«ខ្ញុំមិនចាប់អារម្មណ៍ទេ!»
១ នោះជាសម្ដីឆ្លើយតបចំពោះសាររបស់យើង ដែលយើងជួបប្រទះជាញឹកញាប់នាតំបន់ខ្លះៗ។ តើអ្វីនឹងជួយយើងមិនឲ្យអាក់អន់ចិត្តពេលជួបប្រទះភាពកន្តើយនៅក្នុងតំបន់ផ្សាយ? តើយើងអាចធ្វើយ៉ាងណាដើម្បីជួយពួកគេឲ្យបណ្ដុះចំណាប់អារម្មណ៍ទៅលើសារដំណឹងល្អ?
២ ចូររក្សាឲ្យមានអំណរ: ការចងចាំពីមូលហេតុដែលបណ្ដាលឲ្យមនុស្សជាច្រើនមិនអើពើនឹងសាររបស់យើង នោះនឹងជួយយើងឲ្យរក្សាទុកនូវអំណរ។ មនុស្សដែលបានរៀនទ្រឹស្តីនៃការវិវត្តន៍ ឬអស់អ្នកដែលបានធំឡើងក្នុងសង្គមដែលមិនជឿថាមានព្រះ ប្រហែលជាមិនស្គាល់តម្លៃព្រះគម្ពីរទេ។ មនុស្សឯទៀតប្រហែលជាខកចិត្តដោយសារអំពើលាក់ពុតដែលពួកគេឃើញមាននៅក្នុងសាសនាទូទៅ។ ចំពោះអ្នកខ្លះ ភាពកន្តើយរបស់គេអាចបណ្ដាលមកពីអារម្មណ៍ធ្លាក់ទឹកចិត្តនិងភាពអស់សង្ឃឹម។ (អេភ. ២:១២) មនុស្សខ្លះ«ឥតបានដឹងខ្លួន»ឬមិនបានចាប់អារម្មណ៍ពីព្រោះពួកគេកំពុងតែវក់វីដោយសេចក្ដីខ្វល់ខ្វាយនៃជីវិត។—ម៉ាថ. ២៤:៣៧-៣៩
៣ ថ្វីបើមានមនុស្សខ្លះមិនអើពើនឹងសាររបស់យើងក្ដី យើងអាចរក្សាឲ្យមានអំណរនៅក្នុងកិច្ចបម្រើផ្សាយបាន ដោយដឹងច្បាស់ថាការខំប្រឹងប្រែងរបស់យើងជាការថ្វាយកិត្ដិយសដល់ព្រះយេហូវ៉ា។ (១ពេ. ៤:១១) បន្ថែមទៅទៀត ការនិយាយអំពីសេចក្ដីពិត សូម្បីតែជាមួយអស់អ្នកដែលមិនទាន់យល់ថាមានតម្លៃក្ដី នោះនឹងពង្រឹងជំនឿរបស់យើងផ្ទាល់ខ្លួន។ ចូរយើងព្យាយាមឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះមនុស្សនៅក្នុងតំបន់ផ្សាយ។ ទ្រង់មានព្រះទ័យអាណិតអាសូរដល់មនុស្សដែលរស់នៅទីក្រុងនីនីវេ ដែល«មិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេងសោះ»។ (យ៉ូណ. ៤:១១) មនុស្សដែលរស់នៅតំបន់ផ្សាយរបស់យើងពិតជាត្រូវការសារដំណឹងល្អមែន! ដូច្នេះហើយ យើងមិនគួររសាយចិត្តពីកិច្ចផ្សព្វផ្សាយឡើយ។ ក៏ប៉ុន្តែ យើងគួររិះរកមធ្យោបាយដើម្បីជួយពួកគេឲ្យបណ្ដុះចំណាប់អារម្មណ៍ទៅលើសារដែលមាននៅក្នុងព្រះគម្ពីរ។
៤ ចូរពិគ្រោះពីអ្វីដែលមនុស្សនៅក្នុងតំបន់យកចិត្តទុកដាក់: ក្នុងពាក្យផ្ដើម ប្រហែលជាអ្នកអាចលើករឿងមួយដែលមនុស្សក្នុងតំបន់ចាប់អារម្មណ៍ ហើយសុំម្ចាស់ផ្ទះឲ្យប្រាប់ពីទស្សនៈរបស់គាត់។ ចូរស្ដាប់ពេលគាត់និយាយ រួចហើយចូរបង្ហាញសារពីព្រះគម្ពីរដែលលើកទឹកចិត្ត ដើម្បីតបឆ្លើយនូវអ្វីដែលគាត់ចង់ដឹងចង់ឮ។ បន្ទាប់ពីមានរឿងខ្លោចផ្សានៅក្នុងតំបន់ផ្សាយ ស្មរបន្ទាល់ម្នាក់បានសម្ដែងការសោកស្ដាយដ៏ស្មោះដល់មនុស្សគ្រប់រូបដែលគាត់បានជួប។ បងប្រុសបាននិយាយថា៖ «ដោយសារខ្ញុំបានបង្ហាញការយកចិត្តទុកដាក់ដល់មនុស្សទាំងនោះ ពួកគេចាប់ផ្ដើមនិយាយជាមួយខ្ញុំវិញ។ ថ្ងៃនោះខ្ញុំមានការសន្ទនាជាច្រើន»។
៥ បញ្ហាគ្រប់យ៉ាងដែលមនុស្សជាតិជួបប្រទះនឹងត្រូវដោះស្រាយជាស្ថាពរដោយព្រះរាជាណាចក្ររបស់ព្រះ។ ចូរព្យាយាមរកយល់ពីបញ្ហាដែលម្ចាស់ផ្ទះយកចិត្តទុកដាក់បំផុត។ ប្រហែលជាគេអនុញ្ញាតឲ្យយើងប្រាប់ពីសារនៃសេចក្ដីសង្ឃឹមដែលមាននៅក្នុងព្រះគម្ពីរ។ បើមិនដូច្នោះទេ គេប្រហែលជានឹងស្ដាប់យើង«ម្ដងទៀត»នៅពេលក្រោយ។—កិច្ច. ១៧:៣២