បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ២៣ ទំ. ១៩១-២០២
  • អង្គការដែលមើលឃើញរបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អង្គការដែលមើលឃើញរបស់ព្រះ
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អង្គការ​ដែល​មើល​ឃើញ​របស់​ព្រះ—អតីតកាល​និង​បច្ចុប្បន្ន​កាល
  • គំរូ​ពី​សតវត្ស​ទី​មួយ
  • ការ​ដឹក​នាំ​នៃ​ព្រះ​ធិបតេយ្យ​នៅ​សព្វ​ថ្ងៃ​នេះ
  • ការ​ដឹក​នាំ​អង្គការ​មួយ​ដែល​មាន​ពាស​ពេញ​ពិភពលោក
  • ការ​ប្រជុំ​នៅ​តាម​ក្រុម​ជំនុំ
  • ការ​បម្រើ​ព្រះ​ជា​មួយ​នឹង​អង្គការ​របស់​ទ្រង់
  • តើព្រះយេហូវ៉ាដឹកនាំអង្គការរបស់ទ្រង់យ៉ាងដូចម្ដេច?
    ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចូរឲ្យមានសុវត្ថិភាពជាផ្នែកនៃអង្គការរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះយេហូវ៉ាកំពុងដឹកនាំអង្គការរបស់លោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ការមានរបៀបរៀបរយស្របតាមគម្ពីរដែលជាសៀវភៅដែលមកពីព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ២៣ ទំ. ១៩១-២០២

ជំពូក​ទី២៣

អង្គការ​ដែល​មើល​ឃើញ​របស់​ព្រះ

១ តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា អំពី​អង្គការ​ដែល​មើល​មិន​ឃើញ​របស់​ព្រះ?

ហេតុ​អ្វី​ក៏​យើង​អាច​ដឹង​ជា​ប្រាកដ​ថា ព្រះ​ទ្រង់​មាន​អង្គការ​ដែល​មើល​ឃើញ​មួយ? មូលហេតុ​មួយ​គឺ ទ្រង់​មាន​អង្គការ​ដែល​មើល​មិន​ឃើញ​មួយ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​ពួក​ចេរូប៊ីន ពួក​សេរភីម និង​ទេវតា​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​ឲ្យ​ប្រតិបត្ដិ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​នៅ​ស្ថានសួគ៌។ (​លោកុប្បត្តិ ៣:២៤; អេសាយ ៦:២, ៣; ទំនុកដំកើង ១០៣:២០​) ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​មហា​ទេវតា​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ជាង​ពួក​នេះ​ទាំងអស់។ (​ថែស្សាឡូនីចទី១ ៤:១៦; យូដាស ៩; វិវរណៈ ១២:៧​) ព្រះ​គម្ពីរ​បាន​ពណ៌នា​អំពី​ពួក​ទេវតា​ជា​ពួក​ដែល​បាន​ត្រូវ​រៀបចំ​ជា​«​រាជ្យ ឬ​អំណាច​ជា​ព្រះ​អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ​»។ (​កូល៉ុស ១:១៦; អេភេសូរ ១:២១​) ពួកគេ​ទាំងអស់​គ្នា​បម្រើ​តាម​បញ្ជា​របស់​ព្រះ​យេហូវ៉ា ដោយ​សាមគ្គី​គ្នា​ធ្វើ​កិច្ចការ​ដែល​ទ្រង់​មាន​ចំពោះ​ពួកគេ។—ដានីយ៉ែល ៧:៩, ១០; យ៉ូប ១:៦; ២:១

២ តើ​របៀប​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​លោក​ធាតុ​បាន​បង្ហាញ​យ៉ាង​ណា អំពី​សេចក្ដី​សំខាន់​ដែល​ទ្រង់​បាន​ដាក់​ទៅ​លើ​របៀប​រៀបចំ​នោះ?

២ យើង​ក៏​យល់​ដឹង​ដែរ អំពី​សេចក្ដី​សំខាន់​ដែល​ព្រះ​ទ្រង់​បាន​ដាក់​ទៅ​លើ​របៀប​រៀបចំ ដោយ​ពិចារណា​អំពី​វត្ថុ​ទាំង​ឡាយ​ដែល​ទ្រង់​បាន​បង្កើត។ ជា​ឧទាហរណ៍ មាន​ផ្កាយ​រាប់​លាន​កោដិ​នៅ​ក្នុង​លោក​ធាតុ ដែល​បាន​រៀបចំ​ឲ្យ​មាន​ជា​កញ្ចុំ​យ៉ាង​ធំ​ៗ​ដែល​ហៅ​ថា តារាវលី។ តារាវលី​ទាំង​នេះ​ធ្វើ​ដំណើរ​កាត់​អវកាស​តាម​ផ្លូវ​ដោយ​មាន​លំដាប់​ត្រឹម​ត្រូវ ហើយ​ផ្កាយ​និង​ផ្កាយ​ដី​និមួយ​ៗ​ដែល​នៅ​ក្នុង​តារាវលី​ទាំង​នោះ​ក៏​ធ្វើ​ដូច្នោះ​ដែរ។ ជា​ឧទាហរណ៍ ផ្កាយ​ដី​ដែល​ជា​ផែនដី​របស់​យើង រៀង​រាល់​ឆ្នាំ​ធ្វើ​ដំណើរ​ជុំវិញ​សុរិយា ដែល​ជា​ផ្កាយ​នៅ​ជិត​ជាង​គេ​របស់​យើង ក្នុង​រយៈ​ពេល​យ៉ាង​ទៀងទាត់ ៣៦៥​ថ្ងៃ ៥​ម៉ោង ៤៨​នាទី និង​៤៥, ៥១​វិនាទី។ មែន​ហើយ លោក​ធាតុ​ត្រូវ​បាន​រៀបចំ​តាម​វិធី​ដ៏​ខ្ពង់​ខ្ពស់​មែន!

៣ តើ​របៀប​រៀបចំ​ដ៏​ប្រសើរ​នេះ ដែល​មាន​ក្នុង​ចំណោម​សត្តនិករ​វិញ្ញាណ​ដែល​មើល​មិន​ឃើញ​របស់​ព្រះ និង​ក្នុង​លោក​ធាតុ​របស់​ទ្រង់ បង្រៀន​អ្វី​ខ្លះ​ដល់​យើង?

៣ តើ​របៀប​រៀបចំ​ដ៏​អស្ចារ្យ​នេះ ដែល​មាន​ក្នុង​ចំណោម​សត្តនិករ​វិញ្ញាណ​ដែល​មើល​មិន​ឃើញ​របស់​ព្រះ និង​ក្នុង​លោក​ធាតុ​របស់​ទ្រង់ បង្រៀន​អ្វី​ខ្លះ​ដល់​យើង? មែន​ហើយ នេះ​បង្រៀន​យើង​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ​នៃ​ការ​រៀបចំ​មួយ​អង្គ។ អញ្ចឹង ព្រះ​បែប​នេះ​ប្រាកដ​ជា​នឹង​មិន​បណ្ដោយ​ឲ្យ​មនុស្ស​លោក​នៅ​លើ​ផែនដី ដែល​ពិត​ជា​ស្រឡាញ់​ទ្រង់ ឲ្យ​នៅ​ដោយ​គ្មាន​ការ​ដឹក​នាំ​និង​គ្មាន​ការ​រៀបចំ​នោះ​ឡើយ។

អង្គការ​ដែល​មើល​ឃើញ​របស់​ព្រះ—អតីតកាល​និង​បច្ចុប្បន្ន​កាល

៤, ៥ តើ​យ៉ាង​ណា​ដែល​យើង​ដឹង​ថា ព្រះ​ទ្រង់​បាន​ដឹក​នាំ​រាស្ត្រ​ទ្រង់​តាម​របៀប​រៀប​រយ នៅ​សម័យ​អ័ប្រាហាំ​និង​សម័យ​ជនជាតិ​អ៊ីស្រាអែល​នោះ?

៤ ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ តាម​របៀប​រៀប​រយ​ជានិច្ច។ ជា​ឧទាហរណ៍ ពួក​បុរស​ដែល​មាន​ជំនឿ ដូច​ជា​លោក​អ័ប្រាហាំ បាន​ដឹក​នាំ​គ្រួសារ​និង​ពួក​អ្នក​បម្រើ​របស់​លោក​ក្នុង​ការ​ថ្វាយបង្គំ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ទ្រង់​បាន​សម្ដែង​ព្រះ​ហឫទ័យ​ទ្រង់​ឲ្យ​អ័ប្រាហាំ​ស្គាល់ ដោយ​ការ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ឆ្លង​ជា​មួយ​នឹង​លោក។ (​លោកុប្បត្តិ ១២:១​) ហើយ​ព្រះ​បាន​បង្គាប់​លោក​ឲ្យ​ប្រាប់​ពត៌មាន​ទាំង​នេះ​ទៅ​អ្នក​ដទៃ​ទៀត ដោយ​មាន​ព្រះ​បន្ទូល​ថា​៖ ​«​ដ្បិត​អញ​ស្គាល់​[​អ័ប្រាហាំ​]​ថា គាត់​នឹង​បង្គាប់​ដល់​កូនចៅ​នឹង​ពួក​ផ្ទះ​គាត់​ត​រៀង​ទៅ ឲ្យ​គេ​កាន់​ខ្ជាប់​តាម​ផ្លូវ​នៃ​ព្រះ​យេហូវ៉ា​»។ (​លោកុប្បត្តិ ១៨:១៩​) នេះ​ហើយ​ជា​ការ​រៀបចំ​ដែល​មាន​លំដាប់​មួយ ចំពោះ​ប្រជាជន​មួយ​ក្រុម​ដើម្បី​ថ្វាយបង្គំ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ត្រឹម​ត្រូវ។

៥ បន្ទាប់​មក ពេល​ដែល​ជនជាតិ​អ៊ីស្រាអែល​បាន​កើន​ឡើង​ហើយ​មាន​រាប់​លាន​នាក់ ព្រះ​យេហូវ៉ា​ទ្រង់​មិន​បាន​បណ្ដោយ​ឲ្យ​ម្នាក់​ៗ​ថ្វាយបង្គំ​តាម​របៀប​ផ្ទាល់​ខ្លួន​គេ បែក​ចេញ​ពី​ការ​រៀបចំ​ដែល​មាន​របៀប​រៀប​រយ​នោះ​ឡើយ។ ជនជាតិ​អ៊ីស្រាអែល​ត្រូវ​បាន​រៀបចំ​ឲ្យ​ទៅ​ជា​សាសន៍​មួយ គឺ​ជា​សាសន៍​នៃ​ពួក​អ្នក​ថ្វាយបង្គំ​ដ៏​មាន​របៀប​រៀប​រយ។ ប្រជាជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​ហៅ​ថា​៖ ​«​ពួក​ជំនុំ​នៃ​ព្រះ​យេហូវ៉ា​»។ (​ជនគណនា ២០:៤; របាក្សត្រទី១ ២៨:៨​) ប្រសិន​បើ​លោក​អ្នក ជា​អ្នក​ថ្វាយបង្គំ​ពិត​របស់​ព្រះ​យេហូវ៉ា​នៅ​ពេល​នោះ អ្នក​មុខ​ជា​បាន​មាន​ចំណែក​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​អ្នក​ថ្វាយបង្គំ​នោះ​ជា​មិន​ខាន គឺ​មិន​ញែក​ចេញ​ពី​ពួក​នោះ​ទេ។—ទំនុកដំកើង ១៤៧:១៩, ២០

៦ (​ក​) តើ​ព្រះ​ទ្រង់​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្ហាញ​ថា ទ្រង់​ពេញ​ព្រះ​ហឫទ័យ​នឹង​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​នោះ? (​ខ​) តើ​មាន​សក្ខីភាព​អ្វី ដែល​បញ្ជាក់​ថា​ពួក​គ្រីស្ទាន​មាន​របៀប​រៀបចំ​ក្នុង​ការ​ថ្វាយបង្គំ​នោះ?

៦ តើ​ស្ថានភាព​នៅ​សតវត្ស​ទី​មួយ​យ៉ាង​ណា​ដែរ? ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ពេញ​ព្រះ​ហឫទ័យ​នឹង​ពួក​អ្នក​កាន់​តាម​ព្រះ​រាជបុត្រា​ទ្រង់ ព្រះ​យេស៊ូវ​គ្រីស្ទ។ ព្រះ​យេហូវ៉ា​បាន​ចាក់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​លើ​ពួកគេ។ ដើម្បី​បង្ហាញ​ថា ទ្រង់​បាន​ប្រើ​អង្គការ​គ្រីស្ទាន​នេះ ជាជាង​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​ប្រទាន​ជន​គ្រីស្ទាន​ពីដើម​ខ្លះ​នូវ​ឥទ្ធិពល ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​បាន​ជា​ឡើង​វិញ ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ និង​បាន​បង្កើត​អព្ភូតហេតុ​ផ្សេង​ៗ​ទៀត​ដែរ។ លោក​អ្នក​មិន​អាច​អាន​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ដោយ​គ្មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​របៀប​រៀបចំ​នៃ​ពួក​គ្រីស្ទាន ក្នុង​ការ​ថ្វាយបង្គំ​នោះ​ឡើយ។ តាម​ការ​ពិត ពួកគេ​បាន​ត្រូវ​បញ្ជា​ឲ្យ​ប្រជុំ​គ្នា​សំរាប់​គោល​បំណង​នេះ។ (​ហេព្រើរ ១០:២៤, ២៥​) ដូច្នេះ ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ថ្វាយបង្គំ​ពិត​របស់​ព្រះ​យេហូវ៉ា​នៅ​សតវត្ស​ទី​មួយ លោក​អ្នក​នឹង​ត្រូវ​បាន​ជា​ផ្នែក​មួយ​នៃ​អង្គការ​គ្រីស្ទាន​របស់​ទ្រង់​ជា​មិន​ខាន។

៧ តើ​យ៉ាង​ណា​ដែល​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​មិន​ប្រើ​អង្គការ​ច្រើន​ជាង​មួយ ក្នុង​កំឡុង​ពេល​ណា​មួយ​នោះ?

៧ តើ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ប្រើ​អង្គការ​ច្រើន​ជាង​មួយ​ឬ ក្នុង​កំឡុង​ពេល​ណា​មួយ​នោះ? នៅ​សម័យ​លោក​ណូអេ មាន​តែ​លោក​ណូអេ​និង​ពួក​ដែល​នៅ​ជា​មួយ​លោក​ក្នុង​ទូក​ធំ​ទេ ដែល​បាន​ទទួល​នូវ​សេចក្ដី​ការពារ​របស់​ព្រះ​ហើយ​រួច​រស់​ជីវិត​ពី​ទឹក​ជំនន់​នោះ។ (​ពេត្រុសទី១ ៣:២០​) នៅ​ក្នុង​សតវត្ស​ទី​មួយ ក៏​អញ្ចឹង​ដែរ មិន​មាន​អង្គការ​គ្រីស្ទាន​ពីរ​ឬ​ច្រើន​ទេ។ ព្រះ​ទ្រង់​បាន​ទាក់ទង​ជា​មួយ​អង្គការ​តែមួយ​ប៉ុណ្ណោះ។ គឺ​មាន​«​ព្រះ​អម្ចាស់​តែ​១ សេចក្ដី​ជំនឿ​តែ​១ បុណ្យ​ជ្រមុជ​ទឹក​តែ​១​»​គត់។ (​អេភេសូរ ៤:៥​) ក្នុង​សម័យ​យើង​នេះ ក៏​ដូច​គ្នា​ដែរ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ទាយ​ថា នឹង​មាន​ប្រភព​នៃ​ការ​បង្រៀន​ខាង​វិញ្ញាណ​តែមួយ​ទេ សំរាប់​ប្រជា​រាស្ត្រ​របស់​ព្រះ។

៨ តើ​ព្រះ​យេស៊ូវ​បាន​បង្ហាញ​យ៉ាង​ណា ថា​មាន​អង្គការ​ដែល​មើល​ឃើញ​តែមួយ​គត់​របស់​ព្រះ​នៅ​លើ​ផែនដី​ក្នុង​សម័យ​យើង​នេះ?

៨ ក្នុង​ការ​ប្រាប់​អំពី​វត្តមាន​របស់​ទ្រង់​ក្នុង​អំណាច​នៃ​ព្រះ​រាជាណាចក្រ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ​ត្រង់ មាន​មារយាទ​ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក នឹង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល។ បើ​កាលណា​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ​ហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំងអស់​»។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) ក្នុង​ការ​យាង​ត្រឡប់​មក​នៅ​ក្នុង​អំណាច​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់ ក្នុង​ឆ្នាំ​១៩១៤ តើ​ព្រះ​គ្រីស្ទ​បាន​រកឃើញ​«​អ្នក​បំរើ​ស្មោះ​ត្រង់ មាន​មារយាទ​»​មួយ​ក្រុម ដែល​ផ្ដល់​ឲ្យ​«​អាហារ​»​ខាង​វិញ្ញាណ ឬ​ពត៌មាន​ទេ? មែន​ហើយ ទ្រង់​បាន​រកឃើញ​«​អ្នក​បំរើ​»​បែប​នេះ ដែល​ផ្គុំ​ឡើង​ដោយ​ពួក​សំណល់​នៅ​លើ​ផែនដី​នៃ​ពួក​១៤៤.០០០​នាក់​ជា​«​ពួក​បងប្អូន​»​របស់​ទ្រង់។ (​វិវរណៈ ១២:១០; ១៤:១, ៣​) ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩១៤​មក មនុស្ស​រាប់​លាន​នាក់​បាន​ទទួល​«​អាហារ​»​ ដែល​ពួកគេ​បាន​ផ្ដល់​ឲ្យ ហើយ​ក៏​បាន​ចាប់​អនុវត្ត​សាសនា​ពិត​ជា​មួយ​នឹង​ពួកគេ។ អង្គការ​របស់​ពួក​អ្នក​បម្រើ​ព្រះ​បាន​ត្រូវ​សម្គាល់​ជា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

៩ (​ក​) ហេតុ​អ្វី​ក៏​ពួក​អ្នក​បម្រើ​ព្រះ កាន់​ឈ្មោះ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា? (​ខ​) ហេតុ​អ្វី​ក៏​ពួកគេ​ហៅ​ទីកន្លែង​សំរាប់​ការ​ថ្វាយបង្គំ​របស់​គេ​ជា សាលព្រះរាជាណាចក្រ?

៩ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បែរ​ទៅ​រក​ព្រះ​យេហូវ៉ា​និង​ព្រះ​បន្ទូល​របស់​ទ្រង់ ដើម្បី​ជួយ​ដឹក​នាំ​កិច្ចការ​ទាំងអស់​ដែល​ពួកគេ​ធ្វើ។ សូម្បី​តែ​ឈ្មោះ​របស់​ពួកគេ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ក៏​បង្ហាញ​ថា សកម្មភាព​ដ៏​សំខាន់​បំផុត​របស់​ពួកគេ​គឺ​ជា​ការ​ធ្វើ​បន្ទាល់​អំពី​ព្រះ​នាម​និង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ធ្វើ​មក​ដែរ។ (​យ៉ូហាន ១៧:៦; វិវរណៈ ១:៥​) ម្យ៉ាង​ទៀត​ពួកគេ​បាន​ហៅ​កន្លែង​ដែល​ពួកគេ​មក​ជួបជុំ​គ្នា​ដើម្បី​ការ​ថ្វាយបង្គំ​នោះ ជា​សាលព្រះរាជាណាចក្រ ពីព្រោះ​ជា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដោយសារ​ព្រះ​មែស៊ី​ឬ​ព្រះ​គ្រីស្ទ ហើយ​នេះ​ជា​ប្រធាន​ក្នុង​ព្រះ​គម្ពីរ​ទាំងមូល។ ដោយ​ឃើញ​យ៉ាង​ច្បាស់​ថា គ្រីស្ទ​សាសនា​ក្នុង​សតវត្ស​ទី​មួយ​បាន​ជា​ទី​ពេញ​ព្រះ​ហឫទ័យ​ដល់​ព្រះ​នោះ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​អង្គការ​របស់​ពួកគេ​ដូច​នោះ​ដែរ។ សូម​ឲ្យ​យើង​ពិនិត្យមើល​មួយ​ភ្លែត​នូវ​អង្គការ​គ្រីស្ទាន​ពីដើម និង​សូម​កត់សម្គាល់​នូវ​ភាព​ដូច​គ្នា​ជា​មួយ​នឹង​អង្គការ​ដែល​មើល​ឃើញ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ។

គំរូ​ពី​សតវត្ស​ទី​មួយ

១០ តើ​អ្វី​ជា​លក្ខណៈ​ខ្លះ​ៗ​នៃ​អង្គការ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ?

១០ នៅ​ក្នុង​សតវត្ស​ទី​មួយ ទីណា​ដែល​មាន​ពួក​គ្រីស្ទាន ទីនោះ​ពួកគេ​បាន​ប្រមូល​គ្នា​ជា​ក្រុម​ៗ​ដើម្បី​ថ្វាយបង្គំ។ ក្រុម​ជំនុំ​ទាំង​នេះ​បាន​ជួប​គ្នា​យ៉ាង​ទៀងទាត់ ដើម្បី​មិត្តភាព​និង​ការ​សិក្សា​ជា​មួយ​គ្នា។ (​ហេព្រើរ ១០:២៤, ២៥​) សកម្មភាព​ដ៏​សំខាន់​បំផុត​របស់​ពួកគេ គឺ​ការ​ប្រកាស​និង​បង្រៀន​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ធ្វើ​មក​ដែរ។ (​ម៉ាថាយ ៤:១៧; ២៨:១៩, ២០​) ប្រសិន​បើ​សមាជិក​ណា​មួយ​នៃ​ក្រុម​ជំនុំ​បាន​បែរ​ត្រឡប់​ទៅ​ផ្លូវ​អាក្រក់​នៃ​ជីវិត​របស់​គេ​វិញ ជន​នោះ​ត្រូវ​ដក​ពី​ក្រុម​ជំនុំ​ចេញ។—កូរិនថូសទី១ ៥:៩​-​១៣; យ៉ូហានទី២ ១០, ១១

១១, ១២ (​ក​) អ្វី​ដែល​បង្ហាញ​ជា​ភស្តុតាង​ថា ក្រុម​ជំនុំ​គ្រីស្ទាន​ពីដើម​បាន​ទទួល​នូវ​ការ​ដឹក​នាំ​និង​ការ​ណែនាំ​ពី​ពួក​សាវក​និង​«​ពួក​ចាស់​ទុំ​»​ នៅ​ក្រុង​យេរូសាឡិម​នោះ? (​ខ​) តើ​ការ​ណែនាំ​ខាង​«​ព្រះ​ធិបតេយ្យ​»​មាន​ន័យ​យ៉ាង​ណា? (​គ​) តើ​ក្រុម​ជំនុំ​ដែល​ទទួល​យក​នូវ​ការ​ណែនាំ​បែប​នេះ បាន​ទទួល​លទ្ធផល​យ៉ាង​ណា​ខ្លះ?

១១ តើ​ក្រុម​ជំនុំ​គ្រីស្ទាន​ក្នុង​សតវត្ស​ទី​មួយ​មិន​ពឹងពាក់​រវាង​គ្នា​នឹង​គ្នា​ទេ​ឬ? តើ​ពួកគេ​សម្រេច​រឿង​អ្វី​ដោយ​រៀង​ៗ​ខ្លួន​ឬ? មិន​មែន​ទេ ព្រះ​គម្ពីរ​បង្ហាញ​ថា ពួកគេ​មាន​សាមគ្គីភាព​ក្នុង​ជំនឿ​គ្រីស្ទាន​ដូច​គ្នា។ ក្រុម​ជំនុំ​ទាំងអស់​បាន​ទទួល​ការ​ដឹក​នាំ​និង​ការ​ណែនាំ​ពី​ប្រភព​តែមួយ។ អញ្ចឹង​ហើយ ពេល​ដែល​មាន​វិវាទ​អំពី​រឿង​កាត់​ស្បែក ក្រុម​ជំនុំ​ឬ​ក៏​បុគ្គល​ម្នាក់​ៗ​មិន​បាន​សម្រេច​ធ្វើ​តាម​រៀង​ៗ​ខ្លួន​ទេ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ សាវក​ប៉ុល បាណាបាស និង​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​តម្រូវ​ឲ្យ​«​ឡើង​ទៅ​ឯ​ពួក​សាវក នឹង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូសាឡិម ដើម្បី​នឹង​សួរ​បញ្ជាក់​អំពី​ដំណើរ​នោះ​»។ ពេល​ដែល​ពួក​ចាស់​ទុំ​ទាំង​នេះ​បាន​ធ្វើ​ការ​សម្រេច​ដោយ​មាន​ជំនួយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​និង​«​ព្រះ​វិញ្ញាណ​បរិសុទ្ធ​»​របស់​ទ្រង់​រួច​ហើយ​នោះ ពួកគេ​ក៏​បាន​ចាត់​ពួក​បុរស​ស្មោះ​ត្រង់​ឲ្យ​ទៅ​ជូន​ដំណឹង​នេះ​ដល់​ក្រុម​ជំនុំ​នានា។—កិច្ចការ ១៥:២, ២៧​-​២៩

១២ តើ​បាន​លទ្ធផល​យ៉ាង​ណា ពេល​ដែល​ក្រុម​ជំនុំ​ទាំង​នោះ​បាន​ទទួល​នូវ​ការ​ដឹក​នាំ​និង​ការ​ណែនាំ​ខាង​ព្រះ​ធិបតេយ្យ​ឬ​មក​ពី​ព្រះ​នេះ? ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​កំពុង​ដែល​[​សាវក​ប៉ុល​និង​សហការី​របស់​គាត់​]​ដើរ​កាត់​អស់​ទាំង​ទីក្រុង នោះ​ក៏​ប្រគល់​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដល់​គេ ជា​សេចក្ដី​ដែល​ពួក​សាវក នឹង​ពួក​ចាស់​ទុំ​ដែល​នៅ​ក្រុង​យេរូសាឡិម បាន​ជំនុំ​សំរេច​ឲ្យ​គេ​កាន់​តាម។ យ៉ាង​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ជំនឿ​រឹតតែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស ចេះ​តែ​ចំរើន​កើន​ឡើង​ជា​រាល់​ថ្ងៃ​»។ (​កិច្ចការ ១៦:៤, ៥​) មែន​ហើយ ក្រុម​ជំនុំ​ទាំងអស់​បាន​ធ្វើ​សហ​ប្រតិបត្ដិ​ការ​តាម​អ្វី​ៗ​ដែល​គណៈ​នៃ​ពួក​អ្នកចាស់ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច ហើយ​ជំនឿ​របស់​ពួកគេ​ក៏​បាន​លូត​លាស់​កាន់​តែ​មុត​មាំ​ឡើង។

ការ​ដឹក​នាំ​នៃ​ព្រះ​ធិបតេយ្យ​នៅ​សព្វ​ថ្ងៃ​នេះ

១៣ (​ក​) ពី​កន្លែង​ណា​នៅ​លើ​ផែនដី ហើយ​តាម​រយៈ​គណៈ​នៃ​ពួក​បុរស​ណា ដែល​អង្គការ​មើល​ឃើញ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​ទទួល​នូវ​ការ​ដឹក​នាំ? (​ខ​) តើ​គណៈ​អភិបាល​មាន​ការ​ទាក់ទង​យ៉ាង​ណា​ជា​មួយ​នឹង​ពួក​«​អ្នក​បំរើ​ស្មោះ​ត្រង់ មាន​មារយាទ​»​?

១៣ អង្គការ​ដែល​មើល​ឃើញ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​ក៏​ទទួល​នូវ​ការ​ដឹក​នាំ​និង​ការ​ណែនាំ​ពី​ព្រះ​ដែរ។ នៅ​មន្ទីរ​ចាត់ការ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នៅ​ទីក្រុង​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក ទីនោះ​មាន​គណៈ​អភិបាល​នៃ​ពួក​អ្នកចាស់ទុំ​គ្រីស្ទាន​ដែល​មក​ពី​ផ្នែក​នានា​នៃ​ផែនដី​យើង​នេះ ជា​អ្នក​ត្រួត​ពិនិត្យមើល​សកម្មភាព​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ​ដែល​មាន​ពេញ​ពិភពលោក​ទាំងមូល។ គណៈ​អភិបាល​បាន​ផ្គុំ​ឡើង​ដោយ​សមាជិក​នៃ​«​អ្នក​បំរើ​ស្មោះ​ត្រង់ មាន​មារយាទ​»។ គណៈ​អភិបាល​នេះ​បាន​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​សំរាប់​«​អ្នក​បំរើ​»​ស្មោះ​ត្រង់​នេះ។

១៤ តើ​គណៈ​អភិបាល​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ​ពឹង​ទៅ​លើ​អ្វី ក្នុង​ការ​សម្រេច​ចិត្ត​នោះ?

១៤ បុរស​ទាំង​ឡាយ​នៃ​គណៈ​អភិបាល​នេះ មាន​ការ​ពិសោធន៍​ខាង​ការ​បម្រើ​ព្រះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដូច​ជា​ពួក​សាវក​និង​ពួក​អ្នកចាស់ទុំ​នៅ​ក្រុង​យេរូសាឡិម​ដែរ។ ប៉ុន្តែ​ពួកគេ​មិន​ពឹង​ទៅ​លើ​ប្រាជ្ញា​របស់​មនុស្ស​ទេ ក្នុង​ការ​សម្រេច​ចិត្ត។ ផ្ទុយ​ទៅ​វិញ ដោយ​ព្រះ​ទ្រង់​គ្រប់​គ្រង​លើ​ពួកគេ​ជានិច្ច​នោះ ពួកគេ​យក​គំរូ​តាម​គណៈ​អភិបាល​ពីដើម​នៅ​ក្រុង​យេរូសាឡិម ដែល​សេចក្ដី​សម្រេច​របស់​គេ​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​ក៏​បាន​សម្រេច​ឡើង​នៅ​ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ។—កិច្ចការ ១៥:១៣​-​១៧, ២៨, ២៩

ការ​ដឹក​នាំ​អង្គការ​មួយ​ដែល​មាន​ពាស​ពេញ​ពិភពលោក

១៥ ហេតុ​អ្វី​ក៏​បន្ទូល​របស់​ព្រះ​យេស៊ូវ​នៅ ម៉ាថាយ ២៤:១៤ បង្ហាញ​ថា ព្រះ​ទ្រង់​នឹង​មាន​អង្គការ​ដ៏​ធំ​មួយ​នៅ​លើ​ផែនដី ក្នុង​គ្រា​ចុង​បញ្ចប់​នេះ?

១៥ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ឲ្យ​យើង​ដឹង​ខ្លះ​ៗ​អំពី​ទំហំ​នៃ​អង្គការ​ដែល​ព្រះ​ទ្រង់​នឹង​មាន​នៅ​លើ​ផែនដី ក្នុង​គ្រា​ចុង​បញ្ចប់​នេះ ដោយ​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត​»។ (​ម៉ាថាយ ២៤:១៤​) សូម​គិត​អំពី​ទំហំ​នៃ​កិច្ចការ​ដ៏​ធំ​សម្បើម​នេះ ដែល​ជា​ការ​ចាំបាច់​ក្នុង​ការ​ប្រាប់​ដល់​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​លើ​ផែនដី អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​បាន​រៀបចំ​រួច​ហើយ​នេះ។ តើ​អង្គការ​គ្រីស្ទាន​សម័យ​ទំនើប​នេះ ដែល​ពឹង​ទៅ​លើ​គណៈ​អភិបាល​ក្នុង​ការ​ដឹក​នាំ​និង​ការ​ណែនាំ​នោះ អាច​ប្រដាប់​ដោយ​គ្រឿង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​ធំ​នេះ​បាន​ទេ?

១៦ (​ក​) ហេតុ​អ្វី​ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​តម្លើង​រោង​ចក្រ​បោះ​​ពុម្ព​ធំ​ៗ​ជា​ច្រើន​ម្ល៉េះ? (​ខ​) តើ​អ្វី​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​រោងចក្រ​ទាំង​នោះ?

១៦ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឥឡូវ​នេះ​កំពុង​តែ​ប្រកាស​ប្រាប់​សារ​នៃ​ព្រះ​រាជាណាចក្រ​នៅ​ជាង​២០០​ប្រទេស​និង​នៅ​តាម​កោះ​ទាំង​ឡាយ​ពាស​ពេញ​ផែនដី​ទាំងមូល។ ដើម្បី​ជួយ​ពួក​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​ដែល​មាន​ចំនួន​ជាង​៤.២៥០.០០០​នាក់​(​ក្នុង​ឆ្នាំ​១៩៩១​) ក្នុង​ការ​សម្រេច​នូវ​កិច្ចការ​នេះ រោងចក្រ​សំរាប់​បោះ​ពុម្ព​ធំ​ៗ​ជា​ច្រើន ត្រូវ​បាន​តម្លើង​ឡើង​ក្នុង​ប្រទេស​ជា​ច្រើន។ នៅ​ទីនេះ ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ បាន​ត្រូវ​ផលិត​ឡើង​ជា​ច្រើន​ក្រៃលែង។ ជា​រៀង​រាល់​ថ្ងៃ​ធ្វើ​ការ ជា​មធ្យម ទស្សនាវដ្ដី​ប៉មយាម​និង​ទស្សនាវដ្ដី​ភ្ញាក់រឭក!​ជាង​ពីរ​លាន​ក្បាល ត្រូវ​បាន​បោះ​ពុម្ព​និង​បញ្ជូន​ចេញ​ពី​រោងចក្រ​ទាំង​នេះ។

១៧ (​ក​) ហេតុ​អ្វី​ក៏​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ​បាន​ត្រូវ​រៀបចំ​ឡើង? (​ខ​) តើ​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​អ្វី?

១៧ ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ​ទាំងអស់​នេះ​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​មនុស្ស​ទាំង​ឡាយ​ឲ្យ​បាន​លូត​លាស់​នូវ​តម្រិះ​វិជ្ជា​អំពី​ព្រះ​រាជ​បំណង​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា។ តាម​ការ​ពិត ឃ្លា​ដែល​ថា​«​ប្រកាស​នូវ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​»​នេះ ជា​ផ្នែក​នៃ​ចំណង​ជើង​របស់​ទស្សនាវដ្ដី​ប៉មយាម។ លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួបរួម​ក្នុង​ការ​ចែក​ចាយ​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ​នេះ ហើយ​ពន្យល់​ដល់​អ្នក​ដទៃ​អំពី​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​ដែល​មាន​ក្នុង​នោះ។ ឧទាហរណ៍ តើ​មាន​អ្នក​ណា​ម្នាក់ ដែល​លោក​អ្នក​អាច​ប្រាប់​ពត៌មាន​ដ៏​សំខាន់​បំផុត ដែល​អ្នក​បាន​រៀន​ពី​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​នេះ​ទេ?

១៨ (​ក​) តើ​អង្គការ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ ជា​អង្គការ​ប្រភេទ​ណា? (​ខ​) ហេតុ​អ្វី​ក៏​ប្រជា​រាស្ត្រ​របស់​ព្រះ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ពេល​ឥឡូវ​នេះ?

១៨ ដូច​នៅ​ក្នុង​សតវត្ស​ទី​មួយ អង្គការ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​ជា អង្គការ​មួយ​នៃ​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ដែល​បាន​ថ្វាយ​ខ្លួន​និង​បាន​ជ្រមុជ​ទឹក​ហើយ។ ហើយ​អង្គការ​នេះ​បាន​ស្ថាបនា​ឡើង ដើម្បី​ជួយ​សមាជិក​ទាំងអស់​ឲ្យ​ចូល​រួបរួម​ក្នុង​កិច្ចការ​ផ្សាយ​នេះ។ បុគ្គល​ទាំង​នេះ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​លើកទឹកចិត្ត​ដ៏​ខ្លាំង និង​ការ​ធ្វើ​ឲ្យ​ខ្លាំង​មាំមួន​ខាង​វិញ្ញាណ ពីព្រោះ​សាតាំង​និង​ពួក​អ្នក​ដែល​វា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​នោះ ប្រឆាំង​នឹង​សារ​នៃ​ព្រះ​រាជាណាចក្រ​នេះ។ ពួក​អ្នក​ប្រឆាំង​បែប​នេះ បាន​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូវ​ដោយ​ព្រោះ​ទ្រង់​បាន​ប្រកាស​អំពី​សារ​នេះ ហើយ​ព្រះ​គម្ពីរ​ព្រមាន​ថា ពួក​អ្នក​កាន់​តាម​ទ្រង់​ក៏​អាច​ត្រូវ​បៀតបៀន​ដែរ។—យ៉ូហាន ១៥:១៩, ២០; ធីម៉ូថេ​ទី​២ ៣:១២

១៩ (​ក​) ពួក​ណា​ដែល​ត្រូវ​បាន​តែងតាំង​ឡើង ដើម្បី​ជួយ​ហើយ​ធ្វើ​ឲ្យ​ខ្លាំង​មាំមួន​ដល់​ប្រជា​រាស្ត្រ​របស់​ព្រះ​ក្នុង​ពេល​ឥឡូវ​នេះ? (​ខ​) តើ​ក្រុម​ជំនុំ​បាន​ត្រូវ​ការពារ​យ៉ាង​ណា ពី​ឥទ្ធិពល​អាក្រក់​ដែល​អាច​ធ្វើ​ឲ្យ​ពុករលួយ​ដល់​នោះ?

១៩ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​នៅ​សតវត្ស​ទី​មួយ​ដែរ ​«​ពួក​ចាស់​ទុំ​»​ បាន​ត្រូវ​តែងតាំង​ឡើង​ដើម្បី​ជួយ​និង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​និមួយ​ៗ​បាន​ខ្លាំង​មាំមួន​ឡើង។ ពួកគេ​ក៏​អាច​ជួយ​អ្នក​ដែរ ដោយ​ប្រើ​ដំបូន្មាន​ពី​ព្រះ​គម្ពីរ ដើម្បី​លៃលក​ដោះ​ស្រាយ​នូវ​បញ្ហា​ផ្សេង​ៗ។ ពួក​អ្នកចាស់ទុំ​ទាំង​នេះ​ក៏​ការពារ​«​ហ្វូង​ចៀម​របស់​ព្រះ​»​ដែរ។ ដូច្នេះ​ហើយ ប្រសិន​បើ​សមាជិក​នៃ​ក្រុម​ជំនុំ​ណា បែរ​ត្រឡប់​ទៅ​ផ្លូវ​អាក្រក់​នៃ​ជីវិត​គេ​វិញ ហើយ​បដិសេធ​មិន​ព្រម​ប្រែចិត្ត​នោះ ​«​ពួក​ចាស់​ទុំ​»​ នឹង​លៃលក​យ៉ាង​ណា ដើម្បី​ដក​ជន​បែប​នោះ​ចេញ​ឬ​ក៏​បណ្ដាច់​មិត្តភាព​ពី​ក្រុម​ជំនុំ។ អញ្ចឹង​ហើយ ពួកគេ​អាច​រក្សា​ក្រុម​ជំនុំ​ឲ្យ​មាន​សុខភាព​មាំមួន​ខាង​វិញ្ញាណ។—ទីតុស ១:៥; ពេត្រុសទី១ ៥:១​-​៣; អេសាយ ៣២:១, ២; កូរិនថូសទី១ ៥:១៣

២០ (​ក​) ក្នុង​សតវត្ស​ទី​មួយ តើ​អ្នក​ណា​ដែល​ត្រូវ​បាន​ចាត់​ដោយ​គណៈ​អភិបាល​នៅ​ក្រុង​យេរូសាឡិម ហើយ​ដោយ​មូលហេតុ​អ្វី? (​ខ​) តើ​អ្នក​ណា​ដែល​ត្រូវ​បាន​ចាត់​ដោយ​គណៈ​អភិបាល​សព្វ​ថ្ងៃ​នេះ?

២០ តាម​លំនាំ​ដូច​គ្នា គណៈ​អភិបាល​នៅ​ក្រុង​យេរូសាឡិម​បាន​ចាត់​អ្នក​តំណាង​ពិសេស ដូច​ជា​ប៉ុល​និង​ស៊ីឡាស ដើម្បី​នាំ​យក​នូវ​សេចក្ដី​បង្រៀន​ហើយ​និង​ជួយ​លើកទឹកចិត្ត​ដល់​ប្រជា​រាស្ត្រ​របស់​ព្រះ ដូច្នេះ​នៅ​គ្រា​ចុង​បញ្ចប់​នេះ គណៈ​អភិបាល​សព្វ​ថ្ងៃ​ក៏​ធ្វើ​ដូច​នេះ​ដែរ។ (​កិច្ចការ ១៥:២៤​-​២៧, ៣០​-​៣២​) ​ប្រហែល​ជា​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ អ្នក​បម្រើ​ដែល​មាន​ការ​ពិសោធ​ម្នាក់ ដែល​ហៅ​ថា​អ្នក​ត្រួត​ត្រា​តាម​មណ្ឌល បាន​ត្រូវ​ចាត់​ឲ្យ​ចំណាយ​ពេល​មួយ​អាទិត្យ​នៅ​ជា​មួយ​ក្រុម​ជំនុំ​និមួយ​ៗ​ដែល​នៅ​ក្នុង​មណ្ឌល​របស់​គាត់។

២១ តើ​អ្នក​ត្រួត​ត្រា​តាម​មណ្ឌល​ជួយ​ក្រុម​ជំនុំ​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ​យ៉ាង​ណា?

២១ នៅ​ក្នុង​ពិភពលោក​យើង​នេះ មាន​ជាង​៦៦.០០០​ក្រុម​ជំនុំ​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​ក្រុម​ជំនុំ​ទាំង​នេះ​បាន​ចែក​ជា​មណ្ឌល​នានា​ដែល​ផ្គុំ​ឡើង​ដោយ​មាន​ប្រហែល​ជា​២០​ក្រុម​ជំនុំ​ក្នុង​មណ្ឌល​​និមួយ​ៗ។ ពេល​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​ទាំង​ឡាយ​ក្នុង​មណ្ឌល​របស់​គាត់ អ្នក​ត្រួត​ត្រា​តាម​មណ្ឌល​ជួយ​លើកទឹកចិត្ត​ពួក​ស្មរបន្ទាល់​ព្រះ​រាជាណាចក្រ ដោយ​ចូល​រួបរួម​ជា​មួយ​ពួកគេ​ក្នុង​សកម្មភាព​នៃ​ការ​ផ្សាយ​និង​ការ​បង្រៀន។ ក្រៅ​ពី​ការ​លើកទឹកចិត្ត​ពួកគេ​តាម​របៀប​នេះ គាត់​ក៏​ផ្ដល់​នូវ​យោបល់​ផ្សេង​ៗ​ទៀត​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រីក​ចម្រើន​ក្នុង​កិច្ចបម្រើ​របស់​ពួកគេ។—កិច្ចការ ២០:២០, ២១

២២ (​ក​) តើ​មាន​ការ​រៀបចំ​ណា​ទៀត ដែល​បាន​ធ្វើ​ឡើង​មួយ​ឆ្នាំ​ពីរ​ដង​ដើម្បី​ជួយ​ប្រជា​រាស្ត្រ​របស់​ព្រះ​ឲ្យ​បាន​ខ្លាំង​មាំមួន​នោះ? (​ខ​) តើ​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​អ្វី?

២២ ការ​លើកទឹកចិត្ត​និង​ការ​ធ្វើ​ឲ្យ​ខ្លាំង​មាំមួន​ត្រូវ​បាន​ផ្ដល់​ថែម​ទៀត ជា​ធម្មតា​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ នៅ​ពេល​ដែល​ក្រុម​ជំនុំ​នានា​ក្នុង​មណ្ឌល​និមួយ​ៗ​បាន​ប្រមូល​ជួបជុំ​គ្នា​មក​សន្និបាត​ដែល​មាន​មួយ​ថ្ងៃ​ឬ​ក៏​ពីរ​ថ្ងៃ។ នៅ​ក្នុង​ពិធី​ទាំង​នេះ មាន​ប្រជុំ​ជន​ប្រហែល​ជា​ពីរ​រយ​ឬ​បី​រយ​នាក់ រហូត​ដល់​២.០០០​នាក់​ឬ​ក៏​ច្រើន​ជាង​នោះ​ទៅ​ទៀត។ យើង​ខ្ញុំ​សូម​អញ្ជើញ​លោក​អ្នក​ទៅ​ចូល​រួបរួម​ក្នុង​សន្និបាត​មួយ​ខាង​មុខ​នេះ នៅ​ក្នុង​តំបន់​របស់​លោក​អ្នក។ យើង​ខ្ញុំ​មាន​អារម្មណ៍​ជា​ប្រាកដ​ថា លោក​អ្នក​នឹង​យល់​ថា​សន្និបាត​នេះ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​រីករាយ​កាន់​តែ​ខ្លាំង​ឡើង​ខាង​វិញ្ញាណ​និង​ជា​ប្រយោជន៍​សំរាប់​លោក​អ្នក​ផ្ទាល់​ដែរ។

២៣ តើ​មាន​ការ​ប្រជុំ​អ្វី​ផ្សេង​ទៀត ដែល​បាន​ត្រូវ​ប្រតិបត្ដិ​ឡើង​មួយ​ឆ្នាំ​មួយ​ដង? (​ខ​) តើ​មហា​សន្និបាត​មួយ​ក្នុង​ចំណោម​ទាំង​នេះ មាន​ទំហំ​ប៉ុន​ណា?

២៣ បន្ទាប់​មក មួយ​ឆ្នាំ​មួយ​ដង មាន​ការ​ប្រជុំ​យ៉ាង​ធំ​មួយ​ទៀត​ដែល​ហៅ​ថា មហា​សន្និបាត​តាម​តំបន់ ដែល​ប្រតិបត្ដិ​ឡើង​អស់រយៈ​ពេល​បីបួន​ថ្ងៃ។ សូម​លោក​អ្នក​ខំ​ប្រឹងប្រែង​មក​ចូលរួម​ប្រជុំ​និង​មើល​ដោយ​ខ្លួន​ឯង​ផ្ទាល់​ចុះ ថា​តើ​មហា​សន្និបាត​បែប​នេះ​អាច​ជា​ទី​ពេញ​ចិត្ត​និង​ប្រកប​ដោយ​ប្រយោជន៍​ជា​ច្រើន​ខាង​វិញ្ញាណ​យ៉ាង​ណា​ខ្លះ? នៅ​ឆ្នាំ​ខ្លះ ជំនួស​មហា​សន្និបាត​តាម​តំបន់ គឺ​មាន​មហា​សន្និបាត​ជាតិ​ដ៏​ធំ​មួយ ឬ​ក៏​មហា​សន្និបាត​អន្តរជាតិ។ មហា​សន្និបាត​ដ៏​ធំ​ជាង​គេ​បំផុត​ដែល​ធ្លាប់​បាន​ប្រារព្ធ​ឡើង​ក្នុង​កន្លែង​មួយ គឺ​នៅ​កីឡា​មណ្ឌល​យ៉ាង្គី​នៃ​ទីក្រុង​ញូវយ៉ក និង​នៅ​កីឡាដ្ឋាន​ប៉ូឡូ អស់រយៈ​ពេល​ប្រាំ​បី​ថ្ងៃ​ក្នុង​ឆ្នាំ​១៩៥៨។ នៅ​ក្នុង​ពិធី​ប្រជុំ​នោះ មាន​មនុស្ស​ចំនួន​២៥៣.៩២២​នាក់​បាន​មក​ស្ដាប់​សេចក្ដី​ថ្លែង​​សុន្ទរកថា​សាធារណៈ​ដែល​មាន​ចំណង​ជើង​ថា​«​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​គ្រប់​គ្រង​ហើយ—តើ​ទីបញ្ចប់​របស់​លោកីយ៍​ជិត​មក​ដល់​ហើយ​ឬ​»​? តាំង​ពី​ពេល​នោះ​មក គ្មាន​កន្លែង​ណា​ដែល​ធំ​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​ហ្វូង​យ៉ាង​ធំ​បែប​នេះ​បាន​ទៀត​ឡើយ ដូច្នេះ​ការ​រៀបចំ​ចាត់​ចែង​ទីប្រជុំ​ជន​ក៏​បាន​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​សំខាន់​ៗ​ជា​ច្រើន ដើម្បី​ប្រើ​សំរាប់​មហា​សន្និបាត​ធំ​ៗ។

ការ​ប្រជុំ​នៅ​តាម​ក្រុម​ជំនុំ

២៤ តើ​ក្រុម​ជំនុំ​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ មាន​កិច្ច​ប្រជុំ​ទាំង​ប្រាំ​ណា​ខ្លះ ជា​រៀង​រាល់​អាទិត្យ?

២៤ គណៈ​អភិបាល​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក៏​បាន​ចាត់​ចែង​រៀបចំ​ឲ្យ​មាន​កម្មវិធី​ជា​ឯកភាព​សំរាប់​សិក្សា​ព្រះ​គម្ពីរ នៅ​គ្រប់​ក្រុម​ជំនុំ​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែរ។ ក្រុម​ជំនុំ​និមួយ​ៗ​មាន​កិច្ច​ប្រជុំ​ចំនួន​ប្រាំ​ក្នុង​មួយ​អាទិត្យ។ កិច្ច​ប្រជុំ​ទាំង​នេះ​គឺ​ជា​សាលា​កិច្ចបម្រើ​ព្រះ​ធិបតេយ្យ ការ​ប្រជុំ​អប់រំ​កិច្ចបម្រើ ការ​ប្រជុំ​សាធារណៈ ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម និង​ការ​សិក្សា​តាម​ក្រុម។ ដោយ​លោក​អ្នក​មិន​ទាន់​បាន​យល់​ច្បាស់​អំពី​ការ​ប្រជុំ​ទាំង​នេះ​នៅ​ឡើយ យើង​នឹង​ពណ៌នា​ដោយ​សង្ខេប​អំពី​កិច្ច​ប្រជុំ​ទាំង​នេះ។

២៥, ២៦ តើ​សាលា​កិច្ចបម្រើ​ព្រះ​ធិបតេយ្យ​និង​ការ​ប្រជុំ​អប់រំ​កិច្ចបម្រើ មាន​គោល​បំណង​ដើម្បី​អ្វី?

២៥ សាលា​កិច្ចបម្រើ​ព្រះ​ធិបតេយ្យ បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ពួក​សិស្ស​ឲ្យ​មាន​ប្រសិទ្ធិភាព​រឹតតែ​ច្រើន​ឡើង ក្នុង​ការ​និយាយ​ទៅ​អ្នក​ដទៃ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ យូរ​ៗ​ម្ដង ពួក​អ្នក​ដែល​បាន​ចុះ​ឈ្មោះ ឡើង​ថ្លែង​សុន្ទរកថា​ខ្លី​ៗ​អំពី​មុខ​វិជ្ជា​តាម​បទ​គម្ពីរ ឲ្យ​ក្រុម​ប្រជុំ​ជន​ទាំងមូល​ស្ដាប់។ បន្ទាប់​មក​អ្នកចាស់ទុំ​ដែល​មាន​ការ​ពិសោធ​ម្នាក់​នឹង​ផ្ដល់​នូវ​យោបល់​ដើម្បី​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង។

២៦ ជា​ធម្មតា នៅ​រាត្រី​ដដែល​នោះ ក៏​មាន​ការ​ប្រជុំ​អប់រំ​កិច្ចបម្រើ​ដែរ។ កម្មវិធី​សំរាប់​ការ​ប្រជុំ​នេះ​បាន​ផ្សាយ​នៅ​ក្នុង​កិច្ចបម្រើ​ព្រះ​រាជាណាចក្រ​របស់​យើង ជា​ប្រកាសនវត្ថុ​ប្រចាំ​ខែ​មួយ​ដែល​មាន​ពីរ​ឬ​ក៏​ច្រើន​ទំព័រ ដែល​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ដោយ​គណៈ​អភិបាល។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ មាន​ការ​ថ្លែង​យោបល់​ដែល​ផ្ដល់​ប្រយោជន៍​និង​ការ​សម្ដែង​និទស្សន៍​ជា​ច្រើន អំពី​របៀប​ដ៏​ស័ក្ដិ​សិទ្ធិ​នានា​ក្នុង​ការ​និយាយ​ទៅ​អ្នក​ដទៃ​អំពី​សារ​នៃ​ព្រះ​រាជាណាចក្រ។ តាម​របៀប​ដូច​គ្នា ព្រះ​គ្រីស្ទ​ក៏​បាន​លើកទឹកចិត្ត​ពួក​អ្នក​កាន់​តាម​ទ្រង់ ហើយ​ប្រទាន​ពួកគេ​នូវ​ការ​ណែនាំ​អំពី​របៀប​ប្រតិបត្ដិ​កិច្ចបម្រើ​របស់​ពួកគេ​ដែរ។—យ៉ូហាន ២១:១៥​-​១៧; ម៉ាថាយ ១០:៥​-​១៤

២៧, ២៨ តើ​ការ​ប្រជុំ​សាធារណៈ ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​និង​ការ​សិក្សា​តាម​ក្រុម ជា​កិច្ច​ប្រជុំ​ប្រភេទ​ណា?

២៧ ការ​ប្រជុំ​សាធារណៈ​និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម តាម​ធម្មតា​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ។ ការ​ខំ​ប្រឹងប្រែង​ពិសេស​បាន​ធ្វើ​ឡើង ដើម្បី​អញ្ជើញ​ពួក​អ្នក​ចាប់​អារម្មណ៍​ថ្មី ឲ្យ​ចូល​រួបរួម​ក្នុង​ការ​ប្រជុំ​សាធារណៈ ដែល​ជា​សុន្ទរកថា​តាម​បទ​គម្ពីរ​មួយ ថ្លែង​ដោយ​អ្នក​បម្រើ​ដែល​មាន​គុណវុឌ្ឍិ​គ្រប់គ្រាន់​ម្នាក់។ ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម ជា​ការ​ពិភាក្សា​ដោយ​សំនួរ​និង​ចម្លើយ​នៃ​អត្ថបទ​តាម​បទ​គម្ពីរ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​លេខ​ថ្មី​ៗ​នៃ​ទស្សនាវដ្ដី​ប៉មយាម។

២៨ ក្នុង​កាល​ដែល​ក្រុម​ជំនុំ​ទាំងមូល​មក​ជួបជុំ​គ្នា​នៅ​ក្នុង​សាលព្រះរាជាណាចក្រ​មួយ​សំរាប់​កិច្ច​ប្រជុំ​ដែល​បាន​ពណ៌នា​នៅ​ខាង​លើ​នេះ ក្រុម​តូច​ៗ​ក៏​ប្រជុំ​គ្នា​នៅ​តាម​ផ្ទះ​ឯក​ជន​សំរាប់​ការ​សិក្សា​ប្រចាំ​សប្ដាហ៍​ដែរ។ ឧបករណ៍​សំរាប់​សិក្សា​ព្រះ​គម្ពីរ​មួយ ដូច​ជា​សៀវភៅ​ដែល​លោក​អ្នក​កំពុង​អាន​នេះ បាន​យក​ទៅ​ប្រើ​ជា​មូលដ្ឋាន​សំរាប់​ការ​ពិភាក្សា​អំពី​បទ​គម្ពីរ ដែល​អាច​មាន​រយៈ​ពេល​មួយ​ម៉ោង។

២៩ (​ក​) តើ​បុណ្យ​រំឭក​អ្វី ដែល​ពួក​គ្រីស្ទាន​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ? (​ខ​) ពួក​ណា​ដែល​គួរ​នឹង​ទទួល​ទាន​នំប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ?

២៩ បន្ថែម​ទៅ​លើ​កិច្ច​ប្រជុំ​ទៀងទាត់​ទាំង​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​កិច្ច​ប្រជុំ​ពិសេស​មួយ​ទៀត ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ជា​បុណ្យ​ខួប​នៃ​មរណភាព​របស់​ព្រះ​យេស៊ូវ។ ពេល​ដែល​ទ្រង់​បាន​រៀបចំ​ពិធី​បុណ្យ​រំឭក​មរណភាព​របស់​ទ្រង់​ជា​លើក​ដំបូង​នោះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ​»។ (​លូកា ២២:១៩, ២០​) ក្នុង​ពិធី​ដ៏​មិន​ស្មុគស្មាញ​មួយ​នេះ ព្រះ​យេស៊ូវ​បាន​ប្រើ​ស្រា​ទំពាំង​បាយ​ជូរ​និង​នំប៉័ង​ឥត​ដំបែ​ជា​និមិត្តរូប​នៃ​ជីវិត​ដែល​ទ្រង់​បាន​បម្រុង​នឹង​ធ្វើ​ជា​យញ្ញបូជា​សំរាប់​មនុស្ស​លោក។ ដូច្នេះ នៅ​បុណ្យ​រំឭក​ប្រចាំ​ឆ្នាំ​នេះ ពួក​សំណល់​ចាក់ប្រេងតាំង​នៃ​ពួក​១៤៤.០០០​នាក់ ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូវ​នៅ​លើ​ផែនដី បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សេចក្ដី​សង្ឃឹម​ទៅ​ស្ថានសួគ៌​របស់​ពួកគេ ដោយ​ទទួល​ទាន​នំប៉័ង​និង​ស្រា​នោះ។

៣០ (​ក​) តើ​ពួក​ណា​ផ្សេង​ទៀត​ដែល​គួរ​នឹង​ចូល​រួបរួម​ធ្វើ​បុណ្យ​រំឭក ហើយ​តើ​សេចក្ដី​សង្ឃឹម​របស់​ពួកគេ​ជា​អ្វី? (​ខ​) តើ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ពណ៌នា​យ៉ាង​ណា អំពី​ពួក​នេះ?

៣០ មនុស្ស​រាប់​លាន​នាក់​ផ្សេង​ទៀត ដែល​ចូលរួម​ក្នុង​ពិធី​បុណ្យ​រំឭក​នៅ​តាម​សាលព្រះរាជាណាចក្រ​នៅ​ជុំវិញ​ផែនដី​ទាំងមូល​នេះ មាន​ចិត្ត​រីករាយ​ជា​អ្នក​ពិនិត្យមើល។ ពួកគេ​ក៏​ត្រូវ​បាន​រំឭក​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​មក ដែល​បើក​ឲ្យ​មាន​លទ្ធភាព​អាច​រំដោះ​ពួកគេ​ពី​អំពើ​បាប​និង​សេចក្ដី​ស្លាប់​នោះ។ ប៉ុន្តែ​ជាជាង​រង់ចាំ​ដោយ​រីករាយ​ចំពោះ​ជីវិត​នៅ​ស្ថានសួគ៌ ពួកគេ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម​ចំពោះ​ការ​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​វិញ។ ពួកគេ​ដូច​ជា​លោក​យ៉ូហាន​-​បាទីស្ទ​ដែរ ដែល​បាន​និយាយ​អំពី​ខ្លួន​គាត់​ជា​«​ពួក​មិត្តសំឡាញ់​របស់​កូន​កម្លោះ​»​ ជាជាង​ជា​ផ្នែក​នៃ​ពួក​ប្រពន្ធ​ថ្មោង​ថ្មី​របស់​ព្រះ​គ្រីស្ទ​ដែល​មាន​១៤៤.០០០​នាក់​នោះ។ (​យ៉ូហាន ៣:២៩, ពថ​) ពួក​រាប់​លាន​នាក់​នេះ​ជា​ផ្នែក​នៃ​ពួក​«​ចៀម​ឯ​ទៀត​»​ ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​មក។ ពួកគេ​មិន​មែន​ជា​សមាជិក​នៃ​ពួក​«​ហ្វូង​តូច​»​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ពួកគេ​បម្រើ​ដោយ​សាមគ្គីភាព​ជា​មួយ​នឹង​ពួក​«​ហ្វូង​តូច​»​ដើម្បី​ទាំងអស់​នឹង​បាន​«​ជា​ហ្វូង​តែ​១​»​វិញ។—យ៉ូហាន ១០:១៦; លូកា ១២:៣២

ការ​បម្រើ​ព្រះ​ជា​មួយ​នឹង​អង្គការ​របស់​ទ្រង់

៣១ តើ​មាន​សក្ខីភាព​ណា ដែល​ថា​ព្រះ​ទ្រង់​មិន​ពេញ​ព្រះ​ហឫទ័យ​នឹង​ពួក​ណា​ដែល​នៅ​មាន​ចំណែក​នឹង​សាសនា​មិន​ពិត ហើយ​ដំណាល​គ្នា​នោះ​ខំ​ព្យាយាម​ឲ្យ​មាន​ចំណែក​នឹង​អង្គការ​របស់​ទ្រង់​ដែរ?

៣១ ជា​ការ​ច្បាស់​យ៉ាង​ណា​ទៅ​ហ្ន៎ ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​អង្គការ​ដែល​មើល​ឃើញ​មួយ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​ដូច​នៅ​សម័យ​អតីតកាល​នោះ​ដែរ! ទ្រង់​កំពុង​តែ​ប្រើ​អង្គការ​នេះ​សព្វ​ថ្ងៃ ក្នុង​ការ​បង្ហាត់​មនុស្ស​ម្នា​ដើម្បី​ជីវិត​នៅ​ក្នុង​របប​ថ្មី​ដ៏​សុចរិត​របស់​ទ្រង់។ ក៏​ប៉ុន្តែ យើង​មិន​អាច​មាន​ចំណែក​នឹង​អង្គការ​របស់​ព្រះ ហើយ​នៅ​ពេល​ដំណាល​គ្នា​នោះ​មាន​ចំណែក​នឹង​សាសនា​មិន​ពិត​បាន​ទេ។ ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​៖ ​«​កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ នឹង​ងងឹត​លាយឡំ​គ្នា​ដូច​ម្ដេច​បាន? . . . ឬ​អ្នក​ជឿ​មាន​ចំណែក​អ្វី​នឹង​អ្នក​ដែល​មិន​ជឿ​»​? ដូច្នេះ ព្រះ​បាន​បញ្ជា​ថា​៖ ​«​ចូរ​ចេញ​ពី​កណ្ដាល​ពួកគេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយឡែក​»។—កូរិនថូសទី២ ៦:១៤​-​១៧

៣២ (​ក​) ប្រសិន​បើ​យើង​ចង់ ​«​ចេញ​ពី​កណ្ដាល​ពួកគេ​»​នោះ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា? (​ខ​) តើ​ពរ​អ្វី​ខ្លះ​ដែល​យើង​នឹង​ទទួល ប្រសិន​បើ​យើង​សម្រេច​ចិត្ត​ដ៏​ម៉ឺងម៉ាត់ ដើម្បី​បម្រើ​ព្រះ​ជា​មួយ​នឹង​អង្គការ​ព្រះ​ធិបតេយ្យ​ដែល​មើល​ឃើញ​របស់​ទ្រង់​នោះ?

៣២ តើ​ការ​«​ចេញ​ពី​កណ្ដាល​ពួកគេ​»​ មាន​ន័យ​យ៉ាង​ណា? យើង​មិន​អាច​ថា យើង​ជា​អ្នក​គោរព​បទ​បញ្ជា​នេះ​បាន​ឡើយ បើ​យើង​នៅ​តែ​មាន​ចំណែក​ឬ​ក៏​យើង​ផ្ដល់​នូវ​ការ​គាំទ្រ​ដល់​អង្គការ​សាសនា​ផ្សេង​ទៀត ក្រៅ​ពី​អង្គការ​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រើ​នេះ។ ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៃ​ពួក​យើង នៅ​តែ​ជា​របស់​ផង​នៃ​អង្គការ​សាសនា​បែប​នោះ យើង​ត្រូវ​តែ​ជំរាប​ឲ្យ​អង្គការ​សាសនា​នោះ​ដឹង​ជា​ផ្លូវការ​ថា យើង​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គការ​នោះ។ ប្រសិន​បើ​ឥឡូវ​នេះ យើង​ចាក​ចេញ​ពី​ពួក​ដែល​អនុវត្ត​នូវ​សាសនា​មិន​ពិត ហើយ​សម្រេច​ចិត្ត​ដ៏​ម៉ឺងម៉ាត់​ក្នុង​ការ​បម្រើ​ព្រះ​ជា​មួយ​នឹង​អង្គការ​ដែល​មើល​ឃើញ​របស់​ទ្រង់ យើង​នឹង​ទៅ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​ដែល​ព្រះ​មាន​បន្ទូល​ថា​៖ ​«​អញ​នឹង​នៅ​ក្នុង​គេ ហើយ​នឹង​ដើរ​ជា​មួយ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ​»។—កូរិនថូសទី២ ៦:១៦

[​រូបភាព​នៅ​ទំព័រ​១៩២​]

នៅ​សម័យ​ទឹក​ជំនន់ តើ​ព្រះ​ទ្រង់​មាន​អង្គការ​ច្រើន​ជាង​មួយ​ឬ?

[​រូបភាព​នៅ​ទំព័រ​១៩៦​]

មន្ទីរ​ចាត់ការ​ពិភពលោក​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

ការិយាល័យ​នីតិប្រតិបត្ដិ

ប្រព័ន្ធ​កុំព្យូទ័រ

រោង​ពុម្ព​នៅ​ប៊្រុគ្លីន

ម៉ាស៊ីន​បោះ​ពុម្ព​បង្វិល

រោងចក្រ​ដេរ​សៀវភៅ

កន្លែង​សំរាប់​ដឹក​ជញ្ជូន

[​រូបភាព​នៅ​ទំព័រ​១៩៧​]

រោង​ពុម្ព​ខ្លះ​នៃ​រោង​ពុម្ព ជា​ច្រើន​ទៀត​របស់​សមាគម​ប៉មយាម

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

ក្រុង​វ៉ាលគីល រដ្ឋ​ញូវយ៉ក

ប្រទេស​កាណាដា

ប្រទេស​ប្រេហ្ស៊ីល

ប្រទេស​អង់គ្លេស

[​រូបភាព​នៅ​ទំព័រ​១៩៨​]

ពួក​ខ្លះ​នៃ​ពួក​ប្រជុំ​ជន​២៥៣.៩២២​នាក់ នៅ​មហា​សន្និបាត​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មួយ នៅ​ទីក្រុង​ញូវយ៉ក

កីឡាដ្ឋាន​ប៉ូឡូ

កីឡា​មណ្ឌល​យ៉ាង្គី

[​រូបភាព​នៅ​ទំព័រ​២០១​]

កម្មវិធី​នៃ​ការ​បង្រៀន​ព្រះ​គម្ពីរ​ត្រូវ​បាន​ទទួល​ដោយ​បណ្ដាជន​នៅ​ឯ​ទីប្រជុំ​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក