ចូរមានសតិនឹងនរពេលទីបញ្ចប់កាន់តែជិតមកដល់
១ ជារឿយៗ បន្ទូលរបស់ព្រះពណ៌នាថា ថ្ងៃនៃព្រះយេហូវ៉ានឹងយាងមក«ដូចជាចោរ» ពោលគឺមកភ្លាមៗ មួយរំពេច ដោយយើងមិនដឹងខ្លួន។ (១ថែ. ៥:២; ម៉ាថ. ២៤:៤៣; ២ពេ. ៣:១០; វិវរ. ៣:៣; ១៦:១៥) ព្រះយេស៊ូបានមានបន្ទូលថា៖ «ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។ (ម៉ាថ. ២៤:៤៤) តើយើងអាចប្រុងប្រៀបជាស្រេចខាងវិញ្ញាណដូចម្ដេច ពេលទីបញ្ចប់កាន់តែជិតមកដល់នោះ? វិធីដែលយើងអាចធ្វើដូច្នេះបាន គឺរកឃើញក្នុងពាក្យដាស់តឿនដែលមកពីព្រះចែងថា«ចូរមានសតិនឹងនរ»។—១ពេ. ៤:៧, ព.ថ.
២ ការមានសតិនឹងនរមានន័យថា យើងមានទស្សនៈដូចព្រះ។ (អេភ. ៥:១៧) ការមានសតិនឹងនរជួយយើងរាប់ខ្លួន«ជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅ»ក្នុងរបបលោកីយ៍នេះតែប៉ុណ្ណោះ។ (១ពេ. ២:១១) ការមានសតិនឹងនរជួយយើងដឹងនូវអ្វីដែលមានសារៈសំខាន់ កំណត់អ្វីដែលគួរមានអាទិភាព ហើយចេះធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ (ភី. ១:១០)
៣ រៀបចំគោលដៅខាងវិញ្ញាណ:ការរៀបចំហើយសម្រេចនូវគោលដៅខាងវិញ្ញាណ ក៏ជួយឲ្យយើងមានសតិនឹងនរដែរ។ តើអ្នកមានគោលដៅខាងវិញ្ញាណដែលអ្នកកំពុងតែឈោងចាប់ឬទេ? តើអ្នកព្យាយាមអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ចូលរួមកិច្ចប្រជុំគ្រីស្ទានទាំងអស់ អានទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!រាល់ច្បាប់និមួយៗ ឬក៏ប្រហែលបង្កើនចំនួនម៉ោងក្នុងកិច្ចផ្សព្វផ្សាយទេ? បើអ្នកមានគោលដៅដ៏ល្អ ចូរខំប្រឹងសម្រេចតាមគោលដៅនោះ ហើយអធិស្ឋានសូមឲ្យព្រះយេហូវ៉ាប្រទានពរដល់ការខំប្រឹងរបស់អ្នក នោះអ្នកនឹងឃើញលទ្ធផលដ៏អស្ចារ្យក្នុងចិត្ត។
៤ អ្នកចាស់ទុំម្នាក់បានសួរស្វាមីភរិយាមួយគូដែលមិនសូវមានវ័យចំណាស់ប៉ុន្មានថា តើពួកគាត់មានគោលដៅខាងវិញ្ញាណទេ? សំនួរនោះធ្វើឲ្យគូស្វាមីភរិយាយល់ដឹងថា បើពួកគាត់រៀបចំជីវភាពរស់នៅឲ្យបានសាមញ្ញ ហើយលែងមានបំណុលដែលជាបន្ទុកដ៏ធ្ងន់នោះ ធ្វើឲ្យពួកគាត់អាចត្រួសត្រាយបាន។ គូស្វាមីភរិយានេះបានសម្រេចចិត្តតាំងគោលដៅធ្វើជាអ្នកត្រួសត្រាយ។ ពួកគាត់បានខំប្រឹងសងលុយគេវិញនិងរកវិធីដើម្បីកាត់បន្ថយសកម្មភាពណាដែលបានស៊ីពេលនិងកម្លាំងរបស់ពួកគាត់។ មួយឆ្នាំក្រោយមក ពួកគាត់បានសម្រេចគោលដៅរបស់ខ្លួន។ តើបានលទ្ធផលអ្វី? ស្វាមីបាននិយាយប្រាប់ថា៖ «បើសិនជាយើងមិនមានគោលដៅ នោះយើងពុំអាចធ្វើជាអ្នកត្រួសត្រាយបានទេ។ យើងក៏សប្បាយចិត្តជាងមុន។ ជីវិតយើងរស់នៅដោយស្ងប់ស្ងាត់ហើយប្រសើរជាងមុន ពីព្រោះជីវិតយើងមានខ្លឹមសារហើយមានគោលដៅច្បាស់លាស់»។
៥ ពេលដែលយើងរង់ចាំថ្ងៃនៃព្រះយេហូវ៉ា ចូរឲ្យយើងប្រុងប្រៀបជាស្រេចខាងវិញ្ញាណដោយមានសតិនឹងនរ ហើយផ្ដោតអារម្មណ៍ទៅលើការផ្គាប់តាមព្រះហឫទ័យរបស់ព្រះជានិច្ច។—ទីត. ២:១១-១៣