មនុស្សច្រើនថាគេមានសេចក្ដីជំនឿ
ស្ត្រីដែលកាន់សាសនាម្នាក់នៅប្រទេសប្រេហ្ស៊ីលបានស្រែកអបអរសាទរថា៖ «ព្រះយេស៊ូគឺល្អល្អះ! ទ្រង់គឺអស្ចារ្យមែន»! ពិតមែន គ្មានការបដិសេធថាព្រះនាមរបស់ព្រះយេស៊ូគ្មានឥទ្ធិពលទេ។ ទូទាំងប្រវត្ដិសាស្ត្រ មនុស្សបានសុខចិត្តរងទុក្ខវេទនាហើយស្លាប់ដើម្បីទ្រង់។
សាវ័កពេត្រុស និងយ៉ូហានបានប្រកាសប្រាប់‹ពីព្រះនាមព្រះយេស៊ូ›នៅក្រុងយេរូសាឡិម។ ពីព្រោះពួកគេបានធ្វើដូច្នោះ គេបានត្រូវមនុស្សចាប់គេហើយវាយគេនឹងរំពាត់។ ក៏ប៉ុន្តែគេបាន«ចេញពីពួកក្រុមជំនុំទៅ ដោយអរសប្បាយពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀល ដោយព្រោះព្រះនាមទ្រង់»។—កិច្ចការ ៥:២៨, ៤១
នៅសតវត្សទីមួយ លោកអាន់ទីប៉ាសគឺជាគ្រីស្ទានម្នាក់ដែលបានគោរពព្រះនាមរបស់ព្រះយេស៊ូ។ នៅវិវរណៈ ដែលជាសៀវភៅចុងនៃព្រះគម្ពីរ ព្រះយេស៊ូបានមានបន្ទូលស្តីពីគាត់ថា«ជាស្មរបន្ទាល់ស្មោះត្រង់របស់អញ នៅកណ្ដាលពួកឯងរាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះផង»។ (វិវរណៈ ២:១៣) អាន់ទីប៉ាស ព្រមទាំងពួកគ្រីស្ទានឯទៀតនៅក្រុងពើកាម៉ុស មិនបានព្រមបដិសេធសេចក្ដីជំនឿរបស់ពួកគេលើព្រះគ្រីស្ទឡើយ។ អាន់ទីប៉ាសបានកាន់ខ្ជាប់នឹងព្រះនាមព្រះយេស៊ូ សូម្បីតែនៅពេលនោះអាចនាំឲ្យគាត់បាត់បង់ជីវិតក៏ដោយ!
ប្រមាណកន្លះសតវត្សបន្ទាប់ពីនោះ នៅឆ្នាំ១៥៥ស.យ. លោកប៉ូលីខាប ដែលជាអ្នកកាន់សាសនាគ្រីស្ទាន បានប្រឈមការល្បងលស្រដៀងគ្នាដែរ នៅពេលគាត់បានត្រូវគេបញ្ជាឲ្យជេរប្រមាថព្រះគ្រីស្ទ។ ចម្លើយរបស់គាត់គឺជា៖ «ខ្ញុំបានបំរើទ្រង់អស់ប៉ែតសិបប្រាំមួយឆ្នាំ ហើយទ្រង់មិនបានធ្វើបាបខ្ញុំឡើយ។ តើខ្ញុំអាចជេរប្រមាថស្តេចរបស់ខ្ញុំដែលបានសង្គ្រោះជីវិតខ្ញុំយ៉ាងដូចម្ដេច»? ពីព្រោះគាត់មិនបានព្រមបដិសេធព្រះគ្រីស្ទ លោកប៉ូលីខាបបានត្រូវគេដុតទាំងរស់ជាប់នឹងសសរ។
ពួកសាវ័ក លោកអាន់ទីប៉ាស ហើយអ្នកឯទៀតបានសុខចិត្តបញ្ជាក់បន្ទាល់របស់គេពីព្រះគ្រីស្ទដោយសេចក្ដីស្លាប់! ចុះយ៉ាងណាវិញចំពោះមនុស្សសព្វថ្ងៃនេះ?
ព្រះនាមព្រះយេស៊ូសព្វថ្ងៃនេះ
ព្រះនាមព្រះយេស៊ូបន្តមានឥទ្ធិពលខ្លាំងលើចិត្តមនុស្ស។ នៅទ្វីបអាមេរិកឡាតាំង ភាពលូតលាស់នៃវិហារគ្រីស្ទសាសនាដែលអះអាងថាមានសេចក្ដីជំនឿលើព្រះយេស៊ូ បានរីកដល់ចំនួនច្រើនបំផុតនៅទសវត្សថ្មីៗនេះ។ សូម្បីតែភូមិដែលតូចជាងគេក៏មានវិហារភិន្ដាកុសតាលមួយដែរ។ ទន្ទឹមគ្នានេះ អនុភាពខាងនយោបាយនៃវិហារបែបនេះគឺកើនកាន់តែខ្លាំងឡើង។ ឧទាហរណ៍ ក្នុងសភា និងសភាជាន់លើ មាន៣១កៅអីដែលត្រូវប្រើដោយសមាជិកវិហារទាំងប៉ុន្មាននេះ។
ព្រះយេស៊ូក៏ជាស្នូលនៃចលនាមួយខាងសាសនានៅប្រទេសសហរដ្ឋអាមេរិកដែរ។ អ្នកកាន់តាមនោះហៅខ្លួនជាអ្នកចាំពាក្យសន្យា។ ទស្សនាវដ្ដីថែមបានរាយការណ៍នៅឆ្នាំ១៩៩៧ថា អ្នកដែលចូលរួមប្រជុំរបស់ពួកគេបានរីកចំរើនពី៤.២០០នាក់នៅឆ្នាំ១៩៩១ ដល់១លាន១សែននាក់នៅឆ្នាំ១៩៩៦។ ចំរៀងសាសនាមួយរបស់គេមានទំនុកថា៖ «ឱ ជ័យជំនះក្នុងព្រះយេស៊ូ អ្នកសង្គ្រោះខ្ញុំជានិច្ច»។
ក៏ប៉ុន្តែ មតិទាំងអស់ដែលបានត្រូវផ្ដើមដោយព្រះនាមព្រះយេស៊ូមិនសុទ្ធតែល្អទេ។ សង្គ្រាមបានត្រូវបង្កឡើងជារឿយៗ ដោយប្រើព្រះនាមព្រះយេស៊ូជាខែល។ សាសន៍យូដាបានត្រូវគេសម្លាប់រង្គាល អ្នកដែលមិនជឿបានត្រូវគេកាប់សម្លាប់ អ្នកដែលជំទាស់បានត្រូវគេកាប់បណ្ដាច់ហើយដុតទាំងរស់ជាប់សសរ។ ទាំងអស់នេះគឺក្នុងព្រះនាមព្រះយេស៊ូ។ ហើយនៅពេលថ្មីៗនេះ ការយកសាសនាជាជំនួញបានទៅជាល្បីល្បាញ។ អ្វីទាំងអស់នេះគឺជាការប្រើព្រះនាមព្រះយេស៊ូ ហើយអ្វីដែលព្រះនាមនោះតំណាង ដោយរបៀបមួយដែលអាក្រក់ជួជាតិហើយដែលគួរខ្ពើម!
បន្ថែមទៅទៀត នេះលើកឲ្យមានសំនួរខ្លះៗដែលទាក់ទងនឹងរឿងនេះ៖ តើការជឿលើព្រះនាមព្រះយេស៊ូចូលរួមអ្វីខ្លះ? ហើយ តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះរឿងនេះ? អត្ថបទបន្ទាប់នឹងផ្ដល់ចម្លើយសំរាប់សំនួរទាំងនោះ។