បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bhs ទំ. ២០៧-២២៣
  • កំណត់នៅចុងសៀវភៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កំណត់នៅចុងសៀវភៅ
  • តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • អត្ថបទស្រដៀងគ្នា
  • ចូរបណ្ដុះឲ្យមានចិត្ដកតញ្ញូចំគុណសម្បត្ដិដែលប្រៀបផ្ទឹមពុំបានរបស់ព្រះយេហូវ៉ា
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរប្រើឫទ្ធានុភាពនៃបណ្ដាំរបស់ព្រះក្នុងកិច្ចបម្រើផ្សាយ
    ២០១៥ កិច្ចបម្រើព្រះ
  • រដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមការគ្រប់គ្រង
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ព្រះរាជាណាចក្ររបស់ព្រះ គឺប្រសើរលើសការគ្រប់គ្រងឯទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
bhs ទំ. ២០៧-២២៣

កំណត់​នៅ​ចុង​សៀវភៅ

១ ព្រះ​យេហូវ៉ា

នាម​របស់​ព្រះ​គឺ​យេហូវ៉ា ហើយ​មាន​ន័យ​ថា​«​លោក​ធ្វើ​ឲ្យ​កើត​មក​»​ឬ​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ហើយ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់។ លោក​មាន​ឫទ្ធានុភាព​ដើម្បី​សម្រេច​គោល​បំណង​ទាំង​អស់​របស់​លោក។

ក្នុង​ភាសា​ហេប្រឺ នាម​របស់​ព្រះ​តំណាង​ដោយ​អក្សរ​បួន​តួ ដែល​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា យ​ហ​វ​ហ ឬ​ច​ហ​វ​ហ។ ក្នុង​គម្ពីរ​ភាសា​ហេប្រឺ​ដែល​ជា​ភាសា​ដើម នាម​របស់​ព្រះ​មាន​ជិត​៧.០០០​ដង។ មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​ហៅ​នាម​ព្រះ​យេហូវ៉ា​តាម​របៀប​ផ្សេង​ៗ​អាស្រ័យ​ទៅ​លើ​ភាសា​របស់​ពួក​គេ។

▸ ជំ​. ១ វ​. ១៥

២ គម្ពីរ​«​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»​

ព្រះ​ជា​អ្នក​និពន្ធ​គម្ពីរ តែ​លោក​បាន​ប្រើ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ។ ស្រដៀង​គ្នា​នឹង​អ្នក​ជំនួញ​ម្នាក់​ប្រាប់​លេខា​ឲ្យ​សរសេរ​សំបុត្រ​មួយ​តាម​គំនិត​របស់​គាត់ នោះ​ព្រះ​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ដឹក​នាំ​មនុស្ស​ឲ្យ​កត់​ទុក​គំនិត​របស់​លោក។ សកម្មពល​របស់​ព្រះ​បាន​ដឹក​នាំ​ពួក​គេ​តាម​របៀប​ផ្សេង​ៗ ជួន​កាល​បើក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ក្នុង​គំនិត ឬ​តាម​រយៈ​សុបិន រួច​មក​ឲ្យ​ពួក​គេ​សរសេរ​ទុក។

▸ ជំ​. ២ វ​. ៥

៣ គោល​ការណ៍

គឺ​ជា​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដែល​ពន្យល់​អំពី​សេចក្ដី​ពិត​ដែល​ជា​មូលដ្ឋាន។ ជា​ឧទាហរណ៍ គោល​ការណ៍​ដែល​ថា​៖ ​«​ការ​សេពគប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ​»​បង្រៀន​យើង​ថា មនុស្ស​ដែល​យើង​សេពគប់​អាច​មាន​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​មក​លើ​យើង។ (​កូរិនថូស​ទី១ ១៥:៣៣​) ម្យ៉ាង​ទៀត គោល​ការណ៍​ដែល​ថា​៖ ​«​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»​បង្រៀន​យើង​ថា យើង​នឹង​ទទួល​ផល​តាម​អ្វី​ដែល​យើង​បាន​ធ្វើ។—កាឡាទី ៦:៧

▸ ជំ​. ២ វ​. ១២

៤ ទំនាយ

នេះ​គឺ​ជា​ដំណឹង​មក​ពី​ព្រះ។ ដំណឹង​នោះ​អាច​ជា​សេចក្ដី​បង្រៀន​ខាង​សីលធម៌ ជា​បង្គាប់ ជា​ការ​វិនិច្ឆ័យ ឬ​ជា​ការ​ពន្យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ។ ដំណឹង​នោះ​ក៏​អាច​ជា​ព័ត៌មាន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត​ផង​ដែរ។ ទំនាយ​ជា​ច្រើន​ក្នុង​គម្ពីរ​បាន​កើត​ឡើង​រួច​ហើយ។

▸ ជំ​. ២ វ​. ១៣

៥ ទំនាយ​អំពី​មេស្ស៊ី

លោក​យេស៊ូ​ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ទំនាយ​ជា​ច្រើន​ក្នុង​គម្ពីរ​អំពី​មេស្ស៊ី​ក្លាយ​ទៅ​ជា​ការ​ពិត។ សូម​មើល​ប្រអប់​«​ទំនាយ​អំពី​មេស្ស៊ី​»។

▸ ជំ​. ២ វ​. ១៧, កំ.ស.

ទំនាយ​អំពី​មេស្ស៊ី

ព្រឹត្ដិការណ៍

ទំនាយ

ក្លាយ​ទៅ​ជា​ការ​ពិត

កើត​ពី​កុលសម្ព័ន្ធ​យូដា

លោកុប្បត្តិ ៤៩:១០

លូកា ៣:២៣​-​៣៣

កើត​ពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ

អេសាយ ៧:១៤

ម៉ាថាយ ១:១៨​-​២៥

មក​ពី​ពូជ​ពង្ស​របស់​ស្តេច​ដាវីឌ

អេសាយ ៩:៧

ម៉ាថាយ ១:១, ៦​-​១៧

ព្រះ​យេហូវ៉ា​ប្រកាស​ថា លោក​យេស៊ូ​ជា​បុត្រ​លោក

ទំនុក​តម្កើង ២:៧

ម៉ាថាយ ៣:១៧

មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា លោក​យេស៊ូ​ជា​មេស្ស៊ី

អេសាយ ៥៣:១

យ៉ូហាន ១២:៣៧, ៣៨

ចូល​ក្រុង​យេរូសាឡិម​ដោយ​ជិះ​សត្វ​លា

សាការី ៩:៩

ម៉ាថាយ ២១:១​-​៩

លោក​ត្រូវ​មនុស្ស​ជំនិត​ក្បត់

ទំនុក​តម្កើង ៤១:៩

យ៉ូហាន ១៣:១៨, ២១​-​៣០

ត្រូវ​គេ​ក្បត់​ដើម្បី​ប្រាក់​៣០​ដុំ

សាការី ១១:១២

ម៉ាថាយ ២៦:១៤​-​១៦

លោក​នៅ​ស្ងៀម​ពេល​ត្រូវ​គេ​ចោទ​ប្រកាន់

អេសាយ ៥៣:៧

ម៉ាថាយ ២៧:១១​-​១៤

គេ​ចាប់​ឆ្នោត​ចែក​សម្លៀក​បំពាក់​លោក

ទំនុក​តម្កើង ២២:១៨

ម៉ាថាយ ២៧:៣៥

ត្រូវ​គេ​ចំអក​ឲ្យ​ពេល​នៅ​លើ​បង្គោល​ទារុណកម្ម

ទំនុក​តម្កើង ២២:៧, ៨

ម៉ាថាយ ២៧:៣៩​-​៤៣

គ្មាន​ឆ្អឹង​ណា​មួយ​របស់​លោក​ត្រូវ​បាក់​ទេ

ទំនុក​តម្កើង ៣៤:២០

យ៉ូហាន ១៩:៣៣, ៣៦

សព​លោក​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​អ្នក​មាន

អេសាយ ៥៣:៩

ម៉ាថាយ ២៧:៥៧​-​៦០

លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

ទំនុក​តម្កើង ១៦:១០

សកម្មភាព ២:២៤, ២៧

លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ហើយ​រង់​ចាំ​នៅ​ខាង​ស្ដាំ​ព្រះ

ទំនុក​តម្កើង ១១០:១

សកម្មភាព ៧:៥៥, ៥៦

៦ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ផែន​ដី

ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែន​ដី​ដើម្បី​ឲ្យ​ក្លាយ​ជា​សួន​ឧទ្យាន​សម្រាប់​មនុស្ស​ដែល​ស្រឡាញ់​លោក។ គោល​បំណង​របស់​ព្រះ​មិន​ផ្លាស់​ប្ដូរ​ទេ។ មិន​យូរ​ទៀត ព្រះ​នឹង​បំបាត់​ចោល​មនុស្ស​ទុច្ចរិត ហើយ​ឲ្យ​រាស្ត្រ​របស់​លោក​រស់​ជា​រៀង​រហូត។

▸ ជំ​. ៣ វ​. ១

៧ មេ​កំណាច​សាថាន

សាថាន​ជា​ទេវតា​មួយ​រូប​ដែល​បាន​ផ្ដើម​បះ​បោរ​ប្រឆាំង​ព្រះ។ វា​បាន​ត្រូវ​ហៅ​ថា​សាថាន ដែល​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ ដោយ​សារ​វា​បាន​ប្រឆាំង​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត វា​បាន​ត្រូវ​ហៅ​ថា​មេ​កំណាច ដែល​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​ ដោយ​សារ​វា​និយាយ​កុហក​អំពី​ព្រះ ហើយ​បោក​បញ្ឆោត​មនុស្ស។

▸ ជំ​. ៣ វ​. ៤

៨ ទេវតា

ព្រះ​យេហូវ៉ា​បាន​បង្កើត​ពួក​ទេវតា​ជា​យូរ​មុន​ពេល​ដែល​លោក​បង្កើត​ផែន​ដី។ ព្រះ​បាន​ឲ្យ​ពួក​គេ​រស់​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ទី​នោះ​មាន​ទេវតា​រាប់​រយ​លាន​រូប។ (​ដានីយ៉ែល ៧:១០​) ទេវតា​មាន​ឈ្មោះ​និង​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា។ ពួក​ទេវតា​ដែល​មាន​ចិត្ត​រាប​ទាប​និង​ស្មោះ​ត្រង់​ទាំង​នេះ បដិសេធ​ការ​គោរព​ប្រណិប័តន៍​ពី​មនុស្ស។ ពួក​ទេវតា​មាន​ឋានៈ​និង​ភារកិច្ច​ផ្សេង​ៗ​គ្នា។ ភារកិច្ច​ទាំង​នោះ​រួម​មាន​កិច្ច​បម្រើ​នៅ​ខាង​មុខ​បល្ល័ង្ក​របស់​ព្រះ នាំ​ដំណឹង​ពី​ព្រះ ការពារ​និង​ណែនាំ​អ្នក​បម្រើ​របស់​ព្រះ​នៅ​ផែន​ដី ព្រម​ទាំង​អនុវត្ត​ការ​វិនិច្ឆ័យ​របស់​ព្រះ​និង​គាំ​ទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ (​ទំនុក​តម្កើង ៣៤:៧; ការ​បើក​បង្ហាញ ១៤:៦; ២២:៨, ៩​) នៅ​អនាគត ពួក​ទេវតា​នឹង​ចូល​រួម​ជា​មួយ​នឹង​លោក​យេស៊ូ​ក្នុង​សង្គ្រាម​ហាម៉ាគេដូន។—ការ​បើក​បង្ហាញ ១៦:១៤, ១៦; ១៩:១៤, ១៥

▸ ជំ​. ៣ វ​. ៥; ជំ​. ១០ វ​. ១

៩ អំពើ​ខុស​ឆ្គង

គឺ​ជា​អារម្មណ៍ ជា​គំនិត ឬ​ជា​ការ​ប្រព្រឹត្ត​ដែល​ប្រឆាំង​ព្រះ​យេហូវ៉ា​ឬ​បំណង​ប្រាថ្នា​របស់​លោក។ ដោយ​សារភាព​ខុស​ឆ្គង​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ឲ្យ​ច្បាប់​និង​គោល​ការណ៍​ដែល​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា។ នៅ​ដើម​ដំបូង ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​ដោយ​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​ពេល​អាដាម​និង​អេវ៉ា​បាន​សម្រេច​ចិត្ត​ឈប់​ស្ដាប់​បង្គាប់​ព្រះ ពួក​គេ​មាន​ភាព​ខុស​ឆ្គង ហើយ​បាត់​បង់​ភាព​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ ពួក​គេ​ទៅ​ជា​ចាស់​ហើយ​ស្លាប់។ ដោយ​សារ​យើង​បាន​ទទួល​ភាព​ខុស​ឆ្គង​ជា​មត៌ក​ពី​អាដាម យើង​ក៏​ទៅ​ជា​ចាស់​ហើយ​ស្លាប់​ដែរ។

▸ ជំ​. ៣ វ​. ៧; ជំ​. ៥ វ​. ៣

១០ ហាម៉ាគេដូន

នេះ​គឺ​ជា​សង្គ្រាម​របស់​ព្រះ​ដើម្បី​បំផ្លាញ​ពិភព​លោក​របស់​សាថាន​ព្រម​ទាំង​អំពើ​ទុច្ចរិត​ទាំង​អស់។

▸ ជំ​. ៣ វ​. ១៣; ជំ​. ៨ វ​. ១៨

១១ រាជាណាចក្រ​របស់​ព្រះ

រាជាណាចក្រ​ព្រះ​ជា​រដ្ឋាភិបាល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ឡើង​នៅ​ស្ថាន​សួគ៌។ លោក​យេស៊ូ​គ្រិស្ត​កំពុង​គ្រប់​គ្រង​ជា​ស្តេច​ក្នុង​រាជាណាចក្រ​នោះ។ នៅ​អនាគត ព្រះ​យេហូវ៉ា​នឹង​ប្រើ​រាជាណាចក្រ​នោះ​ដើម្បី​បំផ្លាញ​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់។ រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី។

▸ ជំ​. ៣ វ​. ១៤

១២ លោក​យេស៊ូ​គ្រិស្ត

ព្រះ​បាន​បង្កើត​លោក​យេស៊ូ​មុន​អ្វី​ៗ​ទាំង​អស់។ ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី​ដើម្បី​ស្លាប់​ជំនួស​មនុស្សជាតិ។ ក្រោយ​ពី​គេ​បាន​សម្លាប់​លោក​យេស៊ូ​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ។ ឥឡូវ​លោក​យេស៊ូ​កំពុង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ។

▸ ជំ​. ៤ វ​. ២

១៣ ទំនាយ​អំពី​៧០​អាទិត្យ

ទំនាយ​ក្នុង​គម្ពីរ​ប្រាប់​អំពី​ពេល​ដែល​មេស្ស៊ី​នឹង​លេច​មក។ នេះ​នឹង​កើត​ឡើង​នៅ​ចុង​៦៩​អាទិត្យ ដែល​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៤៥៥ មុន​គ.ស. ហើយ​ចប់​នៅ​ឆ្នាំ​២៩ គ.ស.។

ហេតុ​អ្វី​យើង​ដឹង​ថា​គ្រា​នោះ​បាន​ចប់​នៅ​ឆ្នាំ​២៩ គ.ស.? ៦៩​អាទិត្យ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៤៥៥ មុន​គ.ស. ពេល​នេហេមា​មក​ដល់​ក្រុង​យេរូសាឡិម ហើយ​ចាប់​ផ្ដើម​សង់​ក្រុង​នោះ​ឡើង​វិញ។ (​ដានីយ៉ែល ៩:២៥; នេហេមា ២:១, ៥​-​៨​) ឧទាហរណ៍ ពេល​យើង​ឮ​ពាក្យ​«​មួយ​ឡូ​»​ យើង​ដឹង​ថា​មាន​១២។ ដូច្នេះ​ពាក្យ​«​មួយ​អាទិត្យ​»​យើង​ដឹង​ថា​មាន​៧​ថ្ងៃ។ ក្នុង​ទំនាយ​នេះ​មួយ​អាទិត្យ​មិន​មែន​ជា​រយៈ​ពេល​៧​ថ្ងៃ​ទេ តែ​ជា​រយៈ​ពេល​៧​ឆ្នាំ​វិញ ពី​ព្រោះ​ទំនាយ​ក្នុង​គម្ពីរ​បាន​រាប់​«​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ​»។ (​ជន​គណនា ១៤:៣៤; អេសេគាល ៤:៦​) ដោយ​សារ​មួយ​អាទិត្យ​ស្មើ​នឹង​៧​ឆ្នាំ ដូច្នេះ​៦៩​អាទិត្យ​ស្មើ​នឹង​៤៨៣​ឆ្នាំ(​៦៩×៧=៤៨៣​)។ បើ​យើង​រាប់​៤៨៣​ឆ្នាំ​ចាប់​ពី​ឆ្នាំ​៤៥៥ មុន​គ.ស. លទ្ធផល​គឺ​មក​ដល់​ឆ្នាំ​២៩ គ.ស.។ នេះ​គឺ​ចំ​នឹង​ឆ្នាំ​ដែល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ក្លាយ​ទៅ​ជា​មេស្ស៊ី!—លូកា ៣:១, ២, ២១, ២២

ទំនាយ​ដដែល​នេះ​ប្រាប់​អំពី​អាទិត្យ​មួយ​ទៀត ដែល​មាន​រយៈ​ពេល​៧​ឆ្នាំ​ថែម​ទៀត។ ក្នុង​រយៈ​ពេល​នោះ នៅ​ឆ្នាំ​៣៣ គ.ស. មេស្ស៊ី​បាន​ត្រូវ​គេ​សម្លាប់។ ចាប់​ពី​ឆ្នាំ​៣៦ គ.ស. ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ប្រជា​ជាតិ មិន​គ្រាន់​តែ​ជន​ជាតិ​យូដា​ប៉ុណ្ណោះ​ទេ។—ដានីយ៉ែល ៩:២៤​-​២៧

▸ ជំ​. ៤ វ​. ៧

តារាង: ទំនាយអំពី៧០អាទិត្យក្នុងដានីយ៉ែលជំពូកទី៩បានចែងទុកជាមុនអំពីការលេចមករបស់មេស្ស៊ី

១៤ សេចក្ដី​បង្រៀន​មិន​ពិត​នៃ​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ

គម្ពីរ​បង្រៀន​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត ហើយ​ថា​លោក​បាន​បង្កើត​លោក​យេស៊ូ​មុន​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់។ (​កូឡុស ១:១៥, ១៦​) លោក​យេស៊ូ​មិន​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ដូច​ព្រះ​នោះ​ទេ។ លោក​យេស៊ូ​មិន​ដែល​អះអាង​ថា​លោក​មាន​ឋានៈ​ស្មើ​នឹង​ព្រះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​នៅ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​ខ្ញុំ​»។ (​យ៉ូហាន ១៤:២៨; កូរិនថូស​ទី១ ១៥:២៨​) ប៉ុន្តែ សាសនា​ខ្លះ​បង្រៀន​ថា​ព្រះ​ជា​បុគ្គល​បី​អង្គ​ដែល​រួម​គ្នា​ជា​ព្រះ​តែ​មួយ គឺ​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ តាម​ពិត ពាក្យ​«​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ​»​មិន​មាន​នៅ​ក្នុង​គម្ពីរ​ទេ។ នេះ​គឺ​ជា​សេចក្ដី​បង្រៀន​មិន​ពិត។

សកម្មពល​បរិសុទ្ធ​គឺ​ជា​កម្លាំង​របស់​ព្រះ​យេហូវ៉ា​ដែល​មនុស្ស​មើល​មិន​ឃើញ។ នេះ​ជា​កម្លាំង​ដែល​ព្រះ​ប្រើ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។ សកម្មពល​បរិសុទ្ធ​មិន​មែន​ជា​បុគ្គល​មួយ​រូប​ទេ។ ជា​ឧទាហរណ៍ គ្រិស្ត​សាសនិក​សម័យ​ដើម​«​បាន​ពេញ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​»​ ហើយ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ចាក់​សកម្មពល​ខ្លះ​របស់​ខ្ញុំ​ទៅ​លើ​មនុស្ស​គ្រប់​ប្រភេទ​»។—សកម្មភាព ២:១​-​៤, ១៧

▸ ជំ​. ៤ វ​. ១២; ជំ​. ១៥ វ​. ១៧

១៥ ឈើ​ឆ្កាង

គ្រិស្ត​សាសនិក​ពិត​មិន​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ។ ហេតុ​អ្វី?

  1. ឈើ​ឆ្កាង​បាន​ត្រូវ​ប្រើ​ដោយ​សាសនា​មិន​ពិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ នៅ​សម័យ​បុរាណ​គេ​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​គោរព​បូជា​ធម្មជាតិ និង​ពិធី​បូជា​របស់​សាសនា​មិន​ពិត​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ។ ក្នុង​អំឡុង​៣០០​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ គ្រិស្ត​សាសនិក​មិន​បាន​ប្រើ​ឈើ​ឆ្កាង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ។ ក៏​ប៉ុន្តែ​ជា​យូរ​ក្រោយ​មក អធិរាជ​រ៉ូម​ឈ្មោះ​ខន់ស្ទែនធីន​បាន​យក​ឈើ​ឆ្កាង​ធ្វើ​ជា​និមិត្តរូប​នៃ​គ្រិស្ត​សាសនា។ និមិត្តរូប​នេះ​បាន​ត្រូវ​ប្រើ​ក្នុង​បំណង​ខំ​ធ្វើ​ឲ្យ​គ្រិស្ត​សាសនា​កាន់​តែ​ទទួល​បាន​ភាព​ល្បី​ល្បាញ។ ប៉ុន្តែ ឈើ​ឆ្កាង​មិន​ទាក់​ទង​នឹង​លោក​យេស៊ូ​គ្រិស្ត​ទាល់​តែ​សោះ។ សព្វវចនាធិប្បាយ​មួយ​ពន្យល់​ថា​៖ ​«​ទំនៀម​ទម្លាប់​ផ្សេង​ៗ​ដែល​មាន​ដើម​កំណើត​មុន​គ្រិស្ត​សាសនា​និង​ទំនៀម​ទម្លាប់​របស់​អ្នក​ដែល​មិន​ជឿ​គ្រិស្ត​សាសនា ក៏​ធ្លាប់​ប្រើ​ឈើ​ឆ្កាង​ដែរ​»​ (​New Catholic Encyclopedia​)។

  2. លោក​យេស៊ូ​មិន​បាន​ស្លាប់​លើ​ឈើ​ឆ្កាង​ទេ។ ពាក្យ​ភាសា​ក្រិច​ដែល​ធម្មតា​បាន​ត្រូវ​បក​ប្រែ​ថា​«​ឈើ​ឆ្កាង​»​ តាម​ពិត​មាន​អត្ថន័យ​ថា​«​បង្គោល​ឈើ​ត្រង់​»​ ​«​បង្គោល​ត្រង់​»​ ឬ​«​ដើម​ឈើ​»។ ហេតុ​នេះ​ហើយ សៀវភៅ​គម្ពីរ​មួយ​ពន្យល់​ថា​៖ ​«​ក្នុង​ភាសា​ក្រិច[​គម្ពីរ​សញ្ញា​ថ្មី​] ពាក្យ​នោះ​មិន​ដែល​សំដៅ​លើ​ឈើ​ពីរ​កំណាត់​ដាក់​ខ្វែង​គ្នា​ទេ ប៉ុន្តែ​តែង​តែ​សំដៅ​លើ​ឈើ​មួយ​កំណាត់​ប៉ុណ្ណោះ​»​ (​The Companion Bible​)។ លោក​យេស៊ូ​បាន​ស្លាប់​លើ​បង្គោល​ឈើ។

  3. ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​យើង​ប្រើ​រូប​ព្រះ​ឬ​និមិត្ត​សញ្ញា​ផ្សេង​ៗ ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ឡើយ។—និក្ខមនំ ២០:៤, ៥; កូរិនថូស​ទី១ ១០:១៤

▸ ជំ​. ៥ វ​. ១២

១៦ ពិធី​រំលឹក

លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក។ ពួក​គេ​ធ្វើ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន គឺ​ដូច​គ្នា​នឹង​ថ្ងៃ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ធ្វើ​បុណ្យ​រំលង។ ក្នុង​ពិធី​រំលឹក​មាន​នំ​ប៉័ង​និង​ស្រា​ដែល​តំណាង​រូប​កាយ​និង​ឈាម​របស់​លោក​យេស៊ូ។ វត្ថុ​តំណាង​ទាំង​នេះ​បាន​ត្រូវ​ហុច​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​ក្នុង​ពិធី​នោះ។ ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​នឹង​បរិភោគ​នំ​ប៉័ង​និង​ស្រា​នោះ។ ចំណែក​ឯ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី ពួក​គេ​បង្ហាញ​ចិត្ត​ដឹង​គុណ​ដោយ​ចូល​រួម​ពិធី​រំលឹក តែ​ពួក​គេ​មិន​បរិភោគ​នំ​ប៉័ង​និង​ស្រា​ទាំង​នោះ​ឡើយ។

▸ ជំ​. ៥ វ​. ២១

១៧ ព្រលឹង

ពាក្យ​«​ព្រលឹង​»​បាន​ត្រូវ​បក​ប្រែ​ពី​ពាក្យ​ហេប្រឺ​នីហ្វែស ឬ​ពាក្យ​ក្រិច​ផ្ស៊ីគី ដែល​សំដៅ​ទៅ​លើ (​១​) មនុស្ស (​២​) សត្វ ឬ(​៣​) ជីវិត​របស់​មនុស្ស​ឬ​សត្វ។ សូម​មើល​ឧទាហរណ៍​ខ្លះ:

  • មនុស្ស។ គម្ពីរ​ចែង​ថា​នៅ​សម័យ​ណូអេ​«​មនុស្ស​ប្រាំ​បី​នាក់[​ផ្ស៊ីគី​]​»​បាន​ត្រូវ​នាំ​កាត់​ទឹក​ដោយ​សុវត្ថិភាព។ (​ពេត្រុស​ទី១ ៣:២០​) ដូច្នេះ ក្នុង​ខ​នេះ​ពាក្យ​ក្រិច​ផ្ស៊ីគី គឺ​សំដៅ​លើ​«​មនុស្ស​»​ ពោល​គឺ​ណូអេ​និង​ប្រពន្ធ​គាត់ ព្រម​ទាំង​កូន​ប្រុស​បី​នាក់​និង​ប្រពន្ធ​របស់​កូន​ប្រុស​ៗ​គាត់។

  • សត្វ។ គម្ពីរ​ចែង​ថា​៖​«​ព្រះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​មច្ឆជាតិ[​នីហ្វែស​]រវើក​នៅ​ក្នុង​ទឹក​ជា​បរិបូរ នឹង​បក្សី​ជាតិ[​នីហ្វែស​]ហើរ​លើ​ដី​នៅ​នា​អាកាស​»។ បន្ទាប់​មក ​«​ព្រះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ចតុប្បាទ​ជាតិ[​នីហ្វែស​]កើត​មក​នៅ​ដី​គោក​តាម​ពូជ គឺ​ជា​សត្វ​ស្រុក សត្វ​លូន​វារ នឹង​សត្វ​ព្រៃ​នៅ​ផែន​ដី​តាម​ពូជ នោះ​ក៏​មាន​ដូច្នោះ​»។—លោកុប្បត្តិ ១:២០, ២៤

  • ជីវិត​របស់​មនុស្ស​ឬ​សត្វ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​ពួក​អ្នក​ដែល​ចង់​សំឡាប់​ឯង[​ឬ​«​សម្លាប់​នីហ្វែស​ឯង​»​] គេ​ស្លាប់​អស់​ហើយ​»។ (​និក្ខមនំ ៤:១៩​) ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ។ គង្វាល​ល្អ​ប្រសើរ​លះ​បង់​ជីវិត[​ផ្ស៊ីគី​]ដើម្បី​ចៀម​»។—យ៉ូហាន ១០:១១

    បន្ថែម​ទៅ​ទៀត ពាក្យ​នីហ្វែស ឬ​ពាក្យ​ផ្ស៊ីគី​សំដៅ​ទៅ​លើ​បំណង​ប្រាថ្នា​ឬ​បំណង​ចិត្ត​របស់​មនុស្ស។ មនុស្ស​ស្លាប់​ឬ​សាកសព​ក៏​អាច​ត្រូវ​ហៅ​ថា​នីហ្វែស ឬ​ផ្ស៊ីគី​ដែរ។—ជន​គណនា ៦:៦; សុភាសិត ២៣:២; អេសាយ ៥៦:១១; ហាកាយ ២:១៣

▸ ជំ​. ៦ វ​. ៥; ជំ​. ១៥ វ​. ១៧

១៨ វិញ្ញាណ

ពាក្យ​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ថា​«​វិញ្ញាណ​»​ អាច​មាន​អត្ថន័យ​ខុស​ៗ​គ្នា។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពាក្យ​«​វិញ្ញាណ​»​គឺ​តែង​តែ​សំដៅ​លើ​អ្វី​មួយ​ដែល​មនុស្ស​មើល​មិន​ឃើញ​ដូច​ជា ខ្យល់​ឬ​ដង្ហើម​របស់​មនុស្ស​និង​សត្វ។ ពាក្យ​ទាំង​នេះ​ក៏​អាច​សំដៅ​លើ​បុគ្គល​វិញ្ញាណ​និង​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ដែរ។ គម្ពីរ​មិន​បាន​បង្រៀន​ថា ពេល​មនុស្ស​ស្លាប់​មាន​ផ្នែក​ណា​មួយ​ក្នុង​ខ្លួន​មនុស្ស​នឹង​បន្ត​រស់​នៅ​នោះ​ទេ។—និក្ខមនំ ៣៥:២១; ទំនុក​តម្កើង ១០៤:២៩; ម៉ាថាយ ១២:៤៣; លូកា ១១:១៣

▸ ជំ​. ៦ វ​. ៥; ជំ​. ១៥ វ​. ១៧

១៩ ហ្គេហេណា

ហ្គេហេណា​គឺ​ជា​ឈ្មោះ​ជ្រលង​ភ្នំ​មួយ​ដែល​នៅ​ជិត​ក្រុង​យេរូសាឡិម។ នេះ​ជា​កន្លែង​ចាក់​សំរាម​សម្រាប់​ដុត​បំផ្លាញ​ចោល។ ពេល​លោក​យេស៊ូ​រស់​នៅ​ផែន​ដី គ្មាន​ភ័ស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​មនុស្ស​ឬ​សត្វ​បាន​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​ឬ​ដុត​ទាំង​រស់​ក្នុង​ជ្រលង​ភ្នំ​នេះ​ឡើយ។ ដូច្នេះ ហ្គេហេណា​មិន​មែន​ជា​និមិត្តរូប​នៃ​កន្លែង​មួយ​ដែល​មនុស្ស​មើល​មិន​ឃើញ ហើយ​ក៏​មិន​មែន​ជា​កន្លែង​ដែល​មនុស្ស​ស្លាប់​ទទួល​ទារុណកម្ម​ឬ​ត្រូវ​ដុត​ជា​រៀង​រហូត​ដែរ។ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ពួក​អ្នក​ដែល​បាន​ត្រូវ​បោះ​ទៅ​ក្នុង​ហ្គេហេណា គឺ​លោក​សំដៅ​លើ​ការ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ទៅ។—ម៉ាថាយ ៥:២២; ១០:២៨

▸ ជំ​. ៧ វ​. ២០

២០ សេចក្ដី​អធិដ្ឋាន​របស់​លោក​ម្ចាស់

នេះ​គឺ​ជា​សេចក្ដី​អធិដ្ឋាន​ដែល​លោក​យេស៊ូ​បាន​ទុក​សម្រាប់​ពួក​អ្នក​កាន់​តាម ពេល​លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​អធិដ្ឋាន។ សេចក្ដី​អធិដ្ឋាន​នេះ​បាន​ត្រូវ​ហៅ​ថា​សេចក្ដី​អធិដ្ឋាន​ទៅ​បិតា​របស់​យើង ឬ​សេចក្ដី​អធិដ្ឋាន​គំរូ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​ថា:

  • ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»​

    យើង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​នាម​ឬ​កេរ្ដិ៍​ឈ្មោះ​របស់​លោក​បាន​ជ្រះ​ស្អាត​ពី​ការ​បង្កាច់​បង្ខូច​និង​ការ​ភូត​ភរ​ទាំង​អស់ ដើម្បី​ឲ្យ​បុគ្គល​ទាំង​នៅ​ស្ថាន​សួគ៌​ទាំង​នៅ​ផែន​ដី​លើក​កិត្ដិយស​និង​គោរព​នាម​របស់​ព្រះ។

  • ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»​

    យើង​អធិដ្ឋាន​សុំ​ឲ្យ​រដ្ឋាភិបាល​របស់​ព្រះ​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន ហើយ​គ្រប់​គ្រង​មក​លើ​ផែន​ដី ព្រម​ទាំង​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។

  • ​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី​»​

    យើង​អធិដ្ឋាន​សុំ​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច​នៅ​ផែន​ដី ដើម្បី​ឲ្យ​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែល​ចេះ​ស្ដាប់​បង្គាប់​អាច​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន ស្រប​តាម​គោល​បំណង​ដើម​របស់​ព្រះ។

▸ ជំ​. ៨ វ​. ២

២១ ថ្លៃ​លោះ

ព្រះ​យេហូវ៉ា​ផ្ដល់​ថ្លៃ​លោះ​ដើម្បី​សង្គ្រោះ​មនុស្សជាតិ​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ថ្លៃ​លោះ​ជា​តម្លៃ​ដែល​ត្រូវ​បង់​ដើម្បី​ទិញ​មក​វិញ​នូវ​ជីវិត​ល្អ​ឥត​ខ្ចោះ​ដែល​អាដាម​ជា​បុរស​ដំបូង​បាន​ធ្វើ​ឲ្យ​បាត់​បង់។ ម្យ៉ាង​ទៀត ថ្លៃ​លោះ​ជួយ​ផ្សះ​ផ្សា​ឡើង​វិញ​នូវ​ចំណង​មិត្តភាព​របស់​មនុស្ស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ព្រះ​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី​ដើម្បី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់​ដែល​មាន​ភាព​ខុស​ឆ្គង។ ដោយ​សារ​លោក​យេស៊ូ​ស្លាប់ មនុស្ស​ទាំង​អស់​មាន​ឱកាស​រស់​ជា​រៀង​រហូត ហើយ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។

▸ ជំ​. ៨ វ​. ២១; ជំ​. ៩ វ​. ១៣

២២ ហេតុ​អ្វី​ឆ្នាំ​១៩១៤​ជា​ឆ្នាំ​ដ៏​សំខាន់?

ទំនាយ​ក្នុង​ដានីយ៉ែល​ជំពូក​ទី​៤​បង្រៀន​យើង​ថា ព្រះ​នឹង​ស្ថាបនា​រាជាណាចក្រ​របស់​លោក​នៅ​ឆ្នាំ​១៩១៤។

ទំនាយ: ព្រះ​យេហូវ៉ា​បាន​ឲ្យ​ស្តេច​នេប៊ូក្នេសា​សុបិន​ឃើញ​ដើម​ឈើ​ធំ​មួយ​ដែល​បាន​ត្រូវ​កាប់​ផ្ដាច់។ គាត់​ឃើញ​គល់​ឈើ​នោះ​ឈប់​លូត​អស់​រយៈ​ពេល​«​៧​ខួប​»​ ដោយ​សារ​មាន​វ័ណ្ឌ​ដែក​និង​លង្ហិន​ព័ទ្ធ​ជុំ​វិញ​គល់​ឈើ​នោះ។ ក្រោយ​៧​ខួប​ចប់ ដើម​ឈើ​នោះ​នឹង​លូត​ម្ដង​ទៀត។—ដានីយ៉ែល ៤:១, ១០​-​១៦

តើ​ទំនាយ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​យើង?: ដើម​ឈើ​នោះ​តំណាង​ការ​គ្រប់​គ្រង​របស់​ព្រះ។ អស់​ជា​ច្រើន​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មាន​ស្តេច​ក្នុង​ក្រុង​យេរូសាឡិម​ដើម្បី​គ្រប់​គ្រង​ប្រជា​ជាតិ​អ៊ីស្រាអែល។ (​របា​ក្សត្រ​ទី១ ២៩:២៣​) ប៉ុន្តែ ស្តេច​ទាំង​នោះ​លែង​មាន​ចិត្ត​ស្មោះ​ត្រង់​ទៀត ដូច្នេះ​ការ​គ្រប់​គ្រង​របស់​ពួក​គេ​បាន​ចប់។ នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល ពេល​នោះ​គ្រា​«​៧​ខួប​»​បាន​ចាប់​ផ្ដើម។ (​ពង្សាវតារ​ក្សត្រ​ទី២ ២៥:១, ៨​-​១០; អេសេគាល ២១:២៥​-​២៧​) ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​ជាន់​ឈ្លី​ដោយ​ប្រជា​ជាតិ​នា​នា រហូត​ដល់​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នា​នា​បាន​ចប់​សព្វ​គ្រប់​»​ នោះ​លោក​កំពុង​សំដៅ​លើ​«​៧​ខួប​»។ (​លូកា ២១:២៤​) ដូច្នេះ​«​៧​ខួប​»​មិន​បាន​ចប់​នៅ​ពេល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី​ឡើយ។ ព្រះ​យេហូវ៉ា​បាន​សន្យា​តែង​តាំង​ស្តេច​មួយ​រូប​នៅ​ចុង​បញ្ចប់​គ្រា​«​៧​ខួប​»។ ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ដែល​ជា​ស្តេច​ថ្មី​នឹង​នាំឲ្យ​មាន​ពរ​ជា​បរិបូរ​ដល់​រាស្ត្រ​របស់​ព្រះ​នៅ​ទូ​ទាំង​ផែន​ដី​ជា​រៀង​រហូត។—លូកា ១:៣០​-​៣៣

រយៈ​ពេល​«​៧​ខួប​»​: គ្រា​«​៧​ខួប​»​មាន​រយៈ​ពេល​២.៥២០​ឆ្នាំ។ បើ​យើង​រាប់​២.៥២០​ឆ្នាំ ចាប់​ពី​ឆ្នាំ​៦០៧ មុន​គ.ស. នោះ​នឹង​មក​ដល់​ឆ្នាំ​១៩១៤។ នោះ​ជា​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ដែល​ជា​មេស្ស៊ី​ឲ្យ​ធ្វើ​ជា​ស្តេច​ក្នុង​រាជាណាចក្រ​ព្រះ​នៅ​ស្ថាន​សួគ៌។

ហេតុ​អ្វី​យើង​ដឹង​ថា​គ្រា​នោះ​មាន​រយៈ​ពេល​២.៥២០​ឆ្នាំ? គម្ពីរ​ចែង​ថា​បី​គ្រា​កន្លះ​ស្មើ​នឹង​១.២៦០​ថ្ងៃ។ (​ការ​បើក​បង្ហាញ ១២:៦, ១៤​) ដូច្នេះ គ្រា​«​៧​ខួប​»​គឺ​ស្មើ​នឹង​២.៥២០​ថ្ងៃ។ ២.៥២០​ថ្ងៃ​ស្មើ​នឹង​២.៥២០​ឆ្នាំ ដោយ​សារ​ទំនាយ​ក្នុង​គម្ពីរ​រាប់​«​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ​»។—ជន​គណនា ១៤:៣៤; អេសេគាល ៤:៦

▸ ជំ​. ៨ វ​. ២៣

តារាងអំពីថ្ងៃខែនិងព្រឹត្ដិការណ៍ផ្សេងៗដែលទាក់ទងនឹងសុបិនរបស់នេប៊ូក្នេសា

២៣ មីកែល​ដែល​ជា​មហា​ទេវតា

ពាក្យ​«​មហា​ទេវតា​»​មាន​ន័យ​ថា​«​មេ​ទេវតា​»។ គម្ពីរ​រៀប​រាប់​អំពី​មហា​ទេវតា​តែ​ម្នាក់​គត់ ហើយ​នាម​របស់​មហា​ទេវតា​នោះ​គឺ​មីកែល។—ដានីយ៉ែល ១២:១; យូដាស ៩

មីកែល​គឺ​ជា​អ្នក​ដឹក​នាំ​កង​ទ័ព​ទេវតា​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។ ការ​បើក​បង្ហាញ ១២:៧ ចែង​ថា​៖ ​«​មីកែល​និង​បណ្ដា​ទេវតា​របស់​លោក​បាន​ច្បាំង​នឹង​នាគ​និង​បណ្ដា​ទេវតា​របស់​វា​»។ សៀវភៅ​ការ​បើក​បង្ហាញ​ប្រាប់​ថា​លោក​យេស៊ូ​គឺ​អ្នក​ដឹក​នាំ​កង​ទ័ព​របស់​ព្រះ។ ដូច្នេះ មីកែល​ជា​នាម​មួយ​ទៀត​របស់​លោក​យេស៊ូ។—ការ​បើក​បង្ហាញ ១៩:១៤​-​១៦

▸ ជំ​. ៩ វ​. ៤

២៤ គ្រា​ចុង​ក្រោយ​បង្អស់

ពាក្យ​នេះ​សំដៅ​លើ​គ្រា​មួយ​ដែល​មាន​ព្រឹត្ដិការណ៍​ធំ​ៗ​កើត​ឡើង​នៅ​ផែន​ដី មុន​ពេល​ដែល​រាជាណាចក្រ​ព្រះ​បំផ្លាញ​ចោល​ពិភព​លោក​របស់​សាថាន។ មាន​ពាក្យ​ផ្សេង​ទៀត​ដែល​ស្រដៀង​គ្នា​នឹង​ពាក្យ​នេះ​ដែរ ដូច​ជា​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​ និង​«​វត្តមាន​របស់​កូន​មនុស្ស​»​ជា​ដើម។ ទំនាយ​ក្នុង​គម្ពីរ​ក៏​បាន​ប្រើ​ពាក្យ​ទាំង​នេះ​ដើម្បី​សំដៅ​លើ​គ្រា​ដូច​គ្នា។ (​ម៉ាថាយ ២៤:៣, ២៧, ៣៧​) ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​រាជាណាចក្ររបស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ក្នុង​ឆ្នាំ​១៩១៤។ រាជាណាចក្រ​នោះ​នឹង​បំផ្លាញ​ចោល​ពិភព​លោក​របស់​សាថាន​នៅ​សង្គ្រាម​ហាម៉ាគេដូន។—ធីម៉ូថេ​ទី២ ៣:១; ពេត្រុស​ទី២ ៣:៣

▸ ជំ​. ៩ វ​. ៥

២៥ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

ពេល​ព្រះ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ នេះ​ហៅ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​ដូច​ជា​អេលីយ៉ា អេលីសេ លោក​យេស៊ូ ពេត្រុស និង​ប៉ូល​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ពួក​គាត់​អាច​ធ្វើ​អព្ភូតហេតុ​ទាំង​នេះ​បាន​គឺ​ដោយ​សារ​តែ​អំណាច​ពី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ក្នុង​គម្ពីរ​មាន​បុគ្គល​៩​រូប​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ព្រះ​បាន​សន្យា​ថា​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​»​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី។ (​សកម្មភាព ២៤:១៥​) គម្ពីរ​ក៏​បាន​ប្រាប់​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ដែរ។ នេះ​កើត​ឡើង​នៅ​ពេល​ដែល​ព្រះ​ប្រោស​ពួក​អ្នក​រើស​តាំង​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​លោក​យេស៊ូ។—យ៉ូហាន ៥:២៨, ២៩; ១១:២៥; ភីលីព ៣:១១; ការ​បើក​បង្ហាញ ២០:៥, ៦

▸ ជំ​. ៩ វ​. ១៣

២៦ ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់

ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​គឺ​ជា​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ដោយ​ខំ​ព្យាយាម​ទាក់​ទង​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​អ្នក​ឯ​ទៀត​ដូច​ជា គ្រូ​មន្តអាគម គ្រូ​ទាយ គ្រូ​ខាប ឬ​គ្រូ​អង្គុយ​ធម៌​ជា​ដើម។ មនុស្ស​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ដោយ​សារ​ពួក​គេ​ជឿ​លើ​សេចក្ដី​បង្រៀន​មិន​ពិត​ដែល​ថា​ក្រោយ​ពេល​មនុស្ស​ម្នាក់​បាន​ស្លាប់​ទៅ នៅ​តែ​មាន​ព្រលឹង​បន្ត​រស់ ហើយ​ព្រលឹង​នោះ​មាន​អំណាច​ខ្លាំង​ក្លា។ ពួក​វិញ្ញាណ​កំណាច​ក៏​ខំ​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លែង​ស្ដាប់​បង្គាប់​ព្រះ​ដែរ។ ហោរា​សាស្ត្រ ការ​ទស្សន៍​ទាយ វេទមន្ត អាប​ធ្មប់ អបិយជំនឿ ឬ​អ្វី​ណា​ដែល​មនុស្ស​គិត​ថា​មាន​អំណាច​ពិសេស គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ សៀវភៅ ទស្សនាវដ្ដី ភាពយន្ត ចម្រៀង ហ្គេម និង​រូប​ភាព​ជា​ច្រើន ទាក់​ទាញ​មនុស្ស​ឲ្យ​គិត​ថា​អំណាច​ពិសេស​ពី​ពួក​វិញ្ញាណ​កំណាច​មិន​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទេ តែ​ជា​អ្វី​គួរ​ឲ្យ​រំភើប​ចិត្ត​ទៅ​វិញ។ ទំនៀម​ទម្លាប់​បុណ្យ​សព​ជា​ច្រើន​រួម​បញ្ចូល​ការ​សែន​ព្រេន ឬ​បុណ្យ​ខួប​មនុស្សស្លាប់​ជា​ដើម នេះ​ក៏​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច​ដែរ។ ក្នុង​ករណី​ជា​ច្រើន ដើម្បី​ទាក់​ទង​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច មនុស្ស​ប្រើ​គ្រឿង​ញៀន​ជា​មុន​សិន។—កាឡាទី ៥:២០; ការ​បើក​បង្ហាញ ២១:៨

▸ ជំ​. ១០ វ​. ១០; ជំ​. ១៦ វ​. ៤

២៧ សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ហើយ​លោក​បាន​បង្កើត​សកល​លោក​ទាំង​មូល។ (​ការ​បើក​បង្ហាញ ១៥:៣​) ហេតុ​នេះ លោក​ជា​ម្ចាស់​លើ​អ្វី​ៗ​ទាំង​អស់ ហើយ​លោក​មាន​សិទ្ធិ​គ្រប់​គ្រង ឬ​មាន​អំណាច​ទាំង​ស្រុង​លើ​អ្វី​ដែល​លោក​បាន​បង្កើត។ (​ទំនុក​តម្កើង ២៤:១; អេសាយ ៤០:២១​-​២៣; ការ​បើក​បង្ហាញ ៤:១១​) លោក​បាន​បង្កើត​ច្បាប់​សម្រាប់​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​តែង​តាំង​បុគ្គល​ផ្សេង​ៗ​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង។ យើង​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ ដោយ​ស្រឡាញ់​លោក​ហើយ​ស្ដាប់​បង្គាប់​លោក។—របា​ក្សត្រ​ទី១ ២៩:១១

▸ ជំ​. ១១ វ​. ១០

២៨ ការ​ពន្លូត​កូន

ការ​ពន្លូត​កូន​គឺ​ជា​ការ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ស្លាប់​ដោយ​ចេតនា។ នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ ឬ​ដោយ​សារ​ប្រតិកម្ម​ណា​មួយ​ក្នុង​ខ្លួន​ម្ដាយ​ដែល​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់​នោះ​ទេ។ តាំង​ពី​ពេល​ដែល​ទារក​ចាប់​បង្ក​កំណើត ទារក​នោះ​មិន​មែន​ជា​ផ្នែក​មួយ​របស់​ម្ដាយ​ទេ តែ​ជា​បុគ្គល​ម្នាក់​ទៀត​ដែល​មាន​ជីវិត។

▸ ជំ​. ១៣ វ​. ៥

២៩ ការ​ចាក់​បញ្ចូល​ឈាម

នេះ​គឺ​ជា​វិធី​ព្យាបាល​ដែល​គេ​ប្រើ​ឈាម​សុទ្ធ ឬ​សមាសធាតុ​សំខាន់​ណា​មួយ​នៃ​សមាសធាតុ​សំខាន់​ទាំង​បួន​នៃ​ឈាម ដោយ​បង្វែរ​ឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ឬ​ចាក់​បញ្ចូល​ឈាម​ដែល​គេ​បាន​ស្តុក​ទុក។ សមាសធាតុ​សំខាន់​ទាំង​បួន​នៃ​ឈាម​មាន គោលិកា​ក្រហម គោលិកា​ស ប្លាកែត និង​ប្លាស្មា។

▸ ជំ​. ១៣ វ​. ១៣

៣០ ការ​ប្រៀន​ប្រដៅ

ក្នុង​គម្ពីរ ពាក្យ​«​ប្រៀន​ប្រដៅ​»​មិន​សំដៅ​ទៅ​លើ​ការ​ធ្វើ​ទោស​ឬ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ទេ។ ពេល​យើង​ទទួល​ការ​ប្រៀន​ប្រដៅ គឺ​យើង​ទទួល​ការ​បង្ហាត់​បង្រៀន ការ​អប់រំ និង​ការ​កែ​តម្រង់។ ព្រះ​យេហូវ៉ា​មិន​ដែល​ប្រព្រឹត្ត​ដោយ​មើល​ងាយ ឬ​ដោយ​សាហាវ​ឃោរ​ឃៅ​ចំពោះ​អ្នក​ដែល​លោក​ប្រៀន​ប្រដៅ​ឡើយ។ (​សុភាសិត ៤:១, ២​) ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​មាតា​បិតា​ទាំង​ឡាយ។ ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​គឺ​មាន​ប្រសិទ្ធភាព​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ធ្វើ​ឲ្យ​បុគ្គល​ដែល​ទទួល​ការ​ប្រៀន​ប្រដៅ ស្រឡាញ់​សេចក្ដី​ប្រៀន​ប្រដៅ​នោះ។ (​សុភាសិត ១២:១​) ព្រះ​យេហូវ៉ា​ស្រឡាញ់​រាស្ត្រ​របស់​លោក ហេតុ​នេះ​ហើយ​បាន​ជា​លោក​បង្ហាត់​បង្រៀន​ពួក​គេ។ លោក​ផ្ដល់​ការ​ណែនាំ​ដែល​ជួយ​កែ​តម្រង់​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ​របស់​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ចេះ​គិត​ពិចារណា និង​មាន​ការ​ប្រព្រឹត្ត​ដែល​លោក​ពេញ​ចិត្ត។ មាតា​បិតា​ទាំង​ឡាយ សូម​ចាំ​ថា​ការ​ប្រៀន​ប្រដៅ​រួម​បញ្ចូល​ការ​ជួយ​កូន​ឲ្យ​យល់​មូលហេតុ​ដែល​ពួក​គេ​គួរ​ស្ដាប់​បង្គាប់។ នេះ​ក៏​មាន​ន័យ​ថា​បង្ហាត់​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា ស្រឡាញ់​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក ព្រម​ទាំង​ជួយ​កូន​ឲ្យ​យល់​គោល​ការណ៍​ក្នុង​គម្ពីរ​ដែរ។

▸ ជំ​. ១៤ វ​. ១៣

៣១ ពួក​វិញ្ញាណ​កំណាច

ពួក​វា​គឺ​ជា​ពួក​បុគ្គល​វិញ្ញាណ​ទុច្ចរិត​ដែល​មាន​អំណាច​ខ្លាំង​ក្លា ហើយ​យើង​មើល​ពួក​វា​មិន​ឃើញ​ទេ។ ពួក​វិញ្ញាណ​កំណាច​ជា​ទេវតា​អាក្រក់។ ពួក​វា​បាន​ទៅ​ជា​អាក្រក់​ពេល​ដែល​ពួក​វា​បាន​តាំង​ខ្លួន​ជា​សត្រូវ​របស់​ព្រះ ដោយ​ឈប់​ស្ដាប់​បង្គាប់​លោក។ (​លោកុប្បត្តិ ៦:២; យូដាស ៦​) ពួក​វា​ចូល​រួម​ជា​មួយ​នឹង​សាថាន​ដើម្បី​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា។—ចោទិយកថា ៣២:១៧; លូកា ៨:៣០; សកម្មភាព ១៦:១៦; យ៉ាកុប ២:១៩

▸ ជំ​. ១៦ វ​. ៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក