បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៥ ទំ. ១៨-២២
  • ចូរឲ្យបណ្ដាំរបស់ព្រះណែនាំផ្លូវអ្នកចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរឲ្យបណ្ដាំរបស់ព្រះណែនាំផ្លូវអ្នកចុះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ចង្កៀង​ដល់​ជើង»
  • «ពន្លឺ​បំភ្លឺ​ផ្លូវ»
  • ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​ប្រយោជន៍
  • ចូរឲ្យព្រះបន្ទូលនៃព្រះបំភ្លឺផ្លូវរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • របៀបធ្វើការសម្រេចចិត្តល្អ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • របៀបដែលអ្នកអាចធ្វើការសម្រេចចិត្តដ៏ល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរបង្ហាញជំនឿ ហើយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៥ ទំ. ១៨-២២

ចូរ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ណែនាំ​ផ្លូវ​អ្នក​ចុះ!

«ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ​ផង»។—ទំនុកដំកើង ១១៩:១០៥

១, ២​. ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​រក​សុភមង្គល​និង​ភាព​សុខសាន្ត​មិន​បាន?

តើ​អ្នក​នៅ​ចាំ​ពេល​មួយ​ដែល​អ្នក​បាន​សុំ​គេ​ឲ្យ​ជួយ​ប្រាប់​ផ្លូវ​អ្នក​ទេ? ប្រហែល​ជា​អ្នក​បាន​ទៅ​ជិត​ដល់​ទី​ហើយ ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​បត់​ស្ដាំ​ឬ​បត់​ឆ្វេង​ទៀត​ទេ។ ឬ​មួយ​ក៏​ប្រហែល​ជា​មាន​ពេល​មួយ​ដែល​អ្នក​ជិះ​វង្វេង​ផ្លូវ ហើយ​ត្រូវ​ត្រឡប់​មក​ជិះ​តាម​ផ្លូវ​ផ្សេង​វិញ។ មិន​ថា​កាលៈទេសៈ​ណា​ក៏​ដោយ ច្បាស់​ជា​មាន​ប្រយោជន៍​បើ​អ្នក​ធ្វើ​តាម​យោបល់​របស់​មនុស្ស​ដែល​ស្គាល់​តំបន់​នោះ មែន​ទេ? ពីព្រោះ​បើ​គេ​ស្គាល់​តំបន់​នោះ ពួក​គេ​ទំនង​ជា​អាច​តម្រង់​ផ្លូវ​អ្នក​បាន។

២ អស់​រាប់​ពាន់​ឆ្នាំ​ហើយ មនុស្ស​បាន​ខិតខំ​ដឹក​នាំ​ជីវិត​ដោយ​ខ្លួន​ឯង មិន​មែន​ដោយ​ផ្អែក​លើ​ការ​ណែនាំ​ពី​ព្រះ​ទេ។ ប៉ុន្តែ ដោយសារ​មនុស្ស​គ្មាន​ភាព​ល្អ​ឥតខ្ចោះ បើ​គ្មាន​ជំនួយ​ពី​ព្រះ នោះ​ពួក​គេ​ចេះ​តែ​វង្វេង​ជានិច្ច។ ពួក​គេ​មិន​អាច​រក​វិថី​ជីវិត​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​និង​ភាព​សុខសាន្ត​បាន​ឡើយ។ ហេតុ​អ្វី​បាន​ជា​មនុស្ស​រក​ទិស​ដើរ​នោះ​មិន​បាន? ជាង​២.៥០០​ឆ្នាំ​មុន​នេះ អ្នក​ថ្លែង​ទំនាយ​ម្នាក់​ឈ្មោះ​យេរេមា​មាន​ប្រសាសន៍​ថា៖ «[ការ]​ដំ​រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ»ទេ។ (យេរេមា ១០:២៣) មនុស្ស​ដែល​ខំ​តម្រង់​ជំហាន​របស់​ខ្លួន​ដោយ​មិន​ព្រម​ទទួល​ជំនួយ​ពី​អ្នក​ដែល​ចេះ តែង​តែ​មាន​អារម្មណ៍​អន្ទះអន្ទែង​ក្នុង​ចិត្ត​ជានិច្ច។ យ៉ាង​ប្រាកដ​ណាស់ មនុស្ស​យើង​ត្រូវ​ការ​ការ​ណែនាំ​ជា​មិន​ខាន!

៣​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មាន​លក្ខណៈ​ដែល​ចាំបាច់​ដើម្បី​ផ្ដល់​ការ​ណែនាំ​ដែល​មនុស្ស​ត្រូវ​ការ? តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​ទ្រង់​នឹង​ធ្វើ​អ្វី?

៣ រីឯ​ព្រះ​យេហូវ៉ា​វិញ ទ្រង់​មាន​គ្រប់​លក្ខណៈ​ដែល​ចាំបាច់​ដើម្បី​ផ្ដល់​ការ​ណែនាំ​ដែល​មនុស្ស​ត្រូវ​ការ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​ស្គាល់​ធាតុ​ពិត​របស់​មនុស្ស​ច្បាស់​ជាង​យើង​ស្គាល់​ខ្លួន​ឯង។ ព្រះ​យេហូវ៉ា​ក៏​ជ្រាប​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ដើម​កំណើត​នៃ​មនុស្ស​ជាតិ ដែល​នាំ​ពួក​គេ​ឲ្យ​វង្វេង​ចេញ។ ព្រះ​យេហូវ៉ា​ក៏​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​កែ​តម្រង់​ផ្លូវ​របស់​ខ្លួន​វិញ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​បង្កើត​មនុស្ស​និង​របស់​សព្វសារពើ ដូច្នេះ​ទ្រង់​តែង​តែ​ដឹង​អំពី​អ្វី​ដែល​នាំ​ឲ្យ​យើង​មាន​ប្រយោជន៍។ (អេសាយ ៤៨:១៧) ហេតុ​នេះ​ហើយ​បាន​ជា​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ទ្រង់​នៅ​បទ​ទំនុកដំកើង ៣២:៨ ដែល​ចែង​ថា៖ «អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង​ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់»។ យ៉ាង​នេះ គ្មាន​ហេតុ​សង្ស័យ​អ្វី​ឡើយ​ថា ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​ការ​ណែនាំ​ដ៏​ល្អ​បំផុត។ ប៉ុន្តែ តើ​ទ្រង់​ជួយ​ណែនាំ​យើង​ដោយ​របៀប​ណា?

៤, ៥​. តើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​អាច​ជួយ​ណែនាំ​យើង​បាន​យ៉ាង​ណា?

៤ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា​ថា៖ «ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ​ផង»។ (ទំនុកដំកើង ១១៩:១០៥) បណ្ដាំ​និង​ពាក្យ​រំលឹក​របស់​ព្រះ​យេហូវ៉ា​បាន​កត់​ទុក​ក្នុង​គម្ពីរ ហើយ​ពាក្យ​ទាំង​នោះ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ផ្សេងៗ​ដែល​យើង​ជួបប្រទះ​ក្នុង​ជីវិត។ ប្រាកដ​ហើយ ពេល​យើង​អាន​និង​អនុញ្ញាត​ឲ្យ​ព័ត៌​មាន​ដែល​មាន​នៅ​ក្នុង​គម្ពីរ​ជួយ​ណែនាំ​ផ្លូវ​របស់​យើង នោះ​យើង​អាច​ពិសោធ​អ្វី​ដែល​បាន​ពណ៌នា​ក្នុង​សៀវភៅ​អេសាយ ៣០:២១ ថា៖ «ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា៖ ‹គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ›»។

៥ ប៉ុន្តែ សូម​កត់​សម្គាល់​ថា បទ​ទំនុក​ទី​១១៩:១០៥ បញ្ជាក់​ពី​របៀប​ពីរ​យ៉ាង​ដែល​ព្រះ​បន្ទូល​ឬ​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​បាន។ ទី​មួយ បណ្ដាំ​របស់​ព្រះ​ប្រៀប​ដូច​ជា​ចង្កៀង​ដែល​បំភ្លឺ​ដល់​កន្លែង​ដែល​យើង​ដាក់​ជើង​របស់​ខ្លួន។ ពេល​យើង​ជួប​ប្រទះ​ការ​ពិបាក​ផ្សេងៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នោះ​យើង​គួរ​ប្រើ​គោលការណ៍​ក្នុង​គម្ពីរ​ដើម្បី​ណែនាំ​ជំហាន​របស់​ខ្លួន។ បើ​ធ្វើ​ដូច្នេះ យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អៗ ហើយ​ជៀស​វាង​អង្គប់​និង​អន្ទាក់​ផ្សេងៗ​ដែល​មាន​នៅ​សម័យ​នេះ។ ទីពីរ ពាក្យ​រំលឹក​របស់​ព្រះ​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​បំភ្លឺ​ផ្លូវ​នៅ​ខាង​មុខ​យើង ហើយ​នេះ​អាច​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​សម​ស្រប​ទៅ​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ជីវិត​ដែល​គ្មាន​ទីបញ្ចប់​ក្នុង​សួន​មនោរម្យ​ដែល​ព្រះ​បាន​សន្យា​ឲ្យ។ ដោយសារ​យើង​អាច​មើល​ទៅ​មុខ​យ៉ាង​ច្បាស់ ហាក់​ដូច​ជា​មាន​ពន្លឺ​បំភ្លឺ​ផ្លូវ​យើង នោះ​យើង​អាច​យល់​ថា ការ​សម្រេច​របស់​យើង​នឹង​មាន​លទ្ធផល​ល្អ​ឬ​អាក្រក់។ (រ៉ូម ១៤:២១; ធីម៉ូថេទី១ ៦:៩; វិវរណៈ ២២:១២) ឥឡូវ យើង​សូម​ពិនិត្យ​មើល​យ៉ាង​ល្អិតល្អន់​ជាង ថា​តើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក្នុង​គម្ពីរ​ប្រៀប​ដូច​ជា​ចង្កៀង​ដល់​ជើង​និង​ពន្លឺ​បំភ្លឺ​ផ្លូវ​យើង​ដោយ​របៀប​ណា?

«ចង្កៀង​ដល់​ជើង»

៦​. តើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ចង្កៀង​ដល់​ជើង​យើង​ក្នុង​ករណី​អ្វី​ខ្លះ?

៦ រៀង​រាល់​ថ្ងៃ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេងៗ ខ្លះ​មិន​ទាក់ទង​នឹង​រឿង​សំខាន់​ទេ ប៉ុន្តែ​យើង​ក៏​ជួប​ប្រទះ​ស្ថានការណ៍​ដែល​អាច​ប៉ះ​ពាល់​ដល់​រឿង​សីលធម៌ ភាព​ទៀងត្រង់​និង​ការ​រក្សា​អព្យាក្រឹតភាព​ដែរ។ បើ​យើង​ចង់​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ជោគជ័យ នោះ​យើង​ត្រូវ«បង្ហាត់​ឥន្ទ្រីយ​[ឬ«សមត្ថភាព​វែកញែក»] ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ»។ (ហេព្រើរ ៥:១៤; ព.ថ.) បើ​យើង​ស្វែង​រក​ចំណេះ​អំពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ហើយ​ខំ​យល់​ច្បាស់​ពី​គោលការណ៍​ក្នុង​គម្ពីរ​ព្រះ នេះ​នឹង​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​គាប់​ចិត្ត​ទ្រង់។—សុភាសិត ៣:២១

៧​. សូម​រៀប​រាប់​ពី​ស្ថានការណ៍​ដែល​អាច​ទាក់ទាញ​ចិត្ត​គ្រិស្ត​សា​សនិក​ម្នាក់​ឲ្យ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​រួម​ការងារ​ដែល​មិន​មាន​ជំនឿ​ដូច​យើង។

៧ សូម​គិត​ពី​ឧទាហរណ៍​មួយ​នេះ។ តើ​អ្នក​ជា​មនុស្ស​ពេញ​វ័យ​ដែល​ខំ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីករាយ​ទេ? (សុភាសិត ២៧:១១) បើ​ដូច្នេះ គួរ​ឲ្យ​សរសើរ​មែន! ប៉ុន្តែ សូម​គិត​ទៅ​មើល​បើ​ពួក​អ្នក​រួម​ការងារ​អញ្ជើញ​អ្នក​ទៅ​ដើរ​លេង​នៅ​មាត់​ទន្លេ​ជា​មួយ​ពួក​គាត់។ ពួក​គាត់​ចូល​ចិត្ត​ធ្វើ​ការ​ជា​មួយ​អ្នក ហើយ​ចង់​ធ្វើ​ជា​មិត្ត​របស់​អ្នក​ក្រៅ​ម៉ោង​ធ្វើ​ការ​ដែរ។ អ្នក​ប្រហែល​ជា​គិត​ថា ពួក​អ្នក​រួម​ការងារ​នោះ​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ។ ពួក​គាត់​ក៏​ប្រហែល​ជា​បាន​បង្ហាញ​ថា​មាន​សីលធម៌​ក្នុង​ខ្លួន​ផង។ តើ​អ្នក​នឹង​ទៅ​ជា​មួយ​ពួក​គាត់​ទេ? តើ​ការ​ដើរ​លេង​បន្ដិច​នោះ​អាច​មាន​គ្រោះ​ថ្នាក់​បាន​ទេ? តើ​គម្ពីរ​ជា​បណ្ដាំ​ព្រះ​អាច​ជួយ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​យ៉ាង​ណា?

៨​. តើ​មាន​គោលការណ៍​អ្វី​ខ្លះ​ក្នុង​គម្ពីរ ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​ការ​សេពគប់​ជា​មួយ​មនុស្ស​ដទៃ?

៨ សូម​គិត​អំពី​គោលការណ៍​ខ្លះ​ក្នុង​គម្ពីរ។ ប្រហែល​ជា​គោលការណ៍​មួយ​ដែល​យើង​ចាំ​មុន​គេ គឺ​នៅ​ក្នុង​សៀវភៅ​កូរិនថូស​ទី១ ១៥:​៣៣ ដែល​ចែង​ថា៖ «ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ»។ បើ​យើង​ចង់​ធ្វើ​តាម​គោលការណ៍​នេះ តើ​នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ជៀស​វាង​ទាំង​ស្រុង ពី​អស់​ទាំង​មនុស្ស​ដែល​មិន​រួម​ជំនឿ​ជា​មួយ​នឹង​យើង​ឬ? ស្រប​ទៅ​តាម​បទ​គម្ពីរ​ឯ​ទៀត យើង​មិន​គួរ​ជៀស​វាង​ពី​ពួក​គេ​ទាំង​ស្រុង​ទេ។ យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ«មនុស្ស​ទាំង​អស់» រួម​ទាំង​មនុស្ស​ដែល​មិន​មាន​ជំនឿ​ដូច​គាត់​ផង។ (កូរិនថូសទី១ ៩:២២) តាម​ពិត គោល​ដៅ​ចម្បង​របស់​យើង​ជា​គ្រិស្ត​សា​សនិក​តម្រូវ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដទៃ រួម​ទាំង​មនុស្ស​ដែល​មិន​មាន​ជំនឿ​ដូច​យើង។ (រ៉ូម ១០:១៣​-​១៥) យ៉ាង​នេះ បើ​យើង​ដក​ខ្លួន​ឆ្ងាយ​ពី​មនុស្ស​ឯ​ទៀត​ដែល​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ពី​យើង តើ​យើង​អាច«ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​[នោះ]»បាន​យ៉ាង​ណា?—កាឡាទី ៦:១០

៩​. តើ​ដំបូន្មាន​អ្វី​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​សេពគប់​ជា​មួយ​អ្នក​រួម​ការងារ?

៩ ប៉ុន្តែ ទោះ​ជា​យើង​រាប់​អាន​អ្នក​រួម​ការងារ​ក៏​ដោយ យើង​មិន​ចង់​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គាត់​ទេ។ គោលការណ៍​មួយ​ទៀត​ក្នុង​គម្ពីរ​ជួយ​យើង​ឲ្យ​យល់​ដូច្នេះ។ សាវ័ក​ប៉ុល​បាន​ព្រមាន​ពួក​គ្រិស្ត​សា​សនិក​ថា៖ «កុំ​ឲ្យ​ទឹម​នឹម​ស្រៀក​ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ»។ (កូរិនថូសទី២ ៦:១៤) តើ​ពាក្យ«កុំ​ឲ្យ​ទឹម​នឹម​ស្រៀក»មាន​ន័យ​អ្វី? គម្ពីរ​ខ្លះ​បាន​បកប្រែ​ពាក្យ​ទាំង​នេះ​ថា «កុំ​ចង​ដៃ​ជា​មួយ» «កុំ​ចង់​បាន​ស្មើ​ភាព​គ្នា​នឹង» ហើយ«កុំ​សេពគប់​ជា​មួយ​អ្នក​មិន​ជឿ​ឡើយ»។ តើ​មិន​គួរ​គប្បី​ឲ្យ​យើង​សេពគប់​ជា​មួយ​អ្នក​រួម​ការងារ​ក្នុង​ករណី​អ្វី? តើ​ទំនាក់ទំនង​បែប​ណា​ជា​មួយ​អ្នក​រួម​ការងារ​អាច​ប្រៀប​ដូច​ជា​ការ​ទឹម​នឹម​ស្រៀក​ជា​មួយ​ពួក​គេ? បណ្ដាំ​របស់​ព្រះ​ក្នុង​គម្ពីរ​អាច​ជួយ​ណែនាំ​ជំហាន​របស់​អ្នក​ក្នុង​រឿង​នេះ​បាន។

១០​. (ក) តើ​ព្រះ​យេស៊ូ​បាន​ជ្រើសរើស​អ្នក​ណា​ឲ្យ​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ? (ខ) តើ​យើង​អាច​សួរ​ខ្លួន​ឯង​សំណួរ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ​អំពី​នរណា​ដែល​យើង​គួរ​ឬ​មិន​គួរ​យក​ជា​មិត្ត​ជិត​ស្និទ្ធ?

១០ សូម​គិត​អំពី​គំរូ​របស់​ព្រះ​យេស៊ូ​ដែល​ស្រឡាញ់​មនុស្ស​តាំង​ពី​ដើម​កំណើត​នៃ​ពិភពលោក។ (សុភាសិត ៨:៣១) ពេល​ព្រះ​យេស៊ូ​រស់​នៅ​ផែនដី ទ្រង់​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​អស់​អ្នក​ដែល​កាន់​តាម​ទ្រង់។ (យ៉ូហាន ១៣:១) ព្រះ​យេស៊ូ​ក៏​បាន«ស្រឡាញ់»បុរស​ម្នាក់​ដែល​មិន​យល់​ច្បាស់​នូវ​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ (ម៉ាកុស ១០:​១៧​-​២២) យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​មិន​ដែល​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​មនុស្ស​ទាំង​អស់​ទេ។ ទ្រង់​មិន​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​មនុស្ស​ដែល​គ្មាន​បំណង​ធ្វើ​តាម​បំណង​ចិត្ត​បិតា​ទ្រង់​ឡើយ។ គ្រា​មួយ ព្រះ​យេស៊ូ​ប្រាប់​ថា៖ «បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ»។ (យ៉ូហាន ១៥:១៤) ក្នុង​ករណី​របស់​អ្នក ប្រហែល​ជា​មាន​អ្នក​ខ្លះ​នៅ​កន្លែង​ធ្វើ​ការ​ដែល​អ្នក​ចូល​ចិត្ត​ដែរ។ ប៉ុន្តែ សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​គាត់​យល់​ព្រម​ធ្វើ​តាម​បង្គាប់​ព្រះ​យេស៊ូ​ទេ? តើ​គាត់​ចង់​រៀន​អំពី​ព្រះ​យេហូវ៉ា ជា​ព្រះ​មួយ​អង្គ​ដែល​ព្រះ​យេស៊ូ​បង្គាប់​ឲ្យ​យើង​ថ្វាយ​បង្គំ​ទេ? តើ​គាត់​មាន​សីលធម៌​ដូច​ខ្ញុំ​ជា​គ្រិស្ត​សា​សនិក​ម្នាក់​ទេ?›។ (ម៉ាថាយ ៤:១០) អ្នក​នឹង​ឃើញ​ច្បាស់​នូវ​អាកប្បកិរិយា​របស់​ពួក​អ្នក​រួម​ការងារ​បាន ពេល​អ្នក​បញ្ជាក់​ដល់​ពួក​គាត់​ថា អ្នក​មិន​ព្រម​ប្រាស​ចាក​គោលការណ៍​ក្នុង​គម្ពីរ​ឡើយ។

១១​. សូម​រៀប​រាប់​អំពី​ករណី​ខ្លះ​ដែល​យើង​គួរ​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​ណែនាំ​ផ្លូវ​របស់​យើង។

១១ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក៏​ប្រៀប​ដូច​ជា​ចង្កៀង​ដល់​ជើង​យើង​ក្នុង​ករណី​ច្រើន​ទៀត​ដែរ។ ជា​ឧទាហរណ៍ គ្រិស្ត​សា​សនិក​ម្នាក់​ប្រហែល​ជា​អត់​មាន​ការ​ងារ​ធ្វើ ស្រាប់​តែ​គេ​ផ្ដល់​ការងារ​ដែល​គាត់​ត្រូវ​ការ​ណាស់។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​ការងារ​នោះ​ចេះ​តែ​ស៊ី​កម្លាំង​គាត់​អស់ ហើយ​ធ្វើ​ឲ្យ​គាត់​ខាន​ចូល​រួម​កម្មវិធី​ប្រជុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ជា​ទៀងទាត់ ថែម​ទាំង​រំខាន​ដល់​កម្មវិធី​ឯ​ទៀត​ដែល​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ពិត? (ទំនុកដំកើង ៣៧:២៥) ចុះ​យ៉ាង​ណា​ចំពោះ​គ្រិស្ត​សា​សនិក​ឯ​ទៀត ដែល​ប្រហែល​ជា​មាន​ចិត្ត​ចង់​មើល​កុន​ដែល​ប្រាស​ចាក​គោលការណ៍​ក្នុង​គម្ពីរ? (អេភេសូរ ៤:១៧​-​១៩) ម្នាក់​ទៀត​ប្រហែល​ជា​ចេះ​តែ​ឆាប់​តូច​ចិត្ត​ពេក ដោយ​ព្រោះ​បងប្អូន​រួម​ជំនឿ​ដែល​គ្មាន​ភាព​ល្អ​ឥតខ្ចោះ​បាន​ធ្វើ​ខុស។ (កូល៉ុស ៣:១៣) ក្នុង​គ្រប់​ករណី​ទាំង​នេះ គួរ​គប្បី​ឲ្យ​យើង​យក​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ទុក​ជា​ចង្កៀង​ដល់​ជើង។ តាម​ពិត យើង​អាច​យក​ឈ្នះ​លើ​ស្ថានការណ៍​ដ៏​ពិបាក​ណា​ក៏​ដោយ​ដែល​យើង​ជួបប្រទះ​ក្នុង​ជីវិត ឲ្យ​តែ​យើង​ធ្វើ​តាម​គោលការណ៍​ក្នុង​គម្ពីរ។ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា«មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំ​រង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត»។—ធីម៉ូថេទី២ ៣:១៦

«ពន្លឺ​បំភ្លឺ​ផ្លូវ»

១២​. តើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​បំភ្លឺ​ផ្លូវ​នៅ​ខាង​មុខ​យើង​យ៉ាង​ណា?

១២ បទ​ទំនុក​ទី១១​៩:១០៥ បញ្ជាក់​ដែរ​ថា បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​បំភ្លឺ​ផ្លូវ​នៅ​ខាង​មុខ​យើង។ នេះ​មាន​ន័យ​ថា មិន​មែន​ហាក់​ដូច​ជា​យើង​ស្ថិត​ក្នុង​ភាព​ងងឹត​ស្តី​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​នោះ​ទេ ពីព្រោះ​ក្នុង​គម្ពីរ​មាន​ការ​ពន្យល់​ច្បាស់​លាស់​អំពី​ហេតុ​ដែល​មាន​គ្រា​លំបាក​នេះ ហើយ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ទៀត។ យើង​ដឹង​ថា​យើង​កំពុង​រស់​នៅ«ជាន់​ក្រោយ​បង្អស់»នៃ​សម័យ​ដ៏​អាក្រក់​នេះ​ហើយ។ (ធីម៉ូថេទី២ ៣:១​-​៥) ដោយសារ​យើង​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នា​អនាគតកាល នេះ​គួរ​មាន​ឥទ្ធិពល​ខ្លាំង​លើ​របៀប​រស់​នៅ​របស់​យើង​សព្វ​ថ្ងៃ​នេះ។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «ចុះ​ដែល​របស់​ទាំង​នោះ​នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ​នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ ទាំង​ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង»។—ពេត្រុសទី២ ៣:១១, ១២

១៣​. ពេល​ទទួល​ស្គាល់​ថា​នេះ​ជា​គ្រា​បន្ទាន់ តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​និង​របៀប​រស់​នៅ​របស់​យើង?

១៣ ទស្សនៈ​និង​របៀប​រស់​នៅ​របស់​យើង​គួរ​ស​ឲ្យ​ឃើញ​ថា យើង​ជឿជាក់​ថា‹លោកីយ​នេះ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា​កំពុង​កន្លង​ទៅ›។ (យ៉ូហានទី១ ២:១៧) ពេល​យើង​ធ្វើ​តាម​គោលការណ៍​ក្នុង​គម្ពីរ នេះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អៗ​ស្តី​អំពី​គោល​ដៅ​របស់​យើង។ ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​ដាស់​តឿន​ថា៖ «ចូរ​ស្វែង​រក​នគរ​នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។ (ម៉ាថាយ ៦:៣៣) នេះ​ជា​ការ​ដ៏​គួរ​ឲ្យ​សរសើរ​ណាស់! ពេល​យើង​ឃើញ​ប្អូនៗ​យុវ​វ័យ​ជា​ច្រើន​បង្ហាញ​ពី​ជំនឿ​របស់​ខ្លួន​ទៅ​លើ​ពាក្យ​របស់​ព្រះ​យេស៊ូ ដោយ​ធ្វើ​កិច្ច​បម្រើ​ផ្សាយ​ពេញ​ពេល។ បងប្អូន​ឯ​ទៀត (ដែល​រួម​បញ្ចូល​មាតា​បិតា​និង​កូនៗ​ផង) បាន​សម្រេច​ចិត្ត​ផ្លាស់​ទីលំនៅ​ទៅ​ឯ​ប្រទេស​ផ្សេង ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​រាជាណាចក្រ​របស់​ព្រះ​ច្រើន​ជាង។

១៤​. តើ​ក្រុម​គ្រួសារ​មួយ​ដែល​ជា​គ្រិស្ត​សា​សនិក​បាន​ចម្រើន​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គាត់​ដោយ​របៀប​ណា?

១៤ សូម​គិត​អំពី​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សមាជិក​បួន​នាក់​ជា​គ្រិស្ត​សា​សនិក។ ពួក​គាត់​បាន​ចេញ​ពី​សហរដ្ឋ​អា​ម៉េរិក​ទៅ​រស់​នៅ​សាធារណរដ្ឋ​ដូ​មី​នី​កាំ​ង​វិញ។ ពួក​គាត់​បាន​ធ្វើ​ដូច្នេះ​ដើម្បី​រួម​ចំណែក​ជា​មួយ​ក្រុមជំនុំ​ក្នុង​ទី​ក្រុង​មួយ​ដែល​មាន​តែ​៥០.០០០​នាក់។ ក្រុមជំនុំ​នោះ​មាន​អ្នក​ផ្សាយ​សារ​រាជាណាចក្រ​របស់​ព្រះ​ប្រមាណ​១៣០​នាក់។ ប៉ុន្តែ នៅ​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០០៦ មនុស្ស​ប្រមាណ​១.៣០០​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​រំលឹក​មរណភាព​របស់​ព្រះ​គ្រិស្ត! តំបន់​ផ្សាយ​នោះ​ប្រៀប​ដូច​ជា​ស្រែ​ដែល‹ក្រហម​ល្មម​នឹង​ច្រូត​បាន›ដល់​ម្ល៉េះ​បាន​ជា​ក្នុង​រយៈ​ពេល​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ មាតា​បិតា កូន​ប្រុស​និង​កូន​ស្រី​មាន​សិស្ស​៣០​នាក់​សរុប​គ្នា ដែល​បាន​រៀន​គម្ពីរ។ (យ៉ូហាន ៤:៣៥) បង​ប្រុស​ពន្យល់​ថា៖ «មាន​បងប្អូន​៣០​នាក់​បាន​ផ្លាស់​ទីលំនៅ​ដើម្បី​មក​ជួយ​ក្រុមជំនុំ​នេះ។ ប្រមាណ​២០​នាក់​មក​ពី​សហរដ្ឋ​អា​ម៉េរិក ហើយ​បងប្អូន​ឯ​ទៀត​មក​ពី​កោះ​បា​ហា​ម៉ា ប្រទេស​កាណាដា អ៊ីតាលី នូវ៉ែលហ្សេឡង់​និង​ប្រទេស​អេស្ប៉ាញ​ដែរ។ ពេល​បងប្អូន​ទាំង​នោះ​មក​ទី​នេះ ពួក​គាត់​មាន​ចិត្ត​រំភើប​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ ហើយ​នេះ​មាន​ឥទ្ធិពល​ល្អ​លើ​បងប្អូន​ជនជាតិ​ដូ​មី​នី​កាំ​ង​ក្នុង​ក្រុមជំនុំ​ដល់​ម្ល៉េះ បាន​ជា​ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ខ្នះខ្នែង​កាន់​តែ​ច្រើន​ដែរ»។

១៥​. តើ​អ្នក​បាន​ទទួល​ពរ​អ្វី​ខ្លះ​ដោយ​ព្រោះ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​ជា​អ្វី​ដែល​មាន​អាទិ​ភាព​ក្នុង​ជីវិត?

១៥ យើង​យល់​ថា បងប្អូន​ជា​ច្រើន​មិន​មាន​ស្ថានភាព​ហុច​ឱកាស​ឲ្យ​ផ្លាស់​ទៅ​នៅ​ប្រទេស​ផ្សេង​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​នៅ​កន្លែង​ដែល​ត្រូវ​ការ​ជំនួយ​នោះ​ទេ។ ប៉ុន្តែ​ចំពោះ​បងប្អូន​ដែល​មាន​ឱកាស (ឬ​ធ្វើ​ការ​កែ​ប្រែ​ដើម្បី​ឲ្យ​មាន​ឱកាស) នោះ​ពួក​គេ​ពិត​ជា​នឹង​ទទួល​ពរ​ជា​ច្រើន​ដោយ​រួម​ចំណែក​ក្នុង​កិច្ច​បម្រើ​ផ្សាយ​នៅ​ប្រទេស​ក្រៅ។ ប៉ុន្តែ មិន​ថា​យើង​ផ្សព្វផ្សាយ​នៅ​កន្លែង​ណា​ក៏​ដោយ យើង​នឹង​មាន​អំណរ​យ៉ាង​ពេញលេញ​ពេល​យើង​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​កម្លាំង។ បើ​យើង​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​ជា​អ្វី​ដែល​មាន​អាទិ​ភាព​ក្នុង​ជីវិត នោះ​ព្រះ​យេហូវ៉ា​សន្យា​ថា​ទ្រង់​នឹង«ចាក់​ព្រះ​ពរ​មក​លើ​[យើង] ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ»។—ម៉ាឡាគី ៣:១០

ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​ប្រយោជន៍

១៦​. តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពេល​អនុញ្ញាត​ឲ្យ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ណែនាំ​យើង?

១៦ យើង​បាន​ឃើញ​រួច​ហើយ​ថា បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​ពីរ​យ៉ាង។ បណ្ដាំ​របស់​ទ្រង់​ប្រៀប​ដូច​ជា​ចង្កៀង​ដល់​ជើង​ដោយ​ជួយ​តម្រង់​ជំហាន​យើង​ក្នុង​ការ​ឈាន​ទៅ​មុខ ព្រម​ទាំង​ផ្ដល់​ការ​ណែនាំ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត។ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក៏​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​បំភ្លឺ​ផ្លូវ​យើង ហើយ​នេះ​ជួយ​ឲ្យ​យើង​យល់​ច្បាស់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត។ ដោយសារ​យើង​យល់​ច្បាស់​អំពី​ពេល​អនាគត​នោះ នេះ​តែង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ពេត្រុស​ដែល​ទូន្មាន​ថា៖ «ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ចុះ! ទាំង​ដឹង​ខ្លួន​ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក​ដល់​ព្រះ​គុណ​ដែល​ត្រូវ​ផ្ដល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ទ្រង់​លេច​មក​ផង»។—ពេត្រុសទី១ ១:១៣

១៧​. តើ​ការ​សិក្សា​គម្ពីរ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​បាន​យ៉ាង​ណា?

១៧ គ្មាន​ហេតុ​សង្ស័យ​អ្វី​ឡើយ ថា​ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​ការ​ណែនាំ​ឲ្យ​យើង​មែន។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​ថា តើ​យើង​នឹង​ធ្វើ​តាម​ការ​ណែនាំ​នោះ​ឬ​យ៉ាង​ណា? ដូច្នេះ ចូរ​ប្ដេជ្ញា​ចិត្ត​ជា​ស្រេច​ថា​អ្នក​នឹង​អាន​គម្ពីរ​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​យល់​នូវ​ការ​ណែនាំ​ដែល​មក​ពី​ទ្រង់។ ចូរ​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​អាន ហើយ​ខំ​ស្វែង​យល់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ ចូរ​គិត​ពិចារណា​អំពី​របៀប​ផ្សេងៗ​ដែល​អ្នក​អាច​អនុវត្ត​តាម​ចំណុច​ទាំង​នោះ​ក្នុង​ជីវិត​របស់​អ្នក។ (ធីម៉ូថេ​ទី១ ៤:១៥) រួច​មក ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​វែកញែក​ហេតុ​ផល​ជា​មុន​សិន។

១៨​. បើ​យើង​អនុញ្ញាត​ឲ្យ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ណែនាំ​យើង តើ​យើង​នឹង​ទទួល​ពរ​អ្វី​ខ្លះ?

១៨ បណ្ដាំ​របស់​ព្រះ​មាន​គោលការណ៍​ជា​ច្រើន​ដែល​អាច​បំភ្លឺ​ផ្លូវ​យើង​ដោយ​ជួយ​យើង​យល់​កាន់​តែ​ច្បាស់​នូវ​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត។ គោលការណ៍​ទាំង​នោះ​ក៏​ផ្ដល់​ការ​ណែនាំ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អៗ​ផង​ដែរ។ យើង​អាច​ទុក​ចិត្ត​ថា បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ជា​លាយ​លក្ខណ៍​អក្សរ​នោះ ពិត​ជា​នឹង«ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា»មែន។ (ទំនុកដំកើង ១៩:៧) ពេល​យើង​អនុញ្ញាត​ឲ្យ​គម្ពីរ​ព្រះ​ណែនាំ​ផ្លូវ​យើង យើង​នឹង​មាន​បញ្ញា​ចិត្ត​ជ្រះថ្លា ដែល​មាន​ន័យ​ថា ចិត្ត​ខ្លួន​នឹង​វិនិច្ឆ័យ​ថា​យើង​គ្មាន​ទោស​ឡើយ។ ណា​មួយ​ទៀត យើង​នឹង​មាន​ចិត្ត​ស្កប់ស្កល់​ដែរ ដោយ​ដឹង​ថា​យើង​កំពុង​ធ្វើ​អ្វី​ដែល​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា។ (ធីម៉ូថេទី១ ១:​១៨, ១៩) បើ​យើង​អនុញ្ញាត​ឲ្យ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ណែនាំ​យើង​រៀង​រាល់​ថ្ងៃ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ទុក​ជា​រង្វាន់​ដ៏​អស្ចារ្យ​បំផុត ពោល​គឺ ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូហាន ១៧:៣

តើ​អ្នក​នៅ​ចាំ​ទេ?

• ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ដែល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​ផ្លូវ​របស់​យើង?

• តើ​បណ្ដាំ​របស់​ព្រះ​ប្រៀប​ដូច​ជា​ចង្កៀង​ដល់​ជើង​យើង​តាម​របៀប​ណា​ខ្លះ?

• តើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​បំភ្លឺ​ផ្លូវ​យើង​យ៉ាង​ដូច​ម្ដេច?

• តើ​ការ​សិក្សា​គម្ពីរ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យ៉ាង​ណា​ខ្លះ?

[រូបភាព​នៅ​ទំព័រ​២០]

មិត្ត​ជិត​ស្និទ្ធ​របស់​ព្រះ​យេស៊ូ សុទ្ធតែ​ជា​អ្នក​ដែល​ធ្វើ​តាម​បំណង​ចិត្ត​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​២១]

តើ​របៀប​រស់​នៅ​របស់​យើង​បង្ហាញ​ថា​យើង​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​ជា​អ្វី​ដែល​មាន​អាទិ​ភាព​ក្នុង​ជីវិត​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក