បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ៤ ទំ. ៣២-៤២
  • ព្រះយេស៊ូគ្រីស្ទកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេស៊ូគ្រីស្ទកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះមេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា
  • ទី​សំអាង​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី
  • ជីវិត​ព្រះ​យេស៊ូ មុន​ទ្រង់​ជា​មនុស្ស
  • ដំណើរ​ជីវិត​នៃ​ព្រះ​យេស៊ូ​លើ​ផែនដី
  • ព្រះ​យេស៊ូ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ
  • ជីវិត​ទ្រង់​កាល​ពីដើម
  • កិច្ច​បំរើ​របស់​ទ្រង់
  • ការ​ក្បត់​និង​ការ​សោយទិវង្គត​របស់​ទ្រង់
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើព្រះយេស៊ូគ្រីស្ទជាអ្នកណា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ពួកគេបានរង់ចាំទទួលមេស្ស៊ី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • មេស្ស៊ីជាមធ្យោបាយដែលព្រះសង្គ្រោះមនុស្ស!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ៤ ទំ. ៣២-៤២

ជំពូកទី៤

ព្រះ​យេស៊ូ​គ្រីស្ទកូនសោ​ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ

១, ២​. តើ​សាសនា​លោកីយ៍​នេះ​បាន​ធ្វើ​ឲ្យ​ខូច​កូនសោ​ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ​យ៉ាង​ដូច​ម្ដេច?

អ្នក​កំពុង​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ រាវ​រក​កូនសោ​មក​បើក​ទ្វារ។ ធាតុ​អាកាស​ត្រជាក់​ហើយ​ងងឹត​ផង ហើយ​អ្នក​ចង់​តែ​ចូល​ទៅ​ក្នុង​ផ្ទះ​ភ្លាម⁠ៗ​—⁠ប៉ុន្តែ​កូនសោ​បើក​ទ្វារ​មិន​កើត។ កូនសោ​មើល​ទៅ​ដូច​ជា​ត្រូវ តែ​ទ្វារ​មិន​ព្រម​បើក​សោះ។ នេះ​ចំ​ជា​មួម៉ៅ​ចិត្ត​មែន! អ្នក​យក​កូនសោ​មក​មើល​ម្ដង​ទៀត។ តើ​អ្នក​កំពុង​ប្រើ​កូនសោ​ត្រូវ​ឬ? ឬ​មាន​អ្នក​ណា​ម្នាក់​ធ្វើ​ខូច​កូនសោ​ទៅ​ហើយ?

២ នោះ​ជា​ឧទាហរណ៍​ដ៏​ត្រឹម​ត្រូវ ដែល​ពន្យល់​អំពី​អ្វី​ដែល​ការ​ច្រ​ឡូ​ក​ច្រឡំ​ខាង​សាសនា​លោកីយ៍​នេះ បាន​ធ្វើ​ដល់​ចំណេះ​អំពី​ព្រះ។ តាម​ពិត​ទៅ មនុស្ស​ជា​ច្រើន​បាន​កែ​ឆ្នៃ​ឲ្យ​ខូច​កូនសោ​—⁠គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​—⁠ដែល​នាំ​ឲ្យ​យើង​យល់​ដល់​ចំណេះ​នេះ​បាន។ សាសនា​ខ្លះ​បាន​ដក​យក​កូនសោ​នេះ​ចោល មិន​រវី​រវល់​ដល់​ព្រះ​យេស៊ូ​ទាំង​ស្រុង​តែ​ម្ដង។ ខ្លះ​វិញ​ទៀត​បាន​ប្រាប់​បង្វែង​ថា មុខ​ងារ​របស់​ព្រះ​យេស៊ូ​គឺ​ជា​ព្រះ ទាំង​ថ្វាយ​បង្គំ​ទ្រង់​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ទៅ​វិញ។ យ៉ាង​ណា​ក៏​ដោយ យើង​មិន​អាច​ទទួល​ចំណេះ​អំពី​ព្រះ​បាន​ឡើយ ដោយ​ឥត​ដឹង​យល់​យ៉ាង​ត្រឹម​ត្រូវ​អំពី​បុគ្គល​ដ៏​សំខាន់​បំផុត​នេះ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។

៣​. ហេតុ​អ្វី​បាន​ជា​គេ​អាច​ហៅ​ព្រះ​យេស៊ូ​ថា​ជា​កូនសោ​ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ?

៣ អ្នក​ប្រហែល​ចាំ​ពី​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា⁠៖ «នេះ​ជា​ជីវិត​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ចំណេះ​អំពី​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:⁠៣, ព.ថ.) ព្រះ​យេស៊ូ​ទ្រង់​មិន​មែន​អួត​ទេ កាល​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ។ បទ​គម្ពីរ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត អំពី​សេចក្ដី​ត្រូវ​ការ​ចំណេះ​ត្រឹមត្រូវ​អំពី​ព្រះ​គ្រីស្ទ។ (អេភេសូរ ៤:⁠១៣; កូល៉ុស ២:២; ពេត្រុសទី២ ១:៨; ២:⁠២០) សាវ័ក​ពេត្រុស​កត់​សម្គាល់​ថា⁠៖ «ពួក​ហោរា​សុទ្ធតែ​ធ្វើ​បន្ទាល់​ពី[ព្រះ​យេស៊ូ​គ្រីស្ទ]»។ (កិច្ចការ ១០:⁠៤៣) ហើយ​សាវ័ក​ប៉ុល​បាន​សរសេរ​ថា⁠៖ «មាន​គ្រប់​ទាំង​ផលផ្លែ​វិសេស​នៃ​ប្រាជ្ញា​និង​សេចក្ដី​ចេះ​ដឹង​លាក់​ទុក​ក្នុង​[ព្រះ​យេស៊ូ]»។ (កូល៉ុស ២:⁠៣) លោក​ប៉ុល​បាន​ទាំង​មាន​ប្រសាសន៍​ថា សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា បាន​ត្រូវ​សម្រេច​ឡើង គឺ​ដោយ​ព្រោះ​ព្រះ​យេស៊ូ។ (កូរិនថូសទី២ ១:⁠២០) ដូច្នេះ ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​ពិត​ជា​កូនសោ​នេះ​ហើយ ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ។ ចំណេះ​របស់​យើង​អំពី​ព្រះ​យេស៊ូ​គឺ​ត្រូវ​តែ​ស្រឡះ​ពី​អស់​ទាំង​សេចក្ដី​ណា ដែល​ប្រាប់​បង្វែង​អំពី​លក្ខណៈ​នៃ​ទ្រង់ ហើយ​និង​មុខងារ​ទ្រង់​ក្នុង​របៀប​រៀប​ចំ​របស់​ព្រះ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ ចាត់​ទុក​ទ្រង់​ជា​សំខាន់​បំផុត​ចំពោះ​គោល​បំណង​នៃ​ព្រះ?

ព្រះមេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា

៤, ៥​. តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី​ដែល​សំដៅ​ចំពោះ​ព្រះមេស្ស៊ី ហើយ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ចាត់​ទុក​ទ្រង់​ជា​អ្វី?

៤ តាំង​ពី​ជំនាន់​អេបិល​ជា​បុរស​ស្មោះ​ត្រង់​រហូត​មក ពួក​អ្នក​បំរើ​ព្រះ​បាន​ទន្ទឹង​ចង់​ឃើញ​ជា​ខ្លាំង នូវ​ពូជ​ដែល​ព្រះ​យេហូវ៉ា​បាន​ទាយ​ប្រាប់​ដោយ​ព្រះ​អង្គ​ទ្រង់។ (លោកុប្បត្តិ ៣:⁠១៥; ៤:​១​-​៨; ហេព្រើរ ១១:⁠៤) នេះ​បាន​សម្ដែង​ឲ្យ​ឃើញ​ថា ពូជ​នេះ ជា​ព្រះមេស្ស៊ី​ដែល​មាន​ន័យ​ថា «អ្នក​ដែល​ចាក់​ប្រេង​តាំង» នឹង​បំពេញ​គោល​បំណង​នៃ​ព្រះ។ ទ្រង់​នឹង​«ធ្វើ​ឲ្យ​អំពើ​បាប​ផុត​ទៅ» ហើយ​សេចក្ដី​រុងរឿង​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​បាន​ត្រូវ​ទាយ​ទុក​ក្នុង​ទំនុកដំកើង។ (ដានីយ៉ែល ៩:​២៤​-​២៦; ទំនុកដំកើង ៧២:​១​-​២០) តើ​អ្នក​ណា​ទៅ​ដែល​ជា​ព្រះមេស្ស៊ី​នេះ?

៥ សូម​នឹក​គិត​មើល​អំពី​ការ​រំភើប​ចិត្ត​នៃ​សាសន៍​យូដា​វ័យ​ក្មេង​ម្នាក់ ឈ្មោះ​អនទ្រេ ពេល​គាត់​ស្ដាប់​បន្ទូល​របស់​ព្រះ​យេស៊ូ ជា​អ្នក​ស្រុក​ណាសារ៉ែត។ អនទ្រេ​ក៏​ប្រញាប់​ទៅ​ឯ​ស៊ីម៉ូន​-​ពេត្រុស​ជា​បង​ប្រុស​គាត់ ហើយ​ប្រាប់​ថា⁠៖ «យើង​បាន​ឃើញ​ព្រះមេស្ស៊ី​ហើយ»។ (យ៉ូហាន ១:⁠៤១) ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ជឿជាក់​ថា ទ្រង់​ជា​ព្រះមេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​មក។ (ម៉ាថាយ ១៦:⁠១៦) ហើយ​គ្រីស្ទាន​ពិត​បាន​ស៊ូ​ប្ដូរ​ជីវិត​ខ្លួន​លើ​ជំនឿ​ថា ព្រះ​យេស៊ូ​គឺ​ពិត​ជា​ព្រះមេស្ស៊ី ឬ​ព្រះ​គ្រីស្ទ​ដែល​បាន​ត្រូវ​សន្យា​មក​មែន។ តើ​ពួក​គេ​មាន​ភស្តុតាង​អ្វី? សូម​យើង​ពិចារណា​មើល​ទី​សំអាង​បី​យ៉ាង។

ទី​សំអាង​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី

៦​. (ក) តើ​ពូជ​ពង្ស​ណា​ដែល​នឹង​បង្កើត​ពូជ​សន្យា​នេះ​មក ហើយ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​យេស៊ូ​បាន​កើត​មក​ពី​វង្ស​គ្រួសារ​នោះ​មែន? (ខ) ហេតុ​អ្វី​បាន​ជា​អ្នក​ណា​ដែល​រស់​នៅ​ក្រោយ​ឆ្នាំ​៧០​ស.យ.​មិន​អាច​អះអាង​តាំង​ខ្លួន​ជា​ព្រះមេស្ស៊ី​បាន?

៦ វង្ស​ត្រកូល​របស់​ព្រះ​យេស៊ូ គឺ​ជា​មូលដ្ឋាន​ទី​មួយ សំរាប់​សម្គាល់​ទ្រង់​ជា​ព្រះមេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​លោក​អ័ប្រាហាំ​ជា​អ្នក​បំរើ​ទ្រង់​ថា ពូជ​សន្យា​នឹង​កើត​ពី​គ្រួសារ​របស់​លោក​មក។ អ៊ីសាក​កូន​លោក​អ័ប្រាហាំ យ៉ាកុប​កូន​អ៊ីសាក និង​យូដា​កូន​យ៉ាកុប​ម្នាក់⁠ៗបាន​ទទួល​សេចក្ដី​សន្យា​ស្រដៀង​គ្នា​ដែរ។ (លោកុប្បត្តិ ២២:⁠១៨; ២៦:​២​-​៥; ២៨:​១២​-​១៥; ៤៩:⁠១០) ពូជ​ពង្ស​របស់​ព្រះមេស្ស៊ី​បាន​ត្រូវ​ដឹង​ជាក់លាក់​ថែម​ទៀត​ប៉ុន្មាន​សតវត្ស​ក្រោយ​មក ពេល​ដែល​ស្តេច​ដាវីឌ​បាន​ត្រូវ​ប្រាប់​ថា វង្ស​គ្រួសារ​របស់​ទ្រង់​នឹង​បង្កើត​ពូជ​មួយ​នេះ។ (ទំនុកដំកើង ១៣២:⁠១១; អេសាយ ១១:​១, ១០) រឿង​ក្នុង​សិក្ខាបទ​របស់​ម៉ាថាយ​និង​លូកា​បញ្ជាក់​ថា ព្រះ​យេស៊ូ​បាន​ចាប់​កំណើត​ពី​វង្ស​គ្រួសារ​នោះ​មែន។ (ម៉ាថាយ ១:១​-​១៦; លូកា ៣:​២៣​-​៣៨) ថ្វី​បើ​ព្រះ​យេស៊ូ​មាន​សត្រូវ​ដ៏​ជូរចត់​ជា​ច្រើន​ក៏​ដោយ គ្មាន​ម្នាក់​ណា​ប្រកែក​តវ៉ា​ពី​ពូជ​ពង្ស​ដែល​បាន​ត្រូវ​ផ្សាយ​ឮ​ល្បី​ពេញ​ពាស​របស់​ទ្រង់​ឡើយ។ (ម៉ាថាយ ២១:​៩, ១៥) ដូច្នេះ គឺ​ឃើញ​ច្បាស់​ហើយ​ថា វង្ស​ត្រកូល​របស់​ទ្រង់​គឺ​ច្បាស់​ហួស​ពី​ការ​សង្ស័យ។ ប៉ុន្តែ បញ្ជី​ប្រវត្ដិ​គ្រួសារ​របស់​ពួក​យូដា​បាន​ត្រូវ​បំផ្លាញ​អស់ ពេល​ពួក​រ៉ូម​ចូល​មក​លួច​ប្លន់​ក្រុង​យេរូសាឡិម នៅ​ឆ្នាំ​៧០ ស.យ.។ នៅ​គ្រា​ក្រោយ⁠ៗមក ឥត​មាន​អ្នក​ណា​មួយ​អាច​អះអាង​តាំង​ខ្លួន​ថា ជា​ព្រះមេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​នោះ​ឡើយ។

៧​. (ក) តើ​អ្វី​ជា​ទី​សំអាង​បែប​ទីពីរ ដែល​បង្ហាញ​ថា​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី? (ខ) តើ​មីកា ៥:១ បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច ក្នុង​ការ​ទាក់ទង​នឹង​ព្រះ​យេស៊ូ?

៧ ទំនាយ​ដែល​បាន​ត្រូវ​សម្រេច គឺ​ជា​ទី​សំអាង​បែប​ទីពីរ។ ទំនាយ​ជា​ច្រើន ក្នុង​បទ​គម្ពីរ​ហេព្រើរ​រៀប​រាប់​ដំណើរ​ទំនង​ផ្សេង⁠ៗនៃ​ជីវិត​របស់​ព្រះមេស្ស៊ី។ នៅ​សតវត្ស​ទី​ប្រាំ​បី ម.ស.យ. ព្យាការី​មីកា​ទាយ​ថា អ្នក​គ្រប់គ្រង​ដ៏​ឧត្តម​នេះ​នឹង​ចាប់​កំណើត​នៅ​បេថ្លេហិម ជា​ក្រុង​ក៏​តូចតាច​មួយ។ មាន​ក្រុង​ពីរ​នៅ​ស្រុក​អ៊ីស្រាអែល ដែល​មាន​ឈ្មោះ​បេថ្លេហិម ប៉ុន្តែ ទំនាយ​នេះ​បាន​ប្រាប់​យ៉ាង​ជាក់លាក់​នូវ​ក្រុង​មួយ​ណា គឺ⁠៖ ក្រុង​បេថ្លេហិម អេប្រាតា ដែល​ជា​ស្រុក​កំណើត​របស់​ស្តេច​ដាវីឌ។ (មីកា ៥:⁠១) យ៉ូសែប​និង​ម៉ារា ជា​បិតា​មាតា​នៃ​ព្រះ​យេស៊ូ រស់​នៅ​ភូមិ​ណាសារ៉ែត នៅ​ចម្ងាយ​ប្រហែល ១៥០ គ.ម. ខាង​ជើង​បេថ្លេហិម។ ប៉ុន្តែ កាល​នាង​ម៉ារា​មាន​គភ៌ អ្នក​គ្រប់គ្រង​រ៉ូម សេសារ-អូគូស្ទ បញ្ជា​ឲ្យ​មនុស្ស​ទាំង​អស់​ទៅ​ចុះ​បញ្ជី​នៅ​ស្រុក​កំណើត​របស់​គេ​រៀង⁠ៗខ្លួន។a ដូច្នេះ យ៉ូសែប​ក៏​ត្រូវ​តែ​នាំ​ប្រពន្ធ​មាន​គភ៌​របស់​លោក​ទៅ​បេថ្លេហិម ជា​ទី​ដែល​ព្រះ​យេស៊ូ​បាន​ប្រសូត​មក។​—⁠លូកា ២:​១​-​៧

៨​. (ក) តើ​៦៩​«អាទិត្យ»​ចាប់​ផ្ដើម​នៅ​ពេល​ណា ហើយ​ដោយ​មាន​ព្រឹត្ដិការណ៍​អ្វី​កើត​ឡើង? (ខ) តើ​៦៩​«អាទិត្យ»​នេះ​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន ហើយ​មាន​អ្វី​កើត​ឡើង​ពេល​៦៩​«អាទិត្យ»​នេះ​បាន​កន្លង​ផុតទៅ?

៨ នៅ​សតវត្ស​ទី​ប្រាំ​មួយ ម.ស.យ. ព្យាការី​ដានីយ៉ែល​បាន​ទាយ​ថា «ព្រះមេស្ស៊ី​ដែល​ជា​អ្នក​ដឹក​នាំ» នឹង​លេច​មក​នៅ​៦៩ «អាទិត្យ» ក្រោយ​ពេល​បញ្ជា​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ។ (ដានីយ៉ែល ៩:⁠២៤, ២៥) ក្នុង​«អាទិត្យ» និមួយ⁠ៗនេះ​មាន​រយៈ​ប្រាំ​ពីរ​ឆ្នាំ។b ស្រប​តាម​ព្រះ​គម្ពីរ និង​ប្រវត្ដិសាស្ត្រ​ក្រៅ​សាសនា បញ្ជា​ឲ្យ​កសាង​ក្រុង​យេរូសាឡិម​ឡើង​វិញ​បាន​ត្រូវ​ប្រាប់​នៅ​ឆ្នាំ​៤៥៥ ម.ស.យ.។ (នេហេមា ២:​១​-​៨) ដូច្នេះ ព្រះមេស្ស៊ី​ត្រូវ​លេច​មក​នៅ​៤៨៣​(៦៩​គុណ​នឹង​៧)​ឆ្នាំ​ក្រោយ​ឆ្នាំ​៤៥៥ ម.ស.យ.។ នោះ​ក៏​នាំ​យើង​ឲ្យ​រាប់​ដល់​ឆ្នាំ​២៩​ស.យ. គឺ​ក្នុង​ឆ្នាំ​នេះ​ហើយ​ដែល​ព្រះ​យេហូវ៉ា​បាន​បញ្ចេញ​វិញ្ញាណ​បរិសុទ្ធ​តាំង​ព្រះ​យេស៊ូ​ឡើង។ ម្ល៉ោះ​ហើយ​ព្រះ​យេស៊ូ​ក៏​បាន​ក្លាយ​ជា «ព្រះ​គ្រីស្ទ» (ដែល​មាន​ន័យ​ថា «អ្នក​ដែល​ចាក់​ប្រេង​តាំង») ឬ​ព្រះមេស្ស៊ី។​—⁠លូកា ៣:​១៥, ១៦, ២១, ២២

៩​. (ក) តើ​ទំនុកដំកើង ២:២​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ទំនាយ​ឯ​ទៀត​ដែល​បាន​ត្រូវ​សម្រេច​ចំពោះ​ព្រះ​យេស៊ូ​នោះ​គឺ​អ្វី​ខ្លះ? (សូម​មើល​ក្នុង​តារាង)

៩ ប្រាកដ​ហើយ មិន​មែន​មនុស្ស​គ្រប់​រូប​ទទួល​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី ដែល​បាន​ត្រូវ​សន្យា​នោះ​ឡើយ ហើយ​បទ​គម្ពីរ​ក៏​បាន​ទាយ​ប្រាប់​យ៉ាង​ដូច្នេះ​ដែរ។ ដូច​កត់​ទុក​ក្នុង​ទំនុកដំកើង ២:២ វិញ្ញាណ​បរិសុទ្ធ​បាន​បណ្ដាល​ឲ្យ​ស្តេច​ដាវីឌ ទាយ​ប្រាប់​ថា⁠៖ «ពួក​មហាក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ​យេហូវ៉ា ហើយ​ទាស់​ដឹង​ព្រះ​អង្គ ដែល​ទ្រង់​បាន​លាប​ប្រេង​ឲ្យ»។ ទំនាយ​នេះ​បង្ហាញ​ប្រាប់​ថា ពួក​អ្នក​ដឹក​នាំ​ពី​ប៉ុន្មាន​ស្រុក​នឹង​រួបរួម​គ្នា ដើម្បី​ទាស់​ប្រឆាំង​នឹង​មួយ​អង្គ ដែល​ព្រះ​យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង ឬ​ព្រះមេស្ស៊ី។ ការ​នេះ​គឺ​បាន​កើត​ឡើង​អញ្ចឹង​មែន។ ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា ស្តេច​ហេរ៉ូឌ និង ប៉ុនទាស​-​ពីឡាត់ ចៅហ្វាយ​ស្រុក​រ៉ូម​សុទ្ធតែ​បាន​ចូល​ដៃ​ចូល​គំនិត​ឲ្យ​យក​ព្រះ​យេស៊ូ​ទៅ​ធ្វើ​គុត។ ហេរ៉ូឌ​និង​ប៉ុនទាស​ពី​មុន​ជា​សត្រូវ​នឹង​គ្នា ស្រាប់​តែ​ក្លាយ​ជា​មិត្ត​ដ៏​ស្មោះ​នឹង​គ្នា​ភ្លាម ចាប់​ពី​គ្រា​នោះ​ត​ទៅ។ (ម៉ាថាយ ២៧:​១, ២; លូកា ២៣:​១០​-​១២; កិច្ចការ ៤:​២៥​-​២៨) បើ​ចង់​បាន​ភស្តុតាង​ថែម​ទៀត​ដែល​បង្ហាញ​ថា​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី នោះ​សូម​មើល​តារាង​ក្នុង​ជំពូក​នេះ ដែល​មាន​ចំណង​ជើង​ថា «ទំនាយ​ដ៏​អស្ចារ្យ​ខ្លះ​អំពី​ព្រះមេស្ស៊ី»។

១០​. តើ​ព្រះ​យេហូវ៉ា​ថ្លែង​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេស៊ូ​ជា​មួយ​អង្គ​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​តាម​សេចក្ដី​សន្យា?

១០ សេចក្ដី​ថ្លែង​បញ្ជាក់​នៃ​ព្រះ​យេហូវ៉ា គឺ​ជា​ទី​សំអាង​បែប​ទី​បី ដែល​ជួយ​បង្ហាញ​ថា​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី។ ព្រះ​យេហូវ៉ា​បាន​ចាត់​ពួក​ទេវតា ឲ្យ​ប្រកាស​ប្រាប់​មនុស្ស​ឲ្យ​ដឹង​ថា ព្រះ​យេស៊ូ​គឺ​ជា​ព្រះមេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​នេះ។ (លូកា ២:​១០​-​១៤) តាម​ពិត ក្នុង​គ្រា​ដែល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី ព្រះ​យេហូវ៉ា​មាន​បន្ទូល​ដោយ​អង្គ​ទ្រង់​ពី​ស្ថានសួគ៌​មក សម្ដែង​ឲ្យ​ឃើញ​ថា​ទ្រង់​ទទួល​ស្គាល់​ព្រះ​យេស៊ូ។ (ម៉ាថាយ ៣:​១៦, ១៧; ១៧:១​-​៥) ព្រះ​យេហូវ៉ា​ប្រទាន​អំណាច​ដល់​ព្រះ​យេស៊ូ ឲ្យ​ទ្រង់​ប្រព្រឹត្ត​អព្ភូតហេតុ។ អព្ភូតហេតុ​និមួយ⁠ៗ នេះ​គឺ​ជា​ភស្តុតាង​ពី​ព្រះ​ថែម​ទៀត ដែល​បញ្ជាក់​ថា ព្រះ​យេស៊ូ​គឺ​ជា​ព្រះមេស្ស៊ី​មែន ដ្បិត​ព្រះ​ទ្រង់​មិន​ដែល​ប្រទាន​អំណាច​ដល់​អ្នក​ក្លែង​បន្លំ​ណា​ម្នាក់ ឲ្យ​ប្រព្រឹត្ត​អព្ភូតហេតុ​នោះ​ឡើយ។ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រើ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​បណ្ដាល​ឲ្យ​រឿង​សិក្ខាបទ​តែង​ចេញ​មក ដើម្បី​ឲ្យ​ទី​សំអាង​បញ្ជាក់​ថា ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី​បាន​ក្លាយ​ជា​ចំណែក​នៃ​ព្រះ​គម្ពីរ ដ៏​ជា​សៀវភៅ​ដែល​បាន​ត្រូវ​បកប្រែ ហើយ​ចែក​ចាយ​ពាស​ពេញ​ច្រើន ជា​ទីបំផុត​ក្នុង​ប្រវត្ដិសាស្ត្រ។​—⁠យ៉ូហាន ៤:​២៥, ២៦

១១​. តើ​មាន​ទី​សំអាង​ច្រើន​ប៉ុន្មាន ដែល​បញ្ជាក់​ថា ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី?

១១ ទី​សំអាង​ទាំង​ប៉ុន្មាន​នេះ ជា​មួយ​គ្នា​មាន​រួម​ការណ៍​ពិត​ជា​ច្រើន​រយ ដែល​សម្គាល់​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ ដូច្នេះ គឺ​ច្បាស់​ណាស់​ដែល​គ្រីស្ទាន​ពិត​បាន​រាប់​ទ្រង់​ទុក​ជា ‹មួយ​អង្គ​ដែល​អស់​ទាំង​ពួក​ព្យាការី​បាន​ធ្វើ​បន្ទាល់​ប្រាប់› ហើយ​ជា​កូនសោ​ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ។ (កិច្ចការ ១០:⁠៤៣) ប៉ុន្តែ មាន​សេចក្ដី​ជា​ច្រើន​ថែម​ទៀត ដែល​យើង​នឹង​រៀន​អំពី​ព្រះ​យេស៊ូ ក្រៅ​ពី​ការ​ពិត​ដែល​ថា​ទ្រង់​ជា​ព្រះមេស្ស៊ី​នោះ។ តើ​ទ្រង់​មាន​ដើម​កំណើត​ពី​ណា​មក? ហើយ​ទ្រង់​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ?

ជីវិត​ព្រះ​យេស៊ូ មុន​ទ្រង់​ជា​មនុស្ស

១២, ១៣​. (ក) តើ​ដូច​ម្ដេច​បាន​ជា​យើង​ដឹង​ថា ព្រះ​យេស៊ូ​បាន​គង់​នៅ​ក្នុង​ស្ថានសួគ៌ មុន​ទ្រង់​យាង​មក​ផែនដី​នេះ? (ខ) តើ​អ្នក​ណា​ជា​«ព្រះ​បន្ទូល» ហើយ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ​មុន​ទ្រង់​ក្លាយ​ជា​មនុស្ស?

១២ ដំណើរ​ជីវិត​នៃ​ព្រះ​យេស៊ូ​អាច​ចែក​ចេញ​ជា​បី​ដំណាក់។ ដំណាក់​ទី​មួយ គឺ​បាន​ចាប់​ផ្ដើម​ជា​យូរ​មក​ហើយ មុន​ពេល​ទ្រង់​ចាប់​កំណើត​លើ​ផែនដី។ មីកា ៥:១​ចែង​ថា ដើម​កំណើត​ព្រះមេស្ស៊ី​គឺ​«តាំង​ពី​បុរាណ គឺ​ពី​អស់កល្ប​រៀង​មក»។ ហើយ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​យ៉ាង​ច្បាស់​ត្រង់⁠ៗថា ទ្រង់​បាន​យាង​មក​ពី​«ស្ថាន​លើ» គឺ​ពី​ស្ថានសួគ៌។ (យ៉ូហាន ៨:⁠២៣; ១៦:⁠២៨) តើ​ទ្រង់​បាន​គង់​នៅ​ក្នុង​ស្ថានសួគ៌​អស់​រយៈ​ពេល​យូរ​ប៉ុន្មាន មុន​ទ្រង់​យាង​មក​ឯ​ផែនដី​នេះ?

១៣ ព្រះ​យេស៊ូ​បាន​ត្រូវ​ហៅ​ថា «ព្រះ​រាជបុត្រា​តែ​មួយ»​របស់​ព្រះ ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្កើត​ទ្រង់​ផ្ទាល់។ (យ៉ូហាន ៣:⁠១៦) ជា​«បង​ច្បង​នៃ​គ្រប់​ទាំង​អស់» ព្រះ​យេស៊ូ​បាន​ត្រូវ​ព្រះ​ប្រើ​បង្កើត​របស់​សព្វសារពើ​ឯ​ទៀត។ (កូល៉ុស ១:⁠១៥; វិវរណៈ ៣:⁠១៤) យ៉ូហាន ១:១​និយាយ​ថា «ព្រះ​បន្ទូល»​(គឺ​ព្រះ​យេស៊ូ​មុន​ទ្រង់​ជា​មនុស្ស) បាន​គង់​នៅ​ជា​មួយ​ព្រះ​«តាំង​អំពី​ដើម​មក»។ ដូច្នេះ ព្រះ​បន្ទូល​មួយ​អង្គ​នេះ​បាន​គង់​នៅ​ជា​មួយ​ព្រះ​យេហូវ៉ា ពេល​«ផ្ទៃ​មេឃ​នឹង​ផែនដី»​បាន​ត្រូវ​បង្កើត​មក។ ព្រះ​គឺ​កំពុង​តែ​ថ្លែង​ទៅ​រក​ព្រះ​បន្ទូល​នេះ​ហើយ ពេល​ព្រះ​អង្គ​មាន​បន្ទូល​ថា⁠៖ «ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង»។ (លោកុប្បត្តិ ១:​១, ២៦) ក៏​ដូច្នេះ​ដែរ ព្រះ​បន្ទូល​នេះ​គឺ​ច្បាស់​ថា​«មេ​ជាង»​ជា​ទី​ស្រឡាញ់​របស់​ព្រះ ដែល​រៀប​រាប់​ក្នុង​សុភាសិត ៨:​២២​-​៣១ ជា​តួ​អង្គ​ប្រាជ្ញា ធ្វើ​កិច្ចការ​នៅ​ក្បែរ​ព្រះ​យេហូវ៉ា បង្ក​បង្កើត​របស់​សព្វសារពើ។ ក្រោយ​ពេល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ទ្រង់ ព្រះ​បន្ទូល​នេះ​បាន​គង់​នៅ​ជា​មួយ​ព្រះ​ក្នុង​ស្ថានសួគ៌​ជា​យូរ​លង់​មក​ហើយ មុន​ទ្រង់​ក្លាយ​ជា​មនុស្ស​រស់​នៅ​លើ​ផែនដី​នេះ។

១៤​. ហេតុ​អ្វី​បាន​ជា​គេ​ហៅ​ព្រះ​យេស៊ូ​ថា​ជា​«រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ»?

១៤ ដូច្នេះ​ហើយ​បាន​កូល៉ុស ១:⁠១៥​ហៅ​ព្រះ​យេស៊ូ​ថា​ជា «រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ»! ដោយ​បាន​នៅ​ជិត​ស្និទ្ធស្នាល​អស់​រយៈ​ជា​យូរ​កាល​មក ព្រះ​រាជបុត្រា​ដ៏​ស្ដាប់​បង្គាប់​នេះ​ក៏​មាន​លក្ខណៈ​ដូច​ព្រះ​យេហូវ៉ា ជា​ព្រះ​វរបិតា​នៃ​ទ្រង់​ដែរ។ នេះ​គឺ​ជា​មូលហេតុ​មួយ​ទៀត ដែល​ថា​ព្រះ​យេស៊ូ​គឺ​ជា​កូនសោ​ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ ជា​ចំណេះ​ដែល​ផ្ដល់​នូវ​ជីវិត។ អស់​ទាំង​អ្វី⁠ៗដែល​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​កាល​ទ្រង់​គង់​នៅ​លើ​ផែនដី គឺ​ដូច​ជា​អ្វី⁠ៗដែល​ព្រះ​យេហូវ៉ា​នឹង​ប្រព្រឹត្ត​អញ្ចឹង។ ម្ល៉ោះ​ហើយ​បាន​ស្គាល់​ព្រះ​យេស៊ូ​ក៏​មាន​ន័យ​ថា បាន​ចំរើន​ចំណេះ​អំពី​ព្រះយេហូវ៉ា​ដែរ។ (យ៉ូហាន ៨:⁠២៨; ១៤:​៨​-​១០) ដូច្នេះ យើង​បាន​ឃើញ​ច្បាស់​ហើយ​ថា ការ​រៀន​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​ជា​ការ​សំខាន់​ជា​ទីបំផុត។

ដំណើរ​ជីវិត​នៃ​ព្រះ​យេស៊ូ​លើ​ផែនដី

១៥​. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​យាង​មក​ចាប់​កំណើត​ជា​ទារក​ដ៏​គ្រប់​ល័ក្ខណ៍?

១៥ ដំណាក់​ទីពីរ​នៃ​ដំណើរ​ជីវិត​របស់​ព្រះ​យេស៊ូ​គឺ​នៅ​លើ​ផែនដី។ ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​តាម​បញ្ជា ពេល​ព្រះ​យក​ជីវិត​នៃ​ទ្រង់​ពី​ស្ថានសួគ៌ បញ្ចូល​ទៅ​ក្នុង​ផ្ទៃ​នៃ​ស្រី​ព្រហ្មចារី​សាសន៍​យូដា​ដ៏​ស្មោះ​ត្រង់​ម្នាក់ ឈ្មោះ​ម៉ារា។ វិញ្ញាណ​បរិសុទ្ធ ឬ សកម្ម​ពល​ដ៏​ខ្លាំង​ក្លា​របស់​ព្រះយេហូវ៉ា ‹បាន​គ្រប​បាំង›​នាង​ម៉ារា បណ្ដាល​ឲ្យ​នាង​មាន​គភ៌ ហើយ​ដល់​ទីបំផុត​ក៏​ប្រសូត​បាន​បុត្រ​ដ៏​គ្រប់​ល័ក្ខណ៍​មួយ។ (លូកា ១:​៣៤, ៣៥) ព្រះ​យេស៊ូ​ឥត​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ជាប់​ជា​មួយ​មក​ទេ ដ្បិត​ជីវិត​របស់​ទ្រង់ គឺ​កើត​ចេញ​មក​ពី​ប្រភព​ដ៏​គ្រប់​ល័ក្ខណ៍។ ទ្រង់​បាន​ត្រូវ​គ្រូ​សារ​ដ៏​រាប​ទាប​មួយ​ចិញ្ចឹម ទុក​ជា​កូន​ប្រុស​ចិញ្ចឹម​របស់​ជាង​ឈើ​យ៉ូសែប ហើយ​កូន​ច្បង​ក្នុង​ចំណោម​កូន​ប៉ុន្មាន​នាក់​ក្នុង​គ្រួសារ។​—⁠អេសាយ ៧:⁠១៤; ម៉ាថាយ ១:​២២, ២៣; ម៉ាកុស ៦:៣

១៦, ១៧​. (ក) តើ​ព្រះ​យេស៊ូ​បាន​អំណាច​ពី​ណា​មក​ប្រព្រឹត្ត​អព្ភូតហេតុ ហើយ​ទ្រង់​បាន​ប្រព្រឹត្ត​អព្ភូតហេតុ​អ្វី​ខ្លះ? (ខ) តើ​គុណសម្បត្ដិ​អ្វី​ខ្លះ​ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​ឲ្យ​ឃើញ?

១៦ ភក្ដីភាព​ដ៏​ជ្រាល​ជ្រៅ​ដែល​ព្រះ​យេស៊ូ​មាន​ចំពោះ​ព្រះ​យេហូវ៉ា គឺ​ឃើញ​ជាក់​ស្តែង​កាល​ពី​ទ្រង់​មាន​ព្រះ​ជន្ម​១២​ឆ្នាំ​ម្ល៉េះ។ (លូកា ២:​៤១​-​៤៩) ក្រោយ​ពេល​បាន​ធំ​ពេញ​វ័យ​ឡើង ហើយ​ចាប់​ធ្វើ​កិច្ច​បំរើ​របស់​ទ្រង់​កាល​មាន​ព្រះ​ជន្ម​៣០​ឆ្នាំ នោះ​ព្រះ​យេស៊ូ​ក៏​បាន​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ពួក​មនុស្ស​ដែរ។ ពេល​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​ផ្ដល់​អំណាច​ឲ្យ​ទ្រង់​ប្រព្រឹត្ត​អព្ភូតហេតុ នោះ​ទ្រង់​ដោយ​សេចក្ដី​អាណិត​មេត្ដា​ក៏​បាន​ព្យាបាល​ពួក​មនុស្ស​ឈឺ ពិការ ខ្វិន ខ្វាក់ ថ្លង់ និង​កើត​ឃ្លង់​ឲ្យ​បាន​ជា​គ្រប់⁠ៗគ្នា។ (ម៉ាថាយ ៨:​២​-​៤; ១៥:⁠៣០) ព្រះ​យេស៊ូ​បាន​ផ្ដល់​ចំណី​អាហារ​ដល់​មនុស្ស​ស្រេក​ឃ្លាន​រាប់​ពាន់​នាក់។ (ម៉ាថាយ ១៥:​៣៥​-​៣៨) ទ្រង់​បាន​ធ្វើ​ឲ្យ​ស្ងប់​ស្ងាត់​ខ្យល់ព្យុះ​ដែល​រក​នាំ​គ្រោះថ្នាក់​ដល់​ពួក​មិត្ត​របស់​ទ្រង់។ (ម៉ាកុស ៤:​៣៧​-​៣៩) តាម​ពិត ទ្រង់​បាន​ទាំង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ផង។ (យ៉ូហាន ១១:​៤៣, ៤៤) អព្ភូតហេតុ​ទាំង​នេះ គឺ​ជា​ការណ៍​ពិត​ដែល​បាន​ត្រូវ​តាំង​ទុក​យ៉ាង​មាំមួន​ក្នុង​ប្រវត្ដិសាស្ត្រ។ សូម្បី​តែ​ពួក​សត្រូវ​របស់​ព្រះ​យេស៊ូ​ក៏​ទទួល​ស្គាល់​ដែរ​ថា ទ្រង់​‹បាន​ធ្វើ​ទី​សម្គាល់​ច្រើន›​មែន។​—⁠យ៉ូហាន ១១:​៤៧, ៤៨

១៧ ព្រះ​យេស៊ូ​ធ្វើ​ដំណើរ​ទូទាំង​ស្រុក​ភូមិ​នៃ​ទ្រង់ បង្រៀន​បណ្ដាជន​អំពី​ព្រះរាជាណាចក្រ​ព្រះ។ (ម៉ាថាយ ៤:⁠១៧) ទ្រង់​ក៏​បាន​សម្ដែង​សេចក្ដី​អត់ធ្មត់​និង​សេចក្ដី​សម​ហេតុ​ផល ទុក​ជា​ឧទាហរណ៍​ដ៏​វិសេស​វិសាល។ សូម្បីតែ​ពេល​ដែល​ពួក​សិស្ស​ទ្រង់​បាន​ធ្វើ​ឲ្យ​ទ្រង់​ខក​ព្រះទ័យ​ក៏​ដោយ ទ្រង់​ក៏​មាន​បន្ទូល​ដោយ​សេចក្ដី​អាណិតអាសូរ​ថា⁠៖ «វិញ្ញាណ​ប្រុង​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ (ម៉ាកុស ១៤:​៣៧, ៣៨) ប៉ុន្តែ ព្រះ​យេស៊ូ​ទ្រង់​ក្លាហាន​ហើយ​ត្រង់​ឥត​វៀចវេរ​ឡើយ ចំពោះ​ពួក​អ្នក​ដែល​ស្អប់​សេចក្ដី​ពិត ហើយ​សង្កត់​ជិះជាន់​មនុស្ស​ទន់ខ្សោយ​ឥត​អ្វី​ទីពឹង។ (ម៉ាថាយ ២៣:​២៧​-​៣៣) សំខាន់​បំផុត គឺ​ថា​ទ្រង់​ត្រាប់​តាម​ឧទាហរណ៍​នៃ​ព្រះ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ គឺ​ឧទាហរណ៍ អំពី​ស្រឡាញ់។ ព្រះ​យេស៊ូ​បាន​ទាំង​ស្ម័គ្រ​ព្រះទ័យ​លះបង់​ជីវិត​នៃ​ទ្រង់​ផង ដើម្បី​ឲ្យ​មនុស្ស​ជាតិ​ដ៏​ឥត​គ្រប់​ល័ក្ខណ៍​មាន​សេចក្ដី​សង្ឃឹម​សំរាប់​អនាគត។ ដូច្នេះ គឺ​គ្មាន​អ្វី​ងឿង​ឆ្ងល់​ឡើយ ដែល​យើង​សម​នឹង​ថ្លែង​សំដៅ​ទៅ​ព្រះ​យេស៊ូ​ថា​ជា​កូនសោ​ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ! ពិត​ហើយ ទ្រង់​ជា​កូនសោ​ដ៏​រស់​នៅ! ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​យើង​ថា​កូនសោ​ដ៏​រស់​នៅ? នេះ​នឹង​នាំ​យើង​ឲ្យ​ពិចារណា​មើល ដំណាក់​ទីបី​នៃ​ដំណើរ​ជីវិត​របស់​ទ្រង់។

ព្រះ​យេស៊ូ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ

១៨​. តើ​យើង​គួរ​មាន​គំនិត​យល់​យ៉ាង​ណា​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ​សព្វ​ថ្ងៃ​នេះ?

១៨ ថ្វី​បើ​ព្រះ​គម្ពីរ​រាយ​ការណ៍​ប្រាប់​អំពី​ព្រះ​យេស៊ូ​សោយទិវង្គត តែ​ទ្រង់​ឥឡូវ​នេះ​មាន​ព្រះ​ជន្ម​រស់​នៅ​ទេ! តាម​ពិត មនុស្ស​រាប់​រយ​នាក់​រស់​នៅ​ក្នុង​សតវត្ស​ទី​មួយ​ម.ស.យ.​គឺ​ជា​សាក្សី បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា ទ្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​ឡើង​វិញ​មែន។ (កូរិនថូសទី១ ១៥:​៣​-​៨) ស្រប​តាម​ទំនាយ ចាប់​ពី​គ្រា​នោះ​មក ទ្រង់​ក៏​បាន​គង់​នៅ​ខាង​ស្ដាំ​នៃ​ព្រះ​វរបិតា​ទ្រង់ ហើយ​រង់ចាំ​ទទួល​អំណាច​ជា​ស្តេច​ក្នុង​ស្ថានសួគ៌។ (ទំនុកដំកើង ១១០:១; ហេព្រើរ ១០:​១២, ១៣) ដូច្នេះ តើ​យើង​គួរ​មាន​គំនិត​យល់​យ៉ាង​ណា អំពី​ព្រះ​យេស៊ូ​សព្វ​ថ្ងៃ​នេះ? តើ​យើង​គួរ​គិត​ថា ទ្រង់​ជា​ទារក​ដេក​ក្នុង​ស្នូក រក​ធ្វើ​អ្វី​មិន​កើត​នោះ​ឬ? ឬ​ក៏​ថា​ទ្រង់​ជា​បុរស​ដែល​ឈឺ​ចុកចាប់ ដោយ​កំពុង​ត្រូវ​គេ​ធ្វើ​គត់? មិន​មែន​ទេ ទ្រង់​គឺ​ជា​ស្តេច​សោយ​រាជ្យ​ដ៏​មាន​ព្រះ​ចេស្ដា! ហើយ​ក្នុង​ពេល​ឆាប់⁠ៗនេះ ទ្រង់​នឹង​សម្ដែង​នូវ​អំណាច​គ្រប់គ្រង​របស់​ទ្រង់ លើ​ផែនដី​យើង​ដែល​ប្រកប​ទៅ​ដោយ​វិបត្ដិ​នេះ។

១៩​. តើ​ព្រះ​យេស៊ូ​នឹង​ប្រព្រឹត្ត​អ្វី​ក្នុង​ពេល​អនាគត​ឆាប់⁠ៗមុខ​នេះ?

១៩ នៅ​វិវរណៈ ១៩:​១១​-​១៥ ព្រះ​យេស៊ូ​គ្រីស្ទ​ដ៏​ជា​ស្តេច​បាន​ត្រូវ​រៀប​រាប់​យ៉ាង​ច្បាស់​រស់​រវើក​ថា មាន​ព្រះ​ចេស្ដា​ក្រៃលែង កំពុង​យាង​មក​កំទេច​ពួក​មនុស្ស​អាក្រក់​ចោល។ អ្នក​គ្រប់គ្រង​ខាង​ស្ថានសួគ៌​ដ៏​មាន​សេចក្ដី​ស្រឡាញ់​នេះ​ចង់​ធ្វើ​ឲ្យ​បាត់​អស់​ទៅ នូវ​ការ​ឈឺ​ចាប់​ដែល​ធ្វើ​ទុក្ខ​ដល់​មនុស្ស​រាប់​លាន​នាក់​សព្វ​ថ្ងៃ​នេះ! ហើយ​ទ្រង់​ក៏​ចង់​ជួយ​ណាស់​ដែរ ដល់​ពួក​ដែល​ខំ​ប្រឹងប្រែង​ត្រាប់​តាម​ឧទាហរណ៍​ដ៏​ល្អ​ឥតខ្ចោះ ដែល​ទ្រង់​បាន​តាំង​ទុក​កាល​ទ្រង់​គង់​នៅ​លើ​ផែនដី។ (ពេត្រុសទី១ ២:⁠២១) ទ្រង់​ចង់​រក្សា​ការពារ​ពួក​គេ​ក្នុង​គ្រា «ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត» ដែល​គេ​តែង​ហៅ​ថា អើម៉ាគេដូន ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​ជីវិត​រស់​ជា​រៀង​រហូត ជា​រាស្ត្រ​លើ​ផែនដី​នៃ​ព្រះ​រាជាណាចក្រ​ស្ថានសួគ៌​របស់​ព្រះ។​—⁠វិវរណៈ ៧:​៩, ១៤; ១៦:​១៤, ១៦

២០​. តើ​ព្រះ​យេស៊ូ​នឹង​ធ្វើ​អ្វី​សំរាប់​មនុស្ស​ជាតិ​ក្នុង​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ទ្រង់?

២០ ក្នុង​រាជ្យ​មួយ​ពាន់​ឆ្នាំ​ដ៏​ប្រកប​ដោយ​សន្ដិភាព​របស់​ព្រះ​យេស៊ូ ដែល​បាន​ត្រូវ​ទាយ​ទុក​មក នោះ​ទ្រង់​ប្រព្រឹត្ត​អព្ភូតហេតុ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​ទាំង​អស់។ (អេសាយ ៩:​៦, ៧; ១១:​១​-​១០; វិវរណៈ ២០:⁠៦) ព្រះ​យេស៊ូ​នឹង​ព្យាបាល​អស់​ទាំង​ជម្ងឺ ហើយ​ធ្វើ​ឲ្យ​លែង​មាន​សេចក្ដី​ស្លាប់​ទៀត។ ទ្រង់​នឹង​ប្រោស​មនុស្ស​ស្លាប់​រាប់​រយ​កោដិ​នាក់​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​ពួក​គេ​ផង​ដែរ មាន​ឱកាស​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី។ (យ៉ូហាន ៥:​២៨, ២៩) អ្នក​នឹង​ត្រូវ​រំភើប​ចិត្ត​ពុំ​ខាន​ឡើយ ដោយ​បាន​រៀន​ថែម​ទៀត អំពី​ព្រះ​រាជាណាចក្រ​ព្រះមេស្ស៊ី​នេះ​នៅ​ជំពូក​ក្រោយ។ តែ​សូម​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា⁠៖ យើង​មិន​អាច​ទាំង​នឹក​ដល់​ឡើយ​ថា ជីវិត​យើង​នឹង​បាន​ទៅ​ជា​ប្រសើរ​អស្ចារ្យ​យ៉ាង​ណា​នៅ​ក្រោម​អំណាច​គ្រប់គ្រង​នៃ​ព្រះរាជាណាចក្រ។ គឺ​សំខាន់​ម្ល៉េះ​ហ្ន៎ ដែល​យើង​ត្រូវ​ស្គាល់​ព្រះ​យេស៊ូ​ឲ្យ​បាន​ច្បាស់​ថែម​ទៀត! ពិត​ហើយ គឺ​សំខាន់​ជា​ទីបំផុត​ដែល​យើង​មិន​ត្រូវ​ភ្លេច​ឲ្យ​សោះ​ដល់​ព្រះ​យេស៊ូ ជា​កូនសោ​ដ៏​រស់​នៅ​ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ ជា​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។

[កំណត់​សម្គាល់]

a ការ​ចុះ​បញ្ជី​នេះ​ជួយ​ឲ្យ​ចក្រភព​រ៉ូម​ស្រួល​ទារ​យក​ពន្ធ​បាន។ ដូច្នេះ អូគូស្ទ​ដោយ​មិន​ដឹង​ខ្លួន​ក៏​បាន​ជួយ​ធ្វើ​ឲ្យ​សម្រេច​ទំនាយ​អំពី​អ្នក​គ្រប់គ្រង​ម្នាក់​ដែល​នឹង ‹ចាត់​ភ្នាក់ងារ ឲ្យ​ដើរ​កាត់​នគរ ដើម្បី​រ៉ឹង​ទារ​សួយ›។ ទំនាយ​ដដែល​នេះ​បាន​ទាយ​ថា «សំដេច​សង្ឃ​នៃ​សេចក្ដី​សញ្ញា» ឬ​ព្រះមេស្ស៊ី នឹង​«ត្រូវ​បំផ្លាញ» ក្នុង​រាជ្យ​នៃ​អ្នក​ដែល​សោយ​រាជ្យ​ឡើង​ជំនួស​អ្នក​គ្រប់គ្រង​នេះ។ ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​ធ្វើ​គុត​ក្នុង​រាជ្យ​ទីប៊ើរ ដែល​សោយ​រាជ្យ​ឡើង​ជំនួស អូគូស្ទ។​—⁠ដានីយ៉ែល ១១:⁠២០​-​២២

b ពួ៍ក​សាសន៍​យូដា​បុរាណ​ធម្មតា​តែង​គិត​ជា​អាទិត្យ​នៃ​ឆ្នាំ។ ជា​ឧទាហរណ៍ ថ្ងៃ​ទី​ប្រាំ​ពីរ​និមួយ⁠ៗគឺ​ជា​ថ្ងៃ​ឈប់​សំរាក​មួយ ហើយ​ឯ​ឆ្នាំ​ទី​ប្រាំ​ពីរ​និមួយ⁠ៗក៏​រាប់​ជា​ឆ្នាំ​ឈប់​សំរាក​មួយ​ដែរ។​—⁠និក្ខមនំ ២០:​៨​-​១១; ២៣:​១០, ១១

សាកល្បង​ចំណេះ​របស់​អ្នក

តើ​តាម​របៀប​ណា​ដែល​វង្ស​ត្រកូល​ព្រះ​យេស៊ូ​ជួយ​បញ្ជាក់​ថា ទ្រង់​ជា​ព្រះមេស្ស៊ី?

តើ​អ្វី​ខ្លះ​ជា​ទំនាយ​ព្រះមេស្ស៊ី ដែល​បាន​ត្រូវ​សម្រេច​អំពី​ព្រះ​យេស៊ូ?

តើ​ព្រះ​សម្ដែង​ឲ្យ​ឃើញ​ផ្ទាល់​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេស៊ូ​ជា​មួយ​អង្គ​ដែល​ទ្រង់​ចាក់​ប្រេង​តាំង?

ហេតុ​អ្វី​ព្រះ​យេស៊ូ​គឺ​ជា​កូនសោ​ដ៏​រស់​នៅ ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ?

[តារាង​នៅ​ទំព័រ​៣៧]

ទំនាយ​ដ៏​អស្ចារ្យ​ខ្លះ​អំពី​ព្រះមេស្ស៊ី

ទំនាយ ព្រឹត្ដិការណ៍ ការ​ត្រូវ​សម្រេច

ជីវិត​ទ្រង់​កាល​ពីដើម

អេសាយ ៧:១៤ កើត​ពី​ស្រី​ព្រហ្មចារី ម៉ាថាយ ១:​១៨​-​២៣

យេរេមា ៣១:១៥ គេ​សម្លាប់​ទារក​ក្រោយ​ពេល​ទ្រង់​ចាប់​កំណើត ម៉ាថាយ ២:​១៦​-​១៨

កិច្ច​បំរើ​របស់​ទ្រង់

អេសាយ ៦១:​១, ២ ទ្រង់​បាន​អំណាច​ពី​ព្រះ​មក​បំពេញ លូកា ៤:​១៨​-​២១

អេសាយ ៩:​១, ២ កិច្ច​បំរើ​ធ្វើ​ឲ្យ​មនុស្ស​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ម៉ាថាយ ៤:​១៣​-​១៦

ទំនុកដំកើង ៦៩:៩ ឧស្សាហ៍​ដល់​ដំណាក់​នៃ​ព្រះ​យេហូវ៉ា យ៉ូហាន ២:​១៣​-​១៧

អេសាយ ៥៣:១ គេ​មិន​ជឿ​ដល់​ទ្រង់ យ៉ូហាន ១២:​៣៧, ៣៨

សាការី ៩:៩; យាង​ចូល​ក្រុង​យេរូសាឡិម​ដោយ​គង់ ម៉ាថាយ ២១:​១​-​៩

ទំនុកដំកើង ១១៨:២៦ លើក​កូន​លា; មាន​គេ​ហែ​អប់​អរសាទរ

ជា​ស្តេច​និង​ជា​មួយ​អង្គ​ដែល​យាង

មក​ក្នុង​ព្រះ​នាម​ព្រះ​យេហូវ៉ា

ការ​ក្បត់​និង​ការ​សោយទិវង្គត​របស់​ទ្រង់

ទំនុកដំកើង ៤១:៩; ១០៩:៨ សាវ័ក​ម្នាក់​ឥត​ស្មោះ​ត្រង់; កិច្ចការ ១:​១៥​-​២០

ក្បត់​ព្រះ​យេស៊ូ​ហើយ​ក្រោយ​មក​

ត្រូវ​គេ​ជំនួស​វិញ

សាការី ១១:១២ ត្រូវ​គេ​ក្បត់​ដើម្បី​ប្រាក់​៣០​ដុំ ម៉ាថាយ ២៦:​១៤, ១៥

ទំនុកដំកើង ២៧:១២ គេ​ប្រើ​សាក្សី​មិន​ពិត​ប្រឆាំងនឹង​ទ្រង់ ម៉ាថាយ ២៦:​៥៩​-​៦១

ទំនុកដំកើង ២២:១៨ គេ​ចាប់​ឆ្នោត​ដើម្បី​យក​ព្រះ​ពស្ត្រ​ទ្រង់ យ៉ូហាន ១៩:​២៣, ២៤

អេសាយ ៥៣:១២ រាប់​បញ្ចូល​ទ្រង់​ជា​មួយ​ពួក​អ្នក​មាន​បាប ម៉ាថាយ ២៧:⁠៣៨

ទំនុកដំកើង ២២:​៧, ៨ ត្រូវ​គេ​ជេរ​ប្រមាថ​កាល​ជិត​ផុត​ព្រះ​ជន្ម ម៉ាកុស ១៥:​២៩​-​៣២

ទំនុកដំកើង ៦៩:២១ គេ​ថ្វាយ​ទឹក​ខ្មេះ​ឲ្យ ម៉ាកុស ១៥:​២៣, ៣៦

អេសាយ ៥៣:៥; បាន​ត្រូវ​គេ​ចាក់ យ៉ូហាន ១៩:​៣៤, ៣៧

សាការី ១២:១០

អេសាយ ៥៣:៩ សព​ទ្រង់​បញ្ចុះ​ជា​មួយ​អ្នក​មាន ម៉ាថាយ ២៧:​៥៧​-​៦០

ទំនុកដំកើង ១៦:​៨​-​១១ បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ កិច្ចការ ២:​២៥​-​៣២;

ជន្ម​ឡើង​វិញ​មុន​ត្រូវ​ពុក​រលួយ កិច្ចការ ១៣:​៣៤​-​៣៧

[រូបភាព​នៅ​ទំព័រ​៣៥]

ព្រះ​ប្រទាន​អំណាច​ឲ្យ​ព្រះ​យេស៊ូ​ព្យាបាល​ពូក​អ្នក​ជម្ងឺ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក