បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ៩ ទំ. ៩៨-១០៩
  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សង្គ្រាម​នៅ​ស្ថាន​សួគ៌
  • ព្រឹត្ដិការណ៍​សំខាន់​ៗ​នៅ​ជាន់​ក្រោយ​បង្អស់
  • លក្ខណៈ​របស់​មនុស្ស​នៅ​ជាន់​ក្រោយ​បង្អស់
  • ព្រឹត្ដិការណ៍​ល្អ!
  • តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?
  • តើពិភពលោកនេះជិតមកដល់ទីបញ្ចប់ឬ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើនេះពិតជាគ្រា«ចុងក្រោយ»នៃពិភពលោកមែនឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • យ៉ាងណាដែលយើងដឹងថាយើងកំពុងតែរស់នៅក្នុងថ្ងៃ«ជាន់ក្រោយបង្អស់»
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
  • គោលបំណងនៃព្រះនឹងបានសម្រេចឡើងក្នុងពេលឆាប់ៗនេះ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ៩ ទំ. ៩៨-១០៩

ជំពូក​ទី​ប្រាំ​បួន

តើ​យើង​កំពុង​តែ​រស់​នៅ​«​ជាន់​ក្រោយ​បង្អស់​»​ឬ?

តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​នៅ​សម័យ​យើង​បាន​ត្រូវ​ទាយ​ទុក​ជា​មុន​ក្នុង​ព្រះ​គម្ពីរ?

តើ​ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​នៅ​«​ជាន់​ក្រោយ​បង្អស់​»​មនុស្ស​នឹង​មាន​លក្ខណៈ​បែប​ណា?

តាម​ទំនាយ​ក្នុង​ព្រះ​គម្ពីរ តើ​នៅ​«​ជាន់​ក្រោយ​បង្អស់​»​នឹង​មាន​ព្រឹត្ដិការណ៍​ល្អ​អ្វី​ខ្លះ?

១​. តើ​យើង​អាច​ដឹង​អំពី​អនាគត​តាម​វិធី​ណា?

អ្នក​ប្រហែល​ជា​ធ្លាប់​មើល​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​ឬ​ឮ​តាម​វិទ្យុ រួច​ឆ្ងល់​ថា​៖‹តើ​ពិភព​លោក​យើង​នឹង​ទៅ​ជា​យ៉ាង​ណា?›។ ក្រៅ​ពី​នេះ​មាន​រឿង​អាក្រក់​ៗ​កើត​ឡើង​ភ្លាម​មួយ​រំពេច ដោយ​គ្មាន​អ្នក​ណា​ដឹង​ទុក​ជា​មុន​ទេ។ ហេតុ​នេះ​ហើយ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ទាយ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​បាន​ឡើយ។ (​យ៉ាកុប ៤:១៤​) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​ជ្រាប​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត។ (​អេសាយ ៤៦:១០​) តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទាយ​ក្នុង​ព្រះ​គម្ពីរ​អំពី​ព្រឹត្ដិការណ៍​អាក្រក់​ៗ​ដែល​នឹង​កើត​ឡើង​នៅ​សម័យ​យើង ហើយ​អ្វី​ដ៏​អស្ចារ្យ​ដែល​នឹង​កើត​ឡើង​នៅ​បន្ដិច​ទៀត​នា​ថ្ងៃ​ខាង​មុខ​ដែរ។

២, ៣​. តើ​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​សួរ​សំនួរ​អ្វី? តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​តប​យ៉ាង​ណា?

២ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​នឹង​បំបាត់​ចោល​អំពើ​អាក្រក់ ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​មនោ​រម្យ។ (​លូកា ៤:៤៣​) នៅ​សម័យ​ព្រះ​យេស៊ូ មនុស្ស​ចង់​ដឹង​ថា​តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​នៅ​ពេល​ណា? សូម្បី​តែ​សិស្ស​របស់​ព្រះ​យេស៊ូ​ក៏​បាន​សួរ​ថា​៖ ​«​តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់? តើ​មាន​ទី​សំ​គាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប​[​ឬ​«​អវសាន​កាល​នៃ​ពិភព​លោក​»​, ខ.ស.​]?​»។ (​ម៉ាថាយ ២៤:៣​) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​តប​ថា មាន​តែ​ព្រះ​យេហូវ៉ា​ទេ ដែល​ជ្រាប​ពី​ពេល​កំណត់​នៃ​ទី​បញ្ចប់​របស់​លោកីយ៍​នេះ។ (​ម៉ាថាយ ២៤:៣៦​) យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទាយ​ប្រាប់​សិស្ស​របស់​ទ្រង់​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ផែន​ដី មុន​នឹង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ធ្វើ​ឲ្យ​មាន​សន្ដិ​សុខ​និង​សន្ដិភាព​ពិត​ប្រាកដ។ អ្វី​ដែល​ទ្រង់​បាន​ទាយ​នោះ​កំពុង​តែ​កើត​ឡើង​ឥឡូវ​នេះ​ហើយ!

៣ មុន​នឹង​យើង​ពិចារណា​ភស្តុ​តាង​ដែល​បញ្ជាក់​ថា យើង​កំពុង​តែ​រស់​នៅ​ទី​«​អវសាន​កាល​នៃ​ពិភព​លោក​»​នេះ យើង​នឹង​រៀន​យ៉ាង​ខ្លី​អំពី​សង្គ្រាម​មួយ​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​មើល​ឃើញ​ឡើយ។ សង្គ្រាម​នោះ​បាន​កើត​ឡើង​នៅ​ស្ថាន​សួគ៌ ជា​កន្លែង​មួយ​ដែល​យើង​មើល​ពុំ​ឃើញ។ ម្យ៉ាង​ទៀត​លទ្ធផល​ពី​សង្គ្រាម​នោះ​ប៉ះ​ពាល់​ដល់​យើង​រាល់​គ្នា។

សង្គ្រាម​នៅ​ស្ថាន​សួគ៌

៤, ៥​. (​ក​) តើ​អ្វី​បាន​កើត​ឡើង​នៅ​ស្ថាន​សួគ៌​មិន​យូរ​ក្រោយ​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​សោយ​រាជ្យ​ជា​ស្តេច​នោះ? (​ខ​) យោង​ទៅ​តាម​វិវរណៈ ១២:១២ តើ​អ្វី​ជា​លទ្ធផល​ពី​សង្គ្រាម​នៅ​ស្ថាន​សួគ៌​នោះ?

៤ ជំពូក​ទី​៨​បាន​ពន្យល់​ថា ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ចាប់​ផ្ដើម​សោយ​រាជ្យ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌​នា​ឆ្នាំ​១៩១៤។ (​ដានីយ៉ែល ៧:១៣, ១៤​) មិន​យូរ​ក្រោយ​ព្រះ​យេស៊ូ​ទទួល​អំណាច​គ្រប់​គ្រង​នោះ ទ្រង់​បាន​ចាប់​ធ្វើ​សកម្មភាព។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​មាន​ចំ​បាំង​នៅ​លើ​មេឃ គឺ​មីកែល​[​នាម​មួយ​ទៀត​របស់​ព្រះ​យេស៊ូ​] នឹង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ​[​អារក្ស​សាតាំង​] ហើយ​នាគ នឹង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ​»។a សាតាំង​និង​ពួក​បិសាច​ឬ​ទេវតា​អាក្រក់​របស់​វា បាន​ចាញ់​សង្គ្រាម​នោះ ហើយ​បាន​ត្រូវ​ទម្លាក់​ចេញ​ពី​ស្ថាន​សួគ៌​មក​ផែន​ដី។ ទេវតា​ស្មោះ​ត្រង់​របស់​ព្រះ​បាន​អរ​សប្បាយ​ដោយ​សារ​សាតាំង​និង​ពួក​បិសាច​របស់​វា​មិន​នៅ​ស្ថាន​សួគ៌​ទៀត​ឡើយ។ ក៏​ប៉ុន្តែ មនុស្ស​គ្មាន​ហេតុ​អរ​សប្បាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទំនាយ​ក្នុង​ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​វេទនា​ដល់​ផែន​ដី . . . ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ​»។—វិវរណៈ ១២:៧, ៩, ១២

៥ សូម​កត់​សម្គាល់​នូវ​លទ្ធផល​ពី​សង្គ្រាម​នៅ​ស្ថាន​សួគ៌​នោះ។ ដោយ​សារ​សាតាំង​ខឹង​យ៉ាង​ខ្លាំង វា​នាំ​ឲ្យ​អ្នក​ដែល​នៅ​ផែន​ដី​ឲ្យ​មាន​សេចក្ដី​វេទនា។ ក្រោយ​មក​អ្នក​នឹង​រៀន​ដឹង​ថា ឥឡូវ​នេះ​យើង​កំពុង​តែ​រស់​នៅ​គ្រា​វេទនា​នោះ។ ប៉ុន្តែ គ្រា​វេទនា​នោះ​គឺ​«​ខ្លី​ណាស់​»។ សូម្បី​តែ​សាតាំង​ក៏​ទទួល​ស្គាល់​ចំណុច​នេះ​ដែរ។ ក្នុង​ព្រះ​គម្ពីរ​គ្រា​នោះ​ត្រូវ​ហៅ​ថា​៖ ​«​ជាន់​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី២ ៣:១​) យើង​ពិត​ជា​រីក​រាយ​ឥត​ឧបមា! ពី​ព្រោះ​មិន​យូរ​ទៀត​ព្រះ​នឹង​បំបាត់​ចោល​អានុភាព​របស់​អារក្ស​ចេញ​ពី​ផែន​ដី! យើង​នឹង​រៀន​អំពី​ព្រឹត្ដិការណ៍​ដែល​កំពុង​តែ​កើត​ឡើង​ឥឡូវ​នេះ ដូច​បាន​ត្រូវ​ទាយ​ទុក​ជា​មុន​ក្នុង​ព្រះ​គម្ពីរ។ ព្រឹត្ដិការណ៍​ទាំង​នេះ​ជា​ភស្តុ​តាង​បង្ហាញ​ថា យើង​កំពុង​តែ​រស់​នៅ​ជាន់​ក្រោយ​បង្អស់ ហើយ​មិន​យូរ​ទៀត​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ផ្ដល់​ជា​ប្រយោជន៍​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត សំរាប់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ មុន​ដំបូង យើង​នឹង​រៀន​អំពី​លក្ខណៈ​បួន​យ៉ាង​នៃ​ទី​សម្គាល់​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ថា​សម័យ​យើង​នេះ​ជា​ជាន់​ក្រោយ​បង្អស់។

ព្រឹត្ដិការណ៍​សំខាន់​ៗ​នៅ​ជាន់​ក្រោយ​បង្អស់

៦, ៧​. សព្វ​ថ្ងៃ​នេះ តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​សង្គ្រាម​និង​ការ​អត់​អាហារ​កំពុង​តែ​សម្រេច​យ៉ាង​ដូច​ម្ដេច​ខ្លះ?

៦ ​«​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១​»។ (​ម៉ាថាយ ២៤:៧​) ក្នុង​កំលុង​១០០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ មនុស្ស​រាប់​លាន​នាក់​បាន​ស្លាប់​ដោយ​សារ​សង្គ្រាម។ បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់​ដែល​ស្រាវ​ជ្រាវ​ផ្នែក​ប្រវត្ដិសាស្ត្រ​បាន​សរសេរ​ថា​៖ ​«​សតវត្សរ៍​ទី​២០​មាន​ការ​ច្បាំង​បង្ហូរ​ឈាម​ច្រើន​បំផុត​ប្រចាំ​ប្រវត្ដិសាស្ត្រ។ . . . ក្នុង​សតវត្សរ៍​នោះ មាន​សង្គ្រាម​ស្ទើរតែ​រាល់​ថ្ងៃ​ឥត​ដាច់ ហើយ​មាន​តែ​ពីរ​បី​គ្រា​ទេ​ដែល​គ្មាន​សង្គ្រាម​សោះ​ក្នុង​ពិភព​លោក​»។ សេចក្ដី​រាយ​ការណ៍​ពី​វិទ្យា​ស្ថាន​មួយ​បាន​ប្រាប់​ថា​៖ ​«​បើ​ប្រៀប​ធៀប​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ដោយ​សារ​សង្គ្រាម​នៅ​សតវត្សរ៍​[​ទី​២០​]​និង​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​សង្គ្រាម​ទាំង​អស់​តាំង​ពី​ឆ្នាំ​១​គ.ស. រហូត​ដល់​ឆ្នាំ​១៨៩៩​គ.ស.​នោះ អ្នក​ដែល​បាន​ស្លាប់​ក្នុង​សតវត្សរ៍​ទី​២០​គឺ​ច្រើន​ជាង​មួយ​ជា​បី​»។ (​World​watch In​stitute​) ជាង​១០០​លាន​នាក់​បាន​ស្លាប់​ដោយ​សារ​សង្គ្រាម​តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ។ មនុស្ស​រាប់​លាន​នាក់​ឈឺ​ចាប់​ខ្លោច​ផ្សា​ដោយ​សារ​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​សង្គ្រាម។ ប្រហែល​ជា​អ្នក​ក៏​ធ្លាប់​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​សង្គ្រាម​ដែរ។

៧ ​«​នឹង​កើត​មាន​អំណត់ [​ឬ​«​ទុរ្ភិក្ស​»​, ខ.ស.​]​»។ (​ម៉ាថាយ ២៤:៧​) អ្នក​ស្រាវ​ជ្រាវ​ប្រាប់​ថា ការ​ផលិត​អាហារ​បាន​កើន​ឡើង​យ៉ាង​ច្រើន​ក្នុង​កំលុង​៣០​ឆ្នាំ​កន្លង​ទៅ​នេះ។ យ៉ាង​ណា​ក៏​ដោយ ការ​អត់​អាហារ​នៅ​តែ​មាន​ដោយ​សារ​មនុស្ស​ជា​ច្រើន​នាក់​គ្មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ​អាហារ​បរិភោគ​ឬ​ដី​សំរាប់​ដាំ​ដំណាំ។ នៅ​ប្រទេស​ដែល​កំពុង​តែ​អភិវឌ្ឍ មនុស្ស​ច្រើន​ជាង​មួយ​ពាន់​លាន​នាក់​ត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​ទទួល​លុយ​តិច​ជាង​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ពួក​គេ​ភាគ​ច្រើន​គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ អង្គ​ការ​សុខភាព​ពិភព​លោក​ប៉ាន់​ស្មាន​ថា ហេតុ​សំខាន់​បំផុត​មួយ​ដែល​នាំ​ឲ្យ​កុមារ​ប្រាំ​លាន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ គឺ​ដោយ​សារ​គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។

៨, ៩​. តើ​អ្វី​បង្ហាញ​ថា​ទំនាយ​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ការ​រញ្ជួយ​ដី​និង​ជំងឺ​អាសន្ន​រោគ​កំពុង​តែ​សម្រេច?

៨ ​«​នឹង​មាន​កក្រើក​ដី​ជា​ខ្លាំង​»។ (​លូកា ២១:១១​) អ្នក​វិទ្យា​សាស្ត្រ​នៅ​សហរដ្ឋ​អាមេរិក​ប៉ាន់ស្មាន​ថា ជា​មធ្យម​នឹង​មាន​ការ​រញ្ជួយ​ដី​ធំៗ​១៩​ដង​រៀង​រាល់​ឆ្នាំ ហើយ​ការ​រញ្ជួយ​ដី​មួយ​ៗ​នឹង​ធ្វើ​ឲ្យ​ដី​ប្រេះ​ហើយ​អគារ​ផ្សេង​ៗ​ខូច​ខាត។ ម្យ៉ាង​ទៀត រៀង​រាល់​ឆ្នាំ​ជា​មធ្យម​មាន​ការ​រញ្ជួយ​ដី​ដែល​មាន​ថាមពល​ខ្លាំង​ល្មម​អាច​បំផ្លាញ​អគារ​ផ្សេង​ៗ​ឲ្យ​ទៅ​ជា​សំណង់​បាក់​បែក។ (​U.S. Geological Survey​) ឯក​សារ​យោង​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​បង្ហាញ​ថា តាំង​ពី​ឆ្នាំ​១៩០០ ការ​រញ្ជួយ​ដី​បាន​សម្លាប់​មនុស្ស​ជាង​២.០០០.០០០​នាក់។ ប្រភព​មួយ​ប្រាប់​ថា​៖ «ការ​ជឿន​លឿន​ផ្នែក​វិទ្យា​សាស្ត្រ​គ្រាន់​តែ​បាន​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​តែ​បន្ដិច​ទេ​»។

៩ ​«​នឹង​មាន . . . អាសន្ន​រោគ​នៅ​កន្លែង​ផ្សេង​ៗ​»។ (​លូកា ២១:១១​) ទោះ​ជា​មាន​ការ​ជឿន​លឿន​ខាង​វិធី​ព្យាបាល​ក៏​ពិត​មែន តែ​រោគ​ទាំង​ចាស់​ទាំង​ថ្មី​កំពុង​តែ​ញាំ​ញី​មនុស្ស​ជាតិ។ សេចក្ដី​រាយ​ការណ៍​មួយ​ប្រាប់​ថា ជំងឺ​២០​ប្រភេទ​ដែល​មនុស្ស​ស្គាល់​ទូទៅ​ដូច​ជា​ជំងឺ​របេង គ្រុន​ចាញ់ និង​អាសន្ន​រោគ​រា​ក​រូស បាន​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ហើយ​ជំងឺ​ប្រភេទ​ខ្លះ​គឺ​កាន់​តែ​ពិបាក​ព្យាបាល​ឲ្យ​ជា​ដោយ​ប្រើ​ថ្នាំ។ តាម​ការ​ពិត យ៉ាង​តិច​មាន​ជំងឺ​ថ្មី​៣០​ប្រភេទ​ដែល​បាន​លេច​ឡើង។ ជំងឺ​ខ្លះ​មិន​អាច​មើល​ឲ្យ​ជា​បាន​ឡើយ ហើយ​ក៏​អាច​សំឡាប់​ជីវិត​មនុស្ស​ថែម​ទៀត​ផង។

លក្ខណៈ​របស់​មនុស្ស​នៅ​ជាន់​ក្រោយ​បង្អស់

១០​. សព្វ​ថ្ងៃ​នេះ តើ​អ្នក​ឃើញ​មនុស្ស​បង្ហាញ​លក្ខណៈ​ណា​ខ្លះ​ដូច​ដែល​បាន​រៀប​រាប់​នៅ​ធីម៉ូថេ​ទី២ ៣:១​-​៥?

១០ ព្រះ​គម្ពីរ​មិន​ត្រឹម​តែ​មាន​ទំនាយ​អំពី​ព្រឹត្ដិការណ៍​ពិភព​លោក​ប៉ុណ្ណោះ តែ​ក៏​មាន​ទំនាយ​ដែល​ថា​នៅ​ជាន់​ក្រោយ​បង្អស់ មនុស្ស​នឹង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​មុន។ សាវ័ក​ប៉ុល​បាន​ពណ៌នា​អំពី​លក្ខណៈ​ទូទៅ​របស់​មនុស្ស។ នៅ​ធីម៉ូថេ​ទី២ ៣:១​-​៥ យើង​អាន​ថា​៖ ​«​នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់​»។ ប៉ុល​បាន​សរសេរ​ថា​មនុស្ស​នឹង

▪ ស្រឡាញ់​តែ​ខ្លួន​ឯង

▪ ស្រឡាញ់​ប្រាក់

▪ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ

▪ ក្បត់​គេ

▪ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស​ឬ​ជា​មនុស្ស​អត់​ចិត្ត

▪ មិន​ចេះ​ទប់​ចិត្ត

▪ មាន​ចិត្ត​សាហាវ

▪ ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ

▪ មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ចេស្ដា ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្ដិ​នោះ​ទេ

១១​. តាម​ទំនុក​ដំកើង ៩២:៧ តើ​អ្វី​នឹង​កើត​ឡើង​ដល់​មនុស្ស​អាក្រក់?

១១ តើ​មនុស្ស​នៅ​ក្នុង​សហគមន៍​របស់​អ្នក​មាន​លក្ខណៈ​ដូច​នេះ​ទេ? ពិត​ជា​មាន​មនុស្ស​ដូច​នេះ​មែន! នៅ​គ្រប់​ប្រទេស​មាន​មនុស្ស​ដែល​មាន​លក្ខណៈ​អាក្រក់។ នេះ​ជួយ​ឲ្យ​យើង​ដឹង​ថា មិន​យូរ​ទៀត​ព្រះ​នឹង​ចាត់​វិធានការ​ដើម្បី​កំទេច​មនុស្ស​អាក្រក់ ពី​ព្រោះ​ព្រះ​គម្ពីរ​ថា​៖ ​«​វេលា​ណា​ដែល​មនុស្ស​អាក្រក់​ដុះ​ដាល​ឡើង​ដូច​ជា​ស្មៅ ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​លូត​លាស់​ឡើង នោះ​គឺ​សំរាប់​តែ​ឲ្យ​គេ​ត្រូវ​វិនាស​ទៅ​អស់​កល្ប​ជា​និច្ច​ប៉ុណ្ណោះ​»។​—ទំនុក​ដំកើង ៩២:៧

ព្រឹត្ដិការណ៍​ល្អ!

១២, ១៣​. តើ​«​ចំណេះ​»​បាន​ចំរើន​ឡើង​យ៉ាង​ដូច​ម្ដេច​នៅ​«​ជាន់​ក្រោយ​បង្អស់​»​នេះ?

១២ ដូច​ដែល​បាន​ទាយ​ក្នុង​ព្រះ​គម្ពីរ ជាន់​ក្រោយ​បង្អស់​ពិត​ជា​ពោរ​ពេញ​ដោយ​សេចក្ដី​វេទនា​សម្បើម​ណាស់។ សូម្បី​តែ​ក្នុង​ពិភព​លោក​នេះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​លំបាក​ក៏​ដោយ ក៏​មាន​អ្វី​ល្អ​ៗ​កើត​ឡើង​ក្នុង​ចំណោម​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែរ។

១៣ សៀវភៅ​ដានីយ៉ែល​បាន​ទាយ​ថា​៖ ​«​ចំណេះ​នឹង​បាន​ចំរើន​ឡើង​»។ តើ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? នេះ​នឹង​កើត​ឡើង​ក្នុង​កំលុង​«​គ្រា​ចុង​បំផុត​»។ (​ដានីយ៉ែល ១២:៤​) ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ ព្រះ​យេហូវ៉ា​បាន​ជួយ​អស់​អ្នក​ដែល​ពិត​ជា​ចង់​បំរើ​ទ្រង់​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ព្រះ​គម្ពីរ។ ពួក​គេ​យល់​សេចក្ដី​ពិត​កាន់​តែ​ច្រើន​អំពី​ព្រះ​នាម​និង​គោល​បំណង​របស់​ព្រះ យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​អ្វី​ដែល​កើត​ឡើង​ក្រោយ​មនុស្ស​ស្លាប់។ ម្យ៉ាង​ទៀត អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​បាន​រៀន​អំពី​របៀប​រស់​នៅ​ដែល​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ ហើយ​ថែម​ទាំង​នាំ​ឲ្យ​មនុស្ស​សរសើរ​ព្រះ​ទៀត​ផង។ ពួក​គេ​ក៏​យល់​ច្បាស់​ជាង​អំពី​តួ​នាទី​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​របៀប​ដែល​ព្រះ​រាជាណាចក្រ​នោះ​នឹង​ដោះ​ស្រាយ​បញ្ហា​នៅ​ផែន​ដី។ តើ​ពួក​គេ​ប្រើ​ចំណេះ​នេះ​ធ្វើ​អ្វី? សំនួរ​នេះ​ជាប់​ទាក់​ទង​នឹង​ទំនាយ​មួយ​ទៀត​ដែល​កំពុង​តែ​សម្រេច​នៅ​ជាន់​ក្រោយ​បង្អស់​នេះ។

១៤​. សព្វ​ថ្ងៃ​នេះ តើ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​កំពុង​តែ​ត្រូវ​ប្រកាស​ប្រាប់​ដល់​កំរិត​ណា? តើ​អ្នក​ណា​កំពុង​តែ​ប្រកាស​ដំណឹង​ល្អ​នោះ?

១៤ ពេល​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​អំពី​«​បំផុត​កល្ប[​ឬ​«​អវសាន​កាល​នៃ​ពិភព​លោក​»​, ខ.ស.​]​»​ នោះ​ទ្រង់​បាន​ទាយ​ថា​៖ ​«​ដំណឹង​ល្អ​នេះ​ដែល​សំ​ដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោ​កី​យ​»។ (​ម៉ាថាយ ២៤:៣, ១៤​) ទូ​ទាំង​ផែន​ដី ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​កំពុង​តែ​ត្រូវ​ប្រកាស​នៅ​ជាង​២៣០​ប្រទេស ហើយ​ជាង​៤០០​ភាសា។ ដំណឹង​ល្អ​នោះ​បាន​ជួយ​ឲ្យ​យើង​ដឹង​ថា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី នឹង​ធ្វើ​អ្វី ហើយ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ប្រយោជន៍​ពី​ព្រះ​រាជាណាចក្រ​នោះ។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​ខ្នះ​ខ្នែង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ពួក​គេ​មក​ពី​«​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា​»។ (​វិវរណៈ ៧:៩​) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បង្រៀន​ព្រះ​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​ចង់​ដឹង​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន។ ទំនាយ​នោះ​ស្តី​អំពី​ការ​ប្រកាស​ដំណឹង​ល្អ​កំពុង​តែ​សម្រេច​គួរ​ឲ្យ​កោត​ស្ងើច​មែន! អ្វី​ដែល​គួរ​ឲ្យ​កោត​ស្ងើច​ជាង​នោះ​ទៅ​ទៀត​គឺ ពេល​គិត​អំពី​ទំនាយ​របស់​ព្រះ​យេស៊ូ​ដែល​ថា ​«​មនុស្ស​ទាំង​អស់​នឹង​ស្អប់​»​គ្រីស្ទាន​ពិត​ទាំង​ឡាយ!—លូកា ២១:១៧

តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

១៥​. (​ក​) តើ​អ្នក​ជឿ​ថា​យើង​កំពុង​តែ​រស់​នៅ​ជាន់​ក្រោយ​បង្អស់​ទេ? ហេតុ​អ្វី? (​ខ​) នៅ​«​ចុង​បំផុត​»​ តើ​អ្វី​នឹង​កើត​ឡើង​ដល់​អ្នក​ដែល​ប្រឆាំង​ព្រះ​យេហូវ៉ា? តើ​អ្វី​នឹង​កើត​ឡើង​ដល់​អ្នក​ដែល​ចុះ​ចូល​ចំពោះ​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

១៥ ដោយ​ឃើញ​ថា​បទ​ទំនាយ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ​កំពុង​តែ​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ច្បាស់​ជា​យល់​ស្រប​ថា​យើង​កំពុង​តែ​រស់​នៅ​ជាន់​ក្រោយ​បង្អស់ មែន​ទេ? ពេល​ដែល​ព្រះ​យេហូវ៉ា​សម្រេច​ព្រះ​ទ័យ​ថា ដំណឹង​ល្អ​បាន​ប្រកាស​ផ្សាយ​សព្វ​គ្រប់​ហើយ នោះ​«​ចុង​បំផុត​»​នឹង​មក​ដល់​ជាក់​ជា​ពុំ​ខាន។ (​ម៉ាថាយ ២៤:១៤​) ពាក្យ​«​ចុង​បំផុត​»​សំដៅ​ទៅ​លើ​ពេល​ដែល​ព្រះ​នឹង​បំបាត់​អំពើ​ទុច្ចរិត​ចេញ​ពី​ផែន​ដី។ ព្រះ​យេហូវ៉ា​នឹង​ចាត់​ព្រះ​យេស៊ូ​ហើយ​ទេវតា​ខ្លាំង​ក្លា​ដើម្បី​បំផ្លាញ​អស់​អ្នក​ដែល​ប្រឆាំង​ទ្រង់​ដោយ​ចេតនា។ (​ថែស្សាឡូនីច​ទី២ ១:៦​-​៩​) សាតាំង​ព្រម​ទាំង​ពួក​បិសាច​របស់​វា​នឹង​មិន​នាំ​ឲ្យ​មនុស្ស​វង្វេង​ទៀត​ឡើយ។ ក្រោយ​នោះ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាង​សន្ធឹក​ចំពោះ​អស់​អ្នក​ដែល​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​ដ៏​សុចរិត​របស់​ព្រះ​រាជាណាចក្រ​នោះ។—វិវរណៈ ២០:១​-​៣; ២១:​៣​-​៥

១៦​. តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ?

១៦ ដោយ​សារ​ទី​បញ្ចប់​នៃ​របប​លោកីយ៍​របស់​សាតាំង​គឺ​ជិត​មក​ដល់​ហើយ​នោះ យើង​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា?›។ យក​ល្អ​អ្នក​គួរ​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​យើង។ (​យ៉ូហាន ១៧:៣​) ចូរ​សិក្សា​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ចូរ​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​ជា​មួយ​នឹង​អ្នក​ដែល​ចង់​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ដែរ។ (​ហេព្រើរ ១០:២៤, ២៥​) ចូរ​ក្រេប​ជញ្ជក់​នូវ​ចំណេះ​ដ៏​បរិបូរ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​សំរាប់​មនុស្ស​ទូ​ទាំង​ពិភព​លោក ហើយ​ចូរ​កែ​ប្រែ​ជីវិត​របស់​អ្នក​ឲ្យ​សម​ស្រប​តាម​ចំណេះ​នោះ​ដើម្បី​អាច​ទទួល​ព្រះ​គុណ​ពី​ព្រះ​បាន។—យ៉ាកុប ៤:៨

១៧​. ពេល​ដែល​មនុស្ស​ទុច្ចរិត​ត្រូវ​បំផ្លាញ​ចោល ហេតុ​អ្វី​នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ភ្ញាក់​ផ្អើល?

១៧ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទាយ​ថា មនុស្ស​ភាគ​ច្រើន​នឹង​មិន​អើពើ​ចំពោះ​ភស្តុ​តាង​ដែល​បញ្ជាក់​ថា យើង​កំពុង​តែ​រស់​នៅ​ជាន់​ក្រោយ​បង្អស់។ ការ​បំផ្លាញ​មនុស្ស​ទុច្ចរិត​នឹង​កើត​ឡើង​ភ្លាម​មួយ​រំពេច​ដោយ​មិន​ដឹង​ទុក​ជា​មុន។ ការ​បំផ្លាញ​នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ភ្ញាក់​ផ្អើល​ណាស់ ដូច​ជា​ពេល​ដែល​ចោរ​មក​ពេល​យប់​ដោយ​គ្មាន​អ្នក​ណា​ដឹង។ (​ថែស្សាឡូនីច​ទី១ ៥:២​) ព្រះ​យេស៊ូ​បាន​ព្រមាន​ថា​៖ ​«​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក​ហើយ​រៀប​ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង​យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ​»។—ម៉ាថាយ ២៤:៣៧​-​៣៩

១៨​. តើ​យើង​គួរ​ស្ដាប់​តាម​ការ​ព្រមាន​អ្វី​របស់​ព្រះ​យេស៊ូ?

១៨ ហេតុ​នេះ​ហើយ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​សិស្ស​ទ្រង់​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែន​ដី ដូច្នេះ ចូរ​ចាំ​យាម​ចុះ! ហើយ​អធិស្ឋាន​ជា​និច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង[​ដោយ​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់​]​»។ (​លូកា ២១:៣៤​-​៣៦​) យក​ល្អ​យើង​ធ្វើ​តាម​បន្ទូល​នេះ​របស់​ព្រះ​យេស៊ូ។ តើ​ហេតុ​អ្វី? ពី​ព្រោះ​អ្នក​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ហើយ​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​«​កូន​មនុស្ស​»​នោះ នឹង​មាន​សេចក្ដី​សង្ឃឹម​រួច​រស់​ជីវិត​នៅ​ទី​បញ្ចប់​នៃ​របប​លោកីយ៍​របស់​សាតាំង ហើយ​រស់​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​ដែល​ជិត​មក​ដល់​ហើយ​នេះ!—យ៉ូហាន ៣:១៦; ពេត្រុស​ទី២ ៣:១៣

[កំណត់​សម្គាល់]

a ដើម្បី​បាន​ព័ត៌មាន​ដែល​បង្ហាញ​ថា​មីកែល​ជា​នាម​មួយ​ទៀត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ សូម​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​តើ​មហា​ទេវតា​ព្រះ​នាម​មីកែល​ជា​អ្នក​ណា?​»។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ សង្គ្រាម ការ​អត់​អាហារ ការ​រញ្ជួយ​ដី និង​ជំងឺ​អាសន្ន​រោគ​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​នេះ​ជា​ជាន់​ក្រោយ​បង្អស់។—ម៉ាថាយ ២៤:៧; លូកា ២១:១១

▪ នៅ​ជាន់​ក្រោយ​បង្អស់ មនុស្ស​ជា​ច្រើន​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់​និង​ការ​សប្បាយ តែ​ពួក​គេ​មិន​ស្រឡាញ់​ព្រះ​ឡើយ។—ធីម៉ូថេ​ទី២ ៣:១​-​៥

▪ នៅ​ជាន់​ក្រោយ​បង្អស់​នេះ ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​កំពុង​តែ​ត្រូវ​ប្រកាស​ប្រាប់​ទូ​ទាំង​ពិភព​លោក។—ម៉ាថាយ ២៤:១៤

​​[រូប​ភាព​ពេញ​មួយ​នៅ​ទំព័រ​១០៧]

«​ដំណឹង​ល្អ​នេះ​ដែល​សំ​ដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោ​កី​យ​»។—ម៉ាថាយ ២៤:១៤

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក