‹តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុងពពក›?
«កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា ចង់ភ្លៀងហើយ រួចក៏មានដូច្នោះមែន ហើយកាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា ថ្ងៃនេះ មុខជាក្ដៅ នោះក៏មានដែរ»។ ពាក្យបន្ទូលរបស់ព្រះយេស៊ូទាំងនេះ ដែលបានកត់ទុកដោយអ្នកសរសេរដំណឹងល្អម្នាក់ឈ្មោះលូកា នោះជាឧទាហរណ៍នៃការទាយអំពីធាតុអាកាស ដូចបានធ្វើឡើងនៅស្រុកប៉ាឡេស្ទីនពីបុរាណដែរ។ (លូកា ១២:៥៤, ៥៥) ក្នុងកាលៈទេសៈខ្លះ ពួកអ្នកបុរាណអាចមើលយល់សញ្ញា ហើយធ្វើឲ្យមានការទាយទៀងត្រូវ ដែលមានរយៈខ្លីផង។
សព្វថ្ងៃនេះ ពួកអ្នកឧតុនិយមវិទ្យាប្រើប្រដាប់ប្រដាដ៏ស្មុគស្មាញ ដូចជាថាសផ្កាយរណបដែលវិលជុំវិញផែនដី រ៉ាដា និងកុំព្យូទ័រដ៏ខ្លាំងក្លា ដើម្បីស្ទង់មើលទំនងធាតុអាកាស ក្នុងរយៈពេលបានយូរ។ ប៉ុន្តែ ការទាយរបស់គេច្រើនតែខុស។ ហេតុអ្វី?
មានកត្ដាជាច្រើនដែលធ្វើការទាយអំពីធាតុអាកាសជាអ្វីមួយដ៏ពិបាក។ ជាឧទាហរណ៍ ការប្រែប្រួលដែលមើលមិនឃើញខាងកំដៅ ភាពសើម សម្ពាធបរិយាកាស និងល្បឿនខ្យល់និងទិសទីរបស់វា ធ្វើឲ្យមានកាន់តែពិបាកថែមទៀត។ បន្ថែមពីលើរបស់ទាំងនេះ ក៏មានទំនាក់ទំនងដ៏ស្មុគស្មាញរវាងថ្ងៃ ពពក និងសមុទ្រ ដែលពួកអ្នកវិទ្យាសាស្ត្រ មិនទាន់យល់បានពេញលេញនៅឡើយ។ ដោយហេតុនេះ ការទាយអំពីធាតុអាកាស គឺនៅជាវិទ្យាសាស្ត្រដែលមិនទៀងត្រូវនៅឡើយ។
ចំណេះដ៏មានកំរិតរបស់មនុស្សអំពីធាតុអាកាស រំឭកយើងអំពីសំនួរដែលបានត្រូវសួរទៅយ៉ូប ដែលថា៖ «តើអ្នកណាបានបង្កើតដំណក់សន្សើម តើទឹកកកបានចេញពីផ្ទៃអ្នកណា . . . តើឯងនឹងបន្លឺសម្លេងឡើង បង្គាប់ដល់ពពក ឲ្យបានទឹកជាបរិបូរធ្លាក់មកលើឯងបានឬ . . . តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុង[ពពក, ព.ថ.] ឬឲ្យមានយោបល់នៅក្នុងវិញ្ញាណ តើអ្នកណានឹងរាប់ពពកដោយប្រាជ្ញាបាន ឬនឹងផ្អៀងដបនៃផ្ទៃមេឃឲ្យទឹកចេញមក»?—យ៉ូប ៣៨:២៨-៣៧
ចម្លើយចំពោះសំនួរទាំងនេះ គឺ‹មិនមែនមនុស្សលោកទេ ប៉ុន្តែព្រះយេហូវ៉ាវិញ›។ ត្រូវហើយ ទោះជាមនុស្សមានប្រាជ្ញាយ៉ាងណាក៏ដោយ តែប្រាជ្ញារបស់ព្រះអាទិទេពរបស់យើង គឺខ្ពង់ខ្ពស់ឆ្ងាយជាងពួកគេណាស់។ គឺទ្រង់ពិតជាប្រកបដោយសេចក្ដីស្រឡាញ់មែន ដែលទ្រង់ប្រទានប្រាជ្ញារបស់ទ្រង់សំរាប់យើង តាមរយៈព្រះគម្ពីរ ដើម្បីឲ្យយើងអាចដឹកនាំជីវិតរបស់យើងបានជោគជ័យ។—សុភាសិត ៥:១, ២