បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ១៦ ទំ. ១៣៤-១៤១
  • រដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមការគ្រប់គ្រង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមការគ្រប់គ្រង
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រដ្ឋាភិបាល​ដែល​ពួក​គ្រីស្ទាន​អធិស្ឋាន​សូម
  • ការ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ
  • ពេល​ដែល​រដ្ឋាភិបាល​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង
  • ព្រះរាជាណាចក្ររបស់ព្រះ គឺប្រសើរលើសការគ្រប់គ្រងឯទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ១៦ ទំ. ១៣៤-១៤១

ជំពូក​ទី១៦

រដ្ឋាភិបាល​របស់​ព្រះ​ចាប់​ផ្ដើម​ការ​គ្រប់​គ្រង

១ (​ក​) តើ​មនុស្ស​ដែល​មាន​ជំនឿ បាន​រង់ចាំ​ដោយ​ចិត្ត​រំភើប​នូវ​អ្វី? (​ខ​) ហេតុ​អ្វី​ក៏​រាជាណាចក្រ​របស់​ព្រះ បាន​ត្រូវ​ហៅ​ជា​«​ក្រុង​»​ទៅ​វិញ?

រាប់​ពាន់​ឆ្នាំ​កន្លង​មក​ហើយ មនុស្ស​ដែល​មាន​ជំនឿ​ក្នុង​រដ្ឋាភិបាល​របស់​ព្រះ បាន​រង់ចាំ​ដោយ​ចិត្ត​​រំភើប នូវ​ពេល​ដែល​រដ្ឋាភិបាល​នេះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង។ ឧទាហរណ៍ ព្រះ​គម្ពីរ​បាន​ចែង​ថា លោក​អ័ប្រាហាំ​ដ៏​ស្មោះ​ត្រង់​«​លោក​រង់ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ​ទ្រង់​ជា​អ្នក​គូរ ហើយ​ជាជាង​សង់​»។ (​ហេព្រើរ ១១:១០​) ​«​ក្រុង​»​នោះ ជា​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ ហេតុ​អ្វី​ក៏​នៅ​បទ​នេះ​បាន​ត្រូវ​ហៅ​ថា​«​ក្រុង​»​ទៅ​វិញ? ពីព្រោះ​នៅ​សម័យ​បុរាណ ជា​ការ​ធម្មតា​ដែល​ស្តេច​មួយ​អង្គ​សោយ​រាជ្យ​ទៅ​លើ​ទីក្រុង​មួយ។ ដូច្នេះ មនុស្ស​តែង​តែ​គិត​ថា​ទីក្រុង​គឺ​ដូច​ជា​រាជាណាចក្រ​មួយ។

២ (​ក​) តើ​អ្វី​ដែល​បង្ហាញ​ថា ព្រះ​រាជាណាចក្រ​គឺ​ជា​ការ​ជាក់​ស្តែង​ចំពោះ​ពួក​សិស្ស​របស់​ព្រះ​គ្រីស្ទ​ពីដើម? (​ខ​) តើ​ពួកគេ​ចង់​ដឹង​អ្វី​ខ្លះ​អំពី​រាជាណាចក្រ​នោះ?

២ រាជាណាចក្រ​របស់​ព្រះ គឺ​ជា​ការ​ជាក់​ស្តែង​ណាស់​ចំពោះ​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ពីដើម។ នេះ​បាន​បង្ហាញ​មក ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ខ្លាំង​របស់​ពួកគេ ចំពោះ​ការ​គ្រប់​គ្រង​របស់​រាជ្យ​នោះ។ (​ម៉ាថាយ ២០:២០​-​២៣​) សំនួរ​មួយ​នៅ​ក្នុង​គំនិត​របស់​ពួកគេ​គឺ​៖ តើ​ពេល​ណា ដែល​ព្រះ​គ្រីស្ទ​និង​សិស្ស​របស់​ទ្រង់​នឹង​ចាប់​ផ្ដើម​សោយ​រាជ្យ? នៅ​ពេល​មួយ កាល​ដែល​ព្រះ​យេស៊ូវ​បាន​លេច​ឡើង​ចំពោះ​សិស្ស​ទ្រង់ ក្រោយ​ពេល​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ ពួកគេ​បាន​សួរ​ទ្រង់​ថា​៖ ​«​ព្រះ​អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ​»​? (​កិច្ចការ ១:៦​) ដូច្នេះ តើ​អ្នក​មាន​ចិត្ត​ចង់​ដឹង​យ៉ាង​ខ្លាំង​ពី​ពេល​ដែល​ព្រះ​គ្រីស្ទ​ចាប់​ផ្ដើម​សោយ​រាជ្យ​ជា​ស្តេច​នៃ​រដ្ឋាភិបាល​របស់​ព្រះ ដូច​ពួក​សិស្ស​របស់​ព្រះ​គ្រីស្ទ​ដែរ​ឬ​ទេ?

រដ្ឋាភិបាល​ដែល​ពួក​គ្រីស្ទាន​អធិស្ឋាន​សូម

៣, ៤ (​ក​) តើ​អ្វី​ដែល​បង្ហាញ​ថា ព្រះ​ទ្រង់​បាន​គ្រប់​គ្រង​ជា​ស្តេច​ជានិច្ច​មក​នោះ? (​ខ​) ដូច្នេះ ហេតុ​អ្វី​ក៏​ព្រះ​គ្រីស្ទ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់ ឲ្យ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​រាជាណាចក្រ​មក​ដល់​ទៅ​វិញ?

៣ ព្រះ​គ្រីស្ទ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​ទៅ​ព្រះ​ថា​៖ ​«​សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ​»។ (​ម៉ាថាយ ៦:៩, ១០​) ប៉ុន្តែ ជន​ណា​មួយ​ប្រហែល​ជា​សួរ​ថា​៖ ‹តើ​ព្រះ​យេហូវ៉ា​មិន​បាន​សោយ​រាជ្យ​ជា​ស្តេច​ជានិច្ច​មក​ទេ​ឬ​អ្វី? ហើយ ប្រសិន​ជា​ទ្រង់​បាន​សោយ​រាជ្យ​មែន ចុះ​ហេតុ​អ្វី​ក៏​ត្រូវ​អធិស្ឋាន​ឲ្យ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​បាន​មក​ដល់​ដូច្នេះ›?

៤ ពិត​មែន​ហើយ ព្រះ​គម្ពីរ​បាន​ចែង​ថា ព្រះ​យេហូវ៉ា​ជា​«​ស្តេច​នៃ​អស់​ទាំង​កល្ប​»។ (​ធីម៉ូថេទី១ ១:១៧​) ហើយ​បាន​ចែង​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថានសួគ៌ ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់​គ្រង​លើ​ទាំងអស់​»។ (​ទំនុកដំកើង ១០៣:១៩​) ដូច្នេះ ព្រះ​យេហូវ៉ា​ទ្រង់​ជា​មហាក្សត្រ​ដ៏​ខ្ពស់​បំផុត​ជានិច្ច គ្រប់​គ្រង​លើ​សព្វសារពើ​និង​ប្រជានិករ​ទាំងអស់​របស់​ទ្រង់។ (​យេរេមា ១០:១០​) យ៉ាង​ណា​ក៏​ដោយ ព្រោះ​តែ​ការ​បះបោរ​ប្រឆាំង​នឹង​អំណាច​គ្រប់​គ្រង​របស់​ទ្រង់​នៅ​ក្នុង​សួនច្បារ​អេដែន ព្រះ​ទ្រង់​បាន​រៀបចំ​រដ្ឋាភិបាល​ដ៏​ពិសេស​មួយ។ នេះ​ហើយ​ជា​រដ្ឋាភិបាល ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្រោយ​មក​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​សូម​នោះ។ គោល​បំណង​នៃ​រដ្ឋាភិបាល​នេះ គឺ​ដើម្បី​បំបាត់​បញ្ហា​ទាំង​ឡាយ​ដែល​បាន​បណ្ដាល​មក​តាំង​ពី​ពេល​ដែល​អារក្ស​សាតាំង និង​អ្នក​ផ្សេង​ទៀត​បាន​បែរ​ចេញ​ពី​អំណាច​គ្រប់​គ្រង​របស់​ព្រះ។

៥ ប្រសិន​បើ​នេះ​ជា​រាជាណាចក្រ​របស់​ព្រះ​មែន​នោះ ហេតុ​អ្វី​ក៏​ត្រូវ​ហៅ​ជា​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ និង​រាជាណាចក្រ​របស់​ពួក​១៤៤.០០០​នាក់​ដែរ?

៥ រាជ​រដ្ឋាភិបាល​ថ្មី​នេះ ទទួល​អំណាច​និង​សិទ្ធិ​គ្រប់​គ្រង​ពី​ព្រះ​មហាក្សត្រ​ដ៏​ខ្ពស់​បំផុត គឺ​ព្រះ​យេហូវ៉ា។ នេះ​ជា​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​គម្ពីរ​បាន​ចែង​ថា នេះ​ជា​«​នគរ​ព្រះ​»។ (​លូកា ៩:២, ១១, ៦០, ៦២; កូរិនថូសទី១ ៦:៩, ១០; ១៥:៥០​) ក៏​ប៉ុន្តែ ដោយ​ព្រោះ​តែ​ព្រះ​យេហូវ៉ា​បាន​តែងតាំង​ព្រះ​រាជបុត្រា​ទ្រង់ ជា​នាយក​គ្រប់​គ្រង​នោះ ដូច្នេះ នេះ​ក៏​បាន​ត្រូវ​ហៅ​ជា​នគរ​[​រាជាណាចក្រ​]​របស់​ព្រះ​គ្រីស្ទ​ដែរ។ (​ពេត្រុសទី២ ១:១១​) ដូច​ជា​យើង​បាន​រៀន​នៅ​ក្នុង​ជំពូក​មុន​នោះ មនុស្ស​​១៤៤.០០០​នាក់ ដែល​រើស​យក​ពី​ចំណោម​មនុស្ស​លោក​នឹង​ត្រូវ​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​នេះ​ដែរ។ (​វិវរណៈ ១៤:១​-​៤; ២០:៦​) ដូច្នេះ​ហើយ ព្រះ​គម្ពីរ​ក៏​បាន​សំដៅ​ទៅ​លើ​រាជាណាចក្រ​នេះ​ជា​«​រាជ្យ​របស់​[​ពួក, ពថ​]​គេ​»​ដែរ។—ដានីយ៉ែល ៧:២៧

៦ យោង​ទៅ​តាម​យោបល់​មនុស្ស​ខ្លះ ពេល​ណា​ដែល​ព្រះ​រាជាណាចក្រ​ចាប់​ផ្ដើម​គ្រប់​គ្រង?

៦ អ្នក​ខ្លះ​និយាយ​ថា ព្រះ​រាជាណាចក្រ​នេះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង នៅ​ឆ្នាំ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ។ ពួកគេ​និយាយ​ថា ព្រះ​គ្រីស្ទ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង នៅ​ពេល​ដែល​ទ្រង់​បាន​ចាក់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ទៅ​លើ​ពួក​អ្នក​កាន់​តាម​ទ្រង់ នៅ​ថ្ងៃ​បុណ្យ​របស់​សាសន៍​យូដា​ជា​បុណ្យ​ថ្ងៃ​ទី៥០ នៅ​ឆ្នាំ​៣៣​ស.យ.។ (​កិច្ចការ ២:១​-​៤​) ប៉ុន្តែ រាជ​រដ្ឋាភិបាល​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​បាន​រៀបចំ​ឡើង ដើម្បី​បំបាត់​បញ្ហា​ទាំងអស់​ដែល​បាន​កើត​ឡើង​ដោយសារ​ការ​បះបោរ​ប្រឆាំង​របស់​សាតាំង​នោះ មិន​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​នោះ​ទេ។ គ្មាន​ភស្តុតាង​អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​«​កូន​ប្រុស​»​នោះ ដែល​ជា​រដ្ឋាភិបាល​របស់​ព្រះ​ដោយ​មាន​ព្រះ​គ្រីស្ទ​ជា​អ្នក​គ្រប់​គ្រង បាន​ប្រសូត​មក​នៅ​ពេល​នោះ ហើយ​ចាប់​ផ្ដើម​គ្រប់​គ្រង​នោះ​ឡើយ។ (​វិវរណៈ ១២:១​-​១០​) បើ​អញ្ចឹង តើ​មាន​រាជាណាចក្រ​ណា​មួយ ដែល​ព្រះ​យេស៊ូវ​បាន​គ្រប់​គ្រង​នៅ​ឆ្នាំ​៣៣​ស.យ. ទេ?

៧ ទៅ​លើ​ពួក​ណា ដែល​ព្រះ​គ្រីស្ទ​បាន​គ្រប់​គ្រង​តាំង​ពី​ឆ្នាំ​៣៣​ស.យ.​មក?

៧ មាន​មែន ដ្បិត​នៅ​ពេល​នោះ​ព្រះ​យេស៊ូវ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ទៅ​លើ​ក្រុម​ជំនុំ​នៃ​ពួក​អ្នក​កាន់​តាម​ទ្រង់ ដែល​ក្រោយ​មក​ពួក​នោះ​នឹង​ចូលរួម​ជា​មួយ​ទ្រង់​នៅ​ឯ​ស្ថានសួគ៌​ដែរ។ អញ្ចឹង​ហើយ បាន​ជា​ព្រះ​គម្ពីរ​បាន​ចែង​អំពី​ពួកគេ នៅ​ពេល​ដែល​ពួកគេ​នៅ​លើ​ផែនដី​នៅ​ឡើយ ថា​បាន​ត្រូវ​យក​ទៅ​ក្នុង​«​នគរ​របស់​ព្រះ​រាជបុត្រា​ស្ងួនភ្ងា​នៃ​[​ព្រះ​]​»។ (​កូល៉ុស ១:១៣​) ប៉ុន្តែ ការ​គ្រប់​គ្រង​នេះ​ឬ​«​នគរ​»​ ទៅ​លើ​ពួក​គ្រីស្ទាន​ដែល​មាន​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​នៅ​ស្ថានសួគ៌ មិន​មែន​ជា​រាជ​រដ្ឋាភិបាល​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​សូម​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ជា​ព្រះ​រាជាណាចក្រ​មួយ​ដែល​គ្រង​ទៅ​លើ​តែ​ជន​១៤៤.០០០​នាក់​ប៉ុណ្ណោះ ដែល​នឹង​សោយ​រាជ្យ​ជា​មួយ​ទ្រង់​នៅ​ស្ថានសួគ៌។ ជា​ច្រើន​សតវត្ស​មក​ហើយ មាន​តែ​ពួកគេ​ទេ​ដែល​ជា​អនុរាស្ត្រ​របស់​ព្រះ​រាជាណាចក្រ​នេះ។ ដូច្នេះ​ហើយ ការ​គ្រប់​គ្រង​ឬ​‹នគរ​របស់​ព្រះ​រាជបុត្រា​ស្ងួនភ្ងា​នៃ​ព្រះ›​នេះ នឹង​ត្រូវ​ចប់ នៅ​ពេល​ដែល​អ្នក​ចុង​ក្រោយ​បង្អស់​នៃ​ពួក​​អនុរាស្ត្រ​ដែល​មាន​សេចក្ដី​សង្ឃឹម​សួគ៌ា​នេះ បាន​ស្លាប់​ហើយ​ចូលរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​នៅ​ស្ថានសួគ៌។ នៅ​ពេល​នោះ ពួកគេ​លែង​ជា​អនុរាស្ត្រ​របស់​ព្រះ​គ្រីស្ទ​ហើយ ប៉ុន្តែ​ពួកគេ​នឹង​ទៅ​ជា​ស្តេច​ជា​មួយ​នឹង​ទ្រង់ នៅ​ក្នុង​រាជ​រដ្ឋាភិបាល​របស់​ព្រះ​ដែល​បាន​សន្យា​ជា​យូរ​មក​ហើយ​នោះ។

ការ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ

៨ (​ក​) ក្រោយ​ពី​ព្រះ​គ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ តើ​អ្វី​បង្ហាញ​ថា នឹង​មាន​ពេល​វេលា​រង់ចាំ មុន​នឹង​ទ្រង់​បាន​ចាប់​ផ្ដើម​សោយ​រាជ្យ​នោះ? (​ខ​) តើ​ព្រះ​ទ្រង់​មាន​បន្ទូល​យ៉ាង​ណា​ទៅ​ព្រះ​យេស៊ូវ កាល​ដែល​ពេល​វេលា​បាន​មក​ដល់​ចំពោះ​ទ្រង់​ដើម្បី​សោយ​រាជ្យ​នោះ?

៨ ពេល​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌​ក្រោយ​ពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ ទ្រង់​មិន​បាន​ចាប់​ផ្ដើម​សោយ​រាជ្យ​ជា​ស្តេច​នៃ​រដ្ឋាភិបាល​របស់​ព្រះ​នៅ​ពេល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ត្រូវ​មាន​ពេល​រង់ចាំ ដូច​សាវក​ប៉ុល​បាន​ពន្យល់​ថា​៖ ​«​តែ​ទ្រង់​[​ព្រះ​យេស៊ូវ​គ្រីស្ទ​]​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញបូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្ដាំ​ព្រះ នៅ​ជា​រៀង​រាប​ដរាប​ទៅ ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំង​សត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ​បាទ​ទ្រង់​»។ (​ហេព្រើរ ១០:១២, ១៣​) កាលណា​ពេល​វេលា​មក​ដល់ ចំពោះ​ព្រះ​គ្រីស្ទ​ក្នុង​ការ​ចាប់​ផ្ដើម​គ្រប់​គ្រង ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​ទ្រង់​ថា​៖ ​«​ឲ្យ​ឯង​គ្រប់​គ្រង​[​ឬ​ក៏​ឈ្នះ​]​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ​ផង​»។—ទំនុកដំកើង ១១០:១, ២, ៥, ៦

៩ (​ក​) ហេតុ​អ្វី​ក៏​មនុស្ស​ខ្លះ មិន​ចង់​បាន​ព្រះ​រាជាណាចក្រ​របស់​ព្រះ? (​ខ​) នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង តើ​សាសន៍​នានា​មាន​ប្រតិកម្ម​យ៉ាង​ណា​ដែរ?

៩ តើ​ស្ដាប់​ទៅ​គួរ​ឲ្យ​ចំឡែក​ឬ ដែល​ថា​មាន​មនុស្ស​ជា​សត្រូវ​នៃ​រដ្ឋាភិបាល​របស់​ព្រះ​នោះ? មែន​ហើយ មាន​មនុស្ស​ខ្លះ​មិន​ចង់​រស់​នៅ​ក្រោម​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​អនុរាស្ត្រ​ទាំង​ឡាយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។ ដូច្នេះ ក្រោយ​ពី​បាន​ចែង​ប្រាប់​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​ទ្រង់​នឹង​កាន់​កាប់​យក​អំណាច​គ្រប់​គ្រង​នៃ​ពិភពលោក​នេះ ព្រះ​គម្ពីរ​បាន​ចែង​ទៀត​ថា​«​អស់​ទាំង​សាសន៍​បាន​មាន​សេចក្ដី​​កំហឹង​»។ (​វិវរណៈ ១១:១៥, ១៧, ១៨​) សាសន៍​ទាំង​ឡាយ​មិន​ទទួល​ស្វាគមន៍​រាជាណាចក្រ​របស់​ព្រះ​ទេ ពីព្រោះ​សាតាំង​បាន​ដឹក​នាំ​ពួកគេ​ឲ្យ​ប្រឆាំង​នឹង​រាជាណាចក្រ​នេះ។

១០, ១១ (​ក​) ពេល​ដែល​រដ្ឋាភិបាល​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង តើ​មាន​អ្វី​កើត​ឡើង​នៅ​ស្ថានសួគ៌? (​ខ​) តើ​មាន​អ្វី​កើត​ឡើង​នៅ​លើ​ផែនដី​ដែរ? (​គ​) ដូច្នេះ តើ​ចំណុច​សំខាន់​មួយ​ណា​ដែល​យើង​ត្រូវ​តែ​ចំណាំ?

១០ ពេល​ដែល​រដ្ឋាភិបាល​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​នោះ សាតាំង​និង​ពួក​ទេវតា​របស់​វា​កំពុង​តែ​រស់​នៅ​ក្នុង​ស្ថានសួគ៌​នៅ​ឡើយ។ ដោយ​ពួក​វា​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ ភ្លាម​នោះ​សង្គ្រាម​ក៏​បាន​ផ្ទុះ​ឡើង។ ជា​លទ្ធផល សាតាំង​និង​ពួក​ទេវតា​របស់​វា​បាន​ត្រូវ​ទម្លាក់​ចេញ​ពី​ស្ថានសួគ៌។ នៅ​ពេល​នោះ សំឡេង​ដ៏​ខ្លាំង​មួយ​បាន​បន្លឺ​ឡើង​ថា​៖ ​«​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ ព្រះ​ចេស្ដា នឹង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះ​គ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ​»។ មែន​ហើយ ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​នៃ​ព្រះ​បាន​ចាប់​ផ្ដើម​ហើយ! ហើយ​ដោយ​សាតាំង​និង​ពួក​ទេវតា​របស់​វា​បាន​ត្រូវ​យក​ចេញ​ពី​ស្ថានសួគ៌ សេចក្ដី​ត្រេកអរ​ក៏​មាន​នៅ​ទីនោះ។ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ដោយ​ហេតុ​នោះ ឱ​ស្ថានសួគ៌ នឹង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង​»​!—វិវរណៈ ១២:៧​-​១២

១១ តើ​នេះ​ជា​ពេល​ដ៏​រីករាយ​ចំពោះ​ផែនដី​ដែរ​ឬ​ទេ? មិន​មែន​ទេ! ផ្ទុយ​ទៅ​វិញ ជា​ពេល​វេលា​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​ខ្លាំង​បំផុត ដែល​ផែនដី​មិន​ដែល​មាន​ពីមុន​មក​សោះ។ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា​៖ ​«​តែ​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ​»។ (​វិវរណៈ ១២:១២​) ដូច្នេះ នេះ​ជា​ចំណុច​សំខាន់​មួយ​ដែល​ត្រូវ​តែ​ចំណាំ​៖ ការ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ មិន​មាន​ន័យ​ថា​បាន​សន្ដិភាព​និង​សន្ដិសុខ​នៅ​លើ​ផែនដី​ភ្លាម​នោះ​ទេ។ សន្ដិភាព​ដ៏​ពិត​នោះ​នឹង​បាន​មក​នៅ​ពេល​ក្រោយ គឺ​នៅ​ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​កាន់​កាប់​យ៉ាង​ពេញលេញ​លើ​ផែនដី។ ការ​នេះ​នឹង​កើត​ឡើង​នៅ​ទីបញ្ចប់​នៃ​‹ពេល​វេលា​ខ្លី› នៅ​ពេល​ដែល​សាតាំង​និង​ពួក​ទេវតា​របស់​វា​ត្រូវ​បាន​បំបាត់​ចោល ដើម្បី​មិន​ឲ្យ​ពួក​វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​អ្នក​ណា​មួយ​ទៀត​ឡើយ។

១២ ហេតុ​អ្វី​ក៏​យើង​អាច​ជឿ​ថា ព្រះ​គម្ពីរ​នឹង​ចែង​ប្រាប់​យើង ពី​ពេល​ដែល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​ការ​គ្រប់​គ្រង?

១២ ប៉ុន្តែ​តើ​ពេល​ណា ដែល​សាតាំង​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ស្ថានសួគ៌ ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​នៅ​លើ​ផែនដី​អស់រយៈ​‹ពេល​វេលា​ខ្លី›​នោះ? តើ​ពេល​ណា ដែល​រដ្ឋាភិបាល​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង? តើ​ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​ចម្លើយ​ទេ? យើង​គួរ​តែ​ជឿ​ថា​ព្រះ​គម្ពីរ​នឹង​ត្រូវ​តែ​មាន​ចម្លើយ​បែប​នេះ។ ហេតុ​អ្វី? ​ពីព្រោះ​ព្រះ​គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​ជា​យូរ​យារ​មក​ហើយ អំពី​ពេល​ដែល​បុត្រ​របស់​ព្រះ​នឹង​លេច​ឡើង​ជា​លើក​ដំបូង​ជា​មនុស្ស​នៅ​លើ​ផែនដី ដើម្បី​នឹង​ទៅ​ជា​ព្រះ​មែស៊ី។ តាម​ការ​ពិត ព្រះ​គម្ពីរ​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ឆ្នាំ​ដែល​ទ្រង់​បាន​ទៅ​ជា​ព្រះ​មែស៊ី​នោះ។ អញ្ចឹង តើ​យ៉ាង​ណា​វិញ​អំពី​ការ​ដែល​រឹតតែ​សំខាន់​ជាង​នោះ គឺ​ការ​យាង​មក​របស់​ព្រះ​មែស៊ី ឬ​ព្រះ​គ្រីស្ទ ដើម្បី​ចាប់​ផ្ដើម​សោយ​រាជ្យ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​នោះ? មែន​ហើយ យើង​អាច​ជឿ​ថា ព្រះ​គម្ពីរ​ប្រាកដ​ជា​ចែង​ប្រាប់​យើង​អំពី​ពេល​ដែល​ការ​នេះ​នឹង​កើត​ឡើង!

១៣ តើ​ព្រះ​គម្ពីរ​បាន​ទាយ​ទុក ពី​ឆ្នាំ​ដែល​ព្រះ​មែស៊ី​បាន​បង្ហាញ​អង្គ​ទ្រង់​នៅ​លើ​ផែនដី​យ៉ាង​ណា?

១៣ ប៉ុន្តែ ប្រហែល​ជា​មាន​អ្នក​ណា​ម្នាក់​សួរ​ថា​៖ ‹តើ​នៅ​កន្លែង​ណា ដែល​ព្រះ​គម្ពីរ​បាន​ទាយ​យ៉ាង​ច្បាស់​អំពី​ឆ្នាំ ដែល​ព្រះ​មែស៊ី​បាន​បង្ហាញ​អង្គ​ទ្រង់​នៅ​លើ​ផែនដី›? សៀវភៅ​ព្រះ​គម្ពីរ​ដានីយ៉ែល​បាន​ចែង​ថា​៖ ​«​ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់ប្រេងតាំង​[​ព្រះ​មែស៊ី​]​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្ដាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ នឹង​៦២​អាទិត្យ​»​ ឬ​ក៏​រួម​មក​ទាំងអស់​មាន​៦៩​អាទិត្យ។ (​ដានីយ៉ែល ៩:២៥​) ប៉ុន្តែ អាទិត្យ​ទាំង​នេះ​មិន​មែន​ជា​៦៩​អាទិត្យ​មែនទែន ដែល​មាន​ចំនួន​តែ​៤៨៣​ថ្ងៃ ឬ​ក៏​ច្រើន​ជាង​មួយ​ឆ្នាំ​បន្ដិច​នោះ​ទេ។ អាទិត្យ​ទាំង​នេះ​គឺ​ជា​៦៩​អាទិត្យ​នៃ​ឆ្នាំ ឬ​ក៏​៤៨៣​ឆ្នាំ។ (​សូម​ប្រៀបធៀប ជនគណនា ១៤:៣៤​) សេចក្ដី​បញ្ជា​ឲ្យ​ជួសជុល​និង​សង់​ឡើង​វិញ​នូវ​ជញ្ជាំង​នៃ​ក្រុង​យេរូសាឡិម បាន​ថ្លែង​ចេញ​មក​នៅ​ក្នុង​ឆ្នាំ​៤៥៥​ម.ស.យ.a។ (​នេហេមា ២:១​-​៨​) ដូច្នេះ ៦៩​អាទិត្យ​នៃ​ឆ្នាំ​ទាំង​នេះ​បាន​ចប់​ក្នុង​រយៈ​ពេល​៤៨៣​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​២៩​ស.យ.។ ហើយ​នេះ​គឺ​ជា​ឆ្នាំ ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​ឯ​លោក​យ៉ូហាន ដើម្បី​ជ្រមុជ​ទឹក! នៅ​ពេល​នោះ ទ្រង់​បាន​ត្រូវ​ចាក់ប្រេងតាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​បាន​ទៅ​ជា​ព្រះ​មែស៊ី ឬ​ជា​ព្រះ​គ្រីស្ទ។—លូកា ៣:១, ២, ២១​-​២៣

ពេល​ដែល​រដ្ឋាភិបាល​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង

១៤ តើ​«​ដើម​ឈើ​»​ដែល​ចែង​នៅ​ក្នុង​សៀវភៅ​ដានីយ៉ែល​ជំពូក​បួន​នោះ ជា​តំណាង​អ្វី?

១៤ បើ​អញ្ចឹង តើ​នៅ​កន្លែង​ណា ដែល​ព្រះ​គម្ពីរ​បាន​ទាយ​ទុក​ពី​ឆ្នាំ ដែល​ព្រះ​គ្រីស្ទ​ចាប់​ផ្ដើម​សោយ​រាជ្យ​ជា​ស្តេច​នៃ​រដ្ឋាភិបាល​របស់​ព្រះ​នោះ? គឺ​នៅ​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​ដានីយ៉ែល​ដដែល​នេះ។ (​ដានីយ៉ែល ៤:១០​-​៣៧​) មាន​ដើម​ឈើ​មួយ​ដ៏​ធំ​ក្រៃលែង កំពស់​ទល់​នឹង​ផ្ទៃ​មេឃ ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​ជា​តំណាង​ស្តេច​នេប៊ូក្នេសា នៃ​ប្រទេស​បាប៊ីឡូន។ ទ្រង់​ជា​មនុស្ស​ជាតិ​ដែល​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។ យ៉ាង​ណា​ក៏​ដោយ ស្តេច​នេប៊ូក្នេសា​បាន​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ថា មាន​មួយ​អង្គ​ដ៏​ខ្ពង់​ខ្ពស់​ជាង​ទ្រង់​ទៅ​ទៀត​ដែល​កំពុង​តែ​សោយ​រាជ្យ។ អង្គ​មួយ​នេះ​ជា​«​ព្រះ​ដ៏​ខ្ពស់​បំផុត​»​ឬ​ជា​«​មហាក្សត្រ​នៃ​ស្ថានសួគ៌​»​ គឺ​ព្រះ​យេហូវ៉ា។ (​ដានីយ៉ែល ៤:៣៤, ៣៧​) ដូច្នេះ តាម​របៀប​ដ៏​សំខាន់​ជាង​នោះ ដើម​ឈើ​ដែល​មាន​កំពស់​ទល់​នឹង​ផ្ទៃ​មេឃ​នេះ ជា​តំណាង​អំណាច​គ្រប់​គ្រង​ដ៏​ខ្ពស់​បំផុត​នៃ​ព្រះ ជា​ពិសេស​ទៅ​លើ​ផែនដី​យើង​នេះ។ អំណាច​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា បាន​ត្រូវ​តំណាង​អស់​មួយ​គ្រា តាម​រយៈ​ព្រះ​រាជាណាចក្រ​ដែល​ទ្រង់​បាន​រៀបចំ​ឡើង​លើ​សាសន៍​អ៊ីស្រាអែល។ ដូច្នេះ​ហើយ បាន​ជា​ស្តេច​ទាំង​ឡាយ​នៃ​កុលសម្ព័ន្ធ​យូដា​ដែល​គ្រប់​គ្រង​លើ​ជនជាតិ​អ៊ីស្រាអែល​នោះ បាន​ត្រូវ​ហៅ​ថា​«​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា​»។—របាក្សត្រទី១ ២៩:២៣

១៥ ពេល​ដែល​«​ដើម​ឈើ​»​ត្រូវ​បាន​កាប់​ផ្ដាច់​នោះ ហេតុ​អ្វី​ក៏​ត្រូវ​បាន​ដាក់​វ័ណ្ឌ​នៅ​លើ​នោះ?

១៥ តាម​ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ នៅ​ក្នុង​សៀវភៅ​ដានីយ៉ែល​ជំពូក​បួន ដើម​ឈើ​ដែល​មាន​កំពស់​ទល់​នឹង​ផ្ទៃ​មេឃ បាន​ត្រូវ​កាប់​ផ្ដាច់។ ប៉ុន្តែ គល់​ឈើ​នោះ​បាន​ត្រូវ​ទុក​នៅសល់ ហើយ​ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​វ័ណ្ឌ​ដែក​និង​លង្ហិន។ នេះ​នឹង​ទប់​គល់​ឈើ​នោះ​មិន​ឲ្យ​លូត​លាស់​បាន រហូត​ដល់​ពេល​វេលា​របស់​ព្រះ​មក​ដល់ ដើម្បី​ដោះ​យក​វ័ណ្ឌ​ទាំង​នោះ​ចេញ ហើយ​ទុក​ឲ្យ​ចាប់​ផ្ដើម​លូត​លាស់​ជា​ថ្មី​ម្ដង​ទៀត។ ប៉ុន្តែ យ៉ាង​ណា និង​នៅ​ពេល​ណា ដែល​អំណាច​គ្រប់​គ្រង​របស់​ព្រះ​បាន​ត្រូវ​កាប់​ផ្ដាច់​នោះ?

១៦ (​ក​) យ៉ាង​ណា និង​នៅ​ពេល​ណា ដែល​អំណាច​គ្រប់​គ្រង​របស់​ព្រះ​បាន​ត្រូវ​កាប់​ផ្ដាច់? (​ខ​) តើ​ស្តេច​ចុង​ក្រោយ​បង្អស់​របស់​សាសន៍​យូដា​ដែល​គង់​នៅ​លើ​«​បល្ល័ង្ក​ព្រះ​យេហូវ៉ា​»​ បាន​ត្រូវ​ទូល​ប្រាប់​យ៉ាង​ណា?

១៦ នៅ​ពេល​ក្រោយ​មក រាជាណាចក្រ​នៃ​សាសន៍​យូដា​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​បាន​រៀបចំ​ឡើង​នោះ បាន​ទៅ​ជា​ពុក​រលួយ​យ៉ាង​ខ្លាំង រហូត​ដល់​ទ្រង់​បណ្ដោយ​ឲ្យ​ស្តេច​នេប៊ូក្នេសា​កំទេច គឺ​កាប់​ផ្ដាច់​រាជាណាចក្រ​នេះ​ចោល។ ការ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​៦០៧​ម.ស.យ.។ នៅ​ពេល​នោះ​ស្តេច​សេដេគា ជា​ស្តេច​ចុង​ក្រោយ​បង្អស់​នៃ​សាសន៍​យូដា​ដែល​គង់​លើ​បល្ល័ង្ក​ព្រះ​យេហូវ៉ា ត្រូវ​បាន​គេ​ទូល​ប្រាប់​ថា​៖ ​«​ដោះ​មកុដ​ចេញ . . . នេះ​ក៏​មិន​នៅ​ទៀត​ដែរ ដរាប​ដល់​អ្នក​នោះ​កើត​ឡើង ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ​»។—អេសេគាល ២១:២៥​-​២៧

១៧ តើ​រយៈ​ពេល​អ្វី ដែល​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​៦០៧​ម.ស.យ.?

១៧ ដូច្នេះ អំណាច​គ្រប់​គ្រង​របស់​ព្រះ ដែល​តំណាង​ដោយ​«​ដើម​ឈើ​»​ បាន​ត្រូវ​កាប់​ផ្ដាច់​នៅ​ឆ្នាំ​៦០៧​ម.ស.យ.។ តាំង​ពី​ពេល​នោះ​មក គ្មាន​រដ្ឋាភិបាល​ណា​មួយ​តំណាង​អំណាច​គ្រប់​គ្រង​របស់​ព្រះ​នៅ​លើ​ផែនដី​ឡើយ។ ដូច្នេះ នៅ​ឆ្នាំ​៦០៧​ម.ស.យ. រយៈ​ពេល​មួយ​បាន​ចាប់​ផ្ដើម​ឡើង ជា​ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​សម្ដែង​ថា​ជា​«​គ្រា​[​កំណត់​«​ពថ​»​]​របស់​សាសន៍​ដទៃ​»។ (​លូកា ២១:២៤​) នៅ​កំឡុង​‹គ្រា​កំណត់›​នោះ ព្រះ​ទ្រង់​មិន​មាន​រដ្ឋាភិបាល​ណា​មួយ តំណាង​អំណាច​គ្រប់​គ្រង​របស់​ទ្រង់​នៅ​លើ​ផែនដី​ឡើយ។

១៨ តើ​អ្វី​ដែល​ត្រូវ​កើត​មាន​ឡើង​នៅ​ទីបញ្ចប់​នៃ​«​គ្រា​[​កំណត់, ពថ​]​របស់​សាសន៍​ដទៃ​»​?

១៨ តើ​អ្វី​ដែល​ត្រូវ​កើត​មាន​ឡើង​នៅ​ទីបញ្ចប់​នៃ​«​គ្រា​[​កំណត់, ពថ​]​របស់​សាសន៍​ដទៃ​»​? ព្រះ​យេហូវ៉ា​ទ្រង់​ត្រូវ​ប្រទាន​អំណាច​គ្រប់​គ្រង​ទៅ​អ្នក​«​ដែល​មាន​ច្បាប់​ទទួល​»។ អ្នក​នេះ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។ ដូច្នេះ​ហើយ ប្រសិន​ជា​យើង​អាច​រកឃើញ ពេល​ណា​ដែល​«​គ្រា​[​កំណត់, ពថ​]​របស់​សាសន៍​ដទៃ​»​បាន​បញ្ចប់​នោះ យើង​នឹង​ដឹង​នូវ​ពេល​ដែល​ព្រះ​គ្រីស្ទ​ទ្រង់​ចាប់​ផ្ដើម​ឡើង​សោយ​រាជ្យ​ជា​ស្តេច​ដែរ។

១៩ តើ​មាន​ប៉ុន្មាន​«​ខួប​»​ ដែល​អំណាច​គ្រប់​គ្រង​របស់​ព្រះ​ទៅ​លើ​ផែនដី​ត្រូវ​បាន​ផ្អាក?

១៩ យោង​ទៅ​តាម​សៀវភៅ​ដានីយ៉ែល​ជំពូក​បួន ‹គ្រា​កំណត់›​នេះ​គឺ​ស្មើ​នឹង​«​៧​ខួប​»។ ដានីយ៉ែល​បាន​បង្ហាញ​ថា នឹង​មាន​រយៈ​ពេល​«​៧​ខួប​»​ ដែល​អំណាច​គ្រប់​គ្រង​របស់​ព្រះ តំណាង​ដោយ​«​ដើម​ឈើ​»​ នឹង​មិន​មាន​ប្រតិបត្ដិ​ការ​ទៅ​លើ​ផែនដី។ (​ដានីយ៉ែល ៤:១៦, ២៣​) តើ​«​៧​ខួប​»​នេះ មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ?

២០ (​ក​) តើ​មួយ​«​ខួប​»​មាន​រយៈ​ពេល​ប៉ុន្មាន? (​ខ​) តើ​«​ប្រាំ​ពីរ​ខួប​»​មាន​រយៈ​ពេល​ប៉ុន្មាន? (​គ​) ហេតុ​អ្វី​ក៏​យើង​រាប់​មួយ​ថ្ងៃ​ជា​មួយ​ឆ្នាំ?

២០ នៅ​ក្នុង​វិវរណៈ​ជំពូក​១២ ខ​៦​និង​១៤ យើង​ដឹង​ថា ១.២៦០​ថ្ងៃ​ស្មើ​នឹង​«​១​ខួប ២​ខួប ហើយ​កន្លះ​ខួប​»។ រួម​ទាំងអស់​ទៅ មាន​៣​ខួប​កន្លះ។ ដូច្នេះ​«​១​ខួប​»​ អាច​ស្មើ​នឹង​៣៦០​ថ្ងៃ។ ដូច្នេះ​ហើយ ​«​៧​ខួប​»​គឺ​ជា​៣៦០​ប្រាំ​ពីរ​ដង ឬ​២.៥២០​ថ្ងៃ។ ឥឡូវ​នេះ​បើ​យើង​រាប់​មួយ​ថ្ងៃ​ជា​មួយ​ឆ្នាំ ដែល​ជា​ការ​រាប់​តាម​ក្បួន​របស់​ព្រះ​គម្ពីរ ដូច្នេះ​«​៧​ខួប​»​ស្មើ​នឹង​២.៥២០​ឆ្នាំ។—ជនគណនា ១៤:៤៣; ​អេសេគាល ៤:៦

២១ (​ក​) តើ​ពេល​ណា ដែល​«​គ្រា​[​កំណត់, ពថ​]​របស់​សាសន៍​ដទៃ​»​បាន​ចាប់​ផ្ដើម ហើយ​ពេល​ណា​បាន​មក​ដល់​ទីបញ្ចប់? (​ខ​) តើ​រដ្ឋាភិបាល​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា? (​គ​) ហេតុ​អ្វី​ក៏​ជា​ការ​ត្រឹម​ត្រូវ ចំពោះ​ការ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​នោះ?

២១ យើង​បាន​រៀន​រួច​មក​ហើយ​ថា ​«​គ្រា​[​កំណត់, ពថ​]​របស់​សាសន៍​ដទៃ​»​ បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ​៦០៧​ម.ស.យ.។ ដូច្នេះ បើ​រាប់​២.៥២០​ឆ្នាំ​ពី​ពេល​នោះ យើង​បាន​មក​ដល់​ឆ្នាំ​១៩១៤​ស.យ.។ នេះ​ជា​ឆ្នាំ​ដែល​«​គ្រា​[​កំណត់, ពថ​]​»​បាន​មក​ដល់​ទីបញ្ចប់។ មនុស្ស​រាប់​លាន​នាក់​ដែល​នៅ​រស់ នៅ​ចាំ​ពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩១៤។ នៅ​ឆ្នាំ​នោះ សង្គ្រាម​លោក​លើក​ទី១ បាន​ចាប់​ផ្ដើម ជា​គ្រា​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​និង​វេទនា​ដ៏​ធំ​ក្រៃលែង ដែល​បាន​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ នេះ​មាន​ន័យ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ចាប់​ផ្ដើម​សោយ​រាជ្យ​ជា​ស្តេច​នៃ​រដ្ឋាភិបាល​សួគ៌ា​របស់​ព្រះ​នៅ​ឆ្នាំ​១៩១៤។ ហើយ​ដោយ​ព្រោះ​តែ​ព្រះ​រាជាណាចក្រ​បាន​ចាប់​ផ្ដើម​ការ​គ្រប់​គ្រង​រួច​មក​ហើយ​នោះ នេះ​ជា​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ ដែល​យើង​អធិស្ឋាន​ចំពោះ​ព្រះ​រាជាណាចក្រ​នេះ​ឲ្យ​«​មក​»​ ហើយ​បំបាត់​របប​លោកីយ៍​ដ៏​កំណាច​របស់​សាតាំង​ពី​ផែនដី​នេះ​ចេញ!—ម៉ាថាយ ៦:១០; ដានីយ៉ែល ២:៤៤

២២ តើ​សំនួរ​អ្វី​ដែល​អ្នក​ខ្លះ​អាច​សួរ?

២២ ប៉ុន្តែ ប្រហែល​ជា​មាន​អ្នក​ណា​មួយ​សួរ​ថា​៖ ‹ប្រសិន​បើ​ព្រះ​គ្រីស្ទ​បាន​យាង​ត្រឡប់​មក​សោយ​រាជ្យ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះវរបិតា​ទ្រង់​ហើយ​នោះ ហេតុ​អ្វី​ក៏​យើង​មិន​ឃើញ​ទ្រង់›?

[​កំណត់​សម្គាល់​]

a ចំពោះ​ភស្តុតាង​ខាង​ប្រវត្ដិសាស្ត្រ ដែល​បញ្ជា​នេះ​បាន​ផ្ដល់​មក​នៅ​ឆ្នាំ​៤៥៥​ម.ស.យ.​(​មុន​សករាជ​យើង​)​នោះ សូម​អញ្ជើញ​មើល​ក្រោម​ចំណង​ជើង ​«​Artaxerxes​»​ នៅ​ក្នុង​សៀវភៅ Insight on the Scriptures (​ជា​ភាសា​អង់គ្លេស​) ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ Watchtower Bible and Tract Society of New York, Inc.

[​តារាង​នៅ​ទំព័រ​១៤០, ១៤១​]

នៅ​ឆ្នាំ​៦០៧​ម.ស.យ. ព្រះ​រាជាណាចក្រ​នៃ​សាសន៍​យូដា​បាន​រលំ។

នៅ​ឆ្នាំ​១៩១៤​ស.យ. ព្រះ​យេស៊ូវ​បាន​ចាប់​ផ្ដើម​សោយ​រាជ្យ​ជា​ស្តេច​នៃ​រដ្ឋាភិបាល​សួគ៌ា​របស់​ព្រះ

ឆ្នាំ​៦០៧ ម.ស.យ.—ឆ្នាំ​១៩១៤ ស.យ.

ខែ​តុលា ឆ្នាំ​៦០៧ ម.ស.យ.—ខែ​តុលា ឆ្នាំ​១ ម.ស.យ. =៦០៦ ឆ្នាំ

ខែ​តុលា ឆ្នាំ​១ ម.ស.យ.—ខែ​តុលា ឆ្នាំ​១៩១៤ ស.យ. =១.៩១៤ ឆ្នាំ

គ្រា​របស់​សាសន៍​ដទៃ​ប្រាំ​ពីរ​ខួប =២.៥២០ឆ្នាំ

[​រូបភាព​នៅ​ទំព័រ​១៣៤​]

​«​តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ​»​?

[​រូបភាព​នៅ​ទំព័រ​១៣៩​]

ដើម​ឈើ​ដ៏​ខ្ពស់​ក្រៃលែង​នៅ​ក្នុង​សៀវភៅ​ដានីយ៉ែល​ជំពូក​៤ ជា​តំណាង​អំណាច​គ្រប់​គ្រង​របស់​ព្រះ។ ក្នុង​រយៈ​ពេល​មួយ​គ្រា អំណាច​គ្រប់​គ្រង​នេះ​បាន​ត្រូវ​តំណាង​តាម​រយៈ​រាជាណាចក្រ​របស់​សាសន៍​យូដា

[​រូបភាព​នៅ​ទំព័រ​១៤០, ១៤១​]

ដើម​ឈើ​បាន​ត្រូវ​កាប់​ផ្ដាច់ ពេល​ដែល​រាជាណាចក្រ​របស់​សាសន៍​យូដា​បាន​ត្រូវ​កំទេច​ចោល

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក