មនុស្សទាំងអស់នឹងបានសង្គ្រោះ
១ ព្រះគុណរបស់ព្រះដែលគ្មានសិទ្ធិទទួលបានបើកផ្លូវទៅរកសេចក្ដីសង្គ្រោះ។ គឺជាបំណងព្រះហឫទ័យរបស់ព្រះ ដើម្បី«ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (១ធី. ២:៣, ៤) កេរ្ដិ៍ឈ្មោះរបស់យើងចំពោះព្រះមិនពឹងពាក់ទៅលើសញ្ជាតិ ឋានៈក្នុងសង្គម សមត្ថភាព ឬក៏អាការក្រៅរបស់យើងទេ ប៉ុន្តែទៅលើការអនុវត្តតាមជំនឿរបស់យើងលើយញ្ញបូជាលោះនៃព្រះយេស៊ូ។ (យ៉ូន. ៣:១៦, ៣៦) ជាអ្នកធ្វើការជាមួយនឹងព្រះ យើងត្រូវបំបាត់ចោលគំនិតអគតិណាដែលអាចទាញចិត្តយើងមិនឲ្យរាប់រកអ្នកដែលព្រះយេហូវ៉ាសព្វព្រះទ័យព្រមទទួល។
២ កុំវាយតម្លៃសំបកក្រៅ: ព្រះយេហូវ៉ាទ្រង់ទតអ្វីដែលនៅក្នុងចិត្តមនុស្សដោយឥតសំអប់និងគំនិតអគតិឡើយ។ (១សាំ. ១៦:៧) ទ្រង់ក៏ទតមើលលទ្ធភាពរបស់ពួកគេផងដែរ។ ហេតុដូច្នេះ ទ្រង់ចាត់ទុកអស់អ្នកដែលប្រាថ្នាចង់ផ្គាប់ព្រះហឫទ័យទ្រង់ថា ជាទីគាប់ចិត្ត។ (ហាក. ២:៧) តើយើងមានទស្សនៈចំពោះអ្នកឯទៀតដូចព្រះយេហូវ៉ាឬទេ?
៣ អាការក្រៅរបស់អ្នកខ្លះដែលយើងជួបនៅក្នុងកិច្ចបំរើផ្សាយនាំឲ្យយើងទើសចិត្ត។ ពួកគេប្រហែលជាស្លៀកពាក់រយីករយាកឬមិនសមរម្យ មានពុកមាត់ស្រមូមស្រមាម ឬក៏មានក្រវិលនៅច្រមុះឬនៅបបូរមាត់។ អ្នកខ្លះប្រហែលជាគ្មានជម្រក។ អ្នកខ្លះទៀតប្រហែលជាប្រព្រឹត្តនឹងយើងដោយកាចសាហាវ។ ជាជាងវាយតម្លៃអ្នកទាំងនេះថាមិនអាចក្លាយខ្លួនទៅជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាបានឡើយ នោះយើងត្រូវមានអាកប្បកិរិយាវិជ្ជមាន «ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ»។ (ទីត. ៣:៣) ដោយដឹងយ៉ាងនេះ យើងនឹងយកចិត្តទុកដាក់ផ្សព្វផ្សាយដល់មនុស្សគ្រប់រូប សូម្បីតែអ្នកដែលមានអាការក្រៅដែលអាចមើលទៅហាក់ដូចជាមិនសមគួរនឹងផ្សព្វផ្សាយក៏ដោយ។
៤ គំរូនៅសតវត្សរ៍ទីមួយ: ព្រះយេស៊ូចំណាយពេលដើម្បីជួយមនុស្សដែលអ្នកឯទៀតគិតថាមិនអាចក្លាយទៅជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាឡើយ។ (លូ. ៨:២៦-៣៩) ទោះបីជាទ្រង់មិនដែលបិទព្រះនេត្រនឹងការប្រព្រឹត្តខុសឆ្គងក៏ដោយ តែទ្រង់បានជ្រាបថា គេអាចលិចលង់ខ្លួនទៅក្នុងរបៀបរស់នៅដែលមិនត្រឹមត្រូវ។ (លូ. ៧:៣៧, ៣៨, ៤៤-៤៨) ហេតុដូច្នេះហើយ ទ្រង់បានបង្ហាញការយោគយល់ ដោយសារទ្រង់មាន«ព្រះហឫទ័យក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល»។ (ម៉ាក. ៦:៣៤) តើយើងអាចយកតម្រាប់តាមទ្រង់ឲ្យបានច្រើនជាងបានទេ?
៥ សាវ័កប៉ុលបានត្រូវគេចោលនឹងដុំថ្ម វាយនឹងរំពាត់ហើយយកទៅដាក់គុក។ (កិច្ច. ១៤:១៩; ១៦:២២, ២៣) តើបទពិសោធន៍ដ៏ឃោរឃៅយ៉ាងនេះបណ្ដាលឲ្យគាត់មានអារម្មណ៍តូចចិត្តហើយសន្និដ្ឋានថាគាត់កំពុងតែខាតពេលឥតប្រយោជន៍ ក្នុងចំណោមជនរួមជាតិនិងសាសន៍ដទៃឬ? អត់ទាល់តែសោះ! គាត់បានដឹងថា ជនដែលមានចិត្តស្មោះត្រង់អាចត្រូវរកឃើញក្នុងចំណោមគ្រប់ជាតិសាសន៍ទាំងអស់ហើយគាត់បានប្ដេជ្ញាថានឹងរកពួកគេឲ្យឃើញ។ តើនេះជាទស្សនៈរបស់យើងចំពោះមនុស្សនៅក្នុងតំបន់ផ្សាយរបស់យើងដែលមកពីមជ្ឈដ្ឋានហើយនិងវប្បធម៌ផ្សេងពីយើងឬទេ?
៦ ការទទួលស្វាគមន៍អ្នកឯទៀតនៅសព្វថ្ងៃនេះ: រាស្ត្រជាច្រើនរបស់ព្រះមានអារម្មណ៍សប្បាយរីករាយ ដោយបានត្រូវទទួលស្វាគមន៍នៅក្នុងក្រុមជំនុំពីសំណាក់បងប្អូនប្រុសស្រីដែលមិនមើលតែអាការក្រៅប៉ុណ្ណោះទេ។ បុរសម្នាក់ដែលមានពុកមាត់ស្រមូមស្រមាម ហើយមានសក់ប៉ប្រះស្មា មានសម្លៀកបំពាក់កខ្វក់ បានមកសាលព្រះរាជាណាចក្រមួយនៅប្រទេសអាល្លឺម៉ង់។ គាត់មានកេរ្ដិ៍ឈ្មោះមិនល្អ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានត្រូវទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅឯកិច្ចប្រជុំ។ គាត់រំភើបចិត្តដល់ម្ល៉េះបានជាគាត់បានត្រឡប់មកវិញនៅសប្ដាហ៍ក្រោយ។ ក្នុងរយៈពេលដ៏ខ្លី គាត់បានសំអាតអាការក្រៅរបស់គាត់ គាត់បានឈប់ជក់បារីហើយបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់ជាមួយនឹងមិត្តស្រីរបស់គាត់។ មិនយូរប៉ុន្មានក្រោយមក ពួកគាត់ព្រមទាំងកូនស្រីភ្លោះ បានបំរើព្រះយេហូវ៉ាជាគ្រួសារមួយដែលមានសាមគ្គីភាព។
៧ ដោយយកតម្រាប់តាមព្រះដែលមិនលំអៀងរបស់យើង សូមឲ្យយើងអញ្ជើញមនុស្សគ្រប់រូបដើម្បីឲ្យគេទទួលប្រយោជន៍ពីព្រះគុណដែលគ្មានសិទ្ធិទទួលរបស់ព្រះ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើកេរ្ដិ៍ឈ្មោះយើងចំពោះព្រះពឹងពាក់ទៅលើអ្វី?
២, ៣. តើអ្វីអាចជួយយើងកុំឲ្យវាយតម្លៃមនុស្សតាមតែអាការក្រៅប៉ុណ្ណោះ?
៤, ៥. តើយើងអាចរៀនអ្វីពីគំរូរបស់ព្រះយេស៊ូនិងសាវ័កប៉ុល?
៦. តើអាកប្បកិរិយារបស់យើងមានអានុភាពយ៉ាងណាទៅលើអ្នកថ្មីនៅកិច្ចប្រជុំក្រុមជំនុំ?
៧. តើយើងអាចយកតម្រាប់តាមព្រះដែលឥតលំអៀងរបស់យើងបានយ៉ាងដូចម្ដេច?
[ឃ្លាអក្សរធំនៅទំព័រ៣]
«ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។—កិច្ច. ១០:៣៤, ៣៥