បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ១៣ ទំ. ១១២-១១៩
  • រដ្ឋាភិបាលរបស់ព្រះដែលផ្ដល់នូវសន្ដិភាព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រដ្ឋាភិបាលរបស់ព្រះដែលផ្ដល់នូវសន្ដិភាព
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​រាជាណាចក្រ
  • ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​សំរាប់​ផែនដី
  • ព្រះ​យេហូវ៉ា​នៅ​ចាំ​សេចក្ដី​សន្យា​របស់​ទ្រង់
  • តើរាជាណាចក្ររបស់ព្រះជាអ្វី? តើអ្វីបង្ហាញថាយើងចង់បានរាជាណាចក្រព្រះ?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • សេចក្ដីស្របគ្នាទាំងស្រុងនៃព្រះគម្ពីរ
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ១៣ ទំ. ១១២-១១៩

ជំពូក​ទី១៣

រដ្ឋាភិបាល​របស់​ព្រះ​ដែល​ផ្ដល់​នូវ​សន្ដិភាព

១ តើ​រដ្ឋាភិបាល​របស់​មនុស្ស​មិន​បាន​សម្រេច​អ្វី​ខ្លះ?

តើ​លោក​អ្នក​បាន​សម្គាល់​ឃើញ​ទេ​ថា រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស សូម្បី​តែ​រដ្ឋាភិបាល​ដែល​មាន​ចេតនា​ល្អ​ក៏​ដោយ ក៏​មិន​បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​ដ៏​ពិត​របស់​ប្រជា​រាស្ត្រ​បាន​ទេ? គ្មាន​មួយ​ណា​បាន​ដោះ​ស្រាយ​បញ្ហា​នៃ​ឧក្រិដ្ឋកម្ម​និង​សេចក្ដី​ស្អប់​ពូជ​សាសន៍ ឬ​បាន​ផ្ដល់​ម្ហូប​​អាហារ​និង​លំនៅ​យ៉ាង​ត្រឹម​ត្រូវ​សំរាប់​ប្រជា​រាស្ត្រ​របស់​ពួកគេ​បាន​ឡើយ។ ពួកគេ​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​គេ​រួច​ទាំង​ស្រុង​ពី​ជម្ងឺ​បាន​ទេ។ ក៏​គ្មាន​រដ្ឋាភិបាល​ណា​ដែល​អាច​បញ្ឈប់​នូវ​ភាព​ចាស់​ជរា​ឬ​សេចក្ដី​ស្លាប់ ឬ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មាន​ជីវិត​រស់​ឡើង​វិញ​បាន​ដែរ។ សូម្បី​តែ​សន្ដិភាព​និង​សន្ដិសុខ​ដ៏​យូរ​អង្វែង​ក៏​គ្មាន​មួយ​ណា​អាច​ផ្ដល់​ឲ្យ​ពលរដ្ឋ​គេ​បាន​ទេ។ រដ្ឋាភិបាល​របស់​មនុស្ស​គឺ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ធំ​ៗ ដែល​មនុស្ស​បាន​ជួបប្រទះ​ទេ។

២ អ្វី​ដែល​ជា​សារ​ដ៏​សំខាន់​បំផុត​នៃ​ព្រះ​គម្ពីរ?

២ ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង ទ្រង់​ជ្រាប​ថា​យើង​ត្រូវ​ការ​ជា​ចាំបាច់ នូវ​រដ្ឋាភិបាល​ដ៏​សុចរិត​មួយ ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​មាន​លទ្ធភាព​អាច​អរ​សប្បាយ​ឲ្យ​បាន​ពេញលេញ​នឹង​ជីវិត​ដែល​ប្រកប​ដោយ​សុភមង្គល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ចែង​ប្រាប់​អំពី​រដ្ឋាភិបាល​មួយ ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ជា​ការ​ពិត រដ្ឋាភិបាល​ដែល​ត្រូវ​បាន​សន្យា​មក​នេះ ជា​សារ​ដ៏​សំខាន់​បំផុត​នៃ​ព្រះ​គម្ពីរ។

៣ តើ​អេសាយ ៩:៦, ៧ បាន​ចែង​យ៉ាង​ណា​ខ្លះ​អំពី​រដ្ឋាភិបាល​របស់​ព្រះ?

៣ ប៉ុន្តែ​អ្នក​ប្រហែល​ជា​សួរ​ថា​៖ ‹នៅ​កន្លែង​ណា​ដែល​ព្រះ​គម្ពីរ​បាន​ចែង​អំពី​រដ្ឋាភិបាល​ព្រះ​នោះ›? ព្រះ​គម្ពីរ​បាន​ចែង​មែន​អំពី​ការ​នេះ ឧទាហរណ៍​នៅ​អេសាយ ៩:៦, ៧ បាន​ចែង​មក​ថា​៖ ​«​ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ​នាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប នឹង​ជា​ម្ចាស់​នៃ​មេត្រីភាព។ ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋបាល​ទ្រង់​នឹង​សេចក្ដី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​»។

៤ អ្នក​ណា​ជា​បុត្រ ដែល​ទៅ​ជា​អ្នក​គ្រប់​គ្រង​នៃ​រដ្ឋាភិបាល​របស់​ព្រះ?

៤ នៅ​ទីនេះ​ព្រះ​គម្ពីរ​បាន​ចែង​អំពី​កំណើត​នៃ​បុត្រ​មួយ គឺ​ជា​ព្រះ​រាជបុត្រា​មួយ​អង្គ។ ក្រោយ​មក ‹ព្រះ​រាជបុត្រា​របស់​ស្តេច​មួយ​អង្គ​នេះ› នឹង​បាន​ទៅ​ជា​អ្នក​គ្រប់​គ្រង​មួយ​អង្គ​ដ៏​ធំ ​«​ជា​ម្ចាស់​នៃ​មេត្រីភាព​»។ ទ្រង់​នឹង​មាន​ភារៈ​ជា​អ្នក​គ្រប់​គ្រង​លើ​រដ្ឋាភិបាល​ដែល​ពិត​ជា​អស្ចារ្យ​មួយ។ រដ្ឋាភិបាល​នេះ​នឹង​នាំ​មក​នូវ​សន្ដិភាព​ឲ្យ​ផែនដី​ទាំងមូល ហើយ​សន្ដិភាព​នោះ​នឹង​ឋិតថេរ​នៅ​ជា​និរន្តរ៍។ បុត្រ​ដែល​កំណើត​របស់​ទ្រង់​បាន​ទាយ​ទុក​ជា​មុន​នៅ​អេសាយ ៩:៦, ៧ គឺ​ជា​ព្រះ​យេស៊ូវ។ ពេល​ដែល​បាន​ប្រកាស​ពី​កំណើត​របស់​ទ្រង់​ទៅ​ស្រី​ក្រមុំ​បរិសុទ្ធ​ឈ្មោះ​នាង​ម៉ារា ទេវតា​ម្នាក់​ឈ្មោះ​កាព្រីយ៉ែល​បាន​មាន​ប្រសាសន៍​អំពី​ព្រះ​យេស៊ូវ​ថា​៖ ​«​ទ្រង់​នឹង​សោយ​រាជ្យ . . . ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ​»។—លូកា ១:៣០​-​៣៣

ការ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​រាជាណាចក្រ

៥ (​ក​) តើ​សារៈ​សំខាន់​នៃ​រាជាណាចក្រ​បាន​ត្រូវ​បង្ហាញ​យ៉ាង​ណា​នៅ​ក្នុង​ព្រះ​គម្ពីរ? (​ខ​) តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ទៅ ហើយ​រាជ្យ​នេះ​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

៥ ពេល​ដែល​ពួកគេ​គង់​នៅ​លើ​ផែនដី​នៅ​ឡើយ កិច្ចការ​ដ៏​សំខាន់​បំផុត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​និង​ពួក​អ្នក​គាំទ្រ​ទ្រង់​នោះ គឺ​ជា​ការ​ផ្សាយ​និង​បង្រៀន​អំពី​ព្រះ​រាជាណាចក្រ​ដែល​នឹង​ត្រូវ​មក​ដល់។ (​លូកា ៤:៤៣; ៨:១​) ទ្រង់​និង​ពួកគេ​បាន​ធ្វើ​និទ្ទេស​អំពី​រាជាណាចក្រ​នោះ ១៤០​ដង​នៅ​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​យេស៊ូវ​ថែម​ទាំង​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​ទៅ​ព្រះ​ថា​៖ ​«​សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ​»។ (​ម៉ាថាយ ៦:១០​) តើ​រាជាណាចក្រ ដែល​គ្រីស្ទាន​បាន​អធិស្ឋាន​សូម​នោះ ពិត​ជា​រដ្ឋាភិបាល​មួយ​ឬ? អ្នក​ប្រហែល​ជា​មិន​បាន​គិត​ពី​រឿង​នេះ​ទេ ប៉ុន្តែ​ព្រះ​រាជាណាចក្រ​នេះ​គឺ​ពិត​ជា​រដ្ឋាភិបាល​មួយ​មែន។ ព្រះ​រាជ​បុត្រ​របស់​ព្រះ ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នេះ។ ហើយ​ផែនដី​ទាំងមូល​នឹង​ទៅ​ជា​ទឹកដី​ដែល​ទ្រង់​គ្រប់​គ្រង​ពី​លើ។ តើ​ជា​ការ​ប្រសើរ​យ៉ាង​ណា​ទៅ​ហ្ន៎ នៅ​ពេល​ដែល​មនុស្ស​លោក​នឹង​មិន​បែក​បាក់​គ្នា​ទៅ​ជា​សាសន៍​ជា​ច្រើន​ដែល​ប្រឆាំង​នឹង​គ្នា ប៉ុន្តែ​ទាំងអស់​នឹង​សាមគ្គី​គ្នា​ដោយ​សន្ដិភាព នៅ​ក្រោម​រាជ​រដ្ឋាភិបាល​របស់​ព្រះ​ទៅ​វិញ!

៦ ពេល​ដែល​ព្រះ​យេស៊ូវ​គង់​នៅ​លើ​ផែនដី ហេតុ​អ្វី​ក៏​អាច​និយាយ​ថា​រាជាណាចក្រ​«​ជិត​ដល់​ហើយ​»​និង​«​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ហើយ​»​?

៦ លោក​យ៉ូហាន​-​បាទីស្ទ បាន​ចាប់​ផ្ដើម​ប្រកាស​ពី​រដ្ឋាភិបាល​នេះ ដោយ​មាន​ប្រសាសន៍​ប្រាប់​ប្រជាជន​ថា​៖ ​«​ចូរ​ឲ្យ​ប្រែចិត្ត​ចុះ ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ​»។ (​ម៉ាថាយ ៣:១, ២​) ហេតុ​អ្វី​ក៏​លោក​យ៉ូហាន​អាច​មាន​ប្រសាសន៍​យ៉ាង​នេះ​បាន? ពីព្រោះ​ព្រះ​យេស៊ូវ ដែល​ទ្រង់​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង​នៃ​រដ្ឋាភិបាល​សួគ៌ា​របស់​ព្រះ ទ្រង់​ជិត​នឹង​ត្រូវ​បាន​ជ្រមុជ​ទឹក​ដោយសារ​លោក ហើយ​នឹង​ត្រូវ​បាន​ចាក់ប្រេងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ ដូច្នេះ​អ្នក​អាច​យល់​ពី​មូលហេតុ ដែល​ព្រះ​យេស៊ូវ​ក្រោយ​មក​បាន​មាន​បន្ទូល​ប្រាប់​ទៅ​ពួក​ផារិស៊ី​ថា​៖ ​«​មើល នគរ​ព្រះ​ក៏​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ហើយ​»។ (​លូកា ១៧:២១​) រឿង​នេះ​គឺ​ពីព្រោះ​ព្រះ​យេស៊ូវ ដែល​ព្រះ​បាន​តែងតាំង​ទ្រង់​ជា​ស្តេច បាន​គង់​នៅ​ទីនោះ​ជា​មួយ​នឹង​ពួកគេ។ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លះ​នៃ​ការ​ប្រកាស​និង​ការ​បង្រៀន​របស់​ទ្រង់ ព្រះ​យេស៊ូវ​ដោយសារ​ភក្ដីភាព​របស់​ទ្រង់​ចំពោះ​ព្រះ​រហូត​ដល់​បាន​ទទួល​មរណភាព បាន​សម្ដែង​ឲ្យ​ឃើញ​ជា​ភស្តុតាង​ថា​ទ្រង់​សមនឹង​មាន​សិទ្ធិ​នឹង​ធ្វើ​ជា​ស្តេច​មែន។

៧ តើ​អ្វី​ដែល​បង្ហាញ​ថា​រាជាណាចក្រ​ជា​រឿង​ដ៏​សំខាន់​មួយ ពេល​ដែល​ព្រះ​យេស៊ូវ​គង់​នៅ​លើ​ផែនដី​នោះ?

៧ ដើម្បី​បង្ហាញ​ថា​ព្រះ​រាជាណាចក្រ​របស់​ព្រះ ជា​រឿង​ដ៏​សំខាន់​នៅ​កំឡុង​ពេល​កិច្ចបម្រើ​របស់​ព្រះ​យេស៊ូវ សូម​យើង​ពិចារណា​មើល​ពី​អ្វី​ដែល​កើត​មាន​ឡើង នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​មុន​មរណភាព​របស់​ទ្រង់។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា​ប្រជាជន​បាន​ចោទ​ប្រកាន់​ព្រះ​យេស៊ូវ​ដោយ​និយាយ​ថា​៖ ​«​មនុស្ស​នេះ នាំ​បំភាន់​សាសន៍​យើង​ឲ្យ​វង្វេង​ចេញ ក៏​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ​ផង ដោយ​លើក​ខ្លួន​ថា​ជា​ព្រះ​គ្រីស្ទ គឺ​ជា​ស្តេច​ដែរ​»។ ពេល​ដែល​ឮ​សេចក្ដី​ទាំង​នេះ ចៅហ្វាយ​ខេត្ត​រ៉ូម លោក​ប៉ុនទាស​-​ពីឡាត់​បាន​សួរ​ព្រះ​យេស៊ូវ​ថា​៖ ​«​តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន​ឬ​អី​»​?—លូកា ២៣:១​-​៣

៨ (​ក​) តើ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឆ្លើយ​យ៉ាង​ណា ពេល​ដែល​ទ្រង់​បាន​ត្រូវ​សួរ​ថា តើ​ទ្រង់​ជា​ស្តេច​ទេ​នោះ? (​ខ​) តើ​ព្រះ​យេស៊ូវ​ទ្រង់​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា រាជាណាចក្រ​ទ្រង់​«​មិន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ​»​?

៨ ព្រះ​យេស៊ូវ​មិន​បាន​មាន​បន្ទូល​ឆ្លើយ​ទៅ​សំនួរ​របស់​លោក​ពីឡាត់​ត្រង់​ៗ​ទេ ប៉ុន្តែ​បាន​មាន​បន្ទូល​ថា​៖ ​«​នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ បើសិនជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​តយុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ​»។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឆ្លើយ​តាម​របៀប​នេះ ពីព្រោះ​ព្រះ​​រាជាណាចក្រ​របស់​ទ្រង់​មិន​មែន​ជា​រាជ្យ​ដែល​នៅ​ផែនដី​នេះ​ទេ។ ទ្រង់​នឹង​ត្រូវ​គ្រប់​គ្រង​ពី​ស្ថានសួគ៌ មិន​មែន​ដូច​មនុស្ស​ដែល​គ្រង​ពី​បល្ល័ង្ក​ណា​មួយ​នៅ​លើ​ផែនដី​ឡើយ។ ដោយ​ព្រោះ​តែ​រឿង​ចំណោទ​នោះ​ស្តី​អំពី​សិទ្ធិ​របស់​ព្រះ​យេស៊ូវ ថា​តើ​ទ្រង់​មាន​សិទ្ធិ​គ្រប់​គ្រង​ជា​ស្តេច​ឬ​មិន​មាន​ទេ​នោះ លោក​ពីឡាត់​ក៏​បាន​សួរ​ព្រះ​យេស៊ូវ​ម្ដង​ទៀត​ថា​៖ ​«​ដូច្នេះ អ្នក​ជា​ស្តេច​មែន​ឬ​»​?

៩ (​ក​) តើ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រកាស​នូវ​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​អ្វី? (​ខ​) តើ​អ្វី​ជា​សំនួរ​ដ៏​សំខាន់​សព្វ​ថ្ងៃ​នេះ?

៩ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេស៊ូវ​ត្រូវ​បាន​តុលាការ​កំពុង​វិនិច្ឆ័យ​ទោស​ដល់​ព្រះ​ជន្ម​របស់​ព្រះ​អង្គ ពីព្រោះ​ទ្រង់​បាន​ប្រកាស​និង​បង្រៀន​អំពី​រដ្ឋាភិបាល​ថ្មី​មួយ។ ដូច្នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឆ្លើយ​ទៅ​លោក​ពីឡាត់​ថា​៖ ​«​លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៨:៣៦, ៣៧​) មែន​ហើយ ព្រះ​យេស៊ូវ​បាន​ប្រើ​ជីវិត​របស់​ទ្រង់​នៅ​លើ​ផែនដី ដើម្បី​ប្រាប់​មនុស្ស​លោក​ពី​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​អំពី​រាជ​រដ្ឋាភិបាល​របស់​ព្រះ។ នេះ​ជា​សារ​ដ៏​សំខាន់​បំផុត​របស់​ទ្រង់។ ហើយ​ព្រះ​រាជាណាចក្រ​នេះ​ក៏​នៅ​ជា​រឿង​ដ៏​សំខាន់​បំផុត​សព្វ​ថ្ងៃ​នេះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ សំនួរ​ទាំង​នេះ​ត្រូវ​ការ​ឆ្លើយ​ជា​ចាំបាច់​៖ តើ​រដ្ឋាភិបាល​មួយ​ណា​ជា​ការ​សំខាន់​បំផុត​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ​? តើ​ជា​រដ្ឋាភិបាល​របស់​មនុស្ស ឬ​ក៏​ជា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​មាន​ព្រះ​គ្រីស្ទ​ជា​អ្នក​គ្រប់​គ្រង?

ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​សំរាប់​ផែនដី

១០ (​ក​) តើ​ពេល​ណា​ដែល​ព្រះ​ទ្រង់​បាន​ទត​ឃើញ​នូវ​សេចក្ដី​ត្រូវ​ការ​នៃ​រដ្ឋាភិបាល​ថ្មី​មួយ? (​ខ​) នៅ​ក្នុង​ព្រះ​គម្ពីរ តើ​នៅ​កន្លែង​ណា​ដែល​ឯកសារ​យោង​ទី​មួយ​បាន​ត្រូវ​ធ្វើ​ឡើង​ចំពោះ​រដ្ឋាភិបាល​នេះ? (​គ​) តើ​អ្នក​ណា​ត្រូវ​បាន​តំណាង​ដោយ​សត្វ​ពស់?

១០ នៅ​ពេល​ដែល​សាតាំង​បាន​នាំ​អ័ដាម​និង​នាង​អេវ៉ា​ឲ្យ​ចូលរួម​ជា​មួយ​វា​ក្នុង​ការ​បះបោរ​ប្រឆាំង ពេល​នោះ​ហើយ​ដែល​ព្រះ​យេហូវ៉ា​បាន​ទត​ឃើញ​សេចក្ដី​ត្រូវ​ការ​ជា​ចាំបាច់ នូវ​រដ្ឋាភិបាល​ថ្មី​មួយ​​សំរាប់​មនុស្ស​លោក។ ដូច្នេះ​ភ្លាម​នោះ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អំពី​ព្រះ​បំណង​ទ្រង់​ក្នុង​ការ​ចាត់​ចែង​ឲ្យ​មាន​រដ្ឋាភិបាល​បែប​នេះ។ ទ្រង់​បាន​មាន​បន្ទូល​សំដៅ​ចំពោះ​រដ្ឋាភិបាល​នេះ កាល​ដែល​ទ្រង់​បាន​ប្រកាស​ការ​វិនិច្ឆ័យ​ទោស​ទៅ​លើ​សត្វ​ពស់ ដែល​តាម​ការ​ពិត​ទ្រង់​មាន​បន្ទូល​ទៅ​អារក្ស​សាតាំង​ថា​៖ ​«​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង​ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ​»។—លោកុប្បត្តិ ៣:១៤, ១៥

១១ រវាង​អ្នក​ណា​នឹង​អ្នក​ណា​ដែល​នឹង​ត្រូវ​កើត​មាន​ការ​សម្អប់​នោះ?

១១ ប៉ុន្តែ​អ្នក​ប្រហែល​ជា​សួរ​ថា​៖ ‹តើ​យ៉ាង​ដូចម្ដ៉េច​ក៏​មិន​ឃើញ​និយាយ​អ្វី​សោះ​អំពី​រដ្ឋាភិបាល​នៅ​កន្លែង​នេះ›? សូម​យើង​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​អំពី​សេចក្ដី​ថ្លែង​នេះ ហើយ​យើង​នឹង​បាន​យល់​ពី​ការ​នេះ។ បទ​គម្ពីរ​នេះ​បាន​ចែង​ថា នឹង​មាន​សេចក្ដី​ខ្មាំង​ឬ​ក៏​ការ​ស្អប់​គ្នា​រវាង​សាតាំង​និង​«​ស្ត្រី​»។ បន្ថែម​ទៅ​ទៀត នឹង​មាន​ការ​ស្អប់​គ្នា​រវាង​«​ពូជ​»​ឬ​ក៏​កូនចៅ​របស់​សាតាំង និង​«​ពូជ​»​ឬ​ក៏​កូនចៅ​របស់​ស្ត្រី។ ជា​បឋម យើង​ត្រូវ​តែ​ដឹង តើ​អ្នក​ណា​ជា​«​ស្ត្រី​»​នេះ។

១២ នៅ​ក្នុង​វិវរណៈ​ជំពូក​ទី១២ តើ​អ្វី​ខ្លះ​បាន​ត្រូវ​ចែង​អំពី​«​ស្ត្រី​»​នោះ?

១២ នាង​មិន​មែន​ជា​ស្ត្រី​ពី​ផែនដី​ទេ។ សាតាំង​មិន​មាន​ការ​ស្អប់​ពិសេស​ចំពោះ​មនុស្ស​ស្រី​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​ស្ត្រី​និមិត្តរូប​មួយ។ គឺ​ថា នាង​នេះ​ជា​តំណាង​ចំពោះ​អ្វី​មួយ​ផ្សេង​ទៅ​វិញ។ រឿង​នេះ​បាន​ត្រូវ​បង្ហាញ​នៅ​ក្នុង​សៀវភៅ​វិវរណៈ នៅ​ចុង​ក្រោយ​បង្អស់​នៃ​ព្រះ​គម្ពីរ ដែល​ទីនោះ​មាន​ពត៌មាន​អំពី​នាង​ជា​ច្រើន​ទៅ​ទៀត។ ​«​ស្ត្រី​»​បាន​ត្រូវ​ពណ៌នា​ជា​«​ស្ត្រី​ម្នាក់​ប្រដាប់​ខ្លួន​ដោយ​ព្រះ​អាទិត្យ មាន​ព្រះ​ចន្ទ​នៅ​ក្រោម​ជើង ក៏​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​១២​នៅ​លើ​ក្បាល​ដែរ​»។ ដើម្បី​ជួយ​យើង​ឲ្យ​យល់​អ្នក​ណា​ជា​តំណាង​«​ស្ត្រី​»​នេះ សូម​កត់សំគាល់​ពី​អ្វី​ដែល​សៀវភៅ​វិវរណៈ​ចែង​បន្ត​ទៅ​ទៀត​អំពី​កូន​របស់​នាង​៖ ​«​នាង​សំរាល​បាន​កូន​ប្រុស ដែល​ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ​ទ្រង់​លើក​កូន​នាង​ទៅ​ឯ​ទ្រង់ នឹង​ដល់​បល្ល័ង្ក​ទ្រង់​វិញ​»។—វិវរណៈ ១២:១​-​៥

១៣ តើ​អ្នក​ណា​ឬ​ក៏​អ្វី​ដែល​តំណាង​ដោយ​«​កូន​ប្រុស​»​និង​«​ស្ត្រី​»​នោះ?

១៣ ការ​យល់​ដឹង​ពី​អ្នក​ណា​ឬ​អ្វី​ដែល​ជា​«​កូន​ប្រុស​»​ នឹង​ជួយ​យើង​ឲ្យ​រកឃើញ​នូវ​អ្នក​ណា​ឬ​ក៏​អ្វី​ដែល​ជា​តំណាង​«​ស្ត្រី​»​នោះ។ កូន​នោះ​មិន​មែន​ជា​បុគ្គល​មែនទែន​ទេ ដូច​ជា​ស្ត្រី​ក៏​មិន​មែន​ជា​មនុស្ស​ស្រី​ពិត​ប្រាកដ​ដែរ។ បទ​គម្ពីរ​នោះ​បាន​បង្ហាញ​ថា ​«​កូន​ប្រុស​»​នេះ​នឹង​«​ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍​»។ ដូច្នេះ​ហើយ​«​កូន​»​នេះ តំណាង​រដ្ឋាភិបាល​របស់​ព្រះ ដោយ​មាន​ព្រះ​យេស៊ូវ​គ្រីស្ទ​គ្រប់​គ្រង​ជា​ស្តេច។ អញ្ចឹង​ហើយ​«​ស្ត្រី​»​តំណាង​អង្គការ​របស់​ព្រះ រួបរួម​ដោយ​សត្តនិករ​ដ៏​ស្មោះ​ត្រង់​នៅ​ស្ថានសួគ៌។ ដូច​ជា​«​កូន​ប្រុស​»​បាន​មក​ពី​«​ស្ត្រី​»​ ដូច្នេះ​ហើយ​សម្ដេច​យេស៊ូវ​គ្រីស្ទ ក៏​បាន​ចេញ​មក​ពី​អង្គការ​សួគ៌ា ដែល​ជា​គណៈ​នៃ​សត្តនិករ​វិញ្ញាណ​ដ៏​ស្មោះ​ត្រង់ នៅ​ស្ថានសួគ៌​ដែល​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​សម្រេច​នូវ​បំណង​របស់​ព្រះ។ នៅ​កាឡាទី ៤:២៦ ហៅ​អង្គការ​នេះ​ជា ​«​ក្រុង​យេរូសាឡិម ដែល​នៅ​ស្ថាន​លើ​»។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​អ័ដាម​និង​នាង​អេវ៉ា​បាន​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​ជា​លើក​ទី​មួយ​នោះ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឡើង​នូវ​រាជ​រដ្ឋាភិបាល​មួយ ដែល​នឹង​បាន​ជា​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត។

ព្រះ​យេហូវ៉ា​នៅ​ចាំ​សេចក្ដី​សន្យា​របស់​ទ្រង់

១៤ (​ក​) តើ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​បង្ហាញ​យ៉ាង​ណា ថា​ទ្រង់​នៅ​ចាំ​សេចក្ដី​សន្យា​របស់​ទ្រង់​អំពី​«​ពូជ​»​មួយ​ដែល​នឹង​ជាន់​ក្បាល​សាតាំង? (​ខ​) តើ​អ្នក​ណា​ជា​«​ពូជ​»​សន្យា​នោះ?

១៤ ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​សេចក្ដី​សន្យា​របស់​ទ្រង់ ក្នុង​ការ​បញ្ជូន​«​ពូជ​»​មួយ​ដែល​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង​លើ​រដ្ឋាភិបាល​របស់​ទ្រង់​នោះ​ទេ។ អ្នក​គ្រប់​គ្រង​នេះ​នឹង​ធ្វើ​ឲ្យ​សាតាំង​ហិនវិនាស​ដោយ​ជាន់​កំទេច​ក្បាល​វា។ (​រ៉ូម ១៦:២០; ហេព្រើរ ២:១៤​) ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា ពូជ​សន្យា​នេះ​នឹង​ត្រូវ​មក​តាម​រយៈ​ពូជ​អ័ប្រាហាំ​ជា​បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ថា​៖ ​«​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​ឯង​»។ (​លោកុប្បត្តិ ២២:១៨​) តើ​អ្នក​ណា​ជា​«​ពូជ​»​ដែល​បាន​ត្រូវ​សន្យា​ថា​នឹង​មក​តាម​ជួរ​អ័ប្រាហាំ​នេះ? ក្រោយ​មក​ព្រះ​គម្ពីរ​បាន​ឲ្យ​ចម្លើយ​ដោយ​ចែង​ថា​៖ ​«​រីឯ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា ‹នឹង​ពូជ​ទាំង​ប៉ុន្មាន› ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា ‹នឹង​ពូជ​លោក​១​នោះ​ឯង› គឺ​ជា​ព្រះ​គ្រីស្ទ​»។ (​កាឡាទី ៣:១៦​) ព្រះ​យេហូវ៉ា​ក៏​បាន​មាន​បន្ទូល​ប្រាប់​ទៅ​កូន​ប្រុស​របស់​អ័ប្រាហាំ ​អ៊ីសាក​និង​ចៅ​របស់​លោក​យ៉ាកុប​ទៀត​ថា ​«​ពូជ​»​នៃ​«​ស្ត្រី​»​របស់​ព្រះ នឹង​មក​តាម​រយៈ​ពូជ​អម្បូរ​របស់​ពួកគេ។—លោកុប្បត្តិ ២៦:១​-​៥; ២៨:១០​-​១៤

១៥, ១៦ តើ​អ្វី​ដែល​បញ្ជាក់​ថា​«​ពូជ​»​បាន​ត្រូវ​ទៅ​ជា​ស្តេច​គ្រប់​គ្រង​មួយ​អង្គ?

១៥ ដើម្បី​ឲ្យ​បាន​យល់​ច្បាស់​ថា ​«​ពូជ​»​នេះ​នឹង​ទៅ​ជា​ស្តេច​គ្រប់​គ្រង​មួយ​អង្គ យ៉ាកុប​បាន​ធ្វើ​សេចក្ដី​បញ្ជាក់​នេះ​ទៅ​កូន​ប្រុស​របស់​លោក​ឈ្មោះ​យូដា​ថា​៖ ​«​ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់​គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្ដាជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់​»។ (​លោកុប្បត្តិ ៤៩:១០​) ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​មក​ពី​កុលសម្ព័ន្ធ​យូដា។ ទ្រង់​បាន​បង្ហាញ​ថា​ទ្រង់​ជា​«​ស៊ីឡូរ​»​ ដែល​ចំពោះ​ទ្រង់​«​បណ្ដាជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​»​នោះ។—ហេព្រើរ ៧:១៤

១៦ ជិត​៧០០​ឆ្នាំ​ក្រោយ​ពី​ការ​ថ្លែង​ទៅ​យូដា​នោះ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​ស្តេច​ដាវីឌ​នៃ​កុលសម្ព័ន្ធ​យូដា​ថា​៖ ​«​គឺ​អញ​បាន​រកឃើញ​ដាវីឌ ជា​អ្នក​បំរើ​អញ . . . អញ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​ដាវីឌ​នៅ​ជាប់​ជា​ដរាប ហើយ​ឲ្យ​រាជ្យ​បាន​នៅ​អស់​កាល​ដែល​ផ្ទៃ​មេឃ​មាន​នៅ​ផង​»។ (​ទំនុកដំកើង ៨៩:២០, ២៩​) កាល​ដែល​ព្រះ​បាន​មាន​បន្ទូល​ថា​«​ពូជ​»​របស់​ស្តេច​ដាវីឌ​បាន​នៅ​ជាប់​«​អស់​កាល​»​ហើយ​ដែល​«​រាជ្យ​របស់​ទ្រង់​»​នឹង​ស្ថិត​នៅ​មាន​រហូត​ដល់​ពេល​«​ផ្ទៃ​មេឃ​មាន​នៅ​ផង​»​នោះ តើ​ទ្រង់​ចង់​មាន​ព្រះ​បន្ទូល​យ៉ាង​ណា? ព្រះ​យេហូវ៉ា​ទ្រង់​បាន​សំដៅ​ទៅ​សេចក្ដី​ដែល​ថា រាជ​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​គ្រប់​គ្រង​ដែល​បាន​តែងតាំង​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ នឹង​ស្ថិត​នៅ​ជា​និរន្តរ៍​បាន។ តើ​យើង​បាន​ដឹង​រឿង​នេះ​តាម​របៀប​ណា?

១៧ តើ​យ៉ាង​ណា​បាន​ជា​យើង​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​អ្នក​គ្រប់​គ្រង​ដែល​បាន​សន្យា​មក​នោះ?

១៧ សូម​រំឭក​ឡើង​វិញ​ពី​អ្វី​ៗ​ដែល​ទេវតា​របស់​ព្រះ​យេហូវ៉ា​កាព្រីយ៉ែល​បាន​ប្រាប់​ទៅ​នាង​ម៉ារា អំពី​បុត្រ​ដែល​ត្រូវ​បាន​កើត​នឹង​នាង។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា ​យេស៊ូវ​»។ ប៉ុន្តែ​ព្រះ​យេស៊ូវ​ទ្រង់​មិន​ត្រូវ​នៅ​តែ​ជា​កូនក្មេង​ម្នាក់ ឬ​ក៏​បុរស​ម្នាក់​នៅ​លើ​ផែនដី​ជា​រហូត​នោះ​ឡើយ។ កាព្រីយ៉ែល​បាន​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​ថា​៖ ​«​បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ ទ្រង់​នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ​»។ (​លូកា ១:៣១​-​៣៣​) តើ​នេះ​មិន​មែន​ជា​ការ​អស្ចារ្យ​ទេ​ឬ ដែល​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​រៀបចំ​ដើម្បី​តាំង​ឲ្យ​មាន​រដ្ឋាភិបាល​ដ៏​សុចរិត​មួយ ដើម្បី​ជា​ផល​ប្រយោជន៍​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួក​ណា​ដែល​ស្រឡាញ់​និង​ទុក​ចិត្ត​ដល់​ទ្រង់​នោះ?

១៨ (​ក​) តើ​ព្រះ​គម្ពីរ​បាន​ពណ៌នា​យ៉ាង​ណា ពី​ការ​បញ្ចប់​នៃ​រដ្ឋាភិបាល​ទាំង​ឡាយ​នៅ​លើ​ផែនដី​នេះ? (​ខ​) តើ​រដ្ឋាភិបាល​របស់​ព្រះ​នឹង​ធ្វើ​អ្វី​ខ្លះ​សំរាប់​ប្រជាជន?

១៨ ឥឡូវ​នេះ​ពេល​វេលា​រឹតតែ​ជិត​ហើយ ដែល​រាជ​រដ្ឋាភិបាល​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​បំផ្លាញ​រដ្ឋាភិបាល​ទាំងអស់​របស់​លោកីយ៍។ នៅ​ពេល​នោះ ព្រះ​​យេស៊ូវ​គ្រីស្ទ​នឹង​បញ្ចេញ​សកម្មភាព​ជា​ស្តេច​ដែល​ប្រកប​ដោយ​ជោគជ័យ។ ក្នុង​ការ​ពណ៌នា​អំពី​ការ​​ប្រយុទ្ធ​នេះ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ . . . គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់កល្ប​ជានិច្ច​»។ (​ដានីយ៉ែល ២:៤៤; វិវរណៈ ១៩:១១​-​១៦​) ពេល​រដ្ឋាភិបាល​ដទៃ​ទាំងអស់​នឹង​ត្រូវ​បាន​កំទេច​ចោល​រួច​អស់​ហើយ រដ្ឋាភិបាល​របស់​ព្រះ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​ដ៏​ពិត​ប្រាកដ​របស់​ប្រជាជន។ ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​អ្នក​គ្រប់​គ្រង ទ្រង់​នឹង​ទទួល​រ៉ាប់​រង​មិន​ឲ្យ​មាន​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ណា​មួយ​ត្រូវ​មាន​ជម្ងឺ ចាស់​ជរា ឬ​ស្លាប់​ឡើយ។ ឧក្រិដ្ឋកម្ម លំនៅ​តោកយ៉ាក ការ​អត់​ឃ្លាន និង​បញ្ហា​ស្រដៀង​នេះ​ផ្សេង​ៗ​ទៀត​ទាំងអស់ នឹង​ត្រូវ​ដោះ​ស្រាយ​រួច​ជា​មិន​ខាន។ នៅ​គ្រប់​ទីកន្លែង​លើ​ផែនដី​ទាំងមូល នឹង​ពោរពេញ​ទៅ​ដោយ​សន្ដិភាព​និង​​សន្ដិសុខ​ដ៏​ពិត​ប្រាកដ។ (​ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:៣​-​៥​) យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​រៀន​ថែម​ទៀត​អំពី​ពួក​អ្នក​ដែល​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង នៅ​ក្នុង​រាជ​រដ្ឋាភិបាល​របស់​ព្រះ​នេះ។

[​រូបភាព​នៅ​ទំព័រ​១១២, ១១៣​]

ព្រះ​យេស៊ូវ​ទ្រង់​បាន​បញ្ជូន​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ទៅ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​ដែល​ជា​ការ​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ

[​រូបភាព​នៅ​ទំព័រ​១១៤​]

ពេល​ដែល​ទ្រង់​ត្រូវ​តុលាការ​កំពុង​វិនិច្ឆ័យ​ទោស​ដល់​ព្រះ​ជន្ម​ទ្រង់​នោះ ព្រះ​យេស៊ូវ​ទ្រង់​នៅ​តែ​បន្ត​ការ​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​ទៀត

[​រូបភាព​នៅ​ទំព័រ​១១៩​]

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ព្រះ​យេស៊ូវ—ជា​ស្តេច​ប្រកប​ដោយ​ជោគជ័យ​មួយ​អង្គ ឬ​ក៏​ជា​ទារក​ដ៏​ទន់ខ្សោយ​មួយ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក