បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ១ ទំ. ៨-១៩
  • តើអ្វីជាសេចក្ដីពិតអំពីព្រះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីជាសេចក្ដីពិតអំពីព្រះ?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ព្រះ​ពិត​ជា​គ្មាន​ក្ដី​មេត្ដា​ហើយ​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ឬ?
  • តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​ជួប​នឹង​អំពើ​អយុត្ដិធម៌?
  • ព្រះ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​អ្នក​ស្គាល់​ទ្រង់
  • តើ​អ្នក​អាច​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​ទេ?
  • តើព្រះពិតជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ចូរបង្រៀនអ្វីដែលព្រះគម្ពីរពិតជាបង្រៀន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • សេចក្ដី​ពិត​អំពី​ព្រះ​និង​គ្រិស្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • តើព្រះជានរណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ១ ទំ. ៨-១៩

ជំពូក​ទី​មួយ

តើ​អ្វី​ជា​សេចក្ដី​ពិត​អំពី​ព្រះ?

តើ​ព្រះ​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​ទេ?

តើ​ទ្រង់​ជា​ព្រះ​បែប​ណា? តើ​ទ្រង់​មាន​ព្រះ​នាម​ទេ?

តើ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​បាន​ទេ?

១, ២​. ហេតុ​អ្វី​បាន​ជា​ការ​សួរ​សំនួរ​ជា​ការ​ល្អ?

កូន​ក្មេង​ពូកែ​សួរ​សំនួរ​ណាស់ មែន​ទេ? កូន​ក្មេង​ជា​ច្រើន កាល​ចេះ​និយាយ​ហើយ ចាប់​ផ្ដើម​សួរ​សំនួរ​តែ​ម្ដង។ ពួក​គេ​ងើប​ភ្នែក​មើល​មុខ​អ្នក ទាំង​ទឹក​មុខ​បង្ហាញ​នូវ​ការ​ចង់​ដឹង​យ៉ាង​ខ្លាំង រួច​សួរ​សំនួរ​ដូច​ជា ហេតុ​អ្វី​មេឃ​ពណ៌​ខៀវ? តើ​ផ្កាយ​ធ្វើ​ពី​អ្វី​ទៅ? តើ​អ្នក​ណា​បង្រៀន​ចាប​ឲ្យ​ចេះ​យំ? អ្នក​ខំ​ឆ្លើយ តែ​ជួន​កាល​ឆ្លើយ​មិន​រួច។ សូម្បី​តែ​អ្នក​នឹក​ឃើញ​ចម្លើយ​ល្អ​បំផុត​ក៏​ដោយ ក៏​ប្រហែល​ជា​នាំ​ឲ្យ​ក្មេង​នោះ​សួរ​សំនួរ​មួយ​ទៀត​គឺ ​«​ហេតុ​អ្វី?​»​។

២ មិន​មែន​មាន​តែ​កូន​ក្មេង​ប៉ុណ្ណោះ​ទេ​ដែល​ចេះ​សួរ​សំនួរ​នោះ។ នៅ​ពេល​ដែល​យើង​ធំ​ឡើង យើង​សួរ​សំនួរ​ថែម​ទៀត។ យើង​សួរ​សំនួរ​ដើម្បី​ដឹង​ថា យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​និង​ត្រូវ​ចៀស​ចេញ​ពី​អ្វី ឬ​មួយ​ក៏​យើង​សួរ​ដោយ​សារ​មាន​ការ​ចង់​ដឹង។ ប៉ុន្តែ​តាម​មើល​ទៅ មនុស្ស​ជា​ច្រើន​ឈប់​សួរ​សំនួរ ជា​ពិសេស​សំនួរ​សំខាន់​បំផុត ឬ​បើ​មិន​ឈប់​សួរ​គឺ​ពួក​គេ​ឈប់​ស្វែង​រក​ចម្លើយ។

៣​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ឈប់​ស្វែង​រក​ចម្លើយ​ចំពោះ​សំនួរ​សំខាន់​បំផុត?

៣ សូម​គិត​អំពី​សំនួរ​នៅ​ក្រប​សៀវភៅ​នេះ ឬ​សំនួរ​ដែល​មាន​ក្នុង​សេចក្ដី​ផ្ដើម​នៃ​សៀវភៅ​នេះ ឬ​ក៏​សំនួរ​ដែល​មាន​នៅ​ដើម​ជំពូក​នេះ។ សំនួរ​ទាំង​នេះ​ជា​សំនួរ​ខ្លះ​ៗ​ដែល​សំខាន់​បំផុត។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​អស់​សង្ឃឹម ហើយ​ឈប់​ស្វែង​រក​ចម្លើយ​ចំពោះ​សំនួរ​ទាំង​នេះ​ទៀត។ ហេតុ​អ្វី? តើ​ព្រះ​គម្ពីរ​មាន​ចម្លើយ​ទេ? មនុស្ស​ខ្លះ​គិត​ថា​ចម្លើយ​ក្នុង​ព្រះ​គម្ពីរ​ពិបាក​យល់​ពេក។ អ្នក​ឯ​ទៀត​គិត​ថា ការ​សួរ​សំនួរ​នាំ​ឲ្យ​ខ្មាស​គេ​ឬ​ក៏​អាម៉ាស់​មុខ។ ហើយ​មនុស្ស​ខ្លះ​ទៀត​គិត​ថា ទុក​សំនួរ​នោះ​ឲ្យ​អ្នក​បង្ហាត់​បង្រៀន​សាសនា​ឆ្លើយ​ទៅ​ល្អ​ជាង។ ចុះ​អ្នក​វិញ​យ៉ាង​ណា​ដែរ?

៤, ៥​. តើ​សំនួរ​អ្វី​ខ្លះ​ជា​សំនួរ​សំខាន់​បំផុត? ហេតុ​អ្វី​យើង​គួរ​ស្វែង​រក​ចម្លើយ​ចំពោះ​សំនួរ​ទាំង​នេះ?

៤ អ្នក​ទំនង​ជា​ចាប់​អារម្មណ៍​ចង់​ស្វែង​រក​ចម្លើយ​ចំពោះ​សំនួរ​សំខាន់​ៗ​ដែល​យើង​តែង​សួរ​ក្នុង​ជីវិត​យើង។ អ្នក​ប្រាកដ​ជា​ធ្លាប់​ឆ្ងល់​ថា ‹តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? តើ​គ្រាន់​តែ​ជា​ការ​កើត ទៅ​ជា​ចាស់​ជរា ហើយ​ស្លាប់​ប៉ុណ្ណោះ​ឬ? តើ​តាម​ពិត​ព្រះ​ទ្រង់​ជា​ព្រះ​បែប​ណា?›។ ជា​ការ​ល្អ​ដែល​ឆ្ងល់​អំពី​សំនួរ​ទាំង​នេះ ហើយ​ក៏​ជា​ការ​សំខាន់​ដែល​អ្នក​មិន​អស់​សង្ឃឹម​ឈប់​ស្វែង​រក​នូវ​ចម្លើយ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​ធ្វើ​ឲ្យ​អ្នក​អស់​ចិត្ត។ ព្រះ​យេស៊ូ​គ្រីស្ទ អ្នក​បង្រៀន​ដ៏​ល្បី​មួយ​អង្គ​បាន​មាន​បន្ទូល​ថា​៖ ​«​ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក​»​។—ម៉ាថាយ ៧:៧

៥ បើ​អ្នក​បន្ត​«​រក​»​ចម្លើយ​ចំពោះ​សំនួរ​សំខាន់​ៗ​នោះ អ្នក​នឹង​ឃើញ​ថា អ្នក​អាច​បាន​ដូច​បំណង​មែន។ (​សុភាសិត ២:១​-​៥​) ទោះ​បើ​អ្នក​ដទៃ​ប្រាប់​ថា​គ្មាន​ចម្លើយ​ក៏​ដោយ តាម​ពិត​ចម្លើយ​គឺ​មាន ហើយ​អ្នក​អាច​រក​ឃើញ​ចម្លើយ​ទាំង​នោះ​បាន​នៅ​ក្នុង​ព្រះ​គម្ពីរ។ ចម្លើយ​ទាំង​នោះ​គឺ​មិន​ពិបាក​យល់​ទេ។ ល្អ​ជាង​នោះ​ទៅ​ទៀត ចម្លើយ​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​និង​អំណរ ហើយ​អាច​ជួយ​ឲ្យ​អ្នក​មាន​ជីវិត​គាប់​ចិត្ត​នៅ​ឥឡូវ​នេះ។ ដូច្នេះ មុន​បង្អស់​យើង​នឹង​ពិចារណា​មើល​សំនួរ​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​សុញ​គំនិត។

តើ​ព្រះ​ពិត​ជា​គ្មាន​ក្ដី​មេត្ដា​ហើយ​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ឬ?

៦​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​គិត​ស្មាន​ថា​ព្រះ​មិន​ខ្វល់​អំពី​ទុក្ខ​វេទនា​របស់​មនុស្ស?

៦ មនុស្ស​ជា​ច្រើន​គិត​ស្មាន​ថា ចម្លើយ​ចំពោះ​សំនួរ​នោះ​គឺ​«​ទ្រង់​គ្មាន​ក្ដី​មេត្ដា​ហើយ​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ទេ​»​។ ពួក​គេ​វែក​ញែក​ថា​៖ ‹បើ​ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​មែន ពិភព​លោក​យើង​នេះ​នឹង​មាន​ស្ថានភាព​ខុស​ពី​នេះ​ឆ្ងាយ​ណាស់›។ បើ​មើល​នៅ​ជុំ​វិញ​យើង​ឃើញ​សុទ្ធតែ​សង្គ្រាម ការ​ស្អប់​គ្នា និង​ទុក្ខ​វេទនា។ យើង​ម្នាក់​ៗ​ចេះ​ឈឺ រង​ការ​ឈឺ​ចាប់ និង​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់​ចោល​ទៀត។ ហេតុ​នេះ​ហើយ មនុស្ស​ជា​ច្រើន​និយាយ​ថា ‹បើ​ព្រះ​ពិត​ជា​ខ្វល់​អំពី​យើង​និង​បញ្ហា​របស់​យើង ទ្រង់​នឹង​ធ្វើ​អន្តរាគមន៍​មិន​ឲ្យ​បញ្ហា​ទាំង​នេះ​កើត​ឡើង​ឡើយ›។

៧​. (​ក​) តើ​សាសនា​បាន​នាំ​ឲ្យ​មនុស្ស​គិត​ស្មាន​ថា​ព្រះ​គ្មាន​ក្ដី​មេត្ដា​យ៉ាង​ដូច​ម្ដេច? (​ខ​) តាម​ពិត តើ​ព្រះ​គម្ពីរ​បង្រៀន​ឲ្យ​យើង​ដឹង​យ៉ាង​ណា​អំពី​សេចក្ដី​ល្បួង​ឬ​ទុក្ខ​លំបាក​ណា​ដែល​យើង​ជួប​ប្រទះ​នោះ?

៧ អាក្រក់​ជាង​នោះ​ទៅ​ទៀត ជួន​កាល​សាសនា​ជា​ច្រើន​នាំ​ឲ្យ​មនុស្ស​គិត​ថា​ព្រះ​គ្មាន​មេត្ដា។ តើ​សាសនា​នាំ​ឲ្យ​មនុស្ស​គិត​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? នៅ​ពេល​មាន​រឿង​គួរ​ឲ្យ​ខ្លោច​ផ្សា​កើត​ឡើង សាសនា​ប្រាប់​ថា នេះ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ។ សំ​ដី​នេះ​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​សំរាប់​រឿង​អាក្រក់​ដែល​កើត​ឡើង។ តើ​នេះ​ជា​ការ​ពិត​អំពី​ព្រះ​ឬ? តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? យ៉ាកុប ១:១៣ ឆ្លើយ​ថា​៖ ​«​កាល​ណា​មាន​សេចក្ដី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ព្រះ​ទ្រង់​ល្បួង​ខ្លួន​ឡើយ ដ្បិត​សេចក្ដី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ​»​។ ដូច្នេះ ព្រះ​មិន​ដែល​ជា​ដើម​ហេតុ​នៃ​រឿង​អាក្រក់​ដែល​យើង​ឃើញ​នៅ​ជុំ​វិញ​យើង​ឡើយ។ (​យ៉ូប ៣៤:១០​-​១២​) ពិត​មែន​ថា ទ្រង់​អនុញ្ញាត​ឲ្យ​រឿង​អាក្រក់​កើត​ឡើង។ ប៉ុន្តែ​ការ​អនុញ្ញាត​ឲ្យ​រឿង​អាក្រក់​កើត​ឡើង​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ការ​ធ្វើ​ឲ្យ​រឿង​អាក្រក់​កើត​ឡើង។

៨, ៩​. (​ក​) តើ​អ្នក​អាច​ពន្យល់​ភាព​ខុស​គ្នា​រវាង​ការ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់ និង​ការ​ធ្វើ​ឲ្យ​មាន​អំពើ​អាក្រក់​យ៉ាង​ដូច​ម្ដេច? (​ខ​) ហេតុ​អ្វី​បាន​ជា​អយុត្ដិធម៌​បើ​រិះ​គន់​ព្រះ​ដោយ​សារ​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើ​អំពើ​អាក្រក់​នោះ?

៨ ជា​ឧទាហរណ៍ ចូរ​គិត​អំពី​ឪពុក​ម្នាក់​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​ប្រាជ្ញា។ គាត់​មាន​កូន​ប្រុស​ពេញ​វ័យ​ម្នាក់​ដែល​មិន​ទាន់​បែក​ផ្ទះ។ នៅ​ពេល​ដែល​កូន​ប្រុស​នោះ​បែរ​ជា​រឹង​រូស​មិន​ចង់​ស្ដាប់​ឪពុក​ម្ដាយ​ទៀត ហើយ​សម្រេច​ចិត្ត​បែក​ផ្ទះ ឪពុក​មិន​ឃាត់​កូន​ប្រុស​នោះ​ទេ។ កូន​ប្រុស​នោះ​ធ្វើ​អំពើ​អាក្រក់​ហើយ​ធ្លាក់​ខ្លួន​មាន​បញ្ហា​លំបាក​ជា​ច្រើន។ តើ​ឪពុក​របស់​កូន​ប្រុស​នេះ​ជា​អ្នក​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ទេ? អត់​ទេ! (​លូកា ១៥:១១​-​១៣​) ស្រដៀង​គ្នា​ដែរ ព្រះ​មិន​ឃាត់​មនុស្ស​ពេល​ដែល​ពួក​គេ​ចង់​ធ្វើ​អំពើ​អាក្រក់​ទេ ប៉ុន្តែ​ទ្រង់​មិន​មែន​ជា​ដើម​ហេតុ​នៃ​ផល​វិបាក​ដែល​មក​ពី​អំពើ​នោះ​ឡើយ។ អាស្រ័យ​ហេតុ​នេះ គឺ​អយុត្ដិធម៌​ណាស់​បើ​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​ចំពោះ​បញ្ហា​ដែល​មនុស្ស​ជាតិ​មាន។

៩ មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើ​អំពើ​អាក្រក់។ ដោយ​សារ​ទ្រង់​ជា​អ្នក​បង្កើត​យើង ហើយ​មាន​ប្រាជ្ញា​និង​តេជានុភាព​នោះ ទ្រង់​មិន​ចាំ​បាច់​ពន្យល់​យើង​នូវ​មូលហេតុ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​នោះ​ទេ។ ក៏​ប៉ុន្តែ​ដោយ​សារ​ទ្រង់​មាន​សេចក្ដី​ស្រឡាញ់ ទ្រង់​បាន​ពន្យល់​នូវ​មូលហេតុ​មែន។ អ្នក​នឹង​រៀន​ថែម​ទៀត​អំពី​មូលហេតុ​ទាំង​នេះ​ក្នុង​ជំពូក​ទី​១១។ ប៉ុន្តែ​អ្នក​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា បញ្ហា​ដែល​យើង​មាន​មិន​មែន​មក​ពី​ព្រះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​មាន​តែ​ទ្រង់​ទេ​ដែល​ផ្ដល់​ដំណោះ​ស្រាយ!—អេសាយ ៣៣:២

១០​. ហេតុ​អ្វី​បាន​ជា​យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​នឹង​បំបាត់​នូវ​ផល​វិបាក​ទាំង​អស់​ដែល​ផ្ដើម​មក​ពី​អំពើ​អាក្រក់​នោះ?

១០ ម្យ៉ាង​ទៀត ព្រះ​គឺ​បរិសុទ្ធ។ (​អេសាយ ៦:៣​) នេះ​មាន​ន័យ​ថា​ទ្រង់​គឺ​វិសុទ្ធ ឥត​មន្ទិល។ គ្មាន​សេចក្ដី​អាក្រក់​ណា​ក្នុង​ទ្រង់​សោះ​ឡើយ។ ហេតុ​នេះ យើង​អាច​ទុក​ចិត្ត​ទ្រង់​ទាំង​ស្រុង។ យើង​មិន​អាច​ទុក​ចិត្ត​មនុស្ស​ទាំង​ស្រុង​បាន​ទេ ដ្បិត​ជួន​កាល​ពួក​គេ​អាច​ក្លាយ​ជា​អាក្រក់​វិញ​ក៏​មាន។ ទោះ​បើ​អ្នក​មាន​អំណាច​ជា​មនុស្ស​ទៀង​ត្រង់​បំផុត​ក៏​ដោយ ក៏​នៅ​តែ​គ្មាន​សមត្ថភាព​បំបាត់​នូវ​ផល​វិបាក​ដែល​ផ្ដើម​មក​ពី​អំពើ​អាក្រក់​បាន​ឡើយ។ ប៉ុន្តែ​ព្រះ​មាន​តេជានុភាព​បំផុត។ ទ្រង់​មាន​សមត្ថភាព​និង​បំណង​បំបាត់​នូវ​បញ្ហា​ទាំង​អស់​របស់​មនុស្ស​ជាតិ​ដែល​ផ្ដើម​មក​ពី​អំពើ​អាក្រក់។ នៅ​ពេល​ដែល​ព្រះ​ចាត់​វិធានការ ទ្រង់​នឹង​បំបាត់​អំពើ​អាក្រក់​ឲ្យ​លែង​មាន​ទៀត!—ទំនុក​ដំកើង ៣៧:៩​-​១១

តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​ជួប​នឹង​អំពើ​អយុត្ដិធម៌?

១១​. (​ក​) តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អំពើ​អយុត្ដិធម៌? (​ខ​) តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ឈឺ​ចាប់​របស់​អ្នក?

១១ នៅ​គ្រា​ឥឡូវ​នេះ​តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​ពិភព​លោក​នេះ​និង​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់? ព្រះ​គម្ពីរ​បង្រៀន​ថា ព្រះ​«​សព្វ​ព្រះ​ទ័យ​នឹង​សេចក្ដី​យុត្ដិធម៌​»​។ (​ទំនុក​ដំកើង ៣៧:២៨​) ដូច្នេះ ចំពោះ​ទ្រង់​ការ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ជា​ការ​សំខាន់​ណាស់។ ទ្រង់​ស្អប់​អំពើ​អយុត្ដិធម៌​គ្រប់​យ៉ាង។ ព្រះ​គម្ពីរ​ចែង​ថា ព្រះ​«​មាន​ព្រះ​ហឫទ័យ​ព្រួយ​»​នៅ​ពេល​ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​នៅ​សម័យ​បុរាណ។ (​លោកុប្បត្តិ ៦:៥, ៦​) ព្រះ​មិន​បាន​ប្រែ​ប្រួល​ឡើយ។ (​ម៉ាឡាគី ៣:៦​) ទ្រង់​នៅ​តែ​មិន​សព្វ​ព្រះ​ហឫទ័យ​សោះ​ឡើយ​ពេល​ដែល​ឃើញ​ការ​ឈឺ​ចាប់​ទូ​ទាំង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។ ហើយ​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​សោះ​ឡើយ​ពេល​ដែល​ឃើញ​មាន​មនុស្ស​រង​ការ​ឈឺ​ចាប់​នោះ។ ព្រះ​គម្ពីរ​ចែង​ថា​៖​«​ទ្រង់​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​»​។—ពេត្រុស​ទី១ ៥:៧

១២, ១៣​. (​ក​) ហេតុ​អ្វី​យើង​មាន​គុណ​សម្បត្ដិ​ដូច​ជា​សេចក្ដី​ស្រឡាញ់? តើ​សេចក្ដី​ស្រឡាញ់​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​ពិភព​លោក? (​ខ​) ហេតុ​អ្វី​បាន​ជា​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះ​ពិត​ជា​នឹង​ចាត់​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទូ​ទាំង​ពិភព​លោក?

១២ ហេតុ​អ្វី​យើង​អាច​ដឹង​ប្រាកដ​ថា ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​សោះ​ចំពោះ​ការ​ឈឺ​ចាប់? សូម​ពិចារណា​ភស្តុ​តាង​ដែល​មាន​បន្ត​បន្ទាប់​នេះ។ ព្រះ​គម្ពីរ​បង្រៀន​ថា មនុស្ស​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ។ (​លោកុប្បត្តិ ១:២៦​) ដូច្នេះ យើង​មាន​គុណ​សម្បត្ដិ ដោយ​សារ​ព្រះ​មាន​គុណ​សម្បត្ដិ។ ជា​ឧទាហរណ៍ នៅ​ពេល​ជន​ស្លូត​ត្រង់​រង​ការ​ឈឺ​ចាប់​នោះ តើ​អ្នក​ទើស​ចិត្ត​ទេ? បើ​អ្នក​ចេះ​ទើស​ចិត្ត​ដោយ​សារ​អំពើ​អយុត្ដិធម៌​នោះ អ្នក​អាច​ប្រាកដ​ថា ព្រះ​ទើស​ព្រះ​ទ័យ​ខ្លាំង​ជាង​អ្នក​ទៅ​ទៀត។

១៣ លក្ខណៈ​ល្អ​បំផុត​មួយ​របស់​មនុស្ស​គឺ​សមត្ថភាព​បង្ហាញ​សេចក្ដី​ស្រឡាញ់។ នេះ​ក៏​បញ្ជាក់​ថា​យើង​មាន​ភាព​ដូច​ព្រះ​ដែរ។ ព្រះ​គម្ពីរ​បង្រៀន​ថា​៖ ​«​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​»​។ (​យ៉ូហាន​ទី១ ៤:៨​) យើង​ចេះ​ស្រឡាញ់​ពី​ព្រោះ​ព្រះ​ចេះ​ស្រឡាញ់។ តើ​សេចក្ដី​ស្រឡាញ់​ជំរុញ​អ្នក​ឲ្យ​មាន​អារម្មណ៍​ចង់​បំបាត់​ការ​ឈឺ​ចាប់​ដែល​មាន​ទូ​ទាំង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ទេ? បើ​អ្នក​មាន​អំណាច​អាច​ធ្វើ​មែន តើ​អ្នក​នឹង​ធ្វើ​ទេ? អ្នក​ពិត​ជា​នឹង​ធ្វើ​មែន! អ្នក​ក៏​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះ​នឹង​បំបាត់​ការ​ឈឺ​ចាប់​និង​អំពើ​អយុត្ដិធម៌​ដែរ។ សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ដែល​បាន​រៀប​រាប់​នៅ​សេចក្ដី​ផ្ដើម​នៃ​សៀវភៅ​នេះ​មិន​មែន​ជា​ការ​ស្រមើ​ស្រមៃ​ឬ​សេចក្ដី​សង្ឃឹម​អត់​មាន​មូលដ្ឋាន​នោះ​ទេ។ ព្រះ​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​ជាក់​ជា​ពុំ​ខាន! ប៉ុន្តែ​ដើម្បី​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ទ្រង់ អ្នក​ត្រូវ​ដឹង​ថែម​ទៀត​អំពី​ព្រះ​មួយ​អង្គ​ដែល​បាន​សន្យា​អ្វី​ទាំង​នេះ។

ព្រះ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​អ្នក​ស្គាល់​ទ្រង់

១៤​. តើ​ព្រះ​មាន​ព្រះ​នាម​អ្វី? ហេតុ​អ្វី​យើង​គួរ​ប្រើ​ព្រះ​នាម​របស់​ព្រះ?

១៤ បើ​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​ស្គាល់​រូប​អ្នក តើ​អ្នក​នឹង​ធ្វើ​អ្វី? អ្នក​ប្រហែល​ជា​ប្រាប់​ឈ្មោះ​របស់​អ្នក មែន​ទេ? តើ​ព្រះ​មាន​ព្រះ​នាម​ទេ? សាសនា​ជា​ច្រើន​ឆ្លើយ​ថា ព្រះ​នាម​របស់​ទ្រង់​គឺ​«​ព្រះ​»​ឬ​«​ព្រះ​ជា​ម្ចាស់​»​ ប៉ុន្តែ​នេះ​មិន​មែន​ជា​ព្រះ​នាម​របស់​ទ្រង់​ផ្ទាល់​នោះ​ទេ។ ​«​ព្រះ​»​និង​«​ព្រះ​ជា​ម្ចាស់​»​ជា​ឋានន្តរ ដូច​ជា​ពាក្យ​«​ស្តេច​»​និង​«​ប្រធានាធិបតី​»​ក៏​ជា​ឋានន្តរ​ដែរ។ ព្រះ​គម្ពីរ​បង្រៀន​ឲ្យ​យើង​ដឹង​ថា ព្រះ​មាន​ឋានន្តរ​ជា​ច្រើន ដែល​រួម​ទាំង​ពាក្យ​ថា​«​ព្រះ​»​និង​«​ព្រះ​ជា​ម្ចាស់​»​។ ក៏​ប៉ុន្តែ​ព្រះ​គម្ពីរ​ក៏​បង្រៀន​ថា ព្រះ​មាន​ព្រះ​នាម​របស់​ទ្រង់​ផ្ទាល់​ដែរ គឺ​យេហូវ៉ា។ ទំនុក​ដំកើង ៨៣:១៨ ចែង​ថា​៖ ​«​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»​។ បើ​ព្រះ​គម្ពីរ​របស់​អ្នក​មិន​មាន​ព្រះ​នាម​របស់​ព្រះ អ្នក​អាច​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​ការ​ប្រើ​ព្រះ​នាម​របស់​ព្រះ និង​អត្ថន័យ​នៃ​ព្រះ​នាម​ទ្រង់​» ដើម្បី​ដឹង​ពី​មូលហេតុ។ ការ​ពិត ព្រះ​នាម​របស់​ព្រះ​មាន​រាប់​ពាន់​ដង​ក្នុង​ឯកសារ​បុរាណ​ដែល​ជា​ឯកសារ​ដើម​នៃ​ព្រះ​គម្ពីរ។ ដូច្នេះ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​អ្នក​ស្គាល់​និង​ប្រើ​ព្រះ​នាម​របស់​ទ្រង់។ គឺ​ហាក់​បី​ដូច​ជា​ទ្រង់​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​ណែនាំ​ឲ្យ​អ្នក​ស្គាល់​ទ្រង់។

១៥​. តើ​ព្រះ​នាម​យេហូវ៉ា​បញ្ជាក់​អ្វី​អំពី​ព្រះ?

១៥ ព្រះ​បាន​ជ្រើស​ព្រះ​នាម​ដែល​មាន​អត្ថន័យ​ជ្រាល​ជ្រៅ។ ព្រះ​នាម​របស់​ទ្រង់​«​យេហូវ៉ា​»​ មាន​ន័យ​ថា​ទ្រង់​អាច​សម្រេច​សេចក្ដី​សន្យា​ទាំង​អស់​របស់​ទ្រង់ និង​អាច​សម្រេច​គោល​បំណង​ណា​ដែល​ទ្រង់​ព្រះ​ចិន្ដា។a ព្រះ​នាម​របស់​ព្រះ​គឺ​ពិសេស គ្មាន​អ្វី​ប្រៀប​ដូច​ទេ។ ព្រះ​នាម​នោះ​សំរាប់​ទ្រង់​តែ​មួយ​អង្គ​ប៉ុណ្ណោះ។ ព្រះ​យេហូវ៉ា​មាន​លក្ខណៈ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទ្រង់​ពិសេស គ្មាន​អ្នក​ណា​អាច​ប្រៀប​ស្មើ​នឹង​ទ្រង់​បាន​ឡើយ។ តើ​មាន​លក្ខណៈ​អ្វី​ខ្លះ?

១៦, ១៧​. តើ​យើង​អាច​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដោយ​ពិចារណា​ឋានន្តរ​ដែល​មាន​បន្ត​បន្ទាប់​នេះ: (​ក​) ​«​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​»​? (​ខ​) ​«​ស្តេច​នៃ​អស់​ទាំង​កល្ប​»​? (​គ​) ​«​អ្នក​បង្កើត​»​?

១៦ នៅ​ទំនុក​ដំកើង ៨៣:១៨ (​កំណែ​ជា​អក្សរ​ទ្រេត​) បាន​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​តែ​១​អង្គ . . . ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​»​។ ស្រដៀង​គ្នា​ដែរ មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​ហៅ​ថា​«​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​»​។ វិវរណៈ ១៥:៣ ចែង​ថា​៖ ​«​ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​អើយ! ការ​ទ្រង់​សុទ្ធតែ​ធំ ហើយ​អស្ចារ្យ ឱ​ស្តេច​នៃ​អស់​ទាំង​សាសន៍​អើយ! ផ្លូវ​ទ្រង់​សុទ្ធតែ​សុចរិត ហើយ​ពិត​ត្រង់​»​។ ដោយ​សារ​ទ្រង់​មាន​ឋានន្តរ​ជា​«​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​»​នោះ យើង​រៀន​ថា ព្រះ​យេហូវ៉ា​មាន​តេជានុភាព​ខ្លាំង​បំផុត​ក្នុង​សកលលោក។ គ្មាន​អ្នក​ណា​មាន​តេជានុភាព​ស្មើ​ព្រះ​យេហូវ៉ា​ឡើយ។ ទ្រង់​មាន​មហិទ្ធិឫទ្ធិ​បំផុត។ នៅ​ធីម៉ូថេ​ទី១ ១:១៧ ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​«​ស្តេច​នៃ​អស់​ទាំង​កល្ប​»​។ នេះ​រំឭក​យើង​ថា​ព្រះ​យេហូវ៉ា​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត។ គឺ​នៅ​អតីតកាល​មិន​ដែល​មាន​ពេល​មួយ​ដែល​ព្រះ​យេហូវ៉ា​គ្មាន​ព្រះ​ជន្ម​រស់​នោះ​ឡើយ។ ទំនុក​ដំកើង ៩០:២​ចែង​ថា​៖ ​«​ចាប់​តាំង​ពី​អស់​កល្ប រៀង​ទៅ​ដល់​អស់​កល្ប​ជា​និច្ច[​ឬ​ជា​រៀង​រហូត​] នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ​»​។ នេះ​ធ្វើ​ឲ្យ​យើង​កោត​ស្ងើច​ណាស់ មែន​ទេ?

១៧ ព្រះ​យេហូវ៉ា​ក៏​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ជា​អ្នក​បង្កើត។ វិវរណៈ ៤:១១​អាន​ថា​៖ ​«​ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ! ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក​ហើយ​មាន​នៅ​ផង​»​។ អ្វី​ទាំង​អស់​ដែល​អ្នក​អាច​ឃើញ តាំង​ពី​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែល​យើង​មើល​ពុំ​ឃើញ រហូត​ដល់​ផ្កាយ​ដែល​មាន​ពាស​ពេញ​ផ្ទៃ​មេឃ ព្រម​ទាំង​អ្វី​ដែល​មាន​នៅ​ផែន​ដី​ដូច​ជា​ផ្លែ​ឈើ ហើយ​ត្រី​ដែល​ហែល​ក្នុង​ទន្លេ​និង​សមុទ្រ​នោះ ទាំង​អស់​នេះ​មាន​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត!

តើ​អ្នក​អាច​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​ទេ?

១៨​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​មាន​អារម្មណ៍​មួយ​ថា ពួក​គេ​មិន​អាច​ចូល​ទៅ​ជិត​ព្រះ​បាន? តើ​ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

១៨ ពេល​មនុស្ស​ខ្លះ​អាន​អំពី​គុណ​សម្បត្ដិ​ដែល​គួរ​ឲ្យ​កោត​ស្ងើច​របស់​ព្រះ​យេហូវ៉ា ពួក​គេ​បែរ​ជា​មាន​អារម្មណ៍​ភ័យ​ទៅ​វិញ។ ពួក​គេ​ខ្លាច​ថា មិន​អាច​ចូល​ទៅ​ជិត​ព្រះ​បាន​ដោយ​សារ​ទ្រង់​ខ្ពង់​ខ្ពស់​ពេក ហើយ​ក៏​គិត​ថា​ខ្លួន​មិន​សំខាន់​សោះ​ចំពោះ​ព្រះ​មួយ​អង្គ​ដ៏​ខ្ពង់​ខ្ពស់​ដូច្នេះ។ ប៉ុន្តែ​តើ​គំនិត​នេះ​ត្រឹម​ត្រូវ​ទេ? ព្រះ​គម្ពីរ​មិន​បង្រៀន​ដូច្នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​ថា​ព្រះ​យេហូវ៉ា​«​មិន​គង់​ឆ្ងាយ​ពី​យើង​និ​មួយ​ៗ​»​។ (​កិច្ច​ការ ១៧:២៧​) ព្រះ​គម្ពីរ​ក៏​ជំរុញ​យើង​ថា​៖ ​«​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»​។—យ៉ាកុប ៤:៨

១៩​. (​ក​) តើ​យើង​អាច​ចាប់​ផ្ដើម​ចូល​ទៅ​ជិត​ព្រះ​យ៉ាង​ដូច​ម្ដេច? តើ​នេះ​មាន​ប្រយោជន៍​អ្វី? (​ខ​) តើ​គុណ​សម្បត្ដិ​ណា​ខ្លះ​របស់​ព្រះ​យេហូវ៉ា​ដែល​ទាក់​ទាញ​ចិត្ត​របស់​អ្នក​ខ្លាំង​បំផុត?

១៩ តើ​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះ​បាន​យ៉ាង​ដូច​ម្ដេច? មុន​បង្អស់ អ្នក​គួរ​បន្ត​ធ្វើ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ​នៅ​ឥឡូវ​នេះ ពោល​គឺ​ត្រូវ​បន្ត​រៀន​អំពី​ព្រះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង​»​។ (​យ៉ូហាន ១៧:៣​) ដូច្នេះ ព្រះ​គម្ពីរ​បង្រៀន​ថា យើង​អាច​បាន​«​ជីវិត​អស់​កល្ប​ជា​និច្ច​»​ឬ​រស់​ជា​រៀង​រហូត បើ​យើង​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ! យើង​បាន​រៀន​ពី​មុន​ថា​៖ ‹ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់›។ (​យ៉ូហាន​ទី១ ៤:១៦​) ព្រះ​យេហូវ៉ា​ក៏​មាន​គុណ​សម្បត្ដិ​ដ៏​ថ្លៃ​ថ្លា​ឯ​ទៀត​ដែល​ទាក់​ទាញ​ទឹក​ចិត្ត​យើង។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ថា​ព្រះ​យេហូវ៉ា​«​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់​ជា​បរិបូរ​»​។ (​និក្ខមនំ ៣៤:៦​) ទ្រង់​«​បំរុង​តែ​នឹង​អត់​ទោស​»​។ (​ទំនុក​ដំកើង ៨៦:៥​) ព្រះ​ក៏​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់។ (​ពេត្រុស​ទី២ ៣:៩​) ទ្រង់​គឺ​ស្មោះ​ត្រង់។ (​ទំនុក​ដំកើង ៨៩:១​) នៅ​ពេល​ដែល​អ្នក​អាន​ព្រះ​គម្ពីរ​ច្រើន​ជាង អ្នក​នឹង​ឃើញ​នូវ​របៀប​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា ទ្រង់​មាន​គុណ​សម្បត្ដិ​ទាំង​នេះ​និង​គុណ​សម្បត្ដិ​ជា​ច្រើន​ឯ​ទៀត។

២០​-​២២​. (​ក​) ទោះ​ជា​យើង​មិន​អាច​មើល​ឃើញ​ព្រះ​ក៏​ពិត​មែន តើ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​ចូល​ទៅ​ជិត​ទ្រង់​បាន​ឬ? សូម​ពន្យល់។ (​ខ​) តើ​មនុស្ស​ខ្លះ​ដែល​មាន​បំណង​ល្អ​ប្រហែល​ជា​ខំ​ជំរុញ​អ្នក​ឲ្យ​ធ្វើ​អ្វី? តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា?

២០ ពិត​មែន​ថា អ្នក​មិន​អាច​មើល​ឃើញ​ព្រះ​បាន​ឡើយ ពី​ព្រោះ​ទ្រង់​ជា​បុគ្គល​វិញ្ញាណ។ (​យ៉ូហាន ១:១៨; ៤:២៤; ធីម៉ូថេ​ទី១ ១:១៧​) ក៏​ប៉ុន្តែ​ដោយ​រៀន​អំពី​ទ្រង់​តាម​រយៈ​ព្រះ​គម្ពីរ អ្នក​អាច​ស្គាល់​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់។ អ្នក​អាច ​«​មើល​សេចក្ដី​លំអ​នៃ​ព្រះ​យេហូវ៉ា​»​ ដូច​អ្នក​តែង​ទំនុក​ដំកើង​នេះ​បាន​សរសេរ​នោះ។ (​ទំនុក​ដំកើង ២៧:៤; រ៉ូម ១:២០​) ពេល​ដែល​អ្នក​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា អ្នក​នឹង​កាន់​តែ​យល់​ថា​ទ្រង់​ជា​ព្រះ​មួយ​អង្គ​ដែល​មាន​ពិត​ប្រាកដ​មែន ហើយ​អ្នក​នឹង​កាន់​តែ​មាន​ហេតុ​ស្រឡាញ់​និង​ចង់​ចូល​ទៅ​ជិត​ទ្រង់។

២១ បន្ដិច​ម្ដង​ៗ​អ្នក​នឹង​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​មូលហេតុ​ដែល​ព្រះ​គម្ពីរ​បង្រៀន​យើង​ថា យើង​គួរ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​របស់​យើង។ (​ម៉ាថាយ ៦:៩​) ទ្រង់​មិន​គ្រាន់​តែ​ជា​ប្រភព​នៃ​ជីវិត​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ចង់​ឲ្យ​យើង​មាន​ជីវិត​ល្អ​បំផុត ដូច​ឪពុក​ជា​មនុស្ស​ជាតិ​ដែល​ស្រឡាញ់​កូន​ក៏​ចង់​ឲ្យ​កូន​មាន​ជីវិត​ល្អ​ដែរ។ (​ទំនុក​ដំកើង ៣៦:៩​) ព្រះ​គម្ពីរ​ក៏​បង្រៀន​ថា​មនុស្ស​អាច​ទៅ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា​បាន។ (​យ៉ាកុប ២:២៣​) សូម​គិត​ទៅ​មើល! អ្នក​អាច​ទៅ​ជា​មិត្ត​សំឡាញ់​របស់​អ្នក​ដែល​បាន​បង្កើត​សកលលោក!

២២ នៅ​ពេល​ដែល​អ្នក​រៀន​កាន់​តែ​ច្រើន​ពី​ព្រះ​គម្ពីរ អ្នក​ប្រហែល​ជា​នឹង​ឃើញ​ថា មនុស្ស​ខ្លះ​ដែល​មាន​បំណង​ល្អ ពួក​គេ​នឹង​ខំ​ជំរុញ​អ្នក​ឲ្យ​ឈប់​រៀន​ព្រះ​គម្ពីរ។ ពួក​គេ​ប្រហែល​ជា​គិត​ថា អ្នក​នឹង​ផ្លាស់​ប្ដូរ​ជំនឿ។ ប៉ុន្តែ​កុំ​ឲ្យ​អ្នក​ណា​រា​រាំង​អ្នក​ឲ្យ​ឈប់​បង្កើត​ឲ្យ​មាន​មិត្តភាព​ជា​មួយ​មិត្ត​ដ៏​ល្អ​បំផុត ពោល​គឺ​ព្រះ​យេហូវ៉ា។

២៣, ២៤​. (​ក​) ហេតុ​អ្វី​បាន​ជា​យើង​គួរ​បន្ត​សួរ​សំនួរ​អំពី​អ្វី​ដែល​យើង​រៀន? (​ខ​) ក្នុង​ជំពូក​បន្ទាប់ តើ​យើង​នឹង​ពិចារណា​រឿង​អ្វី?

២៣ ពិត​មែន​ថា ប្រហែល​ជា​នឹង​មាន​ចំណុច​ខ្លះ​ដែល​អ្នក​មិន​យល់​នៅ​ដើម​ដំបូង​ទេ។ អ្នក​នឹង​ត្រូវ​សុំ​ជំនួយ ហើយ​នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​បន្ទាប​ខ្លួន​មែន។ ប៉ុន្តែ​កុំ​ឲ្យ​ការ​អៀន​ខ្មាស​ធ្វើ​ឲ្យ​អ្នក​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​សួរ​គេ​ឡើយ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា បើ​យើង​មាន​ចិត្ត​រាប​ទាប​ដូច​ជា​ក្មេង​តូច​ៗ​ នោះ​ជា​ការ​ល្អ​ប្រសើរ។ (​ម៉ាថាយ ១៨:២​-​៤​) យើង​ដឹង​ស្រាប់​ហើយ​ថា ក្មេង​តូច​ៗ​សួរ​សំនួរ​ច្រើន​ណាស់។ ព្រះ​សព្វ​ព្រះ​ហឫទ័យ​ចង់​ឲ្យ​អ្នក​រក​ឃើញ​នូវ​ចម្លើយ។ ក្នុង​ព្រះ​គម្ពីរ មនុស្ស​ខ្លះ​ដែល​បាន​ខ្នះ​ខ្នែង​រៀន​អំពី​ព្រះ​ត្រូវ​បាន​គេ​សរសើរ ដោយ​សារ​ពួក​គេ​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​ដើម្បី​ប្រាកដ​ថា អ្វី​ដែល​ពួក​គេ​កំពុង​តែ​រៀន​ជា​សេចក្ដី​ពិត។—កិច្ច​ការ ១៧:១១

២៤ វិធី​ល្អ​បំផុត​ដែល​យើង​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា គឺ​ដោយ​ពិនិត្យ​មើល​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​គឺ​ខុស​ប្លែក​ពី​សៀវភៅ​ឯ​ទៀត។ តើ​ខុស​ប្លែក​យ៉ាង​ណា? យើង​នឹង​ពិចារណា​រឿង​នេះ​ក្នុង​ជំពូក​បន្ទាប់។

[កំណត់​សម្គាល់]

a មាន​ព័ត៌មាន​ថែម​ទៀត​អំពី​អត្ថន័យ​និង​របៀប​អាន​ព្រះ​នាម​របស់​ព្រះ​នៅ​ក្នុង​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​ការ​ប្រើ​ព្រះ​នាម​របស់​ព្រះ និង​អត្ថន័យ​នៃ​ព្រះ​នាម​ទ្រង់​»។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក។—ពេត្រុស​ទី១ ៥:៧

▪ ព្រះ​នាម​របស់​ព្រះ​គឺ​យេហូវ៉ា។—ទំនុក​ដំកើង ៨៣:១៨

▪ ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។—យ៉ាកុប ៤:៨

▪ ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់ ក៏​សប្បុរស​និង​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា។—និក្ខមនំ ៣៤:៦; យ៉ូហាន​ទី១ ៤:៨, ១៦

​[រូប​ភាព​នៅ​ទំព័រ​១៤, ១៥]

ព្រះ​គម្ពីរ​បង្រៀន​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​សកលលោក​ហើយ​ទ្រង់​មាន​សេចក្ដី​ស្រឡាញ់

[រូប​ភាព​នៅ​ទំព័រ​១៤]

បើ​អ្នក​ចង់​ឲ្យ​មនុស្ស​ស្គាល់​រូប​អ្នក អ្នក​ប្រាប់​ពួក​គេ​ឈ្មោះ​របស់​អ្នក មែន​ទេ? ព្រះ​ឲ្យ​យើង​ស្គាល់​ព្រះ​នាម​របស់​ទ្រង់​តាម​រយៈ​ព្រះ​គម្ពីរ

[រូប​ភាព​នៅ​ទំព័រ​១៦]

សេចក្ដី​ស្រឡាញ់​ដែល​ឪពុក​ល្អ​មួយ​រូប​មាន​ចំពោះ​កូន ជា​គំរូ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ជាង​ដែល ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​មាន​ចំពោះ​យើង

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក