ជំពូកទីដប់ពីរ
របៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ
តើអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះយ៉ាងដូចម្ដេច?
តើការចោទប្រកាន់របស់សាតាំងទាក់ទងនឹងអ្នកយ៉ាងដូចម្ដេច?
តើកិរិយាបែបណាធ្វើឲ្យព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យ?
ដើម្បីឲ្យព្រះសព្វព្រះហឫទ័យនឹងរបៀបរស់នៅរបស់យើង តើយើងត្រូវធ្វើយ៉ាងណា?
១, ២. សូមឲ្យឧទាហរណ៍អំពីមនុស្សដែលព្រះយេហូវ៉ាធ្លាប់ចាត់ទុកជាមិត្តជិតស្និទ្ធរបស់ទ្រង់។
តើអ្នកចង់បានមិត្តភក្ដិបែបណា? អ្នកទំនងជាចង់បានមិត្តភក្ដិដែលមានទស្សនៈ ចំណង់ចំណូលចិត្ត និងមានគោលការណ៍ដូចអ្នកដែរ។ អ្នកក៏ចង់បានមិត្តភក្ដិដែលមានលក្ខណៈល្អៗដូចជាមានចិត្តសប្បុរសនិងចិត្តទៀងត្រង់ជាដើម។
២ តាំងពីសម័យបុរាណ ព្រះធ្លាប់ជ្រើសរើសមនុស្សខ្លះឲ្យធ្វើជាមិត្តជិតស្និទ្ធរបស់ទ្រង់។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានមានបន្ទូលថាអ័ប្រាហាំជាសំឡាញ់របស់ទ្រង់។ (អេសាយ ៤១:៨; យ៉ាកុប ២:២៣) ព្រះក៏បានមានបន្ទូលថាដាវីឌ«ជាទីគាប់ចិត្តដល់អញ» ពីព្រោះដាវីឌមានលក្ខណៈជាច្រើនដែលព្រះយេហូវ៉ាស្រឡាញ់។ (កិច្ចការ ១៣:២២) ហើយព្រះយេហូវ៉ាបានចាត់ទុកព្យាការីដានីយ៉ែលជា«មនុស្សសំណប់យ៉ាងសំខាន់»។—ដានីយ៉ែល ៩:២៣
៣. ហេតុអ្វីព្រះយេហូវ៉ាជ្រើសរើសមនុស្សខ្លះជាមិត្តសំឡាញ់របស់ទ្រង់?
៣ ហេតុអ្វីព្រះយេហូវ៉ាបានចាត់ទុកអ័ប្រាហាំ ដាវីឌ និងដានីយ៉ែលជាមិត្តសំឡាញ់របស់ទ្រង់? ទ្រង់មានបន្ទូលប្រាប់អ័ប្រាហាំថា៖ «ឯងបានស្ដាប់តាមពាក្យអញ»។ (លោកុប្បត្តិ ២២:១៨) ដូច្នេះ ព្រះយេហូវ៉ាចូលទៅជិតអ្នក ដែលធ្វើតាមបន្ទូលទ្រង់ដោយចិត្តរាបទាប។ ទ្រង់ធ្លាប់មានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរស្ដាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ»។ (យេរេមា ៧:២៣) បើអ្នកធ្វើតាមបន្ទូលព្រះយេហូវ៉ា អ្នកក៏អាចទៅជាមិត្តសំឡាញ់របស់ទ្រង់បានដែរ!
ព្រះយេហូវ៉ាផ្ដល់កម្លាំងឲ្យមិត្តសំឡាញ់របស់ទ្រង់
៤, ៥. តើព្រះយេហូវ៉ាសម្ដែងព្រះចេស្ដាដើម្បីជួយរាស្ត្ររបស់ទ្រង់យ៉ាងដូចម្ដេច?
៤ សូមគិតអំពីប្រយោជន៍ផ្សេងៗដែលយើងទទួលដោយសារយើងមានមិត្តភាពជាមួយព្រះ។ ព្រះគម្ពីរប្រាប់ថា ព្រះយេហូវ៉ាកំពុងតែស្វែងរកឱកាស«សំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។ (របាក្សត្រទី២ ១៦:៩) តើព្រះយេហូវ៉ាអាចសម្ដែងព្រះចេស្ដារបស់ទ្រង់ដើម្បីជួយអ្នកយ៉ាងដូចម្ដេច? វិធីមួយគឺមាននៅទំនុកដំកើង ៣២:៨ ដែលអានថា៖ «អញ[ព្រះយេហូវ៉ា]នឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់»។
៥ នេះពិតជាលើកទឹកចិត្តណាស់! ដោយឃើញថាព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងយើងដូច្នេះ។ ទ្រង់នឹងផ្ដល់ការណែនាំដែលអ្នកត្រូវការ ព្រមទាំងការពារអ្នកពេលដែលអនុវត្តតាមការណែនាំនោះ។ ព្រះសព្វព្រះហឫទ័យជួយឲ្យអ្នកស៊ូទ្រាំនឹងទុក្ខលំបាកនិងការល្បងល។ (ទំនុកដំកើង ៥៥:២២) ដូច្នេះបើអ្នកបំរើព្រះយេហូវ៉ាដោយស្មោះត្រង់នោះ អ្នកអាចជឿជាក់ដូចអ្នកតែងទំនុកដំកើងថា៖ «ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្ដាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ»។ (ទំនុកដំកើង ១៦:៨; ៦៣:៨) ព្រះយេហូវ៉ាពិតជាអាចជួយអ្នកឲ្យមានរបៀបរស់នៅដែលធ្វើឲ្យទ្រង់សព្វព្រះហឫទ័យ។ ក៏ប៉ុន្តែដូចអ្នកដឹងស្រាប់ហើយ ព្រះមានសត្រូវម្នាក់ដែលមិនចង់ឲ្យអ្នកធ្វើដូច្នេះទេ។
ការចោទប្រកាន់របស់សាតាំង
៦. តើសាតាំងបានចោទប្រកាន់មនុស្សជាតិដូចម្ដេច?
៦ ជំពូកទី១១ពន្យល់ថា អារក្សសាតាំងបានបង្កើតឲ្យមានការសង្ស័យទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះ។ សាតាំងចោទប្រកាន់ព្រះថា ទ្រង់ភូតភរ។ សាតាំងក៏បាននិយាយបញ្ឆិតបញ្ឆៀងថា ព្រះយេហូវ៉ាអយុត្ដិធម៌ពីព្រោះទ្រង់មិនឲ្យអ័ដាមនិងអេវ៉ាសម្រេចដោយខ្លួនឯងថាអ្វីគឺល្អ អ្វីគឺអាក្រក់។ ក្រោយអ័ដាមនិងអេវ៉ាបានធ្វើបាប ហើយផែនដីចាប់ផ្ដើមពេញទៅដោយកូនចៅរបស់ពួកគេនោះ សាតាំងបានបង្កើតឲ្យមានការសង្ស័យទៅលើបំណងចិត្តរបស់មនុស្សជាតិទាំងឡាយ។ សាតាំងបានចោទប្រកាន់ថា៖ «មនុស្សមិនបំរើព្រះដោយសារពួកគេស្រឡាញ់ទ្រង់នោះទេ។ បើឲ្យឱកាសខ្ញុំ ខ្ញុំអាចធ្វើឲ្យមនុស្សទាំងអស់ប្រឆាំងព្រះ»។ កំណត់ហេតុអំពីបុរសម្នាក់ឈ្មោះយ៉ូបបង្ហាញថាសាតាំងបានជឿដូច្នេះមែន។ តើយ៉ូបជាអ្នកណា? តើគាត់ជាប់ទាក់ទងនឹងការចោទប្រកាន់របស់សាតាំងយ៉ាងដូចម្ដេច?
៧, ៨. (ក) ហេតុអ្វីបានជាយ៉ូបលេចធ្លោជាមនុស្សល្អឯកនៅសម័យគាត់? (ខ) តើសាតាំងបានបង្កើតឲ្យមានការសង្ស័យទៅលើបំណងចិត្តរបស់យ៉ូបយ៉ាងដូចម្ដេច?
៧ យ៉ូបរស់នៅប្រមាណ៣.៦០០ឆ្នាំមុន។ គាត់ជាមនុស្សល្អ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលថា៖ «គ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។ (យ៉ូប ១:៨) ព្រះបានសព្វព្រះហឫទ័យនឹងយ៉ូប។
៨ សាតាំងបានបង្កើតឲ្យមានការសង្ស័យទៅលើបំណងចិត្តរបស់យ៉ូបក្នុងការបំរើព្រះ។ អារក្សបានទូលប្រាប់ព្រះយេហូវ៉ាអំពីយ៉ូបថា៖ «តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួនឹងរបស់ដែលគាត់[យ៉ូប]មានទាំងប៉ុន្មានផងទេឬអី? ទ្រង់បានប្រទានពរដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្ដិគាត់ក៏បានចំរើនឡើងនៅលើផែនដី។ ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្តទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ! នោះគាត់នឹងប្រមាថដល់ទ្រង់នៅចំពោះព្រះភក្ដ្រ»។—យ៉ូប ១:១០, ១១
៩. តើព្រះយេហូវ៉ាបានតបឆ្លើយនឹងការចោទប្រកាន់របស់សាតាំងយ៉ាងដូចម្ដេច? ហើយហេតុអ្វី?
៩ ដោយនិយាយដូច្នេះ សាតាំងចង់អះអាងថា យ៉ូបបំរើព្រះដើម្បីតែប្រយោជន៍ខ្លួនទេ។ អារក្សក៏បានចោទប្រកាន់ថា បើសាកល្បងយ៉ូបនោះ គាត់នឹងប្រឆាំងព្រះជាមិនខាន។ តើព្រះយេហូវ៉ាបានឆ្លើយតបនឹងការចោទប្រកាន់របស់សាតាំងយ៉ាងដូចម្ដេច? ដោយសារការចោទប្រកាន់នោះទាក់ទងនឹងបំណងចិត្តរបស់យ៉ូប ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាតាំងសាកល្បងយ៉ូប។ ការសាកល្បងនេះនឹងបង្ហាញឲ្យឃើញជាក់ស្តែងថាយ៉ូបស្រឡាញ់ព្រះឬក៏មិនស្រឡាញ់ទ្រង់។
យ៉ូបបានត្រូវសាកល្បង
១០. តើយ៉ូបបានត្រូវសាកល្បងយ៉ាងដូចម្ដេចខ្លះ? តើយ៉ូបមានប្រតិកម្មយ៉ាងណា?
១០ មិនយូរក្រោយនោះ សាតាំងបានសាកល្បងយ៉ូបតាមវិធីផ្សេងៗ។ សត្វខ្លះៗរបស់យ៉ូបត្រូវគេលួច ហើយសត្វឯទៀតបានត្រូវគេសំឡាប់ចោល។ អ្នកបំរើភាគច្រើនរបស់គាត់ក៏បានត្រូវគេសំឡាប់ដែរ។ នេះបានធ្វើឲ្យយ៉ូបពិបាកចិញ្ចឹមជីវិត។ រួចមក ពេលកូនដប់នាក់របស់យ៉ូបស្លាប់ដោយសារខ្យល់ព្យុះ នោះបានថែមទុក្ខវេទនាពីលើមួយជាន់ទៀត។ ក៏ប៉ុន្តែទោះជាមានរឿងខ្លោចផ្សាទាំងនេះកើតឡើងក៏ពិតមែន តែ«យ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ»។—យ៉ូប ១:២២
១១. (ក) តើសាតាំងបានចោទប្រកាន់យ៉ូបពីរឿងអ្វីទៀត? តើព្រះយេហូវ៉ាបានឆ្លើយតបយ៉ាងដូចម្ដេច? (ខ) តើយ៉ូបមានប្រតិកម្មយ៉ាងណាពេលរងការឈឺចាប់ដោយសារជំងឺនោះ?
១១ សាតាំងមិនទាន់ព្រមចាញ់ឡើយ។ វាច្បាស់ជាបានគិតស្មានថា ទោះជាយ៉ូបអាចស៊ូទ្រាំនៅពេលបាត់បង់ទ្រព្យសម្បត្ដិ ពួកអ្នកបំរើ និងកូនរបស់គាត់ក៏ដោយ ក៏គាត់នឹងប្រឆាំងព្រះវិញជាមិនខានបើគាត់កើតមានជំងឺ។ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាតាំងធ្វើឲ្យយ៉ូបកើតជំងឺអាក្រក់មួយដែលនាំឲ្យឈឺចាប់យ៉ាងខ្លាំង។ ប៉ុន្តែសូម្បីតែជំងឺនោះក៏មិនបានធ្វើឲ្យយ៉ូបបាត់បង់ជំនឿទៅលើព្រះដែរ។ ផ្ទុយទៅវិញ «ក្នុងគ្រប់ទាំងសេចក្ដីទាំងនោះ យ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ»ឬដោយនិយាយប្រឆាំងនឹងព្រះ។—យ៉ូប ២:១០
១២. តើយ៉ូបបង្ហាញថាការចោទប្រកាន់របស់សាតាំងគឺខុសយ៉ាងដូចម្ដេច?
១២ យ៉ូបមិនបានដឹងថាសាតាំងជាអ្នកដែលនាំឲ្យគាត់មានការលំបាកទាំងនេះទេ។ ដោយសារមិនដឹងអំពីការចោទប្រកាន់របស់សាតាំងទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ានោះ យ៉ូបខ្លាចដោយគិតថាព្រះជាអ្នកបណ្ដាលឲ្យគាត់រងទុក្ខ។ (យ៉ូប ៦:៤; ១៦:១១-១៤) យ៉ាងណាក៏ដោយ គាត់នៅតែរក្សាភាពស្មោះត្រង់នឹងព្រះយេហូវ៉ា។ ហើយភាពស្មោះត្រង់របស់យ៉ូបបានបង្ហាញថាការអះអាងរបស់សាតាំងគឺខុសពេលវាចោទប្រកាន់ថាយ៉ូបបំរើព្រះដើម្បីតែប្រយោជន៍ខ្លួន!
១៣. ដោយសារយ៉ូបស្មោះត្រង់នឹងព្រះ តើយ៉ូបទទួលបានអ្វី?
១៣ ភាពស្មោះត្រង់របស់យ៉ូបផ្ដល់លទ្ធភាពឲ្យព្រះយេហូវ៉ាតបឆ្លើយយ៉ាងត្រង់ៗចំពោះការចោទប្រកាន់មើលងាយរបស់សាតាំង។ យ៉ូបពិតជាមិត្តសំឡាញ់របស់ព្រះយេហូវ៉ាមែន ហើយព្រះបានប្រទានរង្វាន់ដល់យ៉ូបដោយសារភាពស្មោះត្រង់របស់គាត់។—យ៉ូប ៤២:១២-១៧
របៀបដែលរឿងនេះទាក់ទងនឹងអ្នក
១៤, ១៥. ហេតុអ្វីយើងអាចនិយាយថា ការចោទប្រកាន់របស់សាតាំងទៅលើយ៉ូបក៏សំដៅលើមនុស្សទាំងអស់?
១៤ ពេលសាតាំងលើកឡើងរឿងអំពីភាពស្មោះត្រង់នឹងព្រះនោះ វាមិនបានចោទប្រកាន់តែយ៉ូបមួយប៉ុណ្ណោះទេ។ រឿងនេះក៏ទាក់ទងនឹងអ្នកដែរ។ សុភាសិត ២៧:១១បញ្ជាក់ចំណុចនេះយ៉ាងច្បាស់។ នៅខនោះព្រះយេហូវ៉ាមានបន្ទូលថា៖ «កូនអើយ! ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ! ដើម្បី ឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។ ពាក្យនេះដែលបានសរសេររាប់រយឆ្នាំក្រោយពីយ៉ូបបានស្លាប់ទៅនោះ បានឲ្យយើងដឹងថាសាតាំងនៅតែតិះដៀលព្រះហើយចោទប្រកាន់អ្នកបំរើរបស់ទ្រង់។ ពេលដែលរបៀបរស់នៅរបស់យើងធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនោះ តាមពិតយើងកំពុងតែជួយផ្ដល់ចម្លើយចំពោះការចោទប្រកាន់មិនពិតរបស់សាតាំង ហើយតាមវិធីនេះយើងធ្វើឲ្យព្រះមានព្រះទ័យរីករាយ។ តើអ្នកមានអារម្មណ៍យ៉ាងណាអំពីរឿងនេះ? ការរួមចំណែកក្នុងការតបឆ្លើយចំពោះការអះអាងមិនពិតរបស់អារក្ស ពិតជាឯកសិទ្ធិអស្ចារ្យណាស់! ទោះបើយើងត្រូវកែប្រែជីវិតរបស់យើងក៏ដោយ មែនទេ?
១៥ សូមកត់សម្គាល់សំដីរបស់សាតាំងដែលនិយាយថា៖ «មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។ (យ៉ូប ២:៤, កំណែជាអក្សរទ្រេត) ដោយសារសាតាំងប្រើពាក្យ«មនុស្ស» វាចង់បញ្ជាក់ថា ការចោទប្រកាន់របស់វាសំដៅលើមនុស្សទាំងអស់ មិនមែនគ្រាន់តែយ៉ូបប៉ុណ្ណោះទេ។ ចំណុចនេះសំខាន់ណាស់។ សាតាំងបានបង្កើតឲ្យមានការសង្ស័យទៅលើភាពស្មោះត្រង់របស់អ្នកចំពោះព្រះ។ អារក្សចង់ឲ្យអ្នកឈប់ធ្វើតាមបញ្ញត្ដិព្រះ ហើយបោះបង់ចោលគោលការណ៍សុចរិតរបស់ទ្រង់ពេលមានការលំបាក។ តើសាតាំងប្រហែលជាធ្វើដូចម្ដេចខ្លះ?
១៦. (ក) តើសាតាំងខំនាំឲ្យមនុស្សឈប់បំរើព្រះដោយប្រើវិធីណាខ្លះ? (ខ) តើអារក្សអាចប្រើវិធីនេះដើម្បីប្រឆាំងអ្នកយ៉ាងដូចម្ដេច?
១៦ ដូចដែលបានរៀននៅជំពូកទី១០ សាតាំងប្រើវិធីផ្សេងៗដើម្បីខំនាំឲ្យមនុស្សឈប់បំរើព្រះ។ ជួនកាលវាពាធា«ដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»។ (ពេត្រុសទី១ ៥:៨) ហេតុនេះ អានុភាពរបស់សាតាំងគឺសឲ្យឃើញពេលដែលមិត្តភក្ដិ បងប្អូន ញាតិសន្ដាន ឬអ្នកឯទៀតប្រឆាំងអ្នក ដោយសារអ្នកខំប្រឹងសិក្សាព្រះគម្ពីរហើយអនុវត្តតាមអ្វីដែលអ្នកបានរៀន។a (យ៉ូហាន ១៥:១៩, ២០) ជួនកាលសាតាំង«ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ»។ (កូរិនថូសទី២ ១១:១៤) អារក្សអាចប្រើវិធីដ៏ប៉ិនប្រសប់ដើម្បីនាំអ្នកឲ្យវង្វេង ហើយល្បួងអ្នកឲ្យលះចោលរបៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ។ វាក៏អាចប្រើការធ្លាក់ទឹកចិត្ត ប្រហែលជាដោយនាំឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនអាចធ្វើឲ្យព្រះសព្វព្រះហឫទ័យនឹងអ្នកបានឡើយ។ (សុភាសិត ២៤:១០) មិនថាសាតាំងកំពុងតែ«គ្រហឹមដូចជាសិង្ហ»ឬធ្វើពុតជា«ទេវតានៃពន្លឺ»ក៏ដោយ ក៏ការចោទប្រកាន់របស់វាមានតែមួយទេ គឺពេលដែលយើងប្រឈមមុខទុក្ខលំបាកឬការល្បួង យើងនឹងឈប់បំរើព្រះ។ តើអ្នកអាចធ្វើយ៉ាងណាដើម្បីតបឆ្លើយនឹងការចោទប្រកាន់របស់សាតាំង ហើយបញ្ជាក់ថាអ្នកគឺស្មោះត្រង់នឹងព្រះដូចយ៉ូបដែរ?
ការធ្វើតាមបញ្ញត្ដិព្រះយេហូវ៉ា
១៧. តើអ្វីជាហេតុសំខាន់បំផុតដែលអ្នកត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ា?
១៧ អ្នកអាចតបឆ្លើយនឹងការចោទប្រកាន់របស់សាតាំងដោយមានរបៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ។ តើនេះរួមបញ្ចូលអ្វីខ្លះ? ព្រះគម្ពីរឆ្លើយថា៖ «ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង»។ (ចោទិយកថា ៦:៥) កាលដែលសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាមានកាន់តែខ្លាំងឡើងៗនោះ អ្នកនឹងមានចិត្តប្រាថ្នាយ៉ាងខ្លាំងឲ្យធ្វើអ្វីដែលទ្រង់តម្រូវពីអ្នក។ សាវ័កយ៉ូហានបានសរសេរថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់»។ បើអ្នកស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ត អ្នកនឹងឃើញថា‹បញ្ញត្តទ្រង់មិនមែនជាបន្ទុកដ៏ធ្ងន់ទេ›។—យ៉ូហានទី១ ៥:៣
១៨, ១៩. (ក) តើបញ្ញត្ដិរបស់ព្រះយេហូវ៉ាមានអ្វីខ្លះ? (សូមមើលប្រអប់ដែលមានចំណងជើងថា «ចូរចៀសចេញពីអ្វីដែលព្រះយេហូវ៉ាស្អប់») (ខ) ហេតុអ្វីយើងដឹងថាព្រះមិនតម្រូវឲ្យយើងធ្វើអ្វីដែលហួសហេតុពេកនោះទេ?
១៨ តើបញ្ញត្ដិរបស់ព្រះយេហូវ៉ាមានអ្វីខ្លះ? បញ្ញត្ដិខ្លះទាក់ទងនឹងការប្រព្រឹត្តដែលយើងត្រូវចៀសវាង។ ជាឧទាហរណ៍ សូមមើលប្រអប់ដែលមានចំណងជើងថា «ចូរចៀសចេញពីអ្វីដែលព្រះយេហូវ៉ាស្អប់»។ នៅក្នុងនោះអ្នកនឹងឃើញការប្រព្រឹត្តដែលព្រះគម្ពីរប្រាប់យ៉ាងចំៗថាខុស។ ពេលអានភ្លាម ការប្រព្រឹត្តខ្លះប្រហែលជាមើលទៅដូចជាមិនសូវអាក្រក់ទេ។ ប៉ុន្តែក្រោយអ្នកបានរំពឹងគិតទៅលើបទគម្ពីរដែលមានក្នុងនោះ អ្នកទំនងជានឹងឃើញថា ច្បាប់របស់ព្រះយេហូវ៉ាបង្ហាញឲ្យឃើញនូវប្រាជ្ញារបស់ទ្រង់។ ការកែប្រែការប្រព្រឹត្តរបស់អ្នក ប្រហែលជាអ្វីពិបាកបំផុតដែលអ្នកធ្លាប់ធ្វើ។ ក៏ប៉ុន្តែរបៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យនាំឲ្យអ្នកមានសុភមង្គលក្រៃលែង។ (អេសាយ ៤៨:១៧, ១៨) ហើយនេះជាការមួយដែលអ្នកអាចធ្វើបាន។ ហេតុអ្វីយើងដឹង?
១៩ ព្រះយេហូវ៉ាមិនដែលតម្រូវឲ្យយើងធ្វើអ្វីដែលហួសពីសមត្ថភាពរបស់យើងឡើយ។ (ចោទិយកថា ៣០:១១-១៤) ទ្រង់ជ្រាបពីលទ្ធភាពនិងកំរិតសមត្ថភាពរបស់យើងច្បាស់ជាងយើងទៅទៀត។ (ទំនុកដំកើង ១០៣:១៤) ម្យ៉ាងទៀត ព្រះយេហូវ៉ាអាចផ្ដល់កម្លាំងឲ្យយើងធ្វើតាមបញ្ញត្ដិទ្រង់។ សាវ័កប៉ុលបានសរសេរថា៖ «ព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន»។ (កូរិនថូសទី១ ១០:១៣) ដើម្បីជួយឲ្យអ្នកស៊ូទ្រាំ ព្រះយេហូវ៉ាក៏អាចផ្ដល់«ឥទ្ធិឫទ្ធិដ៏លើសលប់»ទៀតផង។ (កូរិនថូសទី២ ៤:៧) ប៉ុលបានស៊ូទ្រាំនឹងការល្បងលជាច្រើន ហើយគាត់បាននិយាយថា៖ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារ[ព្រះយេហូវ៉ា]ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។—ភីលីព ៤:១៣
ការលត់ដំខ្លួនឲ្យចេះបង្ហាញគុណសម្បត្ដិដែលព្រះស្រឡាញ់
២០. តើអ្នកគួរលត់ដំខ្លួនឲ្យចេះបង្ហាញគុណសម្បត្ដិអ្វីខ្លះដែលព្រះស្រឡាញ់? ហេតុអ្វីគុណសម្បត្ដិទាំងនោះគឺសំខាន់?
២០ ពិតមែនថា ការធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យតម្រូវឲ្យយើងធ្វើអ្វីច្រើនជាង មិនគ្រាន់តែចៀសចេញពីអ្វីដែលទ្រង់ស្អប់ប៉ុណ្ណោះទេ។ អ្នកក៏ត្រូវស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ដែរ។ (រ៉ូម ១២:៩) ធម្មតា អ្នកចង់បានមិត្តភក្ដិដែលមានទស្សនៈនិងចំណង់ចំណូលចិត្តដូចអ្នកដែរ មែនទេ? ព្រះយេហូវ៉ាក៏ដូច្នេះដែរ។ ហេតុនេះ ចូរលត់ដំខ្លួនឲ្យស្រឡាញ់អ្វីដែលព្រះយេហូវ៉ាស្រឡាញ់។ គុណសម្បត្ដិខ្លះៗដែលទ្រង់ស្រឡាញ់គឺបានរៀបរាប់នៅទំនុកដំកើង ១៥:១-៥ ដែលពណ៌នាអំពីអ្នកដែលព្រះចាត់ទុកជាមិត្តសំឡាញ់របស់ទ្រង់។ មិត្តសំឡាញ់របស់ព្រះយេហូវ៉ាមានលក្ខណៈដែលព្រះគម្ពីរពណ៌នាហៅថា«ផលផ្លែនៃព្រះវិញ្ញាណ»។ នោះរួមមានគុណសម្បត្ដិដូចជា«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។—កាឡាទី ៥:២២, ២៣
២១. តើអ្វីនឹងជួយអ្នកលត់ដំខ្លួនឲ្យចេះបង្ហាញគុណសម្បត្ដិដែលព្រះស្រឡាញ់?
២១ ការអាននិងសិក្សាព្រះគម្ពីរជាទៀងទាត់នឹងជួយឲ្យអ្នកលត់ដំខ្លួនឲ្យចេះបង្ហាញគុណសម្បត្ដិដែលព្រះស្រឡាញ់។ ហើយការរៀនអ្វីដែលព្រះតម្រូវពីអ្នកនឹងជួយឲ្យអ្នកមានគំនិតដូចព្រះដែរ។ (អេសាយ ៣០:២០, ២១) កាលដែលធ្វើឲ្យសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាមានកាន់តែខ្លាំងឡើងៗ នោះអ្នកនឹងមានចិត្តប្រាថ្នាកាន់តែខ្លាំងឡើងៗដើម្បីមានរបៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ។
២២. បើរបៀបរស់នៅរបស់អ្នកធ្វើឲ្យព្រះសព្វព្រះហឫទ័យនោះ តើមានលទ្ធផលអ្វីខ្លះ?
២២ អ្នកត្រូវខំប្រឹងព្យាយាម ទើបអាចមានរបៀបរស់នៅដែលធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ។ ព្រះគម្ពីរប្រៀបធៀបការកែប្រែរបស់អ្នកទៅនឹងការដោះលក្ខណៈចាស់ចោលចេញដូចដោះសម្លៀកបំពាក់ចាស់ ហើយពាក់លក្ខណៈថ្មីវិញ។ (កូល៉ុស ៣:៩, ១០) ប៉ុន្តែស្តីអំពីបញ្ញត្ដិរបស់ព្រះយេហូវ៉ា អ្នកតែងទំនុកដំកើងបានសរសេរថា៖ «ដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ»។ (ទំនុកដំកើង ១៩:១១) អ្នកក៏នឹងឃើញដែរថារបៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ នាំឲ្យមានរង្វាន់យ៉ាងធំពិតមែន។ ដោយធ្វើដូច្នេះ អ្នកនឹងផ្ដល់ចម្លើយចំពោះការចោទប្រកាន់របស់សាតាំង និងធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ!
[កំណត់សម្គាល់]
a នេះមិនមានន័យថាសាតាំងកំពុងតែកាន់កាប់ខួរក្បាលរបស់មនុស្សដែលប្រឆាំងអ្នកទេ។ ក៏ប៉ុន្តែសាតាំងជាព្រះរបស់លោកីយ៍នេះ ហើយលោកីយ៍ទាំងមូលស្ថិតនៅក្រោមអំណាចវា។ (កូរិនថូសទី២ ៤:៤; យ៉ូហានទី១ ៥:១៩) ហេតុនេះយើងដឹងថាការរស់នៅស្របតាមបន្ទូលព្រះ មិនមែនជាអ្វីដែលពេញនិយមនោះទេ ហើយមនុស្សខ្លះនឹងប្រឆាំងអ្នក។
អ្វីដែលព្រះគម្ពីរបង្រៀន
▪ អ្នកអាចទៅជាមិត្តសំឡាញ់របស់ព្រះដោយធ្វើតាមបញ្ញត្ដិទ្រង់។—យ៉ាកុប ២:២៣
▪ សាតាំងបានបង្កើតឲ្យមានការសង្ស័យទៅលើភាពស្មោះត្រង់របស់មនុស្សជាតិទាំងឡាយ។—យ៉ូប ១:៨, ១០, ១១; ២:៤; សុភាសិត ២៧:១១
▪ យើងត្រូវតែចៀសវាងការប្រព្រឹត្តដែលព្រះមិនសព្វព្រះហឫទ័យ។—កូរិនថូសទី១ ៦:៩, ១០
▪ យើងអាចធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យដោយស្អប់អ្វីដែលទ្រង់ស្អប់ ហើយស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់។—រ៉ូម ១២:៩
[ប្រអប់/រូបភាពនៅទំព័រ១៤០, ១៤១]
ចូរចៀសចេញពីអ្វីដែលព្រះយេហូវ៉ាស្អប់
ការសំឡាប់មនុស្ស។—និក្ខមនំ ២០:១៣; ២១:២២, ២៣
អំពើអសីលធម៌ខាងកាម។—លេវីវិន័យ ២០:១០, ១៣, ១៥, ១៦; រ៉ូម ១:២៤, ២៦, ២៧, ៣២; កូរិនថូសទី១ ៦:៩, ១០
មន្តអាគម។—ចោទិយកថា ១៨:៩-១៣; កូរិនថូសទី១ ១០:២១, ២២; កាឡាទី ៥:២០, ២១
ការថ្វាយបង្គំរូបព្រះ។—កូរិនថូសទី១ ១០:១៤
ការស្រវឹងស្រា។—កូរិនថូសទី១ ៥:១១
ការលួច។—លេវីវិន័យ ៦:២, ៤; អេភេសូរ ៤:២៨
ការកុហក។—សុភាសិត ៦:១៦, ១៩; កូល៉ុស ៣:៩; វិវរណៈ ២២:១៥
ចិត្តលោភលន់។—កូរិនថូសទី១ ៥:១១
អំពើហិង្សា។—ទំនុកដំកើង ១១:៥; សុភាសិត ២២:២៤, ២៥; ម៉ាឡាគី ២:១៦; កាឡាទី ៥:២០, ២១
ពាក្យសំដីមិនសមរម្យ។—លេវីវិន័យ ១៩:១៦; អេភេសូរ ៥:៤; កូល៉ុស ៣:៨
ការចាក់បញ្ចូលឈាមឬបរិភោគឈាម។—លោកុប្បត្តិ ៩:៤; កិច្ចការ ១៥:២០, ២៨, ២៩
ការមិនព្រមចិញ្ចឹមក្រុមគ្រួសារ។—ធីម៉ូថេទី១ ៥:៨
ការចូលរួមក្នុងសង្គ្រាមឬជម្លោះនយោបាយរបស់លោកីយ៍នេះ។—អេសាយ ២:៤; យ៉ូហាន ៦:១៥; ១៧:១៦
ការប្រើថ្នាំជក់ ការជក់បារី ឬប្រើថ្នាំញៀន។—ម៉ាកុស ១៥:២៣; កូរិនថូសទី២ ៧:១
[រូបភាពពេញមួយទំព័រនៅទំព័រ១៣៦]
យ៉ូបបានទទួលរង្វាន់ដោយសារ ភាពស្មោះត្រង់របស់គាត់