ជំពូកទី១១
សេចក្ដីស្របគ្នាទាំងស្រុងនៃព្រះគម្ពីរ
សូមគិតមើលអំពីសៀវភៅ៦៦រួមបញ្ចូលគ្នា ដែលសរសេរដោយមនុស្សផ្សេងៗគ្នាប្រហែល៤០នាក់ ក្នុងរយៈពេល១.៦០០ឆ្នាំ។ មានបីភាសាត្រូវប្រើដោយពួកអ្នកសរសេរ ដែលរស់នៅក្នុងស្រុកមួយចំនួនផ្សេងគ្នា។ អ្នកសរសេរទាំងអស់មានបុគ្គលិកលក្ខណៈ សមត្ថភាព និងសាវតារខុសៗគ្នា។ ប៉ុន្តែ ដល់ពេលសៀវភៅដែលពួកគេសរសេរបានប្រមូលបញ្ចូលគ្នាទៅ នោះក៏កើតបានជាសៀវភៅដ៏ល្អមួយមែន ដែលរៀបរាប់សាច់រឿងសំខាន់មួយ តាំងពីដើមដល់ចប់។ នេះគឺពិបាកគិតណាស់ មែនទេ? ប៉ុន្តែ ព្រះគម្ពីរគឺជាសៀវភៅយ៉ាងនោះឯង។
១. (រួមបុព្វយោគ) តើសេចក្ដីស្របគ្នាដ៏អស្ចារ្យអ្វី ដែលបញ្ជាក់ថាព្រះគម្ពីរគឺពិតជាបណ្ដាលមកពីព្រះ?
គ្មានសិស្សទៀងត្រង់ណាម្នាក់ ដែលមិនបានស្ងើចសរសើរដល់ការដែលព្រះគម្ពីរជាផលមួយដ៏រួមសម្រុះគ្នានោះទេ ថ្វីដ្បិតតែវាជាសៀវភៅផ្សេងៗរួមបញ្ចូលគ្នាក៏ដោយ។ ព្រះគម្ពីរគឺរួមសម្រុះដោយព្រោះតាំងពីដើមដល់ចប់ វាប្រកាសអំពីការថ្វាយបង្គំដល់ព្រះតែមួយអង្គ ដែលមានលក្ខណៈមិនដែលប្រែប្រួលសោះឡើយ ហើយអស់ទាំងសៀវភៅក្នុងព្រះគម្ពីរបង្កើតជាសាច់រឿងមួយដ៏សំខាន់លើសលុប។ សេចក្ដីស្របគ្នាទាំងមូលនេះ គឺជាទីសំអាងដ៏ខ្លាំងដែលថា ព្រះគម្ពីរគឺពិតប្រាកដជាបន្ទូលនៃព្រះ។
២, ៣. តើទំនាយអ្វីដែលបានត្រូវថ្លែងប្រាប់ក្នុងសួនអេដែន ដែលផ្ដល់មូលដ្ឋានសម្រាប់សេចក្ដីសង្ឃឹម ហើយកាលៈទេសៈអ្វីដែលនាំឲ្យមានការថ្លែងប្រាប់ទំនាយនេះ?
២ សាច់រឿងសំខាន់នៃព្រះគម្ពីរចាប់ផ្ដើមសម្ដែងចេញក្នុងជំពូកដំបូង នៃលោកុប្បត្តិ ជាសៀវភៅទីមួយនៃព្រះគម្ពីរ។ ក្នុងជំពូកនោះយើងអានថា ឪពុកម្ដាយទីមួយរបស់យើង អ័ដាមនិងអេវ៉ា បានត្រូវបង្កើតមកដោយគ្រប់ល័ក្ខណ៍ ហើយត្រូវដាក់ឲ្យនៅក្នុងអេដែនជាសួនច្បារមនោរម្យ។ ប៉ុន្តែ សត្វពស់មួយដែលប្រកួតប្រឆាំងនឹងភាពត្រឹមត្រូវនៃក្រិត្យវិន័យរបស់ព្រះ បានមកឯនាងអេវ៉ា ហើយទាក់ទាញនាងដោយប្រើសេចក្ដីកុហកដ៏ប្រសប់ ឲ្យនាងធ្លាក់ក្នុងអំពើបាប។ អ័ដាមបានធ្វើតាមនាង ហើយក៏មិនបានគោរពដល់ព្រះដែរ។ តើមានលទ្ធផលអ្វី? ពួកគេទាំងពីរបានត្រូវបណ្ដេញចេញពីសួនអេដែន ហើយក៏ត្រូវជាប់ទោសដល់ជីវិត។ យើងសព្វថ្ងៃនេះត្រូវរងទុក្ខដោយលទ្ធផលនៃការបះបោរទីមួយនោះឯង។ យើងទាំងអស់គ្នាទទួលនូវអំពើបាបនិងសេចក្ដីស្លាប់ ពីឪពុកម្ដាយទីមួយរបស់យើង។—លោកុប្បត្តិ ៣:១-៧, ១៩, ២៤; រ៉ូម ៥:១២
៣ ប៉ុន្តែ នៅគ្រាដ៏ខ្លោចផ្សានោះ ព្រះបានមានបន្ទូលប្រាប់ទំនាយមួយ ដែលផ្ដល់មូលដ្ឋានសម្រាប់សេចក្ដីសង្ឃឹម។ ទំនាយនេះគឺព្រះបានមានបន្ទូលដល់ពស់ ប៉ុន្តែក៏បានឮដល់អ័ដាមនិងអេវ៉ាដែរ ដើម្បីពួកគេអាចប្រាប់ដល់កូនចៅរបស់គេ។ ព្រះគឺបានមានបន្ទូលដូច្នេះថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។—លោកុប្បត្តិ ៣:១៥; រ៉ូម ៨:២០, ២១
៤. អង្គភាពអ្វីដែលមាននិយាយក្នុងទំនាយព្រះយេហូវ៉ានៅសួនអេដែន ហើយពួកគេប្រព្រឹត្តនឹងគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច?
៤ សូមសម្គាល់ដល់អង្គភាពបួន ដែលនិយាយក្នុងវគ្គជាសាច់រឿងនេះ គឺ៖ ពស់និងពូជវា ព្រមទាំងស្ត្រីនិងពូជនាង។ អង្គភាពទាំងនេះនឹងគឺជារូបសំខាន់ ក្នុងព្រឹត្ដិការណ៍ជាច្រើនពាន់ឆ្នាំក្រោយមក។ សេចក្ដីខ្មាំងនឹងគ្នាឥតឈប់ឈរនឹងមានឡើង រវាងស្ត្រីនិងពូជនាងនៅម្ខាង ហើយពស់និងពូជវានៅម្ខាង។ សេចក្ដីខ្មាំងនឹងគ្នានេះមានរួមការទាស់ប្រឆាំងឥតឈប់ឈរ រវាងការថ្វាយបង្គំពិតនិងមិនពិត ចរិយាត្រឹមត្រូវនិងអំពើអាក្រក់។ នៅគ្រាមួយ ពស់ហាក់ដូចជាបានជ័យជំនះ ពេលដែលវាចឹកកែងជើងរបស់ពូជស្ត្រី។ ប៉ុន្តែដល់ក្រោយមក ពូជស្ត្រីនឹងកិនក្បាលពស់វិញ ហើយព្រះនឹងបានរួចពីសេចក្ដីចោទ ពេលអស់ទាំងដាននៃការបះបោរដំបូងបានត្រូវដកចេញ។
៥. ម្ដេចបានជាយើងដឹងថា អេវ៉ាមិនមែនជាស្ត្រីក្នុងទំនាយ?
៥ តើអ្នកណាជាស្ត្រីនិងសត្វពស់? ហើយអ្នកណាជាពូជរបស់គេ? ពេលអេវ៉ាមានកូនប្រុសទីមួយឈ្មោះកាអ៊ីន នាងក៏បានលាន់មាត់និយាយថា៖ «អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន»។ (លោកុប្បត្តិ ៤:១) ប្រហែលជានាងគិតថា នាងជាស្ត្រីក្នុងទំនាយ ហើយកូនប្រុសនេះនឹងទៅជាពូជនោះ។ ប៉ុន្តែ កាអ៊ីនមានគំនិតអាក្រក់ដូចជាពស់។ គាត់បានទៅជាឃាតករវិញ ដោយសម្លាប់ប្អូនប្រុសគាត់ ឈ្មោះអេបិល។ (លោកុប្បត្តិ ៤:៨) គឺច្បាស់ណាស់ ទំនាយនេះមានន័យជាសញ្ញារឹតតែជ្រៅ ដែលមានតែព្រះទេអាចពន្យល់បាន ហើយទ្រង់បានពន្យល់ប្រាប់បន្ដិចម្ដងៗ។ អស់ទាំងសៀវភៅ៦៦ក្នុងព្រះគម្ពីរជួយតាមរបៀបផ្សេងៗ ក្នុងការបង្ហាញប្រាប់ន័យនៃទំនាយនេះ ដែលជាទំនាយទីមួយក្នុងព្រះគម្ពីរ។
អ្នកណាជាសត្វពស់?
៦-៨. តើបន្ទូលអ្វីនៃព្រះយេស៊ូជួយយើងឲ្យសម្គាល់អំណាចដែលស្ថិតនៅនឹងពស់? សូមពន្យល់។
៦ ដំបូង តើអ្នកណាជាសត្វពស់ដែលនិយាយក្នុងលោកុប្បត្តិ ៣:១៥? ដំណើររឿងនោះប្រាប់ថាពស់មែនទែនមួយ បាននិយាយសំដៅទៅអេវ៉ាក្នុងសួនអេដែន ប៉ុន្តែពស់មែនទែនមិនអាចនិយាយបានទេ។ ត្រូវតែមានអំណាចអ្វីមួយស្ថិតនៅនឹងពស់ បណ្ដាលឲ្យវានិយាយបានដូច្នេះ។ តើអំណាចនោះគឺជាអ្វី? ទាល់តែដល់សតវត្សទីមួយ នៃសករាជយើង ពេលដែលព្រះយេស៊ូកំពុងធ្វើកិច្ចបំរើព្រះលើផែនដី ទើបអត្តសញ្ញាណនៃអំណាចនេះបានត្រូវសម្ដែងឲ្យដឹងច្បាស់លាស់។
៧ នៅគ្រាមួយ ព្រះយេស៊ូបានមានបន្ទូលដល់ពួកអ្នកដឹកនាំសាសនាសាសន៍យូដា ដែលជឿថាខ្លួនគេបានសុចរិត ទាំងអួតថាគេជាកូនចៅលោកអ័ប្រាហាំ។ ប៉ុន្តែ ពួកគេចចេសប្រឆាំងនឹងសេចក្ដីពិតដែលព្រះយេស៊ូប្រកាសប្រាប់។ ម្ល៉ោះហើយព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង»។—យ៉ូហាន ៨:៤៤
៨ បន្ទូលរបស់ព្រះយេស៊ូគឺខ្លាំងហើយចំនឹងចំណុចណាស់។ ទ្រង់រៀបរាប់អារក្សថា ជា«អ្នកសំឡាប់គេ» និងជា‹ឪពុកនៃសេចក្ដីកំភូត›។ សេចក្ដីកំភូតដែលត្រូវកត់ទុកមុនបង្អស់ គឺនិយាយដោយពស់នៅសួនអេដែន។ អ្នកណាមួយដែលនិយាយសេចក្ដីកំភូតទាំងនោះ គឺពិតជា‹ឪពុកនៃសេចក្ដីកំភូត›ហើយ។ ម្យ៉ាងទៀត សេចក្ដីកំភូតទាំងនោះបណ្ដាលឲ្យកើតមានសេចក្ដីស្លាប់ដល់អ័ដាមនិងអេវ៉ា ក៏ធ្វើឲ្យអ្នកកំភូតពីបុរាណនោះជាឃាតករម្នាក់។ ដូច្នេះគឺច្បាស់ណាស់ អំណាចដែលស្ថិតនៅនឹងពស់ក្នុងសួនអេដែនគឺអារក្សសាតាំង ហើយព្រះយេហូវ៉ាគឺពិតជាមានបន្ទូលទៅសាតាំង ក្នុងទំនាយបុរាណនោះ។
៩. តើដូចម្ដេចបានកើតមានសាតាំងមក?
៩ អ្នកខ្លះសួរថា៖ បើព្រះគឺល្អ ហេតុអ្វីក៏ទ្រង់បង្កើតសត្តនិករដូចអារក្ស? បន្ទូលរបស់ព្រះយេស៊ូក៏ជួយយើងឲ្យឆ្លើយនឹងសំនួរនោះដែរ។ ព្រះយេស៊ូមានបន្ទូលអំពីសាតាំងថា៖ «វាជាអ្នកសំឡាប់គេតាំងពីដើមមក»។ ដូច្នេះ ពេលសាតាំងភូតភរដល់អេវ៉ា នោះជាពេលដែលវាចាប់ផ្ដើមធ្វើជាសាតាំង—ដែលមកពីពាក្យហេព្រើរ មានន័យថា«អ្នកប្រឆាំង»។ ព្រះមិនបានបង្កើតសាតាំងទេ គឺទេវតាមួយដែលស្មោះត្រង់កាលពីមុន បានអនុញ្ញាតឲ្យតណ្ហាមិនប្រពៃកើតឡើងក្នុងចិត្ត ដល់ម្ល៉េះក៏ក្លាយជាសាតាំងទៅ។—ចោទិយកថា ៣២:៤; ប្រៀបធៀប យ៉ូប ១:៦-១២; ២:១-១០; យ៉ាកុប ១:១៣-១៥
ពូជរបស់ពស់
១០, ១១. តើតាមរបៀបណាដែលព្រះយេស៊ូនិងសាវ័កយ៉ូហាន ជួយយើងឲ្យសម្គាល់ពូជរបស់ពស់?
១០ ប៉ុន្តែ តើអ្នកណាជា‹ពូជ[ឬកូនចៅ]របស់ពស់›? បន្ទូលរបស់ព្រះយេស៊ូក៏ជួយយើងឲ្យដោះស្រាយចំណែកនៃសំនួរនេះដែរ។ ទ្រង់មានបន្ទូលទៅពួកអ្នកដឹកនាំសាសនាសាសន៍យូដាថា៖ «អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក»។ សាសន៍យូដាទាំងនេះគឺជាកូនចៅរបស់លោកអ័ប្រាហាំ ដូចដែលពួកគេអួតអាងអញ្ចឹង។ ប៉ុន្តែ ចរិយាអាក្រក់របស់គេ ធ្វើឲ្យគេទៅជាកូនខាងវិញ្ញាណរបស់សាតាំងវិញ ជាអ្នកដែលបង្កើតអំពើបាបមុនដំបូងនោះ។
១១ សាវ័កយ៉ូហាន ដែលសរសេរនៅជិតចុងសតវត្សទីមួយ ពន្យល់ប្រាប់យ៉ាងច្បាស់ថា អ្នកណាត្រូវជាពូជរបស់ពស់ ដែលជាសាតាំងនោះ។ លោកសរសេរថា៖ «តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះគឺមកពីអារក្សទេ ពីព្រោះអារក្សបានធ្វើបាប ចាប់តាំងពីដើមរៀងមក . . . គឺយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្ដីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ»។ (យ៉ូហានទី១ ៣:៨, ១០) គឺច្បាស់ណាស់ ពូជរបស់ពស់គឺសកម្មមែនក្នុងអស់ទាំងប្រវត្ដិសាស្ត្រមនុស្សលោក!
អ្នកណាជាពូជរបស់ស្ត្រី?
១២, ១៣. (ក) តើតាមរបៀបណាដែលព្រះយេហូវ៉ាបង្ហាញឲ្យលោកអ័ប្រាហាំដឹង ថាពូជស្ត្រីនឹងលេចមកពីចំណោមកូនចៅរបស់លោក? (ខ) តើអ្នកណាទទួលសេចក្ដីសន្យាជាមរតក អំពីពូជនេះ?
១២ ដូច្នេះ តើអ្នកណាជា‹ពូជ[ឬកូនចៅ]របស់ស្ត្រី›? នេះជាសំនួរមួយដ៏សំខាន់បំផុតដែលបានត្រូវសួរ ពីព្រោះគឺជាពូជរបស់ស្ត្រី ដែលដល់ក្រោយបំផុតនឹងកិនក្បាលពស់ ហើយកំចាត់ចោលនូវអនុភាពអាក្រក់នៃការបះបោរពីបុរាណនោះ។ កាលនៅសតវត្សទី២០ ម.ស.យ. ព្រះបានបង្ហាញសញ្ញាដ៏សំខាន់ អំពីអត្តសញ្ញាណនៃពូជនេះដល់លោកអ័ប្រាហាំ ជាមនុស្សស្មោះត្រង់ម្នាក់។ ពីព្រោះជំនឿដ៏ជ្រៅរបស់លោកអ័ប្រាហាំ ព្រះក៏ធ្វើសេចក្ដីសន្យាមួយចំនួនបន្តបន្ទាប់ដល់លោក អំពីពូជដែលនឹងត្រូវកើតដល់លោក។ សេចក្ដីសន្យាមួយនេះបង្ហាញឲ្យឃើញច្បាស់ថា ‹ពូជស្ត្រី›ដែលនឹង‹កិនក្បាលពស់›នឹងលេចមកពីចំណោមកូនរបស់លោកអ័ប្រាហាំ។ ព្រះមានបន្ទូលទៅលោកថា៖ «ពូជឯងបានគ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្ដាប់តាមពាក្យអញ»។—លោកុប្បត្តិ ២២:១៧, ១៨
១៣ ជាច្រើនឆ្នាំកន្លងទៅ សេចក្ដីសន្យារបស់ព្រះយេហូវ៉ាដល់លោកអ័ប្រាហាំ ក៏បានត្រូវប្រាប់ម្ដងទៀតដល់អ៊ីសាក ជាកូនប្រុសរបស់លោកអ័ប្រាហាំ និងយ៉ាកុប ជាចៅប្រុសរបស់លោក។ (លោកុប្បត្តិ ២៦:៣-៥; ២៨:១០-១៥) ដល់ក្រោយមក កូនចៅរបស់លោកយ៉ាកុបបានក្លាយជា១២ពូជអំបូរ ហើយពូជអំបូរមួយនោះគឺយូដា បានទទួលសេចក្ដីសន្យាពិសេសមួយថា៖ «ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្ដាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់»។ (លោកុប្បត្តិ ៤៩:១០) គឺច្បាស់ណាស់ ពូជនេះនឹងត្រូវលេចមកក្នុងពូជអំបូរយូដាហើយ។
១៤. តើសាសន៍ណាបានត្រូវចាត់ចែងដើម្បីទទួលពូជដែលត្រូវមក?
១៤ នៅចុងសតវត្សទី១៦ ម.ស.យ. ពូជអំបូរទាំង១២នៃសាសន៍អ៊ីស្រាអែលបានត្រូវចាត់ចែងឲ្យទៅជាសាសន៍មួយ ដើម្បីធ្វើរាស្ត្រពិសេសរបស់ព្រះ។ ដល់ពេលនោះ ព្រះធ្វើកិច្ចសន្យាដ៏ពិសិដ្ឋជាមួយពួកគេ ហើយផ្ដល់ ក្រិត្យវិន័យដល់ពួកគេផង។ មូលហេតុសំខាន់សម្រាប់ការនេះគឺដើម្បីរៀបចំមនុស្ស សម្រាប់ពូជដែលនឹងត្រូវមក។ (និក្ខមនំ ១៩:៥, ៦; កាឡាទី ៣:២៤) តាំងពីគ្រានោះមក សេចក្ដីខ្មាំងគ្នានៃសាតាំងចំពោះពូជស្ត្រី គឺឃើញក្នុងការដែលសាសន៍ដទៃគំរាមកំហែងដល់រាស្ត្រជ្រើសរើសរបស់ព្រះ។
១៥. សញ្ញាចុងក្រោយអ្វីដែលបានត្រូវប្រាប់ ដែលបង្ហាញថាគ្រួសារណាមួយក្នុងចំណោមកូនចៅអ័ប្រាហាំនឹងបង្កើតពូជនេះ?
១៥ នៅសតវត្សទី១១ ម.ស.យ. នោះសញ្ញាចុងក្រោយក៏បានត្រូវប្រាប់ ដែលបង្ហាញថាគ្រួសារណាមួយនឹងបង្កើតពូជនេះ។ នៅគ្រានោះ ព្រះមានបន្ទូលទៅស្តេចទីពីរនៃអ៊ីស្រាអែល គឺដាវីឌ ហើយសន្យាថាពូជនេះនឹងកើតមកពីព្រះវង្សរបស់ទ្រង់ ហើយបល្ល័ង្កនៃមួយអង្គនេះនឹង«បានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ»។ (សាំយូអែលទី២ ៧:១១-១៦) ពីគ្រានោះតមក ពូជនេះគេអាចហៅបានយ៉ាងត្រឹមត្រូវថា ជាព្រះវង្សហ្លួងដាវីឌ។—ម៉ាថាយ ២២:៤២-៤៥
១៦, ១៧. តើតាមរបៀបណាដែលអេសាយរៀបរាប់ពរដែលនាំមកដោយពូជនេះ?
១៦ ក្នុងឆ្នាំក្រោយៗបន្ទាប់មក ព្រះធ្វើឲ្យមានព្យាការីដែលផ្ដល់ថែមទៀតនូវពត៌មានដែលមកពីព្រះ អំពីពូជដែលត្រូវមកនេះ។ ជាឧទាហរណ៍នៅសតវត្សទីប្រាំបី ម.ស.យ. អេសាយបានសរសេរថា៖ «ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជំនួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ នឹងនគរនៃទ្រង់ឡើយ»។—អេសាយ ៩:៦, ៧
១៧ អេសាយទាយថែមទៀតអំពីពូជនេះថា៖ «ទ្រង់នឹងជំនុំជំរះពួកទាល់ក្រដោយសេចក្ដីសុចរិត ហើយសំរេចក្ដីឲ្យមនុស្សរាបសានៅផែនដីដោយសេចក្ដីទៀងត្រង់ . . . នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម។ ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា . . . វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។ (អេសាយ ១១:៤-៩) ពូជនេះនឹងនាំឲ្យមានពរដ៏ល្អក្រៃលែង!
១៨. តើដានីយ៉ែលកត់ទុក្ខពត៌មានអ្វីថែមទៀត អំពីពូជនេះ?
១៨ នៅសតវត្សទីប្រាំមួយ មុនសករាជយើង ដានីយ៉ែលកត់ទុកទំនាយមួយថែមទៀតអំពីពូជនេះ។ លោកទាយអំពីគ្រាដែលមានមួយអង្គដូចជាកូនមនុស្ស នឹងលេចខ្លួននៅស្ថានសួគ៌ ហើយនិយាយថា «នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់»។ (ដានីយ៉ែល ៧:១៣, ១៤) ដូច្នេះ ពូជដែលត្រូវមកនឹងទទួលព្រះរាជាណាចក្រខាងស្ថានសួគ៌ ហើយអំណាចគ្រប់គ្រងជាស្តេចរបស់ទ្រង់ នឹងសន្ធឹងលើផែនដីទាំងមូល។
សេចក្ដីឆ្ងល់បានត្រូវដោះស្រាយហើយ
១៩. ដូចទេវតាបង្ហាញប្រាប់ តើនាងម៉ារានឹងមានមុខងារអ្វីចំពោះពូជដែលត្រូវមក?
១៩ អត្តសញ្ញាណនៃពូជនេះដល់ទីបំផុតបានត្រូវបង្ហាញឲ្យដឹង នៅដើមសករាជយើងនេះ។ នៅឆ្នាំទី២ ម.ស.យ. ទេវតាមួយអង្គលេចមកចំពោះស្ត្រីក្មេង ជាសាសន៍យូដាម្នាក់ ឈ្មោះម៉ារាដែលជាកូនចៅស្តេចដាវីឌ។ ទេវតាប្រាប់នាងថា នាងនឹងប្រសូតបានទារកមួយដ៏ពិសេសណាស់ ហើយថា៖ «បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត [ព្រះយេហូវ៉ា]ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ ទ្រង់នឹងសោយរាជ្យ លើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ»។ (លូកា ១:៣២, ៣៣) ដូច្នេះ ការរង់ចាំយ៉ាងយូរនូវ«ពូជ»នេះក៏បានផុតទៅនៅទីបញ្ចប់។
២០. តើអ្នកណាគឺជាពូជដែលបានត្រូវសន្យា ហើយទ្រង់ប្រកាសដំណឹងអ្វីដល់សាសន៍អ៊ីស្រាអែល?
២០ នៅឆ្នាំ២៩ ស.យ. (ជាឆ្នាំដែលបានទាយទុកមុនជាយូរដោយដានីយ៉ែល) ព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹក។ វិញ្ញាណបរិសុទ្ធពេលនោះក៏មកស្ថិតលើទ្រង់ ហើយព្រះក៏ទទួលស្គាល់ថា ព្រះយេស៊ូជារាជបុត្រានៃព្រះអង្គ។ (ដានីយ៉ែល ៩:២៤-២៧; ម៉ាថាយ ៣:១៦, ១៧) អស់រយៈបីឆ្នាំកន្លះពីពេលនោះមក ព្រះយេស៊ូធ្វើបន្ទាល់ដល់សាសន៍យូដា ដោយប្រកាសថា៖ «នគរស្ថានសួគ៌ជិតដល់ហើយ»។ (ម៉ាថាយ ៤:១៧) ក្នុងគ្រានោះ ទ្រង់បានសម្រេចទំនាយច្រើនណាស់ក្នុងបទគម្ពីរហេព្រើរ ដែលគ្មានអ្វីឲ្យសង្ស័យទៀតឡើយ ថាទ្រង់គឺពិតជាពូជដែលបានត្រូវសន្យានេះមែន។
២១. តើពួកគ្រីស្ទានជំនាន់ដើមយល់យ៉ាងណា ចំពោះអត្តសញ្ញាណនៃពូជនេះ?
២១ ពួកគ្រីស្ទានជំនាន់ដើមយល់រឿងនេះច្បាស់ណាស់។ ប៉ុលពន្យល់ប្រាប់ពួកគ្រីស្ទាននៅកាឡាទីថា៖ «រីឯសេចក្ដីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានបន្ទូលថា ‹នឹងពូជទាំងប៉ុន្មាន›ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា ‹នឹងពូជលោក១នោះឯង›គឺជាព្រះគ្រីស្ទ»។ (កាឡាទី ៣:១៦) ព្រះយេស៊ូនឹងគឺជា«ម្ចាស់នៃមេត្រីភាព»ដែលអេសាយបានទាយ។ ក្រោយពេលទ្រង់យាងចូលក្នុងព្រះរាជាណាចក្ររបស់ទ្រង់ នោះយុត្ដិធម៌និងសេចក្ដីសុចរិតនឹងត្រូវតាំងឡើងទូទាំងពិភពលោក។
ដូច្នេះតើអ្នកណាគឺជាស្ត្រី?
២២. តើអ្នកណាគឺជាស្ត្រីដែលបានត្រូវនិយាយសំដៅក្នុងទំនាយនៃព្រះយេហូវ៉ានៅសួនអេដែន?
២២ បើព្រះយេស៊ូគឺជាពូជនោះ តើអ្នកណាជាស្ត្រីដែលបានត្រូវនិយាយសំដៅ កាលនៅសួនអេដែន? ពីព្រោះអំណាចដែលស្ថិតនៅនឹងពស់គឺសត្តនិករវិញ្ញាណ ដូច្នេះយើងមិនគួរឆ្ងល់ឡើយថាស្ត្រីនេះក៏ជាវិញ្ញាណដែរ មិនមែនជាមនុស្សនោះទេ។ សាវ័កប៉ុលមានប្រសាសន៍អំពី«ស្ត្រី»ខាងស្ថានសួគ៌ម្នាក់ថា៖ «តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្ដាយយើងទាំងអស់គ្នា»។ (កាឡាទី ៤:២៦) បទគម្ពីរឯទៀតបង្ហាញថា«ក្រុងយេរូសាឡិម ដែលនៅស្ថានលើ» នេះបានគង់នៅអស់ជាច្រើនសហស្សវត្សមកហើយ។ ស្ត្រីនេះគឺអង្គការស្ថានសួគ៌នៃសត្តនិករវិញ្ញាណ របស់ព្រះយេហូវ៉ា ដែលព្រះយេស៊ូបានយាងចុះចេញមកបំពេញមុខងារជា‹ពូជស្ត្រី›នោះ។ មានតែ«ស្ត្រី»ខាងវិញ្ញាណយ៉ាងនេះទេ ដែលអាចទប់ទល់នឹងសេចក្ដីខ្មាំងគ្នាបាន ពី«ពស់ពីបុរាណ»ដ៏អស់ជាច្រើនសហស្សវត្ស។—វិវរណៈ ១២:៩; អេសាយ ៥៤:១, ១៣; ៦២:២-៦
២៣. ហេតុអ្វីក៏ការបង្ហាញជាបន្តបន្ទាប់នូវន័យទំនាយរបស់ព្រះយេហូវ៉ាក្នុងសួនអេដែន គឺអស្ចារ្យម្ល៉េះ?
២៣ សេចក្ដីសង្ខេបអំពីការកើតឡើងនៃទំនាយពីបុរាណក្នុង លោកុប្បត្តិ ៣:១៥នេះ គឺជាភស្តុតាងដ៏ខ្លាំងអំពីសេចក្ដីស្របគ្នាទាំងស្រុងនៃព្រះគម្ពីរ។ គឺអស្ចារ្យពិតមែន ដែលទំនាយនេះអាចយល់បាន លុះត្រាតែយើងបញ្ចូលព្រឹត្ដិការណ៍និងវាចាពីសតវត្សទី២០ ទី១១ ទី៨ និងទី៦ ម.ស.យ. ជាមួយនឹងវាចានិងព្រឹត្ដិការណ៍ពីសតវត្សទីមួយនៃសករាជយើងនេះ។ នេះគឺមិនអាចកើតឡើងដោយចៃដន្យបានទេ គឺត្រូវតែមានដៃមួយដឹកនាំរឿងទាំងអស់នេះ។—អេសាយ ៤៦:៩, ១០
ន័យសម្រាប់យើង
២៤. តើការសម្គាល់ពូជនេះមានន័យអ្វីសម្រាប់យើង?
២៤ តើរឿងទាំងអស់នេះមានន័យអ្វីសម្រាប់យើង? ព្រះយេស៊ូគឺជា‹ពូជសំខាន់ជាងគេនៃស្ត្រី›នោះ។ ទំនាយពីបុរាណក្នុងលោកុប្បត្តិ ៣:១៥ ទាយថាកែងព្រះបាទទ្រង់នឹងត្រូវពស់‹ចឹកជាំ› ហើយការនេះកើតឡើងពេលដែលទ្រង់បានសោយទិវង្គតលើបង្គោលទារុណកម្ម។ ការជាំគឺមិនមែននៅជាប់យូរអង្វែងទេ។ ដូច្នេះ ជ័យជំនះរបស់ពស់មិនយូរក៏ក្លាយជាបរាជ័យវិញ ពេលព្រះយេស៊ូបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ (ដូចយើងបានឃើញក្នុងជំពូកទី៦ មានទីសំអាងយ៉ាងច្បាស់ថា នេះបានកើតឡើងមែន)។ ដែលព្រះយេស៊ូត្រូវសោយទិវង្គត នោះគឺជាមូលដ្ឋានសម្រាប់សេចក្ដីសង្គ្រោះ ដល់មនុស្សលោកដែលមានចិត្តសុចរិត ម្ល៉ោះហើយពូជ នេះក៏បានផ្ដើមទៅចាប់ជាពរ ដូចព្រះបានសន្យាដល់លោកអ័ប្រាហាំអញ្ចឹង។ ប៉ុន្តែ ចុះអ្វីទៅចំពោះទំនាយដែលថា ព្រះយេស៊ូនឹងគ្រប់គ្រងពីព្រះរាជាណាចក្រស្ថានសួគ៌ លើអស់ទាំងផែនដីនោះ?
២៥, ២៦. តើរឿងអ្វីដែលជាប់ទាក់ទងក្នុងសេចក្ដីខ្មាំងគ្នារវាង‹ពូជស្ត្រី›និងពស់ ដូចបានត្រូវរៀបរាប់ក្នុងវិវរណៈ?
២៥ ក្នុងចក្ខុនិមិត្តខាងទំនាយដ៏ក្បោះក្បាយមួយ ដែលកត់ទុកក្នុងវិវរណៈជំពូក១២ ដើមដំបូងនៃព្រះរាជាណាចក្រនេះ គឺបានត្រូវសម្ដែងឲ្យឃើញជាការប្រសូតបុត្រាមួយនៅស្ថានសួគ៌។ ក្នុងព្រះរាជាណាចក្រនេះ ពូជដែលបានត្រូវសន្យាកាន់អំណាចក្នុងព្រះនាមមីកែល ដែលមានន័យថា«ទ្រង់ណាដែលដូចព្រះ»? ទ្រង់បង្ហាញថាគ្មានអ្នកណាអាចប្រឆាំងដោយត្រឹមត្រូវ នឹងព្រះអធិបតេយ្យភាពនៃព្រះយេហូវ៉ាបានទេ ពេលដែលទ្រង់បោះទម្លាក់«ពស់ពីបុរាណ»ចេញពីស្ថានសួគ៌ជាដរាបរៀងទៅ។ យើងអានថា៖ «នោះនាគធំត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដី»។—វិវរណៈ ១២:៧-៩
២៦ លទ្ធផលគឺថានឹងមានការធូរស្បើយសម្រាប់ស្ថានសួគ៌ ប៉ុន្តែទុក្ខលំបាកលើផែនដីវិញ។ មានសម្រែកដ៏អបអរយ៉ាងខ្លាំងថា៖ «ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា នឹងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ»។ ថែមទៅទៀត យើងអានថា៖ «ដោយហេតុនោះ ឱស្ថានសួគ៌ នឹងពួកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។—វិវរណៈ ១២:១០, ១២
២៧. តើពេលណាដែលទំនាយដែលថាពស់ត្រូវបោះទម្លាក់ពីស្ថានសួគ៌បានត្រូវសម្រេច? តើដូចម្ដេចបានជាយើងដឹង?
២៧ តើយើងអាចថាពេលណាទំនាយនេះនឹងត្រូវសម្រេចទេ? ពិតហើយ នេះជាសំនួរដែលបានត្រូវសួរដោយពួកសិស្ស ពេលគេទូលសួរព្រះយេស៊ូអំពី‹ទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប›នោះ—ដូចយើងបានពិគ្រោះក្នុងជំពូកទី១០។ (ម៉ាថាយ ២៤:៣) ដូចយើងបានឃើញហើយ មានទីសំអាងយ៉ាងច្បាស់ក្រៃលែងថាវត្តមាននៃព្រះយេស៊ូ ក្នុងអំណាចព្រះរាជាណាចក្រស្ថានសួគ៌ បានចាប់ផ្ដើមនៅឆ្នាំ១៩១៤។ តាំងពីគ្រានោះមក យើងបានពិសោធនឹងសេចក្ដី«វេទនាដល់ផែនដី»ពិតមែន!
២៨, ២៩. នៅពេលខាងមុខ នឹងមានការប្រែប្រួលអ្វីដ៏ខ្លាំងលើឆាកពិភពលោក ហើយដូចម្ដេចយើងដឹងថា នេះនឹងកើតឡើងក្នុងពេលឆាប់ៗនេះ?
២៨ ប៉ុន្តែ ចូរសម្គាល់ថា៖ សម្រែកពីស្ថានសួគ៌នោះប្រកាសថា សាតាំងមាន«ពេលវេលាខ្លីណាស់»។ ដូច្នេះទំនាយពីបុរាណក្នុងលោកុប្បត្តិ ៣:១៥ នឹងជិតបានសម្រេចឥតខុសឡើយ។ ពស់ ពូជវា ស្ត្រី និងពូជនាងបានត្រូវសម្គាល់អស់ហើយ។ ពូជស្ត្រីនេះបានត្រូវ‹ពស់ចឹកនៅកែងព្រះបាទ› ប៉ុន្តែទ្រង់បានជាសះឡើងវិញ។ មិនយូរប៉ុន្មាន ការកិនសាតាំង(និងពូជវា)នឹងចាប់ផ្ដើមក្រោមអំណាចព្រះយេស៊ូគ្រីស្ទ ជាស្តេចកំពុងសោយរាជ្យរបស់ព្រះ។
២៩ នេះនឹងមានការប្រែប្រួលដ៏ខ្លាំងលើឆាកពិភពលោក។ អ្នកដែលបង្ហាញថាខ្លួនគេជាពូជរបស់សាតាំង នឹងត្រូវកាត់ចេញជាមួយនឹងវាដែរ។ ដូចអ្នកសរសេរទំនុកដំកើងទាយថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ»។ (ទំនុកដំកើង ៣៧:១០) នោះនឹងគឺជាការប្រែប្រួលដ៏ខ្លាំងម្ល៉េះហ្ន៎! រួចមក ពាក្យថែមទៀតរបស់អ្នកសរសេរទំនុកដំកើងក៏នឹងត្រូវសម្រេច៖ «ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកដំកើង ៣៧:១១
៣០. ហេតុអ្វីបានជាពួកអ្នកដែលមិនជឿថា ព្រះវិញ្ញាណបណ្ដាលឲ្យតែងព្រះគម្ពីរមក ហើយមិនជឿថាមានព្រះនោះ គឺជាអ្នកមិនសមហេតុសមផលសោះ?
៣០ គឺរបៀបនេះហើយដែល«ម្ចាស់នៃមេត្រីភាព»នឹងនាំសេចក្ដីក្សេមក្សាន្តដល់មនុស្សលោកនៅទីបំផុត។ នេះជាសេចក្ដីសន្យាក្នុងព្រះគម្ពីរ ដូចយើងបានឃើញក្នុងអេសាយ ៩:៦, ៧។ ក្នុងសម័យដ៏មិនព្រមជឿនេះ មនុស្សជាច្រើនឃើញថាសេចក្ដីសន្យានេះ មិនសមហេតុផលសោះ។ ប៉ុន្តែតើមនុស្សអាចផ្ដល់អ្វីជំនួសវិញ? គឺគ្មានអ្វីសោះឡើយ! ម្យ៉ាងវិញ សេចក្ដីសន្យានេះបានត្រូវថ្លែងយ៉ាងច្បាស់ក្នុងព្រះគម្ពីរ ហើយព្រះគម្ពីរគឺជាបន្ទូលមិនដែលខុសរបស់ព្រះ។ គឺពិតជាពួកមិនជឿទេ ដែលមិនសមហេតុសមផលនោះ។ (អេសាយ ៥៥:៨, ១១) ពួកគេមិនទទួលស្គាល់ព្រះ ដែលបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងព្រះគម្ពីរមក ហើយព្រះអង្គជាពិតលើសគេទាំងអស់ផង។
[រូបភាពនៅទំព័រ១៥១]
ទំនាយទី១ក្នុងព្រះគម្ពីរផ្ដល់មូលដ្ឋានសម្រាប់សេចក្ដីសង្ឃឹម ដល់មនុស្សលោកដែលត្រូវរងគ្រោះ
[រូបភាពនៅទំព័រ១៥៤]
នៅសតវត្សទី២០ ម.ស.យ. ព្រះយេហូវ៉ាមានបន្ទូលប្រាប់លោកអ័ប្រាហាំថា ពូជដែលបានត្រូវសន្យានឹងមកពីចំណោមកូនចៅរបស់លោក
[រូបភាពនៅទំព័រ១៥៥]
នៅសតវត្សទី១១ ម.ស.យ. ស្តេចដាវីឌទ្រង់ជ្រាបថា ពូជនេះនឹងមកពីព្រះរាជវង្សរបស់ទ្រង់
[រូបភាពនៅទំព័រ១៥៦]
នៅសតវត្សទីប្រាំបីម.ស.យ. អេសាយទាយអំពីពរដែលពូជនេះនឹងនាំមក
[រូបភាពនៅទំព័រ១៥៧]
នៅសតវត្សទីប្រាំមួយម.ស.យ. ដានីយ៉ែលទាយថា ពូជនេះនឹងគ្រប់គ្រង ក្នុងព្រះរាជាណាចក្រស្ថានសួគ៌
[រូបភាពនៅទំព័រ១៥៩]
នៅជិតដើមសតវត្សទីមួយស.យ. នាងម៉ារាជ្រាបថា ព្រះយេស៊ូជាទារកដែលនាងនឹងប្រសូតនោះ នឹងទៅជាពូជនេះពេលធំឡើង