ព្រះនាមដែលនាំទៅដល់សេចក្ដីជំនឿពិត
ស្ត្រីម្នាក់បានប្រាប់ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ថា៖ «ពួកអ្នកមិនជឿលើព្រះយេស៊ូហើយព្រះលោហិតដែលលោះបាបរបស់ទ្រង់ទេ»។ បុរសម្នាក់បានបន្ថែមពាក្យថា៖ «ពួកអ្នកហៅខ្លួនជាស្មរបន្ទាល់ព្រះយេហូវ៉ា ក៏ប៉ុន្តែខ្ញុំជាស្មរបន្ទាល់របស់ព្រះយេស៊ូ»។
ទស្សនៈដែលថាពួកស្មរបន្ទាល់ព្រះយេហូវ៉ាមិនជឿលើព្រះយេស៊ូ ឬក៏ពួកគេមិនឲ្យទ្រង់មានភាពលយចេញគ្រប់គ្រាន់ គឺជាទស្សនៈមួយដ៏ធម្មតា។ ក៏ប៉ុន្តែ តើហេតុការណ៍ពិតប្រាកដជាអ្វីទៅ?
គឺជាពិតដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងខ្លាំង អំពីព្រះនាមរបស់ព្រះយេហូវ៉ា។a ស្មរបន្ទាល់ម្នាក់នៅប្រទេសប្រេហ្ស៊ីល ឈ្មោះអ៊ីថាម៉ា នឹកចាំថា៖ «ពេលដែលមានការផ្លាស់ប្ដូរក្នុងជីវិតខ្ញុំ គឺនៅពេលខ្ញុំបានដឹងអំពីព្រះនាមរបស់ព្រះ។ នៅពេលខ្ញុំអានព្រះនាមនោះលើកទីដំបូង គឺដូចជាខ្ញុំបានភ្ញាក់ពីការដេកលក់អីចឹង។ ព្រះនាមយេហូវ៉ាបានអង្រួនដាស់ខ្ញុំ ហើយបានជំរុញចិត្តខ្ញុំទៀត។ នាមនោះបានជ្រាបដល់ទីជំរៅនៃព្រលឹងខ្ញុំ»។ យ៉ាងណាក៏ដោយ គាត់បាននិយាយបន្ថែមថា៖ «ចិត្តខ្ញុំពោរពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះព្រះយេស៊ូផងដែរ»។
អ្វីដែលព្រះនាមព្រះយេស៊ូតំណាង
«ក្នុងព្រះនាមព្រះយេស៊ូ» ហើយពាក្យពេចន៍ស្រដៀងនេះ អាចត្រូវរកឃើញទូទាំងបទគម្ពីរគ្រីស្ទានភាសាក្រិក ឬក៏«សញ្ញាថ្មី»។ តាមការពិត ពាក្យ«នាម»ដែលសំដៅទៅលើតួនាទីរបស់ព្រះយេស៊ូ មានជាង៨០ដង ដែល៣០ដងនោះ គឺក្នុងសៀវភៅកិច្ចការតែប៉ុណ្ណោះ។ ពួកគ្រីស្ទាននៅសតវត្សទីមួយបានធ្វើបុណ្យជ្រមុជទឹកឲ្យគេ ដោយព្រះនាមព្រះយេស៊ូ បានបង្រៀនដោយព្រះនាមទ្រង់ បានអំពាវនាវព្រះនាមទ្រង់ បានរងទុក្ខដើម្បីព្រះនាមទ្រង់ ហើយបានលើកដំកើងព្រះនាមទ្រង់ដែរ។—កិច្ចការ ២:៣៨; ៣:១៦; ៥:២៨; ៩:១៤, ១៦; ១៩:១៧
យោងទៅតាមវចនានុក្រមព្រះគម្ពីរមួយ ពាក្យភាសាក្រិកដែលមានន័យថា«នាម» ច្រើនតែត្រូវប្រើក្នុងព្រះគម្ពីរ«សំរាប់អ្វីទាំងអស់ដែលនាមមួយរួមបញ្ចូល នៃអំណាច លក្ខណៈសម្បត្ដិ ឋានៈ ភាពសម្បើម ឥទ្ធិពល ភាពល្អប្រសើរ។ល។ សព្វសារពើដែលនាមនោះសំដៅ»។ ដូច្នេះ ព្រះនាមយេស៊ូ តំណាងអំណាចដ៏សម្បើមនិងទូលំទូលាយ ដែលព្រះយេហូវ៉ាបានប្រទានឲ្យទ្រង់។ ព្រះយេស៊ូអង្គទ្រង់ផ្ទាល់បានមានប្រសាសន៍ថា៖ «គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង»។ (ម៉ាថាយ ២៨:១៨) បន្ទាប់ពីពេត្រុសនិងយ៉ូហានបានព្យាបាលបុរសខ្វិនម្នាក់ ពួកអ្នកដឹកនាំសាសន៍យូដាបានទាមទារថា៖ «ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា»? នៅត្រង់នោះ ពេត្រុសបានបង្ហាញយ៉ាងក្លាហាននូវសេចក្ដីជំនឿរបស់គាត់ លើអំណាចនិងឥទ្ធិពលដែលតំណាងដោយព្រះនាមយេស៊ូ នៅពេលដែលគាត់បានឲ្យគេដឹងថា «មនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត»។—កិច្ចការ ៣:១-១០; ៤:៥-១០
សេចក្ដីជំនឿលើព្រះយេស៊ូឬក៏លើសេសារ?
ការអះអាងថាខ្លួនមានសេចក្ដីជំនឿបែបនេះលើព្រះយេស៊ូ មិនជាការស្រួលទេ។ ដូចព្រះយេស៊ូបានទាយទុកជាមុនថា ពួកសិស្សរបស់ទ្រង់នឹងទៅជា‹អ្នកដែលត្រូវគេស្អប់ ដោយគ្រប់ទាំងសាសន៍ដោយព្រះនាមទ្រង់›។ (ម៉ាថាយ ២៤:៩) ហេតុអ្វី? ពីព្រោះព្រះនាមយេស៊ូ តំណាងឋានៈរបស់ទ្រង់ជាស្តេចនៃពួកស្តេច អ្នកគ្រប់គ្រងរើសតាំងរបស់ព្រះ ដែលគ្រប់ទាំងសាសន៍គួរលំឱនកាយគោរព ដែលជាអ្វីដែលពួកគេមិនទាន់សម្រេចថាគេនឹងធ្វើ ឬក៏គេមិនសុខចិត្តធ្វើទេ។—ទំនុកដំកើង ២:១-៧
ពួកអ្នកដឹកនាំសាសនានៅសម័យព្រះយេស៊ូ ក៏គ្មានចំណង់លំឱនកាយគោរពព្រះយេស៊ូដែរ។ ពួកគេបានមានប្រសាសន៍ថា៖ «យើងខ្ញុំមានស្តេចតែសេសារទេ» ដូច្នេះគេបានបដិសេធព្រះរាជបុត្ររបស់ព្រះ។ (យ៉ូហាន ១៩:១៣-១៥) ផ្ទុយទៅវិញ គេបានដាក់សេចក្ដីជំនឿរបស់គេលើនាម ឥទ្ធិពល និងអំណាចនៃសេសារហើយរដ្ឋាភិបាលចក្រពត្ដិរបស់ទ្រង់។ សូម្បីតែពួកគេបានសម្រេចចិត្តថាព្រះយេស៊ូគួរសោយទិវង្គត ដើម្បីឲ្យគេអាចរក្សាទុកឋានៈនិងទីតាំងរបស់គេ។—យ៉ូហាន ១១:៤៧-៥៣
ក្នុងកំឡុងពេលប៉ុន្មានសតវត្សបន្ទាប់ពីការសោយទិវង្គតរបស់ព្រះយេស៊ូ មនុស្សជាច្រើនដែលបានអះអាងថាខ្លួនជាគ្រីស្ទាន បានចាប់មានទស្សនៈស្រដៀងពួកអ្នកដឹកនាំសាសនាយូដាដែរ។ អ្នកដែលគេថាជាគ្រីស្ទាន បានដាក់សេចក្ដីជំនឿរបស់គេលើកម្លាំងនិងអំណាចនៃរដ្ឋ ហើយបានចូលរួមក្នុងជំទាស់។ ឧទាហរណ៍ នៅសតវត្សទី១១ បន្ទាប់ពីគ្រីស្ទសាសនាបានរៀបចំកម្លាំងទ័ព ដែលគ្មានការធ្វើ ទៅជាមីលិថ្ស៉ា គ្រីស្ទី ឬក៏ទាហានគ្រីស្ទាន «ការទទួលខុសត្រូវការនាំមុខសង្គ្រាមដោយយុត្ដិធម៌ បានត្រូវដកចេញពីអំណាចអាណាចក្រនៃពិភពគ្រីស្ទាន ហើយបានត្រូវគ្រីស្ទសាសនាទទួលកាន់កាប់ទៅវិញដោយភ្នាក់ងារ ដែលជាទាហានគ្រីស្ទាន»។ (ប្រវត្ដិសាស្ត្រនៃសាសនាគ្រីស្ទានពីអុកហ្វត) ដំណើររឿងនេះបាននិយាយបន្ថែមថា សេចក្ដីប្រកាសខ្លះៗរបស់សម្ដេចប៉ាប បាននាំឲ្យពួកទាហានភាគច្រើនជឿថា ដោយការចូលរួមក្នុងសង្គ្រាមសាសនា «គេបានធ្វើកិច្ចសន្យាមួយជាមួយនឹងព្រះ ហើយបានធានាសំរាប់ខ្លួនកន្លែងមួយក្នុងស្ថានបរមសុខ»។
អ្នកខ្លះប្រហែលនឹងជំទាស់ថា គឺអាចនៅស្មោះត្រង់នឹងព្រះយេស៊ូ ហើយចូលរួមក្នុងរឿងនយោបាយនៅដំណាលគ្នា ព្រមទាំងចូលធ្វើសង្គ្រាមនៃសាសន៍មួយផង។ ប្រហែលជាគេជឿថា ភារកិច្ចរបស់ពួកគ្រីស្ទាន គឺដើម្បីប្រយុទ្ធនឹងអំពើអាក្រក់ទោះបីនោះគឺនៅកន្លែងណាក៏ដោយ ហើយនេះចូលរួមការអាងលើសង្គ្រាមបើសិនជានោះគឺចាំបាច់។ ក៏ប៉ុន្តែ តើពួកគ្រីស្ទានសម័យដើមមានទស្សនៈបែបនេះទេ?
អត្ថបទមួយក្នុងទស្សនាវដ្ដី សតវត្សគ្រីស្ទាន បានចែងថា៖ «ពួកគ្រីស្ទានមុនបង្អស់មិនបានធ្វើកិច្ចបំរើជាទាហានទេ»។ អត្ថបទនោះពន្យល់ថា រហូតមកដល់ឆ្នាំ១៧០-១៨០ស.យ. គ្មានភស្តុតាងទាល់តែសោះដែលថា ពួកគ្រីស្ទានបានធ្វើកិច្ចបំរើជាទាហាន។ ហើយចែងបន្ថែមថា៖ «គ្រាន់តែបន្ដិចម្ដងៗ ពួកគ្រីស្ទានបានលះចោលការមិនព្រមធ្វើកិច្ចបំរើខាងយោធា»។
តើលទ្ធផលបានជាអ្វី? អត្ថបទសតវត្សគ្រីស្ទាន បានកត់សម្គាល់ថា៖ «ប្រហែលជាគ្មានអ្វីដែលបង្ខូចកិត្ដិសព្ទនៃគ្រីស្ទសាសនា ជាងការប្រព្រឹត្តរបស់វា នៃការយកជំហរមួយអំពីសង្គ្រាម ដែលមិនខុសពីអ្នកដែលមិនជាគ្រីស្ទានទេ។ ដែលពួកគ្រីស្ទានបានគាំទ្រសេចក្ដីជំនឿនៃអ្នកសង្គ្រោះដ៏សុភាពនៅម្ខាង ហើយនៅម្ខាងទៀតគេគាំទ្រយ៉ាងកក់ក្ដៅនូវសង្គ្រាមសាសនាឬក៏ជាតិ បានធ្វើខូចខ្ទេចយ៉ាងខ្លាំងដល់ជំនឿ»។
ការត្រាប់តាមពួកគ្រីស្ទានសម័យដើមសព្វថ្ងៃនេះ
តើពួកគ្រីស្ទានសព្វថ្ងៃនេះ អាចត្រាប់តាមគំរូដ៏ល្អបំផុតរបស់ពួកគ្រីស្ទានសម័យដើមទេ? ពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅសតវត្សនេះ បានបង្ហាញថាអាចធ្វើទៅបានមែន។ ពេលស្តីពីពួកគេ អ្នកកែតម្រូវទស្សនាវដ្ដី សៀវភៅសង្ខេបខាងការអប់រំអំពីហាយនភាព បានកត់សម្គាល់ថា៖ «គ្មានស្មរបន្ទាល់ព្រះយេហូវ៉ាណាម្នាក់ដែលនឹងចូលធ្វើសង្គ្រាមទេ។ . . . បើមនុស្សទាំងអស់ក្នុងលោកីយ៍បានមានសេចក្ដីជំនឿនេះ [សង្គ្រាមលោកលើកទី២] នឹងមិនបានកើតឡើងទេ»។
គឺដូចគ្នាដែរចំពោះការប៉ះទង្គិចតាមតំបន់នៅពេលថ្មីៗនេះ ដូចជាបានឆេះរង្គាលនៅប្រទេសអៀកឡង់ខាងជើង។ ប៉ុន្មានឆ្នាំមុន ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់បានទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនៅតំបន់មួយ ដែលមានគេកាន់សាសនាប្រូតេស្តង់ នៅក្រុងបេលហ្វាស្ត។ ក្រោយពីម្ចាស់ផ្ទះមួយបានយល់ដឹងថា ស្មរបន្ទាល់ម្នាក់នោះធ្លាប់កាន់សាសនាកាតូលិក គាត់បានសួរថា៖ «នៅពេលអ្នកធ្លាប់កាន់សាសនាកាតូលិក តើអ្នកបានគាំទ្រពួកទាហាននៃសាធារណៈរដ្ឋអៀកឡង់ទេ»? ស្មរបន្ទាល់នោះបានដឹងថា បុរសនោះអាចទៅជាមានចិត្តឃោរឃៅ ពីព្រោះគាត់បានត្រូវគេចាប់ឃុំឃាំង ក្រោយពីគេបានឃើញគាត់បំពាក់កាំភ្លើងដើម្បីទៅសម្លាប់ជនកាតូលិកម្នាក់ ហើយគាត់ទើបបានត្រូវគេលែងគាត់មក។ ដូច្នេះ ស្មរបន្ទាល់នោះបានឆ្លើយថា៖ «ខ្ញុំមិនកាន់សាសនាកាតូលិកឥឡូវទេ។ ខ្ញុំជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ក្នុងនាមជាគ្រីស្ទានពិតប្រាកដ ខ្ញុំនឹងមិនសម្លាប់អ្នកណាសំរាប់រដ្ឋាភិបាលណាឬក៏បុរសណាឡើយ»។ នៅត្រង់នេះហើយ ដែលម្ចាស់ផ្ទះនោះបានចាប់ដៃគាត់ ហើយបាននិយាយថា៖ «ការសម្លាប់ទាំងអស់គឺខុស។ ពួកអ្នកកំពុងតែធ្វើកិច្ចការមួយដ៏ល្អ។ ចូរបន្តធ្វើនោះទៅ»។
អ្វីដែលរួមបញ្ចូលការជឿលើព្រះយេស៊ូ
ក៏ប៉ុន្តែ ការដាក់ជំនឿលើព្រះយេស៊ូ មានន័យជ្រៅជាងការមិនចូលធ្វើសង្គ្រាម។ នោះរួមបញ្ចូលការស្ដាប់តាមគ្រប់ទាំងបញ្ញត្តរបស់ទ្រង់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ» និងសេចក្ដីបង្គាប់មួយរបស់ទ្រង់គឺដើម្បីឲ្យយើង «ស្រឡាញ់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៥:១៤, ១៧) សេចក្ដីស្រឡាញ់ខិតខំធ្វើល្អចំពោះអ្នកដទៃ។ នោះកំចាត់ចេញការប្រកាន់ពួកសាសន៍ សាសនា ហើយឋានៈ។ ព្រះយេស៊ូបានបង្ហាញរបៀបដែលអាចធ្វើយ៉ាងនេះ។
ពួកយូដានៅសម័យព្រះយេស៊ូ បានមានអារម្មណ៍ប្រឆាំងដ៏ខ្លាំងនឹងពួកសាម៉ារី។ ផ្ទុយទៅវិញ ព្រះយេស៊ូបានមានបន្ទូលទៅកាន់ស្ត្រីសាសន៍សាម៉ារីម្នាក់ ហើយជាលទ្ធផល ស្ត្រីនោះព្រមទាំងអ្នកឯទៀតជាច្រើន បានដាក់សេចក្ដីជំនឿលើព្រះនាមទ្រង់។ (យ៉ូហាន ៤:៣៩) ព្រះយេស៊ូបានមានប្រសាសន៍ថា ពួកសិស្សរបស់ទ្រង់នឹងទៅជាសាក្សីរបស់ទ្រង់ នឹងធ្វើជាទីបន្ទាល់ពីទ្រង់ «នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»។ (កិច្ចការ ១:៨) សាររបស់ទ្រង់ដែលមានសមត្ថភាពសង្គ្រោះជីវិតមនុស្ស គឺមិនសំរាប់តែពួកយូដាទេ។ ដោយហេតុនេះ ពេត្រុសបានទទួលបង្គាប់ឲ្យទៅលេងមេទ័ពសាសន៍រ៉ូមម្នាក់ ឈ្មោះកូនេលាស។ ទោះបីការទៅលេងអ្នកសាសន៍ដទៃគឺខុសច្បាប់សំរាប់ពួកយូដាក៏ដោយ ព្រះបានបង្ហាញពេត្រុសឲ្យដឹងថា គាត់«មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ»។—កិច្ចការ ១០:២៨
ដោយត្រាប់តាមព្រះយេស៊ូ ពួកស្មរបន្ទាល់ព្រះយេហូវ៉ា គឺសុខចិត្តជួយមនុស្សទាំងអស់គ្នារៀនអំពីសេចក្ដីសង្គ្រោះ ដែលមកតាមរយៈព្រះនាមយេស៊ូ ទោះបីសាសន៍ សាសនា ឬក៏ប្រវត្ដិខាងសេដ្ឋកិច្ចរបស់គេជាអ្វីក៏ដោយ។ សេចក្ដីជំនឿលើព្រះនាមរបស់ព្រះយេស៊ូ ជំរុញឲ្យគេ«ថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ»។ (រ៉ូម ១០:៨, ៩) យើងលើកទឹកចិត្តអ្នក ឲ្យទទួលជំនួយពីពួកគេ ដោយហេតុនេះ នោះអ្នកអាចរៀនដាក់ជំនឿលើព្រះនាមយេស៊ូដែរ។
ព្រះនាមយេស៊ូគួរបណ្ដាលឲ្យមានអារម្មណ៍នៃកិត្ដិយស សេចក្ដីគោរព ហើយសេចក្ដីស្ដាប់បង្គាប់។ សាវ័កប៉ុលបានមានប្រសាសន៍ថា៖ «ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា»។ (ភីលីព ២:១០, ១១) ទោះបីមនុស្សភាគច្រើននៅលើផែនដី ប្រហែលមិនសុខចិត្តចុះចូលនឹងការគ្រប់គ្រងរបស់ព្រះយេស៊ូក៏ដោយ ព្រះគម្ពីរបង្ហាញថា ពេលវេលាគឺជិតដល់ហើយ ដែលមនុស្សទាំងអស់នឹងត្រូវតែចុះចូលឬក៏ស្លាប់។ (ថែស្សាឡូនីចទី២ ១:៦-៩) ដូច្នេះ ពេលឥឡូវនេះគឺជាពេលដើម្បីដាក់ជំនឿលើព្រះនាមយេស៊ូ ដោយប្រព្រឹត្តតាមបង្គាប់របស់ទ្រង់។
[កំណត់សម្គាល់]
a សំរាប់ពត៌មានបន្ថែម សូមមើលក្នុងសៀវភៅស្តើង ព្រះនាមនៃព្រះដែលនឹងស្ថិតស្ថេរជានិច្ចជាកាល ដែលបានត្រូវបោះពុម្ព ដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក ឆ្នាំ១៩៨៤
[រូបភាពនៅទំព័រ៦]
ក្នុងព្រះនាមព្រះយេស៊ូ រាប់លាននាក់បានសម្លាប់គេហើយបានត្រូវគេសម្លាប់