បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ១០ ទំ. ៩០-៩៨
  • វិញ្ញាណកំណាចដែលខ្លាំងក្លា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • វិញ្ញាណកំណាចដែលខ្លាំងក្លា
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​តាំង​ខ្លួន​ជា​ខ្មោច​លោក​សាំយូអែល
  • ពួក​ទេវតា​ដែល​បាន​ក្លាយ​ទៅ​ជា​វិញ្ញាណ​កំណាច
  • របៀប​ដែល​វិញ្ញាណ​កំណាច​នាំ​មនុស្ស​ឲ្យ​វង្វេង
  • ការ​ទប់ទល់​នឹង​ការ​ប្រយុទ្ធ​របស់​ពួក​វិញ្ញាណ​កំណាច
  • តទល់នឹងកម្លាំងវិញ្ញាណអាក្រក់
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • តើបុគ្គលវិញ្ញាណមានអានុភាពលើជីវិតយើងយ៉ាងដូចម្ដេច?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចូរទទួលយកជំនួយពីព្រះយេហូវ៉ាដើម្បីទប់ទល់នឹងពួកវិញ្ញាណទុច្ចរិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • តើការទាក់ទងនឹងពួកវិញ្ញាណខុសឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ១០ ទំ. ៩០-៩៨

ជំពូក​ទី១០

វិញ្ញាណ​កំណាច​ដែល​ខ្លាំង​ក្លា

១ ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​ជឿ​ថា ពួកគេ​អាច​និយាយ​ជា​មួយ​មនុស្ស​ស្លាប់​បាន?

មនុស្ស​តែង​តែ​និយាយ​ថា ពួកគេ​បាន​និយាយ​ជា​មួយ​នឹង​មនុស្ស​ស្លាប់។ លោក ជេម្ស ផែក ជា​អេវ៉ែក​ដ៏​ធំដុំ​ម្នាក់​ខាង​សាសនា​អេភីស្កូផែលាន ដែល​បាន​ទទួល​មរណភាព​ហើយ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​និយាយ​ជា​មួយ​ខ្មោច​កូន​ប្រុស​របស់​លោក ឈ្មោះ​ជីម។ យោង​ទៅ​តាម​លោក​ផែ​ក កូន​ប្រុស​នោះ​បាន​ប្រាប់​លោក​ថា​៖ ​«​នៅ​ជុំវិញ​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ម្នា​ដ៏​កកកុញ ហើយ​ហាក់​ដូច​ជា​គេ​បាន​លើក​ខ្ញុំ​យ៉ាង​ខ្ពស់​ត្រដែត​ដោយ​ដៃ​របស់​ពួកគេ . . . ខ្ញុំ​មិន​បាន​សប្បាយ​ចិត្ត​ទេ រហូត​ដល់​ខ្ញុំ​អាច​ធ្វើ​ឲ្យ​លោក​ឪពុក​ដឹង​រឿង​នេះ​»។

២ (​ក​) ហេតុ​អ្វី​ក៏​គ្មាន​អ្នក​ណា​មួយ​អាច​និយាយ​ជា​មួយ​មនុស្ស​ស្លាប់​បាន? (​ខ​) ដូច្នេះ រឿង​នេះ​ធ្វើ​ឲ្យ​មាន​សំនួរ​អ្វី​ខ្លះ?

២ ដោយ​ការ​ពិសោធន៍​បែប​នេះ​មាន​ជា​ទូទៅ ដូច្នេះ​នេះ​ជា​ភស្តុតាង​មួយ​បញ្ជាក់​ឲ្យ​ឃើញ​ថា មនុស្ស​ជា​ច្រើន​បាន​និយាយ​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់​ពី​ពិភព​វិញ្ញាណ​មែន។ ប៉ុន្តែ​ពួកគេ​មិន​បាន​និយាយ​ជា​មួយ​នឹង​មនុស្ស​ស្លាប់​ទេ។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ពេល​ដែល​ចែង​ថា​៖ ​«​តែ​មនុស្ស​ស្លាប់​ឥត ដឹង​អ្វី​ឡើយ​»។ (​សាស្ដា ៩:៥​) ដូច្នេះ បើ​មនុស្ស​ស្លាប់​មិន​បាន​និយាយ​ពី​ពិភព​វិញ្ញាណ​ទេ​នោះ តើ​អ្នក​ណា​ជា​អ្នក​និយាយ? តើ​អ្នក​ណា​ជា​អ្នក​តាំង​ខ្លួន​ជា​ពួក​មនុស្ស​ស្លាប់​នោះ?

៣ (​ក​) តើ​អ្នក​ណា​ជា​អ្នក​តាំង​ខ្លួន​ជា​មនុស្ស​ស្លាប់ ហើយ​ហេតុ​អ្វី? (​ខ​) តើ​ពួក​វិញ្ញាណ​កំណាច​តែង​តែ​ផ្ដល់​ពត៌មាន​ទៅ​អ្នក​ណា?

៣ នេះ​ជា​ពួក​វិញ្ញាណ​កំណាច។ ពួក​វិញ្ញាណ​ទាំង​នេះ ឬ​ក៏​ព្រាយបិសាច ជា​ពួក​ទេវតា​ដែល​បាន​ចូលរួម​ជា​មួយ​សាតាំង​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ។ ហេតុ​អ្វី​បាន​ជា​ពួកគេ​តាំង​ខ្លួន​ជា​ពួក​មនុស្ស​ដែល​បាន​ស្លាប់​ដូច្នេះ? ពួកគេ​ធ្វើ​យ៉ាង​នេះ​ដើម្បី​ផ្សព្វផ្សាយ​នូវ​គំនិត​ដែល​ថា មនុស្ស​ស្លាប់​នៅ​រស់​តទៅ​ទៀត។ ពួក​វិញ្ញាណ​កំណាច​ក៏​បាន​ដឹក​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ជឿ​នូវ​សេចក្ដី​កំភូត​ដែល​ថា សេចក្ដី​ស្លាប់​គ្រាន់​តែ​ជា​ការ​ប្ដូរ​ពី​ជីវិត​មួយ​ទៅ​ជីវិត​មួយ​ទៀត​ប៉ុណ្ណោះ។ ដើម្បី​ផ្សព្វផ្សាយ​នូវ​សេចក្ដី​កំភូត​នេះ ពួក​វិញ្ញាណ​កំណាច​បាន​ផ្ដល់​ដល់​គ្រូខាប គ្រូ​ទាយ​រាសី គ្រូ​អាបធ្មប់ នូវ​តម្រិះ​វិជ្ជា​ដ៏​ពិសេស​ដែល​ហាក់​ដូច​ជា​បាន​មក​តែ​ពី​មនុស្ស​ដែល​បាន​ស្លាប់​នោះ។

ការ​តាំង​ខ្លួន​ជា​ខ្មោច​លោក​សាំយូអែល

៤ (​ក​) តើ​ហេតុ​អ្វី​ក៏​ស្តេច​សូល​បាន​យល់​ថា ទ្រង់​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​នោះ? (​ខ​) តើ​ក្រិត្យ​វិន័យ​របស់​ព្រះ​បាន​ចែង​យ៉ាង​ណា អំពី​គ្រូខាប​និង​គ្រូ​ទាយ​រាសី?

៤ នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​ឧទាហរណ៍​មួយ​ដែល​ចែង​អំពី​វិញ្ញាណ​កំណាច​ម្នាក់ ដែល​បាន​តាំង​ខ្លួន​ជា​ខ្មោច​ហោរា​របស់​ព្រះ​ម្នាក់ ឈ្មោះ​សាំយូអែល។ រឿង​នេះ​បាន​កើត​ឡើង នៅ​ក្នុង​ការ​គ្រង​រាជ្យ​ឆ្នាំ​ទី​៤០​នៃ​ស្តេច​សូល។ កងទ័ព​ដ៏​ខ្លាំង​ក្លា​របស់​ពួក​ភីលីស្ទីន​បាន​លើក​មក​ច្បាំង​នឹង​ពួក​ទ័ព​អ៊ីស្រាអែល​របស់​ស្តេច​សូល ហើយ​ទ្រង់​មាន​ការ​ភិតភ័យ​ជា​ខ្លាំង។ ស្តេច​សូល​បាន​ដឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​ដែល​ថា​៖ ​«​កុំ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ទៅ​តាម​ពួក​គ្រូខាប ឬ​គ្រូ​មន្ត​គាថា​ឡើយ កុំ​ឲ្យ​ពឹង​រក​គេ​ឲ្យ​សោះ ក្រែង​ឯង​ទៅ​ជា​ស្មោកគ្រោក​ដោយសារ​គេ​ដែរ​»។ (​លេវីវិន័យ ១៩:៣១​) យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​មួយ ស្តេច​សូល​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ សាំយូអែល​ដែល​ពេល​នោះ​លោក​នៅ​មាន​ជីវិត​នៅ​ឡើយ ក៏​មិន​ព្រម​ជួប​ស្តេច​សូល​ទៀត​ដែរ។ (​សាំយូអែលទី១ ១៥:៣៥​) ហើយ​ឥឡូវ នៅ​គ្រា​លំបាក​នេះ ស្តេច​សូល​មាន​ការ​អស់​សង្ឃឹម​ណាស់ ពីព្រោះ​ព្រះ​យេហូវ៉ា​មិន​បាន​ស្ដាប់​សេចក្ដី​អង្វរ​សូម​ជំនួយ​របស់​ទ្រង់​ទេ។

៥ (​ក​) តើ​ស្តេច​សូល​ទៅ​រក​ជំនួយ​ពី​អ្នក​ណា? (​ខ​) តើ​គ្រូខាប​មាន​សមត្ថភាព​នឹង​ធ្វើ​អ្វី​ខ្លះ?

៥ ស្តេច​សូល​មាន​ការ​ចង់​ដឹង​យ៉ាង​ខ្លាំង​អំពី​អ្វី​ដែល​នឹង​កើត​មាន​ឡើង ដូច្នេះ​ទ្រង់​ក៏​បាន​ទៅ​រក​ស្ត្រី​ខាប​ខ្មោច​ម្នាក់​នៅ​ឯ​ស្រុក​អេន​-​ដោរ។ ស្ត្រី​នោះ​អាច​នាំ​មក​បាន​នូវ​ទម្រង់​បុគ្គល​ណា​មួយ ដែល​នាង​អាច​ឃើញ។ ដោយ​ការ​រៀប​រាប់​របស់​នាង​អំពី​ទម្រង់​នោះ ស្តេច​សូល​បាន​សម្គាល់​ថា​ជា​​​«​សាំយូអែល​»។ នៅ​ពេល​នោះ​បុគ្គល​វិញ្ញាណ​ដែល​បាន​តាំង​ខ្លួន​ជា​សាំយូអែល​បាន​និយាយ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​ទូលបង្គំ​រំខាន ដោយ​ហៅ​ឲ្យ​ទូលបង្គំ​ឡើង​មក​ដូច្នេះ​»​? សូល​បាន​មាន​បន្ទូល​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ពីព្រោះ​ពួក​សាសន៍​ភីលីស្ទីន​គេ​មក​ច្បាំង​នឹង​ខ្ញុំ​»។ បុគ្គល​វិញ្ញាណ​នោះ​បាន​តបថា​៖ ​«​បើ​ព្រះ​យេហូវ៉ា​បាន​ថយចេញ​ពី​ទ្រង់​ទៅ ហើយ​បាន​ត្រឡប់​ជា​ទាស់​ទទឹង​នឹង​ទ្រង់​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​សួរ​ដល់​ទូលបង្គំ​វិញ​ដូច្នេះ​»​? បុគ្គល​វិញ្ញាណ​កំណាច ដែល​បាន​តាំង​ខ្លួន​ជា​ខ្មោច​របស់​សាំយូអែល ក៏​បាន​ប្រាប់​ស្តេច​សូល​ថា ទ្រង់​នឹង​ត្រូវ​គេ​ធ្វើ​គុត នៅ​ក្នុង​សមរភូមិ​ជា​មួយ​នឹង​ពួក​​ភីលីស្ទីន។—សាំយូអែលទី១ ២៨:៣​-​១៩

៦ ហេតុ​អ្វី​ក៏​មិន​អាច​ជា​សាំយូអែល​ទេ ដែល​បាន​និយាយ​ជា​មួយ​នឹង​សូល​នោះ?

៦ ជា​ការ​ជាក់​ស្តែង​ណាស់ គឺ​ពិត​ជា​មិន​មែន​លោក​សាំយូអែល​ទេ ដែល​ស្ត្រី​ខាប​ខ្មោច​នោះ​បាន​ទាក់ទង។ សាំយូអែល​បាន​ស្លាប់​ហើយ ហើយ​នៅ​ពេល​ស្លាប់ មនុស្ស​«​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ​»។ (​ទំនុកដំកើង ១៤៦:៤​) ការ​គិត​ពិចារណា​ទៅ​ទៀត​ក្នុង​រឿង​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា សំឡេង​នោះ​ពិត​ជា​មិន​មែន​សំឡេង​របស់​ខ្មោច​សាំយូអែល​ទេ។ លោក​សាំយូអែល​ជា​ហោរា​របស់​ព្រះ។ ដូច្នេះ​លោក​ពិត​ជា​ប្រឆាំង​នឹង​គ្រូខាប​ខ្មោច​ជា​មិន​ខាន។ ដូច​ជា​យើង​បាន​ដឹង​រួច​មក​ហើយ នៅ​ពេល​ដែល​លោក​នៅ​រស់ លោក​បាន​បដិសេធ​ឈប់​និយាយ​ជា​មួយ​សូល ជា​មនុស្ស​ដែល​មិន​ស្ដាប់បង្គាប់​ព្រះ​នោះ។ ដូច្នេះ​ប្រសិន​បើ​សាំយូអែល​នៅ​រស់​ទៅ​វិញ តើ​លោក​នឹង​អនុញ្ញាត​ឲ្យ​គ្រូខាប​ម្នាក់​ចាត់​ចែង​ឲ្យ​លោក​ទៅ​ជួប​សូល​ឬ? សូម​គិត​អំពី​រឿង​នេះ​ដែរ​ថា​៖ ព្រះ​យេហូវ៉ា​ទ្រង់​បាន​បដិសេធ​មិន​ព្រម​ផ្ដល់​ពត៌មាន​អ្វី​សោះ​ដល់​ស្តេច​សូល។ តើ​គ្រូខាប​ខ្មោច​ម្នាក់​អាច​បង្ខំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ដល់​សូល នូវ​សារ​មួយ​តាម​រយៈ​ខ្មោច​សាំយូអែល​បាន​ទេ? ហើយ​ប្រសិន​បើ​ពួក​អ្នក​នៅ​រស់ ពិត​ជា​អាច​និយាយ​ជា​មួយ​អ្នក​ស្លាប់​ដែល​ជា​ទី​ស្រឡាញ់​នោះ​មែន ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​មួយ​អង្គ ទ្រង់​ពិត​ជា​នឹង​មិន​មាន​បន្ទូល​ថា ពួកគេ​បាន​ទៅ​ជា​«​ស្មោកគ្រោក​»​ដោយ​ព្រោះ​តែ​ពួកគេ​បាន​បែរ​ទៅ​រក​គ្រូខាប​ខ្មោច​នោះ​ឡើយ។

៧ តើ​សេចក្ដី​ព្រមាន​អ្វី ដែល​ព្រះ​បាន​ប្រទាន​ដើម្បី​ការពារ​រាស្ត្រ​ទ្រង់​ពី​ពួក​វិញ្ញាណ​កំណាច?

៧ ការ​ពិត​គឺ​ថា ពួក​វិញ្ញាណ​កំណាច​ទាំង​នេះ​បាន​ចេញ​មក​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​លោក ដូច្នេះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​សេចក្ដី​ព្រមាន​ដើម្បី​ការពារ​ពួក​អ្នក​បម្រើ​ទ្រង់។ សូម​អញ្ជើញ​អាន​សេចក្ដី​ព្រមាន​ដូច​តទៅ​នេះ​ចំពោះ​សាសន៍​អ៊ីស្រាអែល។ នេះ​នឹង​ឲ្យ​អ្នក​ដឹង​អំពី​របៀប​ខ្លះ​ៗ​ដែល​ពួក​​ព្រាយបិសាច​ប្រើ​ក្នុង​ការ​បំភាន់​មនុស្ស។ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ . . . គ្រូ​ទាយ គ្រូ​គន់​គូរ​នក្ខត្តឫក្ស គ្រូ​អង្គុយ​ធម៌ គ្រូ​អាបធ្មប់ គ្រូ​សន្ធាប់ គ្រូខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ណាស់​»។ (​ចោទិយកថា ១៨:១០​-​១២​) យើង​គួរ​តែ​ចង់​ស្វែងរក​ឲ្យ​ឃើញ នូវ​អ្វី​ៗ​ដែល​ពួក​វិញ្ញាណ​កំណាច​កំពុង​តែ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​សព្វ​ថ្ងៃ​នេះ និង​នូវ​របៀប​ដែល​យើង​អាច​ការពារ​ខ្លួន​យើង​ផ្ទាល់​ពី​ពួក​វា​បាន។ ប៉ុន្តែ​មុន​នឹង​យើង​រៀន​អំពី​សេចក្ដី​នេះ សូម​យើង​ពិចារណា​នៅ​ពេល​ណា​និង​យ៉ាង​ណា​ដែល​ពួក​វិញ្ញាណ​កំណាច​បាន​ចាប់​ផ្ដើម​មាន​ឡើង។

ពួក​ទេវតា​ដែល​បាន​ក្លាយ​ទៅ​ជា​វិញ្ញាណ​កំណាច

៨ (​ក​) តើ​ពួក​ណា​ទៀត​ដែល​សាតាំង​បាន​នាំ​ឲ្យ​ប្រឆាំង​នឹង​ព្រះ? (​ខ​) ក្រោយ​ពី​បាន​ឈប់​ធ្វើ​កិច្ចការ​របស់​គេ​នៅ​ស្ថានសួគ៌ តើ​ពួក​ទេវតា​នោះ​បាន​ទៅ​ទីណា?

៨ ដោយ​ការ​ភូតភរ​នាង​អេវ៉ា​នៅ​ក្នុង​សួនច្បារ​អេដែន សត្តវិញ្ញាណ​ដែល​ជា​ទេវតា​មួយ បាន​ធ្វើ​ខ្លួន​វា​ឲ្យ​ទៅ​ជា​វិញ្ញាណ​កំណាច ជា​អារក្ស​សាតាំង។ បន្ទាប់​មក​ទៀត​វា​បាន​ចាប់​ផ្ដើម​ខំ​ប្រឹងប្រែង​ក្នុង​ការ​នាំ​ទេវតា​ដទៃ​ទៀត ឲ្យ​បែរ​ប្រឆាំង​នឹង​ព្រះ​ដែរ។ ក្រោយ​មក វា​ក៏​បាន​ជោគជ័យ។ ទេវតា​ខ្លះ​បាន​ចោល​កិច្ចការ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​ពួកគេ​ធ្វើ​នៅ​ស្ថានសួគ៌ ហើយ​ពួកគេ​បាន​ចុះ​មក​ផែនដី ហើយ​បាន​ប្រែក្រឡា​ខ្លួន​គេ​ទៅ​ជា​រូប​រាង​កាយ​សាច់​ឈាម​ដូច​ជា​មនុស្ស​លោក​ដែរ។ សិស្ស​គ្រីស្ទាន​ឈ្មោះ​យូដាស បាន​សរសេរ​អំពី​ពួកគេ​ពេល​ដែល​គាត់​បាន​ធ្វើ​និទ្ទេស​ថា ​«​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន គឺ​ជា​ទេវតា​ដែល​បោះបង់​ចោល​ទីលំនៅ​ចេញ​»។ (​យូដាស ៦​) ហេតុ​អ្វី​បាន​ជា​ពួកគេ​បាន​មក​ផែនដី? តើ​សេចក្ដី​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ណា ដែល​សាតាំង​បាន​ដាក់​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ដើម្បី​នាំ​ពួកគេ​ឲ្យ​ចាក​ចេញ​ពី​ឋានៈ​ដ៏​ប្រសើរ​ដែល​គេ​មាន​នៅ​លើ​ស្ថានសួគ៌​នោះ?

៩ (​ក​) ហេតុ​អ្វី​បាន​ជា​ពួក​ទេវតា​នោះ​បាន​មក​ឯ​ផែនដី? (​ខ​) តើ​ព្រះ​គម្ពីរ​បាន​បង្ហាញ​យ៉ាង​ណា​ថា អ្វី​ៗ​ដែល​គេ​បាន​ធ្វើ​គឺ​ខុស​នោះ?

៩ ព្រះ​គម្ពីរ​បាន​ឲ្យ​យើង​ដឹង ពេល​ដែល​បាន​ចែង​ថា​៖ ​«​នោះ​ពួក​កូន​ប្រុស​របស់​ព្រះ​គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​គេ​ទៅ​»។ (​លោកុប្បត្តិ ៦:២​) មែន​ហើយ ពួក​ទេវតា​បាន​ធ្វើ​ឲ្យ​ខ្លួន​គេ​ទៅ​ជា​រាង​កាយ​សាច់​ឈាម ហើយ​បាន​មក​ផែនដី​ដើម្បី​សេពមេថុនកម្ម​ជា​មួយ​ស្ត្រី​ស្អាត​ៗ។ ប៉ុន្តែ រឿង​សហាយ​បែប​នេះ​ជា​ការ​មិន​ត្រឹម​ត្រូវ​ទេ​ចំពោះ​ទេវតា។ នេះ​ជា​អំពើ​ដែល​មិន​គោរព​ស្ដាប់បង្គាប់​ដល់​ព្រះ។ ព្រះ​គម្ពីរ​បង្ហាញ​ថា អ្វី​ៗ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត គឺ​ខុស​ដូច​ជា​អំពើ​រួម​សេព​មេថុន​មនុស្ស​ភេទ​ដូច​គ្នា​នៅ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​ដែរ។ (​យូដាស ៦, ៧​) តើ​បាន​លទ្ធផល​យ៉ាង​ណា?

១០, ១១ (​ក​) តើ​កូនចៅ​ប្រភេទ​ណា​ដែល​ពួក​ទេវតា​នោះ​បាន​បង្កើត​មក? (​ខ​) ពេល​ដែល​ទឹក​ជំនន់​បាន​មក​ដល់ តើ​អ្វី​បាន​កើត​ឡើង​ដល់​ពួក​យក្ស​ទាំង​នោះ? (​គ​) នៅ​ពេល​ទឹក​ជំនន់ តើ​អ្វី​បាន​កើត​ឡើង​ដល់​ពួក​ទេវតា​ទាំង​នោះ?

១០ ពួក​ទេវតា​ទាំង​នោះ​និង​ប្រពន្ធ​របស់​គេ​ក៏​បង្កើត​បាន​ទារក​ជា​ច្រើន។ ប៉ុន្តែ ទារក​នោះ​ខុស​ពី​ទារក​ធម្មតា។ ពួកគេ​ចេះ​តែ​ធំ​ហើយ​ធំ​ទៀត​រហូត​ដល់​បាន​ទៅ​ជា​យក្ស ត្រូវ​ហើយ ជា​ពួក​យក្ស​កំណាច។ ព្រះ​គម្ពីរ​បាន​ហៅ​ពួកគេ​ថា ​«​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពីដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ​»។ ពួក​យក្ស​ទាំង​នេះ​បាន​ខំ​ប្រឹងប្រែង​បង្ខំ​មនុស្ស​គ្រប់​ៗ​គ្នា​ឲ្យ​ធ្វើ​អាក្រក់​ដូច​ពួក​វា​ដែរ។ ជា​លទ្ធផល ព្រះ​គម្ពីរ​បាន​ចែង​ថា ​«​ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធតែ​អាក្រក់​ជានិច្ច​ដូច្នោះ​»។ (​លោកុប្បត្តិ ៦:៤, ៥​) ដូច្នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​នាំ​មក​នូវ​ទឹក​ជំនន់។ ពួក​យក្ស​ឬ​ក៏​«​មនុស្ស​រូប​ធំ​សំបើម​»​ និង​មនុស្ស​កំណាច​ទាំងអស់​បាន​ត្រូវ​លង់​ទឹក​ស្លាប់​អស់​ទៅ។ ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​ទេវតា​ដែល​បាន​មក​ផែនដី​នោះ?

១១ ពួក​ទេវតា​ទាំង​នោះ​មិន​បាន​លង់​ទឹក​ស្លាប់​ទេ។ ពួក​វា​បាន​ដោះ​ចោល​នូវ​រូប​រាង​កាយ​សាច់​ឈាម​ចេញ ហើយ​ត្រឡប់​ទៅ​ស្ថានសួគ៌​ជា​បុគ្គល​វិញ្ញាណ​វិញ។ ប៉ុន្តែ​ពួក​វា​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​ជា​ផ្នែក​នៃ​អង្គការ​របស់​ព្រះ​ដែល​រួម​ទៅ​ដោយ​ពួក​ទេវតា​ដ៏​បរិសុទ្ធ​វិញ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​ចែង​ថា ​«​ព្រះ​មិន​បាន​ប្រណី ដល់​ពួក​ទេវតា​ដែល​បាន​ធ្វើ​អំពើ​បាប គឺ​ទ្រង់​បោះ​ទំលាក់​ទៅ​ក្នុង​ជង្ហុក​ជ្រៅ​បំផុត ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្ដី​ងងឹត ទាំង​ឃុំ​ទុក​សំរាប់​នឹង​ជំនុំជំរះ​វិញ​»។—ពេត្រុស​ទី​២ ២:៤

១២ (​ក​) នៅ​ពេល​ដែល​ពួកគេ​បាន​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ តើ​អ្វី​បាន​កើត​ឡើង​ដល់​ពួក​ទេវតា​កំណាច​ទាំង​នោះ? (​ខ​) ហេតុ​អ្វី​ក៏​ពួកគេ​មិន​អាច​ប្រែក្រឡា​ខ្លួន​គេ​ជា​រាង​កាយ​មនុស្ស​បាន​ទៀត? (​គ​) ដូច្នេះ​តើ​ពួកគេ​កំពុង​ធ្វើ​អ្វី​ឥឡូវ​នេះ?

១២ ទេវតា​កំណាច​ទាំង​នេះ​មិន​បាន​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​កន្លែង​មែនទែន​មួយ​ដែល​ហៅ​ថា ជង្ហុក​ជ្រៅ​បំផុត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពាក្យ​ជង្ហុក​ជ្រៅ​បំផុត ដែល​បាន​បកប្រែ​ច្រឡំ​ថា​«​ស្ថាន​នរក​»​ នៅ​ក្នុង​គម្ពីរ​ខ្លះ គឺ​សំដៅ​ចំពោះ​ស្ថានភាព​ដ៏​ថោកទាប ឬ​ក៏​ការ​ធ្លាក់​ពី​ឋាន:របស់​ពួក​ទេវតា​ទាំង​នោះ។ ពួក​វា​បាន​ត្រូវ​កាត់​ផ្ដាច់​ចេញ​ពី​ពន្លឺ​វិញ្ញាណ​នៃ​អង្គការ​របស់​ព្រះ ហើយ​ពួក​វា​កំពុង​តែ​រង់ចាំ​សេចក្ដី​ហិនវិនាស​ដ៏​អស់កល្ប​ជានិច្ច​ប៉ុណ្ណោះ។ (​យ៉ាកុប ២:១៩; យូដាស ៦​) ចាប់​តាំង​ពី​សម័យ​ទឹក​ជំនន់​មក ព្រះ​ទ្រង់​មិន​បាន​បណ្ដោយ​ឲ្យ​ទេវតា​ដែល​ជា​ព្រាយបិសាច​ទាំង​នេះ​ប្រែ​ខ្លួន​គេ​ជា​រាង​កាយ​សាច់​ឈាម​ទៀត​ឡើយ ដូច្នេះ​ហើយ​ពួក​វា​មិន​អាច​សម្រេច​កាមតណ្ហា​មិន​ធម្មតា​របស់​ពួក​វា​ផ្ទាល់​បាន​ឡើយ។ ប៉ុន្តែ ពួក​វា​អាច​នៅ​ប្រើ​ឥទ្ធិពល​ដ៏​សាហាវ​របស់​វា​ទៅ​លើ​បុរស​និង​ស្ត្រី​ជា​ច្រើន។ តាម​ការ​ពិត ដោយសារ​ជំនួយ​នៃ​ពួក​ព្រាយបិសាច​នេះ សាតាំង​«​បាន​នាំ​លោកីយ ទាំងមូល​ឲ្យ​វង្វេង​ចេញ​»។ (​វិវរណៈ ១២:៩​) សព្វ​ថ្ងៃ​នេះ ការ​ចម្រើន​ដ៏​សម្បើម​នូវ​ឧក្រិដ្ឋកម្ម​ខាង​ការ​សេព​កាម អំពើ​ឃោរឃៅ និង​ការ​ប្រព្រឹត្ត​នូវ​អំពើ​មិន​ប្រពៃ​ផ្សេង​ៗ​ទៀត បង្ហាញ​ថា​យើង​ត្រូវ​តែ​ប្រយ័ត្ន​នឹង​ការ​ដឹក​នាំ​ឲ្យ​វង្វេង​របស់​ពួក​វា។

របៀប​ដែល​វិញ្ញាណ​កំណាច​នាំ​មនុស្ស​ឲ្យ​វង្វេង

១៣ (​ក​) តើ​ពួក​វិញ្ញាណ​កំណាច​នាំ​មនុស្ស​ឲ្យ​វង្វេង​យ៉ាង​ណា? (​ខ​) អ្វី​ជា​អសុរនិយម ហើយ​តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា​​ចំពោះ​រឿង​នេះ?

១៣ យើង​បាន​រៀន​ពីមុន​មក​ហើយ ថា​សាតាំង​ជា​«​ព្រះ​របស់​លោកីយ​នេះ​»​ បាន​ប្រើ​រដ្ឋាភិបាល​របស់​លោកីយ៍​នេះ និង​សាសនា​មិន​ពិត ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​មើល​មិន​ឃើញ​នូវ​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ។ (​កូរិនថូស​ទី​២ ៤:៤​) របៀប​ដ៏​សំខាន់​មួយ​ទៀត​ដែល​វិញ្ញាណ​កំណាច​នាំ​បុរស​និង​ស្ត្រី​ជា​ច្រើន​ឲ្យ​វង្វេង​នោះ គឺ​ដោយសារ​អសុរនិយម។ តើ​អសុរនិយម​ជា​អ្វី? នេះ​ជា​ការ​ទាក់ទង​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច ទោះបី​ដោយ​ផ្ទាល់​ខ្លួន​ឬ​ក៏​តាម​រយៈ​គ្រូខាប​ក៏​ដោយ។ អសុរនិយម​នាំ​មនុស្ស​ឲ្យ​នៅ​ក្រោម​អានុភាព​របស់​ពួក​ព្រាយបិសាច។ ព្រះ​គម្ពីរ​បាន​ព្រមាន​ឲ្យ​យើង​ជៀស​ចេញ​ផុត​ពី​ទម្លាប់​ទាំង​ឡាយ​ដែល​ទាក់ទង​នឹង​អសុរនិយម។—កាឡាទី ៥:១៩​-​២១; វិវរណៈ ២១:៨

១៤ (​ក​) អ្វី​ជា​ការ​ទស្សន៍​ទាយ? (​ខ​) តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា​ចំពោះ​រឿង​នេះ?

១៤ ការ​ទស្សន៍​ទាយ​ជា​សណ្ឋាន​នៃ​អសុរនិយម​មួយ​ដែល​គេ​និយម​ប្រើ​ណាស់។ នេះ​ជា​ទម្លាប់​ក្នុង​ការ​ខំ​ស្វែងរក​ឲ្យ​ដឹង​អំពី​រឿង​អនាគត ឬ​ក៏​អំពី​អ្វី​មួយ​ដែល​មិន​ដឹង ដោយសារ​ជំនួយ​ពី​វិញ្ញាណ​ដែល​មើល​មិន​ឃើញ​នោះ។ លូកា​ជា​សិស្ស​គ្រីស្ទាន​បាន​បង្ហាញ​អំពី​រឿង​នេះ​ដោយ​សរសេរ​ថា​៖ ​«​នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ចួប​នឹង​យើង នាង​នោះ​មាន​អារក្ស​ភីថង់​ចូល ក៏​បាន​ចំរើន​ឲ្យ​ចៅហ្វាយ​នាង​ជា​ច្រើន​ដោយ​ការ​ទាយ​»។ សាវក​ប៉ុល​បាន​មាន​សមត្ថភាព​ក្នុង​ការ​រំដោះ​នាង ឲ្យ​រួច​ពី​ឥទ្ធិពល​នៃ​វិញ្ញាណ​កំណាច​នេះ ហើយ​នាង​ក៏​លែង​មាន​សមត្ថភាព​នឹង​ទាយ​ពី​រឿង​អនាគត​ទៀត។—កិច្ចការ ១៦:១៦​-​១៩

១៥ (​ក​) តើ​ការ​ដែល​ទាក់ទង​ទៅ​នឹង​អសុរនិយម​មាន​អ្វី​ខ្លះ? (​ខ​) ហេតុ​អ្វី​ក៏​ការ​ចូលរួម​ក្នុង​របស់​បែប​នេះ​ជា​ការ​មាន​គ្រោះថ្នាក់?

១៥ មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ទៅ​លើ​អសុរនិយម ពីព្រោះ​នេះ​ពោរពេញ​ទៅ​ដោយ​អាថ៌កំបាំង ហើយ​ជា​រឿង​ប្លែក​ពី​ធម្មតា។ នេះ​ទាក់​ចិត្ត​ពួកគេ​ណាស់។ ដូច្នេះ ពួកគេ​ក៏​បាន​ទៅ​ជា​ជាប់​ទាក់ទង​នឹង​អំពើ​អាបធ្មប់ ការ​ធ្វើ​អំពើ ការ​សណ្ដំ មន្តអាគមជប់ ហោរា​តារាសាស្ត្រ ក្ដារអក្ខរា​ទស្សន៍​ទាយ ឬ​ក៏​អ្វី​ផ្សេង​ៗ​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​អសុរនិយម។ ពួកគេ​ប្រហែល​ជា​បាន​អាន​សៀវភៅ​អំពី​រឿង​នេះ ទៅ​មើល​ភាពយន្ត ឬ​ក៏​មើល​កម្មវិធី​ទូរទស្សន៍​អំពី​រឿង​នេះ។ ពួកគេ​ប្រហែល​ជា​រហូត​បាន​ទៅ​ទីប្រជុំ​មួយ​ដែល​គ្រូខាប​ម្នាក់​ស្វែងរក​ការ​ទាក់ទង​នឹង​ពិភព​វិញ្ញាណ។ ប៉ុន្តែ របស់​ទាំងអស់​នេះ​មិន​មែន​ជា​ការ​ត្រឹម​ត្រូវ​ទេ ចំពោះ​មនុស្ស​ណា​ដែល​ចង់​បម្រើ​ព្រះ​ដ៏​ពិត​នោះ។ ការ​នេះ​ក៏​មាន​គ្រោះថ្នាក់​ទៀត។ ការ​នេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នៅ​ពេល​ឥឡូវ​នេះ។ ម្យ៉ាង​ទៀត ព្រះ​ទ្រង់​នឹង​កាត់​ទោស ហើយ​កាត់កាល់​ចេញ​ពី​ទ្រង់​អស់​អ្នក​ដែល​ប្រព្រឹត្ត​នូវ​អសុរនិយម។—វិវរណៈ ២២:១៥

១៦ តើ​ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ណា ថា​ពួក​គ្រីស្ទាន​មាន​ការ​ប្រយុទ្ធ​ជំទាស់​នឹង​ពួក​វិញ្ញាណ​កំណាច​នោះ?

១៦ ទោះបី​ជា​បុគ្គល​ម្នាក់​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព ដើម្បី​ឲ្យ​បាន​ជៀស​ផុត​ពី​អសុរនិយម​ក៏​ដោយ ក៏​គាត់​ប្រហែល​ជា​នៅ​តែ​មាន​ការ​ប្រយុទ្ធ​ពី​ពួក​វិញ្ញាណ​កំណាច​ដដែល។ តើ​នៅ​ចាំ​ទេ ព្រះ​យេស៊ូវ​បាន​សណ្ដាប់​ឮ​សំឡេង​របស់​អារក្ស​ផ្ទាល់ នៅ​ពេល​ដែល​វា​ល្បួង​ទ្រង់​ឲ្យ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ព្រះ​នោះ។ (​ម៉ាថាយ ៤:៨, ៩​) អ្នក​បម្រើ​ព្រះ​ដទៃ​ទៀត ក៏​បាន​ទទួល​នូវ​ការ​ប្រយុទ្ធ​របៀប​នេះ​ដែរ។ សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដ្បិត​យើង​រាល់​គ្នា . . . តយុទ្ធ . . . ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ​»។ ការ​នេះ​មាន​ន័យ​ថា អ្នក​បម្រើ​របស់​ព្រះ​គ្រប់​ៗ​គ្នា​ត្រូវ​តែ​«​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់ទល់​»​បាន។—អេភេសូរ ៦:១១​-​១៣

ការ​ទប់ទល់​នឹង​ការ​ប្រយុទ្ធ​របស់​ពួក​វិញ្ញាណ​កំណាច

១៧ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា បើសិនជា​មាន​«​សំឡេង​»​មួយ​ពី​ពិភព​វិញ្ញាណ​និយាយ​ទៅ​រក​អ្នក?

១៧ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា បើសិនជា​មាន​«​សំឡេង​»​មួយ​ពី​ពិភព​វិញ្ញាណ​និយាយ​ទៅ​រក​អ្នក? ចុះ​បើ​«​សំឡេង​»​នោះ​ធ្វើ​ហាក់​ដូច​ជា​ញាតិសន្ដាន​ដែល​បាន​ស្លាប់​ទៅ ឬ​ជា​វិញ្ញាណ​ដ៏​ល្អ​មួយ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា? អញ្ចឹង​តើ​ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​យ៉ាង​ណា ពេល​ដែល​«​មេ​អារក្ស​»​បាន​និយាយ​ទៅ​រក​ទ្រង់? (​ម៉ាថាយ ៩:៣៤​) ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​នែ សាតាំង ចូរ​ឯង​ថយចេញ​ពី​អញ​ទៅ​»​! (​ម៉ាថាយ ៤:១០​) អ្នក​អាច​ធ្វើ​ដូច​នេះ​បាន​ដែរ។ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​អំពាវនាវ​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។ សូម​អធិស្ឋាន​ឲ្យ​ឮ​ខ្លាំង​ៗ ហើយ​ប្រើ​ព្រះ​នាម​ព្រះ។ សូម​ចាំ​ថា​ទ្រង់​មាន​ឥទ្ធិឫទ្ធិ​ខ្លាំង​ជាង​ពួក​វិញ្ញាណ​កំណាច​ទៅ​ទៀត។ សូម​ធ្វើ​តាម​របៀប​ដ៏​មាន​ប្រាជ្ញា​នេះ​ចុះ។ សូម​កុំ​ស្ដាប់​សំឡេង​បែប​នេះ​ពី​ពិភព​វិញ្ញាណ​ឡើយ។ (​សុភាសិត ១៨:១០; យ៉ាកុប ៤:៧​) នេះ​មិន​មែន​បាន​សេចក្ដី​ថា គ្រប់​ៗ​គ្នា​ដែល​ឮ​«​សំឡេង​»​សុទ្ធតែ​បាន​និយាយ​ដោយ​ព្រាយបិសាច​នោះ​ទេ។ ពេល​ខ្លះ​ការ​ឮ​សំឡេង​អាច​កើត​មក​ពី​ការ​មាន​ជម្ងឺ​ខាង​រាង​កាយ ឬ​ខាង​ខួរក្បាល​ដែរ។

១៨ ប្រសិន​បើ​មនុស្ស​ណា​ម្នាក់​ចង់​ជៀស​ឲ្យ​ផុត​ពី​អសុរនិយម​នោះ តើ​គំរូ​ដ៏​ល្អ​ណា​របស់​ពួក​គ្រីស្ទាន​ពីដើម​នៅ​អេភេសូរ ដែល​គួរ​តែ​យក​តម្រាប់​តាម​នោះ?

១៨ ប្រហែល​ជា​នៅ​ពេល​ណា​មួយ អ្នក​បាន​ចូលរួម​ក្នុង​ការ​ប្រព្រឹត្ត​នូវ​អសុរនិយម​ណា​មួយ ហើយ​ឥឡូវ​នេះ​អ្នក​ចង់​ឈប់។ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​បាន? សូម​អ្នក​ពិចារណា​មើល​នូវ​គំរូ​របស់​ពួក​គ្រីស្ទាន​សម័យ​ដើម​នៅ​ក្រុង​អេភេសូរ។ ក្រោយ​ពី​ពួកគេ​បាន​យល់​ព្រម​ទទួល​នូវ​«​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​»​ដែល​បាន​ប្រកាស​ប្រាប់​ដោយ​សាវក​ប៉ុល​ហើយ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ឯ​មនុស្ស​ដែល​ប្រព្រឹត្ត​វិជ្ជា​ប្លែក​ៗ នោះ​ក៏​មាន​ច្រើន​នាក់ បាន​យក​ក្បួន​ដំ​រា​របស់​ខ្លួន មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំងអស់​គ្នា​»។ ហើយ​សៀវភៅ​ទាំងអស់​មាន​តម្លៃ​អស់​៥​ម៉ឺន​ដុំ​ប្រាក់! (​កិច្ចការ ១៩:១៩, ២០​) ក្នុង​ការ​យក​តម្រាប់​តាម​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​នៅ​អេភេសូរ ប្រសិន​បើ​អ្នក​មាន​វត្ថុ​ជា​កម្មសិទ្ធិ​របស់​អ្នក​ដែល​មាន​ការ​ទាក់ទង​ផ្ទាល់​ទៅ​នឹង​អសុរនិយម ជា​ការ​មាន​ប្រាជ្ញា​ក្នុង​ការ​កំទេច​វត្ថុ​នោះ​ចោល ទោះជា​មាន​តម្លៃ​យ៉ាង​ណា​ក៏​ដោយ។

១៩ (​ក​) តើ​មនុស្ស​ភាគ​ច្រើន​ដែល​ចូលរួម​ក្នុង​អសុរនិយម​មិន​បាន​ដឹង​អ្វី? (​ខ​) ប្រសិន​បើ​យើង​ចង់​រស់​នៅ​ជា​និរន្តរ៍​ដោយ​សុភមង្គល​នៅ​លើ​ផែនដី តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា?

១៩ សព្វ​ថ្ងៃ​នេះ ដោយសារ​តែ​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ទៅ​លើ​របស់​ណា​ដែល​ប្លែក​និង​មាន​អាថ៌កំបាំង មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​ជាប់​ទាក់ទង​ក្នុង​អសុរនិយម។ យ៉ាង​ណា​ក៏​ដោយ ភាគ​ច្រើន​នៃ​ពួក​ទាំង​នេះ មិន​បាន​ទាំង​ដឹង​ខ្លួន​ថា​គេ​បាន​ជាប់​ទាក់ទង​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច​ផង​ទេ។ នេះ​មិន​មែន​ជា​ល្បែង​ដែល​គ្មាន​គ្រោះថ្នាក់​ទេ។ ពួក​វិញ្ញាណ​កំណាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ឈឺ​និង​មាន​គ្រោះថ្នាក់។ ពួក​វា​សាហាវ​ណាស់។ ហើយ​មុន​ពេល​ដែល​ព្រះ​គ្រីស្ទ​ចាប់​ពួក​វា​ឃុំ ដើម្បី​កំទេច​ជា​និរន្តរ៍​នោះ ពួក​វា​កំពុង​តែ​ខំ​ធ្វើ​យ៉ាង​ណា​ដែល​អាច​ធ្វើ​ទៅ​រួច ដើម្បី​នាំ​មនុស្ស​លោក​ឲ្យ​នៅ​ក្រោម​ឥទ្ធិពល​ដ៏​កំណាច​របស់​ពួក​វា។ (​ម៉ាថាយ ៨:២៨, ២៩​) ដូច្នេះ បើ​លោក​អ្នក​ចង់​រស់​នៅ​ជា​និរន្តរ៍​បាន ដោយ​សុភមង្គល នៅ​លើ​ផែនដី ក្រោយ​ពី​អំពើ​សហ័ស​ទាំងអស់​នឹង​បាន​កំទេច​ចេញ​នោះ អ្នក​ត្រូវ​តែ​ជៀស​ជា​ចាំបាច់​ឲ្យ​ផុត​ពី​ឥទ្ធិពល​នៃ​ព្រាយបិសាច ដោយ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​អសុរនិយម​គ្រប់​ប្រភេទ​ទាំងអស់។

[​រូបភាព​នៅ​ទំព័រ​៩១​]

តើ​គ្រូខាប​នៅ​ស្រុក​អេន​-​ដោរ​បាន​ទាក់ទង​ជា​មួយ​អ្នក​ណា?

[​រូបភាព​នៅ​ទំព័រ​៩២, ៩៣​]

ទេវតា​ដែល​ជា​បុត្រ​របស់​ព្រះ​បាន​សម្លឹង​ឃើញ​កូន​ស្រី​ៗ​របស់​មនុស្ស

[​រូបភាព​នៅ​ទំព័រ​៩៤​]

ពួក​ទេវតា​ដែល​បាន​ប្រែក្រឡា​ខ្លួន​មិន​បាន​លង់​ទឹក​ស្លាប់​ទេ។ ពួក​វា​បាន​ទុក​ចោល​រូបកាយ​សាច់​ឈាម​របស់​វា ហើយ​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ

[​រូបភាព​នៅ​ទំព័រ​៩៧​]

ព្រះ​គម្ពីរ​បាន​ព្រមាន​ថា​៖ ‹ចូរ​ជៀស​ចេញ​ឲ្យ​ផុត​ពី​អសុរនិយម​គ្រប់​ប្រភេទ›

[​រូបភាព​នៅ​ទំព័រ​៩៨​]

ពួក​អ្នក​ដែល​បាន​ទៅ​ជា​គ្រីស្ទាន​នៅ​អេភេសូរ បាន​ដុត​ក្បួន​ដំរា​ដែល​ទាក់ទង​ទៅ​នឹង​អសុរនិយម​ចោល—ជា​គំរូ​ដ៏​ប្រសើរ​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក