៦០
អ័ប៊ីកែលនិងដាវីឌ
តើអ្នកដឹងស្ត្រីដែលមានរូបឆោមស្រស់នេះ ដែលកំពុងតែមកជួបដាវីឌ ជាអ្នកណាទេ? នាងឈ្មោះអ័ប៊ីកែល។ នាងមានគំនិតមារយាទល្អណាស់ ហើយនាងឃាត់ដាវីឌកុំឲ្យប្រព្រឹត្តអំពើអាក្រក់មួយ។ ប៉ុន្តែមុននឹងរៀនអំពីរឿងនោះ សូមឲ្យយើងពិនិត្យមើលការណ៍ដែលបានកើតឡើងដល់ដាវីឌ។
បន្ទាប់ពីដាវីឌរត់ចេញពីស្តេចសូល គាត់បានជ្រកពួននៅក្នុងរូងភ្នំមួយ។ បងប្អូនប្រុសៗនិងក្រុមគ្រួសាររបស់គាត់ក៏ទៅចូលរួមនឹងគាត់នៅទីនោះដែរ។ សរុបទៅមានមនុស្សប្រហែលជា៤០០នាក់ដែលមកឯដាវីឌ ហើយដាវីឌក៏ទៅជាមេដឹកនាំរបស់គេ។ រួចដាវីឌចេញដំណើរទៅឯស្តេចសាសន៍ម៉ូអាប់ ហើយទូលថា៖ ‹សូមទ្រង់អនុញ្ញាតឲ្យឪពុកម្ដាយរបស់ទូលបង្គំមកអាស្រ័យនៅនឹងទ្រង់ផង ដរាបដល់ទូលបង្គំបានដឹងថាអ្វីនឹងកើតឡើងដល់ទូលបង្គំ›។ ក្រោយមក ដាវីឌនិងពួកបុរសរបស់លោកចាប់ផ្ដើមពួននៅតាមភ្នំតូចៗ។
គឺបន្ទាប់ពីការនេះ ដែលដាវីឌបានជួបនាងអ័ប៊ីកែល។ ប្ដីរបស់នាងឈ្មោះណាបាល ជាម្ចាស់ដីដ៏មានស្តុកស្តម្ភម្នាក់។ គាត់មានចៀម៣.០០០ក្បាលនិងពពែ១.០០០ក្បាល។ ណាបាលជាបុរសកាចម្នាក់។ ប៉ុន្តែប្រពន្ធរបស់គាត់នាងអ័ប៊ីកែល មានរូបរាងឆោមស្រស់ណាស់។ ម្យ៉ាងទៀត នាងដឹងរបៀបប្រព្រឹត្តអ្វីដែលត្រឹមត្រូវ។ នៅពេលមួយ នាងថែមទាំងបានជួយសង្គ្រោះគ្រួសាររបស់នាងផង។ សូមឲ្យយើងពិនិត្យមើលនូវរបៀបនេះ។
ដាវីឌនិងពួកបុរសរបស់គាត់បានសម្ដែងសេចក្ដីសប្បុរសដល់លោកណាបាល។ ពួកគេបានជួយការពារចៀមរបស់គាត់។ ដូច្នេះ នៅថ្ងៃមួយ ដាវីឌបញ្ជូនបុរសរបស់គាត់ខ្លះ ដើម្បីទៅសុំការអនុគ្រោះខ្លះពីលោកណាបាល។ ពួកបុរសរបស់ដាវីឌមកឯលោកណាបាល នៅពេលដែលលោកនិងអ្នកជំនួយរបស់លោកកំពុងតែកាត់រោមចៀម។ ថ្ងៃនោះជាថ្ងៃបុណ្យជប់លៀងធំ ហើយលោកណាបាលមានម្ហូបម្ហាល្អៗជាច្រើនសំរាប់បរិភោគ។ ដូច្នេះ ពួកបុរសរបស់ដាវីឌក៏និយាយដូចនេះថា៖ ‹ពួកយើងខ្ញុំបានសម្ដែងសប្បុរសធម៌ដល់លោក។ យើងពុំបានលួចចៀមរបស់លោកមួយឡើយ ប៉ុន្តែយើងបានជួយមើលថែរក្សាចៀមទាំងនោះវិញ។ ឥឡូវនេះ សូមលោកមេត្ដាផ្ដល់មកយើងនូវម្ហូបម្ហាខ្លះមក›។
លោកណាបាលមានប្រសាសន៍ថា៖ ‹អញនឹងមិនឲ្យម្ហូបម្ហាអញដល់ពួកមនុស្សដូចឯងទេ›។ គាត់បាននិយាយឡើងយ៉ាងគគ្រីសគគ្រូស ហើយក៏និយាយពាក្យអាក្រក់ៗជាច្រើនអំពីដាវីឌ។ នៅពេលដែលពួកបុរសទាំងនោះត្រឡប់មកជំរាបប្រាប់ដាវីឌអំពីដំណើរហេតុនេះ ដាវីឌក៏ឆួលខឹងយ៉ាងខ្លាំង។ គាត់ប្រាប់ពួកបុរសថា៖ ‹ចូរអ្នករាល់គ្នាក្រវាត់ដាវគ្រប់គ្នាឡើង›! រួចពួកគេក៏ចាប់ផ្ដើមធ្វើដំណើរចេញទៅសម្លាប់លោកណាបាលនិងពួករបស់លោក។
បុរសរបស់លោកណាបាលម្នាក់ បានឮសំដីដ៏កំណាចដែលលោកណាបាលបាននិយាយនោះ ក៏មកប្រាប់នាងអ័ប៊ីកែលអំពីដំណើរហេតុដែលបានកើតឡើង។ ភ្លាមនោះ នាងអ័ប៊ីកែលក៏រៀបចំម្ហូបម្ហាជាស្រេច។ នាងក៏ដាក់ម្ហូបម្ហាទាំងនោះនៅលើសត្វលាខ្លះ ហើយក៏ចាប់ផ្ដើមធ្វើដំណើរចេញទៅ។ នៅពេលដែលនាងជួបដាវីឌ នាងក៏ចុះពីសត្វលា បន្ទន់ខ្លួនក្រាប រួចនិយាយថា៖ ‹លោកម្ចាស់ សូមលោកកុំប្រកាន់ប្ដីខ្ញុំណាបាលអី។ គាត់ជាមនុស្សភ្លីភ្លើ ហើយគាត់ប្រព្រឹត្តការផ្ដេសផ្ដាស។ រីឯនេះជាជំនូន សូមលោកយកចុះ ហើយសូមអភ័យទោសដល់យើងខ្ញុំចំពោះការដែលបានកើតឡើងនោះផង›។
ដាវីឌឆ្លើយថា៖ ‹អ្នកជាមនុស្សមានប្រាជ្ញាណាស់។ ព្រោះអ្នកបានឃាត់ខ្ញុំពីការកំចាយឈាមដល់ណាបាល ដើម្បីសងនឹងអំពើកំណាចរបស់គាត់។ សូមអញ្ជើញទៅផ្ទះអ្នកដោយសុខសាន្តវិញចុះ›។ ក្រោយមក នៅពេលដែលលោកណាបាលស្លាប់ទៅ នាងអ័ប៊ីកែលក៏បានទៅជាប្រពន្ធម្នាក់ទៀតរបស់ដាវីឌ។
សាំយូអែលទី១ ២២:១-៤; ២៥:១-៤៣