បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ៦ ទំ. ៥៣-៦១
  • ហេតុអ្វីយើងក្លាយជាចាស់ជរាហើយស្លាប់ទៅ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីយើងក្លាយជាចាស់ជរាហើយស្លាប់ទៅ?
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គម្រោង​ការណ៍​អាក្រក់
  • របៀប​ដែល​គម្រោង​ការណ៍​បាន​ត្រូវ​ចាប់​អនុវត្ត​ឡើង
  • របៀប​ដែល​បាប​និង​សេចក្ដី​ស្លាប់​រាលដាល
  • សូម​ប្រយ័ត្ន​នឹង​ស្នៀត​របស់​សាតាំង!
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ព្រះយេស៊ូជាព្រះអង្គសង្គ្រោះ តើតាមរបៀបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • តើអ្វីជាគោលបំណងរបស់ព្រះសំរាប់ផែនដី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • មូលហេតុដែលព្រះមិនទាន់ដកចេញមនុស្សអាក្រក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ៦ ទំ. ៥៣-៦១

ជំពូក​ទី៦

ហេតុ​អ្វី​យើង​ក្លាយ​ជា​ចាស់​ជរា​ហើយ​ស្លាប់​ទៅ?

១​. តើ​ពួក​អ្នកវិទ្យាសាស្ត្រ​មិន​អាច​ពន្យល់​អ្វី​បាន​អំពី​ជីវិត​មនុស្ស?

ពួក​អ្នក​វិទ្យាសាស្ត្រ​មិន​ដឹង​ហេតុ​អ្វី​បាន​ជា​មនុស្ស​ក្លាយ​ជា​ចាស់​ជរា ហើយ​ស្លាប់​ទៅ​ឡើយ។ មើល​ទៅ​ហាក់​ដូច​ជា​កោសិកា​យើង គួរ​តែ​ត្រូវ​ប្រែ​ជា​ថ្មី​ឡើង​វិញ​ជា​ដរាប ហើយ​យើង​គួរ​រស់​នៅ​ជា​រៀង​រហូត។ សៀវភៅ ហ៊ីយ៉ូជុន សូស៊ីគីហ្គាគូ​(ជា​លិកា​សាស្ត្រ​ទូទៅ)​និយាយ​ថា៖ «របៀប​ដែល​កោសិកា​ចាស់​ទៅ មាន​ជាប់​ទាក់ទង​នឹង​ការ​ចាស់​ជរា និង​សេចក្ដី​ស្លាប់​នៃ​បុគ្គល​និមួយ⁠ៗ គឺ​ជា​អាថ៌កំបាំង​ក្រៃលែង»។ អ្នកវិទ្យាសាស្ត្រ​ជា​ច្រើន​ជឿ​ថា ជីវិត​មាន​កំរិត​«ពី​ធម្មជាតិ ពី​ពូជ​កំណើត​មក»។ តើ​អ្នក​យល់​ថា ពួក​គេ​ត្រូវ​ឬ​ទេ?

២​. តើ​អ្នក​ខ្លះ​បាន​ធ្វើ​ដូច​ម្ដេច ដោយ​ព្រោះ​ជីវិត​គង់​នៅ​មិន​បាន​យូរ?

២ មនុស្ស​តែង​តែ​ប៉ង​ចង់​បាន​ជា​ខ្លាំង​នូវ​អាយុ​វែង ហើយ​ទាំង​ខំ​ឲ្យ​បាន​ជីវិត​អមតៈ​ទៀត​ផង។ តាំង​ពី​សតវត្ស​ទី​បួន ម.ស.យ. ថ្នាំ​ដែល​គេ​ស្មាន​ថា​បង្កើត​មក ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​មិន​ចេះ​ស្លាប់ បាន​ចាប់​អារម្មណ៍​ពួក​អភិជន​ចិន។ អធិរាជ​ចិន​ក្រោយ⁠ៗខ្លះ​ពិសា​ថ្នាំ​ដែល​ល្បី​ហៅ​ថា ស្រា​ថ្នាំ​ជីវិត​—⁠ដែល​ធ្វើ​ពី​ជាតិ​បារត​—⁠ ហើយ​ពុល​ស្លាប់​ទៅ! ទូទាំង​ផែនដី មនុស្ស​ជឿ​ថា សេចក្ដី​ស្លាប់​មិន​មែន​ជា​ទីបញ្ចប់​នៃ​ការ​គង់​នៅ​របស់​គេ​ឡើយ។ អ្នក​កាន់​ពុទ្ធ​សាសនា សាសនា​ហិណ្ឌូ ម៉ូស្លឹម និង​សាសនា​ឯ​ទៀត សុទ្ធតែ​សង្ឃឹម​យ៉ាង​ខ្លាំង ថា​មាន​ជីវិត​ត​ទៀត​ក្រោយ​ពេល​ស្លាប់។ ក្នុង​ពិភព​គ្រីស្ទាន មនុស្ស​ជា​ច្រើន​នឹក​ក្នុង​ចិត្ត អំពី​បរមសុខ​ក្នុង​ស្ថានសួគ៌​ក្រោយ​ពេល​ស្លាប់​ទៅ។

៣​. (ក) ហេតុ​អ្វី​មនុស្ស​ចង់​បាន​ជា​ខ្លាំង​នូវ​ជីវិត​អស់កល្ប​ជានិច្ច? (ខ) តើ​សំនួរ​យ៉ាង​ណា​ខ្លះ​អំពី​សេចក្ដី​ស្លាប់ ដែល​យើង​ត្រូវ​ឆ្លើយ?

៣ គំនិត​អំពី​សុភមង្គល​ក្រោយ​ពេល​ស្លាប់ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ចង់​បាន​ជា​ខ្លាំង នូវ​ជីវិត​អស់កល្ប​ជានិច្ច។ ព្រះ​គម្ពីរ​ប្រាប់​អំពី​គំនិត​នៃ​ភាព​អស់កល្ប​ជានិច្ច ដែល​ព្រះ​បាន​តាំង​ទុក​ក្នុង​យើង​ថា⁠៖ «ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់កល្ប​ទៅ​មុខ»។ (សាស្ដា ៣:⁠១១) ទ្រង់​បង្កើត​មនុស្ស​ដំបូង​ប្រកប​ដោយ​សេចក្ដី​សង្ឃឹម​ថា អាច​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី។ (លោកុប្បត្តិ ២:​១៦, ១៧) ដូច្នេះ ហេតុ​អ្វី​បាន​មនុស្ស​ស្លាប់? តើ​សេចក្ដី​ស្លាប់​បាន​ចូល​មក​ក្នុង​លោក​នេះ​យ៉ាង​ដូច​ម្ដេច? ចំណេះ​អំពី​ព្រះ​នឹង​ជួយ​សម្រាយ​សំនួរ​ទាំង​នេះ។​—⁠ទំនុកដំកើង ១១៩:⁠១០៥

គម្រោង​ការណ៍​អាក្រក់

៤​. តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​សម្គាល់​ឧក្រិដ្ឋ​ជន ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់?

៤ ឧក្រិដ្ឋ​ជន​ខំ​រក​គ្រប​បាំង​ភស្តុតាង​របស់​គេ។ គឺ​យ៉ាង​ដូច្នេះ​ដែរ ចំពោះ​បុគ្គល​មួយ​រូប​ដែល​បង្ក​បទ​ឧក្រិដ្ឋ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​កោដិ​ស្លាប់​បាត់បង់​ជីវិត។ វា​បាន​ប្រើ​កលល្បិច​គ្រប​បាំង​សេចក្ដី​ស្លាប់​របស់​មនុស្ស​ក្នុង​អាថ៌កំបាំង។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​សម្គាល់​ឧក្រិដ្ឋ​ជន​នេះ ពេល​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​ដែល​រក​ធ្វើ​គត់​ទ្រង់​ថា⁠៖ «អ្នក​រាល់​គ្នា​មាន​អារក្ស​សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពីដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​វា​ទេ»។​—⁠យ៉ូហាន ៨:​៣១, ៤០, ៤៤

៥​. (ក) តើ​អ្វី​ជា​ដើម​កំណើត​របស់​បុគ្គល​ដែល​ក្លាយ​ជា​អារក្ស​សាតាំង​នោះ? (ខ) តើ​ពាក្យ​«សាតាំង»​និង​«អារក្ស»​មាន​ន័យ​ដូច​ម្ដេច?

៥ ត្រូវ​ហើយ អារក្ស​គឺ​ជា​«អ្នក​សំឡាប់​គេ» ចង់​ឲ្យ​គេ​វិនាស​សាប​សូន្យ។ ព្រះ​គម្ពីរ​បង្ហាញ​ឲ្យ​ឃើញ​ថា វា​ជា​បុគ្គល​មែន​ទែន​ម្នាក់ មិន​មែន​គ្រាន់​តែ​ជា​គំនិត​អាក្រក់​ក្នុង​ចិត្ត​នរណា​ម្នាក់​ឡើយ។ (ម៉ាថាយ ៤:​១​-​១១) ទោះបី​បង្កើត​មក​ជា​ទេវតា​សុចរិត «វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត»​ទេ។ គឺ​សម​ត្រឹម​ត្រូវ​ណាស់ ដែល​វា​មាន​ឈ្មោះ​ជា​អារក្ស​សាតាំង! (វិវរណៈ ១២:⁠៩) គេ​ហៅ​វា «សាតាំង» ឬ «អ្នក​ប្រឆាំង» ពីព្រោះ​វា​បាន​ជំទាស់​ហើយ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ ឧក្រិដ្ឋ​ជន​នេះ ក៏​ត្រូវ​គេ​ហៅ​ថា «អារក្ស» មាន​ន័យ​ថា «អ្នក​និយាយ​បង្ខូច» ដ្បិត​វា​បាន​សម្ដែង​អំពី​ព្រះ​ដោយ​មិន​ត្រឹម​ត្រូវ ទាំង​ប្រមាថ​មើលងាយ។

៦​. ហេតុ​អ្វី​សាតាំង​បះបោរ​ប្រឆាំង​នឹង​ព្រះ?

៦ តើ​អ្វី​ជំរុញ​ចិត្ត​សាតាំង​ឲ្យ​បះបោរ​ប្រឆាំង​នឹង​ព្រះ? គឺ​សេចក្ដី​លោភ​លន់។ វា​លោភ​ចង់​បាន​ការ​ថ្វាយ​បង្គំ ដែល​ព្រះ​យេហូវ៉ា​ទទួល​ពី​មនុស្ស​លោក។ អារក្ស​នេះ មិន​ព្រម​លះបង់​ចោល​ទេ នូវ​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​បាន​ការ​ថ្វាយ​បង្គំ​បែប​នេះ ដែល​មាន​តែ​ព្រះ​ទេ ដែល​មាន​សិទ្ធិ​សម​នឹង​ទទួល។ (ប្រៀបធៀប អេសេគាល ២៨:​១២​-​១៩) តែ​ផ្ទុយ​ទៅ​វិញ ទេវតា​នេះ​ដែល​ក្លាយ​ជា​សាតាំង បំប៉ន​សេចក្ដី​ប្រាថ្នា​លោភ​លន់ ដរាប​ដល់​ជាប់​មាន​ផ្ទៃ ហើយ​សំរាល​ចេញ​មក​ជា​អំពើ​បាប។​—⁠យ៉ាកុប ១:​១៤, ១៥

៧​. (ក) តើ​អ្វី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់? (ខ) តើ​បាប​ជា​អ្វី?

៧ យើង​បាន​សម្គាល់​ឃើញ​ហើយ ជន​មាន​ទោស​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ដែល​នាំ​ឲ្យ​មនុស្ស​លិច​លង់​ក្នុង​សេចក្ដី​ស្លាប់។ ប៉ុន្តែ តើ​អ្វី​ជា​បុព្វ​ហេតុ​ដ៏​ជាក់លាក់ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នោះ? ព្រះ​គម្ពីរ​ប្រាប់​ថា⁠៖ «ទ្រនិច​នៃ​សេចក្ដី​ស្លាប់ គឺ​ជា​អំពើ​បាប»។ (កូរិនថូសទី១ ១៥:⁠៥៦) ហើយ​បាប​ជា​អ្វី​ទៅ? ដើម្បី​យល់​ពាក្យ​នេះ សូម​យើង​ពិចារណា​មើល​ន័យ​របស់​ពាក្យ តាម​ភាសា​ដើម​នៃ​ព្រះ​គម្ពីរ។ កិរិយា​ស័ព្ទ​ហេព្រើរ​និង​ក្រិក​ដែល​ធម្មតា​បកប្រែ​ជា​«ប្រព្រឹត្ត​អំពើ​បាប» មាន​ន័យ​ថា «ប្រព្រឹត្ត​ខុស» ក្នុង​ន័យ​ជា​ខុស​គន្លង ឬ​មិន​បាន​សំម្រេច​គោល​បំណង។ តើ​យើង​ទាំង​អស់​គ្នា​ធ្វើ​ខុស​គន្លង​អ្វី? គន្លង​នោះ គឺ​ជា​ការ​ស្ដាប់​បង្គាប់​ព្រះ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ។ ប៉ុន្តែ តើ​បាប​បាន​ត្រូវ​នាំ​ចូល​មក​ក្នុង​លោក​នេះ​យ៉ាង​ដូច​ម្ដេច​ទៅ?

របៀប​ដែល​គម្រោង​ការណ៍​បាន​ត្រូវ​ចាប់​អនុវត្ត​ឡើង

៨​. តើ​សាតាំង​ខំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ឲ្យ​មនុស្ស​ថ្វាយ​បង្គំ​វា?

៨ សាតាំង​បាន​ប្រយ័ត្នប្រយែង​តែង​គម្រោង​ការណ៍​មួយ ដែល​វា​គិត​ថា​នឹង​នាំ​ឲ្យ​វា​គ្រប់គ្រង​លើ​អស់​ទាំង​មនុស្ស​លោក ហើយ​ទទួល​ការ​ថ្វាយ​បង្គំ​ពី​ពួក​គេ​ផង។ វា​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដំបូង គឺ​អ័ដាម​និង​អេវ៉ា ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​នូវ​ចំណេះ ដែល​នឹង​នាំ​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច។ ពួក​គេ​ដឹង​ថា​ព្រះ​អាទិទេព គឺ​ជា​ព្រះ​ដ៏​ល្អ ពីព្រោះ​ទ្រង់​បាន​ដាក់​ពួក​គេ​ក្នុង​សួនច្បារ​អេដែន​ដ៏​ល្អ​ស្អាត។ អ័ដាម​ជា​ពិសេស​បាន​ដឹង​ថា ព្រះ​វរបិតា​ស្ថានសួគ៌​របស់​គាត់ គឺ​ពិត​ជា​ល្អ​មែន ពេល​ព្រះ​ប្រទាន​ឲ្យ​គាត់​ប្រពន្ធ​មួយ​យ៉ាង​ស្អាត ហើយ​មាន​ប្រយោជន៍​ផង។ (លោកុប្បត្តិ ១:​២៦, ២៩; ២:​៧​-​៩, ១៨​-​២៣) ជីវិត​ត​រៀង​ទៅ​របស់​គូ​ប្ដី​ប្រពន្ធ​ដំបូង គឺ​ពឹងពាក់​លើ​ការ​ស្ដាប់​បង្គាប់​ដល់​ព្រះ។

៩​. តើ​ព្រះ​ប្រាប់​បង្គាប់​អ្វី​ដល់​មនុស្ស​ដំបូង ហើយ​ហេតុ​អ្វី​បាន​ជា​បង្គាប់​នេះ សម​ហេតុ​សម​ផល?

៩ ព្រះ​បង្គាប់​ទៅ​អ័ដាម​ថា⁠៖ «ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុសត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផង​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ (លោកុប្បត្តិ ២:​១៦, ១៧) ជា​ព្រះអាទិទេព ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​តាំង​ខ្នាតតម្រា​សីលធម៌ ហើយ​កំណត់​ថា​អ្វី​ជា​ការ​ល្អ អ្វី​ជា​ការ​អាក្រក់ សំរាប់​ជីវិត​ទាំង​ឡាយ​ដែល​ទ្រង់​បាន​បង្កើត​មក។ បង្គាប់​របស់​ទ្រង់​គឺ​សម​ហេតុ​សម​ផល​ទេ ពីព្រោះ​អ័ដាម​និង​អេវ៉ា​អាច​បរិភោគ​តាម​ចិត្ត​នូវ​ផ្លែ​ពី​អស់​ទាំង​ដើម​ឈើ​ផ្សេង⁠ៗឯ​ទៀត​ក្នុង​សួនច្បារ។ ពួក​គេ​អាច​សម្ដែង​សេចក្ដី​អបអរ​ចំពោះ​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា ដោយ​ស្ដាប់​តាម​ក្រិត្យ​វិន័យ​នេះ ជាជាង​ក្រអឺតក្រអោង​ដាក់​តាំង​ខ្នាតតម្រា​សីលធម៌​សំរាប់​ខ្លួន​ឯង។

១០​. (ក) តើ​សាតាំង​ចូល​ទាក់ទាញ​មនុស្ស​ឲ្យ​មក​ខាង​វា​យ៉ាង​ដូច​ម្ដេច? (ខ) តើ​សាតាំង​ចោទ​ថា​ព្រះ​យេហូវ៉ា​មាន​បំណង​គំនិត​អ្វី? (គ) តើ​អ្នក​យល់​យ៉ាង​ណា អំពី​សាតាំង​ទិតៀន​លើ​ព្រះ?

១០ អារក្ស​ចាត់​គម្រោង​ការណ៍​ទាក់ទាញ​មនុស្ស​ដំបូង​ឲ្យ​ចេញ​ពី​ព្រះ។ ដើម្បី​ទាក់​ចិត្ត​ពួក​គេ​ឲ្យ​ចូល​មក​ខាង​វា សាតាំង​បាន​ប្រើ​ពាក្យ​កុហក។ ដោយ​ប្រើ​សត្វ​ពស់ ដែល​ដូច​អ្នក​បញ្ចេញ​សម្លេង​ប្រើ​រូប​សំណាក នោះ​អារក្ស​សួរ​ដល់​នាង​អេវ៉ា​ថា⁠៖ «តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួនច្បារ​មែន​ឬ»? ពេល​អេវ៉ា​ថ្លែង​ប្រាប់​ពី​បង្គាប់​នៃ​ព្រះ នោះ​សាតាំង​ក៏​និយាយ​ឡើង​ថា⁠៖ «អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ»។ រួច​មក​វា​ចោទ​ដល់​ព្រះ​យេហូវ៉ា ថា​ព្រះ​អង្គ​មាន​បំណង​គំនិត​អាក្រក់ ដោយ​ប្រាប់​ថា⁠៖ «ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុសត្រូវ​ផង»។ (លោកុប្បត្តិ ៣:​១​-​៥) ដូច្នេះ អារក្ស​ក៏​និយាយ​បញ្ឆៀង​ថា ព្រះ​ទ្រង់​កំពុង​ដក​ហូត​យក​អ្វី​ល្អ​ចេញ​ហើយ។ នេះ​គឺ​ចំ​ជា​ពាក្យ​បង្ខូច​មែន ដែល​អារក្ស​បញ្ចេញ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ព្រះ​វរបិតា​ស្ថានសួគ៌​ដ៏​ពិត​ត្រង់ ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់!

១១​. តើ​តាម​របៀប​ណា​ដែល​អ័ដាម​និង​អេវ៉ា​បាន​ក្លាយ​ជា​អ្នក​សម​គំនិត​ជា​មួយ​សាតាំង?

១១ នាង​អេវ៉ា​សម្លឹង​មើល​ដើម​នោះ​ម្ដង​ទៀត ឃើញ​ថា​ផ្លែ​វា​ល្អ​គួរ​ចង់​បាន​មែន។ ដូច្នេះ នាង​ក៏​បេះ​ផ្លែ​នោះ​មក​បរិភោគ​ទៅ។ ក្រោយ​មក​ប្ដី​នាង​ក៏​សុខ​ចិត្ត​ចូល​រួម​ជា​មួយ​នាង​ក្នុង​អំពើ​បាប​នេះ​ដែរ គឺ​មិន​ស្ដាប់​បង្គាប់​ព្រះ។ (លោកុប្បត្តិ ៣:⁠៦) ថ្វី​បើ​អេវ៉ា​បាន​ត្រូវ​បញ្ឆោត​ក៏​ដោយ នាង​និង​អ័ដាម​ទាំង​ពីរ​នាក់​បាន​ជួយ​សាតាំង​ក្នុង​គម្រោង​ការណ៍​គ្រប់គ្រង​មនុស្ស​ជាតិ។ នេះ​គឺ​ដូច​ជា​ពួក​គេ​បាន​សម​គំនិត​ជា​មួយ​អារក្ស​អញ្ចឹង​ដែរ។​—⁠រ៉ូម ៦:⁠១៦; ធីម៉ូថេទី១ ២:⁠១៤

១២​. តើ​ការ​មនុស្ស​បះបោរ​ប្រឆាំង​នឹង​ព្រះ​បាន​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១២ អ័ដាម​និង​អេវ៉ា ត្រូវ​តែ​ប្រឈម​នឹង​លទ្ធផល​នៃ​អំពើ​របស់​ខ្លួន។ ពួក​គេ​មិន​បាន​ក្លាយ​ដូច​ជា​ព្រះ ទាំង​មាន​ចំណេះ​ពិសេស​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ទៅ​ជា​ខ្មាស ហើយ​លាក់​ខ្លួន​ពួន​ប្រាណ។ ព្រះ​យេហូវ៉ា​ហៅ​អ័ដាម​មក​សម្រេច​ទោស ហើយ​ប្រកាស​សេចក្ដី​វិនិច្ឆ័យ ដូច​នេះ​ថា⁠៖ «ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពីព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលីដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលីដី​វិញ»។ (លោកុប្បត្តិ ៣:⁠១៩) «នៅ​ថ្ងៃ» ដែល​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បរិភោគ​ផ្លែ​ពីដើម​ដឹង​ខុសត្រូវ នោះ​ពួក​គេ​បាន​ត្រូវ​ព្រះ​កាត់​ទោស ព្រម​ទាំង​ស្លាប់​ទៅ​ហើយ តាម​ទស្សនៈ​របស់​ទ្រង់។ បន្ទាប់​មក ពួក​គេ​បាន​ត្រូវ​បណ្ដេញ​ឲ្យ​ចេញ​ពី​សួន​មនោរម្យ ហើយ​ក៏​ចាប់​ផ្ដើម​លិច​លង់​ដុនដាប​ទៅ​ក្នុង​សេចក្ដី​ស្លាប់​ទៅ។

របៀប​ដែល​បាប​និង​សេចក្ដី​ស្លាប់​រាលដាល

១៣​. តើ​បាប​បាន​រាលដាល​ដល់​មនុស្ស​ជាតិ​ទាំង​អស់​យ៉ាង​ដូច​ម្ដេច?

១៣ គម្រោង​ការណ៍​សាតាំង​ដើម្បី​ឲ្យ​មនុស្ស​គោរព​ថ្វាយ​បង្គំ​វា គឺ​ឃើញ​ថា​បាន​សម្រេច​ជោគជ័យ។ ប៉ុន្តែ វា​មិន​អាច​ទុក​ឲ្យ​ពួក​អ្នក​ថ្វាយ​បង្គំ​វា​មាន​ជីវិត​រស់​នៅ​ឡើយ។ ពេល​បាប​ចាប់​មាន​អនុភាព​ក្នុង​គូ​ប្ដី​ប្រពន្ធ​ដំបូង នោះ​ពួក​គេ​លែង​ផ្ដល់​ភាព​គ្រប់​ល័ក្ខណ៍​ដល់​កូន​ចៅ​របស់​គេ​បាន​ទៀត​ហើយ។ ដូច​អក្សរចារឹក​លើ​ផ្ទាំង​ថ្ម បាប​គឺ​បាន​ត្រូវ​ចារ​ជាប់​យ៉ាង​ជ្រៅ ក្នុង​ពន្ធុ​នៃ​ឪពុក​ម្ដាយ​ដំបូង​របស់​យើង។ ម្ល៉ោះ​ហើយ​ពួក​គេ​បង្កើត​បាន​តែ​កូន​ចៅ​មិន​គ្រប់​ល័ក្ខណ៍​ប៉ុណ្ណោះ ពីព្រោះ​កូន​ទាំង​អស់​របស់​គេ​ចាប់​កើត​ក្នុង​ផ្ទៃ ក្រោយ​ពេល​អ័ដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប នោះ​កូន​ចៅ​របស់​គេ​ក៏​បាន​ទទួល​បាប​និង​សេចក្ដី​ស្លាប់​នេះ​តាម​ពូជ​មក​ដែរ។​—⁠ទំនុកដំកើង ៥១:៥; រ៉ូម ៥:⁠១២

១៤​. (ក) ពួក​អ្នក​ប្រកែក​ថា​ខ្លួន​គ្មាន​បាប តើ​យើង​អាច​ប្រៀប​គេ​នឹង​អ្នក​ណា? (ខ) តើ​តាម​របៀប​ណា​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ត្រូវ​ប្រាប់​ឲ្យ​ដឹង​ថា គេ​ជា​អ្នក​មាន​បាប?

១៤ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា ខ្លួន​គេ​ជា​មនុស្ស​មាន​បាប​ឡើយ។ នៅ​ចំណែក​ខ្លះ​នៃ​ពិភពលោក គំនិត​ដែល​ថា បាប​គឺ​មាន​មក​តាម​ពូជ ធម្មតា​ឥត​មាន​គេ​ដឹង​ទេ។ ប៉ុន្តែ​ឥត​មាន​ភស្តុតាង​ណា ដែល​បង្ហាញ​ថា គ្មាន​បាប​នោះ​ឡើយ។ កុមារ​ម្នាក់​ដែល​មាន​មុខ​ប្រឡាក់ ប្រហែល​អះអាង​ថា មុខ​មាត់​វា​ស្អាត​បាត​ទេ ហើយ​ប្រហែល​នឹង​ជឿ​ថា មុខ​វា​ប្រឡាក់ លុះ​ត្រា​តែ​វា​ឆ្លុះ​កញ្ចក់​មើល។ សាសន៍​អ៊ីស្រាអែល​ជំនាន់​បុរាណ គឺ​ប្រៀប​ដូច​ជា​កុមារ​នេះ​អញ្ចឹង កាល​គេ​ទទួល​ក្រិត្យ​វិន័យ​ព្រះ តាម​រយៈ​លោក​ម៉ូសេ​ដែល​ជា​ព្យាការី​ទ្រង់។ ក្រិត្យ​វិន័យ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា មាន​បាប​ជា​ពិត​មែន។ សាវ័ក​ប៉ុល​ពន្យល់​ថា⁠៖ «ខ្ញុំ​មិន​បាន​ទាំង​ស្គាល់​បាប​ផង លើក​តែ​ដោយសារ​ក្រិត្យ​វិន័យ​ចេញ»។ (រ៉ូម ៧:​៧​-​១២) ដូច​កុមារ​ដែល​ឆ្លុះ​កញ្ចក់​មើល​នេះ សាសន៍​អ៊ីស្រាអែល​ដោយ​ប្រើ​ក្រិត្យ​វិន័យ​ឆ្លុះ​មើល​ខ្លួន​គេ ក៏​អាច​ឃើញ​ថា ខ្លួន​គេ​គឺ​មិន​ស្អាត​បរិសុទ្ធ​ដែរ នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា។

១៥​. តើ​សម្លឹង​មើល​ក្នុង​បន្ទូល​នៃ​ព្រះ ទុក​ដូច​ជា​កញ្ចក់ នោះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​អ្វី?

១៥ ដោយ​សម្លឹង​មើល​ក្នុង​បន្ទូល​នៃ​ព្រះ ទុក​ដូច​ជា​កញ្ចក់ ហើយ​កត់​សម្គាល់​នូវ​ខ្នាតតម្រា​ក្នុង​ព្រះ​បន្ទូល នោះ​យើង​អាច​ឃើញ​ថា យើង​មិន​មែន​គ្រប់​ល័ក្ខណ៍​ទេ។ (យ៉ាកុប ១:​២៣​-​២៥) ជា​ឧទាហរណ៍ សូម​យើង​ពិចារណា​មើល​បន្ទូល​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់ អំពី​ការ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង​គេ ដូច​កត់​ទុក​នៅ​ម៉ាថាយ ២២:​៣៧​-​៤០។ ចំពោះ​ការ​ស្រឡាញ់​នេះ មនុស្ស​បាន​ធ្វើ​ខុស​គន្លង​ញឹកញយ​ម្ល៉េះ​ហ្ន៎! ពួក​គេ​ជា​ច្រើន​មិន​ទាំង​ទើស​ទាស់​មនសិការ​ដល់​បន្ដិច​ផង ចំពោះ​ការ​មិន​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ និង​អ្នក​ជិត​ខាង​របស់​គេ។​—⁠លូកា ១០:​២៩​-​៣៧

សូម​ប្រយ័ត្ន​នឹង​ស្នៀត​របស់​សាតាំង!

១៦​. តើ​យើង​អាច​ធ្វើ​អ្វី ដើម្បី​ជៀសវាង​កុំ​ឲ្យ​ត្រូវ​រងគ្រោះ​ដោយ​ព្រោះ​ស្នៀត​របស់​សាតាំង ហើយ​ហេតុ​អ្វី​បាន​ជា​ពិបាក​ធ្វើ?

១៦ សាតាំង​ស្វែង​រក​ល្បិច​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា។ (យ៉ូហានទី១ ៣:⁠៨) តើ​មាន​វិធី​ណា​ដែល​យើង​អាច​ជៀសវាង កុំ​ឲ្យ​ត្រូវ​រងគ្រោះ​ដោយ​ព្រោះ​ស្នៀត​របស់​វា​ឬ​ទេ? គឺ​មាន ប៉ុន្តែ​នេះ​តម្រូវ​ឲ្យ​យើង​តយុទ្ធ​នឹង​សេចក្ដី​លំអៀង ទៅ​រក​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា។ នេះ​មិន​មែន​ស្រួល​ទេ ពីព្រោះ​សេចក្ដី​លំអៀង​ទៅ​រក​ប្រព្រឹត្ត​អំពើ​បាប​ពី​កំណើត​មក​របស់​យើង គឺ​ខ្លាំង​ណាស់។ (អេភេសូរ ២:⁠៣) ប៉ុល​ត្រូវ​តែ​តស៊ូ​ខំ​ប្រឹង​តយុទ្ធ​ជានិច្ច។ តើ​មក​ពី​ហេតុ​អ្វី? ពីព្រោះ​បាប​ស្ថិត​នៅ​ក្នុង​គាត់។ បើ​យើង​ចង់​ឲ្យ​ព្រះ​សព្វ​ព្រះទ័យ​នឹង​យើង នោះ​យើង​ក៏​ត្រូវ​តែ​តយុទ្ធ​ដែរ នឹង​សេចក្ដី​លំអៀង​ដ៏​មាន​បាប ដែល​មាន​នៅ​ក្នុង​យើង។​—⁠រ៉ូម ៧:​១៤​-​២៤; កូរិនថូសទី២ ៥:⁠១០

១៧​. តើ​អ្វី​ធ្វើ​ឲ្យ​ការ​តយុទ្ធ​នឹង​សេចក្ដី​លំអៀង​ដ៏​មាន​បាប​របស់​យើង​រឹតតែ​ពិបាក​ឡើង?

១៧ ពីព្រោះ​សាតាំង​តែង​រក​ឱកាស​ជានិច្ច ដើម្បី​ទាក់​ចិត្ត​យើង​ឲ្យ​បំពាន​លើ​ក្រិត្យ​វិន័យ​ព្រះ នោះ​ការ​តយុទ្ធ​របស់​យើង​ប្រឆាំង​នឹង​បាប គឺ​មិន​មែន​ស្រួល​ទេ។ (ពេត្រុសទី១ ៥:⁠៨) ប៉ុល​បាន​និយាយ ទាំង​ខ្វល់ខ្វាយ​ដល់​ពួក​គ្រីស្ទាន​គ្នា​ឯង ថា⁠៖ «ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្ដី​ទៀងត្រង់​ខាង​ឯ​ព្រះ​គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​យ៉ាង​នោះ​ដែរ»។ (កូរិនថូសទី២ ១១:⁠៣) សាតាំង​ក៏​ប្រើ​ស្នៀត​ស្រដៀង​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ។ វា​ខំ​បង្ក​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​សង្ស័យ​នឹង​សេចក្ដី​ល្អ​នៃ​ព្រះ​យេហូវ៉ា ហើយ​នឹង​ផល​ប្រយោជន៍​ពី​ការ​ស្ដាប់​តាម​បង្គាប់​ព្រះ។ អារក្ស​វា​ខំ​យក​ផល​ប្រយោជន៍ ពី​សេចក្ដី​លំអៀង​ដ៏​មាន​បាប ដែល​យើង​មាន​មក​តាម​ពូជ ហើយ​នាំ​យើង​ឲ្យ​ទៅ​តាម​ផ្លូវ​នៃ​សេចក្ដី​ក្រអឺតក្រអោង សេចក្ដី​លោភ​លន់ សេចក្ដី​ស្អប់ និង​ការ​ប្រកាន់​ពូជ​សាសន៍។

១៨​. តើ​សាតាំង​ប្រើ​លោកីយ៍​នេះ​មក​លើក​ដំកើង​បាប​យ៉ាង​ដូច​ម្ដេច?

១៨ របស់​មួយ​ដែល​អារក្ស​ប្រើ​ប្រឆាំង​នឹង​យើង គឺ​លោកីយ៍​នេះ ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​វា។ (យ៉ូហានទី១ ៥:⁠១៩) បើ​យើង​មិន​ប្រយ័ត្ន​ខ្លួន​ទេ នោះ​មនុស្ស​ពុក​រលួយ​និង​មិន​ទៀងត្រង់ ក្នុង​លោកីយ៍​ជុំវិញ​យើង​នេះ នឹង​បង្ខំ​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ដែល​បំពាន​លើ​ខ្នាតតម្រា​សីលធម៌​របស់​ព្រះ។ (ពេត្រុសទី១ ៤:​៣​-​៥) មនុស្ស​ជា​ច្រើន​មិន​អើពើ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​ឡើយ ហើយ​មិន​ទាំង​កត់​សម្គាល់​ដល់​ការ​ទើស​ទាស់​មនសិការ​របស់​គេ​ផង ដរាប​ដល់​ធ្វើ​ឲ្យ​មនសិការ​របស់​គេ​លែង​ដឹង​ខុសត្រូវ​អ្វី​ទាំង​អស់។ (រ៉ូម ២:​១៤, ១៥; ធីម៉ូថេទី១ ៤:​១, ២) អ្នក​ខ្លះ​ទៀត​ចាប់​ប្រព្រឹត្ត​បន្ដិច​ម្ដង⁠ៗនូវ​អំពើ​ដែល​មនសិការ​ដ៏​មិន​គ្រប់​ល័ក្ខណ៍​របស់​គេ មិន​ទាំង​អនុញ្ញាត​ឲ្យ​គេ​ប្រព្រឹត្ត​ផង​កាល​ពី​មុន។​—⁠រ៉ូម ១:​២៤​-​៣២; អេភេសូរ ៤:​១៧​-​១៩

១៩​. ហេតុ​អ្វី​ការ​រស់​នៅ​តាម​តែ​សីលធម៌​ថ្លៃថ្នូរ​គឺ​មិន​គ្រប់គ្រាន់?

១៩ ការ​រស់​នៅ​តាម​សីលធម៌​ថ្លៃថ្នូរ គឺ​ជា​ការ​សម្រេច​ជោគជ័យ​ហើយ ក្នុង​លោកីយ៍​នេះ។ ប៉ុន្តែ ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះអាទិទេព​យើង នោះ​មាន​របស់​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ធ្វើ។ យើង​ក៏​ត្រូវ​មាន​ជំនឿ​លើ​ព្រះ ហើយ​ដឹង​នូវ​ការ​ទទួល​ខុសត្រូវ​ចំពោះ​ទ្រង់។ (ហេព្រើរ ១១:⁠៦) សិស្ស​យ៉ាកុប​សរសេរ​ថា⁠៖ «ឯ​អ្នក​ណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ»។ (យ៉ាកុប ៤:⁠១៧) ត្រូវ​ហើយ មិន​អើពើ​ដល់​ព្រះ​និង​សេចក្ដី​បញ្ញត្ត​នៃ​ទ្រង់ ក៏​រាប់​ជា​បាប​ម្យ៉ាង​ដែរ។

២០​. តើ​តាម​របៀប​ណា​ដែល​សាតាំង​ខំ​រារាំង​មិន​ឲ្យ​អ្នក​ប្រព្រឹត្ត​ការ​ត្រឹម​ត្រូវ ប៉ុន្តែ​មាន​អ្វី​ជួយ​អ្នក​ឲ្យ​តទល់​នឹង​ការ​បង្ខិត​បង្ខំ​នេះ​បាន?

២០ សាតាំង​ប្រហែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ជំទាស់​ច្រើន​ឡើង​ប្រឆាំង​នឹង​អ្នក ដែល​ខំ​រក​ចំណេះ​អំពី​ព្រះ តាម​រយៈ​ការ​រៀន​សូត្រ​ព្រះ​គម្ពីរ។ សង្ឃឹម​ថា អ្នក​នឹង​មិន​ឲ្យ​ការ​បង្ខិត​បង្ខំ​នេះ​មក​រារាំង មិន​ឲ្យ​អ្នក​អនុវត្ត​ការ​ត្រឹម​ត្រូវ​ឡើយ។ (យ៉ូហាន ១៦:⁠២) ថ្វី​បើ​អ្នក​គ្រប់គ្រង​ជា​ច្រើន​នាក់​ជឿ​ដល់​ព្រះ​យេស៊ូ កាល​ទ្រង់​កំពុង​តែ​បំពេញ​កិច្ច​បំរើ​នៃ​ទ្រង់ ពួក​គេ​មិន​សារភាព​ទទួល​ទ្រង់​សោះ ព្រោះ​ខ្លាច​ត្រូវ​សហគមន៍​របស់​គេ​ស្អប់។ (យ៉ូហាន ១២:​៤២, ៤៣) សាតាំង​ខំ​ប្រឹង​ឥត​ត្រាប្រណី រក​បំភ័យ​អស់​អ្នក​ណា​ដែល​ស្វែង​រក​ចំណេះ​អំពី​ព្រះ។ ប៉ុន្តែ អ្នក​គួរ​តែង​ចាំ ហើយ​អបអរ​ជានិច្ច ចំពោះ​របស់​ដ៏​ល្អ ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ។ អ្នក​ប្រហែល​អាច​ជួយ​ពួក​អ្នក​ដែល​ទាស់​ប្រឆាំង ឲ្យ​គេ​មាន​សេចក្ដី​អបអរ​ដូច​នេះ​ដែរ។

២១​. តើ​យើង​អាច​ឈ្នះ​យ៉ាង​ដូច​ម្ដេច លើ​លោកីយ៍​និង​សេចក្ដី​លំអៀង​ដ៏​មាន​បាប​របស់​យើង?

២១ ដរាប​ណា​យើង​ជា​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍ នោះ​យើង​នឹង​ប្រព្រឹត្ត​អំពើ​បាប​ជានិច្ច។ (យ៉ូហានទី១ ១:⁠៨) ប៉ុន្តែ យើង​មាន​ជំនួយ​ក្នុង​ការ​តយុទ្ធ​នេះ។ ត្រូវ​ហើយ យើង​អាច​ទទួល​ជ័យជំនះ​បាន ក្នុង​ការ​តយុទ្ធ​ប្រឆាំង​នឹង​មេ​កំណាច អារក្ស​សាតាំង​នេះ។ (រ៉ូម ៥:⁠២១) នៅ​ទីបញ្ចប់​នៃ​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​លើ​ផែនដី ទ្រង់​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​ទ្រង់ ដូច​នេះ​ថា⁠៖ «នៅ​លោកីយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ»។ (យ៉ូហាន ១៦:⁠៣៣) សូម្បី​តែ​ចំពោះ​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍ គេ​ក៏​អាច​ឈ្នះ​លោកីយ៍​បាន​ដែរ ដោយសារ​ព្រះ​ទ្រង់​ជួយ។ សាតាំង​មិន​អាច​គ្រប​សង្កត់​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​វា ហើយ​«ចុះ​ចូល​ចំពោះ​ព្រះ»​ឡើយ។ (យ៉ាកុប ៤:៧; យ៉ូហានទី១ ៥:⁠១៨) ដូច​យើង​នឹង​ឃើញ​ថែម​ទៀត ព្រះ​ទ្រង់​បាន​ប្រទាន​វិធី​មួយ ឲ្យ​យើង​ចេញ​រួច​ពី​បាប​និង​សេចក្ដី​ស្លាប់។

សាក​ល្បង​ចំណេះ​របស់​អ្នក

តើ​អារក្ស​សាតាំង​ជា​អ្នក​ណា?

ហេតុ​អ្វី​មនុស្ស​ក្លាយ​ជា​ចាស់​ជរា​ហើយ​ស្លាប់​ទៅ?

តើ​បាប​ជា​អ្វី?

តើ​តាម​របៀប​ណា​ដែល​សាតាំង​ទាក់ទាញ​មនុស្ស ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ​ដោយ​ចេតនា?

[រូបភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​៥៤]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក