទៅ​ក្រោយ​ក៏​ដោយ ក៏​វា​អាច​នៅ​តែ​លយ​ទៅ​មុខ​អស់​៣​គីឡូម៉ែត្រ​បាន! អង្គការ​មនុស្ស​ជាតិ​ដែល​ច្រើន​តែ​តឹងរ៉ឹង​និង​មិន​ចេះ​យោគ​យល់​ក៏​ដូច្នេះ​ដែរ។ ជា​ញឹក​ញាប់​ដោយ​ព្រោះ​អំនួត​របស់​មនុស្ស ពួក​គេ​មិន​ព្រម​ប្រែ​ប្រួល​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​និង​កាលៈទេសៈ​ទេ។ ភាព​តឹងរ៉ឹង​បែប​នេះ​បាន​ធ្វើ​ឲ្យ​សាជីវកម្ម​និង​រដ្ឋាភិបាល​ផ្សេងៗ​រលំ។ (សុភាសិត ១៦:១៨) យើង​ពិត​ជា​រីក​រាយ​ណាស់​ដែល​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​ទ្រង់​គឺ​មិន​ដូច្នេះ​សោះ​ឡើយ!

      របៀប​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​យោគ​យល់

      ១៦​. មុន​ដែល​ក្រុង​សូដុំម​និង​កូម៉ូរ៉ា​ត្រូវ​បំផ្លាញ​ចោល​នោះ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​ចេះ​យោគ​យល់​នឹង​ឡុត​យ៉ាង​ដូច​ម្ដេច?

      ១៦ សូម​ពិចារណា​ម្ដង​ទៀត​នូវ​ការ​បំផ្លាញ​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា។ ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ការ​ណែនាំ​យ៉ាង​ច្បាស់​លាស់​ពី​ទេវតា​របស់​ព្រះ​យេហូវ៉ា​ថា៖«ចូរ​រត់​ទៅ​ឯ​ភ្នំ»។ ក៏​ប៉ុន្តែ ឡុត​មិន​ពេញ​ចិត្ត​ទេ។ គាត់​បាន​អង្វរ​ថា៖«ទេ! លោក​ម្ចាស់​អើយ!»។ ដោយ​សារ​ឡុត​ជឿ​ជាក់​ថា​គាត់​នឹង​ស្លាប់​បើ​ត្រូវ​រត់​ទៅ​ឯ​ភ្នំ នោះ​គាត់​អង្វរ​សូម​ការ​អនុញ្ញាត​ឲ្យ​រូប​គាត់​និង​ក្រុម​គ្រួសារ​រត់​ទៅ​ទី​ក្រុង​ជិត​នោះ​ឈ្មោះ​សូ​អារ​វិញ។ សូម​នឹក​ចាំ​ថា ព្រះ​យេហូវ៉ា​មាន​បំណង​បំផ្លាញ​ទី​ក្រុង​សូ​អារ​ចោល​ដែរ។ ម្យ៉ាង​ទៀត ការ​ភ័យ​ខ្លាច​របស់​ឡុត​គ្មាន​ទី​សំ​អាង​ពិត​ប្រាកដ​នោះ​ទេ។ ព្រះ​យេហូវ៉ា​ប្រាកដ​ជា​អាច​ការពារ​ជីវិត​ឡុត​ក្នុង​តំបន់​ភ្នំ​បាន! យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ព្រម​តាម​ការ​អង្វរ​របស់​ឡុត​និង​បាន​ប្រណី​ចំពោះ​ទី​ក្រុង​សូ​អារ។ ទេវតា​នោះ​ប្រាប់​ឡុត​ថា៖‹មើល! យើង​ព្រម​តាម​អ្នក​ក្នុង​ការ​នេះ​ដែរ›។ (លោកុប្បត្តិ ១៩:១៧​-​២២) ព្រះ​យេហូវ៉ា​ពិត​ជា​ចេះ​យោគ​យល់ មែន​ទេ?

      ១៧, ១៨​. ចំពោះ​ប្រជាជន​នីនីវេ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​ចេះ​យោគ​យល់​យ៉ាង​ដូច​ម្ដេច?

      ១៧ ព្រះ​យេហូវ៉ា​ក៏​ឆ្លើយ​តប​ចំពោះ​ការ​ប្រែ​ចិត្ត​ដែល​ស្មោះ​អស់​ពី​ចិត្ត ដោយ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ជា​និច្ច។ សូម​ពិចារណា​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ព្យាការី​យ៉ូណាស​ត្រូវ​បញ្ជូន​ទៅ​ទី​ក្រុង​នីនីវេ​ដែល​ពោរ​ពេញ​ដោយ​មនុស្ស​ទុច្ចរិត​និង​ឃោរ​ឃៅ​នោះ។ នៅ​ពេល​ដែល​យ៉ូណាស​ដើរ​ទូ​ទាំង​ទី​ក្រុង​នោះ សារ​ដែល​ព្រះ​បណ្ដាល​ឲ្យ​គាត់​ប្រកាស​គឺ​ស្រួល​យល់​ដែល​ថា: នៅ​តែ​៤០​ថ្ងៃ​ទៀត ទី​ក្រុង​ខ្លាំង​ពូកែ​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល។ ប៉ុន្តែ កាលៈទេសៈ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ធំ។ ប្រជាជន​នីនីវេ​បាន​ប្រែ​ចិត្ត!—យ៉ូណាស ជំពូក​ទី​៣

      ១៨ យើង​អាច​ទាញ​យក​មេ​រៀន​មួយ​ពី​ការ​ប្រៀប​ធៀប​របៀប​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​និង​របៀប​យ៉ូណាស​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​នេះ។ ក្នុង​ករណី​នេះ ព្រះ​យេហូវ៉ា​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ ដោយ​បណ្ដាល​ឲ្យ​អង្គ​ទ្រង់​ក្លាយ​ទៅ​ជា​អ្នក​ដែល​អត់​ឱន​ទោស​អំពើ​បាប ជា​ជាង«អ្នក​ចំ​បាំង»។d (និក្ខមនំ ១៥:៣) ផ្ទុយ​ទៅ​វិញ យ៉ូណាស​រឹង​ណាស់​មិន​ព្រម​ប្រែ​ប្រួល​និង​មិន​សូវ​មាន​សេចក្ដី​មេត្ដា​ទេ។ ជា​ជាង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​និង​យោគ​យល់ យ៉ូណាស​បាន​ប្រព្រឹត្ត​តប​ដូច​ជា​អយស្ម័យ​យាន​ដឹក​ជញ្ជូន​ឬ​ក៏​នាវា​ធំ ដែល​បាន​រៀប​រាប់​មុន​នេះ។ គាត់​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ស្លាប់ ដូច្នេះ​ត្រូវ​តែ​ស្លាប់​មិន​ខាន! ប៉ុន្តែ ដោយ​ព្រះ​ទ័យ​អត់​ធ្មត់ ព្រះ​យេហូវ៉ា​បង្រៀន​បុរស​ដែល​មិន​ចេះ​អត់​ធ្មត់​នេះ​នូវ​មេ​រៀន​មួយ​ដែល​គាត់​ភ្លេច​ពុំ​បាន​ស្តី​អំពី​ការ​យោគ​យល់​និង​សេចក្ដី​មេត្ដា​ករុណា។—យ៉ូណាស ជំពូក​ទី​៤

      យុវជន​សាក្សី​ព្រះ​យេហូវ៉ា​រីក​រាយ​ជួយ​សាក្សី​វ័យ​ចាស់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា

      ព្រះ​យេហូវ៉ា​ចេះ​យោគ​យល់​និង​ទ្រង់​ជ្រាប​ពី​កំរិត​សមត្ថភាព​របស់​យើង

      ១៩​. (ក) ហេតុ​អ្វី​យើង​អាច​ដឹង​ថា​ព្រះ​យេហូវ៉ា​ចេះ​យោគ​យល់​ចំពោះ​យើង​ដោយ​គិត​ពី​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​យើង? (ខ) តើ​សុភាសិត ១៩:១៧ បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ចៅហ្វាយ​ដែល‹ចេះ​យោគ​យល់​និង​ល្អ› ហើយ​ក៏​មាន​ព្រះ​ទ័យ​រាប​ទាប​ជា​ទី​បំផុត​យ៉ាង​ដូច​ម្ដេច?

      ១៩ ជា​ចុង​បញ្ចប់ ព្រះ​យេហូវ៉ា​ចេះ​យោគ​យល់​ចំពោះ​យើង​ដោយ​គិត​ពី​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​យើង។ ស្តេច​ដាវីឌ​មាន​បន្ទូល​ថា៖«ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ»។ (ទំនុក​ដំកើង ១០៣:១៤) ព្រះ​យេហូវ៉ា​យល់​នូវ​កំរិត​សមត្ថភាព​និង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង​យ៉ាង​ច្បាស់​ជាង​យើង​ទៅ​ទៀត។ ទ្រង់​មិន​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ហួស​ពី​សមត្ថភាព​របស់​យើង​នោះ​ទេ។ ព្រះ​គម្ពីរ​បញ្ជាក់​ភាព​ផ្ទុយ​គ្នា​រវាង​មនុស្ស​ជាតិ​ដែល​ជា​ចៅហ្វាយ«ស្លូតបូត[ឬ«ចេះ​យោគ​យល់», ព.ថ.]ល្អ» និង​ចៅហ្វាយ​ដែល«កាច[ឬ«ពិបាក​គាប់​ចិត្ត», ព.ថ.]»។ (ពេត្រុសទី១ ២:១៨) តើ​ព្រះ​យេហូវ៉ា​ជា​ចៅហ្វាយ​បែប​ណា? សូម​កត់​សម្គាល់​អ្វី​ដែល​សុភាសិត ១៩:១៧ ចែង​ថា៖​«អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី»។ ពិត​ណាស់ មាន​តែ​ចៅហ្វាយ​ល្អ​ហើយ​ចេះ​យោគ​យល់​ទេ​ដែល​កត់​សម្គាល់​រាល់​ការ​សប្បុរស​ដែល​យើង​ធ្វើ​ដើម្បី​អ្នក​ខ្សត់​ខ្សោយ។ បន្ថែម​ទៅ​ទៀត បទ​គម្ពីរ​នេះ​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ថា​អ្នក​បង្កើត​សកលលោក​ចាត់​ទុក​ថា ទ្រង់​ជំពាក់​អស់​អ្នក​ដែល​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដូច​នេះ ដែល​ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ជាតិ​ប៉ុណ្ណោះ! ទ្រង់​ពិត​ជា​មាន​ព្រះ​ទ័យ​រាប​ទាប​ជា​ទី​បំផុត។

      ២០​. តើ​អ្វី​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្ដាប់​និង​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង?

      ២០ ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ស្លូតបូត​និង​ចេះ​យោគ​យល់​ដូច​គ្នា​ចំពោះ​អ្នក​បំរើ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ។ នៅ​ពេល​ដែល​យើង​អធិស្ឋាន​ដោយ​មាន​ជំនឿ ទ្រង់​ស្ដាប់។ ទោះ​ជា​ទ្រង់​មិន​ចាត់​ទេវតា​ឲ្យ​មក​និយាយ​ជា​មួយ​យើង​ក៏​ដោយ តែ​យើង​មិន​គួរ​សន្និដ្ឋាន​ថា​ទ្រង់​មិន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​នោះ​ទេ។ សូម​នឹក​ចាំ​ថា នៅ​ពេល​ដែល​សាវ័ក​ប៉ុល​សូម​អ្នក​ជឿ​គ្នី​គ្នា«ជួយ​អធិស្ឋាន»ឲ្យ​គេ​ដោះ​លែង​គាត់​ចេញ​ពី​គុក គាត់​ក៏​បាន​និយាយ​ថា៖«ឲ្យ​ខ្ញុំ​បាន​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ​ជា​ឆាប់ៗ»។ (ហេព្រើរ ១៣:១៨, ១៩) ដូច្នេះ សេចក្ដី​អធិស្ឋាន​របស់​យើង​អាច​ជំរុញ​ព្រះ​ទ័យ​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ទ្រង់​ប្រហែល​ជា​គ្មាន​បំណង​ធ្វើ​ពី​មុន​ទេ!—យ៉ាកុប ៥:១៦

      ២១​. តើ​យើង​មិន​គួរ​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា? តែ​ផ្ទុយ​ទៅ​វិញ តើ​យើង​គួរ​ស្គាល់​អ្វី​អំពី​ទ្រង់?

      ២១ ភាព​ស្លូតបូត ការ​សុខ​ចិត្ត​ស្ដាប់ ព្រះ​ទ័យ​អត់​ធ្មត់ និង​ការ​ចេះ​យោគ​យល់​ដែល​ទាំង​អស់​នេះ​ជា​លក្ខណៈ​នៃ​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា នេះ​ច្បាស់​ជា​មិន​បាន​ន័យ​ថា​ព្រះ​យេហូវ៉ា​បន្ធូរ​គោល​ការណ៍​សុចរិត​របស់​ទ្រង់​ឡើយ។ បព្វជិត​ពិភព​គ្រីស្ទ​សាសនា​ប្រហែល​ជា​គិត​ថា ពួក​គេ​កំពុង​តែ​យោគ​យល់​នៅ​ពេល​ដែល​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត​សមាជិក​របស់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​គោល​ការណ៍​សីលធម៌​របស់​ព្រះ​យេហូវ៉ា​ធូរ​រលុង​ទៅ​វិញ។ (ធីម៉ូថេ​ទី​២ ៤:៣) មនុស្ស​ជាតិ​មាន​ភាព​ទន់​ទោរ​ទៅ​រក​ការ​បន្ទន់​តាម​អ្វី​ដែល​ផ្ដល់​ផល​ប្រយោជន៍​ភ្លាមៗ តែ​ទង្វើ​នេះ​មិន​ទាក់​ទង​នឹង​ការ​ចេះ​យោគ​យល់​របស់​ព្រះ​ទាល់​តែ​សោះ។ ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ។ ទ្រង់​នឹង​មិន​ដែល​បង្ខូច​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់​ឡើយ។ (លេវីវិន័យ ១១:៤៤) ដូច្នេះ ចូរ​យើង​ស្រឡាញ់​ការ​ចេះ​យោគ​យល់​របស់​ព្រះ​យេហូវ៉ា ពីព្រោះ​នោះ​ពិត​ជា​ភស្តុ​តាង​ដែល​បញ្ជាក់​ពី​ព្រះ​ទ័យ​រាប​ទាប​របស់​ទ្រង់។ អ្នក​ច្បាស់​ជា​រីក​រាយ​ណាស់​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​ដែល​មាន​ប្រាជ្ញា​ជាង​គេ​បំផុត​ក្នុង​សកលលោក ក៏​មាន​ព្រះ​ទ័យ​រាប​ទាប​ដ៏​ប្រសើរ​បំផុត មែន​ទេ? គួរ​ឲ្យ​សប្បាយ​ណាស់! យើង​អាច​ចូល​ទៅ​ជិត​ព្រះ​មួយ​អង្គ​ដែល​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង តែ​ក៏​ស្លូតបូត អត់​ធ្មត់ និង​ចេះ​យោគ​យល់​ដែរ!

      a ពួក​ស្ក្រែប(ស្មៀន)ឬ​សូភេរីម​បាន​កែ​ប្រែ​ខ​នេះ​ដើម្បី​ឲ្យ​គេ​យល់​ថា​យេរេមា​ឱន​ចុះ មិន​មែន​ព្រះ​យេហូវ៉ា​ឱន​ចុះ​ទេ។ តាម​មើល​ទៅ ពួក​គេ​គិត​ថា​គឺ​មិន​សម​ទេ​បើ​សរសេរ​ថា ព្រះ​បន្ទាប​អង្គ​ទ្រង់​នោះ។ ជា​លទ្ធផល សេចក្ដី​បក​ប្រែ​ជា​ច្រើន​ខក​ខាន​បញ្ជាក់​នូវ​ចំណុច​សំខាន់​ក្នុង​ខ​គម្ពីរ​ដ៏​ពីរោះ​ស្ដាប់​នេះ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​អង់គ្លេស​កំណែ​ថ្មី​ដាក់​ពាក្យ​សំ​ដី​យេរេមា​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ​ពេល​គាត់​ទូល​ព្រះ​ថា៖«សូម​ចាំ! ឱ​ព្រះ​អើយ! សូម​ចាំ​និង​ឱន​ចុះ​មក​ជិត​ទូល​បង្គំ»។

      b ព្រះ​គម្ពីរ​កំណែ​ផ្សេង​ទៀត​ចែង​ថា«ភាព​រាប​ទាប​ដែល​កើត​មក​ពី​ប្រាជ្ញា»និង«ភាព​ស្លូតបូត​ដែល​ជា​សញ្ញា​សំ​គាល់​ប្រាជ្ញា»។

      c គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ព្រះ​គម្ពីរ​បញ្ជាក់​ថា ចិត្ត​អត់​ធ្មត់​គឺ​ផ្ទុយ​ពី​ចិត្ត​អំនួត។ (សាស្ដា ៧:៨) ការ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ភស្តុ​តាង​ថែម​ទៀត​ថា​ទ្រង់​មាន​ព្រះ​ទ័យ​រាប​ទាប។—ពេត្រុសទី២ ៣:៩

      d ទំនុក​ដំកើង ៨៦:៥ ចែង​ថា​ព្រះ​យេហូវ៉ា«ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស»។ នៅ​ពេល​ដែល​ទំនុក​នេះ​ត្រូវ​បក​ប្រែ​ជា​ភាសា​ក្រិច ពាក្យ​ថា«បំរុង​តែ​នឹង​អត់​ទោស»ត្រូវ​បាន​បក​ប្រែ​ជា​ពាក្យ​អេពីអីកេស​ឬ«ចេះ​យោគ​យល់»។

      សំនួរ​សំរាប់​រំពឹង​គិត?

      • និក្ខមនំ ៣២:៩​-​១៤ នៅ​ពេល​ដែល​ម៉ូសេ​អង្វរ​ព្រះ​យេហូវ៉ា​ដើម្បី​សាសន៍​អ៊ីស្រាអែល តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​ក្នុង​ការ​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច?

      • ពួក​ចៅហ្វាយ ៦:៣៦​-​៤០ ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​គេឌាន តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ទ័យ​អត់​ធ្មត់​និង​ចេះ​យោគ​យល់​យ៉ាង​ណា?

      • ទំនុក​ដំកើង ១១៣:១​-​៩ របៀប​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​មក​លើ​មនុស្ស​ជាតិ តើ​ទ្រង់​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

      • លូកា ១:៤៦​-​៥៥ តើ​ម៉ារា​ជឿ​ថា​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​រាប​ទាប​និង​ខ្សត់​ខ្សោយ? តើ​ទស្សនៈ​របស់​ទ្រង់​ប្រហែល​ជា​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

  • ព្រះយេស៊ូសម្ដែងឲ្យឃើញ«ប្រាជ្ញាដែលមកពីព្រះ»
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • ព្រះ​យេស៊ូ​កំពុង​បង្រៀន​មនុស្ស​នៅ​លើ​ភ្នំ​ដោយ​មាន​បន្ទូល​ដែល​ប្រកប​ដោយ​ប្រាជ្ញា

      ជំពូក​ទី​២១

      ព្រះ​យេស៊ូ​សម្ដែង​ឲ្យ​ឃើញ«ប្រាជ្ញា​ដែល​មក​ពី​ព្រះ»

      ១​-​៣​. មនុស្ស​ដែល​ធ្លាប់​រស់​នៅ​ជិត​ខាង​ព្រះ​យេស៊ូ តើ​ពួក​គេ​បាន​តប​ឆ្លើយ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ទ្រង់​យ៉ាង​ណា? ហើយ​តើ​អ្វី​ដែល​ពួក​គេ​មិន​បាន​យល់​អំពី​ទ្រង់?

      អ្នក​ស្ដាប់​បាន​ស្រឡាំងកាំង​នៅ​ពេល​ដែល​យុវ​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ​ឈរ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ។ ទ្រង់​មិន​មែន​ជា​អ្នក​ចំ​ឡែក​ចំពោះ​ពួក​គេ​ឡើយ ដ្បិត​ទ្រង់​បាន​ធំ​ឡើង​នៅ​ក្នុង​ទី​ក្រុង​របស់​ពួក​គេ និង​បាន​ធ្វើ​ការ​ជា​ជាង​ឈើ​នៅ​ទី​នោះ​អស់​ជា​ច្រើន​ឆ្នាំ​ផង។ ប្រហែល​ជា​ពួក​គេ​ខ្លះ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​ព្រះ​យេស៊ូ​បាន​ជួយ​កសាង ឬ​ក៏​ប្រហែល​ជា​ពួក​គេ​ភ្ជួរ​រាស់​ដី​ស្រែ​ដោយ​ប្រើ​នង្គ័ល​ឬ​ក៏​នឹម​ដែល​ទ្រង់​បាន​ធ្វើ​ដោយ​ព្រះ​ហស្ត​ទ្រង់​ផ្ទាល់។a ប៉ុន្តែ តើ​ពួក​គេ​នឹង​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សេចក្ដី​បង្រៀន​របស់​បុរស​ដែល​ធ្លាប់​ជា​ជាង​ឈើ​នេះ?

      ២ មនុស្ស​ភាគ​ច្រើន​ដែល​ស្ដាប់​ទ្រង់​បាន​កោត​ស្ងើច​ណាស់ និង​សួរ​ថា៖‹តើ​អ្នក​នេះ​បាន​ទទួល​ប្រាជ្ញា​នេះ​ពី​ណា​មក?›។ ប៉ុន្តែ​ពួក​គេ​ក៏​បាន​ថា៖‹គាត់​ជា​ជាង​ឈើ ជា​កូន​នៃ​នាង​ម៉ា​រា›។ (ម៉ាថាយ ១៣:៥៤​-​៥៨; ម៉ាកុស ៦:១​-​៣) គួរ​ឲ្យ​ស្ដាយ​ណាស់ អ្នក​ទាំង​នេះ ដែល​ធ្លាប់​ជា​អ្នក​ជិត​ខាង​របស់​ព្រះ​យេស៊ូ​បាន​វែក​ញែក​ថា ‹ជាង​ឈើ​នេះ​គ្រាន់​តែ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ដូច​យើង​ទេ›។ ទោះ​ជា​ទ្រង់​មាន​បន្ទូល​ដោយ​ប្រាជ្ញា​ក៏​ពិត​មែន តែ​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់​ទេ។ ពួក​គេ​មិន​បាន​យល់​ថា ប្រាជ្ញា​ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​មិន​មែន​ជា​របស់​ទ្រង់​ឡើយ។

      ៣ តើ​ព្រះ​យេស៊ូ​ពិត​ជា​បាន​ទទួល​ប្រាជ្ញា​នេះ​ពី​ណា​មក? ទ្រង់​មាន​បន្ទូល​ថា៖«សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ»។ (យ៉ូហាន ៧:១៦) សាវ័ក​ប៉ុល​ពន្យល់​ថា ព្រះ​យេស៊ូ​ត្រូវ«បាន​តាំង​ឡើង ទុក​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ»។ (កូរិនថូសទី១ ១:៣០) ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ព្រះ​យេស៊ូ​ជា​រាជបុត្រា​របស់​ទ្រង់។ ពិត​ណាស់ ប្រាជ្ញា​នោះ​ស​ឲ្យ​ឃើញ​ច្បាស់​ដល់​ម្ល៉េះ​ដែល​ព្រះ​យេស៊ូ​អាច​មាន​បន្ទូល​ថា៖«ខ្ញុំ​ហើយ​នឹង​ព្រះ​វរបិតា គឺ​តែ​១»។ (យ៉ូហាន ១០:៣០) សូម​យើង​ពិចារណា​នូវ​របៀប​បី​យ៉ាង​ដែល​ព្រះ​យេស៊ូ​សម្ដែង​ឲ្យ​ឃើញ«ប្រាជ្ញា​ដែល​មក​ពី​ព្រះ»។

      អ្វី​ដែល​ទ្រង់​បាន​បង្រៀន

      ៤​. (ក) តើ​អ្វី​ជា​សាច់​រឿង​នៃ​សារ​របស់​ព្រះ​យេស៊ូ? ហេតុ​អ្វី​សាច់​រឿង​នោះ​សំខាន់​ម្ល៉េះ? (ខ) ហេតុ​អ្វី​បាន​ជា​ឱវាទ​របស់​ព្រះ​យេស៊ូ​តែង​តែ​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​បំផុត​ដល់​អ្នក​ស្ដាប់​ហើយ​អាច​យក​មក​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​បាន?

      ៤ ទី​មួយ សូម​ពិចារណា​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន។ សាច់​រឿង​នៃ​សារ​របស់​ទ្រង់​គឺ«ដំណឹង​ល្អ​ពី​នគរ​ព្រះ»។ (លូកា ៤:៤៣) សារ​នោះ​គឺ​សំខាន់​ណាស់ ដោយ​សារ​តួ​នាទី​ដែល​នគរ​ឬ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​ក្នុង​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា និង​ក្នុង​ការ​នាំ​ពរ​មក​មនុស្ស​ជាតិ​ជា​និរន្តរ៍។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បង្រៀន ទ្រង់​ក៏​បាន​ជូន​ឱវាទ​ប្រកប​ដោយ​ប្រាជ្ញា​សំរាប់​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ទ្រង់​ពិត​ជា«ជួយ​គំនិត[ឬ«អ្នក​ជូន​ឱវាទ», ព.ថ.]យ៉ាង​អស្ចារ្យ» ដែល​ត្រូវ​បាន​ទាយ​ទុក​ជា​មុន​នោះ។ (អេសាយ ៩:៦) ពិត​ណាស់ ឱវាទ​ដែល​ទ្រង់​ជូន​ត្រូវ​តែ​អស្ចារ្យ មែន​ទេ? ដ្បិត​ទ្រង់​មាន​ចំណេះ​ជ្រាល​ជ្រៅ​អំពី​ព្រះ​បន្ទូល​និង​ព្រះ​ហឫទ័យ​របស់​ព្រះ ថែម​ទាំង​មាន​ការ​យល់​ធ្លុះ​អំពី​លក្ខណៈ​មនុស្ស​ជាតិ និង​ក៏​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស​ដែរ។ ហេតុ​នេះ ឱវាទ​របស់​ទ្រង់​តែង​តែ​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​បំផុត​ដល់​អ្នក​ស្ដាប់ ហើយ​ក៏​អាច​យក​មក​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​បាន​ដែរ។ ព្រះ​យេស៊ូ«មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។ ពិត​ណាស់ បើ​មនុស្ស​អនុវត្ត​តាម​ឱវាទ​នេះ នោះ​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ។—យ៉ូហាន ៦:៦៨

      ៥​. តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​រឿង​អ្វី​ខ្លះ​ក្នុង​ធម្មទាន​លើ​ភ្នំ​នោះ?

      ៥ ធម្មទាន​លើ​ភ្នំ​ជា​ឧទាហរណ៍​ដ៏​ប្រសើរ​ឯក​មួយ​បង្ហាញ​ពី​ប្រាជ្ញា​ដែល​រក​ប្រៀប​ផ្ទឹម​ពុំ​បាន​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ។ ធម្មទាន​នេះ​ដែល​កត់​ទុក​នៅ​ម៉ាថាយ ៥:៣​-​៧:២៧ ប្រហែល​ជា​ត្រូវ​ការ​តែ​២០​នាទី​ដើម្បី​ថ្លែង។ ក៏​ប៉ុន្តែ ឱវាទ​ទាំង​នោះ​ពុំ​ដែល​ហួស​សម័យ​ឡើយ និង​មាន​ប្រសិទ្ធ​ភាព​សព្វ​ថ្ងៃ​នេះ​ដូច​ពេល​ដែល​ថ្លែង​ជា​លើក​ដំបូង​នោះ​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន ដូច​ជា​របៀប​បណ្ដុះ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត (៥:២៣​-​២៦; ៣៨​-​៤២; ៧:១​-​៥, ១២) របៀប​រក្សា​ខ្លួន​ឲ្យ​បាន​ស្អាត​ស្អំ​ខាង​សីលធម៌ (៥:២៧​-​៣២) និង​របៀប​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​មាន​ន័យ (៦:​១៩​-​២៤; ៧:២៤​-​២៧) ប៉ុន្តែ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​ប្រាប់​អ្នក​ស្ដាប់​អំពី​ការ​ប្រព្រឹត្ត​ដែល​មាន​ប្រាជ្ញា​ទេ ទ្រង់​ក៏​បាន​បង្ហាញ​ពួក​គេ​ដែរ ដោយ​ពន្យល់ វែក​ញែក និង​បង្ហាញ​ភស្តុ​តាង។

      ៦​-​៨​. (ក) ស្តី​អំពី​ការ​មិន​ខ្វល់​ខ្វាយ​នោះ តើ​ព្រះ​យេស៊ូ​លើក​ឡើង​មូលហេតុ​អ្វី​ខ្លះ​ដែល​គួរ​ឲ្យ​ជឿ? (ខ) តើ​អ្វី​បង្ហាញ​ថា​ឱវាទ​របស់​ព្រះ​យេស៊ូ​ប្រកប​ដោយ​ប្រាជ្ញា​ពី​ស្ថាន​លើ?

      ៦ ជា​ឧទាហរណ៍ សូម​ពិចារណា​នូវ​ឱវាទ​របស់​ព្រះ​យេស៊ូ​ដែល​ទ្រង់​មាន​បន្ទូល​នៅ​ម៉ាថាយ​ជំពូក​៦​ស្តី​អំពី​របៀប​យើង​ត្រូវ​ប្រព្រឹត្ត​នៅ​ពេល​ដែល​មាន​កង្វល់​ចំពោះ​ទ្រព្យ​សម្បត្ដិ។ ព្រះ​យេស៊ូ​ជូន​យោបល់​ថា៖«កុំ​ឲ្យ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប​កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ»។ (ខ​២៥) អាហារ​និង​សំលៀក​បំពាក់​គឺ​ជា​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំ​បាច់​បំផុត ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ខំ​រក​របស់​ទាំង​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​យើង​ថា«កុំ​ឲ្យ​ខ្វល់​ខ្វាយ»អំពី​របស់​ទាំង​នេះ។b ហេតុ​អ្វី?

      ៧ សូម​ស្ដាប់​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បន្ត​វែក​ញែក​ដែល​គួរ​ឲ្យ​ជឿ។ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ជីវិត​និង​រូប​កាយ​មក​យើង ទ្រង់​ក៏​មាន​សមត្ថភាព​ផ្គត់​ផ្គង់​អាហារ​ដើម្បី​ទ្រទ្រង់​ជីវិត និង​សំលៀក​បំពាក់​សំរាប់​រូប​កាយ​ដែរ មែន​ទេ? (ខ​២៥) បើ​ព្រះ​ផ្គត់​ផ្គង់​ចំណី​អាហារ​សំរាប់​សត្វ​ស្លាប និង​តុបតែង​ផ្កា​ឲ្យ​បាន​ស្អាត ទ្រង់​ច្បាស់​ជា​នឹង​ថែ​រក្សា​មនុស្ស​ជាតិ​ដែល​ថ្វាយ​បង្គំ​ទ្រង់​លើស​ជាង​នោះ​ទៅ​ទៀត! (ខ​២៦, ២៨​-​៣០) ការ​ពិត ការ​ខ្វល់​ខ្វាយ​ហួស​ហេតុ​គឺ​ឥត​ប្រយោជន៍​តែ​ម្ដង ពីព្រោះ​ថា ការ​ខ្វល់​ខ្វាយ​មិន​អាច​ធ្វើ​ឲ្យ​អាយុ​ជីវិត​របស់​យើង​វែង​ជាង​ទេ សូម្បី​តែ​បន្ដិច​ក៏​មិន​បាន​ផង។c (ខ​២៧) តើ​យើង​អាច​ធ្វើ​អ្វី​ទៅ​ដើម្បី​កុំ​ឲ្យ​ខ្វល់​ខ្វាយ? ព្រះ​យេស៊ូ​ជូន​ឱវាទ​ថា៖ ចូរ​បន្ត​ទុក​ការ​ថ្វាយ​បង្គំ​ព្រះ​ជា​អាទិ​ភាព​ក្នុង​ជីវិត​អ្នក។ អស់​អ្នក​ដែល​ធ្វើ​ដូច្នេះ​អាច​ជឿ​ជាក់​ថា សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ«នឹង​បាន​ប្រទាន​មក»ដោយ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌។ (ខ​៣៣) ជា​ចុង​បញ្ចប់ ព្រះ​យេស៊ូ​ជូន​យោបល់​ដែល​មាន​ប្រយោជន៍​ច្រើន​ណាស់។ យោបល់​នោះ​គឺ ចូរ​គិត​តែ​មួយ​ថ្ងៃៗ​វិញ។ មិន​ចាំ​បាច់​យក​កង្វល់​ពី​ថ្ងៃ​ស្អែក​មក​ដាក់​បន្ថែម​នឹង​កង្វល់​ដែល​មាន​ថ្ងៃ​នេះ​ទេ មែន​ទេ? (ខ​៣៤) ម្យ៉ាង​ទៀត យើង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ហួស​ហេតុ​អំពី​អ្វី​ដែល​ប្រហែល​ជា​នឹង​មិន​កើត​ឡើង​ទេ មែន​ទេ? ក្នុង​របប​លោកីយ៍​នេះ​ដែល​បណ្ដាល​ឲ្យ​តាន​តឹង​ក្នុង​ចិត្ត ការ​អនុវត្ត​តាម​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នេះ អាច​ជួយ​ឲ្យ​យើង​រួច​ពី​ការ​ពិបាក​ចិត្ត​ជា​ច្រើន​យ៉ាង​ណាស់។

      ៨ គឺ​ច្បាស់​ហើយ​ដែល​ថា ឱវាទ​ដែល​ព្រះ​យេស៊ូ​បាន​ជូន​ក៏​មាន​ប្រយោជន៍​សព្វ​ថ្ងៃ​នេះ ដូច​ពេល​ដែល​ទ្រង់​ជូន​ជា​លើក​ដំបូង​ជិត​២.០០០​ឆ្នាំ​មុន​នោះ​ដែរ។ នេះ​ជា​ភស្តុ​តាង​ដែល​បង្ហាញ​ថា​ទ្រង់​មាន​ប្រាជ្ញា​ពី​ស្ថាន​លើ មែន​ទេ? សូម្បី​តែ​យោបល់​ល្អ​បំផុត​របស់​មនុស្ស​ជាតិ​ដែល​ជូន​ឱវាទ ក៏​ទៅ​ជា​ហួស​សម័យ​និង​ក្រោយ​មក​ត្រូវ​កែ​ឬ​ជំនួស​វិញ។ ក៏​ប៉ុន្តែ សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​នៅ​តែ​មាន​ប្រយោជន៍​សូម្បី​តែ​ពេល​វេលា​បាន​កន្លង​ទៅ​យ៉ាង​យូរ​ក៏​ដោយ។ តែ​នេះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទេ ដ្បិត​អ្នក​ជូន​ឱវាទ​យ៉ាង​អស្ចារ្យ​នេះ​បាន​មាន​បន្ទូល​ទៅ«តាម​ព្រះ​បន្ទូល​នៃ​ព្រះ»។—យ៉ូហាន ៣:៣៤

      របៀប​ទ្រង់​បាន​បង្រៀន

      ៩​. តើ​ទាហាន​ខ្លះ​បាន​និយាយ​អ្វី​អំពី​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ? ហេតុ​អ្វី​បាន​ជា​នេះ​មិន​មែន​ជា​ការ​និយាយ​ពន្លើស​ទេ?

      ៩ ទី​ពីរ ប្រាជ្ញា​របស់​ព្រះ​ក៏​ស​ឲ្យ​ឃើញ​ក្នុង​របៀប​ព្រះ​យេស៊ូ​បង្រៀន​ដែរ។ នៅ​គ្រា​មួយ ទាហាន​ខ្លះ​ដែល​ត្រូវ​ចាត់​ឲ្យ​ទៅ​ចាប់​ទ្រង់ បាន​វិល​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ ទាំង​ពោល​ថា«មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។ (យ៉ូហាន ៧:៤៥, ៤៦) ពំនោល​នេះ​មិន​មែន​ជា​ការ​និយាយ​ពន្លើស​ទេ។ ក្នុង​ចំណោម​មនុស្ស​ជាតិ​ទាំង​ឡាយ​ដែល​ធ្លាប់​រស់​នៅ​លើ​ផែន​ដី​នេះ ព្រះ​យេស៊ូ​ដែល«មក​ពី​ស្ថាន​លើ» មាន​ឃ្លាំង​ចំណេះ​និង​បទ​ពិសោធន៍​ច្រើន​ជាង​គេ​បំផុត ដែល​ទ្រង់​អាច​យក​មក​ប្រើ។ (យ៉ូហាន ៨:២៣) ពុំ​ដែល​មាន​មនុស្ស​ជាតិ​ណា​ម្នាក់​មាន​សមត្ថភាព​បង្រៀន​ដូច​ទ្រង់​ឡើយ។ សូម​ពិចារណា​វិធី​សាស្ត្រ​ពីរ​របស់​គ្រូ​បង្រៀន​ដែល​មាន​ប្រាជ្ញា​នេះ។

      «បណ្ដា​មនុស្ស​ក៏​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន»

      ១០, ១១​. (ក) ហេតុ​អ្វី​បាន​ជា​យើង​នឹក​អស្ចារ្យ​ចំពោះ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ? (ខ) តើ​ឧទាហរណ៍​និទស្សន៍​គឺ​ជា​អ្វី? តើ​ឧទាហរណ៍​អ្វី​បង្ហាញ​នូវ​មូលហេតុ​ដែល​ឧទាហរណ៍​និទស្សន៍​របស់​ព្រះ​យេស៊ូ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​បង្រៀន?

      ១០ ការ​ប្រើ​រឿង​ប្រៀប​ប្រដូច​ដោយ​មាន​ប្រសិទ្ធ​ភាព។ ព្រះ​គម្ពីរ​ចែង​ថា៖«ព្រះ​យេស៊ូ​វ​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប​ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​បន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប​ទេ»។ (ម៉ាថាយ ១៣:៣៤) យើង​ពិត​ជា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​សមត្ថភាព​ដែល​រក​ប្រៀប​ផ្ទឹម​ពុំ​បាន​របស់​ទ្រង់ ក្នុង​ការ​បង្រៀន​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​ដោយ​ប្រៀប​ធៀប​នឹង​អ្វី​សាមញ្ញ​ធម្មតា។ កសិករ​សាប​ព្រោះ ស្ត្រី​រៀប​ចំ​ដុត​នំ​ប៉័ង កូន​ក្មេង​កំពុង​តែ​លេង​នៅ​ផ្សារ អ្នក​នេសាទ​ទាញ​អួន​ឡើង និង​អ្នក​គង្វាល​កំពុង​តែ​ស្វះ​ស្វែង​រក​ចៀម​វង្វេង សុទ្ធតែ​ជា​របស់​អ្នក​ស្ដាប់​ធ្លាប់​ឃើញ​ជា​ច្រើន​ដង។ នៅ​ពេល​ដែល​សេចក្ដី​ពិត​សំខាន់ៗ​ត្រូវ​ពន្យល់​ដោយ​ប្រៀប​ធៀប​នឹង​អ្វីៗ​ដែល​មនុស្ស​ស្គាល់​ហើយ នោះ​សេចក្ដី​ពិត​ទាំង​នេះ​បាន​ដិត​ជាប់​យ៉ាង​ជ្រៅ​និង​យ៉ាង​លឿន​ក្នុង​ចិត្ត​គំនិត។—ម៉ាថាយ ១១:១៦​-​១៩; ១៣:៣​-​៨, ៣៣, ៤៧​-​៥០; ១៨:១២​-​១៤

      ១១ ជា​ញឹក​ញាប់ ព្រះ​យេស៊ូ​ប្រើ​ឧទាហរណ៍​និទស្សន៍ ដែល​ជា​និទាន​ក​ថា​ខ្លីៗ​សំរាប់​ទាញ​យក​សេចក្ដី​ពិត​អំពី​សីលធម៌​ឬ​ក៏​អ្វី​ខាង​វិញ្ញាណ។ ដោយ​ព្រោះ​និទាន​ក​ថា​គឺ​ស្រួល​យល់​ជាង​ឲ្យ​យោបល់​ទទេ​នោះ ឧទាហរណ៍​និទស្សន៍​ជួយ​ឲ្យ​ចង​ចាំ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ។ ក្នុង​ឧទាហរណ៍​និទស្សន៍​ជា​ច្រើន ព្រះ​យេស៊ូ​ពណ៌នា​អំពី​ព្រះ​វរបិតា​របស់​ទ្រង់​ដោយ​មាន​បន្ទូល​ធ្វើ​ឲ្យ​ឃើញ​ទិដ្ឋភាព​យ៉ាង​ច្បាស់​មិន​ងាយ​ភ្លេច​ទេ។ ជា​ឧទាហរណ៍ ចំណុច​សំខាន់ៗ​ក្នុង​ឧទាហរណ៍​និទស្សន៍​អំពី​កូន​បង្ហិន​ទ្រព្យ​នោះ​គឺ ព្រះ​យេហូវ៉ា​នឹង​អាណិត​អាសូរ​ហើយ​ទទួល​មក​វិញ​យ៉ាង​កក់​ក្ដៅ​ចំពោះ​អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ក្រោយ​បាន​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​នោះ។ មនុស្ស​គ្រប់​រូប​អាច​យល់​ចំណុច​សំខាន់​ក្នុង​រឿង​នេះ​បាន មែន​ទេ?—លូកា ១៥:១១​-​៣២

      ១២​. (ក) តើ​ព្រះ​យេស៊ូ​បាន​ប្រើ​សំនួរ​ដោយ​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ចោទ​ទៅ​លើ​អំណាច​របស់​ទ្រង់​បាត់​មាត់​ឈឹង​យ៉ាង​ដូច​ម្ដេច?

      ១២ ការ​ប្រើ​សំនួរ​ដោយ​ប៉ិនប្រសប់។ ព្រះ​យេស៊ូ​ប្រើ​សំនួរ​ដើម្បី​បណ្ដាល​ឲ្យ​អ្នក​ស្ដាប់​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ខ្លួន​ឯង ឬ​ពិចារណា​នូវ​បំណង​ចិត្ត​របស់​ខ្លួន ឬ​មួយ​ក៏​ធ្វើ​ការ​សម្រេច​ចិត្ត។ (ម៉ាថាយ ១២:២៤​-​៣០; ១៧:២៤​-​២៧; ២២:៤១​-​៤៦) នៅ​ពេល​ដែល​អ្នក​ដឹក​នាំ​សាសនា​បាន​ចោទ​ថា​ទ្រង់​គ្មាន​អំណាច​ពី​ព្រះ​នោះ ព្រះ​យេស៊ូ​តប​ឆ្លើយ​ថា៖«បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថាន​សួគ៌ ឬ​ពី​មនុស្ស?»។ ទាល់​គំនិត​ដោយ​សារ​សំនួរ​នេះ ពួក​គេ​បាន​រិះ​គិត​គ្នា​ថា៖«បើ​យើង​ថា មក​ពី​ស្ថាន​សួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់? តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​ខ្លាច​ពួក​បណ្ដា​ជន ដ្បិត​មនុស្ស​ទាំង​អស់​រាប់​យ៉ូហាន​នេះ​ទុក​ជា​ហោរា​មែន»។ នៅ​ទី​បំផុត​ពួក​គេ​ឆ្លើយ​ថា៖«យើង​មិន​ដឹង​ទេ!»។ (ម៉ាកុស ១១:២៧​-​៣៣; ម៉ាថាយ ២១:២៣​-​២៧) ដោយ​សំនួរ​ស្រួល​មួយ ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាត់​មាត់​ឈឹង​និង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ឥត​ស្មោះ​ត្រង់​ក្នុង​ចិត្ត​របស់​ពួក​គេ​ទៀត​ផង។

      ១៣​-​១៥​. តើ​ឧទាហរណ៍​និទស្សន៍​អំពី​បុរស​សាសន៍​សាម៉ារី​ដែល​មាន​ចិត្ត​ល្អ​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

      ១៣ ជួន​កាល ព្រះ​យេស៊ូ​ប្រើ​វិធី​ផ្សេងៗ​ជា​មួយ​គ្នា ដោយ​បង្កប់​សំនួរ​ត្រិះរិះ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់។ នៅ​ពេល​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​សួរ​ព្រះ​យេស៊ូ​អំពី​តម្រូវ​ការ​ដើម្បី​ទទួល​ជីវិត​ជា​រៀង​រហូត នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ដក​ស្រង់​ពី​ក្រិត្យ​វិន័យ​ម៉ូសេ ដែល​បង្គាប់​ឲ្យ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។ ដោយ​សារ​បុរស​នេះ​ចង់​បង្ហាញ​ថា​ខ្លួន​ជា​មនុស្ស​សុចរិត គាត់​សួរ​ថា៖«តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ?»។ ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ដោយ​និទាន​រឿង​មួយ។ បុរស​សាសន៍​យូដា​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ម្នាក់​ឯង ស្រាប់​តែ​មាន​ចោរ​មក​វាយ​ប្លន់​គាត់​រហូត​ដល់​របួស​ជិត​ស្លាប់​រួច​ចោល​ឲ្យ​នៅ​ដេក​ស្តូក​ស្ដឹង។ ក្រោយ​មក​បុរស​សាសន៍​យូដា​ពីរ​នាក់​ដើរ​កាត់ ដោយ​មាន​សង្ឃ​ម្នាក់​ដើរ​មក​មុន រួច​មក​មាន​សាសន៍​លេវី​ម្នាក់។ បុរស​ទាំង​ពីរ​នាក់​បាន​ដើរ​ធ្វើ​មិន​ដឹង​មិន​រវល់​ជន​រង​គ្រោះ។ ប៉ុន្តែ ក្រោយ​មក​បុរស​សាសន៍​សាម៉ារី​ម្នាក់​ដើរ​កាត់។ គាត់​មាន​ចិត្ត​ក្ដួល​អាណិត ជួយ​រុំ​របួស​ជន​រង​គ្រោះ​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ជូន​គាត់​ទៅ​ផ្ទះ​សំណាក់​មួយ​ដើម្បី​ឲ្យ​ឆាប់​ជា។ ព្រះ​យេស៊ូ​បាន​បញ្ចប់​រឿង​នេះ​ដោយ​សួរ​អ្នក​ប្រាជ្ញ​ច្បាប់​នោះ​ថា៖«ក្នុង​៣​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ​នោះ?»។ បុរស​នោះ​ឆ្លើយ​ថា៖«គឺ​អ្នក​១​ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់​នោះ​ឯង»។—លូកា ១០:២៥​-​៣៧

      ១៤ តើ​ឧទាហរណ៍​និទស្សន៍​នេះ​បញ្ជាក់​ប្រាជ្ញា​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច? នៅ​សម័យ​ព្រះ​យេស៊ូ សាសន៍​យូដា​បាន​ប្រើ​ពាក្យ«អ្នក​ជិត​ខាង»សំរាប់​តែ​អ្នក​ដែល​ធ្វើ​តាម​ទំនៀម​ទំ​លាប់​របស់​ពួក​គេ ច្បាស់​ជា​មិន​ប្រើ​សំរាប់​សាសន៍​សាម៉ារី​ទេ។ (យ៉ូហាន ៤:៩) បើ​ព្រះ​យេស៊ូ​និទាន​រឿង​នេះ​ដោយ​ប្រាប់​ថា​បុរស​សាម៉ារី​ជា​អ្នក​រង​គ្រោះ​វិញ ហើយ​សាសន៍​យូដា​ម្នាក់​ជួយ​គាត់ តើ​នេះ​នឹង​ជួយ​បំបាត់​នូវ​ការ​ប្រកាន់​ពូជ​សាសន៍​ឬ? ដោយ​ប្រាជ្ញា ព្រះ​យេស៊ូ​និទាន​រឿង​នេះ​ដោយ​ប្រាប់​ថា​សាសន៍​សាម៉ារី​ម្នាក់​ថែ​រក្សា​សាសន៍​យូដា​ម្នាក់​ដោយ​ថ្នាក់​ថ្នម។ សូម​កត់​សម្គាល់​ដែរ​នូវ​សំនួរ​ដែល​ព្រះ​យេស៊ូ​សួរ​ក្រោយ​និទាន​រឿង​នោះ​ចប់​ហើយ។ ទ្រង់​បញ្ជាក់​ឲ្យ​ដឹង​ថា​ពាក្យ«អ្នក​ជិត​ខាង»សំដៅ​លើ​អ្នក​ណា។ ការ​ពិត អ្នក​ប្រាជ្ញ​ច្បាប់​នេះ​ចង់​សួរ​ថា៖‹តើ​អ្នក​ណា​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?›។ ប៉ុន្តែ ព្រះ​យេស៊ូ​សួរ​ថា៖«ក្នុង​៣​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង?»។ ព្រះ​យេស៊ូ​មិន​បាន​ដៅ​បញ្ជាក់​ទៅ​លើ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សប្បុរស​នោះ​ទេ តែ​ចង់​ដៅ​បញ្ជាក់​ទៅ​លើ​អ្នក​ដែល​បាន​បង្ហាញ​សេចក្ដី​សប្បុរស​វិញ គឺ​បុរស​សាសន៍​សាម៉ារី។ អ្នក​ជិត​ខាង​ដ៏​ពិត ចេះ​ផ្ដើម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត​មិន​ថា​ពួក​គេ​ជា​សាសន៍​ណា​ក៏​ដោយ។ ដើម្បី​បញ្ជាក់​ចំណុច​សំខាន់​នេះ ព្រះ​យេស៊ូ​បាន​ប្រើ​វិធី​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត។

      ១៥ គ្មាន​អ្វី​ចំ​ឡែក​ទេ​ដែល​មនុស្ស​បាន​ស្រឡាំងកាំង​ចំពោះ«សេចក្ដី​ដែល​ទ្រង់​បង្រៀន» និង​ត្រូវ​បាន​ទាក់​ទាញ​ឲ្យ​មក​ឯ​ទ្រង់ មែន​ទេ? (ម៉ាថាយ ៧:២៨, ២៩) នៅ​គ្រា​មួយ‹ហ្វូង​មនុស្ស​យ៉ាង​ធំ›បាន​នៅ​ជា​មួយ​ទ្រង់​អស់​បី​ថ្ងៃ ដោយ​មិន​បរិភោគ​អ្វី​សោះ!—ម៉ាកុស ៨:១, ២

      គន្លង​ព្រះ​ជន្ម​របស់​ទ្រង់

      ១៦​. តើ​ព្រះ​យេស៊ូ​បាន​ផ្ដល់«ភស្តុ​តាង​ដោយ​ការ​ប្រព្រឹត្ត»ឲ្យ​ឃើញ​ថា ទ្រង់​មាន​ប្រាជ្ញា​របស់​ព្រះ​ដឹក​នាំ​យ៉ាង​ដូច​ម្ដេច?

      ១៦ វិធី​ទី​បី​ដែល​ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា គឺ​ដោយ​គន្លង​ព្រះ​ជន្ម​របស់​ទ្រង់។ ប្រាជ្ញា​ជា​អ្វី​ដែល​យើង​អាច​យក​មក​អនុវត្ត ហើយ​មាន​ប្រសិទ្ធ​ភាព។ យ៉ាកុប​ដែល​ជា​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​បាន​សួរ​ថា៖«ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា​ទេ?»។ រួច​មក​គាត់​ឆ្លើយ​សំនួរ​របស់​ខ្លួន​ឯង​ដោយ​ពោល​ថា៖«ចូរ​អ្នក​នោះ​ផ្ដល់​ភស្តុ​តាង​ដោយ​ការ​ប្រព្រឹត្ត​ល្អ​ឲ្យ​ឃើញ​ថា មាន​ប្រាជ្ញា​មែន»។ (យ៉ាកុប ៣:១៣, ព្រះ​គម្ពីរ​អង់គ្លេស​កំណែ​ថ្មី) កិរិយា​របស់​ព្រះ​យេស៊ូ​គឺ​ជា«ភស្តុ​តាង​ដោយ​ការ​ប្រព្រឹត្ត»ដែល​បង្ហាញ​ថា ទ្រង់​មាន​ប្រាជ្ញា​របស់​ព្រះ​ដឹក​នាំ។ សូម​យើង​ពិចារណា​នូវ​របៀប​ទ្រង់​បង្ហាញ​ថា​ទ្រង់​មាន​សមត្ថភាព​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ព្រម​ទាំង​ក្នុង​របៀប​ទ្រង់​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ឯ​ទៀត។

      ១៧​. តើ​អ្វី​ខ្លះ​បង្ហាញ​ថា​ព្រះ​យេស៊ូ​មាន​តុល្យ​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​ព្រះ​ជន្ម​ទ្រង់?

      ១៧ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ថា មនុស្ស​ដែល​គ្មាន​សមត្ថភាព​វិនិច្ឆ័យ​ឲ្យ​បាន​ល្អ​ច្រើន​តែ​ធ្វើ​អ្វី​ហួស​ហេតុ​ឬ​ទេ? គឺ​ពិត​មែន​ដែល​ថា ត្រូវ​ការ​ប្រាជ្ញា​ជា​មុន ទើប​អាច​មាន​តុល្យ​ភាព​បាន។ ដោយ​ទទួល​ប្រាជ្ញា​ពី​ព្រះ នោះ​ព្រះ​យេស៊ូ​មាន​តុល្យ​ភាព​ល្អ​ឥត​ខ្ចោះ។ អ្វីៗ​ដែល​ទាក់​ទង​ខាង​វិញ្ញាណ​គឺ​សំខាន់​បំផុត​ក្នុង​ព្រះ​ជន្ម​របស់​ទ្រង់។ ទ្រង់​បាន​ជាប់​រវល់​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកាស​ផ្សាយ​ដំណឹង​ល្អ។ ទ្រង់​មាន​បន្ទូល​ថា៖«ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​មក»។ (ម៉ាកុស ១:៣៨) គឺ​ច្បាស់​ហើយ​ដែល​ថា ទ្រព្យ​សម្បត្ដិ​មិន​សូវ​សំខាន់​ចំពោះ​ទ្រង់​ទេ តាម​មើល​ទៅ​ទ្រង់​មាន​តិច​តួច​ណាស់។ (ម៉ាថាយ ៨:២០) ក៏​ប៉ុន្តែ ទ្រង់​មិន​មែន​ដូច​តាបស​ទេ។ ដូច​ព្រះ​វរបិតា​របស់​ទ្រង់​ដែល​ជា«ព្រះ​ដែល​មាន​ព្រះ​ទ័យ​សប្បាយ» ព្រះ​យេស៊ូ​ក៏​មាន​ព្រះ​ទ័យ​សប្បាយ​ដែរ ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​អរ​សប្បាយ​ទៀត​ផង។ (ធីម៉ូថេ​ទី​១ ១:១១, ព.ថ.; ធីម៉ូថេ​ទី​១ ៦:១៥, ខ.ស.) នៅ​ពេល​ដែល​ទ្រង់​ចូល​រួម​ពិធី​សោយ​លៀង​អាពាហ៍ពិពាហ៍​ដែល​ធម្មតា​មាន​ភ្លេង ច្រៀង​ចំ​រៀង និង​ការ​អរ​សប្បាយ ទ្រង់​មិន​យាង​ទៅ​ទី​នោះ​ក្នុង​បំណង​បង្ខូច​ក្ដី​សោមនស្ស​រីក​រាយ​នៃ​ពិធី​នោះ​ទេ។ នៅ​ពេល​ដែល​អស់​ស្រា​ហើយ ទ្រង់​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា ជា​ភេសជ្ជៈ​ម្យ៉ាង«ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយ»។ (ទំនុក​ដំកើង ១០៤:១៥; យ៉ូហាន ២:១​-​១១) ជា​ច្រើន​ដង ព្រះ​យេស៊ូ​ព្រម​ទទួល​សេចក្ដី​អញ្ជើញ​ដើម្បី​ទៅ​សោយ​អាហារ​ជា​មួយ​គ្នា ហើយ​ជា​ញឹក​ញាប់​ទ្រង់​ប្រើ​ឱកាស​ទាំង​នេះ​ដើម្បី​បង្រៀន។—លូកា ១០:៣៨​-​៤២; ១៤:១​-​៦

      ១៨​. តើ​ព្រះ​យេស៊ូ​បង្ហាញ​សមត្ថភាព​វិនិច្ឆ័យ​យ៉ាង​ឥត​ខ្ចោះ​ពេល​ប្រព្រឹត្ត​ទៅ​លើ​សិស្ស​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

      ១៨ ព្រះ​យេស៊ូ​បាន​វិនិច្ឆ័យ​យ៉ាង​ឥត​ខ្ចោះ​ពេល​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដែរ។ ដោយ​សារ​ទ្រង់​យល់​ធ្លុះ​ជ្រៅ​អំពី​ធាតុ​ពិត​របស់​មនុស្ស​ជាតិ ទ្រង់​អាច​វាយ​តម្លៃ​យ៉ាង​ត្រឹម​ត្រូវ​ទៅ​លើ​សិស្ស​របស់​ទ្រង់។ ទ្រង់​ជ្រាប​ច្បាស់​ថា​ពួក​គេ​មិន​គ្រប់​ល័ក្ខណ៍​ទេ។ ប៉ុន្តែ ទ្រង់​ចេះ​រក​លក្ខណៈ​ល្អ​របស់​ពួក​គេ។ ទ្រង់​ក៏​ឃើញ​ថា​បុរស​ទាំង​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​ទាញ​មក​មាន​លទ្ធភាព​សម្រេច​កិច្ច​បំរើ។ (យ៉ូហាន ៦:៤៤) ថ្វី​បើ​ពួក​គេ​មាន​កំហុស​ក៏​ដោយ ព្រះ​យេស៊ូ​នៅ​តែ​សុខ​ចិត្ត​ទុក​ចិត្ត​ពួក​គេ។ ទ្រង់​បាន​បង្ហាញ​ពី​ការ​ទុក​ចិត្ត​នេះ​ដោយ​ប្រគល់​កិច្ច​ការ​មួយ​យ៉ាង​ធំ​ដល់​សិស្ស​របស់​ទ្រង់។ ទ្រង់​បង្គាប់​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​ទ្រង់​ជឿ​ជាក់​ថា​ពួក​គេ​មាន​សមត្ថភាព​ធ្វើ​បាន។ (ម៉ាថាយ ២៨:១៩, ២០) សៀវភៅ​កិច្ច​ការ​ជា​ភស្តុ​តាង​បញ្ជាក់​ថា ពួក​គេ​បាន​ធ្វើ​កិច្ច​ការ​នេះ​យ៉ាង​ស្មោះ​ត្រង់​តាម​បង្គាប់​ទ្រង់។ (កិច្ច​ការ ២:៤១, ៤២; ៤:៣៣; ៥:២៧​-​៣២) ដូច្នេះ ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​ពិត​ជា​មាន​ប្រាជ្ញា​មែន ដោយ​សារ​ទ្រង់​បាន​ទុក​ចិត្ត​ពួក​គេ។

      ១៩​. តើ​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់«ស្លូត​ហើយ​មាន​ចិត្ត​សុភាព»យ៉ាង​ដូច​ម្ដេច?

      ១៩ ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​ជំពូក​ទី​២០​ព្រះ​គម្ពីរ​បញ្ជាក់​ថា ចិត្ត​រាប​ទាប​និង​ភាព​ស្លូតបូត ជាប់​ទាក់​ទង​នឹង​ប្រាជ្ញា។ ពិត​មែន ព្រះ​យេហូវ៉ា​ជា​គំរូ​ល្អ​បំផុត​ក្នុង​រឿង​នេះ។ ប៉ុន្តែ​ចុះ​ព្រះ​យេស៊ូ​វិញ? យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់​នៅ​ពេល​ដែល​ឃើញ​របៀប​ព្រះ​យេស៊ូ​ប្រព្រឹត្ត​យ៉ាង​រាប​ទាប​ទៅ​លើ​សិស្ស​របស់​ទ្រង់។ ដោយ​សារ​ទ្រង់​ជា​បុរស​គ្រប់​ល័ក្ខណ៍ ទ្រង់​មាន​សមត្ថភាព​ខ្ពស់​ជាង​ពួក​គេ​ឆ្ងាយ​ណាស់។ ប៉ុន្តែ ទ្រង់​មិន​មើល​ងាយ​សិស្ស​របស់​ទ្រង់​ទេ។ ទ្រង់​មិន​ដែល​បន្ថោក​បន្ទាប​ពួក​គេ​ឬ​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា​ខ្លួន​គ្មាន​សមត្ថភាព​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​គិត​ដល់​កំរិត​សមត្ថភាព​ពួក​គេ និង​បង្ហាញ​ព្រះ​ទ័យ​អត់​ធ្មត់​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ខុស។ (ម៉ាកុស ១៤:៣៤​-​៣៨; យ៉ូហាន ១៦:១២) គួរ​ឲ្យ​កត់​សម្គាល់​មែន សូម្បី​តែ​កូន​ក្មេង​ក៏​មាន​អារម្មណ៍​ស្រួល​ពេល​ដែល​នៅ​ជា​មួយ​ព្រះ​យេស៊ូ​ដែរ មែន​ទេ? ពួក​គេ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ចង់​ចូល​ទៅ​ជិត​ទ្រង់ ដោយ​សារ​ទទួល​ស្គាល់​ថា​ទ្រង់«ស្លូត​ហើយ​មាន​ចិត្ត​សុភាព»។—ម៉ាថាយ ១១:២៩; ម៉ាកុស ១០:១៣​-​១៦

      ២០​. ចំពោះ​កូន​ស្រី​របស់​ស្ត្រី​សាសន៍​ដទៃ​ដែល​មាន​បិសាច​ចូល​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​នោះ តើ​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​ចេះ​យោគ​យល់​យ៉ាង​ដូច​ម្ដេច?

      ២០ មាន​អ្វី​មួយ​ទៀត​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​ដូច​ព្រះ​ដែរ​គឺ​ទ្រង់​ចេះ​យោគ​យល់​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​នៅ​ពេល​ដែល​សម​ធ្វើ​ដូច្នេះ។ សូម​នឹក​ចាំ​ពី​ពេល​ដែល​ស្ត្រី​សាសន៍​ដទៃ​ម្នាក់​អង្វរ​ទ្រង់​ឲ្យ​ព្យាបាល​កូន​ស្រី​របស់​គាត់​ដែល​ត្រូវ​បិសាច​ចូល​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង។ តាម​វិធី​បី​យ៉ាង ព្រះ​យេស៊ូ​បញ្ជាក់​នៅ​ដើម​ដំបូង​ថា​ទ្រង់​នឹង​មិន​ជួយ​គាត់​ទេ។ ទី​មួយ ទ្រង់​មិន​តប​ឆ្លើយ​ទេ។ ទី​ពីរ​ទ្រង់​មាន​បន្ទូល​ដោយ​ត្រង់ៗ​ថា ទ្រង់​ត្រូវ​បាន​ចាត់​ឲ្យ​មក​ជួយ​សាសន៍​យូដា មិន​មែន​សាសន៍​ដទៃ​ទេ។ ហើយ​ទី​បី​ទ្រង់​មាន​បន្ទូល​ប្រាប់​រឿង​ប្រៀប​ប្រដូច​មួយ​ដែល​បញ្ជាក់​ចំណុច​ដដែល​នោះ។ ប៉ុន្តែ ស្ត្រី​នោះ​បន្ត​ព្យាយាម​ទៀត ហើយ​នេះ​បង្ហាញ​ថា​គាត់​មាន​ជំនឿ​យ៉ាង​ខ្លាំង​ខុស​ពី​ធម្មតា។ ដោយ​គិត​ពី​កាលៈទេសៈ​ពិសេស​នេះ តើ​ព្រះ​យេស៊ូ​ប្រព្រឹត្ត​តប​យ៉ាង​ណា? ទ្រង់​ធ្វើ​អ្វី​ដែល​នៅ​ដើម​ដំបូង​ទ្រង់​មិន​ព្រម​ធ្វើ​ទេ គឺ​ទ្រង់​ព្យាបាល​កូន​របស់​គាត់។ (ម៉ាថាយ ១៥:២១​-​២៨) នេះ​បង្ហាញ​ភាព​រាប​ទាប​ដ៏​អស្ចារ្យ​ណាស់ មែន​ទេ? ហើយ​សូម​ចង​ចាំ​ថា ភាព​រាប​ទាប​គឺ​ជា​មូលដ្ឋាន​នៃ​ប្រាជ្ញា​ដ៏​ពិត។

      ២១​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​ព្យាយាម​យក​តម្រាប់​តាម​បុគ្គលិក​លក្ខណៈ បន្ទូល​និង​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេស៊ូ?

      ២១ យើង​សប្បាយ​ណាស់​ដែល​សៀវភៅ​ដំណឹង​ល្អ​បើក​សម្ដែង​ឲ្យ​យើង​ស្គាល់​បន្ទូល​របស់​ព្រះ​និង​ការ​ប្រព្រឹត្ត​របស់​បុរស​ដែល​មាន​ប្រាជ្ញា​ជាង​គេ​បំផុត! សូម​យើង​ចាំ​ថា​ព្រះ​យេស៊ូ​មាន​លក្ខណៈ​ដូច​ព្រះ​វរបិតា​ទ្រង់​បេះបិទ។ ដោយ​យក​តម្រាប់​តាម​បុគ្គលិក​លក្ខណៈ បន្ទូល និង​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេស៊ូ យើង​នឹង​បណ្ដុះ​ឲ្យ​មាន​ប្រាជ្ញា​ពី​ស្ថាន​លើ។ ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​ពិចារណា​នូវ​របៀប​យើង​អាច​ប្រើ​ប្រាជ្ញា​របស់​ព្រះ​ក្នុង​ជីវិត​របស់​យើង។

      a នៅ​សម័យ​ព្រះ​គម្ពីរ ជាង​ឈើ​ធ្លាប់​ធ្វើ​ការ​កសាង​ផ្ទះ ធ្វើ​តុ​ទូ និង​ធ្វើ​ឧបករណ៍​សំរាប់​កសិកម្ម។ លោក​ចាស្ទីន ម៉ាទើ​ដែល​ធ្លាប់​រស់​នៅ​សត​វត្ស​ទី​ពីរ​បាន​សរសេរ​អំពី​ព្រះ​យេស៊ូ​ថា៖ «ទ្រង់​ធ្លាប់​ធ្វើ​ការ​ជា​ជាង​ឈើ​ពេល​ដែល​នៅ​ជា​មួយ​មនុស្ស​ជាតិ ទាំង​ធ្វើ​នង្គ័ល​និង​នឹម»។

      b កិរិយា​ស័ព្ទ​ភាសា​ក្រិច​ដែល​ត្រូវ​បក​ប្រែ​ថា«ខ្វល់​ខ្វាយ» មាន​ន័យ​ថា«អារម្មណ៍​បាន​ត្រូវ​បង្វែរ»។ របៀប​ពាក្យ​នេះ​ប្រើ​នៅ​ម៉ាថាយ ៦:២៥ សំដៅ​ទៅ​លើ​អារម្មណ៍​បាន​ត្រូវ​បង្វែរ​ឬ​បំបែរ​ដោយ​ការ​ព្រួយ​បារម្ភ​និង​ធ្វើ​ឲ្យ​លែង​សប្បាយ​នឹង​ជីវិត។

      c តាម​ពិត ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យា​សាស្ត្រ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ខ្វល់​ខ្វាយ​និង​ការ​តាន​តឹង​ចិត្ត​ហួស​ហេតុ​ពេក​អាច​បង្ក​លទ្ធភាព​ឲ្យ​យើង​កើត​មាន​ជំងឺ​បេះដូង​និង​ជំងឺ​ជា​ច្រើន​ឯ​ទៀត​ដែល​អាច​កាត់​បន្ថយ​អាយុ​ជីវិត​បាន។

      សំនួរ​សំរាប់​រំពឹង​គិត

      • សុភាសិត ៨:២២​-​៣១ តើ​ការ​ពណ៌នា​អំពី​ប្រាជ្ញា​គឺ​ដូច​គ្នា​យ៉ាង​ណា​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​ព្រះ​រាជបុត្រា​ច្បង​របស់​ព្រះ​យេហូវ៉ា?

      • ម៉ាថាយ ១៣:១០​-​១៥ ហេតុ​អ្វី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​សម្ដែង​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ស្ដាប់?

      • យ៉ូហាន ១:៩​-​១៨ ហេតុ​អ្វី​ព្រះ​យេស៊ូ​មាន​សមត្ថភាព​សម្ដែង​ឲ្យ​ឃើញ​ប្រាជ្ញា​របស់​ព្រះ?

      • យ៉ូហាន ១៣:២​-​៥, ១២​-​១៧ តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី​ជា​គំរូ​សំរាប់​សាវ័ក​របស់​ទ្រង់? ហើយ​តើ​នេះ​បាន​បង្រៀន​ពួក​គេ​មេ​រៀន​អ្វី?

  • តើអ្នកកំពុងតែប្រើ«ប្រាជ្ញាដែលមកពីស្ថានលើ»ក្នុងជីវិតរបស់អ្នកទេ?
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • ស្ដ្រី​ម្នាក់​កំពុង​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង គឺ​គាត់​សិក្សា​សៀវភៅ​ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ​ដើម្បី​ទទួល​ប្រាជ្ញា​ពី​ព្រះ

      ជំពូក​ទី​២២

      តើ​អ្នក​កំពុង​តែ​ប្រើ«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»ក្នុង​ជីវិត​របស់​អ្នក​ទេ?

      ១​-​៣​. (ក) តើ​វិធី​ដែល​សាឡូម៉ូន​វិនិច្ឆ័យ​រឿង​ក្ដី​ស្តី​អំពី​នរណា​ជា​ម្ដាយ​បង្ហាញ​ថា​ទ្រង់​មាន​ប្រាជ្ញា​ដ៏​អស្ចារ្យ​ខុស​ពី​ធម្មតា​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​ទ្រង់​នឹង​ប្រទាន​អ្វី​មក​យើង? ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សំនួរ​អ្វី​ខ្លះ?

      រឿង​ក្ដី​នេះ​ពិបាក​វិនិច្ឆ័យ​ណាស់ ដ្បិត​មាន​ស្ត្រី​ពីរ​នាក់​កំពុង​ឈ្លោះ​ប្រកែក​គ្នា​ដណ្ដើម​ទារក​តែ​មួយ។ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​រស់​នៅ​ក្នុង​ផ្ទះ​តែ​មួយ ហើយ​ពួក​គេ​ទើប​តែ​កើត​កូន​ប្រុស​ម្នាក់​មួយ ខុស​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ទារក​មួយ​បាន​ស្លាប់​ហើយ និង​ឥឡូវ​នេះ ស្ត្រី​ទាំង​ពីរ​អះអាង​ថា​ខ្លួន​ជា​ម្ដាយ​របស់​ទារក​មួយ​ដែល​នៅ​រស់។a គ្មាន​សាក្សី​ណា​ម្នាក់​បាន​ឃើញ​អ្វី​ដែល​កើត​ឡើង​ទេ។ រឿង​ក្ដី​នេះ​ទំនង​ជា​បាន​ចូល​តុលាការ​ជាន់​ទាប តែ​វិនិច្ឆ័យ​មិន​បាន​ទេ។ ទី​បំផុត រឿង​ក្ដី​នេះ​បាន​ឡើង​ដល់​សាឡូម៉ូន​ដែល​ជា​ស្តេច​អ៊ីស្រាអែល។ តើ​ទ្រង់​អាច​ទម្លាយ​អាថ៌​កំបាំង​នេះ​ឲ្យ​ឃើញ​ការ​ពិត​បាន​ឬ​ទេ?

      ២ ពេល​ដែល​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ឈ្លោះ​គ្នា ស្តេច​សាឡូម៉ូន​ស្ដាប់​មួយ​រយៈ រួច​បញ្ជា​ឲ្យ​គេ​យក​ដាវ​មួយ​មក។ បន្ទាប់​មក ទ្រង់​បង្គាប់​ឲ្យ​គេ​កាប់​កូន​នោះ​ជា​ពីរ​ចំណែក​ចែក​ឲ្យ​ស្ត្រី​ទាំង​ពីរ​នោះ​ម្នាក់​មួយ​ចំណែក ដោយ​មាន​បន្ទូល​ដូច​ជា​មាន​បំណង​ឲ្យ​គេ​ធ្វើ​មែន​ទែន។ ភ្លាមៗ​នោះ ម្ដាយ​ពិត​អង្វរ​សុំ​ឲ្យ​ស្តេច​ប្រគល់​កូន​ស្ងួន​ភ្ងា​របស់​នាង​ទៅ​ស្ត្រី​មួយ​ទៀត​នោះ​ចុះ។ ប៉ុន្តែ ស្ត្រី​មួយ​ទៀត​នោះ​ចេះ​តែ​ទាម​ទារ​ឲ្យ​គេ​កាប់​កូន​នោះ​ជា​ពីរ​ចំណែក​ទៅ។ ឥឡូវ ស្តេច​សាឡូម៉ូន​យល់​ការ​ពិត​ហើយ។ ទ្រង់​មាន​ចំណេះ​ដឹង​អំពី​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​របស់​ម្ដាយ​ម្នាក់​ចំពោះ​កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​ខ្លួន ហើយ​ទ្រង់​ប្រើ​ចំណេះ​នោះ​ដើម្បី​វិនិច្ឆ័យ​រឿង​ក្ដី​នេះ។ ម្ដាយ​ទារក​នេះ​ពិត​ជា​បាន​ធូរ​ចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​ស្តេច​សាឡូម៉ូន​ប្រគល់​កូន​មក​វិញ​ហើយ​មាន​បន្ទូល​ថា៖«នាង​នោះ​ជា​ម្ដាយ​ពិត»។—ពង្សាវតារ​ក្សត្រ​ទី​១ ៣:១៦​-​២៧

      ៣ នេះ​ជា​ប្រាជ្ញា​អស្ចារ្យ​ខុស​ពី​ធម្មតា មែន​ទេ? នៅ​ពេល​ដែល​ប្រជាជន​ឮ​អំពី​វិធី​ស្តេច​សាឡូម៉ូន​វិនិច្ឆ័យ​រឿង​ក្ដី​នេះ ពួក​គេ​បាន​កោត​ស្ញប់​ស្ញែង«ដោយ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់»។ ពិត​ណាស់ ប្រាជ្ញា​របស់​សាឡូម៉ូន​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន«ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នឹង​យោបល់[«គំនិត​ឆ្លុះ​យល់», ព.ថ.]»។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:១២, ២៨) ចុះ​យើង​វិញ? តើ​យើង​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​បាន​ដែរ​ឬ​ទេ? មែន​ហើយ ដ្បិត​ព្រះ​បាន​បណ្ដាល​ឲ្យ​សាឡូម៉ូន​សរសេរ​ថា៖«ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា»។ (សុភាសិត ២:៦) ចំពោះ​អស់​អ្នក​ណា​ដែល​ខំ​ឲ្យ​បាន​ប្រាជ្ញា​ដោយ​ស្មោះ​នោះ ព្រះ​យេហូវ៉ា​សន្យា​ថា​ទ្រង់​នឹង​ប្រទាន​ប្រាជ្ញា ដែល​ជា​សមត្ថភាព​ប្រើ​ដោយ​ប្រសិទ្ធ​ភាព​នូវ​ចំណេះ សមត្ថភាព​វែក​ញែក និង​គំនិត​ឆ្លុះ​យល់។ តើ​យើង​អាច​ទទួល​បាន​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​ប្រើ​ប្រាជ្ញា​នោះ​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

      តើ​ត្រូវ«ខំ​ឲ្យ​បាន​ប្រាជ្ញា»យ៉ាង​ដូច​ម្ដេច?

      ៤​-​៧​. តើ​អ្វី​ខ្លះ​ជា​សេចក្ដី​តម្រូវ​ទាំង​បួន​ដើម្បី​ឲ្យ​បាន​ប្រាជ្ញា?

      ៤ តើ​យើង​ត្រូវ​មាន​កំរិត​វប្បធម៌​ខ្ពង់​ខ្ពស់​ឬ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ទើប​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​ឬ? អត់​ទេ! ព្រះ​យេហូវ៉ា​សប្បាយ​នឹង​ប្រទាន​ប្រាជ្ញា​របស់​ទ្រង់​ដល់​យើង​មិន​ថា​យើង​មក​ពី​មជ្ឈដ្ឋាន​ណា​ឬ​មាន​ការ​អប់រំ​ត្រឹម​ណា​ក៏​ដោយ។ (កូរិនថូសទី១ ១:២៦​-​២៩) ប៉ុន្តែ យើង​ត្រូវ​ជា​អ្នក​ផ្ដើម​រក​ប្រាជ្ញា​នោះ ដ្បិត​ព្រះ​គម្ពីរ​ជំរុញ​យើង​ថា«ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា»។ (សុភាសិត ៤:៧) តើ​យើង​អាច​ខំ​ឲ្យ​បាន​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច?

      ៥ ទី​មួយ យើង​ត្រូវ​តែ​កោត​ខ្លាច​ព្រះ។ សុភាសិត ៩:១០​ចែង​ថា៖«សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា[ឬ«ជំហាន​ទី​មួយ​នៃ​ការ​ទទួល​បាន​ប្រាជ្ញា», ព្រះ​គម្ពីរ​អង់គ្លេស​កំណែ​ថ្មី]»។ ការ​កោត​ខ្លាច​ព្រះ​គឺ​ជា​ឫស​នៃ​ប្រាជ្ញា​ពិត។ ហេតុ​អ្វី? សូម​ចាំ​ថា ប្រាជ្ញា​រួម​បញ្ចូល​សមត្ថភាព​ប្រើ​ចំណេះ​ដោយ​ប្រសិទ្ធ​ភាព។ ការ​កោត​ខ្លាច​ព្រះ​មិន​មែន​មាន​ន័យ​ថា​យើង​រន្ធត់​ញាប់​ញ័រ​នៅ​ចំពោះ​ទ្រង់​ទេ តែ​មាន​ន័យ​ថា​យើង​លំអុតលំ​ឱន​ចិត្ត គោរព ស្ញប់​ស្ញែង និង​ទុក​ចិត្ត​ទ្រង់។ ការ​កោត​ខ្លាច​បែប​នេះ​មាន​ផល​ប្រយោជន៍​ល្អ និង​ក៏​ជំរុញ​ចិត្ត​យ៉ាង​ខ្លាំង។ ការ​កោត​ខ្លាច​ជំរុញ​យើង​ឲ្យ​កែ​ប្រែ​គន្លង​ជីវិត​ទៅ​តាម​ចំណេះ​ដែល​យើង​មាន​អំពី​ព្រះ​ហឫទ័យ​និង​ការ​ប្រព្រឹត្ត​របស់​ព្រះ។ នេះ​ជា​ផ្លូវ​ជីវិត​ប្រកប​ដោយ​ប្រាជ្ញា​ជាង​គេ​បំផុត ដ្បិត​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​តែង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​បំផុត​ដល់​អ្នក​ណា​ដែល​ធ្វើ​តាម។

      ៦ ទី​ពីរ យើង​ត្រូវ​តែ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព។ មិន​អាច​មាន​ប្រាជ្ញា​របស់​ព្រះ​បើ​គ្មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព​នោះ​ទេ។ (សុភាសិត ១១:២) ហេតុ​អ្វី? បើ​យើង​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព នោះ​យើង​សុខ​ចិត្ត​សារភាព​ថា​យើង​មិន​ចេះ​ជាង​គេ យោបល់​យើង​មិន​តែង​តែ​ត្រឹម​ត្រូវ ហើយ​យើង​ត្រូវ​ការ​គំនិត​របស់​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​រឿង​ទាំង​អស់។ ព្រះ​យេហូវ៉ា«ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត» ប៉ុន្តែ​ទ្រង់​រីក​រាយ​ប្រទាន​ប្រាជ្ញា​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រាប​ទាប។—យ៉ាកុប ៤:៦, ខ​.​ស​.

      ដើម្បី​ទទួល​ប្រាជ្ញា​របស់​ព្រះ យើង​ត្រូវ​តែ​ខំ​ប្រឹង​ព្យាយាម​រក

      ៧ អ្វី​ទី​បី​ដែល​ចាំ​បាច់ គឺ​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​បាន​សរសេរ​ទុក​ជា​លាយ​លក្ខណ៍​អក្សរ។ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ត្រូវ​សម្ដែង​ឲ្យ​យល់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ ដើម្បី​បាន​ប្រាជ្ញា​នោះ យើង​ត្រូវ​តែ​ខំ​ប្រឹង​ព្យាយាម​រក។ (សុភាសិត ២:១​-​៥) សេចក្ដី​តម្រូវ​ទី​បួន​គឺ​សេចក្ដី​អធិស្ឋាន។ បើ​យើង​សុំ​ប្រាជ្ញា​ពី​ព្រះ​ដោយ​ស្មោះ ទ្រង់​នឹង​ប្រទាន​ប្រាជ្ញា​ឲ្យ​យ៉ាង​បរិបូរ។ (យ៉ាកុប ១:៥) នៅ​ពេល​យើង​អធិស្ឋាន​សុំ​ទ្រង់​ជួយ​ដោយ​ប្រទាន​វិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​មិន​ធ្វើ​ព្រងើយ​ទេ។ ហើយ​វិញ្ញាណ​របស់​ទ្រង់​អាច​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​រក​ឃើញ​កំណប់​ទ្រព្យ​ក្នុង​បន្ទូល​ទ្រង់​ដែល​អាច​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា បញ្ចៀស​គ្រោះ​ថ្នាក់ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា។—លូកា ១១:១៣

      ៨​. បើ​យើង​ពិត​ជា​បាន​ទទួល​ប្រាជ្ញា​ពី​ព្រះ​ហើយ តើ​ប្រាជ្ញា​នោះ​នឹង​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច?

      ៨ ដូច​យើង​បាន​កត់​សម្គាល់​ក្នុង​ជំពូក​ទី​១៧​រួច​ហើយ ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​អាច​យក​មក​អនុវត្ត​បាន។ ដូច្នេះ បើ​យើង​ពិត​ជា​បាន​ទទួល​ប្រាជ្ញា​របស់​ព្រះ​ហើយ ប្រាជ្ញា​នោះ​នឹង​ស​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង។ យ៉ាកុប​ដែល​ជា​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ បាន​ពណ៌នា​អំពី​ផល​ផ្លែ​នៃ​ប្រាជ្ញា​របស់​ព្រះ នៅ​ពេល​ដែល​គាត់​សរសេរ​ថា៖​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំ​ឡូ​ត[ឬ«ចេះ​យោគ​យល់», ព.ថ.] ចិត្ត​ទន់[ឬ«ប្រុង​ប្រៀប​ស្ដាប់​តាម», ព.ថ.] ក៏​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា នឹង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង»។ (យ៉ាកុប ៣:១៧) នៅ​ពេល​យើង​ពិចារណា​លក្ខណៈ​និមួយ​ៗ​នៃ​ប្រាជ្ញា​របស់​ព្រះ យើង​អាច​សួរ​ខ្លួន​ថា‹តើ​ខ្ញុំ​កំពុង​តែ​ប្រើ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​ក្នុង​ជីវិត​ខ្ញុំ​ឬ​ទេ›?

      «បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត»

      ៩​. នៅ​យ៉ាកុប ៣:១៧ តើ​ពាក្យ​បរិសុទ្ធ​មាន​ន័យ​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​គឺ​សមរម្យ​ដែល​ភាព​បរិសុទ្ធ​ជា​លក្ខណៈ​ទី​មួយ​នៃ​ប្រាជ្ញា?

      ៩ «មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ»។ ពាក្យ​បរិសុទ្ធ​ក្នុង​ខ​នេះ​មាន​ន័យ​ថា សុទ្ធ​ឬ​ឥត​សៅហ្មង និង​មិន​គ្រាន់​តែ​សំដៅ​លើ​រូប​កាយ​ប៉ុណ្ណោះ តែ​សំដៅ​លើ​ចិត្ត​គំនិត​ផង​ដែរ។ ព្រះ​គម្ពីរ​បញ្ជាក់​ទំនាក់​ទំនង​រវាង​ប្រាជ្ញា​និង​ចិត្ត។ ប៉ុន្តែ ប្រាជ្ញា​របស់​ព្រះ​មិន​អាច​ចូល​ទៅ​ស្ថិត​ក្នុង​ចិត្ត​មួយ​ដែល​សៅហ្មង​ឬ​ស្មោកគ្រោក​ដោយ​គំនិត ក្ដី​ប៉ង​ប្រាថ្នា និង​បំណង​អាក្រក់​បាន​ទេ។ (សុភាសិត ២:១០; ម៉ាថាយ ១៥:១៩, ២០) ប៉ុន្តែ បើ​ចិត្ត​របស់​យើង​បរិសុទ្ធ​បំផុត​តាម​លទ្ធភាព​របស់​យើង​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ នោះ​យើង​នឹង«គេច​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ»វិញ។ (ទំនុក​ដំកើង ៣៧:២៧; សុភាសិត ៣:៧) ពិត​ជា​សមរម្យ​ណាស់​ដែល​ភាព​បរិសុទ្ធ​គឺ​ជា​លក្ខណៈ​នៃ​ប្រាជ្ញា​ដែល​ត្រូវ​លើក​ឡើង​យក​មក​រៀប​រាប់​មុន​គេ មែន​ទេ? យ៉ាង​ណា​មិញ បើ​យើង​មិន​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ​ផង តើ​យើង​អាច​សម្ដែង​លក្ខណៈ​ឯ​ទៀត​នៃ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​ដោយ​ដូច​ម្ដេច​បាន?

      ១០, ១១​. (ក) ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​យើង​មាន​មេត្រី​ភាព​ជា​មួយ​អ្នក​ឯ​ទៀត? (ខ) បើ​អ្នក​គិត​ថា​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​អន់​ចិត្ត តើ​អ្នក​អាច​ធ្វើ​ជា​អ្នក​ដែល​បង្កើត​ឲ្យ​មាន​មេត្រី​ភាព​យ៉ាង​ដូច​ម្ដេច? (សូម​មើល​សម្គាល់​ហេតុ)

      ១០ «រួច​មក​មាន​មេត្រី​ចិត្ត»។ ប្រាជ្ញា​ពី​ស្ថាន​សួគ៌​ជំរុញ​ឲ្យ​យើង​ខិត​ខំ​ឲ្យ​មាន​មេត្រី​ភាព ដែល​ជា​ផល​ផ្លែ​មួយ​នៃ​វិញ្ញាណ​របស់​ព្រះ។ (កាឡាទី ៥:២២) យើង​ខំ​ប្រឹង​ចៀស​វាង​ពី​ទង្វើ​ដែល​នាំ​ឲ្យ​បាក់​បែក​ដល់‹សេចក្ដី​រួប​រួម​គ្នា​ដោយ​សេចក្ដី​មេត្រី›របស់​រាស្ត្រ​ព្រះ​យេហូវ៉ា។ (អេភេសូរ ៤:៣) យើង​ក៏​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​នាំ​ឲ្យ​មាន​មេត្រី​ភាព​ឡើង​វិញ នៅ​ពេល​មាន​បញ្ហា។ ហេតុ​អ្វី​នេះ​គឺ​សំខាន់? ព្រះ​គម្ពីរ​ចែង​ថា៖«ចូរ​នៅ​ដោយ​មេត្រី​នឹង​គ្នា​ចុះ! នោះ​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។ (កូរិនថូសទី២ ១៣:១១) ដូច្នេះ ដរាប​ណា​ដែល​យើង​បន្ត​នៅ​ដោយ​មេត្រី​នឹង​គ្នា នោះ​ព្រះ​នៃ​មេត្រី​ភាព​ឬ​សេចក្ដី​សុខ​សាន្ត​នឹង​គង់​នៅ​ជា​មួយ​យើង​ដែរ។ របៀប​យើង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ តើ​យើង​អាច​ធ្វើ​ជា​អ្នក​បង្កើត​ឲ្យ​មាន​មេត្រី​ភាព​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ឧទាហរណ៍​មួយ។

      ១១ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​បើ​អ្នក​គិត​ថា​បាន​ធ្វើ​ឲ្យ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​អន់​ចិត្ត? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖«បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាស​នា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាស​នា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ»។ (ម៉ាថាយ ៥:២៣, ២៤) អ្នក​អាច​ប្រតិបត្ដិ​តាម​ឱវាទ​នោះ​ដោយ​ផ្ដើម​ទៅ​ជួប​បង​ប្អូន​របស់​អ្នក។ តើ​អ្នក​ទៅ​ជួប​ក្នុង​បំណង​អ្វី? អ្នក​មាន​បំណង«ទៅ​រក​ជា»នឹង​បង​ប្អូន​របស់​អ្នក។b ដើម្បី​សម្រេច​គោល​ដៅ​នេះ អ្នក​ប្រហែល​ជា​ត្រូវ​ព្រម​ទទួល​ស្គាល់​ការ​អន់​ចិត្ត​របស់​គាត់ មិន​មែន​បដិសេធ​ថា​គាត់​មិន​គួរ​អន់​ចិត្ត​ឡើយ។ បើ​អ្នក​ទៅ​ជួប​គាត់​ក្នុង​បំណង​បង្កើត​ឲ្យ​មាន​មេត្រី​ភាព​វិញ និង​បើ​អ្នក​រក្សា​គំនិត​នេះ អ្នក​ទំនង​ជា​អាច​ដោះ​ស្រាយ​ការ​យល់​ច្រឡំ​ណា​ដែល​មាន រួច​អាច​សុំ​អភ័យ​ទោស និង​ទទួល​ការ​អត់​ឱន​ទោស។ ពេល​ដែល​អ្នក​ផ្ដើម​បង្កើត​ឲ្យ​មាន​មេត្រី​ភាព អ្នក​បង្ហាញ​ថា​អ្នក​កំពុង​តែ​ត្រូវ​ដឹក​នាំ​ដោយ​ប្រាជ្ញា​របស់​ព្រះ។

      «ចេះ​យោគ​យល់ ប្រុង​ប្រៀប​ស្ដាប់​តាម»

      ១២, ១៣​. (ក) នៅ​យ៉ាកុប ៣:១៧ តើ​ពាក្យ​ដែល​បក​ប្រែ​ថា«ចេះ​យោគ​យល់»មាន​ន័យ​ដូច​ម្ដេច? (ខ) តើ​យើង​អាច​បង្ហាញ​ថា​យើង​ចេះ​យោគ​យល់​យ៉ាង​ដូច​ម្ដេច?

      ១២ «ចេះ​យោគ​យល់»។ តើ​ការ​យោគ​យល់​មាន​ន័យ​ដូច​ម្ដេច? យោង​ទៅ​តាម​បណ្ឌិត​មួយ​ចំនួន ពាក្យ​ដើម​ជា​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«ចេះ​យោគ​យល់»នៅ​យ៉ាកុប ៣:១៧ គឺ​ពិបាក​បក​ប្រែ​ណាស់។ អ្នក​បក​ប្រែ​ខ្លះ​បាន​ប្រើ​ពាក្យ​ផ្សេងៗ​ដូច​ជា«សុភាព​រាបសា» «មាន​អធ្យាស្រ័យ» និង«ចេះ​គិត​ដល់​អ្នក​ដទៃ»។ តើ​យើង​អាច​បង្ហាញ​លក្ខណៈ​នេះ​នៃ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​យ៉ាង​ដូច​ម្ដេច?

      ១៣ ភីលីព ៤:៥​ចែង​ថា៖«ចូរ​សំ​ដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​សំ​ឡូ​ត​របស់​អ្នក​រាល់​គ្នា​ចុះ![ឬ«ឃើញ​ថា​អ្នក​រាល់​គ្នា​ចេះ​យោគ​យល់», ព.ថ.]»។ សេចក្ដី​បក​ប្រែ​មួយ​ទៀត​ចែង​ថា៖«ចូរ​មាន​ឈ្មោះ​ល្អ​ជា​អ្នក​ដែល​ចេះ​យោគ​យល់»។ (សញ្ញា​ថ្មី​ជា​ភាសា​អង់គ្លេស​សម័យ​ទំនើប, របស់​លោក ឆ. ប. វីល្លៀម) សូម​កត់​សម្គាល់​ថា នេះ​មិន​ទាក់​ទង​នឹង​ទស្សនៈ​ដែល​យើង​មាន​ចំពោះ​ខ្លួន​ឯង​ទេ តែ​គឺ​ជា​ទស្សនៈ​ដែល​អ្នក​ឯ​ទៀត​មាន​ចំពោះ​យើង ឬ​ថា​អ្នក​ដទៃ​ស្គាល់​យើង​ជា​មនុស្ស​បែប​ណា។ មនុស្ស​ដែល​ចេះ​យោគ​យល់​មិន​តែង​តែ​តឹងរ៉ឹង​ម៉ាត់​ណា​ម៉ាត់​ហ្នឹង ហើយ​ក៏​មិន​មែន​ជា​មនុស្ស​ដែល​តែង​តែ​ទាម​ទារ​ឲ្យ​គេ​ធ្វើ​តាម​គំនិត​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​សុខ​ចិត្ត​ស្ដាប់​និង​ធ្វើ​តាម​សំណូម​ពរ​របស់​គេ នៅ​ពេល​ដែល​សម​ធ្វើ។ គាត់​ក៏​សុភាព​រាបសា មិន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​កោង​កាច​ឡើយ។ គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​តែ​ធ្វើ​ដូច្នេះ តែ​ជា​ពិសេស​គឺ​សំខាន់​ដែល​អ្នក​ចាស់​ទុំ​ធ្វើ។ សេចក្ដី​សុភាព​រាបសា​ទាញ​ទឹក​ចិត្ត ធ្វើ​ឲ្យ​បង​ប្អូន​ស្រួល​ទាក់​ទង​អ្នក​ចាស់​ទុំ។ (ថែស្សាឡូនីចទី១ ២:៧, ៨) យក​ល្អ​យើង​ទាំង​អស់​គ្នា​សួរ​ខ្លួន​ថា ‹តើ​អ្នក​ដទៃ​ស្គាល់​ខ្ញុំ​ជា​មនុស្ស​ដែល​ចេះ​គិត​ដល់​អ្នក​ឯ​ទៀត សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​គេ និង​សុភាព​រាបសា​ឬ​ទេ?›។

      ១៤​. តើ​យើង​អាច​បង្ហាញ​ថា​យើង«ប្រុង​ប្រៀប​ស្ដាប់​បង្គាប់»យ៉ាង​ដូច​ម្ដេច?

      ១៤ «ប្រុង​ប្រៀប​ស្ដាប់​តាម»។ ពាក្យ​ភាសា​ក្រិច​ដែល​ត្រូវ​បាន​បក​ប្រែ​ថា«ប្រុង​ប្រៀប​ស្ដាប់​តាម»មិន​មាន​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​ឡើយ។ យោង​ទៅ​តាម​បណ្ឌិត​ម្នាក់ ពាក្យ​នេះ«ច្រើន​តែ​ប្រើ​សំដៅ​ទៅ​លើ​ការ​បង្ហាត់​កូន​ទាហាន»។ ពាក្យ​នេះ​រួម​បញ្ចូល​អត្ថ​ន័យ​ថា«ស្រួល​បញ្ចុះ​បញ្ចូល»និង«ចេះ​ចុះ​ចូល​តាម»។ អ្នក​ណា​ដែល​ត្រូវ​ដឹក​នាំ​ដោយ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ អ្នក​នោះ​ប្រុង​ប្រៀប​ចុះ​ចូល​ដោយ​ធ្វើ​តាម​បទ​គម្ពីរ។ គាត់​គ្មាន​ឈ្មោះ​ជា​មនុស្ស​ដែល​ប្រកាន់​តាម​មតិ​ខ្លួន​មិន​ព្រម​កែ​ប្រែ​ពេល​ដែល​មាន​ពត៌មាន​ផ្ទុយ​ពី​មតិ​គាត់។ ផ្ទុយ​ទៅ​វិញ គាត់​ឆាប់​កែ​ប្រែ​នៅ​ពេល​មាន​ភស្តុ​តាង​ជាក់​ច្បាស់​ក្នុង​បទ​គម្ពីរ​បង្ហាញ​ថា​គាត់​មាន​មតិ​ខុស​ឬ​បាន​សន្និដ្ឋាន​ខុស។ តើ​អ្នក​មាន​ឈ្មោះ​ជា​មនុស្ស​បែប​នេះ​ឬ?

      «ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា នឹង​ផល​ល្អ»

      ១៥​. តើ​សេចក្ដី​មេត្ដា​ករុណា​ជា​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​សមរម្យ​ដែល«សេចក្ដី​មេត្ដា​ករុណា»​និង​«ផល​ល្អ»​ត្រូវ​រៀប​រាប់​ជា​មួយ​គ្នា​នៅ​យ៉ាកុប ៣:១៧?

      ១៥ «ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា នឹង​ផល​ល្អ»។c សេចក្ដី​មេត្ដា​គឺ​ជា​លក្ខណៈ​សំខាន់​នៃ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដ្បិត​ប្រាជ្ញា​បែប​នេះ​ហៅ​ថា«ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា»។ សូម​កត់​សម្គាល់​ថា«សេចក្ដី​មេត្ដា​ករុណា»និង«ផល​ល្អ»ត្រូវ​រៀប​រាប់​ជា​មួយ​គ្នា។ នេះ​គឺ​សមរម្យ​មែន ដ្បិត​ក្នុង​ព្រះ​គម្ពីរ សេចក្ដី​មេត្ដា​ករុណា​ច្រើន​តែ​សំដៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ឯ​ទៀត ហើយ​នេះ​ជំរុញ​ឲ្យ​បង្កើត​ផល​ល្អ​ជា​ច្រើន ពោល​គឺ​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​សប្បុរស។ ឯកសារ​យោង​មួយ​បញ្ជាក់​ថា សេចក្ដី​មេត្ដា​ករុណា​គឺ​ជា«អារម្មណ៍​អាណិត​មនុស្ស​ដែល​កំពុង​តែ​ស្ថិត​ក្នុង​សភាព​លំបាក និង​ការ​ខំ​ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​រួច»។ ដូច្នេះ ប្រាជ្ញា​របស់​ព្រះ​មិន​មែន​អត់​ភាព​កក់​ក្ដៅ ក្ដី​អាណិត​អាសូរ ឬ​ក៏​គ្រាន់​តែ​មាន​នៅ​ក្នុង​ខួរ​ក្បាល​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​របស់​ព្រះ​គឺ​កក់​ក្ដៅ ចេញ​ពី​ដួង​ចិត្ត និង​ចេះ​គិត​ដល់​អារម្មណ៍​អ្នក​ឯ​ទៀត។ តើ​យើង​អាច​បង្ហាញ​ថា​យើង​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា​យ៉ាង​ដូច​ម្ដេច?

      ១៦, ១៧​. (ក) ព្រម​ជា​មួយ​នឹង​ការ​ស្រឡាញ់​ព្រះ តើ​អ្វី​ជំរុញ​ចិត្ត​យើង​ឲ្យ​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ? ហេតុ​អ្វី? (ខ) តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា យើង​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា?

      ១៦ ការ​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដល់​អ្នក​ឯ​ទៀត​ពិត​ជា​វិធី​សំខាន់​មួយ។ តើ​អ្វី​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ? ហេតុ​ចំ​បង គឺ​ដោយ​សារ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។ ប៉ុន្តែ យើង​ក៏​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​មេត្ដា​ឬ​សេចក្ដី​ករុណា​ចំពោះ​អ្នក​ឯ​ទៀត​ដែរ។ (ម៉ាថាយ ២២:៣៧​-​៣៩) មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ«ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល»។ (ម៉ាថាយ ៩:៣៦) គ្រូ​គង្វាល​ក្នុង​សាសនា​មិន​ពិត​មិន​យក​ចិត្ត​ទុក​ដាក់ ហើយ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​ខ្វាក់​ខាង​វិញ្ញាណ​ទៀត​ផង។ ជា​លទ្ធផល ពួក​គេ​មិន​ដឹង​អំពី​ការ​ណែនាំ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ឬ​ក៏​ពរ​ដែល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ប្រទាន​ទៅ​លើ​ផែន​ដី​ទេ។ នៅ​ពេល​ដែល​យើង​គិត​អំពី​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​មនុស្ស​នៅ​ជុំ​វិញ​យើង សេចក្ដី​មេត្ដា​ករុណា​ជំរុញ​ចិត្ត​យើង​ឲ្យ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រាប់​ពួក​គេ​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។

      ក្រុម​គ្រួសារ​មួយ​ដែល​ជា​គ្រីស្ទាន​កំពុង​ជួយ​ស្ដ្រី​វ័យ​ចាស់​ម្នាក់ ដោយ​ផ្ដល់​ចំណី​អាហារ​និង​ជួយ​ជួស​ជុល​ផ្ទះ​របស់​គាត់

      នៅ​ពេល​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​អ្នក​ដទៃ យើង​បង្ហាញ«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»

      ១៧ តើ​យើង​អាច​បង្ហាញ​ថា​យើង​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា​តាម​វិធី​ណា​ទៀត? សូម​ចាំ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​បុរស​សាសន៍​សាម៉ារី​ដែល​បាន​ឃើញ​អ្នក​ដំណើរ​ម្នាក់​ដេក​ស្តូក​ស្ដឹង​លើ​ផ្លូវ​ដោយ​ត្រូវ​បាន​គេ​វាយ​ហើយ​ប្លន់។ បុរស​សាសន៍​សាម៉ារី​នេះ«មាន​ចិត្ត​ក្ដួល​អាណិត​[ឬ​«បង្ហាញ​សេចក្ដី​មេត្ដា​ករុណា», ព.ថ.]»​ដោយ​រុំ​របួស​និង​ថែ​រក្សា​ជន​រង​គ្រោះ។ (លូកា ១០:២៩​-​៣៧) នេះ​បង្ហាញ​ថា​សេចក្ដី​មេត្ដា​ករុណា​រួម​បញ្ចូល​ការ​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ មែន​ទេ? ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា«ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម»។ (កាឡាទី ៦:១០) សូម​ពិចារណា​ឧទាហរណ៍​ខ្លះៗ។ អ្នក​ជឿ​ម្នាក់​ដែល​មាន​វ័យ​ចាស់​ត្រូវ​ការ​អ្នក​ណា​ម្នាក់​ជូន​គាត់​ទៅ​ប្រជុំ​និង​ជូន​មក​ផ្ទះ​វិញ។ ស្ត្រី​មេ​ម៉ាយ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ការ​អ្នក​ណា​ម្នាក់​ជួយ​ជួស​ជុល​ផ្ទះ។ (យ៉ាកុប ១:២៧) អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​ប្រហែល​ជា​ត្រូវ​ការ«ពាក្យ​ល្អ​១​ម៉ាត់»ដើម្បី​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​សប្បាយ​ឡើង​វិញ។ (សុភាសិត ១២:២៥) នៅ​ពេល​ដែល​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​តាម​វិធី​ទាំង​នេះ យើង​បង្ហាញ​ថា​យើង​កំពុង​តែ​ប្រើ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ។

      «ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង»

      ១៨​. បើ​យើង​ត្រូវ​ដឹក​នាំ​ដោយ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ តើ​យើង​គួរ​ខំ​ប្រឹង​ជំ​រះ​អ្វី​ពី​ចិត្ត​យើង​ឲ្យ​អស់? ហើយ​ហេតុ​អ្វី?

      ១៨ «ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង»។ ប្រាជ្ញា​របស់​ព្រះ​មិន​ទទួល​អានុភាព​ពី​ការ​ប្រកាន់​ពូជ​សាសន៍​ឬ​មោទនភាព​របស់​ជាតិ​ទេ។ បើ​យើង​ត្រូវ​ដឹក​នាំ​ដោយ​ប្រាជ្ញា​របស់​ព្រះ នោះ​យើង​នឹង​ជំ​រះ​ភាព​លំ​អៀង​ចេញ​ពី​ចិត្ត​យើង​ឲ្យ​អស់។ (យ៉ាកុប ២:៩) យើង​មិន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ទៅ​លើ​អ្នក​ដទៃ ដោយ​សារ​កំរិត​ការ​អប់រំ ទ្រព្យ​សម្បត្ដិ ឬ​ភារកិច្ច​របស់​ពួក​គេ​ក្នុង​ក្រុម​ជំនុំ​ទេ ក៏​មិន​មើល​ងាយ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​ទោះ​បី​គេ​មើល​ទៅ​ដូច​ជា​ខ្សត់​ខ្សោយ​យ៉ាង​ណា​ក៏​ដោយ។ បើ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​គួរ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ យើង​ប្រាកដ​ជា​គួរ​ចាត់​ទុក​ពួក​គេ​គួរ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​របស់​យើង​ដែរ។

      ១៩, ២០​. (ក) តើ​អ្វី​ជា​ប្រភព​នៃ​ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«អ្នក​ពុត​មាយា»? (ខ) តើ​យើង​បង្ហាញ​ថា​មាន«សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា»យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​នេះ​គឺ​សំខាន់?

      ១៩ «ឥត​ពុត​មាយា»។ ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«អ្នក​ពុត​មាយា»អាច​សំដៅ​ទៅ​លើ«អ្នក​ដើរ​តួ»។ នៅ​សម័យ​បុរាណ តួ​នៅ​ប្រទេស​ក្រិច​និង​រ៉ូម​ធ្លាប់​ពាក់​មុខ​ធំៗ​នៅ​ពេល​ដើរ​តួ។ ដូច្នេះ ពាក្យ​ក្រិច​ដែល​បក​ប្រែ​ថា«អ្នក​ពុត​មាយា» បាន​ចាប់​ផ្ដើម​សំដៅ​លើ​អ្នក​ដែល​ធ្វើ​ពើ​ឬ​ក្លែង​បង្វែង​ដំណើរ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​ពិត។ លក្ខណៈ​នេះ​ដែល​ចូល​រួម​ប្រាជ្ញា​របស់​ព្រះ គួរ​មាន​ឥទ្ធិពល​មក​លើ​របៀប​យើង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ជឿ​គ្នី​គ្នា ហើយ​លើ​អារម្មណ៍​ដែល​យើង​មាន​ចំពោះ​ពួក​គេ​ដែរ។

      ២០ សាវ័ក​ពេត្រុស​បាន​កត់​សម្គាល់​ថា បើ​យើង«ស្ដាប់​តាម​សេចក្ដី​ពិត» នោះ​គួរ​បណ្ដាល​ឲ្យ​យើង​មាន«សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា»។ (ពេត្រុសទី១ ១:២២) ប្រាកដ​ហើយ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​បង​ប្អូន​មិន​ត្រូវ​ជា​ការ​ធ្វើ​ពុត​ឡើយ។ យើង​មិន​ពាក់​មុខ​ឬ​ដើរ​តួ​ដើម្បី​បញ្ឆោត​អ្នក​ដទៃ​ទេ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ត្រូវ​ស្មោះ​ពិត​និង​ចេញ​មក​ពី​ចិត្ត។ បើ​ដូច្នេះ អ្នក​ជឿ​គ្នី​គ្នា​នឹង​ទុក​ចិត្ត​យើង ដ្បិត​ពួក​គេ​ដឹង​ថា អ្វី​ដែល​គេ​ឃើញ​គឺ​ពិត​ប្រាកដ។ ភាព​ស្មោះ​ត្រង់​បែប​នេះ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​គ្រីស្ទាន​គ្នី​គ្នា​ដោយ​ឥត​លាក់​លៀម ហើយ​ក៏​ជួយ​ឲ្យ​មាន​បរិយាកាស​ប្រកប​ដោយ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្រុម​ជំនុំ​ដែរ។

      «ចូរ​រក្សា​ប្រាជ្ញា​ដែល​មាន​ប្រយោជន៍»

      ២១, ២២​. (ក) តើ​សាឡូម៉ូន​បាន​ប្រហែស​មិន​រក្សា​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​អាច​រក្សា​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​ធ្វើ​ដូច្នេះ?

      ២១ ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា​ជា​អំណោយ​មួយ​ដែល​យើង​គួរ​តែ​រក្សា​កុំ​ឲ្យ​បាត់​បង់។ ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា៖«កូន​អើយ! . . . ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រយោជន៍​[ឬ​«ប្រាជ្ញា​ដែល​មាន​ប្រយោជន៍», ព.ថ.] នឹង​គំនិត​វាង​វៃ​ចុះ!»។ (សុភាសិត ៣:២១) គួរ​ឲ្យ​សោក​ស្ដាយ​មែន សាឡូម៉ូន​ទ្រង់​ផ្ទាល់​បាន​ប្រហែស​មិន​ធ្វើ​ដូច្នេះ​ទេ។ ទ្រង់​នៅ​មាន​ប្រាជ្ញា​ដរាប​ណា​ដែល​ទ្រង់​រក្សា​ឲ្យ​មាន​ចិត្ត​ចេះ​ស្ដាប់​បង្គាប់។ ប៉ុន្តែ នៅ​ទី​បំផុត​ព្រះ​ជាយា​ទាំង​ឡាយ​របស់​ទ្រង់​ដែល​ជា​សាសន៍​ផ្សេងៗ​នោះ បាន​ទាញ​បង្វែរ​ព្រះ​ទ័យ​ទ្រង់​ចេញ​ពី​ការ​ថ្វាយ​បង្គំ​ពិត​ចំពោះ​ព្រះ​យេហូវ៉ា។ (ពង្សាវតារ​ក្សត្រ​ទី​១ ១១:១​-​៨) អ្វី​ដែល​កើត​ឡើង​ចំពោះ​សាឡូម៉ូន​ជា​គំរូ​ឲ្យ​ដឹង​ថា ចំណេះ​មាន​តម្លៃ​តិច​បើ​មិន​យក​មក​អនុវត្ត​តាម។

      ២២ តើ​យើង​អាច​រក្សា​ប្រាជ្ញា​ដែល​មាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​តែ​អាន​ឲ្យ​បាន​ទៀង​ទាត់​នូវ​ព្រះ​គម្ពីរ​និង​ប្រកាសន​វត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​ដែល​ផ្គត់​ផ្គង់​ដោយ«អ្នក​បំរើ​ស្មោះ​ត្រង់​មាន​វិនិច្ឆ័យ​ល្អ» មិន​តែ​ប៉ុណ្ណោះ​យើង​ក៏​ត្រូវ​ខំ​ព្យាយាម​អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន​ជា​ចាំ​បាច់។ (ម៉ាថាយ ២៤:៤៥, ព.ថ.) យើង​មាន​ហេតុ​ជា​ច្រើន​ដែល​គួរ​អនុវត្ត​តាម​ប្រាជ្ញា​របស់​ព្រះ។ នៅ​គ្រា​ឥឡូវ​នេះ ប្រាជ្ញា​របស់​ព្រះ​ផ្ដល់​ឲ្យ​យើង​នូវ​គន្លង​ជីវិត​ដ៏​ល្អ​បំផុត។ នោះ​ក៏​ផ្ដល់​សមត្ថភាព​ឲ្យ​យើង«ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច»ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​ដែរ។ (ធីម៉ូថេ​ទី​១ ៦:១៩) ហើយ​សំខាន់​បំផុត ការ​បណ្ដុះ​ឲ្យ​មាន​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​ក៏​នាំ​យើង​ឲ្យ​ចូល​មក​ជិត​ព្រះ​យេហូវ៉ា​ជាង ដែល​ទ្រង់​ជា​ប្រភព​នៃ​អស់​ទាំង​ប្រាជ្ញា។

      a យោង​ទៅ​តាម​ពង្សាវតារ​ក្សត្រ​ទី​១ ៣:១៦ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​គឺ​ជា​ស្រី​សំផឹង។ សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ​ប្រាប់​ថា៖«ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ដែល​ជា​សាសន៍​យូដា​ឬ​ក៏​ប្រហែល​ជា​សាសន៍​ដទៃ​ក៏​មិន​ដឹង ពួក​គេ​មិន​មែន​ជា​ស្រី​សំផឹង​ក្នុង​ន័យ​ថា​ពួក​គេ​រក​ស៊ី​ផ្លូវ​ភេទ​នោះ​ទេ តែ​ដោយ​សារ​ពួក​គេ​ជា​ស្ត្រី​ដែល​បាន​ធ្វើ​អំពើ​សហាយ​ស្មន់​វិញ»។—បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា (ជា​ភាសា​អង់គ្លេស)

      b ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«រក​ជា»នោះ​មក​ពី​កិរិយា​ស័ព្ទ​មួយ​ដែល​បាន​ន័យ​ថា «‹កែ​ប្រែ ប្ដូរ› ឬ​ថា‹ផ្សះ​ផ្សា›»។ ដូច្នេះ គោល​បំណង​របស់​អ្នក​គឺ​ធ្វើ​ឲ្យ​មាន​ការ​កែ​ប្រែ​មួយ ពោល​គឺ​បំបាត់​នូវ​ការ​ព្យាបាទ​ចេញ​ពី​ចិត្ត​របស់​អ្នក​ដែល​អន់​ចិត្ត។—រ៉ូម ១២:១៨

      c សេចក្ដី​បក​ប្រែ​មួយ​ទៀត​បាន​បក​ប្រែ​ពាក្យ​នេះ​ថា«ពេញ​ទៅ​ដោយ​ករុណា​និង​ការ​ប្រព្រឹត្ត​ដ៏​ល្អ»។—សេចក្ដី​បក​ប្រែ​ជា​ភាសា​សាមញ្ញ, របស់​លោក ឆាល ប. វីល្លៀម

      សំនួរ​សំរាប់​រំពឹង​គិត

      • ចោទិយកថា ៤:៤​-​៦ តើ​យើង​បង្ហាញ​ថា​យើង​មាន​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច?

      • ទំនុក​ដំកើង ១១៩:៩៧​-​១០៥ បើ​យើង​ព្យាយាម​សិក្សា​និង​អនុវត្ត​តាម​បន្ទូល​របស់​ព្រះ តើ​យើង​នឹង​ទទួល​ផល​ប្រយោជន៍​អ្វី​ខ្លះ?

      • សុភាសិត ៤:១០​-​១៣, ២០​-​២៧ ហេតុ​អ្វី​យើង​ត្រូវ​ការ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា?

      • យ៉ាកុប ៣:១​-​១៦ អ្នក​ដែល​ទទួល​ភារកិច្ច​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ តើ​ពួក​គាត់​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​និង​គំនិត​ឆ្លុះ​យល់​យ៉ាង​ដូច​ម្ដេច?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក