ជំពូកទី១១
ហេតុអ្វីបានជាព្រះបណ្ដោយឲ្យមានអំពើសហ័ស?
១ (ក) តើស្ថានភាពនៅលើផែនដីសព្វថ្ងៃនេះយ៉ាងណាដែរ? (ខ) តើមនុស្សខ្លះមានការត្អូញត្អែរយ៉ាងណា?
នៅទីណាក៏ដោយក្នុងពិភពលោកនេះ គឺឃើញមានតែឧក្រិដ្ឋកម្ម សេចក្ដីសម្អប់និងបញ្ហា។ ជាញឹកញាប់ គឺជននិរទោសដែលជាអ្នករងទុក្ខ។ មនុស្សខ្លះដាក់កំហុសទៅលើព្រះ។ ពួកគេប្រហែលជាពោលថា៖ ‹ប្រសិនបើមានព្រះមែន ហេតុអ្វីបានជាទ្រង់បណ្ដោយឲ្យអំពើដ៏ខ្លោចផ្សាទាំងអស់នេះកើតមានឡើងដូច្នេះ›?
២ (ក) តើអ្នកណាដែលកំពុងប្រព្រឹត្តអំពើសហ័សទាំងនេះ? (ខ) តើសេចក្ដីវេទនាភាគច្រើននៅលើផែនដីអាចត្រូវបង្ការបានយ៉ាងណា?
២ ប៉ុន្តែ តើអ្នកណាដែលកំពុងប្រព្រឹត្តអំពើសហ័សទាំងនេះដល់អ្នកដទៃ? គឺជាមនុស្សលោក មិនមែនព្រះទេ។ អំពើសហ័សព្រះទ្រង់ចាត់ថាខុស។ តាមការពិតទៅ សេចក្ដីទុក្ខវេទនាភាគច្រើននៅលើផែនដីនេះ នឹងអាចបង្ការបាន ប្រសិនបើមនុស្សលោកបានគោរពតាមក្រិត្យវិន័យរបស់ព្រះ។ ទ្រង់បញ្ជាឲ្យយើងស្រឡាញ់គ្នា។ ទ្រង់ហាមឃាត់នូវឃាតកម្ម ការលួចប្លន់ ការសហាយស្មន់ អំពើល្មោភ ប្រមឹក និងការប្រព្រឹត្តអំពើខុសផ្សេងៗទៀតដែលបណ្ដាលឲ្យមនុស្សរងទុក្ខវេទនា។ (រ៉ូម ១៣:៩; អេភេសូរ ៥:៣, ១៨) ព្រះបានបង្កើតអ័ដាមនិងនាងអេវ៉ាដោយមានខួរក្បាលនិងរាងកាយដ៏អស្ចារ្យ ហើយនិងសមត្ថភាពដើម្បីសប្បាយនឹងជីវិតឲ្យបានពេញលេញ។ ទ្រង់មិនដែលមានព្រះហឫទ័យចង់ឲ្យពួកគេឬក៏កូនចៅរបស់ពួកគេឈឺចាប់ឬក៏មានបញ្ហាអ្វីឡើយ។
៣ (ក) តើអ្នកណាដែលទទួលការខុសត្រូវចំពោះអំពើសហ័ស? (ខ) អ្វីដែលបង្ហាញថា អ័ដាមនិងនាងអេវ៉ាអាចទប់ទល់នឹងសេចក្ដីល្បួងរបស់សាតាំងបាន?
៣ គឺជាអារក្សសាតាំង ជាអ្នកចាប់ផ្ដើមធ្វើឲ្យមានអំពើសហ័សនៅលើផែនដី។ ប៉ុន្តែអ័ដាមនិងនាងអេវ៉ាក៏ត្រូវទទួលទោសដែរ។ ពួកគេមិនមែនជាខ្សោយណាស់ណា ដែលគេមិនអាចទប់ទល់ ពេលដែលអារក្សបានល្បួងពួកគេនោះទេ។ ពួកគេអាចប្រាប់សាតាំងឲ្យ«ថយចេញ» ដូចជាបុរសល្អឥតខ្ចោះព្រះយេស៊ូវបានធ្វើនៅពេលក្រោយមកនោះ។ (ម៉ាថាយ ៤:១០) ប៉ុន្តែពួកគេមិនបានធ្វើដូច្នោះទេ។ ជាលទ្ធផល ពួកគេបានទៅជាមនុស្សមិនល្អឥតខ្ចោះ។ កូនចៅរបស់គេទាំងអស់ រួមទាំងយើងផង បានទទួលជាមរតកនូវភាពមិនល្អឥតខ្ចោះនោះ ដែលបាននាំមកជាមួយនូវ ជម្ងឺ សេចក្ដីទុក្ខព្រួយ និងសេចក្ដីស្លាប់។ (រ៉ូម ៥:១២) ប៉ុន្តែ ហេតុអ្វីក៏ព្រះបានបណ្ដោយឲ្យសេចក្ដីទុក្ខវេទនាមានបន្តរហូតមកដូច្នេះ?
៤ តើអ្វីដែលជួយយើងឲ្យយល់ថា ព្រះដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់នឹងបណ្ដោយឲ្យមានអំពើសហ័សជាបណ្ដោះអាសន្ននោះ?
៤ ជាមុនដំបូង មនុស្សម្នាក់ប្រហែលជាគិតថា ព្រះមិនអាចមានមូលហេតុដ៏ល្អគ្រប់គ្រាន់ណា ក្នុងការបណ្ដោយឲ្យមនុស្សបានពិសោធសេចក្ដីទុក្ខវេទនា អស់រាប់សតវត្សកន្លងមកនេះទេ។ ប៉ុន្តែ តើការសន្និដ្ឋានបែបនេះត្រឹមត្រូវទេ? តើមិនដែលមានឪពុកម្ដាយណា ដែលពិតជាស្រឡាញ់កូនរបស់ខ្លួន បានបណ្ដោយឲ្យកូនទទួលនូវការវះកាត់ដ៏ឈឺចាប់ដើម្បីកែនូវបញ្ហាណាមួយទេឬ? មែនហើយ ការបណ្ដោយឲ្យឈឺចាប់ជាបណ្ដោះអាសន្ន តែងតែធ្វើឲ្យកូនមានលទ្ធភាពអាចសប្បាយនឹងសុខភាពដ៏ប្រសើរនៅក្នុងជីវិតគេក្រោយមក។ តើការបណ្ដោយរបស់ព្រះឲ្យមានអំពើសហ័សនេះ បានផ្ដល់ប្រយោជន៍អ្វីខ្លះហើយ?
រឿងចំណោទសំខាន់មួយដែលត្រូវដោះស្រាយ
៥ (ក) តើសាតាំងបាននិយាយប្រឆាំងនឹងព្រះយ៉ាងណា? (ខ) តើសាតាំងបានសន្យាអ្វីខ្លះឲ្យនាងអេវ៉ា?
៥ ការបះបោរប្រឆាំងនឹងព្រះនៅក្នុងសួនច្បារអេដែន បានបង្កើតនូវរឿងចំណោទឬក៏សំនួរដ៏សំខាន់មួយ។ យើងត្រូវតែពិនិត្យរឿងនេះជាចាំបាច់ ដើម្បីឲ្យយល់ពីមូលហេតុដែលព្រះបានបណ្ដោយឲ្យមានអំពើសហ័ស។ ព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់ទៅអ័ដាមថា កុំឲ្យបរិភោគពីដើមឈើមួយនៅក្នុងសួនច្បារអេដែនឡើយ។ ប្រសិនបើអ័ដាមបរិភោគ តើនឹងកើតមានលទ្ធផលយ៉ាងណា? ព្រះបានមានបន្ទូលថា៖ «ឯងនឹងត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្តិ ២:១៧) ទោះជាយ៉ាងណា សាតាំងបាននិយាយផ្ទុយស្រឡះទៅវិញ។ វាបានប្រាប់ទៅប្រពន្ធរបស់អ័ដាម នាងអេវ៉ាថា ចូរបរិភោគពីដើមឈើដែលបានហាមឃាត់ទៅ។ សាតាំងបាននិយាយថា «អ្នកមិនស្លាប់ជាពិតមែនទេ»។ តាមការពិត វាបានប្រាប់នាងអេវ៉ាតទៅទៀតថា៖ «ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។—លោកុប្បត្តិ ៣:១-៥
៦ (ក) ហេតុអ្វីបានជានាងអេវ៉ាមិនគោរពប្រតិបត្ដិដល់ព្រះ? (ខ) តើការបរិភោគពីដើមឈើដែលហាមឃាត់មានន័យយ៉ាងណា?
៦ នាងអេវ៉ាមិនបានគោរពប្រតិបត្ដិដល់ព្រះទេ ហើយក៏បានបរិភោគទៅ។ ហេតុអ្វី? នាងអេវ៉ាបានជឿតាមសាតាំង។ នាងបានគិតដោយអញនិយមថា នាងនឹងបានប្រយោជន៍ពីការមិនគោរពស្ដាប់បង្គាប់ដល់ព្រះ។ នាងបានវែកញែកឃើញថា នាងនិងអ័ដាមលែងមានការទទួលខុសត្រូវចំពោះព្រះទៀតហើយ។ ពួកគេលែងចុះចូលនៅក្រោមក្រិត្យវិន័យរបស់ទ្រង់ទៀតហើយ។ ពួកគេអាចសម្រេចចិត្តចំពោះអ្វីដែល«ល្អ»ហើយអ្វីដែល«អាក្រក់»ដោយខ្លួនឯងបាន។ អ័ដាមក៏បានប្រព្រឹត្តតាមនាងអេវ៉ា ហើយក៏បានបរិភោគដែរ។ ក្នុងការពិភាក្សាអំពីអំពើបាបរបស់មនុស្សពីដើមដែលបានប្រឆាំងនឹងព្រះ កំណត់ចំណាំនៅក្នុងព្រះគម្ពីរយេរូសាឡិមបានចែងមកថា៖ «នេះជាអំណាចនៃការសម្រេចចិត្តសំរាប់ខ្លួនគេ ចំពោះអ្វីដែលល្អនិងអ្វីដែលអាក្រក់ ហើយនិងការប្រព្រឹត្តទៅតាមនោះ ជាការទាមទារមិនពឹងផ្អែកខាងសីលធម៌លើអ្នកឯទៀតសោះ . . . បាបកម្មទីមួយជាការប្រយុទ្ធទៅលើអធិបតេយ្យភាពរបស់ព្រះ»។ នេះជាការប្រយុទ្ធមួយទៅលើសិទ្ធិរបស់ព្រះ ក្នុងការទៅជាអ្នកគ្រប់គ្រងដាច់មុខលើមនុស្សលោក ឬជាព្រះមហាក្សត្រដ៏ខ្ពស់បំផុត។
៧ (ក) តើរឿងចំណោទអ្វីដែលបានចោទឡើងដោយសារការមិនគោរពស្ដាប់បង្គាប់របស់មនុស្ស? (ខ) តើសំនួរអ្វីខ្លះដែលត្រូវការនូវចម្លើយដែលជាប់ទាក់ទងនឹងរឿងចំណោទនេះ?
៧ ដូច្នេះ ដោយសារការបរិភោគផ្លែឈើដែលបានហាមឃាត់នោះ អ័ដាមនិងនាងអេវ៉ាបានដកខ្លួនគេចេញពីការនៅក្រោមការគ្រប់គ្រងរបស់ព្រះ។ ពួកគេបានដើរចេញទៅដោយខ្លួនឯង នឹងធ្វើអ្វីដែល«ល្អ»ឬ«អាក្រក់»តាមតែសេចក្ដីសម្រេចរបស់គេផ្ទាល់។ ដូច្នេះ រឿងចំណោទឬសំនួរដ៏សំខាន់ដែលត្រូវបានចោទឡើងគឺ៖ តើព្រះទ្រង់មានសិទ្ធិជាអ្នកគ្រប់គ្រងដាច់មុខលើមនុស្សលោកបានទេ? បើនិយាយឲ្យចំទៅ តើព្រះយេហូវ៉ាទ្រង់ជាអ្នកដែលត្រូវសម្រេចអ្វីជាសេចក្ដីល្អឬអ្វីជាសេចក្ដីអាក្រក់ឲ្យមនុស្សលោកបានទេ? តើទ្រង់ជាអ្នកដែលមានបន្ទូលប្រាប់អ្វីជាចរិយាត្រឹមត្រូវ ហើយអ្វីជាមិនត្រឹមត្រូវបានទេ? ឬក៏តើមនុស្សអាចធ្វើការគ្រប់គ្រងដោយខ្លួនឯងបានប្រសើរជាងព្រះទៅទៀតឬ? តើរបៀបគ្រប់គ្រងរបស់អ្នកណាប្រសើរជាងគេបង្អស់? តើមនុស្សលោក ដែលនៅក្រោមការដឹកនាំដែលមើលមិនឃើញរបស់សាតាំង អាចគ្រប់គ្រងដ៏ជោគជ័យដោយគ្មានការដឹកនាំពីព្រះយេហូវ៉ាបានទេ? ឬក៏តើត្រូវការការដឹកនាំរបស់ព្រះទេ ដើម្បីរៀបចំរដ្ឋាភិបាលដ៏សុចរិតមួយ ដែលនឹងនាំមកនូវសន្ដិភាពដ៏យូរអង្វែងនៅលើផែនដីនេះ? សំនួរទាំងអស់បែបនេះបានចោទឡើងក្នុងការវាយលុកទៅលើអធិបតេយ្យភាពរបស់ព្រះ ទៅលើសិទ្ធិរបស់ទ្រង់ជាអ្នកគ្រប់គ្រងតែមួយគត់និងដាច់មុខលើមនុស្សលោក។
៨ ហេតុអ្វីបានជាព្រះយេហូវ៉ាមិនបានកំទេចពួកបះបោរនោះភ្លាមទៅ?
៨ ជាប្រាកដហើយ បន្ទាប់ពីការបះបោរបានកើតឡើងភ្លាម ព្រះយេហូវ៉ាអាចកំទេចអ្នកបះបោរទាំងបីនាក់នោះចោលបាន។ គ្មានការសង្ស័យទេថា ទ្រង់ខ្លាំងជាងសាតាំងឬក៏អ័ដាមនិងអេវ៉ានោះ។ ប៉ុន្តែការកំទេចពួកគេ មិនអាចដោះស្រាយរឿងទាំងនេះដោយវិធីដ៏ប្រសើរបំផុតបានទេ។ ឧទាហរណ៍ ការនេះនឹងមិនអាចឆ្លើយនូវសំនួរដែលថា តើមនុស្សលោកអាចគ្រប់គ្រងខ្លួនឯងដ៏ជោគជ័យដោយគ្មានជំនួយពីព្រះបានឬទេ។ ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានអនុញ្ញាតឲ្យមានពេលវេលា ដើម្បីដោះស្រាយនូវរឿងចំណោទដ៏សំខាន់ដែលបានចោទឡើងនោះ។
ការដោះស្រាយរឿងចំណោទនោះ
៩, ១០ តើការព្យាយាមរបស់មនុស្សលោកក្នុងការគ្រប់គ្រងខ្លួនឯង ដោយគ្មានការដឹកនាំពីព្រះបានទទួលលទ្ធផលយ៉ាងណាខ្លះ?
៩ ឥឡូវនេះ ពេលវេលាបានកន្លងទៅហើយ តើលទ្ធផលបានយ៉ាងណាដែរ? អញ្ចឹង តើអ្នកនឹងមានប្រសាសន៍យ៉ាងណា? តើ៦.០០០ឆ្នាំកន្លងមកក្នុងប្រវត្ដិសាស្ត្រ បានបង្ហាញថាមនុស្សលោកអាចគ្រប់គ្រងខ្លួនឯងដ៏ជោគជ័យដោយគ្មានការដឹកនាំពីព្រះបានទេ? តើមនុស្សលោកបានស្ថាបនារដ្ឋាភិបាលដ៏ល្អមួយឬនៅ ដែលអាចផ្ដល់ឲ្យសុភមង្គលនិងពរជាច្រើនដល់មនុស្សគ្រប់រូបនោះ? ឬក៏ តើឯកសារនៃប្រវត្ដិសាស្ត្របានសម្ដែងភាពត្រឹមត្រូវនៃពាក្យសម្ដីរបស់ហោរាយេរេមាដែលថា៖ «ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»?—យេរេមា ១០:២៣
១០ ក្នុងប្រវត្ដិសាស្ត្រទាំងអស់ រដ្ឋាភិបាលគ្រប់ប្រភេទបានត្រូវយកមកពិសោធមើល ប៉ុន្តែគ្មានមួយណានាំមកនូវសន្ដិសុខនិងសុភមង្គលពិតប្រាកដបាន សំរាប់មនុស្សទាំងអស់ដែលរស់នៅក្រោមការគ្រប់គ្រងរបស់ពួកគេទេ។ មនុស្សខ្លះប្រហែលជាលើកការជាក់ស្តែងនៃការជឿនលឿនមកនិយាយ។ ប៉ុន្តែ តើមានអ្នកណាម្នាក់អាចនិយាយអំពីការជឿនលឿនពិតប្រាកដបានទេ បើធ្នូនិងព្រួញបានប្ដូរដោយគ្រាប់បែកបរមាណូ ហើយពិភពលោកឥឡូវនេះកំពុងតែមានការភ័យព្រួយចំពោះសង្គ្រាមលោកមួយទៀតនោះ? តើជាការជឿនលឿនប្រភេទណា បើមនុស្សលោកអាចដើរនៅលើលោកខែបាន ប៉ុន្តែមិនអាចរស់នៅជាមួយគ្នាដោយសន្ដិភាពនៅលើផែនដីនេះបានផង? តើមានប្រយោជន៍អ្វីចំពោះមនុស្ស ដែលបានសង់ផ្ទះប្រដាប់ដោយគ្រឿងសម្រួលដ៏ទាន់សម័យគ្រប់ប្រភេទ ប៉ុន្តែគ្រួសារដែលរស់នៅក្នុងនោះ បានបែកបាក់គ្នាដោយទុក្ខកង្វល់ជាច្រើន? តើកុប្បកម្មនៅតាមវិថី ការបំផ្លាញកម្មសិទ្ធិនិងជីវិត ហើយនិងអំពើល្មើសច្បាប់ជាទូទៅ ជាការដែលគួរឲ្យកោតសរសើរឬ? មិនមែនទាល់តែសោះ! ប៉ុន្តែនេះគឺជាលទ្ធផលនៃការខំប្រឹងប្រែងរបស់មនុស្ស ក្នុងការគ្រប់គ្រងដោយខ្លួនឯងដែលបែកចេញពីព្រះ។—សុភាសិត ១៩:៣
១១ ដូច្នេះយ៉ាងជាក់ស្តែងណាស់ តើមនុស្សលោកត្រូវការអ្វីជាចាំបាច់?
១១ ភស្តុតាងទាំងនោះគួរតែជាការជាក់ស្តែងណាស់ចំពោះមនុស្សគ្រប់រូប។ ការខំប្រឹងរបស់មនុស្សក្នុងការគ្រប់គ្រងដោយខ្លួនឯង មិនពឹងផ្អែកលើព្រះ បានទទួលបរាជ័យដ៏គួរឲ្យខ្លោចផ្សា។ បរាជ័យនេះបានផ្ដល់នូវលទ្ធផលជាការរងទុក្ខវេទនាយ៉ាងខ្លាំងចំពោះមនុស្ស។ ព្រះគម្ពីរពន្យល់ថា៖ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្ដា ៨:៩) ជាការច្បាស់ណាស់ មនុស្សលោកត្រូវការជាចាំបាច់ នូវការដឹកនាំរបស់ព្រះក្នុងការគ្រប់គ្រងមើលកិច្ចការរបស់ពួកគេ។ ដូចជាព្រះបានបង្កើតមនុស្សមកដោយមានសេចក្ដីត្រូវការនឹងបរិភោគម្ហូបអាហារនិងទទួលទានទឹកនោះ មនុស្សក៏បានបង្កើតមកដោយមានសេចក្ដីត្រូវការនឹងគោរពប្រតិបត្ដិក្រិត្យវិន័យរបស់ព្រះដែរ។ កាលណាមនុស្សមិនអើពើនឹងក្រិត្យវិន័យរបស់ព្រះទេ គេនឹងត្រូវជួបប្រទះភាពពិបាក ហើយគេក៏ច្បាស់ជានឹងត្រូវរងទុក្ខវេទនាដូចនោះដែរ បើកាលណាគេមិនអើពើនឹងសេចក្ដីត្រូវការនៃរូបកាយគេ ក្នុងការទទួលអាហារនិងទឹកនោះ។—សុភាសិត ៣:៥, ៦
ហេតុអ្វីបានជាយូរម្ល៉េះ?
១២ ហេតុអ្វីបានជាព្រះទ្រង់អនុញ្ញាតឲ្យមានពេលវេលាយូរម្ល៉េះ ដើម្បីនឹងដោះស្រាយរឿងចំណោទនេះ?
១២ ទោះជាយ៉ាងណាក៏ដោយ ជនម្នាក់ប្រហែលជាសួរថា៖ ‹ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានពេលច្រើនម្ល៉េះ ប្រមាណ៦.០០០ឆ្នាំមកហើយ ដើម្បីដោះស្រាយរឿងចំណោទនេះ? តើមិនអាចត្រូវដោះស្រាយតាមវិធីជាទីពេញចិត្តជាយូរយារណាស់មកហើយទេឬ›? មិនអាចទេ ប្រសិនបើព្រះបានលូកព្រះហស្តដោះស្រាយជាយូរយារមកហើយនោះ ការចោទនឹងអាចមានឡើងទៀតថា ទ្រង់មិនបានផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យមនុស្សលោកធ្វើការពិសោធន៍ទេ។ ប៉ុន្តែតាមការពិតទៅ មនុស្សបានមានពេលវេលាគ្រប់គ្រាន់ ដើម្បីបង្កើតឲ្យមានរដ្ឋាភិបាល ដែលអាចបំពេញនូវសេចក្ដីត្រូវការគ្រប់ប្រជារាស្ត្រ ហើយព្រមទាំងធ្វើការស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រដែលអាចជួយផ្ដល់ដល់ភាពចម្រើននៃមនុស្សគ្រប់រូបដែរ។ អស់រយៈពេលជាច្រើនសតវត្សកន្លងមកហើយ មនុស្សលោកបានសាកល្បងស្ទើរតែគ្រប់សណ្ឋាននៃរដ្ឋាភិបាល។ ហើយការរីកចម្រើននៅក្នុងវិស័យវិទ្យាសាស្ត្រឃើញថាគួរឲ្យអស្ចារ្យមែន។ ពួកគេបានយកបរមាណូមកប្រើប្រាស់បាន ហើយបានធ្វើដំណើររហូតដល់លោកខែ។ ប៉ុន្តែលទ្ធផលបានជាយ៉ាងណា? តើការទាំងនេះបាននាំមកនូវរបបថ្មីមួយ ដើម្បីជាពរដល់មនុស្សលោកទេ?
១៣ (ក) ថ្វីបើមនុស្សមានការលូតលាស់ខាងផ្នែកវិទ្យាសាស្ត្រក៏ដោយ តើសព្វថ្ងៃនេះមានស្ថានភាពយ៉ាងណា? (ខ) តើការនេះបង្ហាញយ៉ាងច្បាស់ថាអ្វី?
១៣ មិនទាល់តែសោះ! ផ្ទុយទៅវិញ បាននាំមកនូវអពមង្គលនិងបញ្ហានៅលើផែនដី លើសជាងពីមុនទៅទៀត។ តាមពិតទៅ ឧក្រិដ្ឋកម្ម ការធ្វើឲ្យក្រខ្វក់ សង្គ្រាម ការបាក់បែកគ្រួសារ និងបញ្ហាផ្សេងៗទៀត បានមកដល់កម្រិតដ៏គ្រោះថ្នាក់មួយ ដែលពួកអ្នកវិទ្យាសាស្ត្រជឿថា ជាការគួរឲ្យភិតភ័យចំពោះវត្តមានរបស់មនុស្សទៀតផង។ មែនហើយ ក្រោយពីការពិសោធន៍ក្នុងការគ្រប់គ្រងខ្លួនឯងប្រហែលជា៦.០០០ឆ្នាំកន្លងមក ហើយក្រោយពីបានឡើងទៅដល់កំពូលនៃ«ការរីកចម្រីន»ខាងផ្នែកវិទ្យាសាស្ត្រ សព្វថ្ងៃនេះមនុស្សលោកកំពុងតែជួបប្រទះនូវសេចក្ដីហិនវិនាសដោយខ្លួនឯង! យ៉ាងច្បាស់លាស់ណាស់ ក្រៅពីព្រះមនុស្សមិនអាចគ្រប់គ្រងខ្លួនឯងដ៏ជោគជ័យបានទេ! ហើយឥឡូវនេះក៏គ្មានអ្នកណាមួយអាចត្អូញត្អែរថា ព្រះមិនបានអនុញ្ញាតឲ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីនឹងដោះស្រាយរឿងចំណោទនេះឡើយ។
១៤ ហេតុអ្វីក៏យើងត្រូវបានជំរុញលើកទឹកចិត្ត ឲ្យពិនិត្យនូវរឿងចំណោទដ៏សំខាន់ផ្សេងទៀតដែលបានចោទឡើងដោយសាតាំង?
១៤ ពិតហើយព្រះទ្រង់មានមូលហេតុដ៏ល្អ ក្នុងការបណ្ដោយឲ្យមនុស្សនៅក្រោមការគ្រប់គ្រងរបស់សាតាំង ដែលបង្កនូវអំពើសហ័សដែលមានជាយូរមកហើយនេះ។ ដោយសារការបះបោររបស់វា សាតាំងបានចោទនូវរឿងមួយទៀត ដែលត្រូវការពេលវេលាដើម្បីនឹងដោះស្រាយដែរ។ ការពិនិត្យនូវរឿងចំណោទនេះ នឹងជួយយើងឲ្យយល់ថែមទៀតអំពីមូលហេតុដែលព្រះបានបណ្ដោយឲ្យមានអំពើសហ័ស។ លោកអ្នកគួរតែយកចិត្តទុកដាក់យ៉ាងពិសេសចំពោះរឿងចំណោទនេះ ពីព្រោះលោកអ្នកមានការជាប់ទាក់ទងផ្ទាល់ខ្លួនក្នុងរឿងនេះដែរ។
[រូបភាពនៅទំព័រ១០០]
ដោយមានមូលហេតុដ៏ល្អ ឪពុកម្ដាយបណ្ដោយឲ្យកូនជាទីស្រឡាញ់របស់ខ្លួន ទទួលនូវការវះកាត់ដ៏ឈឺចាប់មួយគ្រា។ ព្រះទ្រង់ក៏មានមូលហេតុដ៏ល្អដែរ ដែលទ្រង់បណ្ដោយឲ្យមនុស្សរងទុក្ខជាបណ្ដោះអាសន្ននោះ
[រូបភាពនៅទំព័រ១០១]
អ័ដាមនិងនាងអេវ៉ាបានបោះបង់ចោលការគ្រប់គ្រងរបស់ព្រះ ដោយសារការបរិភោគផ្លែឈើហាមឃាត់។ ពួកគេក៏ចាប់បានផ្ដើមធ្វើការសម្រេចចិត្តដោយខ្លួនឯងចំពោះអ្វីដែលល្អឬអាក្រក់
[រូបភាពនៅទំព័រ១០៣]
ដូចជាមនុស្សត្រូវបានបង្កើតមកដោយមានសេចក្ដីត្រូវការនឹងបរិភោគម្ហូបអាហារនិងទទួលទានទឹកនោះ គេក៏ត្រូវបានបង្កើតមកដោយមានសេចក្ដីត្រូវការនូវការដឹកនាំរបស់ព្រះដែរ